ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី23 កញ្ញា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ការដឹកជញ្ជូនជនប្លែកមុខ និងជនបរទេសទៅបោះឆ្នោត​

ដោយ៖​ ណាត សុភាព, សំពៅ ពិសិទ្ធិ និង អ៊ឹង ប៊ុន​ថន​ | ថ្ងៃអង្គារ ទី31 ធ្នូ 2013, 04:33 PM, (1)

ស្តាប់សំឡេង៖​

ចម្លងទុក

ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ ​បាន​កន្លងផុតទៅ ដោយ​បន្សល់ទុក​​នៅ​ភាពមិនប្រក្រតី​មួយ​ចំនួន​​ ដែល​កើតឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត នៅ​តាម​​បណ្តា​​ខេត្ត​មួយចំនួន​។

​ករណី​ដែល​ត្រូវបាន​រកឃើញ   នៅ​ឃុំ​ចំនួន​​ពីរ  ក្នុង​ខេត្ត​ព្រៃវែង គឺ​ឃុំ​ពាម​រក៍ និង​ឃុំ​ក្តឿង​​រាយ ដែល​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ករណី​ស្រដៀង​គ្នា​នេះ​​ជា​ច្រើន នៅតាម​ខេត្ត​មួយចំនួនទៀត​។ ​ប្រជាពលរដ្ឋ ​ឲ្យដឹងថា មាន​ភាពមិនប្រក្រតី​មាន ដូចជា ការដឹកជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មក​ពី​​បណ្តា​ខេត្ត​ផ្សេងៗ មក​បោះឆ្នោត​នៅក្នុង​ភូមិ​-​ឃុំ​មួយ​ចំនួន​​ក្នុង​ខេត្ត​ព្រៃវែង​។ ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិន​ឲ្យ​បោះឆ្នោត​។ ការ​ប្រើ​​ហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត និង​មន្ត្រី​ក្នុង​ការិយាល័យ​​បោះឆ្នោត​មួយចំនួន​លំអៀង​ទៅ​បក្ស​កាន់​អំណាច​ ជា​ដើម​។​

ការដឹកជញ្ជូន​ជន​មិន​ស្គាល់​មុខ​មក​ពី​តំបន់​មួយ​ទៅ​ បោះឆ្នោត​​នៅក្នុង​តំបន់​មួយទៀត គឺជា​ភាពមិនប្រក្រតី​មួយ​ក្នុងចំណោម​ភាពមិនប្រក្រតី​ជាច្រើន ដែល​​​​​​នាំ​​ឲ្យ​មាន​បណ្តឹង​ចំនួន​ជាង​មួយ​ម៉ឺន ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បាន​បន្ទាប់ពី​ការបោះឆ្នោត​។ របាយការណ៍​ស៊ើបអង្កេត​ខាងក្រោម​នេះ​នឹង​​បង្ហាញ​អំពី​ថា​តើ ជន​មិន​ស្គាល់​មុខ​ពី​តំបន់​ផ្សេង​អាច​បោះឆ្នោត​បាន​ដោយ​របៀប​ណា​? ហើយ​ថា​តើ​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​បាន​ស្នើឲ្យ​ទៅ​បោះ​ឆ្នោត​​នៅក្នុង​ តំបន់​នោះ​?

​ការដឹកជញ្ជូន​ជន​ប្លែក​មុខ​និង​ជនជាតិ​វៀតណាម ទៅ​បោះឆ្នោត​ក្នុង​ការិយាល័យ​ដែល​ពួកគេ​មិន​បាន​ចុះ​ឈ្មោះ​ជា​មុន​

ការដឹកជញ្ជូន​​អ្នកបោះឆ្នោត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ លើកឡើងថា ក្រុមមនុស្ស​ដែល​គេ ដឹក​យក​មក​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ មាន​ប្រមាណ​ជា​៩៥​​ភាគរយ​។ បន្ទាប់​ពី​បោះឆ្នោត​រួចហើយ គេ​សង្កេតឃើញថា ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ទាំង​នោះ ក៏​ប្រញាប់ប្រញាល់​នាំគ្នា​ចាកចេញ​ទៅ​វិញ​​ភ្លាមៗ ដោយ​មាន​រថយន្ត​រង់​ចាំ​ដឹក​ត្រឡប់​ទៅ​វិញ​រួចជាស្រេច​។

​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់ រស់នៅ​ភូមិ​ក្រូច ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ពួកគាត់​ឃើញ​ឡាន​ឈ្នួល និង​ឡាន​សេរី​ទំនើប ជាច្រើន​គ្រឿង ដឹក​ជន​ប្លែក​មុខ និង​ជនជាតិ​វៀត​ណាម​រាប់រយ​នាក់ ឲ្យមក​បោះឆ្នោត នៅ​ការិយាល័យ​ភូមិ​ក្រូច ភូមិ​តា​ណា​ល និង​ការិយាល័យ​ភូមិ​ក្តឿង​រាយ​ជាដើម៖ "((ឡានតូចៗ​ពេញ នឹង​ទាំង​អស់ អា​ឡាន​​ធំ​នឹង​បី ឡាន​តូ​រី​សនឹង )) រាល់​ឆ្នាំ​អត់​មាន​ក្រុម​ការងារ​ផង​អាណត្តិ មុនៗ​អត់​មាន​មនុស្ស​បោះ​ផង​នឹង ដល់​ពេល​អាណត្តិ​ហ្នឹង​សុទ្ធ​តាម​នុស្ស​ហ្ម​ង សុទ្ធ​តា​ក្រុមការងារ​មែន​តែ​មាន​យួន​មក​ទៀត ក្រុម​ការងារ​នៅ​ហ្នឹង​គេ​ដឹង​ទាំងអស់​នឹង សុទ្ធ​តា​យួន​ច្រើន​ជិះ​ម៉ូតូ​ផង ឡាន​ផង ចូល​មក​បោះ​អាណា​ចូល​បាន​ចូល អាណា​ចូល​មិន​បាន​នៅ​ក្រៅ នឹង​ទៅ ស្មាន​ទៅ​ប្រហែល​៣០-៤០​សិប​នាក់​ដែរ អា​នឹង​គ្រាន់តែ​អ្នកឃើញ​ទេ​ណា ប៉ិន​តា​អ្នក មិន​បាន​ឃើញ​មិនដឹង​ប៉ុន្មាន​នាក់​ទៀត ខ្ញុំ​ឮ​តាម​គេ គេ​ថា​ម៉ា​ឃុំ​ក្តឿង​រាយ​ប្រមាណ​៧០០​នាក់​តាម​គេ​និយាយ គេ​ថា​គេ​អោយ​យួន​ចូលមក​ហ្នឹង ))​"។​

ស្រី្ត​ម្នាក់ទៀត  ដែល​នៅក្នុង​ហេតុការណ៍​ផ្ទាល់ សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ថែមថា ​៖ “​ដល់​ពេល​ខ្ញុំ​ចូល​ទៅ មិនទាន់​បាន​ចូល​ផង​ស្រាប់​វា​គៀង​ចូល​ទៅ​មុន​ខ្ញុំ ចូល​មុន​ខ្ញុំ ខ្ញុំ​ថា ពូ​ឯង​មក​ក្រោយ​គេ​ថី​បាន​ពូ​ឯង​ចូល​មុន​ខ្ញុំ។ ខ្ញុំ​ចូល​ស្មើ​ណា​ក៏​បាន​ដែរ​ស្រេច​តែ​ខ្ញុំ ខ្ញុំ​ប្រញាប់​ទៅ​បោះ​នៅ​ឧដុង្គ​ទៀត។ ទៅ​បោះ​ឧត្តុង្គ​ទៀត​​ប្រាប់ចឹង​ហ្មង ខ្ញុំ​ប្រញាប់​​ទៅ​បោះ​នៅ​ឧត្តុង្គ​ទៀត​ខ្ញុំ​បោះ​អោយ​ហើយ​”​។​

​ អ្នកសង្កេតការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​តា​ណា សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា នៅក្នុង​ការិយាល័យ​​របស់គាត់ មិន​មាន​ជនជាតិ​វៀតណាម​បោះ​ឆ្នោត​ទេ​។ លោក​ថា ជន​ប្លែក​មុខ ដែល​​មក​បោះឆ្នោត​ទាំង​នោះ គឺជា​ជនជាតិ​ខ្មែរ នឹង​​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មកពី​បណ្តា​ខេត្ត​ផ្សេងៗ ប្រមាណ​ជាង​១០​នាក់ ចូល​មក​បោះឆ្នោត​នៅក្នុង​ការិយាល័យ ក្នុង​ឃុំ​ក្តឿង​រាយ ​៖ "និយាយ​ទៅ​ធូរ​តា​​ការិយាល័យ​​ខ្ញុំ​មួយគត់ ដែល​មិន​ញ៉េញ៉ៃ​អី មាន​​តា​ក្រុម​ការ​ងារ​​ចុះ​ពង្រឹង​តាម​ភូមិ​ហ្នឹង​មាន ភូមិ​ខ្ញុំ​នឹង​វា​១៦​នាក់ ប៉ុន្តែ​តាបោះ​បាន​ប៉ុន្មាន​ទេ បោះ​បាន​១១​នាក់ ។ នៅក្នុង​សាលា​ជាប់ៗ​គ្នា​ចឹង វា​មាន​ហើយ វា​ឮថា​មិនបាច់​ដើរចេញ​បាន​ណាស់ ខ្ញុំ​វា​នៅ​តា​ក្នុង"។​

​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ សន៌ នៅ​ច្រកទ្វា​អន្តរជាតិ​​ព្រៃ​វល៌្ល ខេត្ត​ស្វាយរៀង​ លោក ប៉ាង ឡេង ព្រមទាំង​ក្រុម​ការងារ​ជាច្រើន​នាក់​ទៀត បាន​បដិសេធ​​​​មិន​ព្រម​ផ្តល់​បទ​សម្ភាសន៌ ជុំវិញ​មូលហេតុ​ដែល រូបលោក​និង​ក្រុមការងារ ដែល​ត្រូវ​គេ​បញ្ជូន​អោយទៅ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​នោះ​ទេ​។ លោក​បញ្ជាក់ថា ពាក់​ពន្ធ័​បញ្ហា​នេះ​ថ្នាក់លើ បាន​ធ្វើរ​បាយ​ការណ៌ និង​ផ្តល់​ពត៌មាន​ទៅ​ក្រសួង​រួចរាល់​អស់ហើយ​។ ម្យ៉ាង​ទៀត​ថ្នាក់លើ​មិន​​អនុញ្ញាត​​ឲ្យ​គាត់​ផ្តល់​ការសម្ភាសន៍​ដល់​អ្នក​ សារព័ត៌​មាន​ទៀតផង​។​

​មេឃុំ​ក្តឿង​រាយ លោក ប៉ែន ថុន បដិសេធ​ការលើកឡើង​ដែល​ថា​មាន​ឡាន​ដឹក​ជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម ​ឲ្យទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័​យ​​មួយចំនួន ក្នុង​ឃុំ​នេះ​។ លោក​​បញ្ជាក់ថា អ្នក​ទាំងនោះ ជា​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មក​ពង្រឹង នឹង​ធ្វើ​ការអភិវឌ្ឍ​​​នៅ​ឃុំ​​នោះ​ ៖ "សុទ្ធ​តា​យួន សុទ្ធ​តា​អី មិន​មែន​ទេ​ជា​ក្រុមការងារ លោក​​ចុះ​មក​បេសកកម្ម ឲ្យ​​តា​ជា​ប្រជាពលរដ្ឋ ឲ្យ​តា​មាន​អត្តសញ្ញាណ​បណ្ណ័​ជា​សញ្ជាតិ​ខ្មែរ គឺ​​មាន​សាក្សី​២​នាក់​គឺ ខ្ញុំ​ជា​អាជ្ញាធរ​ឃុំ​នឹង គឺ​ខ្ញុំ​ចុះបញ្ជី​ស្នាក់នៅ​អោយ​គាត់​បាន ចឹង​គាត់​មាន​សិទ្ធិ​បោះឆ្នោត​កន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​យើង​បាន​ចុះ​អោយ​គាត់​រួច​ស្រេច​ហើយ បើ​៧-៨​​ខែ​កន្លង​មក​ហើយ ហើយ​យើង​ធ្វើការ​ជាមួយ​គ្នា ជាមួយនឹង​គណ​បក្ស​​សិទ្ធិមនុស្ស គណបក្ស​​សម​រង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជនកម្ពុជា​ យើង​ចុះ​ឈ្មោះ​អោយ​គាត់ មិនមែន​ដូច​ជន​មួយចំនួន​មក​​ចោទប្រកាន់ថា សុទ្ធ​តា​អ្នក​ប្លែក​មុខ​ប្លែក​មាត់​អី សុទ្ធ​​តា​យួន​សុទ្ធ​តា​អី​មិនមែន​ទេ​នែ នេះ​គឺជា​ក្រុម​ការងារ​ហើយ​ខ្មែរ​សុទ្ធសាធ ដែល​លោក​មក​បោះឆ្នោត​ទី​នេះ"។​

ឆ្លើយតប​នឹង​ករណី​នេះ​ដែរ ពលរដ្ឋ​នៅ​ឃុំ​ក្តឿង​រាយ​និយាយថា ៖ "ខ្ញុំ​អត់​យល់​​ស្រប ខ្ញុំ​ជា​ប្រជាពលរដ្ឋ ហើយ​​បើ​ថា​អ្នកឯង ឧទាហរណ៌​អាឡូវ​ក្រុមការងា​រណា៎ ក្រុម​​ការងារ​ប៉ុន្មាន​​​រូប ដែល​ចុះ​មក​បេសកកម្ម​នៅក្នុង​ឃុំ​ខ្ញុំ​​ណា៎ ឲ្យ​ដឹង​ចំនួន​ហើយ​បោះ​ការិយាល័យ​ណា ឲ្យ​​ប្រជាពលរដ្ឋ​គេ​ដឹង ចំនួន​ប៉ុន្មាន​នាក់ ប្រជុំ​​តា​១​ថ្ងៃ​ទៅ​គេ​ដឹង​បាត់​ទៅហើយ ​ប្រជាពលរដ្ឋ​គេ​គាំទ្រ ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ហើយ​ចុះ​ការិយាល័យ​ណា គេ​មិន​ធ្វើ​អន្តរាគមន៍​ទេ ប៉ិន​តា​ឯង​មក​មិន​ដឹង ពី​ណា​​ពីណី​ផង ប្រជាពលរដ្ឋ​គេ​មិន​ដឹង​ផង គេ​មិន​​ឆោឡោ គេ​ចង់​ដឹង​សន្លឹកឆ្នោត​គេ​ដែរ"។

ពលរដ្ឋ ​នៅ​ឃុំ​ក្តឿង​រាយ សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ក្រោយពី​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ ពុំ​ឃើញ​មាន​ជន​​ប្លែក​​មុខ និង​ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​នោះ​ទៀត​ទេ​ ​៖ "ហឺ​មិន​សម បើ​មិន​ដែល​ឃើញ បោះ​ហើយ​ទៅ​បាត់​សូន្យ តាំង​ពី​ហ្នឹង​មក​មិន​ដែល​ឃើញ មុខ​ម៉េច​ផង​ពួក​នេះ​។ មក​តា​មេ​ធំ​ធ្លាប់​ទិញ​ដី​នៅ​នឹង​ផង​មេ​ធំ កូនចៅ​អត់​ដែល​ឃើញ​មក​ទេ។ ​ស្ងាត់​សូន្យ​ដល់​ឥឡូវ បើ​តាម​គេ​អ្នក​អង្កេត​ការណ៏​កត់​ត្រួ​សៗ​​ដែរ​​បាន​​នឹង​​១០០​ជាង អ្នក​បាន​​បោះ​​ហើយ បើ​មិន​ទាន់​បាន​បោះ​តាម​ស្តាប់​ទៅ​ប្រហែល​ចូល​២០០​​អី​នឹង​យ៉ាង​"។

ដើម្បី ​បញ្ជាក់​ពី​បញ្ហា​នេះ​អ្នក​ព័ត៌មាន​បាន​ចុះ​ទៅ​ផ្ទាល់ ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់រោរ៍ ខេត្ត​ស្វាយរៀង ដែល​សាក្សី អះ​អាង​ថា នគរបាល​មួយ​ចំនួន​នៅ​តំបន់​នោះ បាន​មក​បោះឆ្នោត​នៅ​ខេត្ត​ព្រៃវែង​។​

បុរស ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែល​មានផ្ទះ​នៅ​ជាប់​នឹង​មាត់​ច្រក​ ព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍​នេះ បានអោយដឹងថា នៅ ក្នុង​ថ្ងៃ​បោះ ឆ្នោត គាត់​បាន​ឃើញ​​នគរបាល​អន្តោ​ប្រវេ​សន៌​ច្រក​ព្រៃវ​ល៌្ល​មួយចំនួន {​មិន​ចាំ​ពី​ចំនួន​}​មិនឃើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ជា​មួយ គាត់​ទេ ៖ "ថ្ងៃ​បោះឆ្នោត​ខ្ញុំ​ទៅ​បោះ​ឆ្នោត ខ្ញុំ​ឃើញ​តែ​អ្នក​ដែល​ប៉ូលិស​ដែល​គេ​នៅ​ក្នុងស្រុក​ហ្នឹង គេ​មក​​បោះ​ឆ្នោត តែ​អ្នក​គេ​ផ្សេងៗ​មិន​ដឹង​ថា ​ស្រុក​​គេ​នៅ​ណា ខ្ញុំ​អត់​ឃើញ​មាន​មក​បោះ​ឆ្នោត​នៅ​នឹង​ទេ​បង) VOD​[​ហើយ​អ្នក​ដែល​ផ្ទះ​​គេ​នៅ​ស្រុក​នឹង គឺ​ផ្ទះ​គាត់​នៅក្នុង​ឃុំ​នឹង​តែម្តង​]( បាទ បាទ នៅក្នុង​ឃុំ​នឹង​តែម្តង)"។​

​ចំណែក​បុរស​ម្នាក់​ទៀត​ដែល​សុំ​មិន ​បញ្ចេញ​ឈ្មោះ​ដែរ តែ​រស់នៅ​ក្បែ រ​ច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃ​វ​ល៌្ល ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា នគរបាល​​អន្តោ​ប្រវេសន៍​​ព្រៃ​វ​ល៌្ល ដែល​​មាន​ទីលំនៅ​ឯ​​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ពិតជា​មិន​បាន​នៅ​បោះឆ្នោត​ជាមួយនឹង​អ្នកស្រុក​ដែល​ជា​កន្លែង​ធ្វើការ​ របស់គេ នៅ​ច្រក​ទ្វារ​​ព្រំ​ដែន​ព្រៃ​វល៌្ល​នេះ​នោះ​ទេ​ ៖ "អើ​ខ្ញុំ​សង្កេតឃើញថា ក្នុង​ថ្ងៃ​បោះឆ្នោត​ហ្នឹង ឃើញ​ប៉ូលិស​អន្តោ​ប្រវេ​សន៍​​ដែល​មាន​ទីលំនៅ នៅ​ក្បែរ​ភូមិ​ឃុំ​នឹង​គឺថា​មក​​បោះ​ឆ្នោត ប៉ុន្តែ​បើ​អើ​ខាង​ប៉ូលិស​​អន្តោ​ប្រវេ​សន៍ដែល​នៅ នៅក្នុង​អើ​ឃុំ​ស្រុក ឬ​ក៏​នៅ​តាម​ភ្នំពេញ​ខ្ញុំ​មិន​​បានដឹងថា គាត់​ទៅ​បោះ​នៅ​អើ​កន្លែង​ណា​នោះ​ទេ ព្រោះ​ថា​ថ្ងៃ​បោះឆ្នោត ខ្ញុំ​មិន​បាន​ឃើញ​គាត់​​មក​បោះ​ឆ្នោត​នៅក្នុង​ភូមិ​ឃុំ​នឹង​នោះទេ) VOD [​ចុះ​ដឹងថា​គាត់​ទៅ បោះ​នៅ កន្លែង​ណា​ទេ​?] ( អើ​ខ្ញុំ​មិន​ដឹង​ដែរ មិនដឹងថា​គាត់​ទៅ​បោះ នៅ​កន្លែង​ណា​អាច​គាត់​បោះ​នៅក្នុង​ទីកន្លែង ឬ​ក៏​ស្រុក កំណើត របស់​គាត់​នៅ)"។

​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​​ព្រំដែន​អន្តរ​ជាតិ​ព្រៃ​ វល៌្ល បានទទួល​ស្គាល់​ថា កូនចៅ​របស់​លោក​មួ​យ​ចំនួន​ពិតជា​បាន​ទៅ​​បោះ​ឆ្នោត នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ​ពិតមែន ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​​ព័ត៌មាន​បន្ថែម​លើសពីនេះ​នោះទេ ដោយ​លោក បញ្ជាក់​ថា ថ្នាក់លើ​ហាម​មិន​អោយ​និយាយ​អ្វី​​ទាំងអស់​។​

​មន្ត្រី​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជៀ​ច លោក លុន សុវណ្ណ បានបញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ជាច្រើន​ពាក់​ពន្ធ័​នឹង​ករណី​ការដឹកជញ្ជូន​ជន​ ប្លែក​មុខ​អោយ​មក​បោះឆ្នោត​នេះ ហើយ​ក៏​ធ្លាប់​ត្រូវបាន​គេ​ហៅ​ទៅ​ដោះស្រាយ​ចំនួន​២​ដង​ផងដែរ ( ពាក្យបណ្តឹង​នឹងដាក់​ទៅ​ច្រើន​​ដែរ ហៅ​ទៅ​ដោះស្រាយ​ប្រមាណ​២​ដង​។

យោង ​តាម​ខ្លឹមសារ​នៃ​ច្បាប់​បោះឆ្នោត គឺ​ជនបរទេស​មិន​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខ្មែរ​ឡើយ​។ ចំណែក​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះ​ឆ្នោត​​ក៏​​បាន​​កំណត់​​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​កន្លែង​ណា​ត្រូវតែ​បោះឆ្នោត​​នៅ​កន្លែង​នោះ ប៉ុន្តែ​ផ្ទេរ​ឈ្មោះ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ផ្សេង​បាន ប្រសិន​បើ​មាន​ការឯកភាព​ពី​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​អនុវត្ត​កិច្ចការ​ នេះ​។​

​ករណី​ដឹក​ដឹកជញ្ជូន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​​ទៅ​បោះឆ្នោត​នេះ ​មិនមែន​មាន​តែ​ឃុំ​ក្តឿង​រាយ​មួយ​​ទេ​។ នៅ​ឃុំ​ពាមរក៌ ស្រុក​ពាម​រក៌ ឯណោះ​វិញ ក៏​មាន​មណ្ឌលបោះឆ្នោត​ចំនួន​៥ មាន​​ការិយាល័យ​​បោះឆ្នោត​ចំនួន​​៩ ត្រូវបាន​ពលរដ្ឋ​នៅក្នុង​​ភូមិ សង្កេត​ឃើញ​​មាន​​សកម្ម​ភាព​​ដឹក​ជញ្ជូន​​អ្នក​​បោះ​ឆ្នោត​​ពី​តាម​ផ្ទះ យក​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​​បោះឆ្នោត ស្ទើរតែ​គ្រប់​ភូមិ​ទាំងអស់​ក្នុង​ឃុំ​ពាមរក៌​។

