ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

អ្វីទៅ​ជារោគសញ្ញា​ជំងឺ​អេ​បូ​ឡា?​

ដោយ៖​ ខាន់ លក្ខិណា​ | ថ្ងៃចន្ទ ទី27 តុលា 2014, 06:05 PM, (2)

តើ​ជំងឺអេ​បូឡា​ជា​អ្វី​?

  • ជំងឺអេបូ​ឡាជា​ជំងឺ​បង្ក​ដោយ​វី​រុស​អេ​បូ​ឡា     មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​     និង​មាន​អត្រា​ស្លាប់​ខ្ពស់
  • អ្នក​មាន​ជំងឺ​អេ​បូឡា​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត
  • ឆាប់​រហ័ស​ព្យា​បាល​ អាច​បង្កើន​ឱកាស​ជា​សះ​ស្បើយ​ច្រើន
  • គ្មាន​ឱសថ​ព្យា​បាល​ជាក់លាក់​        ឬ​វ៉ាក់​សាំង​សម្រាប់​បង្ការ​ជំងឺ​អេ​បូ​ឡា​នៅ​ឡើយ​ទេ​

តើ​ជំងឺអេ​បូ​ឡា​ចម្លង​យ៉ាង​ដូច​ម្ដេច​?

  • ឆ្លង​តាម​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ         ប៉ះ​ពាល់​ផ្ទាល់ជា​មួយ​ឈាម ​និង​ទឹក​រំ​អិល​ ​សរីរាង្គ​(ឧ.​ទឹកនោម ​ញើស កំអួត​​ ទឹកមាត់​ ទឹក​កាម​ សំបោរ​ និង​ទឹក​ភ្នែក​)​ របស់​អ្នក​ជំងឺ
  • ឆ្លង​តាម​ការ​ប៉ះ​ពាល់​សាក​សព​ដែល​ស្លាប់​ដោយ​ជំងឺអេ​បូ​ឡា
  • អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​ចម្លង​គឺ​៖
  • សមាជិក​គ្រួសារ​ និង​អ្នក​ថែ​ទាំអ្នកជំងឺ
  • បុគ្គលិក​សុខាភិបាល

តើ​ជំងឺ​អេ​បូ​ឡា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?

រោគ​សញ្ញា​កើត​មាន​ឡើង​ពី​២​ទៅ​២១​ថ្ងៃ​ ក្រោយ​ប៉ះ​ពាល់​អ្នក​កើត​ជំងឺ​អេ​បូ​ឡា ឬក្រោយ​ប៉ះ​ពាល់​សាក​សព​ដែល​ស្លាប់​ដោយ​សារ​ជំងឺអេ​បូ​ឡា​។ ​អ្នក​ជំងឺអាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​នៅ​ពេល​ចេញ​រោគ​សញ្ញា​។

រោគ​សញ្ញា​របស់​ជំងឺ​អេ​បូ​ឡា​ មាន​ដូច​ខាង​ក្រោម​នេះ​៖

  • រោគ​សញ្ញា​ដំបូង​ 
  • គ្រុន​ក្ដៅ​(>៣៨,​៥​oc​)​ អស់​កម្លាំង​ ឈឺ​ក្បាល​ ឈឺ​ក​ ឈឺ​សាច់​ដុំ
  • រោគ​សញ្ញា​បន្ទាប់​
  • ក្អួត​ រាគ​ កន្ទួល​ក្រហម​ ចេញ​ឈាម​

ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ការ​ជំងឺ​អេ​បូ​ឡា​?

  • ជៀស​វាង​ប៉ះ​ពាល់​អ្នក​ជំងឺអេ​បូ​ឡា​ ឬ​ទឹក​សរីរាង្គ​អ្នក​ជំងឺ​
  • ឧស្សាហ៍​លាង​ដៃ​ជា​មួយ​ទឹក​ និង​សាប៊ូ​ ឬ​អាកុល​
  • កុំ​ប៉ះ​ពាល់​អ្នក​ជំងឺ​ ឬ​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​ជំងឺអេ​បូ​ឡា​
  • បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​​ សូម​ប្រញាប់​ទៅ​កាន់​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​អ្នក​បំផុត​

តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​អ្នក​ឈឺ​?

