ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃចន្ទ ទី25 កញ្ញា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

គណៈ​វិជ្ជាជីវៈ​សុខាភិបាល​សុំឲ្យ​ឧកញ៉ាម្នាក់សុំទោស​រឿងរិះគន់ពេទ្យស្រុកខ្មែរ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 08:31 PM, (43)

មើលរូបភាពបន្ថែម

លោក គួច ម៉េងលី(រូបថតពីហ្វេសប៊ុក​លោក​ គួច ម៉េងលី)

គណៈវិជ្ជាជីវៈ​សុខាភិបាលកម្ពុជា​បាន​ចេញលិខិត​មួយច្បាប់​ ដោយ​សុំ​ឲ្យ​ឧកញ៉ា​ម្នាក់ ឈ្មោះ​លោក គួច ម៉េងលី សុំទោសជាសាធារណៈ​និង​កែតម្រូវពាក្យសម្តី​ដែល​បានចុះផ្សាយ​លើ​ទំព័រកាសែតភ្នំពេញប៉ុស្តិ៍ អំ​ពី​ការ​និយាយ​រិះគន់​ពីវិស័យសុខាភិបាលនៅកម្ពុជា។​

​លោក គួច ម៉េងលី ជា​ស្ថាបនិកនិង​​ជា​នាយក​ក្រុមហ៊ុន Mengly J. Quach Holdingហើយ​លោក​ក៏ជាម្ចាស់សាលាអន្តរទ្វីបអាមេរិកកាំងផងដែរ។​ លិខិត​របស់​គណៈ​វិជ្ជាជីវៈសុខាភិបាលកម្ពុជា ​ចុះថ្ងៃទី១៤ខែមករា ឆ្នាំ​២០១៦ ត្រូវបាន​គាំទ្រ​ដោយ​ប្រធាន​​គណៈគ្រូពេទ្យ​កម្ពុជា គណៈ​ទន្ត​ពេទ្យ​កម្ពុជា ​ គណៈគិលានុបដ្ឋាកកម្ពុជា​និង​គណៈឆ្មបកម្ពុជា​។​

លិខិតនោះ​ឲ្យ​ដឹង​ថា​កាសែតភ្នំពេញប៉ុស្តិ៍បានសម្ភាសន៍ផ្ទាល់ជាមួយ​លោក គួច ម៉េងលី និងបាន​ចុះផ្សាយអត្ថបទ​ក្រោមចំណង​ជើងថា៖ “​ពីក្មេង​ល្ងង់ខ្លៅ ក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ​ទៅជាសេដ្ឋីចិត្តធម៌”។ បើតាមលិខិតនោះ លោក​ គួច ម៉េង​លី ត្រូវបានដកស្រង់សម្តីចុះផ្សាយលើកាសែត​ថា៖ “ខ្ញុំ​អត់​ដែលជួប​ពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យ​នៅស្រុកខ្មែរយើងទេ​។ គាត់គ្មាន​វិជ្ជាជីវៈ​គ្មានភាពទន់ភ្លន់​ គ្មានមេត្តា​ធម៌​ នេះខ្ញុំមិនមែន​និយាយទាំងអស់ទេ ខ្ញុំនិយាយ​បើខ្ញុំបានជួប​១០មានអាក្រក់​៩។ បើមានអាកប្បកិរិយា​មារយាទ​អំនួត អឿ​ ឈ្លើយ​ ម៉ាកាវ តើកូនខ្មែរ​យើង​អភ័ព្វយ៉ាងដូចម្តេទៅ។ ពេលគេទៅព្យា​បាលម្តង សឹងតែលុតជង្គង់​អង្វរគាត់(ពេទ្យ)។ ពេទ្យ​ដែលគ្មានជំនាញវិជ្ជាជីវៈ​ ក្រមសីលធម៌​ហើយ​ជា​អ្នក​សម្លាប់មនុស្ស”

លិខិត​បញ្ជាក់​ថា៖ “គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ចាត់ទុក​ថា​ការលើកឡើង​របស់​លោក​ជា​ការ​វាយតម្លៃ​ដែលគ្មានមូល​ដ្ឋាន​ គ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវ​និង​មានចរិតបំផ្លើស​ បន្តុះបង្អាប់​ដែលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់កិត្តិ​យស​ សេចក្តីថ្លៃថ្នូរ​របស់គ្រូពេទ្យ​និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាលកម្ពុជា”។​ លិខិតបញ្ជាក់​ថា​៖ “ចំពោះការនិយាយ​បរិហារកេរ្តិ៍​និងប្រមាថជាសាធា​រណៈ​របស់លោកមកលើគ្រូពេទ្យ​និងអ្នក​វិជ្ជាជីវៈ​សុខា​ភិបាល គណៈ​វិជ្ជាជីវៈសុខាភិបាល​ សុំ​ឲ្យ​លោក​ធ្វើការ​កែ​តម្រូវ​​និង​សុំទោស​ជា​សាធារណៈ​ចំពោះពាក្យសម្តីរ​បស់​លោក”។ គណៈ​វិជ្ជាជីវៈសុខាភិបាល​បញ្ជាក់ថា៖ “សូមលោកធ្វើការ​កែតម្រូវនិង​សុំទោសជា​សាធារណៈ​ជាចំបាច់”។​