​ថ្វី​បើ​ ការដឹកជញ្ជូន​មនុស្ស​យក​ទៅ​បោះឆ្នោត​ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​​ផ្សេងៗ​ទៀត ដែល​ច្បាប់​បោះឆ្នោត បាន​ហាមឃាត់ ប៉ុន្តែ​ក្នុង​ថៃ្ង​​បោះ​ឆ្នោត​ជាក់ស្តែង គេ​ពុំ​ឃើញ​​មាន​មន្ត្រី គ​.​ជ​.​ប ណា​​ម្នាក់ ប្រតិកម្ម ឬ​ហាមឃាត់​សកម្មភាព​ទាំងនោះ​ទេ​។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាទី ឃុំ​ពាម​រក៌ ខេត្ត​ព្រៃវែង លោក ចាន់ តុលា អាយុ​៣១​ឆ្នាំ និយាយថា មាន​ម៉ូតូ​កង់​៣ ដើរ​ដឹក​មនុស្ស​នៅ​តាម​ភូមិ​មួយ​ចំនួន ក្នុង​​ឃុំ​ពាមរក៌ យក​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​មួយចំនួន​ក្នុង​ឃុំ​របស់​គាត់ ហើយ​សកម្មភាព​ដឹកជញ្ជូន​នេះ គឺ​រៀបចំឡើង​ក្រោម​ការបញ្ជា​របស់​មេភូមិ​ ​៖ "ឃើញ​មាន​គេ​អើ​... មេភូមិ​អី​នឹង​គេ​អោយ​រឺ​ម៉កក​ង់​៣​នឹង អោយ​ដឹក​សមាជិក​ដូច​ជនជាតិ​វៀតណាម ខ្មែរ​យើង​អី​នឹង មក​បោះឆ្នោត​...មើល​ទៅ​វា​​មិន​​ច្រើន​ប៉ុន្មាន​អី​ទេ ប្រហែល​១០ ទៅ​២០​នាក់​​អីអញ្ចឹង មាន​ជនជាតិ​វៀតណាម មាន​ខ្មែរ​យើង​ដែរ​... ដឹក​ម្តង​៣-៤-៥ នាក់​អី​នឹង ពេលព្រឹក ពេល​ម៉ោង​បាយ ម៉ោង​​អី​នឹង"។

ពលរដ្ឋ ​ម្នាក់ទៀត​នៅ​ឃុំ​ពាមរក៌ ខេត្ត​ព្រៃវែង លោក ផាត់ ឈុំ ដែល​បាន​តាមដាន​ពី​ដំណើរការ​បោះឆ្នោត​នៅក្នុង​ឃុំ​នេះ បាន​លើកឡើង​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​​សកម្មជន​​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​​ដឹក​ជញ្ជូន​មនុស្ស​នៅក្នុង​ភូមិ​បាទី និង​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៌ យក​ទៅ​បោះឆ្នោត​នៅក្នុង​ឃុំ​មួយ​នេះ​ពិតមែន​ ៖ "នៅក្នុង​ឃុំ​របស់​ខ្ញុំ គឺ​ដឹក​តាម​ភូមិ​ហ្មង មេភូមិ​​គេ​មាន​គណៈកម្មការ​របស់​​គេ នៅ​មេភូមិ​គណបក្ស​ប្រជាជន​នឹង គេ​ដឹក​តាម​ភូមិ​ហ្មង មក​បោះ​​ដោយ​មាន មិនមែន​មេភូមិ​ទេ​គឺ​សមាជិក សកម្មជន​របស់​គេ​គ្រប់​ភូមិ នៅក្នុង​ឃុំ​ពាម​រក៌​របស់​យើងខ្ញុំ​ទាំង​៥​ភូមិ​នឹង មាន​សកម្មជន​របស់​គេ​ដឹក​ទាំង​៥​ភូមិ​ហ្មង ដឹក​ដើម្បី​យក មក​ទាំង​អ្នក​ចាស់ជរា ជួល​កាល​មិន​មាន​ទាំង​ឯកសារ​ពិតប្រាកដ​ក៏​គេ​ដឹក​យក​មក​ដែរ ក្នុង​ឃុំ របស់​យើងខ្ញុំ​មាន​ការដឹកជញ្ជូន​ភាគ​ច្រើន​នឹង​គ្រប់​អាណត្តិ"។

​ មេឃុំ​ពាមរក៌ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក អឿ លុច ទទួលស្គាល់​ដែរ​ថា គឺ​ពិតជា​មាន​សកម្មភាព​ដឹកជញ្ជូន មនុស្ស​ទៅ​បោះឆ្នោត​មែន ប៉ុន្តែ​លោក​​​អះអាងថា គឺ​គេ​ដឹក​តែ​ជន​ចាស់​ជរា​ដែល​ធ្វើដំណើរ​​ទៅ​ដោយ​ខ្លួនឯង​មិនកើត​តែប៉ុណ្ណោះ ​ ៖ "មិន​ជា​ច្រើន​ប៉ុន្មាន​ទេ​ដឹក​នឹង បាទ​តិច​ទេ បើ​និយាយ​វា​​ភាគរយ វា​តិច​បំផុត ក្នុង​១​ភូមិ​ចាស់ជរា​ប្រហែល​៤-៥​នាក់​ប៉ុណ្នឹង"។

លោក អឿ លុច បានបញ្ជាក់​ថា ការដឹកជញ្ជូន​នោះ​គឺ​មិនមែន​គណបក្ស​ជា​អ្នក​ដឹក​នោះទេ គឺ​ខាង​អាជ្ញាធរ​ជា​អ្នករៀបចំ ដែល​ក្នុង​១​ភូមិ​មាន​ម៉ូតូ​២​គ្រឿង​ប៉ុណ្ណោះ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចាស់ជរា ឬ​អ្នក​មាន​ជំងឺ​​ពិបាក​ធ្វើ​ដំណើរ​ទៅ​បោះ​។ លោក​ថា ការដឹក​នោះ​មិន​ប្រកាន់​និន្នា​ការ​​គណបក្ស​នោះ​ទេ​។​

ប្រធាន​ គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ឃុំ​ពាមរក៌ លោក អ៊ុង ឆ​វីរៈ ទទួលស្គាល់​ដែរ​ថា ពិតជា​មាន​ការដឹកជញ្ជូន​មនុស្ស​យក​ទៅ​បោះឆ្នោត​ពិតមែន នៅក្នុង​ឃុំ​នេះ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា ក្រុម​អ្នក​ដឹក​ទាំង​នោះ​ជា​មនុស្ស​ខាង​ណា​នោះទេ គឺ​លោក​គ្រាន់តែ​ដឹងថា ការដឹក​នោះ​គឺ​គេ​ដឹក​តែ​ជន​ចាស់​ជរា ដែល​មិនអាច​ធ្វើដំណើរ​ទៅ​បោះឆ្នោត​បាន ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​រូបភាព​នៃ​ការដឹក​ក៏​មិន​មាន​ច្រើន​នោះដែរ​ ៖ "ខ្ញុំ​យល់ឃើញថា ការ​ដឹក​ជញ្ជូន​​ហ្នឹង​​ គឺ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ជន​ចាស់ជរា ដែល​គាត់​មិន​អាច​ទៅ​បោះ​បានចឹង អញ្ចឹង​​​មានការ​ដឹក​ទៅអោយ​គាត់​បោះ​ បើ​តាម​ខ្ញុំ​ដឹង តែ​ប៉ុណ្នឹង​ទេ​! អើ​ជា​លក្ខណៈ​តិចតួច​ទេ អា​នេះ​បើ​ខ្ញុំ​ស្តាប់​មើល​ទៅ​ដូច​ជា​គ្រួសារ អីចឹង​ណាស់  ហើយ​ខ្ញុំ​មិន​អាច​ដឹង​ថា​ខាង​ណា​គេ​ដឹក​ទេ ព្រោះ​ខ្ញុំ​អត់​ស្គាល់​ដែរ"។

​ អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា ការដឹកជញ្ជូន​ជន​ប្លែក​មុខ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ដឹក​អ្នក​នៅ​ក្នុង​ភូមិ​-​ឃុំ មួយ ទៅ​ភូមិ ឃុំ​មួយ​ទៀត ក៏ដោយ បើ​ការ​ដឹកជញ្ជូន​នោះ មាន​ការរៀបចំ​ទុក​របស់​គណបក្ស​ណាមួយ​គឺ​ខុសច្បាប់  ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ពិន័យ​ជា​ប្រាក់ ឬ​ដក​សិទ្ធិ​បុគ្គល​​នោះ​មិន​ឲ្យ​បោះឆ្នោត ​៖ "ឧបមា​ថា យើង​ផ្ទះ​នៅ​ជិត​​គ្នា យើង​ទៅ​បោះឆ្នោត​ជិះឡាន​ទៅ​ជាមួយ​គ្នា​អត់​អី​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ប្រមូលប្តុំ មួយ​ដុំ​គ្នា ២០-៣០​នាក់ ហើយ​ដឹក​គេ​មក អាហ្នឹង​​ខុស​ហើយ​បាទ បើ​យើង​ឃើញ​ទៅ​ទាន់​កំពុងតែ​ដឹកជញ្ជូន​យើង​ហាមឃាត់ បាទ​ហើយ​ក្នុងករណី​គាត់​នៅ​តែ​បំពាន​​នៅ​ថ្ងៃ​ហ្នឹង​ទៀត គឺ​យើង​អាច​ពិន័យ​ជា​ប្រាក់ ឬ​ក៏​ដកហូត​សិទ្ធិ​បោះឆ្នោត​អីចឹង​"​។​

​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា ​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា តាម​ច្បាប់​បោះឆ្នោត មិន​អនុញ្ញាត​ឲ្យ​មាន​ការដឹ​ក​ជញ្ជូន​ជន​ណាមួយ​ទៅ​បោះឆ្នោត​ទេ​។ លោក​ថា បើ​មាន​ករណី​នេះ​មែន​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាម​ច្បាប់​ ៖ "ខុស ខុសច្បាប់ ច្បាប់​គេ​ហាម​​មិនឲ្យ​​មាន​ការដឹកជញ្ជូន​ទេ​ណា៎ គ​.​ជ​.​ប គេ​​អាច​ដាក់​ទោសពិន័យ​ទៅលើ​អ្នក គណបក្ស​នៅ​ពីក្រោយ​ខ្នង ហើយ​ក្នុង​ការដឹកជញ្ជូន​អ្នកបោះឆ្នោត គេ​អាច​​ដាក់ទោស ទោស​នោះគេ​អាច​ដក​សិទ្ធិ​បោះ​ឆ្នោត ដកសិទ្ធិ​ឈរឈ្មោះ ឬក៏​ផាកពិន័យ"​។​

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ត្រូវបាន​គេ​ដឹកយក​ទៅ​បោះឆ្នោត​នៅ​តំបន់​នោះ​?

មេឃុំ ​ក្តឿង​រាយ​លោក ប៉ែន ថុន បានបញ្ជាក់​ថា ជន​ប្លែក​មុខ​ដែល​ចូល​ទៅ​បោះឆ្នោត​នៅក្នុង​ឃុំ​ក្តឿង​រាយ គឺ​សុទ្ធតែ​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​បេសកកម្ម​ចុះមក​ជួយ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ពេល​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​នេះ ហើយ​ដោយសារ​តែ​មិន​អាច​វិលត្រឡប់​ទៅ​បោះឆ្នោត​នៅ​ភូមិ​-​ឃុំ​របស់​ខ្លួន​វិញ ​បាន ទើប​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​នេះ​តែម្តងទៅ​ ៖ "ក្រុមការងារ​គាត់​ចុះមក​ការពារ​សន្តិសុខ ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នៅពេល​ដែល​បោះឆ្នោត ក្រុម​ការងារ​គឺ​គាត់​ចុះ​មក​ពី​ក្រសួង គាត់​ចុះមក​ការពារ​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​ឃុំ ហើយ​ទើប​គាត់ កាលណា​ដែល​គាត់​ចុះមក គឺ​គាត់​មិន​អាច​ត្រឡប់​ទៅវិញ ទៅ​បោះឆ្នោត​នៅ​នុង​បានទេ ចឹង​គាត់​ចុះ​បេសកកម្ម​នៅ​ទីនេះ គឺ​គាត់​ចុះ​ឈ្មោះ​នៅ​ទីនេះ បោះ​ឆ្នោត​នៅ​ទីនេះ"។​

​ទាក់ទង​នឹង​ ករណី​នេះ ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភូមិ​ចា​ជ្រំ ឃុំ​ក្តឿង​រាយ អះអាងថា ការដឹកជញ្ជូន​ជន​ប្លែក​មុខ​អោយ​មក​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​​រាយ ដោយសារ​គេ​ដឹងថា ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​នេះ​ភាគច្រើន ចង់​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ថ្មី ៖ "​គេ​ដឹងថា​នៅ​ភូមិ​ខ្ញុំ​នឹង គ្មាន​គេ​ចង់​បាន​ក្បាលម៉ាស៊ីន​ថ្មី អញ្ចឹង​​គេ​អត់​ពេញចិត្ត​នឹង​ក្បាលម៉ាស៊ីន​នឹង ចឹងគេ​ដឹងថា​ក្នុងភូមិ​ខ្ញុំ​ចង់បាន​ក្បាលម៉ាស៊ីន​ថ្មី គេ​យក​សំឡេង​មក​ដើម្បី​លុប​លំ​ឡេង​ពួក​ខ្ញុំ​ហ្នឹង"។

តំណាង​ គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ាន់ ហ៊​ន់ មានប្រសាសន៍ថា មាន​ជន​ប្លែក​មុខ​ជាច្រើន​នាក់ បាន​ចូល​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​នានា ក្នុង​ឃុំ​ក្តឿង​រាយ​។  ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​ឃុំ​ក្តឿង​រាយ​ទាំងមូល​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤៤០៣​សំឡេង គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​២៥៨៦​សំឡេង ប៉ុណ្ណោះ​។​

ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិន​ឲ្យ​បោះឆ្នោត

​ ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ណា​ល និង​ភូមិ​ក្តឿង​រាយ​​ បាន​អះអាង​ដូច​គ្នា​ថា សកម្មភាព​រារាំង​មិនឲ្យ​​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ចូល​បោះឆ្នោត ចាប់​ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​បិទ​ការិយាល័យ​​តែម្តង​។ ប៉ុន្តែ​ក្នុង​ចំណោម​ការិយាល័យ​ទាំងនោះ មានតែ​ការិយាល័យ​ចំនួន​៣​ប៉ុណ្ណោះ ដែល​មាន​ភាព​មិន​ប្រក្រី​តី​​ច្រើនជាងគេ គឺ​ការិយាល័យ​លេខ​១១៥៨ នៅក្នុង​ឃុំ​ក្តឿង​រាយ ការិយាល័យ​លេខ​០៣១៧ និង​ការិយាល័យ​លេខ​០៣១១ នៅក្នុង​ភូមិ​តា​ណា​ល​។​

អង្គុយ​ក្រោយ​សំ​យ៉ាប​ផ្ទះ ក្រោម​ដំបូង​ប្រកស័​ង្កី នៅ​ឃុំ​ក្តឿង​រាយ លោក ប៊ឿ ស៊ី​ណាត ជា​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​ផ្ទាល់​ក្នុងនាម​ជា​ពលរដ្ឋ​។ លោក​អះ​អាង​ថា នៅ​ថ្ងៃ​បោះឆ្នោត ពិតជា​មាន​ជន​ប្លែក​មុខ​ចូលទៅ​បោះឆ្នោត​នៅ​ឃុំ​ក្តឿង​រាយ​​មែន​។ តែ​លោក​ថា ពលរដ្ឋ​នៅក្នុង​ភូមិ បាន​រារាំង​ជន​ប្លែក​មុខ​ទាំង​នោះ មិនឲ្យ​ចូល​ទៅ​បោះ​បាន​មួយ​ចំនួ​ន ដោយ​អ្នកខ្លះ​បាន​បោះ និង​អ្នកខ្លះ​ទៀត​មិន​បាន​បោះ​ទេ​ ៖ "ខ្ញុំ​មក ខ្ញុំ​ដើរ​ទៅ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ ការិយា​ល័យ​​០៣១០ ដល់​​ទៅ​ខ្ញុំ​ឈរ​ត្រង់​​នុង អត់​ហ៊ាន​ចូល​មក​មើល​ទេ​ដើរ​ទៅ​វិញ ដល់​ដើរ​ទៅ​វិញ​មួយស្របក់​មក បាន​ដើរ​ទៅ​បន្ទប់​ការិយាល័យ​០៣១០​មក ហើយ​បាន​គេ​ឃាត់​មិន​ឲ្យ​​បោះ​ទេ ព្រោះ​គាត់ គេ​ឃាត់​ចឹងគេ​សួរ​តា តើ​ជា​ខ្មែរ​ឬ​យួន គាត់​ថា​នៅ​ភូមិ​ក្រូ​ចចឹង ភូមិ​ក្រូច​ឲ្យ​​គាត់​និយាយ​ក្រូច ហៅ​ប្រជាជន​ភូមិ​ក្រូ​ច​មក គាត់​ថា​អត់​ស្គាល់​ផង​ម្នាក់​ហ្នឹង ហើយ​អក្សរ​គាត់​អាន​មិន​ដាច់​ទេ ឲ្យ​​អាន​ល​មើល​មិនដឹង​អាន​ថា​ម៉េច​ផង ងោកៗ​ចេញ​ទៅ​វិញ​ហ្មង គេ​ដេញ​ចេញ​​ទៅ​វិញ ខ្ញុំ​ទៅ​ទាន់​ប្រហែលជា​៥-៦​នាក់ ប៉ិន​កាលពីមុន​មក ខ្ញុំ​មក​អត់​ទាន់​ការិយាល័យ​០៣១០​នឹង គេ​ថា​ជន​ចំឡែក​បោះ​បាន​១៣​នាក់​ហើយ"។

ពលរដ្ឋ​ម្នាក់ទៀត​សុំ​ មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា នៅ​​ម៉ោង​ប្រហែល ៨ ទៅ​៩​ព្រឹក មាន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មកពី​ខេត្ត​ស្វាយរៀង និង​បណ្តា​​ខេត្ត​ផ្សេងៗ​ទៀត​ជា​ដើម ដោយ​អ្នកខ្លះ ជិះឡាន ម៉ូតូ មក​បោះឆ្នោត​នៅ​ភូមិ​ក្តឿង​រាយ ភូមិ​ក្រូច ភូមិ​តា​ណា​ល នឹង​ភូមិ​ចា​ជ្រុំ ខេត្ត​ព្រៃវែង ។ ដោយ​ឃើញ​​ហេតុការណ៍​ចំឡែក​បែបនេះ ពលរដ្ឋ​ប្រមាណ​៣០០​ទៅ​៤០០​នាក់​នៅក្នុង​ភូមិ បាន​រារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​នោះ មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​ទេ ដោយ​ពួកគេ​អះអាងថា ជន​ទាំងនោះ​មិន​មាន​លំនៅដ្ឋាន​ពិតប្រាកដ ​៖ "បោះ​បាន​ច្រើន​ហើយ​បាន​ប្រជាជន​នាំគ្នា​បះបោ​កុំឲ្យ​​ចូល មក​ដល់​ឈរ​​តម្រង់​​ជួរ​ហ្ម​ង មក​ម្តង​ម៉ា​ឡានៗ បោះ​ហើយ​ទៅៗ ម្តង​២​ឡាន​៣​ឡាន​បោះ​ហើយ​ទៅ​នឹង នុង​ហើយ​ច្រើន​៦-៧​ឡាន គេ​ថា​២០០ សួរ​ទៅ​ថា​នៅ​ចារ​ជ្រំ ហើយ​អ្នក​ចារ​ជ្រំ​គេ​ថា នែ​ថា​អ្នក​ចារ​ជ្រំ​ណា គេ​អ្នក ចារ​ជ្រំ​គេ​មិន​ស្គាល់​ផង អ្នក​ចារ​ជ្រំ​ខ្មៅៗ​ច្រូតស្រូវ​ទាល់​ល្ងាច​នឹង ហើយ​នុង​សស្គុះ​ដល់​ពេល​ចឹង​លែង ហ៊ាន​នាំគ្នា​ទៅផ្ទះ ហើយ​អា​មួយទៀត​មាឌធំ​ចូល​បោះ​ទៀត​គេ​អត់​អោយចូល​ទេ នាំគ្នា​ដេញ​ចេញ ស្ទាក់​វ៉ូង គេ​ស្រែក​ថា​កុំអោយ​បោះៗ លើកដៃ​ច្រូង​ឡើង​លើ​ហ្មង"។

អនុប្រធាន ​ភូមិ​ក្រូច តំណាង​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ស្រុក​កញ្ជ្រៀច ខេត្ត​​ព្រៃវែង លោក ឌិន សឿន បាន​រិះគន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នៅ​ពីក្រោយ នៃ​ការរារាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មិនឲ្យ​ចូល​បោះឆ្នោត ​៖ "បើ​តាម​ខ្ញុំ​សង្កេត​ទៅ វា​មាន​អី​ណា​មាន​យួន​អី​ណា​​មក មាន​តា​ក្រុមការងារ​ចុះ​មក​តាម​ភូមិ​-​ឃុំ​នឹង វា​មាន​តា​ចឹង​មានមែន អា​នឹង​ហើយ​ដែល​គណបក្ស​ម្ខាង​គេ​ថា​យើង​យួន​នឹង ចំណុច​គឺ​វា​ចុច​ត្រង់​នឹង ព្រោះ​​ខាង​ខ្ញុំ​នឹង តា​បោះឆ្នោត​ហើយ​គឺ​ខ្ញុំ​ថយ​ចេញ​អស់​ហើយ ខាង​គណបក្ស​ប្រជាជន​នឹង អត់​មាន​នរណា​នៅ​មួយ​ទេ អញ្ចឹង​​បានន័យថា​ក្នុង​ការិយា​ល័យ កន្លែង​ដែល​បោះឆ្នោត​នេះ​គឺ​មាន​តា​ខាង​សង្គ្រោះ​ជាតិ​ទេ​គាត់​នៅក្នុង​ណុង អុកឡុក​ក្នុង​ណុង​ហ្មង បា​អុកឡុក​នឹង អាណឹង​វា​ស្រែក​ថា​យួនៗ មក​បោះ​ឆ្នោត​នឹង ហើយ​យើង​មាន​យួន​ឯ​ណា​មក​បោះ"។​

​តំណាង​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ចា​ជ្រុំ  ស្រុក​កញ្ជ្រៀច លោក លួ​ន សា​វ៉ាន់ ឲ្យដឹងថា ការរារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិនឲ្យ​ចូល​ទៅ​​បោះឆ្នោត មិន​ជាប់​ពាក់ព័ន្ធ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ៖ "​ធ្វើ​តែ​ប្រជាពលរដ្ឋ​ហ្មង អត់​មាន​អ្នក​នេះ​ទេ ប្រជា​ពលរដ្ឋ​នឹង​គាត់​ការពារ​សន្លឹកឆ្នោត​របស់​គាត់​ហ្មង បា​កើតមាន​ជាងគេ មណ្ឌល​តា​ណា​ល​នឹង​ហ្ម​ង ព្រោះ​ប្រជាពលរដ្ឋ​គេ​ស្រុះគ្នា មុន​នឹង​ក្តឿង​រាយ ទៀត"។​

​លោក លួ​ន សា​វ៉ាន់ បញ្ជាក់ថា បន្ទាប់​ពី​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ជា​ច្រើន ដែល​ឡើង​នៅតាម​ការិយាល័យ​មួយចំនួន​ក្នុង​ឃុំ​ក្តឿង​រាយ រយៈ​ពេល​​មួយ​​ថ្ងៃ​​ក្រោយ​​ពី​ការបោះឆ្នោត​ត្រូវ​បាន​បញ្ចប់ រូប​លោក​​បាន​ដាក់ពាក្យ​បណ្តឹង​ជាច្រើន ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ប៉ុន្តែ​រាល់​ពាក្យ​បណ្តឹង​របស់​​គាត់ មិន​មាន​ការឆ្លើយតប ឬ​ដោះស្រាយ​នោះទេ​ ៖ “​បាទ​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​ច្រើន​ដែរ តែ​សព្វថ្ងៃ​អត់​ទាន់​មាន​ដោះស្រាយ​បញ្ហា​អី​ផង​... ខ្ញុំ​មិន​បាន​ចាំ​ដែរ ពាក្យបណ្តឹង​គឺ​ដាក់​ច្រើន​ដែរ​”​។

នៅ​ឯ​ឃុំ​ពាមរក៌ ស្រុក​ពាម​រក៌ ឯណោះ​វិញ ពលរដ្ឋ​បាន​អះអាង​ដូចៗ​គ្នា​ថា មាន​ជនជាតិ​វៀតណាម​ចូល​ទៅ​បោះឆ្នោត​ច្រើន នៅក្នុង​មណ្ឌល​១ ក្នុង​ចំណោម​​មណ្ឌល​​ទាំង​៥​​នៃ​​ឃុំ​​ពាមរក៌ គឺ​មណ្ឌល​បាទី ប៉ុន្តែ​ជនជាតិ​ទាំងនោះ ក៏​ត្រូវ​បាន​ពលរដ្ឋ​រារាំង​មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​ដែរ ដោយ​អ្នកខ្លះ​បាន​បោះ និង​អ្នកខ្លះ​ទៀត​មិន​បាន​បោះ​ទេ​។​

​ ពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ពាម​រក៍ បានឲ្យដឹងថា នៅក្នុង​ថ្ងៃ​បោះឆ្នោត មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ចូល​ទៅ​បោះឆ្នោត​នៅក្នុង​ការិយាល័យ​ចំនួន​២ គឺ ការិយាល័យ​លេខ​១០៧៦ និង​ការិយាល័យ​លេខ​០៥៥៧ ដែល​ស្ថិត​នៅក្នុង​មណ្ឌល​បោះ ឆ្នោត​បាទី ប៉ុន្តែ​ក៏​ត្រូវបាន​អ្នក​អង្កេត​ការណ៏​បោះ​ឆ្នោត​​របស់​​គណបក្ស​​សង្គ្រោះ​ ​ជាតិ​​រារាំង​​មិនឲ្យ​​បោះ ដោយសារ​តែ​ជនជាតិ​វៀតណាម​ទាំង​នោះ មានតែ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ទំរង់​១០/១៨១​សន្លឹក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវបាន​ប្រធាន SEC ប្រកាស​អនុញ្ញាតិ​អោយ​ចូល​បោះ​បាន​វិញ​ ៖ "អរ​ខ្ញុំ​ឃើញ​មាន​អា​ទំរង់​១០/១៨​ចាស់ អើ​ដូច​ប្រធាន​ការិយា​ល័យ​​អី​នឹង​គេ​ឲ្យ​​ចូល​បោះ​ដែរ​តើ ដូច​​ប្រធាន​SEC​​អី​នឹង​​ទម្រង់​​​ចាស់​នឹង ឲ្យ​​បោះ​ភាគច្រើន​ជនជាតិ​វៀតណាម អើ​ទម្រង់​១០/១៨ អើ​មាន​ពួក​អ្នក​អង្កេត​​ការណ៍​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ គេ​មិន​ឲ្យ​​​​អា​ទម្រង់​​នឹង​ចូល​បោះ ចឹង​មក​មាន​ពួក SEC នឹង​គេ​ឲ្យ​​ចូល​បោះ ថា​តេ​មក​ពី​ភ្នំពេញ​ពួក គ​.​ជ​.​ប គេ​ឲ្យ​​បោះអញ្ចឹង គ្នា​ឲ្យ​​ចូល​បោះ​ទៅ ម៉ា​ម៉ោង​៨ ម៉ោង​​៩​នឹង​គេ​មិនឲ្យ​​ចូល​បោះ​ដែរ គេ​ពន្យា​​ប្រហែល​ជា​កន្លះ​ម៉ោង"។

ចំពោះ​ករណី​នេះ​ត្រូវបាន​ អ្នក​ស្រី ម៉ៅ សា​មន អ្នក​អង្កេត​ការណ៏​គណបក្ស​សង្គ្រោះ​ជាតិ អះ​អាង​ថា ដោយសារ​ឃើញ​មាន​ជនជាតិ​វៀតណាម​ចូល​មក​បោះ​ឆ្នោត​ច្រើន ហើយ​ម្នាក់ៗ​ពុំ មាន​ឯកសារ​គ្រប់គ្រាន់ គឺមាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​១​ប៉ុណ្ណោះ ទើប​រូបគាត់​ធ្វើការ​រារាំង​មិនឲ្យ​​បោះ ប៉ុន្តែ​ក្រោយ​​មក​ជនជាតិ​វៀតណាម​ទាំង​នោះ នៅតែ​អាច​បោះ​បាន​ដដែល​ដោយសារ​តែ​ប្រធាន SEC គេ​អនុញ្ញាត​​ ៖ "ថ្ងៃ​២៨​ហ្នឹង​ មាន​ជនជាតិ​វៀតណាម​គេ​មក​​ចូល​បោះឆ្នោត ប៉ិន​តា​ពួក​ខ្ញុំ​ពួក​សង្កេត​ការ​នឹង​ខ្ញុំ​ហាមឃាត់ ខ្ញុំ​ថា​អា​ទំរង់​១០/១៨ ឆ្នាំ​២០១២​នឹង​មិន​អាច​បោះ​បានទេ ស្រាប់​ដល់​ពេល​នឹង​វា​ស្ទះ​ការិយាល័យ​ខ្ញុំ​នឹង .... ស្រាប់តែ​ប្រធាន SEC នឹង​គេ​មក​ប្រកាស គេ​ថា​២០១២​នឹង​ឲ្យ​​បោះ​ទៅ​កុំឲ្យ​​នៅ​ស្ទះ​ចឹង ហើយ​ខ្ញុំ​ថា បោះ​ធើ​អី​ជនជាតិខ្មែរ​មិន​ទាន់​​បាន​បោះ​ផង យួន​អី​មក​បោះ​មុន​ខ្មែរ ចឹងឲ្យ​​ផ្អាក​សិន គេ​អត់​ព្រម SEC នឹង​គេ​មក​ប្រកាស​កន្លែង​នឹង​ហ្មង ថា​ឲ្យ​​បោះ​ទៅ ២០១២​នឹង ទម្រង់​​នឹង​ចេញ​សុទ្ធតែ​យួន​មក​ហ្ម​ង"។

ប្រធាន​គណៈកម្មការ​ រៀប​ចំ​ការបោះឆ្នោត​ឃុំ​ពាមរក៌ លោក អ៊ុង ឆ​វីរៈ ទទួលស្គាល់ថា ពិតជា​មាន​ការរារាំង​មិន​ឲ្យ​​ជន​ជាតិ​វៀតណាម ចូល​ទៅ​បោះ​ឆ្នោត​​​នៅក្នុង​មណ្ឌល​បាទី ពិតមែន ហើយ​មូលហេតុ​ដែល​លោក​ទៅ​ប្រកាស​ឲ្យ​​ចូល​បោះ​បាន​វិញ​នោះ គឺ​ដោយសារ​ច្បាប់បោះឆ្នោត​គេ​អនុញ្ញាត​ឲ្យ​បោះ​សម្រាប់​​លិខិតបញ្ជាក់​ ទម្រង់​១០/១៨ ​ឆ្នាំ​២០១២​ ៖ "បាទ​មាន​ពិតមែន ខ្ញុំ​បាន​ឲ្យ​​ពត៌មាន​ទៅ​ថា បើសិនជា​នៅ​ចន្លោះ​ឆ្នាំ​២០១១ មកដល់​ឆ្នាំ​២០១៣​នឹង​គេ​បោះ​បាន​​ហើយ ព្រោះ​ខ្ញុំ​ទៅ​ប្រមូល​លិខិត​បញ្ជាក់​អត្តសញ្ញាណ​​នឹង​នៅ​ស្មៀន​ឃុំ​គេ បាន​បូក​តួលេខ​នឹង​ពី​ឆ្នាំ ២០១១​មក​មែន"​។

​អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា លិខិតបញ្ជាក់​ទម្រង់​ ១០/១៨ ឆ្នាំ​២០១២​នោះ គជប បាន​ប្រកាស​ជា​សាធារណៈ មិន​អនុញ្ញាត​​​ឲ្យ​យក​លិខិត​​បញ្ជាក់​នេះ​ ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៥​បានឡើយ​។ លោក​បញ្ជាក់ថា អ្នក​ដែល​អនុញ្ញាត​​ចូល​ទៅ​បោះ​ឆ្នោត​​ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ ច្បាប់​ ៖ "​នៅ​ឆ្នាំ​២០១២​បោះឆ្នោត​ឃុំ គឺ​យើង​បាន​ចេញ​ទម្រង់​​ថ្មី​ជំនួស​ទម្រង់​​១០/១៨ ហើយ​ទម្រង់​​១០/១៨​នេះ​ជា​ទូទៅ​​យើង​មិន​អនុញ្ញាត​​ឲ្យ​បោះ​ឆ្នោត​ទេ តាំងពី​បោះឆ្នោត​ឃុំ​មក យើង​ឈប់​ឲ្យប្រើ​ទម្រង់​​១០/១៨ ហើយ​រហូត​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៣ យើង​ប្រកាស​​ជា​ផ្លូវការ​ថា ទំរង់​១០/១៨ គឺ​យើង​ឈប់​ប្រើប្រាស់​​ហើយ ក្នុងករណី​គាត់​កាន់ របស់​នេះ​មក​​បោះ គេ​អនុញ្ញាត​​ឲ្យ​បោះឆ្នោត  អ្នក​អនុញ្ញាត​​ឲ្យ​ខុស​ច្បាប់​​ហើយ​"​។​

​នាយក​ប្រតិបត្តិ​ របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការ​រាំង​អ្នក​ដទៃ​មិនឲ្យ​ចូល​ទៅ​បោះ​ឆ្នោត​ជា​អំពើ​ខុសច្បាប់​។ ប៉ុន្តែ​លោក​បញ្ជាក់ថា បើ​ការ​រាំង​នោះ​ក្នុង​គោលបំណង មិនឲ្យ​មាន​ភាពមិនប្រក្រ​តី​មួយ​កើតឡើង មិន​មាន​ទោស​ធ្ងន់ធ្ងរ​ទេ​ ៖ "​វា​អាច​ដែរ​ប្រសិនបើ​រឿង​នឹង​ធ្វើ​ទៅ​​វា​ចេះតែ​ជ្រុល​ទៅៗ វា​អាច​ជា​ការ​ដែល​គេ​អត់​អាច​អត់​អោនឲ្យ​​បាន​ដែរ នៅក្នុង​ច្បាប់​រារាំង​គឺថា​មាន​ទោស ប៉ុន្តែ​​ដោយ​សារ​គាត់​រារាំង​គោលបំណង​គាត់​កុំឲ្យ​មាន​បញ្ហា​ ភាពមិនប្រក្រតី​មួយ​កើតឡើង ដោយសារ​គាត់​សង្ស័យថា អ្នក​ដែល​អត់​មាន​សិទ្ធិ​បោះឆ្នោត​នឹង​​មក​បោះ​នៅ​ការិយាល័យ​ពួកគាត់​កំពុង​ តាមឃ្លាំមើល ការរារាំង​នឹង​របៀប​នឹង​គេ​មិន​សូវ​​ជា​ដាក់ទោស​ប៉ុន្មាន​ទេ ដោយសារ​គាត់​បំណង​ក្នុង​ការ​មិន​ឲ្យ​​មាន​​បញ្ហា​កើតឡើង​នៅក្នុង​ ការបោះឆ្នោត​ហ្នឹង​ ជា​ពិសេស​រឿង​ភាពមិនប្រក្រតី​ហ្នឹង​ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ សកម្មភាព​ហ្នឹង​​គឹ​មិន​ស្របទៅនឹង​ច្បាប់​​បោះ​ឆ្នោត​​ទេ ច្បាប់បោះឆ្នោត​គេ​អត់ឲ្យ​​រារាំង​អ្នក​បោះឆ្នោត​ទេ​ណា៎"។​

​ សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា (​និចហ្វិច​) លោក ហង្ស ពុទ្ធា លើកឡើងថា មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​រារាំង​ជន​ប្លែក​មុខ មិនឲ្យ​ចូល​ទៅ​បោះឆ្នោត ដោយសារតែ​ពួកគេ​មិន​ជឿ​ទុកចិត្ត មន្ត្រី គជប ទើប​ធ្វើឲ្យ​ពួក​គេ​សម្រេច​ធ្វើ​បែប​នេះ ដើម្បី​ការពារ​សន្លឹកឆ្នោត​របស់​ខ្លួន ​៖ "​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​យើង​ឃើញថា ការចេញមុខ​រារាំងរ​បស់​ពលរដ្ឋ​ដែល​មិនមែនជា គ​.​ជ​.​ប អាច​ជា​ការ​ខុស​និតិ​វិធី  ប៉ុន្តែ​ប្រហែលជា​ពី​មុន​មក ពួកគាត់​មាន​ការ​ថប់​​អា​រម្ម​ណ៌ ឬ​កង្វល់ ស្តីពី​​បញ្ហា​នេះ ​ពួកគាត់​គ្មាន​ជំនឿ​ទៅលើ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ឬ​ក៏​អាជ្ញាធរ​ដែល​រារាំង​បាទ​ចំណុច​នេះ អញ្ចឹង​​ហើយ​ការ​បង្ហាញ​នៅ​សកម្មភាព​រារាំង​​របស់​ពួកគាត់ គឺជា​ការការពារ​សិទ្ធិ​នយោបាយ សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់ ហើយ​នឹង​ការពារ​ទឹកដី​របស់​គាត់"។

ការប្រើ​ហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​ដោយសារតែ​ការហាមឃាត់​ជន​ប្លែក​មុខ​មិន​ឲ្យ​បោះឆ្នោត​

នៅ ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង យុវជន ហែម កុសល បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់ នាំគ្នា​ទៅ​ឃាត់ ជន​ប្លែក​មុខ និង​​​ជនជាតិ​វៀតណាម​​ជាង​១០០​នាក់ មិនឲ្យ​ចូល​​ទៅ​បោះឆ្នោត​។ លោក​បញ្ជាក់ថា ខណៈ​​រារាំង ក៏​មាន​សមត្ថកិច្ច​ប្រមាណ​៤​នាក់ បាន​ប្រើ​ហិង្សា​ទៅ​លើ​យុវជន​​ម្នាក់​នៅ​ភូមិ​ក្រូច បន្ទាប់​មក​បញ្ជូនទៅ​ស្នងការ​ខេត្ត ដើម្បី​ធ្វើ​ការសាកសួរ​ ៖ "​ដល់​ពេល​ម៉ា​សន្ទុះ​​ក្រោយ​មាន​ប៉ូលិស មាន​ទា​ហ៊ាន អាវុធហត្ថ មក​៣-៤​ឡាន ហើយ​ក៏​ខឹង​ពួក ខ្ញុំ​ហ្នឹង​មិន​អោយ​ពួក​នឹង​បោះឆ្នោត ក៏​ចាប់​ម្នាក់​នៅ​ភូមិ​ក្រូច ចាប់​គាត់​បោះ​ដាក់​ឡាន​ហើយ​យកទៅ​ដាក់​ឯ​ខេត្ត គាត់​ឈ្មោះ ជា ជៀន គាត់​អ្នក​រារាំង​មិន​ឲ្យ​​អ្នក​ប្លែក​មុខ​បោះឆ្នោត​"។​

​ អធិការ​ស្រុក​កញ្ជៀ​ច លោក ចាន់ ណា​រិទ្ធិ  បាន​លើកឡើង​ថា​នៅ​ថ្ងៃ​បោះឆ្នោត ពិតជា​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​៦០​នាក់ ចុះ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​​ឃុំ​ក្តឿង​រាយ​មែន ដោយសារ​ពលរដ្ឋ​បាន​ឃាត់​ក្រុមការងារ​គណបក្ស​​ប្រជាជន​កម្ពុជា មិនឲ្យ​ចូល​ទៅ​បោះឆ្នោត​។ លោក​អះអាង​ថា សមត្ថកិច្ច​ទាំងនោះ​មិនបាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ឡើយ ​៖ "យើង​ហៅ​គាត់​ចេញ​មក​មែន តែ​អត់​មាន​ការឃាត់ខ្លួន អត់​មាន​ការឃុំខ្លួន​ទេ មាន​ការបញ្ជូន​ទៅ​​ស្នងការ​ខេត្ត​ទេ​លោកពូ  អត់​មាន​ផង អត់​មាន​ធ្វើ​បែបបទ​ដើម្បី​បញ្ជូន​ផង ខ្ញុំ​អត់​ដឹង​ទេ​រឿង​នឹង ខ្ញុំ​ដូច អត់​មាន​ពត៌មាន​នឹង​ទេ ព្រោះ​ខ្ញុំ​នៅក្នុង​ហ្នឹង​រហូត ក្រែងលោ​នៅ​ខាងក្រៅ​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ច្បាស់ ថា​វា​អត់​មាន ខ្ញុំ​អះអាង​អញ្ចឹងហើយ​ ​ចំពោះ​ខ្ញុំ ខ្ញុំ​ថា​អត់​មាន​ចាប់​វ៉ៃខ្នោះ​ដាក់​ឡាន​អីចឹង អត់​មាន​ទេ"។​

យុវជន ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ជា សុខ​ជៀន បានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​១០០​នាក់ ក្នុងនោះ​មាន​៤​នាក់ បាន​ប្រើ​​ហិង្សា​ទៅ​លើ​គាត់ មុន​បញ្ជូន​គាត់​ទៅ​ស្នងការ​ខេត្ត​​ព្រៃវែង ​៖ "មាន​ការចាប់​មែន សាក្សី​មាន​ម៉ា​ឃុំ​ក្តឿង​រាយ​បង​ឯង​​ទៅ​សួរ​ពី​ណា​ក៏​ដឹង​ដែ​របង វា​ផ្ទុយ​ស្រឡះ​​នឹង​ការពិត​ដែល​បង​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​អត់​មាន​នឹង ប៉ុន្តែ​គេ​មាន​ប្រើ​ហឹង្សា​ទេ គាត់​ប្រើ​បង​គាត់​ប្រើ​តិចតួច​ដែរ គាត់​សង្កត់​ក្បាល​ខ្ញុំ​ទៅ​ក្រោម​ជើង​​គាត់ រួច​ហើយ​គាត់​ខ្លេ​ខ្ញុំ​ជាប់​ហើយ គាត់​រក​កាច់​ដៃ​កាច់​អី​ខ្ញុំ​ទៀត យកទៅ​ដាក់​ខ្នោះ​ខ្ញុំ​នៅ​ឃុំ​ក្តឿង​រាយ សាលាឃុំ​នៅ​ប្រមាណ​១០​នាទី​ទៀតហ៎ ដាក់​ខ្នោះ​ខ្ញុំ​ចោល​ទៀតហ៎ គេ​ដាក់​ខ្នោះ​បង​រហូត​ទៅ​ដល់​ខេត្ត​ហ្មង​ឬ​មួយ​ម៉េច  អត់​ទេ​ដាក់​ទៅ​ដល់​សាលា​ក្តឿង​រាយ អា​សាលាឃុំ​ក្តឿង​រាយ​នឹង​គេ​ដាក់​ខ្ញុំ​នៅ​នឹង​បង រួច​បាន​គេ​បញ្ជូន​ខ្ញុំ​ទៅ​ស្នាក់​ការ ស្នងការ​ទៀត"។​

អ្នកស្រី  យន់ ហៃ ដែល​ត្រូវជា​ម្តាយ ជនរងគ្រោះ​រូបនោះ សម្តែង​ការខកចិត្ត ចំពោះ​សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ​ខ្លួនឯង តែ​បែ​ជា​វាយ​ធ្វើ​បាប នឹង​ចាប់​កូនប្រុស​របស់​គាត់​បញ្ចូល​ទៅ​ក្នុង​ឡាន​។ អ្នកស្រី​បន្ត​ថា ចំណែក​ជន​បរទេស និង​ជន​ប្លែក​មុខ ដែល​មក​បោះឆ្នោត នៅលើ​ទឹកដី​ខ្មែរ បែរ​​​ជា​​​អាជ្ញាធរ​ធ្វើ​មិនឃើញ​ទៅវិញ​។​

នាយក ​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា ពន្យល់ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សមត្ថកិច្ច មិន​​អាច​ប្រើ​អំពើហិង្សា​លើ ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ទេ​។ លោក​បញ្ជាក់ថា បើ​មាន​ការប្រើ​ហិង្សា អ្នកប្រព្រឹត្ត និង​មាន​ទោស​ព្រហ្មទណ្ឌ​ ៖ "ហើយ​​រឿង​វ៉ៃ​រឿង​​អី​ហ្នឹង អា​ហ្នឹង​​រឿង​ខុសច្បាប់​ហើយ ព្រោះ​គេ​មិន​អោយ​វ៉ៃ គេ​អោយ​ដោះស្រាយ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គេ​មិន​អោយ​មាន​ការធ្វើ​ទារុណ​កម្ម​ទេ ដាក់​ទៅលើ​ជនសង្ស័យ​ទេ អា​នឹង​វា​រឿង​មួយ​ផ្សេង​នៅ​ខាង​​ព្រហ្មទណ្ឌ ខាង​សិទ្ធិ​មនុស្ស​អី​ផ្សេង​ទៀត​ណា៎"​។

ទាក់ទង​នឹង​ករណី​អំពើហិង្សា​នេះ អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍​ដូចនេះ​ថា ៖ "ជា​ទូទៅ​ក្នុង​សង្គម ការប្រើ​អំពើហឹង្សា​វាខុស មិនបាច់​និយាយ​​ទៅ​ក្នុង​ការបោះឆ្នោត​បាន​ទេ"។

ជន​ប្លែក​មុខ​ដែល​ដឹក​មក​ពី​កន្លែង​ផ្សេង​ត្រូវបាន​សម្រួល​ឲ្យបាន​បោះឆ្នោត​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន និង​មន្ត្រី​SEC

ពលរដ្ឋ ​​នៅ​ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង កញ្ញា បឿ ស៊ីណា រំលឹក​ព្រិត្តិការណ៍កាល​ពី​ថ្ងៃ​បោះឆ្នោតថា នៅពេល​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​គេ​ដឹងថា មិន​មែន​​ជា​សកម្មជន​រ​បស់​​គណបក្ស​កាន់​អំណាច ពេល​ចូល​ទៅ​បោះឆ្នោត​មន្ត្រី​ក្នុង​ការិយាល័យ​ខ្លះ ពិនិត្យ​មើល​ឯកសារ​យ៉ាង​តឹង​តែង មិន​ដូច​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម ដែល​ទំនងជា​បោះ​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​ ​៖ "ខ្ញុំ​ទៅ​គេ​អត់​ចង់ឲ្យ​​ខ្ញុំ​បោះ​ណា ខ្ញុំ​មាន​ប្រដាប់​​ប្រដា​ខ្ញុំ​ត្រឹម​ត្រូវ​​គេ ទាល់​តា​ពិនិត្យមើល​២-៣ នាក់​បាន​គេ​ឲ្យ​​ខ្ញុំ​ចូល​បោះ ប៉ិន​ខ្ញុំ​មើល​ឈ្មោះ​ខ្ញុំ​នៅ​ក្តារខៀន​ខ្ញុំ​មាន​ហើយ​ឈ្មោះ​ខ្ញុំ វៀតណាម​ដូច​គ្មាន​ឃើញ​ពិនិត្យ​ផង​កាល​ខ្ញុំ​មក​ទាន់​នឹង​៣​នាក់​ណោះ គ្មាន​ឃើញ​​ពិនិត្យ​ទេ ដាក់ចូល​តម្រង់​ទៅ​ហ្ម​ង"។

​ពលរដ្ឋ​ ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ឲ្យដឹងថា នៅ​ពេល​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម​ចូល​ទៅ​បោះឆ្នោត នៅ​ការិយាល័យ​១១៥៨​ឃុំ​ក្តឿង​រាយ ពេល​​នោះ​មន្ត្រី​មូលដ្ឋាន​ខ្លះ ជួយ សម្រួល​ឲ្យ​ពួក​ទាំងនោះ​បាន​ចូល​ទៅ​បោះឆ្នោត​។ លោក​ហៅ​ទង្វើ​នោះ​ថា លំ​ម្អៀ​ង និង​ប្រកាន់​បក្សពួក​ ​៖ "​ច្រើន​ជន​ជាតិ​​វៀត​​ណា​ម​​តា​ហ្ម​ង ម្នាក់​ដែល​ខ្ញុំ​យកជាការបាន​ប្រាកដ​មែន​ទែន ហៅ​ប្រធានភូមិ​ទៅ សួរ​សម្ភាសន៍​ហ្នឹង​​ទៀត ប្រធាន​ភូមិ​គេ​ថា​គេ​ស្គាល់ ចុះបើ​ស្គាល់​​នៅ​ត្រង់​ណា​បើ​ប្រជាពលរដ្ឋ​អត់​មាន ស្គាល់​​អី​ម៉ា​តិច​អី​ផង​នឹង ប្រធាន​ភូមិ​គាត់​ថា គាត់​នឹង​នៅ​ចារ​ជ្រំ តែ​អា​ឡូ​វ​បើ​នៅ​ចារ​ជ្រំ អា​ឡូ​វ​ប្រជាពលរដ្ឋ​នៅ​​ចារ​ជ្រំ​ជូន​ដំណើរ​ទៅ ចង់ដឹង​ផ្ទះ​គាត់ ដល់​ពេល​ចេញ​ដំណើរ​ម​ក​នឹង​គាត់​ហួស​ទៅ​លិច ណោះ​​ទៀត​​ទៅ​ដល់​ល្ងើ​ន​ណោះ​ទៀត បាទ​ចាប់​អុកឡុក​ដក​តឹង​សោ​ម៉ូតូ​ពួក​ខ្ញុំ​នឹង ម្នាក់​ទៀត​ពួក​ហ្នឹង"។