  • ប្រញាប់​ទៅ​កាន់​មន្ទី​ពេទ្យ​
  • នៅ​ដាច់​ដោយ​ឡែក​ពីអ្នក​ដទៃ​ ដើម្បី​កុំ​ឲ្យ​ឆ្លង​បន្ត​
  • ការ​ព្យាបាល​គាំ​ទ្រ​វេជ្ជ​សាស្រ្ត​ឲ្យ​បាន

ប្រភពដកស្រង់​ពី​ក្រសួង​សុខាភិបាល

 

សរសេរមកកាន់កញ្ញា ខាន់ លក្ខណា តាមរយៈkhanleakhena@yahoo.com 


Tags:

5843

Lin | ថ្ងៃចន្ទ ទី27 តុលា 2014, 09:37 PM

ទៅព្យាបាល??តើជាបានទេ??

hour | ថ្ងៃអង្គារ ទី16 ធ្នូ 2014, 07:12 PM

i like VOD hot news

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
​ក្រសួង​ប្រកាស​ឲ្យ​បន្ត​ទប់ស្កាត់​ជម្ងឺឆ្លង​ថ្មី​កើតចេញពី​មូស​ខ្លា​

ថ្ងៃទី30 មករា 2016, 09:18 AM

​ក្រសួង​សុខាភិបាល ប្រកាស​ឲ្យ​មន្ត្រីក្រោមឱវាទបន្ត​ទប់ស្កាត់ ជម្ងឺឆ្លង​ថ្មី​ម្យ៉ាង ដែល​កំពុង​រា​ត​ត្បាត នៅ​ប្រទេស​មួយចំនួន លើ​ពិភពលោក ហើយ​ពួកគេ​បារម្ភ​ថា ជម្ងឺ​នេះ​អាច​នឹង​ឆ្លង​ដល់​ប្រទេស​កម្ពុជា ជាថ្មីទៀតតាមរយៈ​ម៉ូ​ស​ខ្លាខាំ​។​ ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នេះឲ្យដឹងថា ដើម្បី​ត្រៀម​លក្ខណៈ​និង​បង្ការ​ជម្ងឺឆ្លង​ថ្មី ដែល​បណ្តាល​មក​ពី​វី​រ៉ី​ស​ហ្សីកា​(Zika)​ក្រសួង​សុខាភិបាល ក្រើនរំឭក​ឲ្យ​ប្រធាន​មន្ទីរ រាជធានី ខេត្ត ត្រូវ​ផ្សព្វផ្សាយ អប់រំ​ដល់​ពលរដ្ឋ និង​ពង្រឹង​ប្រព័ន្ធ​តាមដាន ទប់ស្កាត់ទៅ​និង​ជម្ងឺឆ្លង​ថ្មី​នេះ​។​