នៅពេលទាក់ទងតាមទូរស័ព្ទ អនុប្រធានគណៈគ្រូពេទ្យកម្ពុជា លោក ឡាំ អេងហួរ មានប្រសាសន៍ថាក្រមសីលធម៌គ្រូពេទ្យនៅកម្ពុជាមានតែមួយចំនួនតូចប៉ុណ្ណោះដែលមិនល្អ មិនមែនមានចំនួន៩លើ១០ ដូចការលើកឡើងរបស់លោក គួច ម៉េងលី នោះទេ។ លោកបន្ថែមថាគណៈគ្រូពេទ្យគ្រោងនឹង​ជួបជាមួយលោក គួច ម៉េងលី ដើម្បីជជែកពីបញ្ហានេះ។​ លោកមានប្រសាសន៍ថា៖ “យើងរងចាំមើល យើងនឹងគិតថាត្រូវជួបគ្នាឲ្យបានប្រាស្រ័យជាមួយគាត់ ឲ្យយល់គ្នាផង។ គិតថាក្នុងនាម​បើ​សិនជាគាត់ជាគ្រូពេទ្យម្នាក់ គាត់ត្រូវតែមានឆ្លងកាត់ចំណេះដឹងពីក្រមសីលធម៌ ដែលគ្រប់គ្រង ហើយធ្វើយ៉ាងម៉េចឲ្យគាត់​យល់ថាអ្វីដែលគាត់ធ្វើហ្នឹងក៏វាបំពានលើក្រមសីលធម៌ក្នុងនាមគាត់ជាគ្រូពេទ្យម្នាក់”

រហូតមកដល់ពេលនេះ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក គួច ម៉េងលី បាននៅឡើយទេ។ ប៉ុន្តែនៅព្រឹកនេះដែរ លោក គួច ម៉េងលី បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថា លោកបដិសេធមិនថ្លែងសុំទោសជាសាធារណៈតាមការទាមទាររបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាឡើយ។ លោកបន្ថែមថា៖ "ខ្ញុំគិតថា ខ្ញុំមិនគួរសុំទោសឡើយ"

លោក គួច ម៉េងលី ត្រូវបានដកស្រង់សម្តី​ចុះផ្សាយ​ថា​​៖ “វិស័យ​សុខាភិបាល​យើង ​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី១ដល់ ១០ ខ្ញុំ​ឲ្យ២ពិន្ទុ។ បើ​អ្នក​ក្រ​​ទៅ​ពេទ្យ​ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់​។ ស្រី​សម្រាល​កូន​ខ្លះ​កូន​អាច​​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​គឺថា​ក្នុង​សតវត្សរ៍​ទី២១ តើ​កម្ពុជា​​យើង​ត្រូវ​ឆ្លង​កាត់​​ភាព​វេទនា​នេះ​បន្ដ​ទៀត​ឬ​យ៉ាង​ណា?

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថាគ្រូពេទ្យភាគច្រើនមានក្រមសីលធម៌វិជ្ជាជីវៈល្អនិងមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានអាក​ប្បកិរិយាមិនសមជាគ្រូពេទ្យ​។ លោកមានប្រសាសន៍ថា៖ “វាអាចជាចរិតគាត់ពីធម្មជាតិមក ទី២គាត់មានរឿងរ៉ាវពីគ្រួសារអីក៏គាត់មួរម៉ៅគាត់អាចនិយាយសម្តីធ្ងន់ធ្ងរទៅដល់អ្នកជំងឺ ធ្វើឲ្យគាត់ភ័យខ្លាច កន្លែងហ្នឹងដែលគាត់ខុស បើនិយាយពេ​លណាអាកប្បកិរិយាមិនល្អចំពោះអ្នកជំងឺ​គឺគាត់ខុស ខុសធ្ងន់តែម្តង។ មួយទៀតដូចកន្លងទៅគាត់ដើរបិទគ្លីនិកគេមួយចំនួនដែលថាខុសច្បាប់ ប៉ុន្តែគាត់អត់លាងខ្លួនឲ្យស្អាតផង តាមស្ថាប័នរបស់គាត់ ពេទ្យបង្អែករបស់គាត់ មានស្លាប់កើតកូនឲ្យគ្នាអ្នកក្រីក្រអត់លុយឲ្យគ្នាស្លាប់ អាហ្នឹងហើយដែលវាពាក់ព័ន្ធក្រមសីលធម៌គ្រូពេទ្យ”។ លោកបន្ថែមថាទោះជាយ៉ាងណាគ្រូពេទ្យត្រូវតែមានទឹកចិត្តទូលាយ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អចំពោះប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ មានឬក្រ។

បន្ទាប់ពី​គណៈវិជ្ជាជីវៈ​សុខាភិបាលកម្ពុជា​បាន​ចេញលិខិតឲ្យ​លោក គួច ម៉េងលី​ សុំទោស​នេះ​ អ្នកលេង​ហ្វេសប៊ុក​ភាគច្រើន​បាន​ផ្តល់យោបល់ថា​លោក គួច ម៉េងលី មិន​គួរ​សុំទោស​ចំពោះ​ការ​លើកឡើង​របស់​លោកនោះទេ ដោយថា​ការ​លើកឡើងរបស់​លោក​ឆ្លុះបញ្ចាំង​ពីតថភាព​សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា៕​ រាយការណ៍បន្ថែម​ដោយ​កញ្ញា កាន់ វិច្ឆិកា​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


Tags:

30393

Tommy | ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 10:18 PM

ចំណីរបស់បណ្ឌិតគឺការរិះគន់ហ្នឹង​ឯង! ខ្ញុំគាំទ្រលោកបណ្ឌិតគួចម៉េងលី!
គាត់បានបញ្ជាក់ក្នុងសម្តីគាត់ច្បាស់ណាស់ថាមិនមែនទាំងអស់ទេ ! គួរណាស់បន្ទាបខ្លួនទទួលយកមតិយោបល់ពីអ្នកដ៏ទៃផងទៅអស់លោក លោកស្រីវេជ្ជបណ្ឌិត មិនមែនខ្លួនជាគ្រូពេទ្យនឹងខ្ពង់ខ្ពស់ហួសហេតុហើយត្រូវរហូតនោះទេ ! សូមពិនិត្យពាក្យលោកគួចម៉េងលីផងមុននឹងឆ្លើយតបនឹងគេ!​

