ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​

ដោយ៖​ ហ៊ុន ឌីម៉ូ​ | ថ្ងៃចន្ទ ទី21 ធ្នូ 2015, 09:58 AM​

មើលរូបភាពបន្ថែម

ក្រុម​គ្រួសារ​ និង​កញ្ញា វ៉ាន់ ថាកើច​ នៅ​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់​ (រូបថត​ដោយ អ៊ុត ប៊ុនឈឿន)

កញ្ញា​ វ៉ាន់ ​ផាកើច​ អាយុ​២១ឆ្នាំ ជាជន​ជាតិ​ភាគ​តិច​ព្នង បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ថ្ងៃ​ទី១៩​ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​​ឧប្បត្ដិហេតុ​ មែក​ឈើ​បាក់​ធ្លាក់​ត្រូវ​ចំ​ក្បាល​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​ក្នុង​ពេល​ដែល​នាង​បាន​ចុះ​​ស្រង់​បញ្ជី​សារពើភ័ណ្ឌ​ដើម​ឈើ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​ភូមិខ្ញុំ ​នៅ​ក្នុង​ដែន​ព្រៃ​សហគមន៍​ភូមិ​ពូឡេះ​ ឃុំ​ដាក់​ដាំ​ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គីរី កាល​ពី​ថ្ងៃ​ទី១៧​ ខែ​ធ្នូ។

លោក​ ពិ​ ចាន់​ធយ​ ដែល​ជា​បង​ប្រុង​បង្កើត​របស់​នាង​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ ថ្ងៃ​ទី១៧​ បន្ទាប់​ពី​បាន​ទទួល​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស​ក្នុង​ការ​ធ្វើសារ​ពើភ័ណ្ឌ​ដើម​ឈើ​​រយៈ​ពេល​ពីរ​ថ្ងៃ​រួច​មក​ ​នាង​បាន​ចុះ​បំពេញ​ការងារ​ក្នុង​ព្រៃ​សហគមន៍​ ក្នុង​នាម​ជា​ក្រុម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ការ​ពារ​ធន​ធាន​ធម្មជាតិ​ក្នុង​ព្រៃ​សហគមន៍។

លុះ​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅ​ក៏​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ បណ្ដាល​ឲ្យ​មែក​ឈើ​ងាប់​ទំហំ​ប៉ុន​ក​ជើង ​​បាក់​ធ្លាក់​មក​ចំក្បាល​ផ្នែក​ខាង​លើ​របស់​នាង ​ធ្វើ​ឲ្យ​នាង​ងងឹត​មុខ ​និង​ដួល​សន្លប់។ បន្ទាប់​មក​ក្រុម​ការងារ​ក៏​បាន​បញ្ជូន​នាង​មក​មន្ទីរ​ពេទ្យ​ខេត្ត​មណ្ឌល​គីរី​ ក៏​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ ​ហើយ​មន្ទីរ​ពេទ្យ​ពុំ​មាន​ឧបករណ៍​វះ​កាត់​ធំដុំ​ ក៏​បញ្ជូន​បន្ត​មក​មន្ទីរ​ពេទ្យ​រុស្ស៊ី​ នៅ​ក្រុង​ភ្នំពេញ។ គ្រូពេទ្យ​មាន​ប្រសាសន៍​ថា ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ និង​មាន​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល​ទៀត​ផង។ ក្រោយ​ធ្វើ​ការ​វះ​កាត់​ខួរ​ក្បាល​រួច​មក ​នៅ​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ វេលា​ម៉ោង​ប្រមាណ​២​រសៀល​ អ្នកជំងឺ​នៅ​មិន​ទាន់​ដឹង​ខ្លួន​ដដែល​ ហើយ​ចលនា​បេះ​ដូង​ក៏​គ្មាន។ ដោយ​អស់​លទ្ធភាព​និង​គ្មា​សង្ឃឹម​គ្រូពេទ្យ​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូសារ​យក​អ្នក​ជំងឺ​ទៅ​ខេត្ត​មណ្ឌល​គិរី​ វិញ។​ អ្នក​ជំងឺ​ក៏​បាន​ស្លាប់​ក្រោយ​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ។