​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កញ្ជ្រៀច លោក យ៉ាន់ ហ៊​ន់ កត់សំគាល់ថា នៅ​ការិយាល័យ​ស្វាយ​រមៀត មាន​មន្ត្រី​ខ្លះ​ឃុបឃិត​គ្នា រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទៅ​បោះឆ្នោត​មុន​ម៉ោង​កំណត់​របស់​ច្បាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ទៀតផង​ ​៖ "គេ​ចាត់តាំង​ឲ្យ​​​មក​នៅ​​ការិយាល័យ​ហ្នឹង ការិយាល័យ​លេខ​ប៉ុន្មាន​? លេខ​០៣១៣ ០៣១៤ ០៣១៥ ១៣៣៦ គ​.​ជ​.​ប នេះ​​នឹង​ថា​ម៉ោង​៧​បានចាប់ផ្តើម​បោះ ហើយ​ដល់​ម៉ោង​​៦​កន្លះ​បោះ ដល់​ពេល​បោះ​នឹងមាន​យួន អា​នឹង​វា វា​ខុស​ហើយ"។

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា ការដាក់បន្ទុក​លើ​មន្ត្រី​រៀបចំ​ការ​បោះ​​ឆ្នោត​មិន​ទំនង​ទេ​។ លោក​បញ្ជាក់​ថា ភាពមិនប្រក្រតី​កើតឡើង ដោយសារ​អាជ្ញាធរ​មូលដ្ឋាន ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ និង​ចុះឈ្មោះ​ក្នុង​បញ្ជី​​បម្រើ​ឲ្យ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ ​៖ "អាច​មន្ត្រី​ហ្នឹង ​ការិយាល័យ​បោះឆ្នោត ជួនកាល​គាត់​មាន​ការលំបាក​​ដែរ បើ​គេ​មាន​ឯកសារ​អី គ្រប់គ្រាន់​អីអញ្ចឹង​ហា៎ ចឹង​ហើយ​មិន​អាច​ចោទ ថា​គាត់​លម្អៀង តែ​ម្តង​បាន​ទេ ប៉ិន​វា​បញ្ហា​ប្រព័ន្ធទាំងមូល ហើយ​យើង​បានធ្វើឲ្យ​មាន​បញ្ហា​ភាព​មិន​ប្រក្រតី​ហ្នឹង​ កើត​ឡើង ដោយសារ​មាន​ការចុះ​ឈ្មោះ​ឲ្យ​​ពួកគេ​មិន​ត្រឹមត្រូវ ឬក៏​ការ​ចេញ​លិខិត​​បញ្ជាក់​​អត្ត​សញ្ញាណ ដំណើរ​ការបោះឆ្នោត​នឹង​មិន​ត្រឹមត្រូវ នាំ​ឲ្យ​​កើត​ឡើង​នូវ​បញ្ហា"។

​លោក គល់ បញ្ញា ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​កាត់បន្ថយ​ទំនាស់​នៅក្នុង​ការបោះឆ្នោត ត្រូវ​ដូរ​ប្រព័ន្ធ​បោះឆ្នោត ធ្វើ​វិសោវនកម្ម​បញ្ជី​បោះឆ្នោត ហើយ​អ្នក​​​​​បោះឆ្នោត​ត្រូវ​មាន​អត្តសញ្ញាណ​​តែមួយ អ្នក​គ្រប់គ្រង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​ធ្វើឲ្យ​តម្លាភាព​ជាដើម​ ៖ "អ្នកបោះឆ្នោត​ម្នាក់ ត្រូវមាន អត្តសញ្ញាណ តែ​មួយ មិន​អាច​ឲ្យ​មាន​២-៣ ឬ​ក៏ហ្វ៉ាត់​ទៅ​លើក្រាយ តា​មួយ ហើយ​ផ្នែក​គ្រប់គ្រង គុណភាព បញ្ជី​ឈ្មោះ​បោះឆ្នោត​នឹង ធ្វើ​ម៉េច​កុំអោយ​មាន​ការ​ខុស​ឈ្មោះ​ខុស​អី គេ​ត្រូវ​មាន​អត្តសញ្ញាណ​បញ្ជាក់​ផ្សេងៗ ដូច​ជា ​រូប​ថត ដូចជា ​លេខ​កូដ​អី​ផ្សេងៗ លេខ​កូដ​អ​ត្ត​សញ្ញាណ​បណ្ណ័​អី​ផ្សេងៗ ហើយ​ត្រូវ​មាន​បណ្ណ័​បោះ​ឆ្នោតឲ្យ​​គេ ប្រហែល​ជា​អាវយឺត​យើង​ធ្វើចឹង បាន​គេ​អាច​ជួយ​ដោះស្រាយ​ទំនាស់​​ទាំងអស់​នឹង​បាន​ច្រើន ហើយ​ប្រព័ន្ធ​​ចុះឈ្មោះ​បោះ​ឆ្នោត​ត្រូវ​​គិត​ឡើង​វិញ​ថា​តើ អ្នក​ណា​ត្រូវ​មាន​តួនាទី​​​ចុះឈ្មោះ​បោះឆ្នោត​នឹង ចុះ​របៀប​​ម៉េច ដើម្បីឲ្យ​បាន​មាន​តម្លាភាព"។

​ឃុំ​ក្តឿង​រាយ គឺ​ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​៨​នៃ​ស្រុក​កញ្ជ្រៀច​។ ឃុំ​ក្តឿង​រាយ​មាន​មណ្ឌល​បោះឆ្នោត​ទាំងអស់​ចំនួន​៥ មាន​ការិយាល័យ​បោះឆ្នោត​សរុប​​ចំនួន​៣៤​។ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន ៩៧១៨​នាក់ ប៉ុន្តែ​សំរាប់​សន្លឹកឆ្នោត​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​មាន​ចំនួន​​តែ ៧២៥១​សន្លឹក និង​សន្លឹកឆ្នោត​មិនបានការ​ចំនួន​៤៦​សន្លឹក​ប៉ុណ្ណោះ​។ តាមរយៈ​តួលេខ​នេះ​ បាន​បញ្ជាក់ថា ចំនួន​សន្លឹកឆ្នោត​ដែល​បាន​បាត់​មាន​​ចំនួន ២៤២១​សន្លឹក​។​

នៅក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មិន​បាន​ទៅ​បោះឆ្នោ មាន​ប្រមាណ​១៣៣៨​នាក់​។​

អនុសាសន៍​

នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក មេធាវី សុក សំអឿន បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​បញ្ជៀ​ស​កុំឲ្យ​មាន​ភាពមិនប្រក្រ​តី នៃ​ការបោះឆ្នោត​ទៅ​អាណត្តិ​ក្រោយៗ​ទៀត​គឺ​៖

គជប ត្រូវ​ផ្តល់​បញ្ជី​ឈ្មោះ​បោះឆ្នោត ឲ្យ​ភ្នាក់ងារ​នៃ​គណបក្ស​ទាំងសងខាង​នៅតាម​ឃុំ​និមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន​ឈ្មោះ​អ្នកបោះឆ្នោត​។​

ច្បាប់បោះឆ្នោត​ត្រូវធ្វើ​វិសោធនកម្ម ត្រង់ចំណុច តើ​ភាព​មិន​ប្រក្រតី​បែបណា ក្នុង​កម្រិត​ណា​ដែល​តម្រូវឲ្យ​មោឃភាព​ការបោះឆ្នោត​ក្នុងករណី​ដែល​មាន​ ភាពមិនប្រក្រ​តី​នៅក្នុង​ការិយាល័យ​នោះ ហើយ​ត្រូវតម្រូវ​ឲ្យមាន​ការ​បោះឆ្នោត​ជាថ្មី​។​

​នៅក្នុង​ច្បាប់​បោះឆ្នោត គួរតែ​ពិចារណា​ដាក់បញ្ចូល​ទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើ​បទ​ល្មើស​មួយចំនួន​។

ដាក់បញ្ចូល​ទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើ​បទ​ល្មើស​មួយចំនួន​៕​

សរសេរមកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com


Tags: បោះឆ្នោត - ព័ត៌មានស៊ើបអង្កេត - ខេត្តព្រៃវែង

18275

vathanak | ថ្ងៃពុធ ទី24 ធ្នូ 2014, 09:56 AM

បើតាមខ្ញុំដឹង នៅខេត្តពោធិសាត់​ គឺពិតជាមានករណីនេះដែរ ហើយច្បាស់ទៀត បើតាមបុគ្គលិកនៅស្ថាបន័មួយប្រាប់ខ្ញុំ វាជាការពិត ក្នុងថ្ងៃបោះឆ្នោត

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
​ពលរដ្ឋ​ខេត្តកំពតចោទឧកញ៉ា និងភរិយា​បញ្ចុះបញ្ចូលឲ្យ​លក់​​ដីសម្បទាន​សង្គម​កិច្ច

ថ្ងៃទី3 វិច្ឆិកា 2014, 01:49 PM

ដំរី​ផុង​ជា​តំបន់​មួយ​នៅ​ជិត​ជើង​ភ្នំ​ដែល​ប្រជា​សហ​គមន៍​ហៅ​តៗ​គ្នា ​ដោយ​កាល​ពី​មុន​តំបន់​នោះ​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ។ តំបន់​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ​ខេត្ត​កំពត​ និង​មាន​ចម្ងាយ​ជាង​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក​។ ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ឆ្លង​កាត់​ផ្លូវ​គ្រួស​ក្រហម កាត់​អូរ​ ព្រៃ​ព្រិច និង​ដើម​ថ្លុង ដោយ​ត្រូវ​ចំណាយ​ពេល​ជាង​១​ម៉ោង​។ នៅ​ពេល​ទៅ​ដល់​តំបន់​នោះ​ គេ​សង្កេត​ឃើញ​វាល​រហោ​ឋាន ដោយ​សារ​​ការ​កាប់​ព្រៃ​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ និង​ក្រុម​ហ៊ុន​ ដើម្បី​បំពេញ​តម្រូវ​ការ​រស់​នៅ និងការ​ធ្វើ​អាជីវ​កម្ម​ដាំ​ម្រេច​។ ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ឆ្ងាយ​ពី​គ្នា  សាង​សង់​ខ្ពស់​ពី​ដី​បន្តិច ដំបូល​ប្រក់​ដោយ​ស្បូវ និង​សង់​ដោយ​ប្រើ​កំណាត់​ឈើ​តូច​ៗ​។ ប្រជា​ពល​រដ្ឋ​នៅ​​ទីនោះ​ដាំ​ដំ​ណាំ​​តិច​តួច ដូច​ជា​ចេក ល្ហុង ស្វាយ ដំឡូង និង​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ ដូច​ជា​មាន់ ទា​ និង​ក្ងាន​​។ អ្វី​ដែល​ខ្វះ​ខាត​ជា​ចម្បង​នៅ​តំបន់​នោះ​ គឺ​បញ្ហា​ទឹក​ប្រើ​ប្រាស់​។ ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​លេច​ធ្លោរ​នៅ​តំបន់​នោះ គឺ​អគារថ្ម​រាប​នឹង​ដី ប្រក់​ដោយ​ស័ង្កសី​ពណ៌​ខៀវ ​​ជា​កន្លែង​ដាំ​ម្រេច​ដ៏ធំ​មួយ ដែល​មាន​កម្មករ​ធ្វើ​ការ​ទៅ​ដល់​១៥០នាក់​។​កម្ម​ករ​ទាំង​នោះ​ទទួល​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​នាក់​២០០​០០រៀល​ ដោយ​រាប់​បញ្ចូល​ទាំង​ថ្លៃ​អាហារ​ក្នុង​នោះ​។​ ចំការ​ម្រេច​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអា​ង​ថា​ជា​របស់​ជប៉ុន។​ប៉ុន្តែ​នៅ​ពេល​សាក​សួរ​ពួក​គេ​ថា​ជប៉ុន​មាន​ទំនាក់​ទំនង​ជាមួយ​ឧកញ៉ា​ម្នាក់ ​ដែល​ពល​រដ្ឋ​នៅ​ទីនោះ​ធ្លាប់​ឃើញ​មុខ​ឧកញ៉ា និង​ភរិយារបស់​លោក តែ​មិន​បាន​ដឹង​ថា​មាន​ឈ្មោះ​អ្វី​នោះ​ទេ​។ តំបន់​នោះ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។ ប៉ុន្តែ​មួយ​​រយៈ​ចុង​ក្រោយ​នេះ ដី​នោះ​ត្រូវ​បាន​ឧកញ៉ា​ចាប់​អារម្មណ៍ និង​ចង់​យក​ដើម្បីពង្រីក​ចម្ការ​ដំា​ម្រេច​។​ រាង​ស្គម ហាក់​ដូច​ជា​ទ្រុឌ​ទ្រោម​បន្តិច​ លោក សាន មិត្ត អាយុ​៦៨​ឆ្នាំ រៀប​រាប់​ដោយ​សំឡេង​ខ្សាវៗ​ថា អាជ្ញា​​ធរ​ភូមិ​ ឃុំ ដែល​លោក​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ឧកញ៉ា បាន​បញ្ចុះ​បញ្ចូល​ប្រជា​ពល​រដ្ឋ​ឲ្យ​ដោះ​ដូរ​ដី ទាំង​នោះ​ តែ​លោក​បាន​បដិសេធ​ ដោយ​សារ​តំបន់​ថ្មី​មិន​សម​ស្រប​នឹង​ការ​រស់​នៅ​។​លោក​បន្ត​ថា​រដ្ឋា​ភិបាល​បាន​ផ្តល់​ដី​ឲ្យ​លោក​ជិត​១,៥​ហិកតា ហើយ​លោក​បាន​រស់​នៅ​ទីនោះ​​ជិត​២ឆ្នាំ​មក​ហើយ ដោយ​បាន​ដំា​ជា​ស្រូវ​ ចេក​ ល្ហុង​ និង​ដំឡូង​ជាដើម​។ លោក សាន មិត្ត(រូបថតដោយរិន សុក្រឹត្យ) លោក​បញ្ជាក់​ថា​«ខ្ញុំ​មិន​ចង់​ដោះ​ដូរ​ ដោះ​ដូរ​ទៅ​ណា មិន​ដឹង​ឲ្យ​ទៅ​កន្លែង​ណា​ រដ្ឋា​ភិបាល​ឲ្យ​ហើយ​ពិបាក​ដោះ​ដូរ​ណាស់​។ មេភូមិ​មេឃុំ​ ប្រាប់​ថា​ដី​ហ្នឹង ត្រូវ​ដោះ​ដូរ​ឬមិន​ដូរ ក្រែង​ថ្ងៃ​ក្រោយ​វា​ពិបាក​ចេញ​ចូល​»​។ (វីដេអូដោយរិន សុក្រឹត្យ) លោក សាន មិត្ត បារម្ភ​ពី​ការ​បង្ខិត​បង្ខំ និង​ការ​ដោះ​ដូរ​ដី​របស់​លោក​ទៅ​តំបន់​មួយ​ដែល​លោក​មិន​អាច​បង្ក​បង្កើន​ផល និង​ជួប​ការ​លំបាក​ទៅ​ថ្ងៃ​អនា​គត​។​ លោក​មាន​ប្រសាសន៍​ថា«ដោះដូរ​ទាល់​តែ​​ខ្ញុំ​ឃើញ​មាន​ស្រះ​ទឹក​ អណ្តូងទឹក។ អា​នេះ​គេ​ថា​ធ្វើ​ម៉េច​ត្រូវ​អភិវឌ្ឍ ខ្ញុំ​ដេញ​សួរ​ចុះ​អភិវឌ្ឍ អភិវឌ្ឍអី! អភិវឌ្ឍ​ជន​ក្រីក្រ​អី​ អភិវឌ្ឍ​ឲ្យ​ក្រ​ហ្មង​ទៅ​។ [បើ​ប្រើ​]កម្លាំង​បាយ យើង​ក៏​ចេញ​តាម​កម្លាំង​បាយ សុទ្ធ​ចិត្ត​ងាប់​ចោល​ដី​ហ្នឹង​ទៅ​ល្អ​ច្រើន​ជាង​នៅ នៅ​ក៏​លំបាក​វេទនា​ដែរ​»។ ភរិយា​របស់​លោក សាន មិត្ត អ្នក​ស្រី ឡុង​ ស៊ុន អាយុ​៦០​ឆ្នាំ មាន​ប្រសាសន៍​ថា​ភរិយា​របស់​ឧកញ៉ា ដែល​អ្នក​ស្រី​ហៅ​ថា​ជំទាវ​បាន​ព្យាយាម​ជួប​ប្រជា​ជន និង​ចែក​ជា​របស់​របរ​មួយ​ចំនួន​ជូន​ដល់ពួក​គាត់​។អ្នក​ស្រី​ថា​អ្នក​ស្រី​នឹង​មិន​ដោះ​ដូរ​ដី​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​បាន​ដំា​ដុះ​ដំណាំ​រួច​ទៅ​ហើយ​។អ្នក​ស្រី​ចាត់​ទុក​តំបន់​នោះជា​កន្លែង​រស់​នៅ​ល្អ​សម្រាប់​អ្នក​ស្រី​។ អ្នក​ស្រី ឡុង​ ស៊ុន(រូបថតដោយរិន សុក្រឹត្យ) ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀតដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ដោះ​ដូរ​ដី អ្នក​ស្រី ណៃ ស្រី អាយុ​៤០​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកស្រី​ទើប​តែ​មក​រស់​នៅ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៤ តាម​ទំហំ​ដី​ទទឹង​៦៥​ម៉ែត្រ និង​បណ្តោយ​២៥០​ម៉ែត្រ ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ឲ្យសម្រាប់​ប្រជា​ជន​ក្រី​ក្រ​។អ្នក​ស្រី​ថា​អ្នកស្រី​មិន​ព្រម​ចេញ​​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​សង់​ផ្ទះ ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ​រួច​ទៅ​ហើយ។​ប៉ុន្តែ​អ្នក​ស្រី​ទាម​ទារ​ប្រាក់​ប្រហែល​២០០០​ដុល្លារបន្ថែម​ទៅ​លើ​ដី​ដែល​ត្រូវ​ដោះ​ដូរ​ ប្រសិន​បើ​មាន​ការ​​បង្ខំ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា«ថា​មិន​បង្ខំ​ក៏​ដូច​ជា​បង្ខំ​ដែរ។ គេ​ថា​បើមិន​ដោះ​ដូរ​មិន​ដឹង​ទេ ក្រែង​លោ​ថ្ងៃ​ក្រោយ​ពិបាក​ចេញ​ចូល​។ជំទាវ​មក​បបួល​ខ្ញុំ​ ខ្ញុំ​អត់​បាន​ដូរ ក៏​ភូមិ​ ឃុំ​មក​ទៀត​។ ឃុំ​មក​សម្រប​សម្រួល​ឲ្យ​ដូរ។ គេ​ថា​ដូរ​មិន​ដូរ​ប្រយ័ត្ន​គេ​បិទ​ផ្លូវ​សន្តិ​សុខ​យាម​ក៏​ពិបាកចេញចូល»។​ អ្នក​ស្រី ណៃ ស្រី(រូបថតដោយរិន សុក្រឹត្យ) អ្នក​ស្រីឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​១១​គ្រួសារ រហូត​មក​ដល់​ពេល​នេះ​គ្រួសារ​មួយ​ចំនួន​​បាន​​ដោះ​ដូរ​តាម​ការ​បញ្ចុះ​បញ្ចូល​របស់​ជំទាវ ដោយ​ទទួល​បាន​ប្រាក់​ទៅជាមួយ​ប្រហែល​៦០០​ទៅ​៨០០​ដុល្លារ​។​​ តាម​ពាក្យ​បណ្តឹង​ដែល​អ្នក​ស្រី​ ណៃ​ ស្រី​ ដែល​បាន​ដាក់​ទៅ​ឃុំ​ ឲ្យ​ដឹង​ថា​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​ដែល​មាន​ទី​លំនៅ​ដើម​នៅ​ភូមិ​កោះ​ស្លា​ រង​ការ​បង្ខំ​ឲ្យ​ដោះ​ដូរ​ដីសម្បទាន​សង្គម​កិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​។ពាក្យ​បណ្តឹង​បន្ត​ថាប្រជាពល​រដ្ឋ​៤គ្រួសារ​ បាន​សម្រេច​ចិត្ត​ដោះ​ដូរ​ដី​រួច​មក​ហើយ​។ អ្នក​ភូមិ​លើក​ឡើង​ថា​ក្រុម​ហ៊ុន​ដាំ​ម្រេច​បាន​មក​ឈូស​ឆាយ​ដី​របស់ពួក​គាត់​កាល​ពី​កន្លង​ទៅ​ ប៉ុន្តែប្រជា​ពល​រដ្ឋ​បាន​តវ៉ា​ទើប​មាន​ការ​បញ្ឈប់​ទៅ​វិញ​។ លោក ម៉ម រឿន អាយុ​៤៩​ឆ្នាំ​ ជា​ជន​ពិការ​ដែល​ត្រូវ​បាន​ឧកញ៉ា​ហៅ​ទៅ​ជួប​ផ្ទាល់​ និង​ត្រូវ​បាន​ភរិយា​របស់​ឧកញ៉ា​ប្រគល់​ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿងសម្រាប់​ប្រើ​ប្រាស់ មាន​ប្រសាសន៍​ថា​លោក​បាន​យល់​ព្រម​ក្នុង​ការ​ដោះ​ដូរ​ដី ​ដោយ​សារ​ក្រុម​ហ៊ុន​សន្យា​ថា​នឹង​ធ្វើ​ផ្ទះ​ក្បែរ​ថ្នល់ ធ្វើ​ផ្សារ​ និង​បង្កើត​មុខ​របរ​ឲ្យ​រូប​លោក។ លោក​បន្ត​ថា​ជំទាវ​ក៏​បាន​សន្យា​ថែម​លុយ​មួយ​ចំនួន​ដល់​រូប​លោក​នៅ​ពេល​លោក​ចាក​ចេញ​។លោក​បញ្ជាក់​ថា«គេ​គ្រាន់​តែ​និយាយ​ថា​បើ​បង​ប្អូន​ដោះ​ដូរ ក៏​ដូរ​ទៅ គេ​មិន​បង្ខិត​បង្ខំ​ទេ។​ខ្ញុំ​មិនទាន់​ដឹង​ថា​តើ​តំបន់​ដោះ​ដូរ​នោះ​នៅ​កន្លែង​ណា​នោះ​ទេ​»​។ ជំទប់​ទី​១​ឃុំ​ត្រពាំង​ភ្លាំង​មក​ពី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក សន សូវ មាន​ប្រសាសន៍ថា​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ ហើយ​លោក​ក៏​បាន​ចុះ​ទៅពិនិត្យ​នៅ​តំបន់​នោះ​ដែរ។​លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ត្រូវ​បានគេ​បំភិត​បំភ័យ​ និងគំរា​មកំហែង​​ឲ្យ​ដោះ​ដូរ​ដី​។​លោក​បន្តថា​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ប្រាក់​២០០​ទៅ​៣០០​ដុល្លារ​សម្រាប់​ការ​ដោះ​ដូរ​ដីនេះ​។ តាម​ការ​អះ​អាង​របស់​ប្រជា​ពល​រដ្ឋ ពួក​គេ​នៅ​តំបន់​កោះ​ស្លា​ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​ប្រគល់​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ក្នុង​មួយ​គ្រួសារ​ដី​មាន​ទទឹង​ប្រវែង​៦៥​ម៉ែត្រ និង​បណ្តោយ​ប្រវែង​២៥០​ម៉ែត្រ​កាល​ពីពីរ​បី​ឆ្នាំ​មុន​ដែល​រហូត​មកដល់​ពេល​នេះ​មិន​ទាន់​បាន​៥​ឆ្នាំ​នៅ​ឡើយ​ទេ។ យោង​តាម​ច្បាប់​ភូមិ​បាលដែល​ចូល​ជាធរ​មាន​កាល​ពីឆ្នាំ​២០០១ សម្បទានិក​អាច​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​បាន ក្រោយ​ពី​បាន​កាន់​កាប់​ដី​សម្ប​ទាន​រយៈ​ពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា។​ សម្បទានិក​ដី​ សង្គម​កិច្ច​វិញ ក្នុង​ពេល​រង់​ចាំ​បាន​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ (៥ឆ្នាំ) មិន​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​របស់​ខ្លួន​បាន​ទេ គឺ​អាច​មាន​សិទ្ធិ​ត្រឹម​តែ​ប្រើ​ប្រាស់​ (សាង​សង់​លំនៅ​ដ្ឋាន ដាំដុះ បង្ក​បង្កើន​ផល) និង​អាស្រ័យ​ផល (ជួល ប្រវាស់) ​តែ​ប៉ុណ្ណោះ​។ អ្នក​គ្រប់​គ្រង​បុគ្គ​លិក​នៅ​ក្រុម​ហ៊ុន​ដាំ​ម្រេច​ ដែល​ពលរដ្ឋ​ភាគ​ច្រើន​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន​ជប៉ុន លោក ឡាយ ប៉ិច លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុនបាន​ដាំ​ម្រេច​បាន​១០​ហិកតា ហើយ​អាច​នឹង​ទទួល​ផល​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ទៀត​។​លោក​បន្ត​ថា​ក្រុម​ហ៊ុន​នឹង​បន្ត​ដាំ​ម្រេច​នៅ​លើ​ដី​ប្រមាណ​៥០​ហិកតា​ទៀត​នៅ​ក្បែរ​​ភ្នំ​។​នៅ​ពេល​សាក​សួរ​បន្ត​ពី​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ ​លោក​ថា​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នោះ​ទេ ដោយ​ណែ​នាំ​ទៅ​សួរ​មេ​របស់​លោក​ដែល​លោក​ហៅ​ថា០​០៩​។​លោក​បញ្ជាក់​ថា«ដី​ទាំង​នោះ​វាអត់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទេ​ ទាក់​ទង​ទៅ​អាជ្ញា​ធរ​ និង​ពល​រដ្ឋ​សួរ​ប្រធាន​ភូមិ​ អាជ្ញា​ធរ ​និង​​ម្ចាស់​ដី​ទៅ។ខ្ញុំមិន​ដឹង​ទេ ខ្ញុំ​ទើប​តែ​ចូល​ធ្វើ​ការ​នៅ​ទីនេះ​បាន​មួយ​ខែ​កន្លះ​»​។ តាម​រយៈ​ការ​ទាក់​ទង​តាម​ទូរ​ស័ព្ទ ​បុរស​ម្នាក់​ដែល​មាន​ងារ​០០៩​​នៅ​ក្រុម​ហ៊ុន ​បាន​អះ​អាង​ថា​លោក​មាន​ឈ្មោះ និត ពឿន តែ​មិន​ចង់​ប្រាប់​ពី​តួនាទី​ពិត​ប្រាកដ។​លោក​មាន​ប្រសាសន៍​ដូច​ជា​ស្ទាក់​ស្ទើរ​ថា​លោក​មិន​ដឹង​ថា​ក្រុម​ហ៊ុន​ជា​របស់​ជប៉ុន​ឬ​ក៏​ខ្មែរ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​វិញ។ប៉ុន្តែ​លោក​ថា​ក្រុម​ហ៊ុន​មិន​ពាក់​ព័ន្ធ​នឹង​ដីរបស់​ប្រជា​ពលរដ្ឋ​​នោះ​ទេ។ លោក​មាន​ប្រសាសន៍ថា«(អ្នក​ព័ត៌មាន​សួរ៖លោក​មាន​ស្គាល់​ជំទាវ​ដែល​ពល​រដ្ឋ​ថា​កំពុង​ទិញ​ដីរបស់​ពួក​គាត់​​ទេ?)ខ្ញុំ​អត់​ស្គាល់​ទេ​ទៅ​សួរ​ពល​រដ្ឋ ​និង​ជំទាវ​ទៅ។(ចុះ​ដី​ដាំ​ម្រេច​ប៉ុន្មាន​ហិកតា​ដែរ?គ្រប់​គ្រប់​ដោយ​នរណា?)ខ្ញុំ​អត់​ដឹង​ទេ...»។ ចម្ការម្រេចរបស់​ក្រុមហ៊ុន(រូបថតដោយរិន សុក្រឹត្យ) (រូបថតដោយរិន សុក្រឹត្យ) លោក ផាន ផាត​ អាយុ​៤០​ឆ្នាំ ដែល​ធ្វើ​ការ​ជា​កម្ម​ករ​ឲ្យ​ក្រុម​ហ៊ុន មាន​ប្រសាសន៍​ថា​លោក​គ្រាន់​តែ​ឃើញ​ថៅ​កែ​ជប៉ុន​ និង​ខ្មែរជាឧកញ៉ា​ជួប​គ្នា។ លោក​ថា​លោក​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ក្រុម​ហ៊ុន​ក្នុង​មួយ​ថ្ងៃ​២០០​០​០រៀល។ លោក​បន្តថា​លោក​ក៏​មាន​ដី​នៅ​តំបន់​នោះ​ប្រហែល​១,៥ហិកតា​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋា​ភិ​បាល​​ តែ​លោក​មិន​ដោះ​ដូរ​នោះ​ទេ បើ​ទោះ​ជា​ក្រុម​ហ៊ុន​ចង់​បាន​ក៏​ដោយ។ ​​មេ​ភូមិ​ព្រៃ​ពាយ​ លោក​ ប្រាក់​ នាគ​ ដែល​ពល​រដ្ឋ​ចោទ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​លក់​ដី និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​ឧកញ៉ា និង​លោកជំទាវ មាន​ប្រសាសន៍ថា​ឧកញ៉ា និង​ភរិយា​របស់​លោក​មិន​បាន​បង្ខំ​ប្រជា​ពលរដ្ឋទេ ហើយ​អ្វីៗគឺ​ត្រូវ​ធ្វើឡើង​ដោយ​គោល​ការណ៍ស្ម័គ្រចិត្ត។ លោក​បញ្ជាក់ថា​«ពល​រដ្ឋ​ចេះ​តែ​និយាយ គេ​អត់​បង្ខំ អត់​វាយ​ដំ​អ្វី​ដែរ»។ លោកពន្យល់​ថា​ដី​នៅ​តំបន់​នោះ​ជា​ដី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដក​​យក​ពី លោក សែម សុវណ្ណដេត កាលពី​ឆ្នាំ​២០០០ ហើយរដ្ឋាភិបាល​​បាន​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។លោក​បន្តថា​ដី​នៅ​តំបន់​នោះ​មាន​ពល​រដ្ឋ​៥៩គ្រួសារ​រស់​នៅ​ តាម​ការ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ ចំណែក​ពល​​រដ្ឋ​ចំនួន​១១​គ្រួសារទៀត​ដែល​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​ដោះ​ដូរ​ដី​ ទើប​តែ​មក​រស់​នៅ​ក្រោយ​នោះ​ទេ​។ លោក​ ប្រាក់​ នាគ​ ឲ្យ​ដឹង​ថា​ជំទាវដែល​ចង់​ដោះដូរ​ដី​របស់​ប្រជាពលរដ្ឋ​នោះ ​ឈ្មោះ ហៀង គន្ធី ចំណែក​ប្តីដែល​មាន​ងារ​ជាឧកញ៉ានោះមាន​ឈ្មោះ អាំង ផល្លី​។លោក​សង្ស័យថា​ពួកគាត់​ក៏​ជា​ម្ចាស់ក្រុម​ហ៊ុន​ជប៉ុន ដោយ​សារ​ការ​ចេញ​ចូល​​ក្រុម​ហ៊ុនជា​ប្រចាំ។លោក​ថា​លោក​មិន​បាន​ស្គាល់លេខ​ទូរស័ព្ទ​របស់​ឧកញ៉ា​នោះ​ទេ​។ VODបាន​ព្យាយាម​សុំ​លេខទំនាក់​ទំនង​ពី​ក្រុម​ហ៊ុន​ជប៉ុន តែ​អ្នក​ចាត់​ការ​ថា​ពួកគេ​មិន​ស្គាល់​នោះទេ។ អភិបាល​ខេត្ត​កំពត លោក លោក ខូយ ឃុន​ហួរ បាន​បដិ​សេធ​អធិ​ប្បាយ​លើ​បញ្ហា​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា«ខ្ញុំ​មាន​ធុរៈ សូម​កុំ​ខល​មក​ខ្ញុំ​ទៀត​»​។ចំណែក​អភិ​បាល​រង​ខេត្ត​កំពត លោក អុឹង ម៉េងហួរ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ដឹងពី​បញ្ហា​នេះ​ទេ ដោយ​ណែ​នាំ​ទៅ​សួរ​អភិ​បាល​ខេត្ត​វិញ។ប៉ុន្តែ​លោក​ថា​ក្នុង​ករណី​ដោះ​ដូរ​ដី​សម្បទាន​សង្គម​កិច្ច​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រើ​ប្រាស់​៥​ឆ្នាំ និង​មិន​មាន​ប្លង់​ត្រឹម​ត្រូវ គឺ​ជា​រឿង​ខុស​ច្បាប់​។ លោក​បញ្ជាក់​ថា​«ហ្នឹងហើយ​ទៅ​ទិញ​ដី​សម្ប​ទាន​សង្គម​កិច្ច​ជា​រឿង​ខុស​ច្បាប់​ ដោយ​សារ​រាជ​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ពល​រដ្ឋ​ហើយ​យើង​ចង់​ឲ្យ​គាត់​បង្ក​បង្កើន​ផល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទើប​យើង​សម្រេច​ប្រគល់​ដី​ឲ្យ​គាត់​។ គេ​មិន​អាច​បង្ខំ​ទេ​ ប្រជា​ពល​រដ្ឋ​អាច​ទំនាក់​ទំនង​ទៅ ភូមិ ឃុំ និង​ខេត្ត។ គាត់[ពលរដ្ឋ]​កុំ​ឲ្យ​​ជឿ​គេ​»​។ តំណាង​រាស្រ្ត​ខេត្តកំពត​របស់​គណបក្សស​ង្រ្គោះជាតិ លោក ជា ប៉ូច មាន​ប្រសាសន៍ថា​លោកបាន​ទទួល​ការ​សុំ​ណោះ​ស្រាយ​របស់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ទូរ​ស័ព្ទ ដោយ​លោក​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​ទៅ​មណ្ឌល​តំណាង​រាស្រ្ត ហើយ​តំណាង​រាស្រ្ត​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​។​ លោក​បន្ត​ថា​លោក​មិន​ស្គាល់​ថា​តើ​អ្នក​ឧកញ៉ារូប​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ដី​សម្ប​ទាន​សង្គម​កិច្ច​ទាំង​នោះ​ទេ​។ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យដឹងថារាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​អនុប្រយោគ​កាត់​ផ្ទៃដី​សរុប​ជាង១លាន​ហិកតា និង​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ជាង៣,៦លាន​ប័ណ្ណ​​គិត​ត្រឹម​ថ្ងៃទី​៣០ខែ​កញ្ញា ឆ្នាំ​២០១៤​។​ សេចក្ដីជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឲ្យដឹងថា​រាជរដ្ឋាភិបា​ល​បាន​ធ្វើ​អ​នុប​យោគ​កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង​១​ លាន​ហិកតា​ដែល​ក្នុងនោះ​ទំហំ​ជាង​៣៧​ម៉ឺន​ហិកតាកាត់​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៣៤ ទំហំ​ជាង​២៥​ម៉ឺន​ហិកតាកាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ និង​ទំហំ​ជាង​៥២​ម៉ឺន​ហិកតាកាត់​ចេញពី​ដី​រដ្ឋ​និង​ដី​ព្រៃ​មាន​ដីកា​ដកហូត ដើម្បី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