Sopheak John | ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 10:32 PM

គាត់បានមានប្រសាសន៍ត្រឹមត្រូវទេតើ ហេតុអ្វីត្រូវសុំទោស ៖
១ គាត់និយាយមិនសំដៅទៅដល់គ្រូទេព្យទាំងអស់ទេ ។
២ បើគាត់មិនឃើញអាក្រក់ផ្ទាល់នឹងភ្នែកទេ គាត់ក៏មិនហ៊ាននិយាយដែរ ។
៣ អ្នកខ្លះចង់ក្លាយជាពេទ្យដើមី្បលុយ មនុស្សប្រភេទនេះហើយគឺជាមនុស្សគ្មានវិជ្ជាជីវៈ ជាគ្រូពេទ្យនោះទោះបីរៀនចប់ចេញពីសាលាត្រឹមត្រូវក៏ដោយ ។ យើងធ្វើពេទ្យព្រោះតែចង់សង្រ្គោះអាយុជីវិតរបស់គេ រីឯលុយវាចូលទៅតាមក្រោយទេ ។ ស្រុកខ្មែរយើងទារលុយមុនព្យាបាល តើលុយនឹងវាថ្លៃជាងជីវិតឬ? ក្រែងពាក្យខ្មែរយើងបានពោលថា (ជីវិតមិនមានដាក់លក់នៅលើទីផ្សារនោះអី) ** របស់ដែលលុយទិញមិនបានគឺរបស់ថ្លៃ ។
៤ គាត់មានចេតនាល្អសម្រាប់អ្នកជម្ងឺខ្មែរ និងគ្រូពេទ្យទេតើ ។ បើយើងល្អទោះគេ និយាយថាអាក្រក់វាមិនថោកតម្លៃយើងទេ តែថោកអ្នកនិយាយ ។
ខ្ញុំគាំទ្រចំពោះការមិនចាំបាច់សុំទោសរបស់លោកឧញ៉ាា ។
អ្នកដែលត្រូវសុំទោសពិតប្រាកដ គឺអ្នកដែលបើករកស៊ីខាងវិស័យពេទ្យដោយគ្មានច្បាប់ត្រឹមត្រូវនោះវិញទេ ។

Sopheaktra | ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 11:10 PM

ចង់អោយគាត់សុំទោស គួរគណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ សុំទោសប្រជាជនកម្ពុជា ជាមុនសិន ។ ចង់ អោយគាត់សុំទោសនឹង សួរថាចេះខ្មាសខ្លួនឯង ឬ អត់? រាល់ថ្ងៃអ្នកណាមិនដឹងពេទ្យស្រុកខ្មែរ?

ទែវី | ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 11:58 PM

ទៅខឹងគេធ្វើអី បើយើងក្រសួងសុខាភិបាលមិនចង់អោយគេថា
គួតែខិតខំកែលំអរចំណុចខ្វះខាតរបស់យើងទៅ និងជាពីសេសសូមជួយត្រួតពិនិត្យអោយបានល្អិតល្អន់តាមមន្ទីពេទ្យ និង មណ្ឌលសុខភាពនានា ថាតើវាមានហេតុការណ៏ដូចដែរគេ និយាយមែនឬទេ?បើមិនបានមន្ទីពេទ្យគុន្ធបុប្ធាទេមិនដឹងជាក្មេង ស្រ្តីពោះធំ ក្រីក្រប៉ុន្មាននាក់ទេដែរត្រូវគ្រោះថ្នាក់ដោយសាពេទ្យគ្មានជំនាញ ច្បាស់លាស់ និងខ្វះក្រមសីលធម៍ទាំងនោះ។

Try yousok | ថ្ងៃសុក្រ ទី15 មករា 2016, 02:27 AM

នៅពេលលឺសំដីដែលគេរិះគន់គឺគួរតែពិចារណាសិនទៅតើពិតទេ ហើយការដែលគាត់រិះគន់ហ្នឹងដើម្បីអ្វីដែរ ហេីយតើជាការពិតទេ
អស់លោកសាកល្បងធ្វើការស្ទង់មតិមើលទៅ តើ100នាក់ដែលធ្លាប់ទៅពេទ្យរដ្ឋមានប៉ុន្មានគាំទ្ររ លោក គួច ម៉េងលី

David Lee | ថ្ងៃសុក្រ ទី15 មករា 2016, 05:08 AM

ខ្ញំុគាំទ្រ លោក ម៉េងលី គួយ ១០០% ព្រោះវាជាការពិត នៅកម្ពុជា គឺវាអញ្ចឹងពិតប្រាកដ៏មែន។

eamchheav | ថ្ងៃសុក្រ ទី15 មករា 2016, 06:22 AM

គាត់និយាយច្បាស់ហើយតើ បើគាត់ជួប ១០ គឺបែបគាត់លើក...គ្មានមេត្តាធម៌... មាន ៩ គឺ ដូច្នោះ១០០ មាន១០ ល្អហើយខ្ញុំគឹតថាវាច្រើនហើយ ដែលបានដល់ទៅ១០ភាគ១០០ល្អ ដូច្នោះយើងពួតដៃគ្នារិះគុណដីម្បីទាញ៩០ភាគរយមក បញ្ចូល ១០អោយកើនឡើង។ហតុអ្វី ក្រសួងសុខាភិបាលតែងតែលាក់បំបាំង ទង្វើរអាក្រក់ក្រុមខ្លួន វាជាហតុអោយអំពើរ នេះកើនឡើងមិនថយចុះ។

You Arun | ថ្ងៃសុក្រ ទី15 មករា 2016, 07:26 AM

គ្រូពេទ្យស្រុកខ្មែរមិនចេះទទួលស្គាល់កំហុសខ្លួនឯងសោះ ពួកអាប្រែតនេះ។ ភរិយារបស់ខ្ញុំត្រូវបានស្លាប់ដោយសារតែពួកនេះទាំងមិនបានឃើញមុខកូនរបស់ខ្លួនផង។