ដោយ​សារ​កញ្ញា ​វ៉ាន់ ​ផាកើច ​ជា​កូន​​​​កំព្រា​ឪ​ពុក​ម្តាយ​ និង​មាន​ជីវភាព​ក្រីក្រ​ លោក​ ពិ ចាន់​ធយ​ សូម​អំពាវ​នាវ​ រក​សប្បុរស​ជន​ជួយ​កម្លាំង​កាយ​ ចិត្ត ​និង​ថវិកា​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជន​ជាតិ​ភាគ​តិច​ព្នង ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពីរ​ដំណាក់​កាល​ហើយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

លោក ​អ៊ុត ប៊ុន​ឈឿន​ មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់​ អង្គការ​ភូមិ​ខ្ញុំ ដែល​ជា​អង្គការ​មួយ​គាំទ្រ​ដល់​សហគមន៍​ព្រៃ​ឈើ​ ភូមិពូឡេះ​ ឃុំ​ដាក់​ដាំ​ ស្រុក​អូររាំង ​ខេត្ត​មណ្ឌគិរី ​ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​ធ្វើ​សារ​ពើភ័ណ្ឌ​បាន​មាន​ប្រសាសន៍​ថា​ កញ្ញា​ វ៉ាន់​ ផាកើច​ ជា​យុវតី​ស្មគ្រ័​ចិត្ត ​នៅ​ក្នុង​សហគមន៍។ នាង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ និង​ស្រឡាញ់​ធនធាន​ធម្មជាតិ
ណាស់។ លោក​ថា​លោក​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ដែលបាត់​បង់​ធន​ធាន​មនុស្ស​ដ៏​សំខាន់​មួយ​នេះ៕

លោក ហ៊ុន ឌីម៉ូ គឺ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ខេត្ត​កំពង់​ធំ

 


Tags:

2628

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
ការ​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ក្នុង​ចំណោម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មាន​កម្រិត

