ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃចន្ទ ទី5 ធ្នូ 2016
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ព័ត៌មានក្នុងប្រទេស

មើលព័ត៌មានក្នុងប្រទេសទាំងអស់
  • អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 03:49 PM

    អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

    [អានបន្ត]
  • អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 03:24 PM

    សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

    [អានបន្ត]
  • សាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិ

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 02:57 PM

    វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន មានប្រសាសន៍ថា កាលពីថ្ងៃចន្ទម្សិលមិញ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃ និងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។ លោក ឈួន ចាន់ថន មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងសញ្ញាបត្របណ្ឌិតធម្មតា ដោយលោកថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្តល់ជូនសម្រាប់តែអ្នកមានស្នាដៃ មានចរិតលក្ខណៈល្អ មានសីលធម៌ខ្ពស់ខ្ពស់ និងបានចូលរួមជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ “អ្នកបានបណ្ឌិតកិត្តិយសហ្នឹងទាល់តែអ្នកហ្នឹងខំកសាងខ្លួនមកធ្វើអំពើល្អ ហើយជួយជាតិ ជួយសង្គម បរិច្ចាគធនធានហ្នឹងទៅមន្ទីរពេទ្យ ទៅកាកបាទក្រហម ទៅជនក្រីក្រ ហើយក្នុងករណីរបស់អ្នកឧកញ៉ា ទ្រី ភាព ហ្នឹង គឺគាត់បានជួយដល់សង្គមជាតិច្រើនណាស់ គឺគាត់បានបរិច្ចាគលុយច្រើនដល់កាកបាទក្រហម បានកសាងស្ពាន កសាងផ្លូវថ្នល់ កសាងសាលារៀន កសាងមន្ទីរពេទ្យ ហើយនិងប្រព័ន្ធធារាសាស្រ្តជាដើម”។  លោក ឈួន ចាន់ថន បន្ថែមថា ក្រោយមានការស្នើសុំពីក្រុមការងាររបស់លោក ទ្រី ភាព គណៈកម្មាធិការនៃសាកលវិទ្យាល័យអាយអាយស៊ីបច្ចេកវិទ្យា បានស្រាវជ្រាវ និងវាយតម្លៃឃើញថា លោក ទ្រី ភាព បានប្រើប្រាស់លុយយ៉ាងច្រើនក្នុងការវិនិយោគធំៗដែលលោកថាដើម្បីជួយដល់ប្រជាជនកម្ពុជាជាង៣០០០នាក់។  លោកបន្ថែមថា៖ “ចឹងបានយើងសម្រចថាសញ្ញាបត្របណ្ឌិតកិត្តិយសជូនគាត់ជំនាញសេដ្ឋកិច្ចវិទ្យា ហើយនេះគឺសាកសមបំផុត ហើយសរុបមកវិញ លោកឧកញ៉ា ទ្រី ភាព ហ្នឹងមានគុណសម្បត្តិខ្ពស់ៗមែនទែនសម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះគាត់ហ្នឹងបានយកលុយរបស់គាត់ ហើយខំរកៗ ហើយយកលុយហ្នឹងមកអភិវឌ្ឍយកលុយហ្នឹងមកវិនិយោគបន្តទៀត ហ្នឹងហើយដែលគណៈកម្មាធិការវាយតម្លៃ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកភាព១០០%”។ ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មានប្រសាសន៍ថា អង្គការរបស់លោកក៏ដូចជាអង្គការអន្តរជាតិមួយចំនួនមានរបាយការណ៍ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់របស់លោក ទ្រី ភាព ដូច្នេះលោកថា សាកលវិទ្យាល័យអាយអាយស៊ីគួរតែពិចារណាលើចំណុចនេះមុននឹងផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព។ លោកមានប្រសាសន៍ថា៖ “បណ្ឌិតជាអ្នកដែលមានក្រមសីលធម៌ល្អ រកស៊ីសុចរិត ជាមនុស្សដែលគេគោរពសម្រាប់ក្មេងៗជំនាន់ក្រោយជាគំរូជាដើម បើសិនជាគាត់មានប្រវត្តិថាជាអ្នករកស៊ីតែឈើប្រណីត អាហ្នឹងដូចជាបានបណ្ឌិត គឺយើងមិនគាំទ្រទេ”។ វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា «តម្លៃឈើប្រណីត» នេះឲ្យដឹងថា តម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។ របាយការណ៍លើកឡើងបន្តថា លោក ទ្រី ភាព និងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍បន្តថា ជាមួយគ្នានេះដែរ មន្រ្តីនៅកម្ពុជាដែលមានអំណាចបញ្ឈប់ក្រុមទ្រីភាព បានចូលដៃជាមួយពួកគេ ដើម្បីធានាថាការរត់ពន្ធឈើមានសុវត្ថិភាព។ អង្គការ Global Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាព និងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់ និងការប្រតិបត្តិច្បាប់ជាតិនានា។ អង្គការបន្តក្នុងករណីសកម្មភាពខុសច្បាប់ ត្រូវបានរកឃើញ អង្គការស្នើឲ្យចាត់វិធានការលុបអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលពាក់ព័ន្ធ ហើយផ្តួចផ្តើមការកាត់ទោសអ្នកទាំងឡាយដែលទទួលខុសត្រូវ៕ សរសេរ​មកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com  

    [អានបន្ត]
  • ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 11:07 AM

    ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

    [អានបន្ត]
  • ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 10:59 AM

    ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

    [អានបន្ត]
  • ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

    ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 10:23 AM

    ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

    [អានបន្ត]

ព័ត៌មានផ្សេងៗ

ព័ត៌មានអន្តរជាតិ

មើលព័ត៌មានអន្តរជាតិទាំងអស់
លោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំ

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 09:40 AM

ប្រធានគណបក្សឈ្នះឆ្នោតនៃប្រទេសភូមាលោកស្រីអ៊ុងសានស៊ូជីបានព្រមានទៅអ្នកតំណាងរាស្ដ្ររបស់លោកស្រីថាកុំយកតួនាទីដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់លោកស្រីអ៊ុងសានស៊ូជីធ្វើឡើងនៅក្នុងអំឡុងនៃសិក្ខាសិលារយៈពេលមួយសប្ដាហ៍សំរាប់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតដែលបានធ្វើឡើងតាំងពីថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មានIrrawaddyសិក្ខាសិលានោះចូលរួមផងដែរដោយតំណាងៗរបស់ពួកយោធា។ លោកស្រីអ៊ុងសានស៊ូជីបានថ្លែងទៅកាន់សិក្ខាសិលាដូចនេះថា៖ "ធ្វើជាអ្នកតំណាងរាស្ដ្រត្រូវតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនគឺមិនត្រូវផ្ដោតសំខាន់តែទៅលើគណបក្សរបស់ខ្លួនឯងនោះទេ"។ សិក្ខាសិលានេះមានប្រធានបទសំខាន់ៗជាច្រើនក្នុងនោះនិយាយពីប្រជាធិបតេយ្យឋានៈជាមេដឹកនាំ បញ្ហាជនជាតិដើម និងការប្រឈមនានារបស់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតថ្មី។ សភាជាប់ឆ្នោតថ្មីដែលមានសំឡេងលើសលប់មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីដែលបានចូលកាន់តំណែងកាលពីថ្ងៃទី២ ខែកុម្ភៈ ត្រូវគេរំពឹងថានឹងជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃ១៧ ខែមីនាដើម្បីជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី។ លោកថេន សេន ប្រធានាធិបតីចាញ់ឆ្នោតបានថ្លែងអះអាងថាលោកនឹងផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីនៅចុងខែមីនាផងដែរ៕ ប្រភព:Irrawaddy   សូមសរសេរ​មក​កាន់​លោក នួន បូរិន តារយៈ៖ borinnoun@vodhotnews.com

[អានបន្ត]

ព័ត៌មានផ្សេងៗ

ព័ត៌មានកំសាន្ត

មើលព័ត៌មានកំសាន្តទាំងអស់
  • នី មុន្នីនាថ ដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់

    ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 11:10 AM

    នៅដើមឆ្នាំ២០១៦នេះ គេកត់សម្គាល់ថាទីផ្សារចេញសម្ដែងរបស់កញ្ញា នី មុន្នីនាថ រួមតូចជាងមុន បើធៀបនឹងរយៈពេលដូចគ្នាកាលដើមឆ្នាំ២០១៥។ មកទល់ពេលនេះ កញ្ញាទើបតែមានការសម្ដែងមួយរឿងប៉ុណ្ណោះ ប៉ុន្តែសាមីខ្លួនបានអះអាងថា ហេតុផលនៃការធ្លាក់ចុះគឺដោយសារកញ្ញាបានប្រកាសដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់ និងដោយសារកញ្ញាចាប់ផ្ដើមរឹតត្បិតការទទួលសម្ដែងទៅវិញទេ។  កញ្ញា នី មុន្នីនាថ បានថ្លែងឲ្យដឹងថា កាលពីដើមឆ្នាំ២០១៥ កញ្ញាបានទទួលសម្ដែងរឿងយ៉ាងហោចពី៣ទៅ៤រឿងក្នុងពេលតែមួយ។ ប៉ុន្តែសម្រាប់ពេលនេះ កញ្ញាទើបតែមានមួយរឿងក្នុងដៃប៉ុណ្ណោះ គឺរឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» ដែលជារឿងភាគលើកដំបូងរបស់ប៉ុស្ដិ៍លេខ៥ ដែលត្រូវបានផលិតករថៃចុះមកចាត់ចែងដឹកនាំ។ កញ្ញាបញ្ជាក់ថា សន្ទុះឡើងកូដនៃតារាថ្មីគឺជាចលករដែលរុញឲ្យកញ្ញាតូចចង្អៀតទីផ្សារ ប៉ុន្តែកញ្ញាថាស្ថានភាពធ្លាក់ចុះគឺសំដៅតែលើការងារសិល្បៈដែលមានតម្លៃតូចៗប៉ុណ្ណោះ ហើយចំពោះការសម្ដែងធំៗគឺកញ្ញានៅតែរំពឹងខ្ពស់ថាមិនជ្រុះបាត់ឡើយ។ កញ្ញាបញ្ជាក់ថា ហេតុផលនៃការធ្លាក់ចុះទី១ដោយសារតែក្នុងឆ្នាំ២០១៦នេះ ផលិតករនៅប៉ុស្ដិ៍លេខ៥បានតម្រូវឲ្យកញ្ញាផ្ដល់៥ថ្ងៃពេញ ដើម្បីចុះថតរឿង និងទី២ គឺដោយសារតែសម្រេចដាក់ចេញនូវតម្លៃចេញថតថ្មី ដែលកញ្ញាថាខ្ពស់ជាងមុនដាច់ឆ្ងាយតែម្ដង។ នី មុន្នីនាថ បញ្ជាក់ថា៖ “ចំពោះ[ចំនួននៃ]ការសម្ដែងខ្ញុំយល់ថាខ្លួនឯងធ្លាក់ចុះមែន ប៉ុន្តែចំណូលគឺដូចតែមុនដែរទេ ព្រោះតម្លៃទទួលចេញថតរបស់ខ្ញុំក្នុង[ពេល]នេះ និយាយទៅគឺឡើងជាងមុនខ្លាំង​"។ កញ្ញាថា តម្លៃចេញថតត្រូវបានដំឡើងក្រោយពីមានការកំណត់ឲ្យផលិតភាពយន្តខ្មែរដាក់បញ្ចាំងក្នុងម៉ោងមាស ដោយថាតម្លៃដែលកញ្ញាដាក់ចេញទៅកាន់ផលិតករគឺបានស្មើនឹងតម្លៃចេញថតរបស់តារារៀមច្បងដូចជាលោកជាលោក ទេព រិន្ទដារ៉ូ បើទោះជាការដំឡើងថ្លៃនេះ ធ្វើឲ្យនាងជ្រុះបាត់ការសម្ដែងខ្លះ ដែលគេមិនហ៊ានដល់ថ្លៃដែលនាងកំណត់។  កញ្ញាបន្ថែមថា៖ “ឥឡូវហ្នឹងខ្ញុំដាក់តម្លៃស្មើនឹងរៀមច្បងៗ ដូចជាលោកពូ ទេព រិន្ទដារ៉ូ អីដែរ ហើយខ្ញុំគិតថាបើអ្នកណាចង់បានយើងគឺគាត់ហ៊ានទៅ ព្រោះបើនៅតែថតតម្លៃចាស់ មិនគ្រប់ទិញសម្លៀកបំពាក់អីទេ ដោយសារតែឥវ៉ាន់តែងខ្លួនឥឡូវថ្លៃៗ ម្យ៉ាងតម្លៃដែលខ្ញុំដំឡើងហ្នឹង ខ្ញុំថាអត់មានហួសហេតុទេ ព្រោះនៅខាងផលិតករធំៗនៅតែទទួលយកបាន”។ កញ្ញាបដិសេធបញ្ជាក់ឲ្យដឹងពីតម្លៃដែលខ្លួនបានដំឡើង ប៉ុន្តែយោងតាមការបញ្ជាក់ពីក្រុមផលិតករគឺកញ្ញា នី មុន្នីនាថ បានដំឡើងពីការទទួលថតក្នុងមួយថ្ងៃ៨០ដុល្លារទៅ១០០ដុល្លារកាលពីឆ្នាំ២០១៥ មកដល់រង្វង់ពី២០០ទៅ៣០០ដុល្លារក្នុងមួយថ្ងៃ ស្មើនឹងតម្លៃខ្លួនរបស់លោក ទេព រិន្ទដារ៉ា ឬនៅក្រោមនេះអាស្រ័យលើការចរចា។ យ៉ាងណាក៏ដោយ កញ្ញាបានអះអាងថា ការសម្ដែងតួឯកមួយរឿង ផលិតករខ្មែរយ៉ាងច្រើនកំណត់ឲ្យថតមិនលើសពីរយៈពេល១០ថ្ងៃនោះទេ ទើបកញ្ញាថា ការដំឡើងតម្លៃថ្មីក៏មិនមានន័យថាថតមួយរឿងបានប្រាក់ច្រើនពាន់ដុល្លារនោះដែរ។  តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថា កញ្ញាមិនបារម្ភខ្លាចបាត់បង់ទីផ្សារក្រោយពីការដំឡើងតម្លៃនេះឡើយ ដោយអះអាងថា តម្លៃដែលនាងទទួលបានគឺសមចំពោះនឹងកេរ្តិ៍ឈ្មោះរបស់នាង ហើយក៏ជាតម្លៃដែលម្ចាស់ផលិតកម្មគួរតែផ្ដល់ឲ្យ។ តារារូបនេះនិយាយថា៖ “ខ្ញុំអត់គិតថាការដំឡើងថ្លៃទៅគេឈប់ហៅថតអីទេ ព្រោះអ្នកចង់បានគេនៅតែយកអ៊ីចឹង។ ម្យ៉ាងតារាយើងបើមិនកំណត់ថ្លៃទេ គឺគេឲ្យតែប៉ុណ្ណឹង(តម្លៃដដែលៗ)។ អ៊ីចឹងខ្ញុំថានេះជាអ្វីដែលល្អទៅវិញទេដែលខ្ញុំសុខចិត្តដាក់តម្លៃខ្ពស់ ដើម្បីជម្រុះការសម្ដែងរាយរង”។ កញ្ញាបញ្ជាក់ថា ការទទួលបានការងារតិច ប៉ុន្តែបានតម្លៃល្អគឺជារឿងប្រសើរទៅវិញទេ សម្រាប់ឱកាសទទួលបានការសម្ដែងធំៗ ឬល្អៗនៅក្នុងវិស័យសម្ដែងសិល្បៈ។ កញ្ញាបញ្ជាក់ដដែលជាដដែលថា  តម្លៃចេញថតរបស់ខ្លួននៅក្នុងរយៈពេលនេះទទួលបានកម្រៃប្រហាក់ប្រហែលនឹងតារារៀមច្បងធំៗនៅក្នុងសិល្បៈ ដោយក្នុងនោះគឺបានតម្លៃខ្ពស់ស្មើនឹងលោក ទេព រិន្ទដារ៉ូ ដូចគ្នា ដែលកញ្ញាចាត់ទុកថានេះជាការវិវត្តន៍ដែលនាងចង់បានសម្រាប់ជំហានក្នុងសិល្បៈ។ នី មុន្នីនាថ មានគម្រោងចេញថតរឿងភាគខ្នាតធំនៅអំឡុងខែមេសា ក្រោយចូលឆ្នាំខ្មែរ បន្ទាប់ពីថតចប់រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» របស់ប៉ុស្ដិ៍លេខ៥ ដែលកញ្ញាទទួលស្គាល់ថាការកំណត់តម្លៃថ្មីគឺមិនអាចឲ្យនាងកញ្ឆក់បានរឿងច្រើនស្មើនឹងឆ្នាំ២០១៥ដែលឈានដល់ជិត១០រឿងនោះបានទេ។  លោក វង្ស ពិសិដ្ឋ ផលិតករភាពយន្តបានអះអាងថា ការដំឡើងតម្លៃខ្លួនរបស់ នី មុន្នីនាថ មិនមែនជារឿងចម្លែកនោះទេ ដោយលោកថា តារាភាគច្រើនក៏បានដំឡើងថ្លៃឈានដល់មួយថ្ងៃពី៨០ទៅជាង១០០ដុល្លារសម្រាប់ការថតដូចគ្នា ប៉ុន្តែក៏មានតារាមិនតិចនោះដែរដែលលោកថានៅទទួលថតក្នុងមួយថ្ងៃរង្វង់៥០ដុល្លារ។ លោកបន្តថានៅក្នុងសិល្បៈ មានតារាសិល្បៈតិចគ្នាប៉ុណ្ណោះដែលហ៊ានដាក់តម្លៃស្មើនឹងលោកទេព រិន្ទដារ៉ូ ហើយទទួលបានទីផ្សារចាប់អារម្មណ៍។ យ៉ាងណាក៏ដោយ លោកយល់ថា តម្លៃចន្លោះ២០០ទៅ៣០០ដុល្លារក្នុងមួយថ្ងៃរបស់តារាខ្មែរនៅមិនទាន់ល្អនៅឡើយទេ បើធៀបនឹងតារាបរទេស ឬតារានៅប្រទេសជិតខាងកម្ពុជា៕ សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com  