ពលករ​ស្របច្បាប់​៖ បើ​ខ្ញុំ​មិន​លួច​រត់​ទេ ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​ចុះ​ទូក​នៅ​សមុទ្រ​ប្រទេស​ថៃ​

ថ្ងៃទី19 សីហា 2014, 06:00 AM

«​បើ​មិន​រត់​ទេ ខ្ញុំ​នឹង​ក្លាយជា​អ្នកសុំទាន ហើយ​នឹង​ត្រូវ​យក​ទៅ​ចុះ​ទូក​នៅ​សមុទ្រ​ប្រទេស​ថៃ គ្មាន​ឱកាស​មក​ជួបជុំ​គ្រួសារ​វិញ​ទេ​»​។ នេះ​ជា​ការ​រៀបរាប់​ទាំង​ទុក្ខ​ក្រៀមក្រំ​របស់​ពលករ​ខ្មែរ​ស្រប​ច្បាប់​ម្នាក់ លោក គិត អៀ​ប និង​ពលករ​មួយចំនួនទៀត ដែល​ទើបតែ​លួច​រត់​ទាំង​ភាពភ័យខ្លាច​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ នា​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​ដឹង​ថា ខ្លួន​បាន​ចាញ់បោក​គេ​យកទៅ​ធ្វើការ​លើ​ទូក​នេសាទ​មួយ​នៅ​សមុទ្រ​ប្រា​កាន​។​ពលករ​ទាំងនោះ បាន​ចោទ​ទីភ្នាក់រកការងារ​ឲ្យ​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស​ឈ្មោះ​Job Asia​ថា បាន​យក​ពួកគេ​ទៅ​ចាក់ចោល​នៅ​ប្រទេស​ថៃ​។​ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​ច្រាន​ចោល​ការចោទប្រកាន់​នេះ​។​ ​មាឌធំ​ក្រអាញ កម្ពស់​១,៦៣​ម៉ែត្រ សាច់​ដុំដៃ និង​ទ្រូង មាំៗ លោក គិត អៀ​ប កើត​នៅ​ឆ្នាំ​១៩៨៤ មាន​ស្រុកកំណើត​នៅ​ភូមិ​២ ឃុំ​កំពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ ជា​យុវជន​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤ មុនពេល​ចេញ​ទៅ​ប្រទេស​ថៃ គិត អៀ​ប ជា​ជាង​ជួសជុល​ម៉ូតូ និង​ពេលយប់​បម្រើការ​ជា​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន​មួយ ។ លោក​ក៏​ធ្លាប់​បាន​ឆ្លងកាត់​ជា​កូន​អ្នកនេសាទ​តាម​សមុទ្រ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​។ 

​ព័ត៌មាន​ស៊ើបអង្កេត​៖ អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ពេល​បោះឆ្នោត នៅ​កម្ពុជា​

ថ្ងៃទី28 កុម្ភៈ 2014, 10:15 AM

​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​២០ ដូចជា អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់ ខុម​ហ្វ្រែល​(COMFREL) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)  វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ​(NDI)  អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់ NICFEC អង្គការ​តម្លាភាព​កម្ពុ​ជា TIC មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​(CCIM) ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC) និង អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ជាដើម ចេញ​របាយការណ៍ នៅ​ខែវិច្ឆកា ឆ្នាំ​២០១៣ បង្ហាញថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ មិនទាន់​សេរី និង​យុត្តិធម៌​ទេ​។​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ជំរុញ​ឲ្យធ្វើ​កំណែទម្រង់ ស៊ីជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ ដើម្បី​បង្កើន​ទំនុកចិត្ត​ម្ចាស់ឆ្នោត និង​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​ ​របាយការណ៍​បង្ហាញ​ថា ភាពមិនប្រក្រតី​ទាំងនោះ ដូចជា ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​ពី​បញ្ជី ការបញ្ចូល​ឈ្មោះ​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោតឲ្យ​បានបោះឆ្នោត ឬ​ឈ្មោះ​ស្ទួន ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​។​

​ព័ត៌មាន​ស៊ើបអង្កេត៖ ការបណ្តេញ​ពលរដ្ឋ​តំបន់​បុរី​កីឡា​ធ្វើឲ្យ​ពួកគេ​ខ្លះ​បាត់​សិទ្ធិ​បោះឆ្នោត​