ថ្ងៃទី23 ធ្នូ 2015, 09:40 AM

មន្ត្រី​អង្គការ​លីកាដូ​​មួយ​រូប​និយាយ​​ថា ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ឈូក ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ នៅ​មាន​ការ​យល់​ដឹងតិច​តួច​​អំពី​សិទ្ធិ​ទទួល​ព័ត៌មាន​សាធារណៈ។ ការ​រក​ឃើញ​នេះ​មាន​ឡើង​ក្រោយ​ពី​ការ​ចុះ​ស្រាវជ្រាវ​សិក្សា​រយៈ​ពេល​ខ្លី​ និង​ការ​ស្រាវជ្រាវ​លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​កើត​ឡើង​ក្នុង​ភូមិ​វាលវែង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ​ ខេត្ត​កំពង់ធំ។  លោក​ ញ៉ូង ​សាមឿន ​មន្ត្រី​សម្រប​សម្រួល​សិទ្ធិមនុស្ស ​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​កំពង់​ធំ​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​នៅ​ពុំ​ទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​នូវ​ព័ត៌មាន​សាធារណៈ​ ឬ​ច្បាប់​ផ្សេងៗ​ឲ្យ​ដល់​ពលរដ្ឋ​​នៅ​​ក្នុង​មូល​ដ្ឋាន​ឡើយ​ ជា​ពិសេស ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ រស់​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល។ លោក​ នួន​ ប៉ិល​ អាយុ​៣៨ឆ្នាំ ​ជន​ជាតិ​ដើម​ភាគ​តិច​គួយ ​រស់នៅក្នុងភូមិ​វាលវែង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ និយាយ​ថា​ គាត់​ធ្លាប់​បាន​ចូល​រួម​ប្រជុំ​តែ​នៅ​ក្នុង​ភូមិ ដែល​ឃុំ​ចុះ​ផ្សព្វ​ផ្សាយ​រឿង​សុខភាព​ និង​អនាម័យ​ម្តង​ម្កាល​ប៉ុណ្ណោះ។ ចំពោះ​គម្រោង​អភិវឌ្ឍន៍​ ការ​ប្រើ​ប្រាស់​ថវិកា​របស់​ឃុំ និង​ថ្លៃ​សេវា​សំបុត្រ​ផ្សេងៗ​របស់​ឃុំ​ គាត់​ពុំ​បាន​ដឹង​ទេ។ ចំពោះ​ក្តារ​ព័ត៌មាន​នៅ​សាលា​ឃុំ និង​ការ​ប្រជុំ​នៅ​សាលា​ឃុំ​ក៏​ពុំ​ដែល​មាន​អ្នក​ប្រាប់​ដែរ។ យុវជន​ជន​ជាតិ​ដើម​ភាគ​តិច គួយ ​ឈ្មោះ​ ធី ឃីម ក៏​បាន​ប្រាប់​ថា​ ខ្លួនមិន​សូវ​បាន​​ដឹង​អ្វី​​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទេ។ លោក​ធ្លាប់​តែ​បាន​ចូល​រួម​ក្នុង​ការផ្សព្វ​ផ្សាយ​របស់​អង្គការ​វើលវីសុន (World Vision)​ អំពី​បញ្ហា​សុខភាព និង​អនាម័យ​ ម្តង​ម្កាល​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ លោក​ពុំ​ដែល​បាន​ទៅ​ប្រជុំ​នៅ​សាលាឃុំ​ ឬ​ដឹង​ថា​សាលា​ឃុំ​គេ​ធ្វើ​អ្វី​ដែរ។ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​លោក​​​ចង់​ដឹង​អំពី​អ្វីៗ​ដែល​សាលា​ឃុំ​ធ្វើ​សព្វ​ថ្ងៃ ​និង​ចង់​ចូលរួម​ក្នុង​កាងារ​របស់​ឃុំ។ លោក​ ជួន ជឹង ​ដែល​ជា​មេឃុំ​ឈូក​ មាន​ប្រសាសន៍​ថា​ រាល់​ពេល​ដែល​លោក​បាន​ទៅ​ប្រជុំ​ថ្នាក់​ស្រុក ​ខេត្ត ឬ​បាន​ទៅ​សិក្ខា​សាលា​ផ្សេងៗ ​លោក​តែង​ហៅ​មេភូមិ​មក​ប្រជុំ​ដើម្បី​​យក​ព័ត៌មាន​ទៅ​ផ្សព្វ​ផ្យាយ​បន្ត​ឲ្យ​ពល​រដ្ឋ​បាន​ដឹង។ ចំពោះ​ព័ត៌មាន​ផ្សេង​ទៀត​ លោក​ថា​ លោក​បាន​បិទ​នៅ​ក្តារ​ព័ត៌មាន​សាលាឃុំ​ ប៉ុន្តែ​ពុំ​បាន​យូរ​ឡើយ​ដោយ​ហេតុ​ថា​ ក្មេងៗ​តែង​មក​លេង ​ហើយ​ហែក​ព័ត៌មាន​ទាំង​នោះ​ចោល។ លោក​បន្ថែម​ថា​ ចំពោះ​ការ​ប្រជុំ​ប្រចាំ​ខែ ​និង​គម្រោង​អភិវឌ្ឍន៍​នានា​ លោក​តែង​ប្រាប់​ឲ្យ​ពល​រដ្ឋ​មក​ប្រជុំ​តាម​រយៈ​មេភូមិ ​ប៉ុន្តែ​ពល​រដ្ឋ​មិន​សូវ​បាន​ចូល​រួម​ទេ ដោយ​សារ​គាត់​យល់​ថា​មិន​សំខាន់​សម្រាប់​គាត់ ហើយ​ពល​រដ្ឋ​ខ្លះ​ទៀត​មាន​ការ​មមាញឹក​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។  ការ​ដែល​ពល​រដ្ឋ​មិន​បាន​ទទួល​ព័ត៌មាន​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​ អាច​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍​​មិន​តម្លាភាព​ដែល​ជា​លទ្ធផល​អាច​ប៉ះពាល់​ដល់​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ។ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ លោក​ ញ៉ូង ​សាមឿន ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ចុះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​ច្បាប់​នានា​​ដល់​ពល​រដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់​​ ប្រសើរ​ជាង​ការ​ដែល​អញ្ជើញ​តែ​មេភូមិ​មក​ចូល​រួម​ប្រជុំ​នៅ​សាលា​ឃុំ​តែ​ពីរ​ឬ​បី​នាក់៕ លោក ហ៊ុន ឌីម៉ូ ជា​ពលរដ្ឋ​អ្នកសារព័តមាន​ប្រចាំ​ខេត្ត​កំពង់​ធំ