    [អានបន្ត]
  • ផលិតកម្ម BKS ប្រកាសផ្ដល់ការងារដល់អ្នកស្រឡាញ់សិល្បៈដោយមិនរើសអើង

    ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 09:10 AM

    ផលិតកររបស់ផលិតកម្មភាពយន្តBKS ដែលត្រូវគេស្គាល់ថាជាផលិតកម្មថ្មីផលិតចម្រៀងមិនចម្លងពីគេ និងកំពុងវាយលុកខ្លាំងក្លាលើការផលិតភាពយន្តផងនោះបានប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈថា ផលិតកម្មនឹងបើកឱកាសផ្ដល់ការងារឲ្យយុវវ័យគ្រប់រូបធ្វើដោយមិនមានការរើសអើងនោះទេ ឲ្យតែយុវវ័យទាំងនោះមានសមត្ថភាពខាងផ្នែកសម្ដែង-ច្រៀង ហើយក្លាហានទាក់ទងមកកាន់ផលិតកម្មដោយផ្ទាល់។ ជាមួយនឹងការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍នេះ គេឃើញខ្សែរឿងទី២ក្រោមចំណងជើងថា «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលទើបក្រុងពាលីចេញថតក៏មានវត្តមានតារាថ្មីៗច្រើននាក់ដែលត្រូវគេអះអាងថាមិនមានខ្សែទុយោបក្សពួកផងដែរ។  លោក ឈុន សុវណ្ណភក្តី ចាងហ្វាងផលិតកម្មBKS  និងជាអ្នកនិពន្ធបទចម្រៀងប្រចាំនៅក្នុងផលិតនេះបានអះអាងថា  យុវវ័យគ្រប់រូបឲ្យតែមានសមត្ថភាព ហើយហ៊ានទៅជួបជាមួយក្រុមការងារបស់លោក ឬផលិតកម្មដោយផ្ទាល់គឺលោកនឹងទទួលយកឲ្យសម្ដែង ឬបានច្រៀងតាមដែលអាចធ្វើទៅបាន។ លោកទទូចឲ្យអ្នកមានទឹកចិត្តស្រឡាញ់សិល្បៈទាំងអស់ដែលគ្មានឱកាសបានបញ្ចេញសមត្ថភាពទទួលយកការបើកច្រករបស់ផលិតកម្មBKS  ដើម្បីបានក្លាយជាតារាសិល្បៈដូចតារាទាំងពួង។ លោក ឈុន សុវណ្ណភក្ដី មានប្រសាសន៍ថា៖ “អ្នកស្រឡាញ់សិល្បៈទាំងអស់ឲ្យតែច្បាស់ថាខ្លួនឯងចេះច្រៀង ចេះសម្ដែង មករកBKS ចុះ ខ្ញុំផ្ដល់ឱកាសឲ្យ  អត់គិតថាអ្នកហ្នឹងថ្មីអីទេ ព្រោះខ្ញុំចង់លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈ»។ លោកថា នៅក្នុងផលិតកម្មរបស់លោក ថ្វីដ្បិតតែដំណើរការក្រោយគេបើធៀបនឹងផលិតកម្មធំៗ ប៉ុន្តែចំពោះសកម្មភាពផលិតកុន និងការផលិតចម្រៀងគឺមានសកម្មភាពមមាញឹកមិនចាញ់ផលិតកម្មផ្សេងនោះទេ។ លោកបន្តថា ជាក់ស្ដែងផលិតកម្មផលិតបានចម្រៀងមិនចម្លងពីគេបាន៣០បទហើយ ដោយក្នុងវិស័យភាពយន្តក៏បានចំនួន២រឿងគឺរឿង «ដៃគូកម្ចាត់ខ្មោច» ដែលទើបនឹងថតចប់ និងរឿងទី២ «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលទើបនឹងក្រុងពាលីកាលពីថ្ងៃទី១១ ខែកុម្ភៈ។ តួសម្ដែង​ក្នុង​រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន) ចាងហ្វាងរូបនេះបន្តថា ផលិតកម្មកំពុងបង្កើនក្រុមការងារផលិត និងបញ្ជាទិញឧបករណ៍ផលិតកុនជាច្រើនទៀតដើម្បីចេញថតរឿងភាគដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ទើបលោកថា ការទទួលតារាថ្មីឲ្យមកបញ្ចេញសមត្ថភាពគឺទោះជាច្រើននាក់ប៉ុណ្ណាក៏មិនអត់ការងារឲ្យយុវវ័យទាំងនោះធ្វើដែរ។ លោកបន្ថែមថា៖ “ខ្ញុំបើកផលិតកម្មBKS ព្រោះតែខ្ញុំស្រឡាញ់សិល្បៈ ហើយជាគោលការណ៍យើងមានសកម្មភាពថតកុនច្រើនទៀត អ៊ីចឹងឲ្យតែពួកគាត់(យុវវ័យ)គិតថាខ្លួនឯងសម្ដែងបានច្រៀងបាន មករកខ្ញុំចុះ ខ្ញុំនឹងផ្ដល់ការងារឲ្យពួកគាត់  គឺអត់មានរើសអើងអីទេ ហើយយើងផ្ដល់ឲ្យគាត់ដោយគ្មានលក្ខខណ្ឌអ្វីទេ គាត់មានសមត្ថភាពអីយើងរុញគាត់ទៅហ្នឹង”។ មិនខុសពីការប្រកាសឡើង គេឃើញខ្សែរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» មានការដាក់បញ្ចូលនូវតារាក្មេងៗស្អាតៗមួយចំនួនធំ បើទោះជាមានតារាចាស់ៗយ៉ាងស្អេកស្កះនៅថ្ងៃក្រុងពាលីនោះទៅហើយ។ លោក ឈុន សុវណ្ណភក្តី បញ្ជាក់ថា តួអង្គនៅក្នុងរឿងនេះមានគ្នាសរុបប្រមាណជាជាង១០០នាក់ ក្រៅពីតួល្បីៗដែលត្រូវជ្រើសមកសម្ដែងជាតួធំៗ គឺតួក្មេងដែលលោកជ្រើសចេញពីការមកទាក់ទងដោយផ្ទាល់ពីសំណាក់យុវវ័យក៏មានចំនួនច្រើនដែរ។ លោកថាក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» លោកជ្រើសយកតួថ្មីច្រើន ដើម្បីផ្ដល់ឱកាសឲ្យពួកគេ ប៉ុន្តែលោកថា អ្វីៗនឹងមិនមានបញ្ហានោះទេ ដោយសារតែលោកជ្រើសយកអ្នកផលិតសុទ្ធតែជំនាញ ហើយវត្តមានរបស់តារាចាស់ក៏នឹងជួយសណ្ដោងខ្សែទាំងមូលឲ្យទទួលការចាប់អារម្មណ៍។  ផលិតកររឿង «អាស៊ុយទ្រីស្មោះស្នេហ៍» លោក វង្ស ពិសិដ្ឋ ដែលត្រូវគេស្គាល់ថាមានបទពិសោធន៍ផលិតភាពយន្តជាច្រើនរឿងបានអះអាងថា ការប្រកាសបើកច្រកឲ្យយុវវ័យដែលគ្មានខ្សែទុយោបានចូលសម្ដែង ឬបានចូលច្រៀងគឺជាគំរូល្អមួយសម្រាប់ផលិតកម្មទូទៅនៅក្នុងប្រទេសកម្ពុជា។ លោកថា ការប្រកាសរបស់លោកឈុន សុវណ្ណភក្ដី គឺមិនមែនជាបំប៉ោងដើម្បីឲ្យមានការចាប់អារម្មណ៍នោះទេដោយលោកថា ពេលកន្លងមកមានតារាថ្មីៗច្រើននាក់មកហើយត្រូវបានជ្រើសយកដោយមិនមានលក្ខខណ្ឌឬចាំបាច់មានខ្សែទុយោណែនាំនោះឡើយ។ ជាក់ស្ដែងក្នុងរឿង«អាស៊ុយទ្រីស្មោះស្នេហ៍»លោកថាតារាថ្មីៗគឺមានវត្តមានមួយចំនួនជាភស្ដុតាងស្រាប់។ លោកនៅតែរំពឹងពីភាពជោគជ័យ បើទោះជាសារភាពការដាក់បញ្ចូលតារាក្មេងៗថ្មីច្រើនពេកគឺអាចធ្វើឲ្យការដឹកនាំសម្ដែងរបស់លោកមានភាពស្មុគស្មាញបន្តិច។ លោក វង្ស ពិសិដ្ឋ បន្តថា ក្ដីសង្ឃឹមទាំងនោះគឺដោយសារតែផលិតកម្មហ៊ានបោះទុនចំណាយខ្ពស់ និងមានតារាល្បីឈ្មោះច្រើនចូលសម្ដែងសណ្ដោងតួថ្មី។ ម្យ៉ាងមកពីរឿងទាំងមូលរំលេចពីស្នេហារបស់កំលោះក្រមុំកូនកាត់ចិន និងពោរពេញដោយភាពកំប្លុកកំប្លែង និងខ្មោចភ័យរន្ធត់លាយឡំនោះផងទើបមានការរំពឹងច្រើន៕  សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com  