ផង់​​ សំណាង | ថ្ងៃសុក្រ ទី15 មករា 2016, 07:38 AM

ខ្ញុំគាំទ្រសម្តី លោក ឧកញ៉ា គូច ម៉េងលី។ ថ្វីត្បិតព្រះសង្ឃពេលនិមន្តទៅ​ព្យបាលព្រះរោគ មានការយោគយល់ និងជួយសម្រួលពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យក៏ដោយ ប៉ុន្តែបើនិយាយពីទិដ្ឋភាពទូទៅ ប្រជាជនខ្មែរភាគច្រើនមិនបានទទួលសេវាកម្មផ្នែកសុខាភិបាលបានល្អនៅឡើយទេ។ មានអ្នកខ្លះកំពុងតែដេកឈឺនៅនឹងផ្ទះ ព្រោះគ្មានលុយទៅព្យាបាល តើនេះមិនមែនជារឿងពិតទេឬ? បើអ្នកធ្លាប់បានជួបរឿងនេះ អ្នកប្រាកដជាយល់ជាក់មិនខាន។ ទោះជាយ៉ាងណាក៏សូមអរគុណ លោកគ្រូអ្នកគ្រូពេទ្យមួួយចំនួនដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះព្រជាពលរដ្ឋខ្មែរ។

គឹមហាប់ | ថ្ងៃសុក្រ ទី15 មករា 2016, 08:12 AM

ខ្ញុំគាំទ្រលោកបណ្ឌិតគួចម៉េងលី! ការពិតនៅតែការពិត មិនចាំបាច់មិនខិតបិតបាំងទេ ប្រសិនជាយើងមាសសុទ្ធ មិនចាច់ខ្លាចភ្លើងទេ។

Hem Sara | ថ្ងៃសុក្រ ទី15 មករា 2016, 08:25 AM

ខ្ញុំសូមគាំទ្រសម្តីរបស់លោកបណ្ឌិត គួច ម៉េងលីទាំងស្រុង នេះវាដូចដែលអ្វីដែលខ្ញុំបានជួប វាសឹងតែ ១០ អាក្រក់ ៩ ដូចដែលគាត់មានប្រសាសន៍មែន ។ សម្តីគ្រូពេទ្យខ្លះដូចគេជះលាមកទាំងកាថោអញ្ចឹង ជាពិសេសសម្រាប់អ្នកក្រីក្រ អ្នកខ្លះគ្នាមិនសូវដឹងគ្រាន់តែគ្នាសួរតិចតូច ថាឱ្យគ្នាសឹងថាមិនចាំបាច់ព្យាបាលក៏ជាដែរ ។ ហើយគ្រូពេទ្យមួយចំនួនទៀតមិនយកចិត្តទុកដាក់ក្នុងការងារទេ អ្នកជម្អឺទៅដល់នៅអង្គុយលេងទូរសព្ទ័ធ្វើព្រងើយ កូននេះក្តៅកំដៅឡើង ៣៩ អង្សារ ទៅហើយ។ ជាក់ស្តែងកូនរបស់ខ្ញុំឈឺយកទៅពេទ្យគន្ធបុប្ផា ទំរាំបានដល់លេខ តាំងពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១០:៣០ នាទី ពេលចូលទៅដល់គ្រូពេទ្យនៅអង្គុយចុចទូរស័ព្ទធ្វើព្រងើយ មិនសួរនាំអ្វីបន្តិចសោះមួយស្របក់បានសួរ ហើយមិនមានយកអ្វីមកពិនិត្យបន្តិចសោះសូម្បី តែប៉ះក៏មិនប៉ះផង ។ចុងក្រោយឱ្យសេរ៉ូប៉ារ៉ាមួយដប់ហើយថាកូនខ្ញុំផ្តាសាយធម្មតា ពេលខ្ញុំឱ្យកូនខ្ញុំលេបមិនបានបាត់ក្តៅទេ ខ្ញុំក៏បានយកទៅពេទ្យឯកជន គេថាកូនខ្ញរលាកបំពងក និងសួត គេឱ្យថ្នាំមកលេបក៏ត្រជាក នេះគ្រាន់តែផ្នែកតូចមួយដែលខ្ញុំបានជួបក្នងដើមឆ្នាំ ២០១៦ នេះ។ ខ្ញុំមិនលើកយកមកនិយាយរឿងពីមុនផងទេ ។ សំណួរសួរថា តើពេទ្យទាំងនោះមានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ

Lim sokpanha | ថ្ងៃសុក្រ ទី15 មករា 2016, 08:52 AM

ខ្ញុំគាំទ្រលោកបណ្ឌិតគួចម៉េងលី!

Phynon Thorng | ថ្ងៃសុក្រ ទី15 មករា 2016, 09:09 AM

ហេតុអ្វីមិនទទួលស្គាល់អ្វីដែលគាត់មានគំនិតល្អៗក្នុងការផ្លាស់ប្ដូរ អត្តចរិករបស់ពេទ្យខ្មែរ មានប្រជាជនខ្មែរច្រើនណាស់ដែលចង់និយាយលើសហ្នឹងទៀត ហើយក៏ធ្លាប់មានអ្នករិះគន់ចំៗដែរ។ អនិច្ចាស្រុកខ្មែរណាស់។

Keo kan | ថ្ងៃសុក្រ ទី15 មករា 2016, 09:11 AM

អ្វីដែលគាត់និយាយ​ ខ្ញុំគាំទ្រថាវាកើតមាននៅស្រុកយើងមែន។ ប"ុន្តែ​ ក្ុងនាមជាអ្នកមានវិជ្ជាជីវ​ គាត់ត្រូវងញ្ចូលន័យស្ថាបនា។ ឯក្រសួងមានខ្លួន​ គួរពិនិត្យមើលខ្លួនឯងដែរ​ តើខ្លួនអញ្ចឹងមែនទេ? មិនមែនចេះត្រឹមតែបដិសេដទេ។ រាស្ត្រមានលទ្ធភាពទោមើលជំងឺឯក្រៅប្រទេសគ្រប់គ្នា​ តែអស់លោកដឹងតែពីបដិសេដមតិរិះគន់​ គួរទទួលយកការពិតផងទៅ