បម្រែ​បម្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​កសិករ

ថ្ងៃទី21 ធ្នូ 2015, 10:57 AM

ប្រជា​ពល​រដ្ឋ​ដែល​រស់​ក្នុង​ភូមិ​តាម៉ិញ​ ឃុំ​ក្រយា​ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ ដោយ​សារ​គ្រោះ​រាំង​ស្ងួត ​និង​បម្រែ​បម្រួល​អាកាស​ធាតុ​ បាន​ប៉ះ​ពល់​ដល់​ការ​បង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​របស់​ពួក​គាត់។ ពួក​គាត់​បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​នេះ​ ស្រូវ​រដូវ​វស្សា​របស់​ពួក​គាត់​ ​បាន​ខូច​ខាត់​ស្ទើរ​តែ​ទាំ​ស្រុង​ ដោយសារ​​ពុំ​មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់។ លោក​ ឌុច ខេន ​អាយុ៥៥​ ជា​កសិករ​រស់​នៅ​ភូមិ​ឃុំ​ខាង​លើ​មាន​ប្រសាសន៍​ថា​ ឆ្នាំ​នេះ​គាត់​ធ្វើ​ស្រែ​បាន​៤​ហិកតា​ ប៉ុន្តែ​ដោយ​សារ​ភ្លៀង​នៅ​ដើម​រដូវ​បាន​អូស​បន្លាយ​យូរ​ពេក​ធ្វើ​ឲ្យ​សន្ទូង​របស់​គាត់​បាន​ងាប់​មួយ​ចំនួន​ធំ​ ហើយ​នៅ​ពេល​ដែល​ស្រែ​ខ្វះ​ទឹក ស្មៅ​ក៏​ចាប់​ផ្តើម​ដុះ​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្រូវ​រឹត​តែ​អន់។ លោក​បន្ត​ថា ​ពេល​លោក​ប្រមូល​ផល​ ផល​ស្រូវ​របស់​លោក​​បាន​ប្រហែល​តែ​៤០​ភាគ​រយ​ប៉ុណ្ណោះ​ ហើយ​បើ​យក​ទៅ​លក់​និង​ទូទាត់​ការ​ចំណាយ ​គឺ​ស្ទើរ​តែ​មិន​គ្រប់​ផង។ ការ​ប្រមូល​ផល​បាន​តិច​ដូច្នេះ ធ្វើ​ឲ្យ​គ្រូសាររ​បស់​គាត់​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ស្បៀង ​ព្រោះ​ពួក​គាត់​ពុំ​មាន​មុខ​របរ​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ស្រែ​តែ​មួយ​មុខ​នោះ​ទេ។ លោក ជា ចន​ ជា​កសិករ​ម្នាក់​ទៀត​រស់​នៅ​ភូមិតាម៉ិញ ក្នុង​ឃុំ​ក្រយា​នេះ​ដែរ​នោះ​មាន​ប្រសាសន៍​ថា​ គាត់​មាន​ស្រែ​៥​ហិកតា។ ដោយសារ​ឆ្នាំ​នេះ​មិន​មាន​ភ្លៀង​ធ្លាក់​​រហូត​ដល់​ចុង​ខែ​កញ្ញា​ ធ្វើ​ឲ្យ​ស្រូវ​របស់​គាត់​ប្រែ​ទៅ​ជា​ក្រហម ហើយ​ខ្លះ​ទៀត​ក៏​បាន​ងាប់​ដោយ​សារ​ខ្វះ​ទឹក។ លោកបន្ត​ថា​ លោក​ទទួល​ទន្និផល​តែ​៥០​ទៅ​៦០​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។ លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ធ្វើ​ប្រពន្ធ័​ប្រឡាយ​ទឹក​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ធ្វើ​កសិកម្ម​បាន​ពីរ​ឬ​បីដង​ក្នុង​មួយ​ឆ្នាំ។ មេ​ភូមិ​តា​ម៉ិញ លោក គឹម យ៉ុន ​បាន​លើក​ឡើង​ថា​ ផ្ទៃ​ដី​ស្រែ​ដែល​ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​ក្នុង​ឆ្នាំ​នេះ​មាន​ប្រមាណ​១៥០​ហិកតា​ក្នុង​ភូមិ​របស់​លោក​ទាំង​មូល​ តែ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​ធ្វើ​ឲ្យ​ស្រូវ​វស្សា​របស់​ពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​ត្រូវ​បាន​ខូច​ខាត។ លោក​ថា​ គ្រួសារ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការងារ​កសិកម្ម​ដូច​ជា​ទិញ​ជី​ជា​ដើម​ ដល់​ពេល​ស្រូវ​ខូច​ខាត​ច្រើន​បែប​នេះ​ ពួក​គាត់​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់​ទៅ​មីក្រូ​ហិរញ្ញវ​ត្ថុ​វិញ​ឡើយ។ លោក​ថា​ ក្នុង​ភូមិ​របស់​លោក​ពុំ​ធ្លាប់​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​អាក្រក់​បែប​នេះ​ទេ​ពី​មុន​មក គឺ​មាន​ក្នុង​កម្រិត​ប៉ះ​ពាល់​តិច​តួច​ប៉ុណ្ណោះ៕ លោក ហ៊ុន ឌីម៉ូ​ ជា​ពលរដ្ឋ​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​កំពង់​ធំ