    [អានបន្ត]
  • ផលិតករថៃចាប់​ផ្ដើម​ថត​រឿង​ទី​២​សម្រាប់​ប៉ុស្តិ៍​លេខ​៥

    ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 03:05 PM

    កាលពីថ្ងៃទី៣ ខែកុម្ភៈ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានដំណើរការចេញថតរឿងទី២របស់ខ្លួនទៀត ក្រោមចំណងជើងថា «វាលស្រែ ស្នេហ៍ខ្ញុំ» បន្ទាប់ពីក្រុមផលិតករថៃក្រុមទី១ ទើបនឹងចេញថតរឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» សម្ដែងដោយកញ្ញា នី មុន្នីនាថ ទើបតែបានប៉ុន្មានថ្ងៃ។ តួអង្គឯកនៅក្នុងរឿងថ្មីនេះគឺលោក ណាខុន ដែលជាតារាចម្រៀងមួយរូប និងកញ្ញា ម៉ុន ផលចរិយា និស្សិតឆ្នាំទី៣ផ្នែកហិរញ្ញវត្ថុ ដែលត្រូវគេស្គាល់ក្នុងឈុតខារ៉ាអូខេ និងបទចម្រៀងរបស់ផលិតកម្មមួយចំនួននាពេលចុងក្រោយ។  លោក ណាខុន ដែលត្រូវបានផលិតករថៃជ្រើសជាតួឯកក្នុងរឿងថ្មីនេះបានអះអាងថា នេះជាលើកទី១ហើយដែលលោកត្រូវបានគេជ្រើសឲ្យសម្ដែងជាអង្គឯកក្នុងរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ ដោយលោកថា ការសម្ដែងរឿងនេះ លោកហាក់ទទួលបានទំនុកចិត្តខ្ពស់ខុសពីរឿងមុនៗ ដោយសារតែរឿង «វាលស្រែស្នេហ៍ខ្ញុំ» ជារឿងទី២របស់ប៉ុស្ដិ៍លេខ៥ ចេញផលិតដោយអ្នកជំនាញកុនមកពីប្រទេសថៃ។ លោកត្រូវគេឲ្យសម្ដែងជាតួអង្គអ្នកជនបទក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៨០ និង៩០ ដោយការតុបតែងខ្លួនរបស់លោក ក៏ដូចជាតួអង្គក្នុងរឿងតាមទម្លាប់របស់អ្នកស្រុកស្រែនៅខេត្តបាត់ដំបង។ លោកនិយាយថា នៅក្នុងរឿងនេះ លោកត្រូវបានផលិតករថៃ និងប៉ុស្ដិ៍លេខ៥ ធ្វើការសម្ភាសន៍ជាច្រើនដំណាក់កាល មុនពេលដែលខាងផលិតករថៃផ្ដល់ឲ្យលោកនូវតំណែងជាតួអង្គឯក។ លោកបន្តថា៖ “ខ្ញុំធ្លាប់សម្ដែងច្រើន ប៉ុន្តែនៅក្នុងរឿងហ្នឹងទម្រាំបានសម្ដែងគឺខាងគាត់ធ្វើតេស្ដខ្ញុំច្រើន”។ លោកបានបង្ហាញអារម្មណ៍សប្បាយចិត្តដោយសារតែក្នុងរឿងនោះ គឺលោកត្រូវបានផលិតករថៃដែលសុទ្ធតែជាអ្នកជំនាញផ្នែកកុនធ្វើការបង្ហាត់បង្ហាញតាំងពីក្នុងដំណាក់ពន្យល់សាច់រឿងម្ល៉េះ មុននឹងឈានដល់ថ្ងៃចេញថតក្នុងថ្ងៃធ្វើពិធីក្រុងពាលីនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនោះ។  លោកថា ខ្សែរឿងមួយនេះ គ្រោងថតរយៈពេល២ខែ ដោយតួអង្គសំខាន់នៅក្នុងផ្ទៃរឿង សុទ្ធតែជាតួអង្គដែលមានឈ្មោះបោះសំឡេងទាំងអស់ ហើយការដឹកនាំសម្ដែងគឺភាគីថៃជាអ្នកចាត់ចែងទាំងស្រុង។ លោក ណាខុន បន្ថែមថា នេះជាលើកទី១ហើយដែលលោកបានសម្ដែងជាតួអង្គស្រុកស្រែ ហើយត្រូវគេឲ្យតុបតែងដូចគ្នានឹងអ្នកនៅខេត្តបាត់ដំបង ដែលលោកថាការតុបតែងខ្លួនបែបនោះត្រូវបានមនុស្សភាគច្រើនយល់ថាជាការចម្លងតាមថៃ តែតាមការពិតគឺជាប្រពៃណីរបស់អ្នកខេត្តបាត់ដំបងនោះទេ។ លោកនិយាយថា ខ្លឹមសារស្នូលរបស់រឿងនេះ មានការឆ្លុះបញ្ចាំងពីការរស់នៅរបស់អ្នកស្រុកស្រែ ដោយក្នុងផ្ទៃរឿងក្រៅពីបង្ហាញពីស្នេហារបស់អ្នករស់នៅស្រុកស្រែក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៨០ និង៩០ហើយ ក៏បង្ហាញពីរបៀបរស់នៅរបស់អ្នកស្រែ និងពីរបៀបធ្វើស្រែរបស់ពលរដ្ឋខ្មែរ ដើម្បីបង្ហាញឲ្យសាធារណជនបានឃើញជាទូទៅថាទម្រាំតែអាចផលិតបានជាស្រូវ ជាអង្ករ គឺកសិករម្នាក់ៗមានការតស៊ូប្ដូរដោយញើសឈាមសម្បើមណាស់។ ទោះយ៉ាងណា លោកថាឈុតឆាកនៅក្នុងរឿងទាំងមូលក៏បង្ហាញពីការកាច់កុង និងល្បិចកិច្ចកល់របស់តួអង្គផ្សេងៗ ដើម្បីអប់រំឲ្យស្គាល់ទង្វើអាក្រក់របស់មនុស្សនៅក្នុងសង្គមផងដែរ។ តួសម្ដែង​​នៅ​ក្នុង​រឿង «វាលស្រែ ស្នេហ៍ខ្ញុំ» (រូបភាព៖ វង្ស សុម៉ាលីន) លោក ស៊ិន សុផាត អគ្គនាយកទទួលបន្ទុកផលិតកម្មវិធីនៅប៉ុស្ដិ៍លេខ៥ ទទួលស្គាល់ថា ខ្សែរឿង «វាលស្រែស្នេហ៍ខ្ញុំ» គឺប៉ុស្ដិ៍លេខ៥បានទិញឆ្អឹងរឿងមកពីផលិតករថៃ ដើម្បីឲ្យតារាខ្មែរបានថតតាមលំនាំទុកសម្រាប់ដាក់បញ្ចាំងក្នុងពេលដ៏ខ្លី។ យ៉ាងណាក៏ដោយ លោកថាលំនាំរឿងទាំងមូលមិនធ្វើឲ្យដូចគ្នានឹងវប្បធម៌ថៃនោះទេ ដោយក្រុមការងារបានសម្រេចកែប្រែទាំងអស់ និងបានកាឡៃរឿងនោះ ឲ្យស្ដែងពីជីវភាពរស់នៅរបស់បងប្អូនអ្នកធ្វើស្រែចម្ការរស់ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន មុនឆ្នាំ៩០នោះវិញ។ លោកថា សូម្បីតែការតុបតែងខ្លួន និងម៉ូដសក់ថ្វីដ្បិតតែមើលមួយភ្លែតមានលំនាំដូចរឿងថងខ្វាវរបស់ថៃ ប៉ុន្តែការពិតទម្លាប់ស្លៀកពាក់ និងតុបតែងខ្លួនបែបនោះ ការពិតគឺក្នុងប្រទេសកម្ពុជាកើតមានយូរហើយ។ លោកនិយាយថា៖ “រឿងហ្នឹងជាឆ្អឺងរឿងរបស់ថៃ និងត្រូវដឹកនាំថតដោយថៃមែន ប៉ុន្តែខ្ញុំហ៊ាននិយាយថា យើងអត់ឲ្យធ្វើដូចថៃទេ សម្លៀកបំពាក់ក៏យើងឯកភាពគ្នាឲ្យមានលក្ខណៈខ្មែរក្នុងជំនាន់ឆ្នាំ៨០ និង៩០ ហើយសូម្បីតែពាក្យសម្ដីក៏យើងកែមកឲ្យមានទម្លាប់បែបសង្គមខ្មែរដែរ អត់មានទិញរឿងពីគេហើយធ្វើតាមគេនោះទេ”។ លោកថារឿ ង«វាលស្រែស្នេហ៍ខ្ញុំ»មានសរុបចំនួន៣០ភាគ ដោយប៉ុស្ដិ៍លេខ៥នឹងគ្រោងសុំឲ្យថៃផលិតរឿងភាគទុកឲ្យបានច្រើនថែមទៀត ដោយទុកទាំងសិទ្ធិក្នុងការជ្រើសរើសតួឲ្យភាគីថៃជាអ្នកសម្រេច។ លោក ស៊ិន សុផាត បន្តទៀតថា មន្ត្រីប៉ុស្ដិ៍លេខ៥ និងផលិតករខ្មែរបានត្រឹមតែនាំតារាខ្មែរឲ្យថៃបានឃើញប៉ុណ្ណោះ ប៉ុន្តែចំពោះការជ្រើសរើសគឺខាងថៃជាអ្នកសម្លឹងមើល អ៊ីចឹងហើយទើបលោកសរសើរថាតួអង្គទាំងអស់ដែលបានទទួលការងារនៅក្នុងរឿងនេះជាពីសេសគឺតួឯកប្រុសតួឯកស្រីគឺជាតួអង្គដែលមានស្ថិតក្នុងក្រសែភ្នែកផលិតករថៃ ទើបក្រោយការបញ្ជូនឲ្យស្គាល់ក៏ត្រូវថៃកំណត់យក។ លោករំពឹងថារឿងនេះនឹងមានលក្ខណៈប្រកួតប្រជែង ដោយសារជារឿងស្រុកស្រែក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៨០ និង៩០ ហើយមានលក្ខណៈកំប្លែង ដែលលោកថាផលិតករភាគច្រើនកម្រមានការចាប់អារម្មណ៍៕  សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com  