Chan Ratha | ថ្ងៃសុក្រ ទី15 មករា 2016, 09:13 AM

ខ្ញុំយល់ស្របសំដីបងខាងលើ និងគាំទ្រសំដី លោក គួច ម៉េងលី។ ព្រោះស្ថានភាពសព្វថ្ងៃគឺអញ្ចឹងអែង អ្នកមានលុយ ពេទ្យព្យាបាល អ្នកអត់លុយ ទុកចោលឲ្យស្លាប់។ លោក គួចម៉េងលីនិយាយ ដើម្បីស្ថាបនា និងកែលម្អក្រសួងសុខាភិបាលប៉ុណ្ណោះ គ្មានគំនិតនិងមើលងាយពេទ្យទេ។ ខ្លួនឯងខុសហើយមិនទទួលកំហុសទៀត ឳពេទ្យស្រុកហើយ ឲ្យតែមានចរិកបែបនេះ ពេទ្យណាប្រជាជនរស់នៅបានសុខនោះ។ ខ្ញុំគាំទ្រ សំដី លោកគួច ម៉េងលី សូមកុំសុំទោស ក្រុមពេទ្យអី។ ប្រសិនលោកសុំទោសនោះ លោកហាក់ចុះចូលនិងបន្ថោកខ្លួនលោកទៅវិញ។

SoKHA phe | ថ្ងៃសុក្រ ទី15 មករា 2016, 09:27 AM

I thing Mr Meang Le he taking right why he say sorry for what?

Mak | ថ្ងៃសុក្រ ទី15 មករា 2016, 09:40 AM

គាំទ្រ១០០% លេីលោក ម៉េងលី

So Chenda | ថ្ងៃសុក្រ ទី15 មករា 2016, 10:22 AM

លិទ្ធិប្រជាធិបតេយ្យ ត្រូវតែហ៊ានទទួលយកប្រជាមតិ។ ខ្ញុំគិតថានេះគឺជាការពិតមួយ។ ខ្ញុំរស់នៅទីនេះជាង៣០ឆ្នាំមកហើយ ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាម្នាក់ក៏ទទួលស្គាល់ថា វិស័យសុខាភិបាលនៅក្នុងប្រទេសគឺពិតជាមានចំនុចខ្វះខាតច្រើន។ការទំនួលខុសត្រូវនៅក្នុងអាជីព​ ត្រូវហ៊ានទទួលយកការពិត ហើយកែប្រែវាឲ្យប្រសើរឡើង។
នេះមិនមែនត្រឹមតែជាការទទួលខុសត្រូវលើការពិតនិងអាជីបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវលើសង្គមជាតិទាំងមូល។

វិចិត្រ | ថ្ងៃសុក្រ ទី15 មករា 2016, 10:25 AM

គាត់និយាយត្រឹមត្រូវណាស់ មានថ្ងៃប្អូនស្រីធម៌ខ្ញុំទៅព្យាបាលនៅកាល់ម៉ែត្រ ពេលនោះគ្មានពេទ្យណាយកចិត្តទុកដាក់ទេ មកមើលហើយដើរទៅបាត់ ហើយសូម្បីតែរទេះរុញអ្នកជំងឺក៏មិនអោយជិះដែរ ។

វិចិត្រ | ថ្ងៃសុក្រ ទី15 មករា 2016, 10:25 AM

គាត់និយាយត្រឹមត្រូវណាស់ មានថ្ងៃប្អូនស្រីធម៌ខ្ញុំទៅព្យាបាលនៅកាល់ម៉ែត្រ ពេលនោះគ្មានពេទ្យណាយកចិត្តទុកដាក់ទេ មកមើលហើយដើរទៅបាត់ ហើយសូម្បីតែរទេះរុញអ្នកជំងឺក៏មិនអោយជិះដែរ ។

Ah Za | ថ្ងៃសុក្រ ទី15 មករា 2016, 10:26 AM

ប្រជាជន99%គេយល់ថាពេទ្យស្រុកខ្មែរគឺចឹង គេគំាទ្រសំដីលោក គួច ម៉េងលី សំុលោកគ្រូពេទ្យទំាងឡាយ ជួួយកែសំរួលខ្លួនឯងផង (ពាក្យថាពេទ្យគឺជួយសង្គ្រោះ ជួួយជីវិត្ត តែព្រទ្យស្រុកខ្ញុំជួួយអោយបាត់ ជួួយអោយបង់ ជួួយអោយឆាប់ទៅ)

Nimol SAY | ថ្ងៃសុក្រ ទី15 មករា 2016, 10:32 AM

Good speed sir and its true
some nurse/doctor are good but most of them is bad
(if no connection/no money) their never care poor patient for sure.

Horng Ruos | ថ្ងៃសុក្រ ទី15 មករា 2016, 10:51 AM

ខ្ញុំមិនហ៊ានថាដូចលោកគង់ម៉េងលីទេខ្លាចគេប្តឹង។​ តែខ្ញុំជូបមួយដងនៅពេទ្យកាលម់ែតគ្មួយបង្កើតខ្ញុំស្លាប់ខ្ញុំគ្រាន់តែសួរថាគេស្លាប់ពីពេលណាពេទ្យស្រីវ័យ២៥-២៧ស្ដីអាក្រក់ៗដាក់ខ្ញុំកប់ៗមាត់តែម្តង(​ ខ្ញុំក៏ថាដែរពេទ្យខ្មែរអន់ចរិត)។

Angkorianman II | ថ្ងៃសុក្រ ទី15 មករា 2016, 11:11 AM

ក្រសួងសុខាភិបាល អាចពិនិត្យមើលសារទាំងអស់នៅទីនេះហើយគិតឡើងវិញពីអ្វីដែលលោក មេង លី​ និយាយនោះត្រូវឬខុស។