ជន​ជាតិ​ដើម​ភាគ​តិច​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ចិត្របុរី​ពន្លឿន​ការ​ដោះស្រាយ​ដី​​ព្រៃ​សហគមន៍

ថ្ងៃទី11 ធ្នូ 2015, 05:39 PM

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ប្រមាណ​ជាង​១០០​គ្រួសារ ​មក​ពី​ភូមិ​ប្អៀ ​ឃុំថ្មី ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ​នៅ ថ្ងៃ​ទី​សុក្រ​ ទី​១១​ ខែ​ធ្នូ​ នេះ បាន​មក​ជួប​ជុំ​គ្នា​នៅ​សាលាស្រុក​ចិត្រ​បុរី ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជូន​ពួក​គាត់ ដែល​ពួក​គាត់​អះអាង​ថា​ ទទួល​រង​ការ​ឈូស​ឆាយ​ពី​ក្រុម​​ហ៊ុន​សាយ​ហ្គន​វៀតណាម។ ពលរដ្ឋ​អះអាង​ថា​ ​អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​ ធ្លាប់​បាន​សន្យា​ថា​នឹង​កាត់​ដី​ទំហំ​១២០០​ហិចតា​ឲ្យ​ពួក​គាត់ កាល​ដើម​ឆ្នាំ​២០១៤​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​មិន​ទាន់​បាន​កាត់​ដី​ទាំង​អស់​នោះ​ឲ្យ​ពួក​គាត់​នៅ​ឡើយ គឺ​បាន​ត្រឹម​តែ​៥០០​ហិចតា​ប៉ុណ្ណោះ។ អាជ្ញាធរ​ស្រុក​និយាយ​ថា​ នឹង​ជួប​ខាង​ភាគី​ក្រុមហ៊ុន ​និង​ក្រុម​ប្រឹក្សា​ឃុំ ​នៅ​សប្តាហ៍​ក្រោយ​ទៀត​​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ៕ ឆោម ស្រីល័ក្ខណ ជា​ពលរដ្ឋ​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ក្រចេះ។

អង្គការ​កុមារ​នៃ​ក្តី​សង្ឃឹម​រៀប​ចំ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ (ពលរដ្ឋអ្នកសារព័ត៌មាន)