មន្ត្រីសុខាភិបាល​បញ្ជាក់​ថាកម្ពុជាមានហានិភ័យទាបក្នុងការឆ្លងជំងឺវីរុសZika

ថ្ងៃទី29 មករា 2016, 01:15 PM

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឲ្យដឹងថាប្រទេសកម្ពុជាមិនមានការព្រួយបារម្ភទេចំពោះកត្តា​នៃការឆ្លងជំងឺវីរុសZika ដែលឆ្លងតាមរយៈមូសខ្លាខាំ។​ ប្រធាននាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក លីសូវណ្ណ បានមាន​ប្រសាសន៍​​ប្រាប់វីអូឌី​នៅថ្ងៃសុក្រនេះថាប្រទេសកម្ពុជា​មានហានិភ័យទាបក្នុងការឆ្លងនៃវីរុសZika ដោយសារកត្តាតំបន់ កត្តាមូសខ្លានិងកត្តាហ្សែនរបស់មនុស្សផ្ទាល់។ ប្រទេសកម្ពុជាធ្លាប់កើតមានករណីជំងឺ​វីរុស​Zikaនេះ​១ករណី​កាលពី​​ឆ្នាំ២០១០ ហើយ​ជា​សះស្បើយវិញនិង​ពុំ​រកឃើញ​មាន​ទៀត​ទេ​រហូត​មកដល់​បច្ចុប្បន្ន​។ លោក លី សូវណ្ណ បន្ថែមថាជំងឺZikaនេះមិនមែនជាការព្រួយបារម្ភរបស់កម្ពុជានោះទេ ជំងឺដែលគួរបារម្ភនោះមានដូចជាគ្រុនឈាម រលាកស្រោមខួរនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាជាដើម។ ទោះយ៉ាងណាលោកបញ្ជាក់ថាក្រសួងសុខាភិបាលនៅតែបន្តការតាមដានវីរុសZikaនេះ ក្រែងមានករណីប្រែប្រួលកើតឡើង។   គួរបញ្ជាក់ថាកាលពីថ្ងៃ២៤ខែមករា ឆ្នាំ២០១៦ នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល ​បាន​សរសេរ​នៅលើ​ទំ​ពរ័​ហ្វេស​ប៊ុ​ក​របស់​ខ្លួនថាប្រទេស​កម្ពុជា​មាន​មន្ទីរពិសោធន៍​ក្នុងការ​ធ្វើ​តេស្ត​រក​វីរុសZikaដែរ។ ក្រសួងក៏​ចាត់​វិធានការ​ក្នុង​ការពង្រឹង​តាមដាននិងពិគ្រោះ​យោបល់​ចំពោះ​ពលរដ្ឋ​ដែលវិល​ត្រឡប់​ពីប្រទេសអាហ្វ្រិកនិងអាមេរិក​វិញ​ ហើយ​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​នេះ​។​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ដដែល​ឲ្យដឹងថា​ជំងឺ​វីរុសZika នេះ​ឆ្លង​តាមរយៈ​មូស​ខ្លា​ដែល​មាន​រោគសញ្ញា​គ្រុនក្ដៅ​ស្រាល ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ឈឺភ្នែក ឈឺ​សន្លាក់ ហើយ​អាច​ជា​វិញ​ក្នុង​រយៈពេល ២​ទៅ៧​ថ្ងៃ​។ នាយក​រដ្ឋា​ន​នេះ​បញ្ជាក់ថាវីរុសZika​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាលឬ​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ប៉ុន្តែ​មាន​ករណី​តិចតួច​ណាស់​ដែល​អាច​វិវត្ត​ធ្ងន់ធ្ងរ​ ដែលអាចទៅ​ជាទន់​ដៃ​ជើង ស្លាប់​ទារកក្នុង​ផ្ទៃនិងទារកកើតមក​ក្បាល​ទារក​តូចខុសប្រក្រតី​ជាដើម​៕ សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com