    [អានបន្ត]
  • លី ច័ន្ទសីហា គូស្នេហ៍សុំរៀបការក្រោយវិលពីរៀន​វៀតណាម

    ថ្ងៃពុធ ទី3 កុម្ភៈ 2016, 09:36 AM

    ថ្ងៃទី៤ ខែកុម្ភៈ ស្អែកនេះ តារាសម្ដែងល្បីឈ្មោះ លី ច័ន្ទសីហា នឹងភ្ជាប់ពាក្យផ្លូវការជាមួយសង្សារវ័យក្មេងជានិស្សិតយោធា។ យ៉ាងណាក៏ដោយ គម្រោងរៀបការនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ តែឪពុក លី ច័ន្ទសីហា បានអះអាងថា ភាគីខាងប្រុសនឹងសុំឲ្យរៀបការភ្លាមៗ បន្ទាប់ពីគេរៀនចប់ទំាងស្រុងមកពីប្រទេសវៀតណាម។ លោក លី សុជុន ឪពុកកញ្ញា លី ច័ន្ទសីហា បានថ្លែងប្រាប់VOD ថា កូនលោកនៅមិនទាន់ដឹងថាតើត្រូវរៀបការពិតប្រាកដនៅថ្ងៃខែណាឆ្នាំណានោះទេ បើទោះនាង និងលោក ច័ន្ទ ថៃសេង នឹងបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅថ្ងៃស្អែក។ លោកថា គម្រោងរៀបការគឺលុះត្រាតែសាមីខ្លួនទាំងពីរទំនេរគិតចេញទើបអាចកំណត់បាន។ លោកមានប្រសាសន៍ថា៖ “ភ្ជាប់ពាក្យហើយ រឿងរៀបការខ្ញុំទុកឲ្យពួកគាត់(កូនកំលោះកូនក្រមុំ)ជាអ្នកសម្រេច បើគាត់ចង់រៀបការឆាប់ក៏បាន ឬចង់ទុកមួយរយៈសិនក៏បាន ព្រោះសីហាក៏រវល់ច្រើន ហើយខាងប្រុសគ្នាក៏រៀនមិនទាន់ចប់នោះដែរ”។ យ៉ាងណាក៏ដោយ លោកថា អាពាហ៍ពិពាហ៍របស់កូនស្រីនឹងអាចកើតឡើងក្នុងឆ្នាំ២០១៦នេះ ដោយមិនដំអក់យូរនោះទេ ដោយលោកថាភាគីខាងប្រុសមានបំណងរៀបការឲ្យបានឆាប់បំផុត តាមតែអាចធ្វើទៅបាន។ លោកថា លោក ច័ន្ទ ថៃសេង អនាគតកូនប្រសារ ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ ហើយក៏នៅជាប់ហាត់ទាហានមិនទាន់ចប់នៅក្នុងប្រទេសវៀតណាមនោះដែរ ទើបមិនអាចគិតរឿងរៀបនៅដើមឆ្នាំ២០១៦នេះបាន បើកុំតែអ៊ីចឹងគឺពិតជាសុំរៀបការយូរហើយ។ នៅអំឡុងខែ៦ ក្នុងឆ្នាំ២០១៦នេះ លោកថា គូស្នេហ៍របស់ លី ច័ន្ទសីហា នឹងបញ្ចប់ការសិក្សាផ្នែកយោធានៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយក្រោយពីត្រឡប់មករស់នៅកម្ពុជាដូចដើម ទើបឈានទៅគិតរឿងរៀបការនោះកើត។ លោកបន្ថែមថា៖ “ឥឡូវហ្នឹងខ្ញុំអត់ដឹងថាពីរនាក់ហ្នឹងការពេលណាកើតទេ ប៉ុន្តែខាងប្រុសគេសុំការភ្លាមៗ បើតាមខ្ញុំគិតប្រហែលរៀនចប់ពី វៀណាមវិញ ខាងប្រុសគេសុំគិតហើយ ព្រោះកូនហ្នឹងស្រឡាញ់អាសីហាណាស់ គេអត់ទុកយូរទេ”។ លី ច័ន្ទសីហា និងគូដណ្ដឹងមុនភ្ជាប់ពាក្យ (រូបថតហ្វេសប៊ុក) លោក លី សុជន បន្តថា លី ច័ន្ទសីហា និងកូនកំលោះស្គាល់គ្នាតាមប្រព័ន្ធហ្វេសប៊ុក ប្រមាណជា៣ឆ្នាំមកហើយ ប៉ុន្តែមកពីកូនស្រីរបស់លោកមិនទាន់សិក្សាចិត្តគំនិតបានច្បាស់លាស់ ទើបមិនទាន់ឲ្យចាស់ទុំខាងប្រុសចូលស្ដី។  លោកថា ចំណងទាក់ទងរបស់ពួកគេកាន់តែស៊ីជម្រៅនៅអំឡុងមួយឆ្នាំចុងក្រោយ ដោយភាគីខាងប្រុសបាននាំចាស់ទុំមកសុំស្ដីដណ្ដឹង ហើយក៏សុំកំណត់យកថ្ងៃទី៤ កុម្ភៈស្អែកនេះ ដើម្បីភ្ជាប់ពាក្យធំ។ លោកបន្តថា ឪពុកខាងប្រុសគឺជាមន្ត្រីយោធា ហើយក៏មានស័ក្ដិយសមិនអន់នោះដែរ  ប៉ុន្តែមិនមែនដោយសារហេតុផលខាងប្រុសជាកូនអ្នកមានបុណ្យស័ក្ដិទើបលោកសម្រេចចិត្តលើកកូនស្រីឲ្យនោះទេ ពោលគឺដោយសារតែកូនរបស់លោកពេញចិត្តលក្ខណៈសម្បត្តិរបស់សាមីខ្លួនតែប៉ុណ្ណោះ។ លោក លី សុជន បន្ថែមថា៖ “កូនហ្នឹង(កូនកំលោះ) បងសីហាតែមួយឆ្នាំទេ ប៉ុន្តែគេចាស់ចិត្តចាស់គំនិត បើមិនអ៊ីចឹងអាសីហាខ្ញុំវាមិនអាចស្រឡាញ់ទេ ព្រោះអាសីហាខ្ញុំ ២៣(ឆ្នាំ)មែន ប៉ុន្តែគំនិតវាជាងមនុស្សចាស់ទៀត”។ ឪពុកតារាសម្ដែងល្បីឈ្មោះ លោកថាកូនកំលោះជាកូនមន្ត្រីយោធាសំបូរទ្រព្យ ប៉ុន្តែកូនស្រីរបស់លោកក៏ជាម្ចាស់សម្អាងការ និងជាម្ចាស់នាំចូលនូវផលិតផលថែរក្សាសម្រស់មួយរូបដែលមានមុខជំនួញផ្អាល់ខ្លួននោះដែរ។ លោកថាលី ច័ន្ទសីហា មិនមានហេតុផលណាមួយត្រូវបន្តនៅលីវ ឬត្រូវបិទបាំងស្នេហា ដើម្បីរក្សាប្រជាប្រិយភាពនៅក្នុងអាជីពសិល្បៈនោះទេ ដោយលោកថា កេរ្តិ៍ឈ្មោះរបស់នាង គឺទោះជាត្រូវប្រឹងប្រែងជាងនេះក៏នៅតែជា លី ច័ន្ទសីហា។ លោកថា៖ “ទោះជាសីហាមានប្ដីជាស្អីក៏ដោយ រឿងសិល្បៈនាងអត់ចោលទេ ប៉ុន្តែបើផលិតករភ្លេចនាង ទស្សនិកជនភ្លេចនាង កុំថាអាសីហាឆ្មើងឲ្យសោះ សម្រាប់អាសីហា រឿងបន្តឬមិនបន្តសិល្បៈ គឺអាស្រ័យលើមហាជន និងផលិតករទេ”។ លោកបញ្ជាក់យ៉ាងមុតមាំថា គូស្នេហ៍របស់នាង និងឪពុកម្ដាយខាងប្រុស ដែលជាអ្នកមានមុខមាត់  មិនបានហាមប្រាមមិនឲ្យនាងបន្តប្រឡូកសិល្បៈនោះទេ ដោយសូម្បីតែពេលដែលនាងកែកុនទម្រង់មុខ ក៏មានការឯកភាពពីគូស្នេហ៍របស់នាងនោះដែរ ដោយលោកអាចនិយាយបានថា គេពេញចិត្តនាងគ្រប់យ៉ាងមុននឹងឈានដល់ការភ្ជាប់ពាក្យដោយបើកចំហរនេះ៕  សរសេរ​មក​លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