Sina | ថ្ងៃសុក្រ ទី15 មករា 2016, 11:29 AM

I agreed with Mengly. It is true and happens in Cambodia.
Sina

DD | ថ្ងៃសុក្រ ទី15 មករា 2016, 11:31 AM

លោក គួច ម៉េងលី និយាយត្រូវណាស់ខ្ញុំសូមគាំទ្រលោកមិនចាំបាច់សុំទោសទេ ហើយក្រសួងសុខាភិបាលគួរតែទទួលយកនឹងកែជាបន្ទាន់ ព្រោះនេះជាគតិបណ្ឌិតសម្រាប់ជួយជីវិតមនុស្ស។

សាំង ស៊ីឃ្លីន | ថ្ងៃសុក្រ ទី15 មករា 2016, 11:58 AM

ខ្ញុំគាំទ្រសម្តីលោកវេជ្ជបណ្ឌិត្យ គួច ម៉េងលី ព្រោះគាត់បញ្ជាក់ហើយថា មួយចំនួនដែលគាត់ជួប មិនមែនទាំងអស់ទេ។ ខាងគណៈវិជ្ជាជីវសុខាភិបាល គួរតែសិក្សាឱ្យបានម៉ត់ចត់ពីបញ្ហានេះ ទាំងមន្ទីពេទ្យ ទាំងបុគ្គលិកពេទ្យ។ បើក្រលេកមើលទៅមន្ទីពេទ្យខ្លះបានធ្វើឱ្យអ្នកជំងឺស្លាប់ ដោយពេទ្យគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ តើមានពេទ្យប៉ុន្មានដែលព្រមសារភាពនឹងទទួលខុសត្រូវលើរឿងនេះ។ បើនិយាយពីអាកប្បកិរិយាវិញ គឺទាំងពាក្យសម្តីពិបាកស្តាប់ណាស់ដូចលេបដុំគ្រួសចឹង រីឯកាយវិការវិញក៏មិនណយដែរ ជាពិសេសបុគ្គលិកពេទ្យរដ្ឋនឹងតែម្តង។
គណវិជ្ជាជីវសុខាភិបាលសាកពិចារណាមើល បើពេទ្យយើងមានវិជ្ជាជីវៈ មានក្រមសីលធម៌ល្អ ហេតុអីក៏មានពលរដ្ឋខ្មែរទៅព្យាបាលនៅវៀតណាម នៅថៃ ឬនៅប្រទេសផ្សេងៗទៀត? សូម្បីពេទ្យខ្លួនឯង និងថ្នាក់ដឹកនាំមួយចំនួនក៏ទៅព្យាបាលនៅបរទេសដែរ នេះមិនមែនជាភាពកម្សោយរបស់ពេទ្យស្រុកខ្មែរទេអី? បើថាខ្វះសម្ភារបច្ចេកទេសទៅដូចជាមិនសមទេ​ ព្រោះពេទ្យនីមួយៗតែងអួតក្តែងៗថា មាននាំចូលសម្ភារបច្ចេកវិទ្យាចុងក្រោយបង្អស់មក ហើយពេទ្យសុទ្ធតែមានបទពិសោធន៍ទៀត។ ដូច្នេះសូមគណវិជ្ជាជីវសុខាភិបាលកម្ពុជា គិតឡើងវិញពីបញ្ហានេះ

បញា | ថ្ងៃសុក្រ ទី15 មករា 2016, 12:33 PM

គាត់និយាយត្រូវណាស់​ខ្ងំុធ្លាប់ជួបហេីយ :( និយាយមិនចេញទេ​ :(​ ពេទ្យស្រុកខ្មែរ​ (​កាល់ម៉ែត្រ​) អត់លុយគឺត្រូវស្លាប់ :( ស្លាប់យ៉ាងអយុត្តិធម៏​.

seng hong | ថ្ងៃសុក្រ ទី15 មករា 2016, 01:45 PM

បងម៉េងលី និយាយតាមដែលគាត់ជួបប្រទះ ចំចំណុចមហាខ្សោយរបស់ពួកផ្លត់សេវាសុខាភិបាលហើយ ខ្ញុំក៏មើលឃើញបញ្ហាស្រដៀងគាត់ដែរ និងដូចជាមើលឃើញបញ្ហាផ្សេងៗទៀតផង។ ដូចនេះបង ម៉េងលី មិនចាំបាច់សុំទោសអីទេ។
ពួកគណៈពេទ្យទាំងនេះ គួរពិចារណានាំគ្នាកែខ្លួន ធ្វើឲ្យវិស័យនិងសេវាសុខាភិបាលកាន់តែល្អ មានគុណភាពនិងជឿទុកចិត្តបាន ដើម្បីឲ្យមហាជនគោរព ចូលចិត្តទទួលសេវាក្នុងស្រុក ជាជាងទៅព្យាបាលនៅក្រៅស្រុក។ តាមពិតក៏មានគ្រូពេទ្យនិងវេជ្ជបណ្ដិតមានសុជីវៈធ៌ម សីលធ៌ម មួយចំនួនតូចដែរ គណៈពេទ្យទាំងនេះគួរមានសមត្ថភាព គុណធ៌ម សច្ចធ៌ម យុត្តិធ៌មនិងមិនលំអៀង គួរនាំគ្នាចេះបកស្រាយបំភ្លឺពីបញ្ហាដែលមហាជនរិះគុណ មានសមត្ថភាពនិងចេះចាត់វិធានការធ្វើឲ្យមានការកែលំអសេវាសាធារណៈរបស់ខ្លួន កែសំរួលបញ្ហាប្រឈមឲ្យក្លាយជាឪកាសដើម្បីពង្រឹងវិស័យនិងសេវាកម្មសុខាភិបាលនេះ ជាដើម។ល។
កុំចេះតែស្រវឹងនឹងអ្វីមួយដោយផ្កាប់មុខពេក ហើយភ្លេចមើលលែងឃើញចំណុចអសកម្មនិងខ្វះខាត