លោក ហ៊ុន សែន អំពាវនាវឲ្យ​​ពលរដ្ឋឈប់ជក់បារី​ ក្រោយពីលោក​ផ្តាច់ជក់បានជិត​២ឆ្នាំ

ថ្ងៃទី28 មករា 2016, 07:50 AM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាពលរដ្ឋឲ្យ​ឈប់ជក់បារី ក្រោយពីលោកបានផ្តាច់​ការជក់បារីទាំងស្រុងរហូតមដល់ពេលនេះមានរយៈពេល២២ខែ​មកហើយ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក​ដែល​មាន​អ្នក​ចុចចូលចិត្ត(Likes)ជាង​២លាននាក់​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាក្រោយពីចូលកងទ័ព លោកបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ ហើយការជក់នៅពេលនោះដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និង​សត្វល្អិតខាំ។ លោកបន្ថែមថា៖ “ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀននិងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ធ​ជននៅអង្គភាពខ្ញុំស្ទើរតែ១០០% ដែលចេះជក់បារី ។ កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី”។ លោកនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថានៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតមកទល់ខែមីនា ឆ្នាំ២០១៤ លោកបានព្យាយាមឈប់ជក់បារីចំនួន១២លើក។ លោកមានប្រសាសន៍ថា៖ “ចំពោះរឿងរ៉ាវដែលខ្ញុំចងចាំនិងគួរឲ្យ​ខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីទាំងភ្ញៀវជាតិនិងអន្តរជាតិថាប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី។ ខ្ញុំនិយាយជាភាសាខ្មែរផងនិងភាសាអង់គ្លេសផងធ្វើឲ្យភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំង។ ប៉ុន្តែជាការគួរឲ្យ​សោកស្តាយដែលខ្ញុំមិនអាចធ្វើបាន”។ លោក ហ៊ុន សែន បានសរសេរ​បន្ត​ថា​៖ “ខ្ញុំមិនអាចណែនាំទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសសំអាតផ្ទះខ្លួនឯងមិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រិយមិត្តដែលលេងហ្វេសប៊ុកបានចូលបានដាក់សំណួរថា(តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថាគឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារីទាំងនៅគ្រប់ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត(Electric Cigarette) ទាំងថ្នាំបៀម និងស្ករបៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង”។ បើតាមនាយករដ្ឋមន្រ្តី គិតពីខែមីនា ឆ្នាំ២០១៤ មកទល់បបច្ចុប្បន្ននេះមានរយៈពេល២២ខែ ដែលលោកបានផ្តាច់បារីចោលបានទាំងស្រុង។ លោកមានប្រសាសន៍ថា៖ “រយៈពេល២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារី ដែលពីមុនខ្ញុំតែងតែរត់ចេញឬពន្លត់បារីចោលភ្លាមពេលចៅៗមកលេងម្តងៗឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់”។ លោក ហ៊ុន សេន បញ្ជាក់ថា៖ “ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវចំពោះប្រជាជនដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ។ ចំពោះយុវជន យុវនារីដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើងនិងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ”។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ថ្លែងថាប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣០នាក់ បានស្លាប់ដោយសារជំងឺទាក់ទងនឹងការជក់បារីក្នុងមួយថ្ងៃ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១២ បង្ហាញថាអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជាសរុប៩៦៦៩នាក់ ក្នុងនោះស្ត្រី៣២២៣នាក់និងបុរសចំនួន៦៤៤៦នាក់។​ គួរបញ្ជាក់​ថា​ក្រសួងសុខាភិបាលនឹងចាប់ផ្តើមអនុវត្តការផាកពិន័យលើផលិតករ អ្នកនាំចូល អ្នកចែកចាយ អ្នកលក់ដុំផលិតផលថ្នាំជក់និងអ្នកលក់រាយគ្រប់ប្រភេទ ដែលមិនគោរពតាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យមានការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពលើកញ្ចប់បារី ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ចែងថាផលិតផលថ្នាំជក់ដែលផលិតក្នុងស្រុកឬនាំចូលសម្រាប់ចែកចាយ លក់និងប្រើប្រាស់នៅកម្ពុជា ត្រូវបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាព ត្រូវមានភាពងាយមើល ច្បាស់លាស់ មិនហើរពណ៌ មិនរលុប មិនត្រួតគ្នាលើកញ្ចប់ផលិតផលថ្នាំជក់។ អនុក្រឹត្យចែងបន្ថែមថាផលិតផលថ្នាំជក់ដែលផលិតក្នុងស្រុក ឬនាំចូលសម្រាប់ចែកចាយ លក់ និងប្រើប្រាស់នៅកម្ពុជា ត្រូវបោះពុម្ពអក្សរដិតពណ៌សលើផ្ទៃពណ៌ខ្មៅនៅផ្នែកខាងលើជាប់សារព្រមានសុខភាពជារូបភាព។ បើតាមអនុក្រឹត្យ សមត្ថកិច្ចរបស់មន្រ្តីអធិការកិច្ចផលិតផលថ្នាំជក់នៃក្រសួងសុខាភិបាលនឹងផាកពិន័យផលិតករថ្នាំជក់ក្នុងស្រុកនិងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំនួន៤លានរៀល បើមិនធ្វើតាមការកំណត់។ អ្នកចែកចាយនិងអ្នកលក់ដុំផលិតផលថ្នាំជក់គ្រប់ប្រភេទ ដែលចែកចាយនិងលក់ផលិតផលថ្នំាជក់គ្មានសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពឬបិទបាំងដោយការវេចខ្ចប់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន២លានរៀល។ ចំពោះអ្នកលក់រាយផលិតផលថ្នាំជក់គ្រប់ប្រភេទដែលចែកចាយនិងលក់ផលិតផលថ្នាំជក់គ្មានសារព្រមាន​សុខភាពភាពជាភាសាខ្មែរនិងជារូបភាព ក៏ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១ម៉ឺនរៀល៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