ថ្ងៃទី28 កុម្ភៈ 2014, 09:30 AM

មន្ត្រី​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល​យល់ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ភាគច្រើន របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ ដោយ​មិន​បាន​សិក្សា​ឲ្យ​ស៊ីជម្រៅ ហើយ​មាន​ការបណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង បង្ខំ​នោះ ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ទាំង​សិទ្ធិ​មាន​ជម្រក​រស់នៅ​សមរម្យ និង​សិទ្ធិ​នយោបាយ​។​ ​ករណី​សិក្សា​មួយ​ត្រូវបាន​រកឃើញ ក្នុង​តំបន់​បុរី​កីឡា ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ករណី​បណ្តេញ​ចេញ​ផ្សេងទៀត​នៅ​កម្ពុជា​។ ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥  បាន​បន្សល់​ទុក​ភាព​សោកសៅ ដល់​ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​បុរី​កីឡា រាជធានី​ភ្នំពេញ​។ ​ពលរដ្ឋ​តំបន់​បុរី​កីឡា​មួយចំនួន​ឲ្យដឹងថា ដើមចម​ដែល​ធ្វើឲ្យ​ពួកគាត់​បាត់សិទ្ធិ​បោះឆ្នោ​ត ដោយសារ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច និង​អាជ្ញាធរ​ឈូសឆាយ​ផ្ទះ​ពលរដ្ឋ​ជាង​១០០០​គ្រួសារ កាលពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១២  ដើម្បី​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​ពលរដ្ឋ​ខ្លះទៀត​ត្រូវបាន​បញ្ជូន​ឲ្យទៅ​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ​គឺ តំបន់ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ទួលសំបូរ ក្នុង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាដើម​។ សរុប ប្រជាពលរដ្ឋ​ជាង​៤០​នាក់ បាន​បាត់​សិទ្ធិ​បោះឆ្នោត​។​ ​ពលរដ្ឋ​តំបន់​បុរី​កីឡា​ដែល​មិន​ព្រម​ចាកចេញ បាត់​សិទ្ធិ​បោះឆ្នោត​ តាម​ការចុះ​ស្រាវជ្រាវ​ផ្ទាល់​អ្នកភូមិ​ទាំងនោះ​បញ្ជាក់ថា ការផ្តល់​ដី​សម្បទាន​ឲ្យទៅ​ក្រុមហ៊ុន អភិវឌ្ឍន៍​នេះ មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​បុរី​កីឡា​មួយភាគ បាត់បង់​ផ្ទះ ធ្លាក់ខ្លួន​ក្រីក្រ  និង​មាន​ជំងឺ ដោយសារតែ​ទទួលបាន​សំណង​មិន​សមរម្យ​នោះទេ តែ​ពលរដ្ឋ​ខ្លះ បាន​បាត់​សិទ្ធិ​បោះឆ្នោត ទៀតផង​។​ ​ពលរដ្ឋ​បុរី​កីឡា​ត្រូវបាន​បញ្ជូន​ទៅ​ភ្នំ​បាត និង​ទួលសំបូរ ប្រមាណ​២០​នាក់ បាត់​សិទ្ធិ​បោះឆ្នោត​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​ពី​បុរី​កីឡា ប្រមាណ​ជិត​២០​នាក់​ទៀត ក៏​អត់​បាន​បោះឆ្នោត​ដែរ​។​ ​អ្នកស្រី ចក់ ឃីម  គឺជា​អ្នក​រស់នៅ​ក្បែរ​គំនរ​សំរាម ដោយ​មិន​ព្រម​ចាកចេញ​ពី​កន្លែង​ផ្ទះ​គាត់​ដែល​ត្រូវបាន​ឈូស​កម្ទេច​កាលពី​ដើមឆ្នាំ​២០១២​។ ស្ត្រី​អាយុ​៥០ រូបនេះ មិន​បាន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ​ទេ «​ខ្ញុំ​ហ្នឹង រាល់​អាណត្តិ​ខ្ញុំ​បោះឆ្នោត​គ្រប់​អាណត្តិ ទាំង​ភូមិ​ឃុំ សង្កាត់​អី ខ្ញុំ​បោះ​រហូត​។ ប៉ុន្តែ​ដល់​ពេល​អាណត្តិ​ឆ្នាំ​២០១៣ អត់ឲ្យ​ខ្ញុំ​បោះ មិន​ដឹង​មូលហេតុ​អ្វី ដោយសារ​ខ្ញុំ​ហ្នឹង​វា​ឈឺឆ្អាល​នឹង​ពួក​ប្រជាពលរដ្ឋ ឈូសឆាយ​ផ្ទះ​ហ្នឹង ខ្ញុំ​ឈឺឆ្អាល​ពេក ខ្ញុំ​ចេះតែ​ដើរ​និយាយ ដើរ​ថា​ទៅ គេ​លុបឈ្មោះ​ខ្ញុំ​ចោល​ទៅ គេ​ថា គេ​ខុស​ហើយ គេ​សុំ​ទោស ប៉ុន្តែ​អត់​អាច​តវ៉ា​បាន​ទេ ទាល់តែ​អាណត្តិ​ក្រោយ​បាន​តវ៉ា​បាន​គេ​និយាយ​ចឹង​។ ចៅសង្កាត់​កែវ​សុក​ល​ហ្នឹង​ថា​សុំ​ទោស​ពួក​ខ្ញុំ​អត់​បាន​គិត​អញ្ចឹង ចឹង​សុំទោស​ហ្នឹង អាច​សម្រួល​ឲ្យ​ខ្ញុំ​បោះឆ្នោត​អាណត្តិ​ហ្នឹង​បាន​អត់ ថា​អត់​បាន​ទេ ទាល់តែ​អាណត្តិ​ក្រោយ​ហួសពេល​ហើយ​»​។​ តំណាង​សហគមន៍​បុរី​កីឡា លោក ពេជ្យ លឹម​ឃួន ជា​អ្នក​ស្រង់​ស្ថិតិ​ប្រជា​ពលរដ្ឋ​ផ្ទាល់ មានប្រសាសន៍ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្រោម​តង់ នៅ​កន្លែងចាស់​ប្រមាណ​១៥៦​គ្រួសារ មិនទាន់​ទទួលបាន​សំណង​នៅឡើយ​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០​នាក់ ក្នុងចំណោម​៨៧​គ្រួសារ បាត់​សិទ្ធិ​បោះឆ្នោត «​អត់​ពី​ក្រោម​២០​ទេ តែ​នេះ​ខ្ញុំ​ស្រង់​ពីក្រោម​ត្រួសៗ​បាន​ជាង​១០​នាក់​នេះ បើ​កុំ​តែ​យើង​មាន​ការជម្លៀស ទាំង​បង្ខំ អត់​មាន​ទី​ជំរក ប្រហែល​ជា​ប្រជាជន​យើង​នៅ​មូលគ្នា​បាន​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ដ៏​រលូន​វា​អត់​ពិបាក​ទេ ដូច​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក៏​យើង​បាន​បោះ​ជុំគ្នា​»​។​ អង្គុយ​នៅ​ក្រោម​កៅស៊ូ​តង់  លោក ប៊ុត សា​មាន អាយុ​៣០​ឆ្នាំ ជា​អតីត​អ្នក​បុរី​កីឡា ដែល​មិន​ទាន់​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​រៀបរាប់​ទាំង​សោកស្តាយ​ថា​មុន​ថ្ងៃ​ប្រកាស​ចុះ​ឈ្មោះ​បោះឆ្នោត  គាត់​បាន​ទៅ​សង្កាត់​វាលវង់ សុំ​ចុះ​ឈ្មោះ​ដែរ ប៉ុន្តែ​ចៅសង្កាត់​មិន​ព្រម​ចុះ​ឲ្យ​ទេ ដោយ​អះអាង​ថា មិន​មាន​ឯកសារ​គ្រប់គ្រាន់ «​ខ្ញុំ​អត់​ដឹង​មូលហេតុ​អ្វី​ដែល​គាត់​អត់ឲ្យ​ខ្ញុំ​ចុះ​ឈ្មោះ​ទេ ខ្ញុំ​វា​មាន​សាក្សី​ដែល​ទៅ​ជាមួយ​ខ្ញុំ ដែល​រស់នៅ​ជិត​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ ដែល​ជួយ​ធ្វើ​សាក្សី​ឲ្យ​ខ្ញុំ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​គេ​អត់​យល់ព្រម​។ គេ​ថា​ទាល់តែ ខ្ញុំ​មាន​ក្រដាស​បញ្ជាក់​ពី​អាពាហ៍ពិពាហ៍ ហើយ​អេតាស៊ី​វិល​បាន​គេ​ធ្វើឲ្យ ហើយ​ខ្ញុំ​អត់​មាន​អេតាស៊ី​វិលផង បើ​យើង​រៀបការ​ប្រពៃណី​ធម្មតា តែ​យើង​អត់​ទាន់​បាន​ចុះ​អេតាស៊ី​វិល​ទេ​»​។​ ​អាយុ​២៤​ឆ្នាំ លោក ចៅ ហុង ជា​អ្នក​បុរី​កីឡា ដែល​ក្រុមហ៊ុន​ឈូសឆាយដី និង​ផ្ទះ តែ​បាន​បន្ត​រស់នៅ​ទីតាំង​ចាស់​និយាយថា បន្ទាប់​ពី​សាលា​សង្កាត់​ប្រកាស​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ម្តាយ​គាត់​បាន​នាំ​ទៅ​សុំ​ចុះ​ឈ្មោះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថា ចាំ​អាណត្តិ​ក្រោយ «​ខ្ញុំ​ពេល​ហ្នឹង​ម៉ាក់ នាំ​ទៅ​ធ្វើ​ដែរ តែ​គេ​ថា​អត់​ធ្លាប់​បាន​បោះ​ចាំ​អាណត្តិ​ក្រោយ ចាំ​ទៅធ្វើ ខ្ញុំ​មិនដឹង​ដែរ សួរ​គាត់​អញ្ចឹង​ហើយ ហ៊ី​ណាមួយ​ពួក​អ្នក​គ្រប់​អាយុ​នៅ​ម្លុក​ហ្នឹង​គឺ​ភាគច្រើន​អត់​បាន​បោះឆ្នោត និយាយ​រួម​គេ​ថា ពួក​អ្នក​តវ៉ា គេ​ដឹង​ហ្ន​ង គេ​ស្អប់ខ្ពើម​ពួក​អ្នក​នៅ​ទី​ហ្នឹង​ហ្ម​ង យុវវ័យ​អត់​មាន​បាន​ពី​ណា​បាន​បោះ​ឆ្នោត​មួយ នៅ​ហ្នឹង នៅ​ប្លុក​ហ្នឹង​ច្រើនណាស់​»​។ ​ប្អូនស្រី​បង្កើត​របស់​លោក ចៅ ហុង គឺ​កញ្ញា ចៅ សុផល អាយុ​២០​ឆ្នាំ​ក៏​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ «​ម៉ែ​ខ្ញុំ​គាត់​នាំ​ខ្ញុំ​ទៅ​គេ​អត់​ធ្វើឲ្យ​។ គេ​ថា​គេ​រវល់​អញ្ចឹង ខ្ញុំ​ទៅ​ហ្នឹង​ជាមួយ​បងប្រុស​ខ្ញុំ ហើយ​មួយ​ម៉ែ​ខ្ញុំ មួយ​បង​ខ្ញុំ​ពីរ បី នាក់​”​ខាង​ណា ដែល​គេ​ថា គេ​អត់​ចុះ​ឲ្យ​” នៅ​សង្កាត់​វាលវង់ ទៅ​ប៉ុន្មាន​ដង​អត់​ជួប​អញ្ចឹង គាត់​លែង​ទៅ​។ គាត់​សួរថា គេ​ត្រូវការ​អត្តសញ្ញាណប័ណ្ណ ហើយ​ហ្នឹង​ប័ណ្ណបោះឆ្នោត​ឲ្យតែ​ខ្ញុំ​មាន​មួយសន្លឹក​គេថា គេ​ធ្វើឲ្យ​ហ្មង​»​។​ ​ស្មៀន​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា លោក ជុំ យឿន បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ដែល​ថា​ទៅ​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​អាជ្ញាធរ​មិន​ចុះ​ឲ្យ​នោះ​។ លោក​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​សាក្សី​ពីរ​នាក់ សង្កាត់​និង​ចុះ​ឈ្មោះ​ឲ្យ «​បាន​ធានា​ពីរ​នាក់​ហ្នឹង គឺ​យើង​អាចធ្វើ​បាន អត់​មាន​អត្តសញ្ញាណប័ណ្ណ អត់​មាន​អីហ្នឹង យើង​ត្រូវ​ហៅ​ពីរ​នាក់ ដើម្បី​ចុះ​ឈ្មោះ​ធានា​ថា​គាត់​មាន​ឈ្មោះ​នៅ​ហ្នឹង  ធ្វើ​ជា​សាក្សី គេ​មាន​លិខិត​គេ​មាន​ទំរង់​គេ ដើម្បីឲ្យ​បានបោះឆ្នោត ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​ក៏​បាន​ដែរ អត់​អី​ទេ​»​។​ ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ តាម​ឧបសម្ព័ន្ធ​ទី​៥ សេចក្តីសម្រេច ស្តី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ក្នុង​ប្រការ​២ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០១៣ (​កើតមុន ឬ​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ១៩៩៥) ដែល​មិន​ទាន់​ចុះឈ្មោះ ឬ​បាន​ផ្លាស់​ទីលំនៅ​ចូល​ក្នុង​ឃុំ​-​សង្កាត់ មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​ក្នុង​ការិយាល័​ណាមួយ ក្នុង​ឃុំ​-​សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ​។​ ​ប៉ុន្តែ អតីត​អ្នក​បុរី​កីឡា ដែល​ត្រូវបាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច  បញ្ជូន​ឲ្យទៅ​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ និង​អ្នក​ដែល​មិន​ព្រម​ចាកចេញ​ពី​កន្លែងចាស់ បាន​បញ្ជ​ក់ថា ពួកគេ បាត់​ឯកសារ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ដោយសារ​ការបណ្តេញចេញ​ដោយ​ហិង្សា កាលពីដើមឆ្នាំ​២០១២​។ ​អ្នកសង្កេតការណ៍​ក្នុង​ការិយាល័យ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ការិយាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ អ្នកស្រី សំ ចាន់ណា​រី ឲ្យដឹងថា ពិតជា​មាន​អ្នក​បុរី​កីឡា​បាត់​សិទ្ធិ​បោះឆ្នោត​ពិតមែន ដោយសារ​អ្នក​ខ្លះ​ឈ្មោះ​ស្ទួន ខុស​ឈ្មោះ និង​អ្នកខ្លះ​ទៀត មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី ទើប​ប្រធាន​ការិយាល័យ​រៀបចំ​ការបោះ មិន​អនុញ្ញាត​ឲ្យ​បោះឆ្នោតទេ «​មីង ឈ្មោះ សឹម ម៉ា​រី  [​ត្រូវ​]​គេ​លុបឈ្មោះ​គាត់​ចោល​តែម្តង [​ប៉ុន្តែ​កាល​បោះឆ្នោត​] ឃុំ​សង្កាត់​មាន​។ ហើយ​ឈ្មោះ ជុំ ពិសី កាល​ឃុំ​សង្កាត់ ក៏​មាន​ឈ្មោះ​បោះឆ្នោត​ដែរ​[​ប៉ុន្តែ​]​គាត់​ទៅ​រក​ឈ្មោះ​បោះឆ្នោត គេ​លុបឈ្មោះ​គាត់​បាត់ នៅ​បាក់​ទូក​ទាំងអស់ គ្រាន់​តែ​ចំនួន​ខ្ញុំ​ដឹង គ្រាន់​តែ​ជួប​ខ្ញុំ​កាល​ខ្ញុំ​ធ្វើ​សង្កេតការណ៍​នៅ​មណ្ឌល​បោះ អ្នក​នៅ​ក្នុង​បុរី​កីឡា​២០​នាក់ ហ្នឹង​គ្រាន់​តែ​មួយ​ការិយាល័យ​ហ្នឹង​ទេ ។ ហើយ​ខុសពី​ការិយាល័យ​ហ្នឹង ក៏​បាត់​ឈ្មោះ​ច្រើន​ដែរ គាត់​ខ្លះ គាត់​អត់​មាន​អត្តសញ្ញាណប័ណ្ណ ខ្លះ​មាន​ទម្រង់​១០.១៨ កាល​គាត់​ទៅ​បោះ​ឃុំ​សង្កាត់​បាន​ទៅ​បោះ ខ្លះ​មាន​បោះ​ឃុំ​សង្កាត់ ដល់​គាត់​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ គេ​បំបិទ​[​លុប​]​ឈ្មោះ​គាត់​ចោល ខ្លះ​គេ​ដូរ​ទីតាំង ទៅ​បោះឆ្នោត​ចឹង ឈ្មោះ​គាត់​គេ​បោះ​ជំនួស​បាត់ ហើយ​ខ្លះ​ឈ្មោះ​គាត់​ស្ទួន​លើ​គ្នា ឈ្មោះ​គាត់​មាន​ហ្នឹង ហើយ មាន​នៅ​មួយកន្លែង​ទៀត គេ​បោះ​ជំនួស​ឈ្មោះ​គាត់​»​។​ ​ប្រធាន​គណៈកម្មការ​ទទួល​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ លោក ភោគ លី​ណា មានប្រសាសន៍ថា ចំពោះ​ករណី​អតីត​អ្នក​បុរី​កីឡា​បាត់​សិទ្ធិ​បោះឆ្នោត គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប្រធាន​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​ទទួលយក​ពាក្យបណ្តឹងរ​បស់​គាត់​ទេ «​ថ្ងៃទី​២៩[​ខែកក្កដា ឆ្នាំ​២០១៣] ទើប​ខ្ញុំ​បាន​ធ្វើបណ្តឹង​ដាក់​ទៅខាង​អ្នករៀបចំ​បោះឆ្នោត សង្កាត់​គេ​ហៅថា SEC[​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ឃុំ​-​សង្កាត់​]​ទីតាំង​SEC នៅ​សាលា​បាក់​ទូក ហើយ​ថ្ងៃ​ខ្ញុំ​យក​ពាក្យបណ្តឹង​ទៅ​ដាក់​នោះ មាន​លោក ពៅ ស​ង្វា ជា​ចៅ​[​សង្កាត់​]​រង​មុខ​ទីមួយ សង្កាត់​អូ​ឬ​ស្សីទី​មួយ​ទៅ​ជាមួយ​ផង ហើយ​នៅ​ទីនោះ​មាន​មន្ត្រី​ការិយាល័យ​បោះឆ្នោត​សង្កាត់ គេ​ហៅថា SEC ហ្នឹង​ជាច្រើនរូប​បាន​បដិសេធ​បណ្តឹង​របស់​ខ្ញុំ ដែលថា បណ្តឹង​ហ្នឹង​ពួក​គាត់​អត់​មាន​សិទ្ធិ​ទទួល​ទេ រឿង​លុបឈ្មោះ រឿង​បាត់ឈ្មោះ​អី​ហ្នឹង​»​។​ ​ករណីនេះ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត ខណ្ឌ​៧​មករា លោក សួន វុទ្ធី​យ៉ា បានទេ​។​ ​ស្មៀន​សង្កាត់​វាលវង់ លោក ជុំ យឿន មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​កន្លងមក សង្កាត់​មិន​បាន​ទទួល​ពាក្យបណ្តឹង​ពី​តំណាង​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ «​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​សង្កាត់ ខ្ញុំ​សួរ ដូច​ថា វា​អត់​មាន​ឃើញ​ថា គេ​មាន​បណ្តឹង​មក អត់​»​។​ ​ប៉ុន្តែ លោក ភោគ លី​ណា ឆ្លើយតប​នឹង​ស្មៀន​សង្កាត់​វាលវង់ វិញ​ថា បន្ទាប់​ពី​បោះឆ្នោត​បាន​មួយថ្ងៃ គាត់​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​ព្រម​ទទួល​នោះទេ «​ចំពោះ​ខាង រៀបចំ​ការបោះឆ្នោត​សង្កាត់​ដែល​មាន​ទីតាំង​នៅ​បាក់​ទូក គាត់​បដិសេធ​ហ្នឹង គឺ​ខ្ញុំ​សូម​ឆ្លើយតប​ទៅ​វិញ​ថា គឺ​ខ្ញុំ​បាន​ទៅ​ផ្ទាល់​តែម្តង​បាន​លោក ពៅ ស​ង្វា ជា​អ្នក​អមដំណើរ​ខ្ញុំ​ទៀត​បាទ គឺ​ទៅ​រួមគ្នា ទៅ​ដល់​ទីនោះ​តែម្តង មិនមែន​ខ្ញុំ​និយាយ​បង្ខូច ឬ​ចង់​មួលបង្កាច់​ទេ ហើយ​បណ្តឹង​នោះ​ខ្ញុំ​បាន​រក្សាទុក​ដល់ សព្វថ្ងៃ ដែល​ជា​ភស្តុតាង​»​។​ ​ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ យល់ឃើញថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​ពី​គណបក្ស​នយោបាយ និង​ពន្យារពេល​ចុះ​ឈ្មោះ​ឲ្យ​អតីត​អ្នក​បុរី​កីឡា ក្រោម​ហេតុផល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ពីព្រោះ​គេ​ដឹងថា អ្នក​ដែល​ត្រូវ​បណ្តេញចេញ​ទំនងជា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណា​ច ទើប​មន្ត្រី​ទាំងនោះ បង្ក​ភាពស្មុគស្មាញ​ដល់​ពលរដ្ឋ​ដែល​សុំ​សិទ្ធិ​បោះឆ្នោត «​ពេល​ដែល​ចុះ​ទៅ​កន្លែង​ថ្មី គេ​អត់​ព្រម​ចុះ​ឲ្យ​។ គេ​ឲ្យមក​បញ្ជាក់នៅ​កន្លែងដើម ហើយ​កន្លែង​ដើម​គេ​អត់​បញ្ជាក់​ឲ្យ​ទៀត អញ្ចឹង​ធ្វើឲ្យ​គាត់​មាន​បញ្ហា​ច្រើន​ទៅគាត់​បោះបង់​ការព្យាយាម ការចុះ​ឈ្មោះ​ហ្នឹង ចឹង​ធ្វើឲ្យ​គាត់​បាត់បង់​នូវ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់​។ បាទ​ហ្នឹង​គឺជា​ចេតនា​របស់​គណបក្ស​កាន់អំណាច​។ គាត់​ដឹង​ថា អ្នក​ដែល​ត្រូវ​គាត់​បណ្តេញចេញ នឹង​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​គាត់​ទេ តាម​តែ​យើង​ធ្លាប់​ឃើញ គឹ​ដូច​នៅ​បឹង​កក់ នៅ​បុរី​កីឡា គេ​ច្រើន​តែ​នាំ​អ្នកផ្សេង​មក​បោះ​ជំនួស​អ្នក​ហ្នឹង ដោយ​ប្រើ​ឈ្មោះ​អ្នក​ហ្នឹង​ឯង​»​។​ ​ស្មៀន​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា លោក ជុំ យឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​សរុប​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ ​ឆ្នោត នៅ​សង្កាត់​វាលវង់​មាន​ចំនួន​១៩២៧១​នាក់ ក្នុងនោះ អ្នក​បាន​បោះឆ្នោត​ចំនួន​១០៩៥៣​នាក់ និង​អ្នក​មិន​បាន​បោះ​មាន​ចំនួន​៨៣១៨​នាក់​។ លោក​បញ្ជាក់ថា អ្នក​មិន​បាន​បោះឆ្នោត​ដោយសារតែ​អ្នកខ្លះ​ធ្វើ​ចំណាកស្រុក ទទួលមរណភាព ឈ្មោះ​ស្ទួន និង​ផ្លាស់ប្តូរ​ទីលំនៅ​ថ្មី ដូចជា ទៅ​ទួលសំបូរ និង​ភ្នំ​បាត​ជាដើម​។​ ​ទាក់ទង​ករណី​នេះ​ដែរ​ប្រធាន​គណៈកម្មាការ​ទទួល​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​៧​មករា លោក ភោគ លី​ណា បានបង្ហាញ​របាយការណ៍​ថា នៅ​សង្កាត់​វាលវង់ អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប គឺ​ដូចគ្នា​នឹង​របាយការណ៍​របស់​ខណ្ឌ​៧​មករា​។ ប៉ុន្តែ លោក​ថា តួលេខ​សរុប​អ្នក​បាន​បោះឆ្នោត និង​អ្នក​មិន​បាន​បោះ​នៅក្នុង​សង្កាត់​វាលវង់​ខុស​គ្នា​ដោយហេតុថា ចំនួន​អ្នក​បាន​បោះឆ្នោត​ជាក់ស្តែង នៅក្នុង​ខណ្ឌ​៧​មករា លើស​តួលេខ​ដែល​ក្នុង​បញ្ជី​ឈ្មោះ របស់​សង្កាត់​វាលវង់​រហូតដល់​១០០​នាក់​។  រី​ឯ​ចំនួន​អ្នក​មិន​បាន​បោះឆ្នោត ក៏​លើស​១០០​នាក់ នៃ​ចំនួន​របាយការណ៍​របស់​សង្កាត់​វាលវង់ ផងដែរ​។​ ​អតីត​អ្នក​បុរី​កីឡា ដែល​ក្រុមហ៊ុន​បញ្ជូន​ទៅ​រស់នៅ​ទួលសំបូរ បាត់​សិទ្ធិ​បោះឆ្នោត​ ​អតីត​អ្នក​បុរី​កីឡា ចំនួន​៩២​គ្រួសារ ដែល​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បញ្ជូន​កាលពីដើមឆ្នាំ​២០១២ ឲ្យទៅ​នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​បុរី​កី​ទ្បា មាន​ពលរដ្ឋ ប្រមាណ​១០​នាក់ បាត់​សិទ្ធិ​បោះឆ្នោត​។​ បុរស​ជា​អតីត​អ្នក​បុរី​កីឡា ដែល​ត្រូវបាន​បញ្ជូន​ទៅ​នៅ​ទួលសំបូរ​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ការ​ដែល​ពួកគេ​ខ្លះ មិន បាន​ទៅ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ដោយសារ​ពលរដ្ឋ​ក្រីក្រ​ពិបាក​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ ដែល​មាន​ចំងាយ​១០​គីឡូម៉ែត្រ​ពី​ផ្ទះ «​វា​ចំឡែក​បំផុត ម៉ាក់​ខ្ញុំ បងប្អូន​ខ្ញុំ​បោះ​នៅ​វិទ្យាល័យ​បាក់​ទូក បើ​ថា​ឈ្មោះ​ខ្ញុំ​នៅ​សាលា​ចិន​ខិ ដែល​ហៅថា សាលា​នៅ​ជិត​អូឡាំពិក​ដដែល ដល់​ពេល​ចឹង​ទៅ ខ្ញុំ​គិត​លំបាក​ត្រង់​ថា យើង​ខាត​ពេលវេលា ដែល​យើង​ទៅ​ជិះ​ម៉ូតូ​ទៅ​ឆ្ងាយ ទៅ​បោះឆ្នោត​ទី​នោះ​។ ទី​ពីរ​ទៀត​មិន​មែន​ខ្ញុំ​ទេ មាន​គ្រួសារ​ខ្លះ​គាត់ អាណិត​គាត់​ដែរ ទៅ​រក​ឈ្មោះ​នៅ​ណោះ ឈ្មោះ​គាត់រ​កនៅ​ណេះ​អត់​ឃើញ ចឹង​ការលំបាក​របស់​គាត់ គាត់​ត្រូវ​ការរកស៊ី​ចិញ្ចឹមជីវិត គាត់​អត់​ដែរ ចឹង​គាត់​ត្រូវទៅ​រកមើល​ឈ្មោះ ទៅ​មើល​នៅ​នោះ ឃើញ​នៅ​ណោះ ចឹង​គាត់​ទៅ​បោះ​នៅ​ណោះ ចឹង​វា​ច្រើន វា​ពិបាកចឹងប​ង​»​។​ ​អ្នកស្រី ថាច់ ហឿង អាយុ​៥១​ឆ្នាំ ដែល​ត្រូវបាន​ឲ្យទៅ​រស់នៅ​ទួលសំបូរ រៀបរាប់ថា ដោយសារតែ​ជីវភាព​ក្រីក្រ អ្នកស្រី​សម្រេចចិត្ត​យក​ប័ណ្ណបោះឆ្នោត​ទៅ​បញ្ចាំ នៅ​អង្គការ​ដែល​មាន​ស្ថាប័ន នៅ​រាជធានី​ភ្នំពេញ​។ អង្គការ​នោះ​មានឈ្មោះ​ថា អង្គការ​ប្រជាជាតិ​ហិរញ្ញវត្ថុ​ទំនាក់ទំនង​ខ្ចីប្រាក់ (PF)​។ អ្នកស្រី​ថា​គាត់​ខ្ចីប្រាក់​ពី​អង្គការ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ​អ្នកស្រី ថាច់ ហឿង បញ្ជាក់ថា នៅក្នុង​ថ្ងៃ​បោះឆ្នោត​គាត់​បាន​យក​ប័ណ្ណបោះឆ្នោត​ថតចម្លង បង្ហាញ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​សង្កាត់​ព្រៃវែង​ខណ្ឌ​ដង្កោ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​អនុញ្ញាត​ឲ្យ​គាត់​បោះឆ្នោត​ទេ «​ខ្ញុំ​ឈឺ​ចឹង ខ្ញុំ​គ្មាន​អី ខ្ញុំ​មើលខ្លួន ខ្ញុំ​យក​លុយ​អង្គការ ដល់​ពេល​ចឹង​យកអា​ស្ស៊ី​ន​[ ច្បាប់ដើម​] ទៅ ពេល​ហ្នឹង​ខ្ញុំ​ហ្វូ​តូ​យក​ទៅ​បោះ គេ​អត់ឲ្យ​បោះទេ ទាំង​ពីរ​នាក់​ម៉ែកូន​) “​ហេតុ​អី​បានជា​មីង​យក​ក្រដាស​បោះឆ្នោត​ហ្នឹង យក​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​គេ​” ព្រោះ​អី​កូន​ខ្ញុំ​ទៅ​ធ្វើការ គ្នា​អត់​មាន​អី​ទេ ណា​មួយ​ខ្ញុំ​ឈឺ ដេក​មួយកន្លែង ខ្ញុំ​ពិការ​ទៅ ង៉ាប់​មួយ​ចំហៀងខ្លួន​កាល​នៅ​បុរី​កីឡា​ម្ល៉េះ​? គេ​ថា បើ​គ្មាន​អា​ស្ស៊ី​ន​[ច្បាប់ដើម​]  មិនបាច់​បោះ​ទេ ទៅ​ផ្ទះ​ទៅ គេ​ថា​ចឹង គេ​ដេញ​ខ្ញុំ​ឲ្យមក​ផ្ទះ​»​។​ ​អាយុ​៣១​ឆ្នាំ អ្នកស្រី ប៉ែន ហន ដែល​មិន​ទាន់​ទទួលបាន​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច មានប្រសាសន៍ថា ក្នុង​ប័ណ្ណបោះឆ្នោត​របស់គាត់ ក៏​មាន​ដាក់​លេខ​ការិយាល័យ​០០៣២ និង​ទីតាំងនៅ​វិទ្យាល័យ​បាក់​ទូក ប៉ុន្តែ​អ្នកស្រី​ថា នៅក្នុង​ថ្ងៃ​បោះឆ្នោត ស្រាប់តែ​មន្ត្រី​ការិយាល័យ​ប្រាប់ថា គាត់​មិន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះទេ «​ខ្ញុំ​សួរ​ថា នៅ​ឃុំ​សង្កាត់ ខ្ញុំ​បាន​បោះ ហើយ​គេ​គ្រប់គ្រាន់​ដែល​ទៅ​បោះ​ជាមួយ​ខ្ញុំ​បាន​បោះ ចា​! ដល់​ពេល​អញ្ចឹង ឈ្មោះ​ខ្ញុំ​អត់​មាន​បោះ ខ្ញុំ​ឆ្ងល់​ណាស់ ហើយ​ខ្ញុំ​ក៏​តូចចិត្ត​ជាងគេ រឿង​ខ្ញុំ​មាន​ក្រដាស​បោះឆ្នោត​ពេញសិទ្ធិ ដែល​អត់​បាន​បោះ អ្នកខ្លះ​គាត់​មានតែ​ចុងសន្លឹក​មួយ​ក៏​គេ​ទៅ​បាន​បោះ​ដែរ ពីរ​អាណត្តិ​ហើយ ដែល​ខ្ញុំ​បាន​បោះ​។ អាណត្តិ​នេះ ខ្ញុំ​អត់​បាន​បោះ ដ៏​រួច​ខ្ញុំ​អត់​តូចចិត្ត​ទេ ខ្ញុំ​ទៅ​សួរ​នៅ​កន្លែង​សង្កាត់​ខ្ញុំ ខ្ញុំ​គេ​ថា អ៊ុំ​ហេតុ​អី​ខ្ញុំ​មាន​ក្រដាស​បោះ​និង​គេ ហេតុ​អី​ខ្ញុំ​អត់​មាន​ឈ្មោះ​បោះឆ្នោត​និង​គេ​អញ្ចឹង​។ គេ​ឆ្លើយ​ថា ឥឡូវ​ចាំ​អាណត្តិ​ក្រោយ​ចាំ​បោះ បង​ឯង​ទៅ​សួរ​អ្នក​ដែល​គ្រប់គ្រង​បង​ឯង​នៅ​ទួលសំបូរ​វិញ​ទៅ​»​។​ ​ឆ្លើយតប​នឹង​ករណី​នេះ ចៅសង្កាត់​ព្រៃវែង លោក គង់ សំអុល មានប្រសាសន៍ថា អតីត​អ្នក​បុរី​កីឡា​ដែល​មក​រស់នៅ​ទួលសំបូរ​ប្រមាណ​៩០​គ្រួសារ​នោះ ភាគច្រើន​បាន​បោះឆ្នោត​។ លោក​បញ្ជាក់ថា អ្នក​មិន​បាន​បោះ​នៅ​ទួលសំបូរ ដោយសារតែ​មាន​អ្នកខ្លះ​ខុស​ឈ្មោះ ដូរ​ឈ្មោះ និង​ខ្លះទៀត​បោះ​នៅ​វិទ្យាល័យ​បាក់​ទូក​ជាដើម «​ដូច​អត់​មាន​បញ្ហា​រឿង​អត់​មាន​បោះ ខ្លះ​ទៀត​គាត់​ទៅ​បោះ​នៅ​បាក់​ទូក នៅ​សង្កាត់​របស់​គាត់ សង្កាត់​វាលវង់ វា​ដូច​អត់​មាន​អ្នក​មិន​បាន​បោះ ខ្ញុំ​មើល​ទៅ​ដូច​មិនៗ​មាន បើ​មាន​ចេះ​មាន​ខុស​មួយ​គ្រួសារ ពីរ​គ្រួសារ​ដែរណា ម្នាក់ ពីរ​នាក់​ដែរណា ហើយ​មាន​ការជជែក​គ្នា​រឿង​ឈ្មោះ​ហ្នឹង​វា​ខុស​អក្ខរាវិរុទ្ធ​អញ្ចឹង​ទៅ​ណាស់​។ អញ្ចឹង​វា ពិបាក​នឹង​សម្រួល​ដែរ ព្រោះ​វា​មាន​ភ្នាក់ងារ​វា​ច្រើន គេ​មិន​សុខចិត្ត​ថា ភាគច្រើន​គាត់​បាន​បោះ​តែម្តង ទូទៅ​ព្រោះ​គាត់​មក​ធ្វើ​បញ្ជាក់​អត្តសញ្ញាណ​នៅ​សង្កាត់​ហ្នឹង​ច្រើនណាស់​»​។​ ​អាយុ​៤៥​ឆ្នាំ​អ្នកនាង វ៉ាន់ ធី​ដា បច្ចុប្បន្ន​ប្រកបមុខរបរ​ស៊ីឈ្នួល​ច្រូតស្រូវ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​វ័យ​ជិត​៧០​ឆ្នាំ រួម​ជាមួយ​ក្មួយ​កំព្រា​៥​នាក់ នៅក្នុង​បន្ទុក បច្ចុប្បន្ន​កំពុង​រស់នៅ​ក្រោម​កៅស៊ូ​តង់ ជិត​វាលស្រែ ស្ថិតនៅ​ភូមិ​ទួលសំបូរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។  អ្នកនាង វ៉ាន់ ធី​ដា ឲ្យដឹងថា មុន​ថ្ងៃ​បោះឆ្នោត​គាត់​បាន​កាន់​លិខិត​បញ្ជាក់​អត្តសញ្ញាណ និង​បង្កាន់ដៃ​បញ្ជាក់​ការចុះឈ្មោះ​បោះឆ្នោត​នៅ​វិទ្យាល័យ​បាក់​ទូក ដែល​មាន​លេខ​ការិយាល័យ​០៩៥៥ ទៅ​ផ្ទៀង​ឈ្មោះ​នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ និង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ប៉ុន្តែ​រក​ឈ្មោះ មិនឃើញ «​ពី​មុន​ខ្ញុំ​នៅ​បុរី​កីឡា ខ្ញុំ​បាន​បោះ​រាល់​ឆ្នាំ ហើយ​ដល់​ពេល​ខ្ញុំ​មក​ហ្នឹង​គេ​ឈូស​មក​ខ្ញុំ​អត់​បាន​បោះ វា​បាត់​ឈ្មោះ​ចឹង ខ្ញុំ​មាន​ឯកសារ​ត្រឹមត្រូវ ដើរ​រក​ឈ្មោះ​ខ្ញុំ វា​អត់​មាន​។ គេ​ថា​អត់​ដឹង ខ្ញុំ​មិនដឹង​ទេ បង​ឯង​ទៅ​រក​ទៅ ខ្ញុំ​មិនដឹង​ទេ ព្រោះ​ខ្ញុំ​ជួយ​រក​ហើយ អត់​ឃើញ​ឈ្មោះ ដើររក​គ្រប់​គ្នា​ហើយ​វា​អត់​ឃើញ​ឈ្មោះ​ហ្នឹង​»​។​ អ្នក​សង្កេតការណ៍​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក យ៉ា វ៉ែង​ហ៊ុល មានប្រសាសន៍ថា មុន​ថ្ងៃ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៥ លោក​បាន​ប្រាប់​ទៅ​ក្រុម​ការងារ ដាក់​ពាក្យបណ្តឹង​ទៅ​ប្រធាន​ការិយាល័យ​បោះឆ្នោត​សង្កាត់​ព្រៃវែង