Vanrith Pich | ថ្ងៃសុក្រ ទី15 មករា 2016, 01:46 PM

លោកគួច ម៉េងលី រឺះគន់ត្រូវចំនុច!!!
វិស័យសុខាភិបាលមួយនេះគួរ ពង្រឹងឡើងវិញនៅកម្ពុជា!ដោយផ្តោតលើ
1- ក្រមសីលធម៌វិជ្ជាជីវៈ
2- ប្រពន្ធ័គុណភាព និង វាយតំលៃប្រសិទ្ឋិភាពការងារ
3- រៀបចំកម្មវិធីការលើកទឹកចិត្តខ្ពស់ពីសង្គម ចំពោះពេទ្យមានសុឆន្ទៈជួយមនុស្សជាតិ
4-​ បញ្ជូលកម្មវិធីដែលមានតំលៃជាសកលបែបវិជ្ជសាស្រ្ត ក្នុងកម្មវិធីសិក្សាសាលាពេទ្យជាតិ

និយាយក្នុងក្របខណ្ឌពេទ្យស្រុកខ្មែរយើងៈ
1- អ្នកក្រអត់លុយ នឹងស្លាប់ដោយសារអត់លុយអោយពេទ្យ
2- អ្នកមធ្យម នឹងបង្គួរ នឹងក្លាយទៅជាអ្នកក្រ បន្ទាប់ប្រើសេវាសុខាភិបាល
3- អ្នកមាន នឹងនៅតែជាអ្នកមានដដែល គ្រាន់តែខាតពេលទៅព្យាបាលនៅក្រៅស្រុក ។ ហើយ លុយស្រុកខ្មែរ នឹងត្រូវចរាចរទៅស្រុកគេវិញ => ឪនភាពសេដ្ឋកិច្ចសំរាប់ជាតិទាំងមូល ។

គ្រាន់តែជាយោបល់ខ្លី គំនិតវែងតែប៉ុណ្ណោះ!! អរគុណ!!
អ្នករងគ្រោះ

វណ្ណះ | ថ្ងៃសុក្រ ទី15 មករា 2016, 01:48 PM

ហេតុអ្វីដែលបង្ករអោយគ្រូពេទ្យ ស្រុកខ្មែរក្លាយជាពេទ្យគ្មានសីលធម៍ ក្នុងខ្លួឬ ក្រសួងសុខាភិបាលមិនបានមើលឃើញនូវ បញ្ហទាំងអស់នេះទេ

វង្ស មករា | ថ្ងៃសុក្រ ទី15 មករា 2016, 01:57 PM

ខ្ញី គាំទ្រ លោក​ គួច ម៉េងលី​​ ១០០%

peou | ថ្ងៃសុក្រ ទី15 មករា 2016, 02:27 PM

ខ្ញុំមិនដឹងទេថាវាប៉ះពាល់ទៅលើអ្នកណាម្នាក់ពីអ្វីដែលយើងបាននិយាយត្អូញត្អែអំពីអ្វីដែលយើងដឹងនិងលឺពីហេតុការទាំងអស់នេះ។ប៉ុន្តែអ្វីដែលលោក​គួច ម៉េងលីនិយាយនេះវាជាការពិតជាក់ស្តែងបងប្្អូនមិត្តភក្កិ ញ្ញាត្តិជិតខាងពួកគាត់តែងតែនិងនិយាយពីរឿងនេះ។ពូកគាត់និយាយថាគាត់អស់ជំនឿទៅលើពេលទាំងស្រុង​។ហើយអ្វីដែលលោកនិយាយនេះចង់អោយពេទ្យមានទំនួលខុសត្រូវដឹងពីកំហុសខ្លួនឯងហើយចេះកែខ្លួន។មិនវាយប្រហាលចង់បានមុខមាត់ទេ។ហើយខ្ញុំសង្ឃឹមថាពេទ្យអ្វីដែលនិយាយនិងរៀនមកពេលចូលអនុវត្តសុំធ្វើតាមផងបានត្រឹម៥ភាគរយក៏បានដែរ។សូមបញ្ជាក់ថាចំពោះពេទ្យមួួយចំនូននដែលធ្វើទង្វើបែបនេះ

ច័ន្ទ | ថ្ងៃសុក្រ ទី15 មករា 2016, 03:15 PM

សុំសួរលោក គួច ម៉េងលី វិញថា តើនៅស្រុកខ្មែរមានមន្ទីរពេទ្យណាឲ្យអ្នកជំងឺដេកតាមចិញ្ចើមថ្នល់? លោករៀននៅស្រុកអាមេរិក តើនៅអាមេរិកមានករណីកូនស្លាប់ក្នុងពោះឬទេ? សុំបង្ហាញទិន្នន័យផង។ ឬក៏លោកចង់ល្បី? ហេតុអ្វីបានជានាំគ្នាយកពេទ្យខ្មែរធ្វើជាផ្ទាំងស៊ីប សម្រាប់បាញ់គ្រប់គ្នាដូច្នេះ។ ម្ដេចក៏មិនគិតឲ្យបានគ្រប់ជ្រុងជ្រោយផង ប្រទេសមានច្បាប់។

សូរិយា ល្ងាចថ្ងៃ | ថ្ងៃសុក្រ ទី15 មករា 2016, 04:16 PM

លោកមិនគួរ ប្រើពាក្យរិះគាន់ពេទ្យស្រុកខ្មែរ យ៉ាងនេះទេ ខ្ញុំជឿរថាលោកយល់ច្បាស់ ពាក្យថា កិត្តិយស
ថ្ងៃភេវរកម្ម នៅ ប៉ារីស ការរិះគាន់ដល់ពេទ្យ ក្នុងក្រុង ប៉ារីស ក៏មានដែរ ។
លោកក៏ជាខ្មែរដែរ ។

រ៉ែម ចាន់រ៉ុង | ថ្ងៃសុក្រ ទី15 មករា 2016, 04:32 PM

មិនត្រូវសុំទោស ឬ ធ្វើតាមការទាមទាររបស់គណៈវិជ្ជាជីវសុខាភិបាលអ្វីនោះទេ។ ត្រូវរឹងលើពាក្យ និង ឆន្ទៈរបស់លោក។ ខ្ញុំនៅចាំគាំទ្រវារហូត!