    [អានបន្ត]
  • រឿង «ស្ទឹងស្នេហា» ប៉ុស្ដិ៍លេខ៥កំណត់ឲ្យកែសាច់រឿង

    ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 09:22 AM

    មុនចាក់ផ្សាយរឿង «ស្ទឹងស្នេហា» នៅប៉ុស្ដិ៍លេខ៥ គេដឹងជាទូទៅថាខ្សែរឿងមួយនេះបានថតចប់សព្វគ្រប់រួចហើយ ដោយខាងផលិតកម្មបានទាំងប្រកាសពីសាច់រឿងបញ្ចប់ឲ្យមានការដឹងឮនោះផង។ ប៉ុន្តែក្នុងពេលខ្សែរឿងកាន់តែត្រូវបានគេអះអាងថាទទួលបានការចាប់អារម្មណ៍ក្រោយពីដំណើរការចាក់ផ្សាយ មន្ត្រីប៉ុស្ដិ៍លេខ៥ បានទាមទារឲ្យផលិតកររឿងនេះ កែប្រែសាច់រឿងធ្វើឲ្យផលិតករងាកមកដោះស្រាយនៅក្នុងចំណាត់ការនេះឡើងវិញ។ លោក ថៃ ប៊ុននាង អគ្គនាយករងផលិតកម្មចក្រវាទ្យពេជ្រ និងជាតួឯកនៅក្នុងរឿងនេះបានមានប្រសាសន៍ថា ខ្សែរឿង «ស្ទឹងស្នេហា» ត្រូវបានថតចប់តាំងពីមុនយកទៅលក់ឲ្យប៉ុស្ដិ៍លេខ៥ ដើម្បីទុកដាក់បញ្ចាំងម៉ោងមាសម្ល៉េះ។ ប៉ុន្តែបន្ទាប់ពីស្ថាប័ននេះទទួលទិញរឿងរួចហើយ ក៏តម្រូវឲ្យកែប្រែសាច់រឿងនៅវគ្គចុងក្រោយ និងទាមទារឲ្យផលិតកម្មផលិតរឿងបន្ថែមភាគ។ លោកថា នេះជាការចាប់អារម្មណ៍ដ៏ល្អមួយរបស់ប៉ុស្ដិ៍លេខ៥ ប៉ុន្តែក៏ធ្វើក្រុមការងារស្មុគស្មាញ និងត្រូវញាប់ដៃញាប់ជើង ព្រោះតែត្រូវត្រឡប់ទៅកែប្រែសាច់រឿង និងត្រឡប់ទៅថតរឿងនេះនៅវគ្គបន្ត ដើម្បីតម្រូវតាមប៉ុស្ដិ៍លេខ៥នោះផងដែរ។