ពី​ករណី​អតីត​អ្នក​បុរី​កីឡា​ប្រមាណ​ជិត​១០​នាក់ ដែល​បាត់​សិទ្ធិ​បោះឆ្នោត ប៉ុន្តែ​មិន​មាន​ការឆ្លើយតប​ពី​មន្ត្រី​នោះទេ «​ខ្ញុំ​បានឲ្យ​ចៅសង្កាត់រង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ដាក់​ពាក្យបណ្តឹង​រៀបចំ​ហ្នឹង ដើម្បី​ឲ្យ​ប្តឹងទៅ SEC តែ​SEC ហ្នឹង ក៏​គ្មាន​ឃើញ​ឲ្យដំណឹង​អីមក​ខ្ញុំ​អត់​) “​ពេល​ប្តឹងទៅ​ប្រធាន​SEC គេ​ថា​ម៉េច​ដែរ ប្រធាន​SEC” អត់​មាន​ឲ្យដំណឹង អត់​មាន​អី​ឲ្យសោះ មកទល់​រាល់ថ្ងៃ គ្មាន​ថា យ៉ាងម៉េច វា​យ៉ាង​ម៉េច ស្ទួន​ឈ្មោះ​ម៉េច បាត់​ឈ្មោះ​ម៉េច គ្មាន​ប្រាប់​យើង​ទេ​»​។​ ​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត​សង្កាត់​ព្រៃវែង លោក ណាំ​ង ណែន បានទេ​។​ ​ចៅសង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក គង់ សំអុល មានប្រសាសន៍ថា នៅ​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​ពុំមាន​តំណាង​គណបក្ស​នយោបាយ​ណាមួយ ឬ​ពលរដ្ឋ​មកប្តឹង ទាក់ទង​នឹង​ករណី​បាត់​សិទ្ធិ​បោះឆ្នោត​នោះ​ទេ​។ ​អគ្គលេខាធិការ គជប​លោក ទេព នីថា មានប្រសាសន៍ថា បើសិន​ជា​អ្នក​ដែល​ត្រូវបាន បណ្តេញ​ចេញ​ឲ្យទៅ​កន្លែង​ថ្មី ហើយ​មាន លិខិត​ផ្ទេរ​លំនៅឋាន​ពី​កន្លែងចាស់ ឬ​សៀវភៅ​គ្រួសារ​ជា​ដើម ពលរដ្ឋ​ទាំង​នោះ​អាច​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីតាំង​ដែល​ខ្លួន​កំពុង​រស់នៅ​អចិន្ត្រៃយ៍​នោះ​បាន​។ ប៉ុន្តែ ប្រសិនបើ អាជ្ញាធរ​នៅ​ទីតាំង​ថ្មី​មិន​ធ្វើឲ្យ ពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីឲ្យ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​បាន តាមច្បាប់ «​អំពី​ការចុះ​ឈ្មោះ​បោះឆ្នោត ក្នុងករណី​ដែល​គាត់​អត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។ គេ​បដិសេធ​អត់​ចុះ​ឈ្មោះ​ឲ្យ​គាត់ គាត់​ទៅ​ប្តឹង​ដើម្បី​សុំ​ចុះ​ឈ្មោះ​វិញ ហើយ​ក្នុង​ករណី​អាជ្ញាធរ​នោះ​បំពាន គាត់​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ ប្តឹង​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មិន​ចុះ​ឈ្មោះ​ឲ្យ​គាត់​ទៀត គាត់​អាច​ប្តឹង​មក​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ទីមួយ សុំ​ចុះ​ឈ្មោះ​បោះឆ្នោត ទី​ពីរ ដើម្បី​ប្តឹង​ពី​នាក់​ដែល​មិន​ចុះ​ឈ្មោះ​ឲ្យ​គាត់​»​។​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់ និ​កហ្វិច​(Nicfec)​លោក ហ្ស​ង ពុទ្ធា មានប្រសាសន៍ថា ការបញ្ជូន​ពលរដ្ឋ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ហើយ​ធ្វើឲ្យ​ពលរដ្ឋ​បាត់​សិទ្ធិ​បោះឆ្នោត គឺ​អាជ្ញាធរ​ជា​អ្នកទទួលខុសត្រូវ​លើ ករណីនេះ «​អាជ្ញាធរ​ត្រូវ​តែមាន​តួនាទី​នៅ​ពេល​ដែល​គាត់​ប្តូរ​អាសយដ្ឋាន​ហើយ​ត្រូវ​រៀបចំ ឬ​ក៏​បង្ក​លក្ខណៈ​បែប​ណា ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​បោះឆ្នោត​បាន​។ ផ្ទុយទៅវិញ​បើសិនជា​មាន​ការប្តូ​រ​កន្លែង​រស់នៅ ហើយ​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​មិនបាន បង្ក​លក្ខណៈ​ឲ្យ​គាត់​បាន​បោះឆ្នោត​ទេនោះ គឺជា​ការរំលោភ​សិទ្ធិ​បោះឆ្នោត អាជ្ញាធរ​ត្រូវ​តែ​[​ទទួលខុសត្រូវ​]​ចំពោះ​មុខ​ច្បាប់​»​។​ ទាក់ទង​នឹង​ករណី​ដឹកជញ្ជូន​ពលរដ្ឋ​ពី​បុរី​កីឡា ទៅ​ទីតាំង​ថ្មី អភិបាលខណ្ឌ ៧​មករា លោក សោម សុវណ្ណ មិន​ឆ្លើយ​សំណួរ​របស់​VOD ដោយ​លោក​បញ្ជាក់ថា​លោក​ទើប​ជាប់ឆ្នោត​អាណត្តិ​ក្រោយ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ឲ្យ​សួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ​។ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ ថា មិន​គួរ​សួរ​រឿង​ជម្លៀស អតីត​ប្រជា​សហគមន៍​អ្នក​បុរី​កីឡា​នេះ​ទេ​។ លោក​បាន​បង្វែរ​សំណួរ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​វិញ «​ខ្ញុំ​គិតថា យើង​កុំ​គួរ​បក​ក្រោយ អី ព្រោះ​បច្ចុប្បន្ននេះ​យើង យើង​អ្វី​ដែល​ជា​រឿង​បញ្ហា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​វិញ​។ ដូច្នេះ បើ​យើង​បក​ទៅក្រោយ ខ្ញុំៗ​អត់​មាន​អី​ជម្រាប​អត្ថាធិប្បាយ​ជូន​បាន តែ​គ្រាន់​ថា រឿង​អស់នេះ​ខ្ញុំ​គិតថា គួរ​បាន​តែ​បញ្ជាក់​ជាមួយនឹង​ខាង​គណៈកម្មាការ​រាជធានី​រៀបចំ​ការបោះឆ្នោត​វិញ ត្រឹមត្រូវ​ជាង​»​។​ ​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​រាជធានី លោក លុន ឆេង​កៃ មានប្រសាសន៍ថា បន្ទាប់ពី​អាជ្ញាធរ​ជម្លៀស​អតីត​អ្នក​បុរី​កីឡា គាត់​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​ឯកសារ​ឲ្យ​ពួកគាត់​រួចហើយ ប៉ុន្តែ​អ្នក​ដែល​បាត់​សិទ្ធិ​បោះឆ្នោត​លោក​មិន​ដឹង​នោះទេ «​ពួក​ហ្នឹង​ទៅ​ចុះ គេ​ឲ្យទៅ​ចុះ មិន​ដូច​គេ​និយាយ​ឯណា ព្រោះ​ខ្ញុំ​បាន​អន្តរាគមន៍​ឲ្យ​ឆាប់​ចុះទៅ ឲ្យ​ដែល​មានឈ្មោះ​ទៅ រូ​ច​គេ​រៀបចំ ហើយ​គេ​រៀបចំ​ឯកសារ​ឲ្យ រួច​ត្រង់​គាត់​ទៅ​មិន​ទៅ​ខ្ញុំ​មិន​ដឹង​ទេ វា​ដល់​គេ​លើក​និយាយ​អញ្ចឹង ខ្ញុំ​មិន​មាន​យោបល់​ទេ​»​។​ ​អតីត​អ្នក​បុរី​កីឡា ដែល​ក្រុមហ៊ុន​យកទៅ​ដាក់​នៅ​ភ្នំ​បាត ខេត្ត​កណ្តាល បាត់​សិទ្ធិ​បោះឆ្នោត​ ​អតីត​អ្នក​បុរី​កីឡា ប្រមាណ​១៤០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ឲ្យទៅ​រស់នៅ​កន្លែង​ថ្មី ស្ថិតនៅ​ភូមិ​ស្រះ​ពោ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល កាលពីដើមឆ្នាំ​២០១២ ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​៤០​គីឡូម៉ែត្រ​ពី​កន្លែងចាស់​។ ក្នុង​នោះ​អ្នក​មិន​បាន​បោះឆ្នោត​មាន​ប្រមាណ​១០​នាក់​។​ ​អតីត​អ្នក​បុរី​កីឡា អាយុ​៦៩​ឆ្នាំ អ្នកស្រី សុខ សារឿ​ន អង្គុយ​លើ​អង្រឹង ក្រោម​សំយាបផ្ទះ ស្ថិតនៅ​ភូមិ​ស្រះ​ពោ ស្រុក​ពញាឮ ខេត្ត​កណ្តាល រៀបរាប់​ទាំង​ទឹកភ្នែក​ថា​កាលពី​មុន​គាត់​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​លេខ ០៣៦៨ នៅ​បាក់​ទូក សង្កាត់​វាលវង់ រាជធានី​ភ្នំពេញ ប៉ុន្តែ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ជូន​គាត់ ឲ្យមក​រស់នៅ​ភូមិ​ស្រះ​ពោ អាជ្ញាធរ​ក្រុង​បាន​ផ្ទេរ​ឈ្មោះ​របស់​គាត់​ឲ្យមក​ទីតាំង​ថ្មី​នេះ​។ ​ទោះជា​យ៉ាងណា មុន​ថ្ងៃ​បោះឆ្នោត អ្នកស្រី សុខ សារឿ​ន​បាន​យក​លិខិត​ផ្ទេរ​ពី​កន្លែងចាស់ ទៅ​សុំ​ធ្វើ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ពី​មេឃុំ​ផ្សារ​ដែក ដើម​ត្រៀម​បោះឆ្នោត ក៏​ប៉ុន្តែ​មេឃុំ​មិន​ព្រម​ចុះ​ឈ្មោះ​ឲ្យ​ទេ​។ អ្នកស្រី​អះអាងថា មូលហេតុ​ដែល​គាត់​មិន​រក​សាក្សី​ពីរ​នាក់ ដោយសារ​គាត់​មិន​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ធ្វើដំណើរ​ទៅ​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ម្យ៉ាងទៀត អ្នក​ដែល​អាជ្ញាធរ​បណ្តេញ​មក​ដូចគ្នា មិន​មាន​សាក្សី​គ្រប់គ្រាន់ ហេតុអ្វី​ក៏​គេ​មាន​សិទ្ធិ​បោះឆ្នោត «​គេ​ឈូស​ឆាយ​ផ្ទះ យើង​ហើយ គេ​ឲ្យ​យើង​មក​ហ្នឹង បើ​យើង​មិន​មក​ទេ អត់​មាន​ដី​នៅ អត់​មាន​ផ្ទះ​នៅ មក​សុំ​គេ​បោះឆ្នោត គេ​អត់ឲ្យ​បោះ សុំ​គេ​យ៉ាងម៉េច​? សុំ​ក្រដាស​បោះឆ្នោត បញ្ជាក់​ពី​ភូមិ​ឃុំ​មក​គេ​អត់​ធ្វើឲ្យ គេ​ថា​គេ​អត់​ធ្វើ​ទេ ទាល់តែ​មាន​សាក្សី​មក​គ្រប់គ្រាន់​សិន​។ គេ​គ្រប់គ្នា​គេ​ធ្វើ​សំបុត្រស្នាម​មក​បាន​បោះ ត្រង់​យើង​គេ​អត់​ធ្វើឲ្យ​ជិត​ខាងគេបាន ណោះ​ក៏បាន “​តែ​គេ​ចាំបាច់​មាន​សាក្សី​ចឹង​អត់​?” អត់​មាន គេ​គ្រាន់តែ​បង្ហាញថា ប័ណ្ណគ្រួសារ​ហ្នឹង​គេ​បាន “​ដល់​ពេល​មីង​បង្ហាញ​គេ​អត់ឲ្យ​»​។​ ​អតីត​អ្នក​បុរី​កីឡា អ្នកស្រី វូ ចាន់នី ឲ្យដឹងថា មុន​២​ខែ​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គាត់​បាន​យក​លិខិត​ផ្ទេរ​ពី​បុរី​កីឡា ទៅសុំ​អាជ្ញាធរ ស្រះ​ពោ ខេត្ត​កណ្តាល ឲ្យចេញ​ប័ណ្ណ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត ប៉ុន្តែ​អាជ្ញាធរ​មិន​ធ្វើឲ្យ​ទេ​ដោយ​អាជ្ញាធរ​លើកឡើ​ង​ថា​ហួស​ពេលធ្វើ​លិខិតបញ្ជាក់​អត្តសញ្ញាណ​នោះ​ហើយ «​យើង​នៅ​ចាស់​ណោះ យើង​មាន​ឯកសារ​របស់​យើង​គ្រប់គ្រាន់​។ យើង​ដឹង​តែ​ចូល​ទៅ​បោះ តែ​មកណេះ យើង​នៅ​ឲ្យ​ផ្ទេរ ឲ្យ​យើង​ចឹ​ង​អីហ្នឹង​ណាស់ ”​ផ្ទេរ​ម៉េច​ខ្លះ​?” ឲ្យ​យើង​ផ្ទេរ​ជា យើង​ធ្លាប់​នៅ​ភ្នំពេញ ដ៏​ចឹង​យើងម​កនៅ​ណេះ គេ​ឲ្យ​យើង​ផ្ទេរសិទ្ធិ ផ្ទេរ​ដូច​ថា យើង​ឈប់​នៅ​បុរី​កីឡា​ចឹង​។ គេ​ដាក់​ឈ្មោះ​នៅ​ស្រះ​ពោ​នេះ ពេល​ការ​ខ្ញុំ​ទៅ​ហ្នឹង​គេ​មិនទាន់​ប្រាប់​ខ្ញុំ​ទេ ទាល់តែ​មក​វិញ​បាន​ខ្ញុំ​ឮ​គេ​និយាយថា គេ​ឲ្យ​យើង​ទៅ​ផ្ទេរសិទ្ធិ​នៅ​ឃុំ នៅ​ស្រះ​ពោ “​មក​ភ្លាមៗ​គេ​អត់​ប្រាប់​ទេ​”?​។ គេ​អត់​មាន​ប្រាប់​ទេ ខ្ញុំ​ទៅ​សុំ​គេ ទៅសុំ​ប្រធានភូមិ គេ​ថា គេ​បិទ​ហើយ គេ​អត់​មាន​ធ្វើ​អី​ទៀត​ទេ ទាល់តែ​អាណត្តិ​ក្រោយ គេ​និយាយ​ចឹង​»​។​ ​ប្រតិទិន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​ចុះ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៣ ឲ្យដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់ ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៣​។​ អតីត​អ្នក​បុរី​កីឡា អាយុ​២៩​ឆ្នាំ អ្នកស្រី ខាន់ ស្រី​ពៅ ឲ្យដឹងថា អ្នក​ដែល​ត្រូវបាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ជម្លៀស​ពី​កន្លែងចាស់ ឲ្យមក​រស់នៅ​កន្លែង​ថ្មី អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបចំ​ទីតាំង​បោះឆ្នោត​សម្រាប់​អ្នក​បុរី​កីឡា ស្ថិត​នៅ​សាលារៀន អដ្ឋរស្ស ស្រុក​ពញាឮ ដែល​មាន​ការិយាល័យ​លេខ​០៧១៧​។ ​ប៉ុន្តែ​អ្នកស្រី ខាន់ ស្រី​ពៅ ឲ្យដឹង​ទៀត រូប​គាត់​ផ្ទាល់​បាន​បោះឆ្នោត​នៅ​ការិយាល័យ​០៧១៧​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នកស្រី​ថា ទីតាំង​បោះ​ឆ្នោត​ថ្មី​បង្ក​ការលំបាក​ច្រើន​ជាង​កន្លែងចាស់ «​មុន​ខ្ញុំ​នៅ ខ្ញុំ​នៅ​បុរី​កីឡា​វា​ស្រួល​ជា​គេ​ជំលៀស​ខ្ញុំ​មក​ណេះ មកណេះ​ខ្ញុំ​ពិបាក​ការ ធ្វើដំណើរ​ទៅ​កន្លែង​ទីតាំង​បោះឆ្នោត​វា​ឆ្ងាយ​ពេក​ពី​ព្រោះ​យើង​ទៅ​យើង​ត្រូវការ​ជិះ​ម៉ូតូឌុប ពីព្រោះ​យើង​ដើរ​ទៅ​វា​ឆ្ងាយ ហើយ​ខ្ញុំ​អត់​មាន​លុយ អត់​មាន​អី​ជិះ​ទៅចឹង និយាយ​រួម​ជិះ​ទៅ​៥​ពាន់ មក​៥​ពាន់ ខ្ញុំ​ខាត​តាំងពី​ការ​វេលា​ខ្ញុំ ធ្វើការ​ហើយ​នឹង​ខាត​សោហ៊ុយ ខាត​លុយ​ជិះ​ទៅ​»​។​ ​ឆ្លើយតប​ករណីនេះ ស្មៀន​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា លោក ជុំ យឿន​មានប្រសាសន៍ កាលណា​អាជ្ញាធរ​ក្រុង​ធ្វើ​ស្ថិតិ បញ្ជូន​អ្នក​សហគមន៍​ទៅ​ទីតាំង​ថ្មី ឈ្មោះ​នៅ​កន្លែង​ចាស់​ត្រូវ​លុប​ដោយ​ស្វ័យប្រវត្តិ​។ លោក​បញ្ជាក់ថា ចំពោះ​ករណី​ដែល​ពលរដ្ឋ​បាត់​សិទ្ធិ​បោះឆ្នោត ពេល​សុំ​ចុះ​ឈ្មោះ​នៅ​ទីតាំង​ថ្មី គឺ​អាជ្ញាធរ​មូលដ្ឋាន​នៅ​កន្លែង​ថ្មី​ជា​អ្នកទទួលខុសត្រូវ «​ក្នុងនាម​រាជធានី គេ​ចាត់ចែង ដើម្បី​ដក​ពី​បុរី​កីឡា ទៅ​នៅ​ភ្នំ​បាត ដក​ពី​នេះ​ទៅ​ទួលសំបូរ គឺ​ត្រូវតែ​ទៅ​ដោយ​ស្វ័យប្រវត្តិ ត្រូវ​អាជ្ញាធរ​នោះ ទទួលស្គាល់​ហ្មង ហើយ​ដ៏​ឆ្លើយថា មិន​ទទួលស្គាល់ អា​ហ្នឹង សំខាន់​អាជ្ញាធរ​នៅ​នោះ វា​មិន​ត្រូវ​ថា​មិន​ទទួលស្គាល់ មិនចឹង​»​។​ ​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល លោក អ៊ុក សុគន្ធា មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក ពិតជា​មាន​អ្នក​បាត់​សិទ្ធិ​បោះ​ឆ្នោត​មួយ​ចំនួន​មែន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​មិន​បាន​បោះឆ្នោត ជាក់លាក់​នោះទេ «​បើ​គាត់​ខុស​ឈ្មោះ ត្រូវ​ទាក់ទង​ជាមួយនឹង​បញ្ជី​បោះឆ្នោត គជប គាត់​មក​អត់​មានឈ្មោះ ខុស​ជាមួយនឹង​ឯកសារ​គាត់​កាន់​។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​គាត់​បោះ​ដែរ ប៉ុន្តែ​ក្នុង​ករណី​ខុស ស្រៈ អា ឬ​ខុស​ត្រកូល ត្រូវ ថ្ងៃ ខែ ឆ្នាំ កំណើត​មាន​លក្ខខណ្ឌ​គេ ទីលំនៅ​ដូច​ឈ្មោះ ត្រូវ​ថ្ងៃ ខែ​ត្រូវ ឆ្នាំ​ត្រូវ ខុស​ខែ ខុស​ថ្ងៃ​មួយ​ថ្ងៃ ឬក៏​អី​មាន​ប៉ុន្មាន​យើង​អាច​ឲ្យបាន​។ យើង​អាច​ឲ្យ​គាត់​បោះ អត់​មាន​អត់ឲ្យ​គាត់​បោះ​ទេ សំខាន់ឲ្យ​កាន់​លក្ខខណ្ឌ​ត្រឹមត្រូវ​មក​»​។​ ​នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា ការបញ្ជូន​ពលរដ្ឋ​ពី​កន្លែងចាស់ ទៅ​កន្លែង​ថ្មី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ការ​បាត់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​។ លោក​ថា​ការធ្វើ​ឲ្យ​បាត់សិទ្ធិ​បោះឆ្នោតនោះ គឺជា​កំហុស​របស់​អាជ្ញាធរ មិនមែន​កំហុស​ពលរដ្ឋ​នោះទេ «​បើ​មាន​ការដូរ​ហ្នឹង​ខាង​អាជ្ញាធរ​មូលដ្ឋាន ទីមួយ រាយការណ៍​ទៅ គេ​ថា ខ្សែ​បណ្តោយ​ខ្លួន​ឯង ទៅ​ខេត្ត​ទៅ​ស្រុក អីចឹង​ទៅ ទាល់តែ​ទទឹម​នឹង​ហ្នឹង ក៏​កុំ​ភ្លេច ដោយសារ​យើង យើង​ត្រូវ​ដឹងថា ឃុំ​-​សង្កាត់​គេ​មាន​តួនាទី​ជា​អ្នក​ចុះបញ្ជី​បោះឆ្នោត​។ ដូច្នេះ ឃុំ​-​សង្កាត់​ខ្លួនឯង​ត្រូវតែ​ជួយ​សម្រួល ប្រជាពលរដ្ឋ​យ៉ាងណាឲ្យ​គេ​អាច​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កន្លែង​ថ្មី​។ កន្លងមក​រដ្ឋាភិបាល ឬ​ក៏​អាជ្ញាធរ​ត្រូវតែ​បន្ទោស​ប្រជាពលរដ្ឋ ម៉េច​ក៏​មិនចេះ​មើល មិនចេះ​អីចឹង​»​។​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា ការឆ្លើយ​ដោះ​សារ​របស់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ថា​ពលរដ្ឋ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ពន្យារពេល​មិន​ធ្វើ​លិខិតបញ្ជាក់​អត្តសញ្ញាណ ឬ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ពលរដ្ឋ ទាំងនោះ ដោយ​មន្ត្រី​ទាំងនោះ​លម្អៀង​ទៅ​បក្ស​កាន់​អំណាច «​ភាគច្រើន​ធ្វើ​កិច្ច​ការ​ឲ្យ​គណបក្សនយោបាយ​ច្រើន​នៅក្នុង​ឃុំ​សង្កាត់​។ ម្លោះ​ហើយ​វា​មាន​បញ្ហា​ទំនាស់​ផលប្រយោជន៍​ក្នុង​ការអនុវត្ត​ការងារ​របស់​គាត់ ប៉ុន្តែ​គាត់​អាច​ធ្វើ​ទៅ​ដោយ រាប់​មិន​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ទូទៅ​អាណេះ​ជា​បញ្ហា ព្រោះ​គាត់​ជា​អ្នក​កាន់​ឲ្យ​គណបក្ស​របស់​ខ្លួន ផង ទៅ​ឃោសនា​ផង ទៅ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ផង ទៅ​ធ្វើ​កិច្ចការ​ច្រើន ដើម្បី​ផលប្រយោជន៍​គណបក្ស​។ កាលណា​គាត់​ធ្វើ​កិច្ចការ​ណា​ដែល​វា​ជា​បម្រើ​ឲ្យ​ជា​ទូទៅ​ឃើញ​មាន​បញ្ហា ទាក់ទិន​នឹង​រឿង​នយោបាយ រឿង​បោះឆ្នោត​បោះ​អីហ្នឹង ជា​រឿង​បញ្ហា​ដែល​គេ​រកឃើញ ហើយចឹង​ទៅ​ពេល​ណា​ដែល​គាត់​អនុវត្ត​ដោយ​មាន​ជំហរ​អព្យាក្រិត​ហ្នឹងឃើញ​មាន​មាន​បញ្ហា ដូច​ជា​ក្រុមប្រឹក្សា​ឃុំ ម្លោះ​ហើយ​គាត់​ធ្វើ​កិច្ចការងារ ក្នុង​អារម្មណ៍​ផ្អៀង​ទៅ​គណបក្ស វា​ជា​រឿង​ធម្មជាតិ​ដែល​គាត់​ច្រើនចឹង​ទៅ រីឯ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​យើង វា​ឲ្យ​មន្ត្រី​មេឃុំ មេ​អី ធ្វើ​កិច្ចការ​ហ្នឹង វា​បញ្ហា​តែ​ម្តង​»​។​ ​នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​ទីតាំង​ដែល​អតីត​អ្នក​បុរី​កីឡា​ចំនួន​៩២ គ្រួសារ​ត្រូវ​អាជ្ញាធរ​ឲ្យ​រស់នៅ​ទីនោះ គឺ​ពួកគេ​ចំនួន​១០​នាក់ មិន​បាន​បោះឆ្នោត​ទេ​។ ប៉ុន្តែ ស្មៀន​សង្កាត់​ព្រៃវែង​លោក អ៊ុន ចន្ថា មានប្រសាសន៍ថា ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៣៩៧៨​នាក់ អ្នក​បាន​បោះឆ្នោត​មាន​ចំនួន​៣២៦០​នាក់ និង​អ្នក​មិន​បាន​បោះឆ្នោត​មាន​ចំនួន​៧១៨​នាក់​។ លោក​បញ្ជាក់ថា អ្នក​ដែល​មិន​បាន​បោះឆ្នោត ដោយសារ​អ្នក​ខ្លះ​មិន​បាន​ទៅ​ចុះឈ្មោះ ឈ្មោះ​ស្ទួន ខុស​ឈ្មោះ និង​មួយចំនួនទៀត មានឈ្មោះ តែ​មិន​ទៅ​បោះ ដោយសារ​តែ​ធ្វើ​ចំណាកស្រុក​ជាដើម​។​ ​តំណាង​អតីត​អ្នក​បុរី​កីឡា អ្នកស្រី ខា​វ ឡៃ ជា​អ្នក​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ នៅ​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល  ឲ្យដឹងថា អតីត​អ្នក​បុរី​កីឡា ប្រមាណ​១៤០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ឲ្យទៅ​រស់នៅ​តំបន់​នោះ​។ ពួកគេ​យ៉ាងតិច​១០​នាក់ មិន​បាន​បោះឆ្នោត​ទេ​។​ ​ប៉ុន្តែ​ជំទប់​ទី​២​របស់​ឃុំ​នេះ លោក ឌុ​ក​សឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​៥៦៤៤​នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​បោះឆ្នោត មាន​ចំនួន​៤៨២៨​នាក់ អ្នក​មិន​បាន​បោះឆ្នោត​មាន​ចំនួន​៨១៦​នាក់​។​ ​របាយការណ៍​របស់​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ស្តី​ពី​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​ការបណ្តេញចេញ​លើ​ក្រុម​គ្រួសារ នៅ​រាជធានី​ភ្នំពេញ ចុះ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១១ បង្ហាញថា នៅ​រាជធានី​ភ្នំពេញ មាន​សហគមន៍ ចំនួន​៧៤ (​មាន​ជាង​១០ ០០០​គ្រួសារ (១១,៩២២) និង​ប្រជាជន​៣២,៤៤០​នាក់ ដែល​រង​ផល​ប៉ះពាល់​ពី​ការបណ្តេញ​ចេញ​នៅ​ឆ្នាំ​២០១១​។​ ​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ ឲ្យដឹងថា នៅ​ឆ្នាំ​២០១២ ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញចេញ​ពី​រាជធានី​ភ្នំពេញ ឲ្យទៅ​នៅ​ជាយ​រាជធានី  មាន​៦១១​គ្រួសារ និង​ឆ្នាំ​២០១៣ មាន​ចំនួន​១២​គ្រួសារ​។​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា កាលពី​ឆ្នាំ​២០១២ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១ ២០០ ០០០​នាក់ ក្នុងចំណោម​ជាង​៩ ០០០ ០០០​នាក់ បាត់​សិទ្ធិ​បោះឆ្នោត​។ លោក​បញ្ជាក់ថា អ្នក​ដែល​បាត់​សិទ្ធិ​បោះឆ្នោត​ទាំង​នោះ​រួមមាន ខុស​ឈ្មោះ ឈ្មោះ​ស្ទួន ទទួលមរណភាព និង​ខ្លះទៀត​ត្រូវបាន​អាជ្ញាធ​រលុបឈ្មោះ​ពី​បញ្ជី និង​មួយចំនួនទៀត​ធ្វើ​ចំណាកស្រុក​ជាដើម​។​ ​តាម​របាយការណ៍​ចុះ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ចំនួន​អ្នកបោះឆ្នោត​សរុប​ជាង​៩ ០០០ ០០០​នាក់ (៩,៦៧៥,៤៥៣) ប៉ុន្តែ​អ្នក​បាន​បោះឆ្នោត​មាន​ជាង​៦ ០០០ ០០០​នាក់ (៦,៦២៧,១៥៩) ។​ ​អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា ចំនួន​អ្នក​មិន​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ​ជា​ជិត​៣ ០០០ ០០០​នាក់ ក្នុងចំណោម ៩ ០០០ ០០០​នាក់​នោះ ដោយសារ​តែ​អ្នក​ទាំងនោះ ភាគច្រើន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស និង​ខ្លះទៀត ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ និង​ក្នុង​ប្រទេស​ជាដើម​។​ ការសន្និដ្ឋាន​ តាមរយៈ​ការស្រាវជ្រាវ​នេះ ឲ្យដឹងថា ការបាត់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​តំបន់​បុរី​កីឡា មាន​កត្តា​៣​យ៉ាង គឺ​ទី​១ ពលរដ្ឋ​មិន​យកចិត្តទុកដាក់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ទី​២ អាជ្ញាធរ​បង្ករ​ការលំបាក​ច្រើន​នៅពេល​ពលរដ្ឋ ទៅ​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទី​៣. អាជ្ញាធរ​ប្រកាន់​បក្សពួក និង​មាន​ការរើសអើង​ពី​គណបក្ស​នយោបាយ ជាដើម​។ ទាក់ទង​និង​ករណី​នេះ សង្គម​ស៊ីវិល និង​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​ឲ្យដឹងថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​ព្រម​ទទួល​ចុះឈ្មោះ ពន្យា​ពេល និង​ប្រកាន់​បក្សពួក​បែបនេះ ទំនង​ជា​មន្ត្រី​ទាំងនោះ ដឹងថា ពលរដ្ឋ​ដែល​បញ្ជូន​ឲ្យទៅ​ទីតាំង​ថ្មី មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណា​ច​នោះទេ  ទើប​បង្ក​ភាពស្មុគស្មាញ​ដល់​ពលរដ្ឋ​ដែល​សុំ​សិទ្ធិ​បោះឆ្នោត​។ ភាពស្មុគស្មាញ​ទាំងនោះ​រួមមាន អាជ្ញាធរ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យក​លិខិត​បញ្ជាក់​ពី​កន្លែង​ប្តូរ​ទីលំនៅ​ចាស់ សៀវភៅ​ស្នាក់នៅ រូបថត​២​សន្លឹក សាក្សី​ពីរ​នាក់ ជាដើម បើ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទេ អាជ្ញាធរ​លើក​ពេល ដោយ​ថា​ជាប់រវល់​។ ហេតុផល​ទាំងនេះ ធ្វើឲ្យ​អ្នក​ដែល​ត្រូវ​គេ​បណ្តេញចេញ​ជួប​បញ្ហា​លំបាក​ច្រើន មិន​មាន​ពេល​គ្រប់គ្រាន់ សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ទីតាំង​សុំ​ចុះ​ឈ្មោះ ពីព្រោះ​ជីវភាព​ក្រ​លំបាក ទើប​ធ្វើឲ្យ​គាត់​បាត់​សិទ្ធិ​បោះឆ្នោត​។​ ​រីឯ​ពលរដ្ឋ​មួយ​ចំនូ​ន​ដែល​បាត់​សិទ្ធិ​បោះឆ្នោត មួយចំនួនទៀត មិន​យកចិត្តទុកដាក់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ខ្លួនឯង ដោយសារ​ពួកគេ​ធ្វើការ​ចំណាកស្រុក មណ្ឌលបោះឆ្នោត​ឆ្ងាយ​ពី​កន្លែង​រស់នៅ ជីវភាព​ក្រីក្រ រីឯ​អាជ្ញាធរ​ក៏​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យមាន​ទូលំទូលាយ​ជាដើម​។​ ​អនុសាសន៍​ ​ក្រុម​អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត ផ្តល់​អនុសាសន៍​ថា ច្បាប់​និង​នីតិវិធី​គោលនយោបាយ ព្រមទាំង​យន្តការ​ទាក់ទិន​នឹង​ការបោះឆ្នោត​ត្រូវធ្វើ​វិសោធកម្ម ដោយ​ធ្វើ​កំណែទម្រង់ គជប​ដូចជា ដូរ​ប្រព័ន្ធ​ចុះឈ្មោះ បោះឆ្នោត ការបំពេញ​ទម្រង់​បែបបទ​សុំ​ចុះ​ឈ្មោះ​ផ្សេងៗ​ទៀត​ជា​ដើម ធ្វើយ៉ាងណា​កុំឲ្យ​មាន​នីតិវិធី​ស្មុគ្រស្មាញ​។ គជប ត្រូវ​បង្កើត​នីតិវិធី​ពិសេស​មួយ សម្រាប់​អ្នក​ដែល​ប្រឈម និង​អ្នក​ដែល​ត្រូវ​បាន​បណ្តេញចេញ ពី​កន្លែង​ដើម ឲ្យទៅ​រស់នៅ​កន្លែង​ថ្មី​។ នីតិវិធី​ពិសេស​នោះ រួមបញ្ចូល​ទាំង​ភារកិច្ច អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​តួនាទី​ចុះបញ្ជី បោះឆ្នោត​ផង ដោយ​អាជ្ញាធរ​ដែល​នៅ​កន្លែង​ដើម ត្រូវ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ និង​ចេញ​អត្តសញ្ញាណប័ណ្ណ ឬ​ផ្ទេរ​ពី​កន្លែងចាស់​ទៅ​កន្លែង​ថ្មី និង​ត្រូវ​បញ្ជូន​បញ្ជី​ផ្ទេរ​ឈ្មោះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ភា្ល​មៗ ដើម្បី​ធានា​ថា ការចុះឈ្មោះ​បោះឆ្នោត ប្រកបដោយ​សេរី និង​យុត្តិធម៌​។​ជា​ពិសេស​ទៀត​នោះ មន្ត្រី​ដែល​មាន​តួនាទី​ចុះបញ្ជី​អ្នកបោះឆ្នោត​នៅ​ឃុំ​-​សង្កាត់ ត្រូវបំពេញ​នាទី​របស់​ខ្លួន ដោយ​អព្យាក្រិត្យ​។​ ​ម្យ៉ាងទៀត ដើម្បី​ឲ្យ​ការកែទម្រង់ គជប នៅ​អាណត្តិ​ក្រោយៗ​ទៀត​ទទួលបាន​តម្លាភាព ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត ជំរុញ​ឲ្យ​គជប​ត្រូវ​ប្រកាស​ជា​សាធារណៈ ជ្រើសរើស​មន្ត្រី គជប ដោយ​ធ្វើឡើង​តាមរយៈ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង ឲ្យមាន​តម្លាភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គជប ត្រូវ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ ដោយ​មាន​សមាសភាព​ចូលរួម​ពី​គណបក្ស​នយោបាយ​ពាក្យ​ព័ន្ធ និង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ធ្វើជា​អាជ្ញាកណ្តាល​៕  ​ ​សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com និង​លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​គឺ​ចង់ឲ្យ​មាន​អាជ្ញាកណ្តាល​ឯករាជ្យ​ក្នុង​ការរៀបចំការ​​បោះឆ្នោត​