ថ្ងៃទី11 ធ្នូ 2015, 10:35 AM

អង្គការ​កុមារ​នៃ​ក្តី​សង្ឃឹម ​បាន​រៀប​ចំ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​១២​ធ្នូ នៅ​សាលារៀន​អូរការ​ ស្ថិត​នៅ​ភូមិ​អូរការ ​សង្កាត់​ចំរើនផល ​ក្រុង​ពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ​ ម្សិលមិញ។  លោក ​ប៉ាច​ សុផុន ​បុគ្គលិក​អង្គការ​កុមារ​នៃ​ក្តី​សង្ឃឹង​ (KNKS) ​មាន​និយាយ​ថា​ ការ​រៀប​ចំ​ក្បួន​ដង្ហែរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​១២​ធ្នូ​នេះ​ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​ការ​បំលាស់​ទី​ឬ​ការ​ជួញ​ដូរ​កុមារ​តាម​រយៈ​វិធី​ផ្សេងៗ​របស់​អ្នក​ជួញ​ដូរ ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​គេ។ លោក​ ហោ ស៊ីណាង​ ប្រធាន​កម្ម​វិធី​អង្គការ​កុមារ​នៃ​ក្តីសង្ឃឹម​ ​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ​២០១៥​នេះ​ អង្គការ​របស់​លោក​បាន​ជួយ​សង្រ្គោះ​កុមារ​ដែល​រងគ្រោះ​បាន​ចំនួន​៧នាក់ ​ដែល​កុមារ​ទាំង​នោះ​រងគ្រោះ​ដោយសារ​តែ​ឪពុក​ម្តាយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ផ្សេង។ អ្នក​ចូល​រួម​​ម្នាក់​ ឈ្មោះ ស៊ឹម ហៀង ​ជា​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​អូរការ ​យល់​ថា ទិវា​នេះ​ពិត​ជា​ល្អ​​ហើយ​អាច​ជួយ​លុប​បំបាត់​អំពើ​ហិង្សា​ និង​ការ​ជួញ​ដូរ​កុមារ​បាន​ ហើយ​ថា​បញ្ហា​​ការ​ជួញ​ដូរ​ឬ​បោក​បញ្ឆោត​នេះ គឺ​ជា​ក្តី​បារម្ភ​របស់​គាត់។ របាយកណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ​យូនីសេហ្វ ​(UNICEF) ​បាន​រក​ឃើញ​ថា​ កុមារ​ប្រមាណ​​ជា​មួយ​ភាគ​បួន​ ​ទទួល​រង​ការ​រំលោភ​បំពាន​​ផ្លូវ​ចិត្ត ខណៈ​ពេល​ពួក​គេ​កំពុង​មានវ័យ​ចម្រើន​ឡើង​ដែល​​ការ​រំលោព​បំពាន​ទាំង​នេះ «ប្រព្រឹត្តិ​ឡើង​ដោយ​ដៃ​គូ​ស្និទ្ធស្នាល​ ឪពុក​ម្តាយ​ ឬ​សាច់​ញាតិ​ជា​មនុស្ស​ពេញ​វ័យ ​ឬ​សមាជិក​សហគមន៍»។ របាយការណ៍​នោះ​រក​ឃើញ​ថា​ នៅ​ឆ្នាំ​២០១៣ ការ​រំលោភ​បំពាន​លើ​កុមារ​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​​ចំនួន​១៦៨​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផលិត​ភាព​​ដែល​គិត​ជា​ទឹកប្រាក់​មាន​រហូត​ដល់​៨៣,៣​លាន​ដុល្លារ៕ ម៉ាប់ ស៊ុយ ជា​ពលរដ្ឋអ្នកសារព័ត៌មាន​ខេត្ត​ពោធិ៍សាត់។

សិទ្ធិ​មនុស្ស​មិន​នៅ​ស្ងៀម​មួយ​កន្លែង (របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន)

ថ្ងៃទី7 ធ្នូ 2015, 10:06 AM

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៨​ ​ប្រជាសហគមន៍​ និង​ក្លឹប​យុវជន​ប្រមាណ​ជា​៣០០នាក់​ បាន​រៀប​ចំ​ដង្ហែរ​ក្បួន​ដើម្បី​ប្រារព​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ លើក​ទី​៦៧ ក្រោម​ប្រធាន​បទ «យុត្តិធម៌»។ ការ​ដង្ហែរក្បួន​នេះ​ ធ្វើ​ឡើង​បួន​ថ្ងៃ​មុន​ នៅ​មុន​ទិវា​សិទ្ធិមុន្ស​១០​ធ្នូ។ ពិធី​នេះ​ចាប់​ផ្តើម​ហែរ​ចេញ​ពីស្រុក​ក្រគរ ហើយ​បាន​​មក​ជូបជុំ​គ្នា​នៅ​ខាង​មុខ​វត្ត​បន្ទាយដី​ ក្រុង​ពោធិ៍សាត់ ហើយ​ក៏​ហែរ​បន្ត​ទៅ​ជួប​ជុំគ្នា​នៅ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង។ លោក អេង ឈុនហាក់​ តំណាង​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ មាន​ប្រសាសន៍​ថា ការ​ដង្ហែរ​ក្បួន​ឆ្នាំ​នេះ​មាន​ន័យ​ថា សិទ្ធិ​មនុស្ស​មិន​នៅ​ស្ងៀម​មូយ​កន្លែង ​គឺ​រស់​រវើក​ដូចជា​ការ​ហែរ​ក្បួន ការ​ហ៊ាន​និយាយ ​ហ៊ាន​តវ៉ា​ ពេល​ណា​មាន​អំពើ​អយុត្តិធម៌​ហើយ​ក៏​ចង់​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន។ ការដង្ហែរ​ក្បួន​ និង​ការ​ប្រារព​ពិធី​សិទ្ធិមនុស្ស​នេះ​ មិន​មាន​ការចូល​រួម​ពី​មន្ត្រី​សាលាខេត្ត​ទេ។ នូ រ៉េន, ង៉ែត នឿន, ហ៊ន សុធារី គឺជាពលរដ្ឋអ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ពោធិ៍សាត់។