    [អានបន្ត]
  • រឿង​​«ស្ដេចកន» ចំណាយ​ជាង​​​​១លាន​ដុល្លារ

    ថ្ងៃសៅរ៍ ទី30 មករា 2016, 07:25 AM

    ​បើ​ទោះជា​ប្រឹងបិទបាំង​​ទិន្ន​ន័យ​ ​ភាពយន្ត​​រឿង​​​«ឃុនហ្លួង​ព្រះ​ស្ដេចកន​»ត្រូវ​បាន​គេ​អះ​អាង​ថានឹង​ចំណាយ​​រហូត​ដល់​​​​១លាន​ដុល្លារ​យ៉ាងតិ​ច​​ ដោយ​សា​រតែ​រឿង​ទាំង​មូល​ក្រៅ​ពីត្រូវ​ការ​​តួ​អង្គ​ច្រើន ​​សម្ភារៈ​ផលិត​ថ្មី​ទាំង​អស់ ​ក៏ត្រូវ​​ប្រើ​ពេល​​ថត​យូរ​ទម្រាំ​​​ចប់​។ ខ្សែ​រឿង​នេះបាន​​បើក​​សម្ពោធចេញ​ថត​ហើយ កាល​ពី​ថ្ងៃ​ទី​​២៩ ​​មករា នៅ​ភ្នំតាម៉ៅ​ ​​ដោយ​មាន​​​​​​ពិធី​​ក្រុង​ពាលី​យ៉ាង​​អធិកអធម​បំផុត​​​ គឺ​អាច​និយាយ​ថា​មិន​ធ្លាប់​មាន​សម្រាប់​ភាព​យន្ត​ក្នុងស្រុក​។ ​​នៅ​ក្នុង​ពិធីសម្ពោធ​​នោះ គេ​មិន​ឃើញ​​មាន​អ្នក​​កាសែត​​ចូល​រួ​ម​កុះ​ករ​​ដូច​គ្នា​នឹង​ពិធី​​​​ក្រុង​ពាលី​​រឿង​របស់​​ផលិត​​ដទៃ​នោះ​ទេ ​​​ប៉ុន្តែ​គេ​ឃើញ​ក្រុ​ម​ហ៊ុន​​LYP របស់​លោក​លី យ៉ុង​ផាត់ ​ដែល​ជា​អ្នកបោះ​ទុន​​ផលិត បាន​អញ្ជើញ​​ផលិតករ តារា​ល្បី​ៗ​ជា​កិត្តិយសនិង​​តារា​សម្ដែង​រហូត​ដល់​​រយ​នាក់។ នៅ​ក្នុងទី​តាំង​​​​​​ដែល​​ធ្វើ​ពិធី​ក្រុង​ពាលី​​នោះ ​មាន​ការ​តាំង​បង្ហាញ​ដោយ​សំណង់​​បន្ទាយ​​​​ឫស្សី ធ្វើ​ពី​ឈើ​​ប្រវែង​​ជា​​​​​​១០០​ម៉ែត្រ​​​និង​មាន​ការដាក់​​បង្ហាញ​​ទ័ព​សេះ ​ទ័ព​ថ្មើ​ជើង ​​​​​​​​តាំងនូវ​​កំាភ្លើង​​ធំ ​ក៏​ដូច​ជា​​​អាវុធយុទ្ធភ័ណ្ឌ​ និង​​សម្ភារៈ​សម្រាប់​ថត​ក្នុង​រឿង​នេះ ​​​​​​​​យ៉ាង​ច្រើន​ស្កេកស្កះ ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​​​​​​​ពី​អ្នក​ចូល​រួម​។ ​ទីតាំង​នោះ ត្រូវ​គេ​អះ​អាង​ថាមិន​ខុសពី​កន្លែង​​​តាំង​ពិព័រណ៌សម្ភារៈ​​​​​​​​​​ក្នុងជំនាន់​​​​ព្រះ​ស្រី​សុគន្ធ​បទ​​សោយ​រាជ្យ​នោះ​ឡើយ​។ (រូបថតដោយ​អ្នក​ស្រី​​ថុង ស៊ីវទៀង) (រូបថតដោយ​អ្នក​ស្រី​​ថុង ស៊ីវទៀង) ​អ្នក​ស្រី​​ថុង ស៊ីវទៀង ​​ចាង​ហ្វាង​ផលិតកម្ម​​​ចក្រវាទ្ប​ពេជ្រភាយន្ត​ដែល​ត្រូវ​បាន​​​​អញ្ជើញ​​ឲ្យ​ចូល​រួមនៅ​ក្នុង​ពិធី​នេះ បាន​អះ​អាង​ថា ​​​​​​ពិធីក្រុង​ពាលីថត​​​​​​រឿង​​«​​​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​» ​​​​មាន​ភាព​​អស្ចារ្យ​​​​​​​ខុស​ពី​រឿង​​​​បុរាណ​ផ្សេង​ទៀត ដែល​អ្នក​ស្រី​បាន​​ជួប​។ គ្រាន់​តែ​​​សម្លៀក​បំពាក់តួនិង​កង​ទាហាន ​​ជា​ពិសេស​គឺ​​បន្ទាយទ័ព​ ​ អ្នកស្រី​យល់​ថា​​​​​ត្រូវ​​បាន​ចំណាយ​​​មិន​​តិច​​​​ជាង​ម៉ឺន​ដុល្លារ​នោះ​ឡើយ​​។ ​អ្នកស្រី​​​អះ​អាងថា​ពិធី​នោះ មាន​តារានិង​ភ្ញៀ​វកិត្តិយស​​​ចូល​​រួម​រហូត​​ដល់​​រយ​នាក់ ​ដោយ​ក្រោយ​​​​បញ្ចប់​ពិធី​​ក្រុង​ពាលី ក៏មាន​រៀប​ជា​​ក្បួន​​​​​​​​​​​ហែប្រទក្សិណ​​​​​ដោយ​​កង​ទ័ព​សេះ​​ ទ័ព​ថ្មើ​ជើង ​​​​​ក្រុម​​ឆៃ​យ៉ាំ ​​​​និង​​​ក្បួន​​ថ្មើរជើង​​របស់​តារា​សម្ដែងដែល​ត្រូវ​បាន​តុប​តែ​ខ្លួន​បែប​បុរាណ។​ លោកស្រី​អះអាង​ថា ​​​គ្រាន់​តែ​​ការ​រៀប​ចំ​​​​ពិធី​​​ទទួល​អាហារ​​ជា​ទ្រង់​ទ្រាយ​ធំក៏​​ទំនង​នឹង​​​ចាយ​អស់​ច្រើន​ផងដែរ ​សម្រាប់​​ពិធី​​បើក​ឆាក​ចេញ​ថត​នៅ​ថ្ងៃដំបូង​នោះ​។ អ្នក​ស្រី​និយាយ​ថា​​៖ “​រឿង​ហ្នឹង​មើល​ទៅ​ឡូយ​ម្មង ​ព្រោះ​​​​​​គេ​រៀប​ឆាក​ដូច​​​​​​សម័យ​បុរាណ​អញ្ចឹង គឺ​ថា​​​​​​​​​​​​​​​សម្ភារៈ សម្លៀក​​បំពាក់ ​​សេះ​និង​តួ​សម្ដែង​​ទាំង​អស់ គឺ​​អស់ទាស់​ម្មង ​​​​​ខ្ញុំ​​​​​ថា​រឿង​ហ្នឹង​គ្រាន់​តែ​​​​គឺ​ថា​​​អស់​ច្រើន​ម្មង!”។ អ្នក​ស្រី​បាន​អះ​អាង​ថា​​​​​​​​ក្រុមការងារ​របស់​​ក្រុម​ហ៊ុន​​LYP  ដែល​ជា​អ្នក​ទទួល​វិនិយោគ​ចេញ​ថត​រឿង​នេះ បាន​ប្រាប់​​អ្នក​ស្រី​ថា​​​នឹង​​​​​គ្រោង​ចំណាយ​​​​​ច្រើន​ជាង​​១លាន​​​​​ដុល្លារ ​​ដោយ​​​​​​​​គ្រាន់​តែ​​​​ការ​ចំណាយ​​​​​​​រាយ​រង​​​​​​​​​​មុន​ពេល​ចេញ​ថត​នោះ ​​អស់​ប្រមាណ​​​​ជាង​១០ម៉ឺន​ដុល្លារ​ទៅ​ហើយ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ “​​រឿង​ហ្នឹង​គេ​ប្រាប់​ខ្ញុំ​​​ថា​​ត្រៀម​​​​យ៉ាង​តិច​​​​១លាន​ ហើយ​ខ្ញុំ​មើល​ទៅ​អស់​មែន​ហើយ ព្រោះ​​​រឿង​ហ្នឹង​គ្រាន់តែចំណាយ​សិក្សា និង​រៀប​ចំ​ស្ទីឌីយោ​អី​ហ្នឹង ក៏ខ្ទង់​ម៉ឺន​(ដុល្លារ)ដែរ ​​ជាក់ស្ដែង​ខ្ញុំ​​ទៅ​ក្នុងថ្ងៃ​​​​​​ក្រុង​ពាលី​ហ្នឹង​គឺ​​ខាង​ផលិត​ករ​ប្រាប់​ខ្ញុំ​ថា​​​​​​គ្រាន់តែ​កាម៉េរ៉ា ​​​​​​ទិញ​អស់​ឡើង​​​​១៥ម៉ឺន​ដុល្លារ​!”។ ​ លោក​ ម៉ៅ អាយុទ្ធ ជា​អ្នក​ដំឡើង​​​រឿង​​«​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​» បាន​​​​​​​​​អះ​អាង​ថារឿង​​​​​​នេះ​ពិត​ជា​​​​ចំណាយ​​​អស់​ច្រើន​​​​​ ​ប៉ុន្តែ​លោក​ថា​​មិន​ហ៊ាន​អះ​អាង​ថា​​​១លាន​ដុល្លារឬ​​ប៉ុន្មាន​​ឲ្យ​ច្បាស់​នោះទេ។ លោក​និយាយ​ថា​​​៖ “​​រឿង​ហ្នឹងខ្ញុំ​អត់​ដឹង​ថា​អស់​មួយ​លានឬ​​​​​ប៉ុន្មាន​ម៉ឺន​​កើតទេ ​គឺ​ទាល់​តែ​​​​​​ថត​ចប់បាន​ដឹង​!”​។ យ៉ាង​ណា​ក៏​ដោយលោកធ្លាប់​ព្រលយ​ថា​​ការ​ចំណាយ​ដល់​ខ្ទង់​មួយ​លាន​ដុល្លារ ឬ​លើស​ពី​ហ្នឹង​​​  ​​គឺវា​​​មិន​ចម្លែកនោះ​ទេ ដោយ​សា​រ​តែ​ការ​​​​​ផលិត​រឿង​បែប​ប្រវត្តិសាស្រ្ត​បែបនេះ គឺ​​វា​គួរ​តែ​​​​អស់​ដល់កម្រិត​ណា ទើប​អាច​ទទួល​បាន​គុណភាព​​​​​​​១០០%។ ​ កីឡាករ​​​​​​កាយវប្បកម្ម​លោក ​រស់ សុភ័ណ្ឌ(រូបថតពីហ្វេសប៊ុក​របស់​លោក​) ដក​ស្រង់​​​​​បទ​សម្ភាសន៍​​​ក្នុង​ពេល​​​​​​​បញ្ជាក់​​ប្រាប់​កាល​ពី​​លើក​មុន លោក​និយាយ​ថា៖ “​​​​រឿង​ហ្នឹង​​គឺ​​LYP ​នឹង​ធ្វើ​​​ឲ្យ​ល្អ​ឥត​ខ្ចោះ អញ្ចឹង​​​រឿង​វា​កំណត់​អត់​បាន​ទេ ​​​​​​ម្យ៉ាង​​រឿង​ប្រវត្តិ​សាស្រ្តធំ​អញ្ចឹង គឺបើ​​១​លាន​ដុល្លារ​អី​​ក៏​​​​​​​​​​​​​មិន​ច្រើន​អី​ដែរ ​ព្រោះ​​រឿង​​ហ្នឹង​​ស្អី​ក៏ធ្វើ​ថ្មី​ទាំង​អស់ មិន​មែន​ដូច​រឿង​​​សម័យ​​​ដែល​ត្រូវ​ចំណាយ​តែ​ថ្លៃ​តួ ​​និង​​​ក្រុម​អ្នក​ផលិត​នោះទេ​!”​។ លោក​ម៉ៅ អាយុទ្ធ ​​បញ្ជាក់​ថា​​​រឿង​​ស្ដេច​កននឹង​ចេញ​ថត​​​​​នៅ​បន្ទាយ​ដែល​បាន​សាង​សង់​នៅ​​​​​ភ្នំតាម៉ៅ​ ​​​ បន្ត​បន្ទាប់​​ទើប​ចេញ​ទៅ​ថត​​នៅ​ខេត្ត​សៀម​រាប ​ខេត្ត​កំពង់ចាមនិង​នៅ​​​ស្រុក​កៀន​​ស្វាយ ដោយ​ទីតាំង​ទាំង​នោះ នឹង​ត្រូវ​​​​​​​​​រៀប​​​​​​ចំ​​​​​​​ជា​បន្ទាយ ​ជា​​​​​ភូមិ​​អ្នក​ស្រុកនិង​ជា​​​​​​​​​​ទេសភាព ឲ្យ​ដូចពិត​​ៗ​​​​​នៅ​សម័យ​បុរាណ​ក្នុងជំនាន់​​​​​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ទើប​​ការ​ចំណាយ​មិន​អាច​កំណត់​។ ​លោក​ធ្លាប់​​បញ្ជាក់​ថាតួ​អង្គ​នៅ​ក្នុង​មួយ​រឿង​នេះ ​​​មាន​​ដល់​​រាប់​រយ​តួ ក្នុង​នោះ​សូម្បី​តែ​សេះ​​ធំ​ៗ​ក៏​​ប្រើ​ដល់​​​​១៦​ក្បាល​សម្រាប់​សេះ​​​​​ដែល​បាន​​បង្វឹក​រួចរាល់ មិន​ទាន់​​​​​គិត​ដល់​សេះ​​​​​​​​​​​​​​​​​​​រាយ​រង​​​ជាច្រើន​ទៀត ដែល​​​​ប្រើ​សម្រាប់​​​​​​​ថត​ឈុត​សង្គ្រាម​។ តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺ​​លោក​ទេព រិន្ទដារ៉ូ សម្ដែង​ជា​​អង្គ​ព្រះ​ស្រី​សុគន្ធ​បទ ​និង​​​​​លោក​​​​​​​​រស់ សុភ័ណ្ឌ ​​​ជា​កីឡាករ​ផ្នែក​កាយវប្បកម្ម​ត្រូវសម្ដែង​ជា​​តួ​អង្គ​ព្រះ​ស្ដេច​កន។ គួរ​បញ្ជាក់​ផងដែរ ​រឿងស្ដេច​កន ​​​នឹង​​​និយាយ​ត្រឹម​​​​ប្រវត្តិ​របស់​នាយកន​តាំង​ពី​ចាប់​កំណើត​រហូត​​​​​​ដល់​​បាន​ក្លាយ​ជា​ស្ដេច​សោយ​រាជ្យប៉ុណ្ណោះ  ដោយ​មិន​បាន​​​ឆ្លុះ​បញ្ចាំង​ដល់​​​​​​ឆាក​សង្គ្រាម​​​​ជា​មួយ​​ព្រះបាទ​ច័ន្ទ​រាជា​នោះ​ឡើយ​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

    [អានបន្ត]

ព័ត៌មានផ្សេងៗ

ព័ត៌មានប្រចាំថ្ងៃ

មើលព័ត៌មានប្រចាំថ្ងៃទាំងអស់
  • តុលាការខេត្តកណ្តាលផ្ដន្ទាទោសអតីតប្រធានសាលាដំបូងរាជធានីចំនួន៣ឆ្នាំ ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 05:33 PM
  • កម្មករោងចក្រកូសម៉ូតវ៉ាមុខក្រសួងការងារករណីថៅកែរោងចក្រកាត់ប្រាក់ខែដោយគ្មានមូលហេតុ ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 05:32 PM
  • ទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:11 PM
  • អង្គការបរិស្ថានស្នើឲ្យរដ្ឋាភិបាលលើកបញ្ហាវារីអគ្គិសនីដនសាហុងទៅពិភាក្សាក្នុងកិច្ចប្រជុំអាស៊ានអាមេរិក ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:10 PM
  • ពលរដ្ឋបុរីកីឡាមិនទាន់បានសំណងតវ៉ាមុខសាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:08 PM
  • ការផ្តល់កម្មសិទ្ធិដីសមូហភាពយឺតធ្វើឲ្យជនជាតិដើមភាគតិចពិបាកតតាំងជាមួយក្រុមហ៊ុន ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:07 PM