ថ្ងៃទី12 ធ្នូ 2013, 09:29 AM

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដែល​ចូលរួម​ការ​ប្រារព្ធ​ទិ​វា​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​២០១៣​នេះ​ជាមួយ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ឆន្ទៈ​ពិត​របស់​ពួកគេ ចង់ឲ្យ​មាន​អាជ្ញា​កណ្តា​ល​មួយ ដែល​ត្រូវតែ​ឯករាជ្យ​សម្រាប់​រៀបចំ​ការបោះឆ្នោត​។​ ​ការទាមទារ​នេះ ត្រូវបាន​លើកឡើង ក្នុង​ពិធី​អបអរសាទរ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ក្រោម​ប្រធានបទ​«​យើងទាំងអស់គ្នា​លើកស្ទួយ និង​ការពារ យុត្តិធម៌​សង្គម​»​ដែល​​រៀបចំ​ដោយ​ក្រុម​សង្គម​ស៊ីវិល​។ ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ​ដែរ ដោយ​មាន​ប្រធានបទ​«​យើង​ទាមទារ​សិទ្ធិ​ក្នុង​ការជ្រើស​រើស​មេដឹកនាំ​»​។​ ​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ពោធិ៍ នៅ​កែង​សួនច្បារ​សណ្ឋាគារ សាន់វេ ទល់មុខ​សា្ថនទូត​​អាមេរិក បន្ទាប់​ពី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ ប្រជាពលរដ្ឋ​មួយ​ក្រុម មកពី​ខេត្ត កំពង់​ចាម​ នៅក្នុង​ដៃ​មាន​កាន់​កាបូប ឬ​ថង់​ដាក់​សម្ភារ​ផ្សេងៗ ភាគច្រើន​ពូក​គាត់​មាន​បង់ ក ក្រមា ​និង​ពាក់មួក​ដែលមាន​ចង​បូ​ពណ៌​លឿង រំលេច​ដោយ​ពាក្យ​មួយ​ឃ្លា​ថា​«​យើង​ទាមទារ​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​»​។​

​ការ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការបោះឆ្នោត​បាន​ជួយ​បង្កើន​សំឡេងឆ្នោត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​

ថ្ងៃទី5 ធ្នូ 2013, 09:02 AM

​របាយការណ៍​មួយ​ដែល​ចងក្រង​ឡើង​ដោយ​សម្ព័ន្ធ​អង្គការ​សិទ្ធមនុស្ស ដែល​មានឈ្មោះ​ថា ​សម្ព័ន្ធ​កែ​ទម្រង់​ការ​បោះឆ្នោត បាន​ប៉ាន់ប្រមាណ​ថា​ មាន​ការ​ចេញ​លិខិតបញ្ជាក់​អត្ត​សញ្ញា​ណ​បម្រើអោយ​ការបោះឆ្នោត​ប្រមាណ​​ ១,៥​លានសន្លឹក ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណត្តិ​ទី​៥​។​ ​របាយការណ៍​រកឃើញ​ថា ការ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​មាន​ចំនួន​ច្រើន​ និង​គ្មាន​មូលហេតុ​ច្បាស់លាស់ ដោយ​អ្នក​បោះឆ្នោត​បាន​ប្រើប្រាស់​ប័ណ្ណ​បញ្ជាក់​អត្តសញ្ញាណ​នេះ​។ របាយការណ៍​បង្ហាញ​ថា​ នៅ​ខេត្ត​ព្រៃវែង​មាន​ការ​ចេញ​លិខិត​នេះ​ចំនួន​រហូត​ដល់​១៨​ភាគរយ ប៉ុន្តែ​អ្នក​បោះឆ្នោត​ដែល​ប្រើប្រាស់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នេះ​នៅក្នុង​ខេត្ត​​បន្ទា​យ​មានជ័យ​មាន​ចំនួន​តិចជាង​២​ភាគរយ​។ ​របាយការណ៍​បាន​កត់សម្គាល់​ថា តំបន់​ដែល​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន និង​មាន​ការប្រើប្រាស់​ឯកសា​រ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​អោយ​ការបោះឆ្នោត​ច្រើន​នោះ គណបក្ស​ប្រ​ជាជន​កម្ពុជា​ទទួលបាន​សម្លេងគាំទ្រ​ច្រើន​។​ ​ផ្អែក​តាម​ការិយាល័យ​បោះឆ្នោត​ដែល​គេ​យក​ធ្វើជា​គំរូ​នៅ​ទូទាំង​ប្រទេស ​និង​ដែល​មាន​ការអង្កេត​ពី​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃ​បោះឆ្នោត​នោះ​បាន​បង្ហាញថា​ មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការប្រើប្រាស់​លិខិតបញ្ជាក់​អត្ត​ញ្ញាណ​បម្រើអោយ​ការបោះឆ្នោតជា​មួយ​នឹង​សម្លេង​ឆ្នោត​គណបក្ស​ប្រជាជន​ដែល​ទទួលបាន​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To