ពលរដ្ឋពីរ​​នាក់ត្រូវ​ចាប់​ខ្លួន​និង​ជំនួយការ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​រងរបួស​ក្នុង​អំពើ​ហិង្សា​ទំនាស់​ដីធ្លី

ថ្ងៃទី30 វិច្ឆិកា 2015, 01:58 PM

ជម្លោះ​ដី​ធ្លី​រវាង​រដ្ឋបាល​ព្រៃឈើ​ឃុំក្រយា​បឹងល្វា​ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ​ និង​ប្រជាពល​រដ្ឋ​ បាន​ឈាន​ដល់​អំពើ​ហិង្សា​មួយ​ដែល​បាន​បណ្តាល​ឲ្យ​ជំនួយការ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​​រង​របួស​និង​មាន​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ កាល​ពីថ្ងៃទី​២៧​ ខែ​វិច្ឆិកា សប្តាហ៍​មុន។  ជម្លោះ​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ បាន​ចាប់​ឃាត់​គ្រឿង​ចក្រ​របស់​​រដ្ឋបាល​ព្រៃឈើ​មិន​ឲ្យ​ឈូស​ឆាយ​លើ​ដី​ ដែល​ពលរដ្ឋ​អះអាង​ថា​ ​ពួក​គាត់​បាន​ដាំ​ដុះ​តាំង​ពី​បួន​ឆ្នាំ​មុន​ និង​នៅ​ពេល​ដែល​អាជ្ញាធរ​ព្រៃឈើ​បាន​ដឹក​សម្ភារៈ​មក​សាង​សង់​ទីស្នាក់​ការ​របស់​ខ្លួន​នៅ​លើ​ដី​នោះ។ ពលរដ្ឋ​ទាំង​ពីរ​នាក់​​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​ គឺ​អ្នក​ស្រី ឌិត គឹមយ៉ុន​ និង​លោក លោក ​អ៊ាវ វណ្ណហៀង ដែល​ទាំង​ពីរ​នាក់​ជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ម​សំលៀង ​ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋបាលព្រៃ​ឈើ​ដោះលែង​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល។ ពលរដ្ឋ​ម្នាក់​ឈ្មោះ ​អ៊ុក ថាវរី​ ដែល​រង​ការ​ប៉ះពាល់​ពី​ការ​ឈូសឆាយ​ដី​នោះ​ បាន​អះអាង​ថា គាត់​មាន​ដី​នៅ​ទីនោះ​តែ​១៥ម៉ែត្រ ​និង​បណ្តោយ​ជាង​១០០ម៉ែត្រ​​ប៉ុណោះ​ ហើយ​គាត់​បាន​កាប់​រុករាន​ដីនោះ​ កាល​ពី​ឆ្នាំ​២០១២ ដើម្បីដាំ​ដំឡូងមី និង​ចេក។ ពួក​គាត់​ធ្លាប់​បាន​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​តាម​រយៈ​មេឃុំក្រយា ស្រុកសន្ទុក​ ម្តង​រួច​មក​ហើយ ក៏ប៉ុន្តែ​ មិនទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ។ កាល​ពី​ថ្ងៃ​១០ ខែ​វិច្ឆិកា​​ រដ្ឋបាល​ព្រៃឈើ​​ក្រយា​បឹងល្វា​ ធ្លាប់​បាន​យក​គ្រឿចក្រ​មក​ឈូស​ឆាយ​លើ​ដី​នោះ​ម្តង​រួច​មក​ហើយ​ ដោយ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​អ្វី​ឡើយ។ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ដី​នៅ​ទីនោះ​ គឺ​អ្នកស្រី ណែម ឈឿន។ អ្នកស្រី​និយាយ​ថា​ អ្នកស្រី​មាន​ដី​ប្រហែល៣​ហិកតារ ហើយ​អ្នកស្រី​បាន​ដាំ​ដំឡូងមី​​នៅ​លើ​ដី​នោះ​ ជាង៣​ឆ្នាំ​ហើយ។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ពុំ​មាន​ស្រែ​ឬ​ចំការ​ផ្សេង​ឡើយ​ក្រៅ​ពី​ដី​នេះ បើ​រដ្ឋ​យក​ដី​គាត់​ តើ​ឲ្យ​គាត់​រំពឹង​លើ​អ្វី។ អ្នកស្រី​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ជួយ​រក​យុត្តិធម៌ និង សុំ​កុំឲ្យ​ដក​យក​​ដី​របស់​គាត់។ ទោះ​យ៉ាង​ណា លោក ឈាង ​មាលា ​នាយក​សង្កាត់​រដ្ឋបាល​ព្រៃឈើ ​ក្រយា​​បឹងល្វា​ និយាយ​ថា​ ​ពលរដ្ឋ​បាន​ចូល​រុករាន​ដី​ព្រៃ​រក្សា​ទុក​របស់​រដ្ឋ​ ដោយ​នាំ​គ្នា​កាប់​រុករាន​ដើម្បី​ដាំ​ដុះ។ លោក​អះ​អាង​ថា រដ្ឋបាល​ព្រៃឈើ​ឈូស​ឆាយ​តែ​ដី​ក្រវ៉ាត់​ព្រំ​ដី​របស់​រដ្ឋ​​ដែល​រក្សា​ទុក​តែ​ប៉ុណ្ណោះ។ លោក ​ញ៉ូង​ សាមឿន​ អ្នក​សម្រប​សម្រូល អង្គការ​លីកាដូ ​ប្រចាំ​ខេត្ត​កំពង់ធំ​ មាន​ប្រសាសន៍​ថា ​ទោះ​ជា​ដី​របស់​រដ្ឋ​ក៏ដោយ​ តែ​បើ​រដ្ឋ​ត្រូវ​ការ​ គួរ​មាន​សំណង​​ឬ​ផ្តល់​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន ពីព្រោះ​ពលរដ្ឋ​បាន​ដាំដុះ​ដំឡូង​មី​ ចេក ​និង​ដំណាំ​ផ្សេងៗ​យ៉ាង​ច្រើន​នៅ​ទី​នោះ។ ពលរដ្ឋ​ខ្លះ​អះអាងថា​ ពួក​គាត់​បាន​ចូល​ដាំ​ដុះ​មាន​រយៈ​ពេល​៣ ឬ​៤​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ខាង​លើ​ ភាគ​ច្រើន​ជា​ជនពិការ​ដែល​អាជ្ញាធរ​ធ្លាប់​បាន​បញ្តេញ​ចេញ​ពី​តំបន់​បន្ទាយ​រងៀង ក្នុង​ភូមិសាស្ត្រ​ឃុំក្រយា ស្រុកសន្ទុក​ ខេត្ត​កំពង់ធំ កាល​ពី​ឆ្នាំ​២០០៩ ដោយ​បាន​ប្រគល់​ដី​នៅ​បន្ទាយ​រងៀង​នោះ​ ​ទៅ​ឲ្យ​ក្រុមហ៊ុនវៀត​ណាម ឈ្មោះ​ តាន់​ បៀន​ អភិវឌ្ឍន៍​ ដាំ​ដំណាំ​កៅស៊ូ ​ជា​លក្ខណៈ​ជា​ដីសម្បទាន​សេដ្ឋកិច្ច៕ លោក ហ៊ុន ឌីម៉ូ ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ខេត្ត​កំពង់​ធំ។

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To