​ក្រសួង​សុខាភិបាល​ត្រៀម​លក្ខណៈ​ទប់​ស្តាត់​វីរុស​Zika

ថ្ងៃទី24 មករា 2016, 05:02 PM

​ក្រសួង​សុខាភិបាល​ឲ្យដឹងថា ខ្លួន​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុង​ការចាត់វិធានការ​តឹងរឹងតាមដានជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស Zika ទោះបីជា​ករណី​ហានិភ័យ​បណ្ដាលមកពី​វីរុស​នេះ នៅមានកម្រិតទាប​នៅ​កម្ពុជា​ក៏​ដោយ​។​ ​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល ​បាន​សរសេរ​នៅលើ​ទំ​ពរ័​ហ្វេស​ប៊ុ​ក​របស់​ខ្លួន នៅ​ថ្ងៃ​នេះ​ថា ប្រទេស​កម្ពុជា​មាន​មន្ទីរពិសោធន៍​ក្នុងការ​ធ្វើ​តេស្ត​រក​វីរុស zika នេះ​។ ក្រសួង ក៏​ចាត់​វិធានការ​ក្នុង​ការពង្រឹង​តាមដាន និង ពិគ្រោះ​យោបល់​ចំពោះ​ពលរដ្ឋ​ដែលវិលត្រឡប់​ពីប្រទេស អាហ្វ្រិក និង អាមេរិក​វិញ​  ហើយ​សង្ស័យ​ថា​មាន​ផ្ទុក​វិរុស​នេះ​។​

ក្រសួងសុខាភិបាល​នឹងពិន័យក្រុមហ៊ុនមិនដាក់សារ​ព្រមានលើកញ្ចប់បារី ចាប់ពីខែកក្កដា

ថ្ងៃទី21 មករា 2016, 05:11 PM

ក្រសួងសុខាភិបាលនឹងចាប់ផ្តើមអនុវត្តការផាកពិន័យលើផលិតករ អ្នកនាំចូល អ្នកចែកចាយ អ្នកលក់ដុំផលិត​ផលថ្នាំជក់និងអ្នកលក់រាយគ្រប់ប្រភេទ ដែលមិនគោរព​តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យមានការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពលើកញ្ចប់បារី ចាប់ពីខែកក្កដា ឆ្នាំ២០១៦។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់  លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាលមានប្រសាសន៍ថាការផ្សាយពាណិជ្ជកម្មបារីស្ទើរតែត្រូវបានលុបបំបាត់ទាំងស្រុងក្នុងប្រទេសកម្ពុជា ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនមិនបានដាក់សារព្រមានពីផលប៉ះពាល់សុខភាពលើកញ្ចប់បារីនៅឡើយ។ លោកស្រី​បន្ថែមថា​ក្រសួងមិនទាន់អាចអនុវត្តវិធានការលើក្រុមហ៊ុនបារីមួយចំនួនដែលមិនទាន់បានដាក់សារព្រមានពីផលប៉ះពាល់ដល់សុខភាពលើកញ្ចប់បារីនៅឡើយ ដោយសារអនុក្រឹត្យស្តីពីថ្នាំជក់​មិនទាន់ចូលជាធរមាន។ លោកស្រីបញ្ជាក់​ថា​អនុក្រឹត្យនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះតទៅ។ លោក​ស្រី​មានប្រសាសន៍ថា៖ “យើងនឹងធ្វើលិខិតមួយចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីផ្ញើដល់ក្រុមហ៊ុនដែលនៅតែល្មើសហ្នឹង ព្រោះយើងធ្លាប់គំរាមគាត់ហើយ តែឥឡូវ​យើងព្រមានគាត់ជាលើកចុងក្រោយមួយទៀតថាយើងនឹងចូលដល់ឱកាសមួយទៀតដែលយើងត្រូវផាកពិន័យជាទឹកប្រាក់​ ប៉ុន្តែលើកនេះគឺយើងរំឮកឡើងវិញថាអំពើដែលគាត់ធ្វើនេះជាអំពើខុសច្បាប់”​។ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ចែងថាផលិតផលថ្នាំជក់ដែលផលិតក្នុងស្រុកឬនាំចូលសម្រាប់ចែកចាយ លក់និងប្រើប្រាស់នៅកម្ពុជា ត្រូវបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាព ត្រូវមានភាពងាយមើល ច្បាស់លាស់ មិនហើរពណ៌ មិនរលុប មិនត្រួតគ្នាលើកញ្ចប់ផលិតផលថ្នាំជក់។ អនុក្រឹត្យចែងបន្ថែមថាផលិតផលថ្នាំជក់ដែលផលិតក្នុងស្រុក ឬនាំចូលសម្រាប់ចែកចាយ លក់ និងប្រើប្រាស់​នៅកម្ពុជា ត្រូវបោះពុម្ពអក្សរដិតពណ៌សលើផ្ទៃពណ៌ខ្មៅនៅផ្នែកខាងលើជាប់សារព្រមានសុខភាពជារូបភាព។ បើតាមអនុក្រឹត្យ សមត្ថកិច្ចរបស់មន្រ្តីអធិការកិច្ចផលិតផលថ្នាំជក់នៃក្រសួងសុខាភិបាលនឹងផាកពិន័យផលិតករថ្នាំជក់ក្នុងស្រុកនិងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំនួន៤លានរៀល បើមិនធ្វើតាមការកំណត់។ អ្នកចែកចាយនិងអ្នកលក់ដុំផលិតផលថ្នាំជក់គ្រប់ប្រភេទ ដែលចែកចាយនិងលក់ផលិតផលថ្នំាជក់គ្មានសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពឬបិទបាំងដោយការវេចខ្ចប់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន២លានរៀល។ ចំពោះអ្នកលក់រាយផលិតផលថ្នាំជក់គ្រប់ប្រភេទដែលចែកចាយនិងលក់ផលិតផលថ្នាំជក់គ្មានសារព្រមានសុខភាពភាពជាភាសាខ្មែរនិងជារូបភាព ក៏ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១ម៉ឺនរៀល។​ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថាការផ្សាយពាណិ​ជ្ជកម្មបារីឬការមិនដាក់សារព្រមានលើកញ្ចប់បារី នឹងធ្វើឲ្យមានកំណើននៃការជក់ជាពិសេស​លើ​យុវជនវ័យក្មេង។ លោក​បន្ថែម​ថា៖ “ការផ្សាយពាណិជ្ជកម្មនេះនឹងនាំឲ្យមានការជក់កាន់តែច្រើននៅក្នុងចំណោមកុមារនិងយុវជន  ហើយក៏ជួយជំរុញឲ្យអ្នកដែលជក់បារីស្រាប់ហ្នឹងរក្សាទម្លាប់ជក់ដដែល បើសិនជាមានការផ្សាយពាណិជ្ជកម្ម។ អ៊ីចឹង​ហើយបានជាពិភពលោកទាំងមូលហ្នឹងអនុវត្តតាមអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ គឺមានន័យថាយើងហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងស្រុងដើម្បីបង្ការកុមារយុវជនហ្នឹងកុំឲ្យចាប់ផ្តើមជក់ ហើយក៏ជួយជំរុញអ្នកជក់បារីស្រាប់ហ្នឹងលះបង់ទម្លាប់ដែលគាត់ជក់បារីហ្នឹង”។ លោកបន្ថែមថាដើម្បីកាត់បន្ថយអត្រាជក់បារីនៅកម្ពុជា រដ្ឋាភិបាលត្រូវហាមឃាត់ការផ្សាយពាណិជ្ជកម្ម បង្កើតគោល​នយោបាយសុខភាពរបស់អ្នកមិនជក់ ជាពិសេសស្រ្តីនិងកុមារ ដាក់បម្រាមសុខភាពជារូបភាពឲ្យបានធំៗលើកញ្ចប់បារីនិងដំ​ឡើងពន្ធលើផលិតផលថ្នាំជក់៕ សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈvicheika@vodhotnews.com