Muny Khat | ថ្ងៃសុក្រ ទី15 មករា 2016, 05:18 PM

ពេទ្យស្រុកគេពេលអ្នកជំងឺទៅដល់ពេទ្យគេពិនិត្យអ្នកជំងឺជាមុនមិនមែនសួររកលុយមុនទេ​ បើពេទ្យស្រុកយើងវិញគឺសូរថាមានលុយឬអត់ បើគ្មានលុយបងមុនទេគឺមិនសូវយកចិត្តទុកដាក់ទេជួលកាលទុកចោលក៏មានដែរ។
ដល់ពេលដែលត្រូវកែរលំអរហើយដល់ពេលគេនិយាយចំៗកំុខឹងនឺងគេអី រកវិធីដោះស្រាយទើបល្អ កំុចង់ចាញ់ឈ្នះគ្នាអីពីព្រោះគេថានឹងវាត្រូវច្រើនតែម្តង។

ផាន់ ថង | ថ្ងៃសុក្រ ទី15 មករា 2016, 05:39 PM

គ្រួសារខ្ញុំធ្លាប់ជួបរឿងអយុត្តិធម៌របស់ពេទ្យខ្មែរដែរ ក្មួយខ្ញុំត្រូវស្លាប់ដោយសារពេទ្យរុញដោលគ្នា មិនទទួលខុសត្រូវការងាររបស់ខ្លួន សាច់ញាតិបងស្រីខ្ញុំស្លាប់ដោយគ្រាន់តែឈឺសន្លាក់ ពេទ្យប្រើថ្នាំខុសមិនទទួលខុសត្រូវ (មន្ទីរពេទ្យថ្មីនៅម្តុំបឹងស្នោរច្បារអំពៅ)... មិនមួលបង្កាច់ទេ តែជាការពិត ក្រសួងសុខាភិបាលដឹងខ្លួនឯងហើយ មិនបាច់ឲ្យគេសុំទោសទេ ខ្លាសគេ។

ក្មេងល្ងង់ | ថ្ងៃសៅរ៍ ទី16 មករា 2016, 12:13 AM

ត្រី១កន្ត្រក បើស្អុយ១គឺស្អុយទាំងអស់ ដូច្នេះប្រសិនបើបញ្ញាជនមើលឃើញត្រីមួយស្អុយ ហើយសន្និដ្ឋានថាត្រីមួយកន្រ្តកស្អុយដែរនោះ តើបញ្ញាជននោះមិនដូចជាជនអវិជ្ជាទៅហើយទេឬ ?

sopheak | ថ្ងៃសៅរ៍ ទី16 មករា 2016, 09:47 AM

I agree with Dr. Mengly said, as nowadays most doctors they are not professional they dont care about their professionalism mostly just care about how much they can get from patient only. this this what i see in this society , really different from other counties , we have a lot of report about concerning with this issues nearly whole country , so Please try to accept the good feedback from the people and take strong action with this department in order to make Cambodian people trust.

Soksamphors KORM | ថ្ងៃសៅរ៍ ទី16 មករា 2016, 04:18 PM

សរសើរភាពក្លាហានរបស់លោកវេជ្ជបណ្ឌិតគួចម៉េងលី។ សូមលោកកុំសុំទោស ព្រោះអ្វីដែលលោកបាននិយាយគឺជាការពិត។ លោកមិនបាននិយាយថាពេទ្យក្នុងស្រុកខ្មែរអាក្រក់ទាំងអស់នោះទេ គ្រាន់តែថាភាគច្រើនប៉ុណ្ណោះ ដូច្នេះលោកមិនបាច់ភ័យព្រួយគេប្តឹងលោកឡើយ។ ភាពថ្លៃថ្នូររបស់បុគ្គលគឺសច្ចភាព និងភាពត្រឹមត្រូវ ពោលគឺបើឃើញសថាស បើឃើញខ្មៅថាខ្មៅ។

So phea | ថ្ងៃចន្ទ ទី18 មករា 2016, 10:49 AM

ខ្ញុំជួបផ្ទាល់ហើយ ឃើញថា សិលធម៌ ពេទ្យខ្លះ មិនល្អមែន ភាគច្រើន មិនល្អចឹងម៉ង

ពិសិទ្ឋ | ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 10:14 AM

I did agree with Mr. Kouch Mengly what he commented on that. I strongly believe that if any doctors have bad behavior like this, they should change these. And he doesn't need to apologize for these speech.I would like the health officers who related to that job, please keep doing well and pity on the poor. They should strengthen the ability of doctors'ability as well.



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

ថ្ងៃទី16 កុម្ភៈ 2016, 03:49 PM

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

ថ្ងៃទី16 កុម្ភៈ 2016, 03:24 PM

សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

ថ្ងៃទី16 កុម្ភៈ 2016, 11:07 AM

ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

ថ្ងៃទី16 កុម្ភៈ 2016, 10:59 AM

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

ថ្ងៃទី16 កុម្ភៈ 2016, 10:23 AM

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

បាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែន

ថ្ងៃទី16 កុម្ភៈ 2016, 07:32 AM

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​ បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុក​ការតវ៉ានេះ​ជា​សេរីភាពនៃ​ការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។​ កាលពីម្សិលមិញ លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថាប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To