ព័ត៌មានកីឡា

មើលព័ត៌មានកីឡាទាំងអស់
  • កីឡាករថៃ Superchhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

    ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 01:32 PM

    ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ  កីឡាករថៃឈ្មោះ Superchhai  បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។  គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។ យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Superchhai  និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

    [អានបន្ត]
  • សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២

    ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 08:16 AM

    នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​ ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។ រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​ កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​ ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​ យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​ ​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕ សរសេរមកកាន់ សុខ ឆាយ តាមរយៈsokchhay@gmail.com

    [អានបន្ត]
  • វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន

    ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 08:45 AM

    កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។ ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

    [អានបន្ត]
  • ជើងខ្លាំងថៃ Phich Bunchong រក្សាកំណត់ត្រាមិនដែលចាញ់នៅលើសង្វៀនកម្ពុជា

    ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 09:24 AM

    នៅទីបំផុត កីឡាករដែលមានអាជីពជាពិធីករកីឡាលោក ឡុង សុវណ្ណឌឿន មិនអាចយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Phich Bunchong  បើទោះជាមុនពេលឡើងប្រកួត ទាំងសមីខ្លួន និងអ្នកគាំទ្រសុទ្ធតែបានរំពឹងថាលទ្ធផលនឹងបានឈ្នះថៃ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាក៏បានប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយបានត្រឹមស្មើ ហើយ​កីឡាករ Phich Bunchong  នៅ​តែ​អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅលើសង្វៀនក្នុងប្រទេសកម្ពុជា។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៣១ ខែមករា អ្នកស្នេហាកីឡាប្រដាល់ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងសង្វៀនតែម្ដង  ដោយសារតែកេរ្តិ៍ឈ្មោះរបស់ ឡុង សុវណ្ណឌឿន ធ្វើឲ្យគេទុកចិត្តខ្ពស់ ហើយការប្រកួតជាមួយកីឡាករ Phich Bunchong  ក៏ជាការប្រកួតដែលត្រូវគេចង់ដឹងថានឹងជួយបំបាក់កីឡាករថៃរូបនេះ ស្ដារមុខមាត់ឲ្យវិស័យប្រដាល់កម្ពុជាបានឬអត់។

    [អានបន្ត]
  • ពេជ្រ ម្ទេសខ្មាំង ឈ្នះ ខណៈរឿង សោភ័ណ្ឌ ចាញ់កីឡាករថៃ

    ថ្ងៃចន្ទ ទី25 មករា 2016, 01:20 PM

    ការប្រកួតកាលពីថ្ងៃអាទិត្យទី២៤ ខែមករា កីឡាករកម្ពុជា២រូបមិនមានសំណាងដូចគ្នានោះទេ បើទោះជាពួកគេសុទ្ធតែប្រឹងប្រែងក្នុងការបង្ហាញថ្វីដៃយ៉ាងអស់ពីសមត្ថភាព។ ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះគឺកីឡាករ ពេជ្រ ម្ទេសខ្មាំង បានឈ្នះគូប្រកួត ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ឯណោះវិញ បានត្រឹមតែកំដរកីឡាករថៃជាគូប្រកួតដល់ទឹកទី៥ប៉ុណ្ណោះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលអ្នកណាក៏ស្គាល់ជាជើងខ្លាំងម្នាក់ប្រចាំនៅក្លិបអរុណរះកីឡា កាន់តែធ្វើឲ្យមានការកោតសរសើរជាមួយនឹងលទ្ធផលវាយឈ្នះកីឡាករថៃដែលមានឈ្មោះថា Kong Sak  កាលពីថ្ងៃអាទិត្យនោះ។ បើទោះជាគោលដៅចង់ឲ្យកីឡាករថៃសន្លប់មិនអាចធ្វើទៅបាន ក៏មានការទទួលស្គាល់ភាគច្រើនក្នុងរង្វង់អ្នកគាំទ្រ។ ក្នុងទឹកទី២ និងទី៣ កីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃតិចតួច។ លុះដល់ទឹកទី៤  និងទី៥ ការវាយសង្គ្រប់របស់កីឡាករកម្ពុជាកាន់តែល្អឈានឡើង ដោយអាចវាយប្រទាញបានពិន្ទុរហូតបានដល់ឈ្នះដោយពិន្ទុគឺនៅក្នុងទឹកទាំង២ចុងក្រោយនេះតែម្ដង។

    [អានបន្ត]
  • កីឡាករថៃបំបាក់ពេជ្រ សីហា លើកទី២

    ថ្ងៃចន្ទ ទី18 មករា 2016, 07:41 AM

    បើទោះជាបានតាំងចិត្តដាច់ខាតថាត្រូវតែសងសឹកឲ្យបានក៏ដោយ ក៏ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៧ មករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករពេជ្រ សីហា នៅតែត្រូវកីឡាករថៃឈ្មោះPhech Bunchoung វាយបំបាក់ជាលើកទី២។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើងក៏បានបង្ហាញថាកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពផងដែរ បើទោះជាចាញ់ជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលកីឡាករពេជ្រ សីហា ប្រកាសឡើងសងសឹកជាមួយកីឡាករថៃឈ្មោះPhech Bunchoung  បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុនគឺគេចាញ់ទាំងមិនអស់ចិត្ត។ អ្នកស្នេហាការប្រដាល់យ៉ាងច្រើនកុះករត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់តែម្ដងនៅក្នុងស្ទីឌីយោរបស់ស្ថានីយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពេលគូនេះឡើងរេញប្រកួតគ្នា។ តាំងពីទឹកទី១ រហូតដល់ទឹកទី៥ គេឃើញអ្នកទស្សនាទាំងប្រុសទាំងស្រី ដក-កចំហរមាត់និងទះដៃយ៉ាងកងរំពងគ្រប់ពេលកីឡាករកម្ពុជាវាយចូលទៅលើកីឡាករPhech Bunchoung ។ ជាពិសេសក្នុងទឹកទី២និងទឹក៣ គ្មានអ្នកណាមិនឮសំឡេងស្រែកយ៉ាងទ្រហឹងពេញ​សាលប្រដាល់នោះទេ ដោយសារសន្ទុះវាយលុករបស់ពេជ្រ សីហា ទៅលើកីឡាករថៃ។ យ៉ាងណាក៏ដោយក្នុងទឹកទី៤និងទី៥ កីឡាករថៃ បានប្រែទម្រង់វាយសម្រុកហើយប្រើបច្ចេកទេសវាយបោកធ្វើឲ្យពេជ្រ សីហា បាត់បង់ជំហរ។ ក្នុងទឹកទាំងពីរ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យសរសើរ ហើយក៏ធ្វើឲ្យមើលដឹងថាកីឡាករកម្ពុជាមិនអាចទៅរួចជាមួយកីឡាករថៃក្នុងជំនួបសងសឹកនោះផង។ ប៉ុន្តែអ្នកគាំទ្រពេជ្រ សីហា មិនបានរិះគន់ចំពោះការបរាជ័យរបស់កីឡាកររូបនេះនោះឡើយ ដោយសារតែឃើញជាក់ស្ដែងថាគេក៏ប្រឹងអស់ពីសមត្ថភាព ហើយកីឡាករថៃពិតជាខ្លាំងពិបាកទប់។ ជាពិសេសនៅពេលមានការប្រកាសថាកីឡាករ Phech Bunchoung  ឡើងមកប្រកួតនៅកម្ពុជា៤លើក មិនដែលចាញ់ទាល់តែសោះ។ ការឡើងមកប្រកួតលើកទី១និងលើកទី២ គេស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ និងឡុង សុភី ដែលសុទ្ធតែជាជើងខ្លាំងនិង២លើកចុងក្រោយគឺឈ្នះ ពេជ្រ សីហា ជាប់គ្នានេះឯង។ លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាក្រោយការបរាជ័យលើកទី២របស់ពេជ្រ សីហា ធ្វើឲ្យគណៈកម្មការរៀបចំសម្រេចចិត្តមិនឲ្យអ្នកទាំងពីរធ្វើការប្រកួតគ្នាទៀតទេ ដើម្បីកុំឲ្យបាក់មុខកីឡាករកម្ពុជាជាថ្មីម្ដងទៀត។ លោកមាន​ប្រសាសន៍ថា៖ “កីឡាករថៃល្អណាស់ អញ្ចឹងបើដាក់ឲ្យប្រកួតគ្នាប៉ុន្មានដងទៀត ក៏ពេជ្រ សីហា ទៅមិនរួចដែរ ហើយខាងសហព័ន្ធកំពុងគិតថាត្រូវដាក់អ្នកណាដើម្បីឲ្យត្រូវនឹងសមត្ថភាពរបស់កីឡាករថៃហ្នឹង!”។ ស្របនឹងជំហរនេះ កីឡាករពេជ្រ សីហា ក៏ទទួលស្គាល់ថាថ្វីដៃរបស់កីឡាករPhech Bunchoung ល្អជាងខ្លួននិងពិបាកឲ្យគេធ្វើការសងសឹកនោះផងដែរ។ គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបាន១០៣លើក ឈ្នះ៧៧លើក ចាញ់១៨លើកនិងស្មើ៥លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦៦លើក ចាញ់១២លើកនិងស្មើ១លើក៕ សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

    [អានបន្ត]

ព័ត៌មានផ្សេងៗ

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To