គណៈវិជ្ជាជីវៈសុខាភិបាលបន្ទន់ជំហរ ក្រោយ​មាន​ការ​បំភ្លឺពីឧកញ៉ា​លើ​ការ​​រិះគន់​វិស័យសុខាភិបាល​

ថ្ងៃទី20 មករា 2016, 11:08 AM

គណៈវិជ្ជាជីវៈសុខាភិបាលបានចេញលិខិតលើកទីពីរ​ ដោយលើកឡើងថាការបំភ្លឺរបស់ឧកញ៉ាគួច ម៉េងលី ដែលរិះគន់វិស័យសុខាភិបាលកម្ពុជា ជាការជួយជួសជុលការខូចខាតកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជាបានមួយកម្រិត។ កាលពីថ្ងៃអង្គារ លោក គួច ម៉េងលី បានចេញលិខិតមួយបំភ្លឺពីការរិះគន់របស់លោកដោយលើកឡើងថាមតិយោ​បល់របស់​លោកលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យនៅកម្ពុជា គឺផ្អែកលើការជួបប្រទះផ្ទាល់ខ្លួននូវស្ថានភាពមួយចំនួន ដែល​​លោកធ្លាប់ឆ្លងកាត់។ ភ្លាមៗនោះ គណៈវិជ្ជាជីវៈសុខាភិបាលបានចេញលិខិតមួយ​ដោយ​ប្រកាសស្វាគមន៍នូវចេ​តនារបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការចូលរួមចំណែកកែលម្អវិស័យសុខាភិបាលនៅកម្ពុជា។ លិខិត​នោះសរសេរថា៖ “គណៈវិជ្ជាជីវៈសុខា​ភិបាល​កម្ពុជាយល់ឃើញថាការបំភ្លឺរបស់លោកវេជ្ជបណ្ឌិតនេះ អាចជួយ​ជួសជុលបានមួយកម្រិតនូវការខូចខាតកិត្តិយស​និងសេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា សង្ឃឹមថាការខូច​ខាត​កិត្តិ​យសរបស់អ្នកប្រកបវិជ្ជាជីវៈនេះនឹងអាចស្តារឡើងវិញបានពេញលេញ តាមរយៈការបន្តស្វែងយល់ពីគ្នាទៅវិញទៅមកក្នុង​ស្មារតីភាតរភាពនៃអ្នករួមវិជ្ជាជីវៈ”។ បន្ទាប់ពីមានភាពចម្រូងចម្រាសលើការថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជា លោក គួច ម៉េងលី បានបញ្ជាក់ថា អ្វីដែ​លលោកបានលើកឡើងតាមបណ្តាញព័ត៌មានគឺផ្អែកលើការជួបប្រទះផ្ទាល់របស់លោកនូវស្ថានភាពមួយចំនួន​នាពេលកន្លងមក។ លោកបញ្ជាក់ថាការបកស្រាយពីការជួបប្រទះផ្ទាល់ខ្លួននេះមិន​បណ្តាលឲ្យប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នោះទេ។ លោកក៏ទទួលស្គាល់ថាមានពេទ្យដែលប្រកបអាជីពដោយសមត្ថភាពនិងក្រមសីលធម៌ល្អជាច្រើនដែលបាននិង​កំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពល​រដ្ឋខ្មែរ។ ​ទោះជាយ៉ាងណា លោក គួច ម៉េងលី មិនបាននិយាយ​សុំទោស​នៅក្នុងលិខិត​បំភ្លឺ​នោះទេ។ វីអូឌីបានព្យាយាមទាក់ទង​លោក គួច ម៉េងលីនិង​មន្រ្តីគណៈវិជ្ជាជីវៈសុខាភិបាល តែ​មិនអាច​សុំការ​ឆ្លើយ​តប​បាននៅឡើយទេ​រហូត​មកដល់ពេលនេះ។​ លោក គួច ម៉េងលី ជា​ស្ថាបនិកនិង​​ជា​នាយក​ក្រុមហ៊ុន Mengly J. Quach Holdingហើយ​លោក​ក៏ជាម្ចាស់សាលា​អន្តរទ្វីបអាមេរិកកាំងផងដែរ។ គួរបញ្ជាក់ថាលោក គួច ម៉េងលី បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីកន្លងទៅថា៖ “ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈគ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប១០មានអាក្រក់៩។ បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាកាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងដូចម្តេទៅ។ ពេលគេទៅព្យាបាលម្តង សឹងតែលុតជង្គង់អង្វរគាត់(ពេទ្យ)។ ពេទ្យដែលគ្មានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ហើយជាអ្នកសម្លាប់មនុស្ស”។ លោក គួច ម៉េងលី ត្រូវបានដកស្រង់សម្តីចុះផ្សាយថា៖ “វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី១ដល់ ១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវនោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះគឺថា​ក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា”? គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាចាត់ទុកថាការលើកឡើងរបស់លោកជាការវាយតម្លៃដែលគ្មានមូលដ្ឋាន គ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវនិងមានចរិតបំផ្លើស បន្តុះបង្អាប់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូ​ររបស់គ្រូពេទ្យនិងអ្នកវិជ្ជាជីវៈសុខាភិបាលកម្ពុជា។​ ប​ន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាបានចេញលិខិតឲ្យលោក គួច ម៉េងលី សុំទោស អ្នកលេងហ្វេសប៊ុកភាគច្រើនបានផ្តល់យោបល់ថាលោក គួច ម៉េងលី មិនគួរសុំទោសចំពោះការលើកឡើងរបស់លោកនោះទេ ដោយថាការលើកឡើងរបស់លោកឆ្លុះបញ្ចាំងពីតថភាពសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា៕ សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To