ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ជើងខ្លាំងថៃ Phich Bunchong រក្សាកំណត់ត្រាមិនដែលចាញ់នៅលើសង្វៀនកម្ពុជា​

ដោយ៖​ សុខ ឆាយ​ | ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 09:24 AM​

មើលរូបភាពបន្ថែម

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​កីឡាករ​ ឡុង សុវណ្ណឌឿន ជាមួយ​កីឡាករ​ថៃ Phich Bunchong (រូបភាព៖ សុខ ឆាយ)

នៅទីបំផុត កីឡាករដែលមានអាជីពជាពិធីករកីឡាលោក ឡុង សុវណ្ណឌឿន មិនអាចយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Phich Bunchong  បើទោះជាមុនពេលឡើងប្រកួត ទាំងសមីខ្លួន និងអ្នកគាំទ្រសុទ្ធតែបានរំពឹងថាលទ្ធផលនឹងបានឈ្នះថៃ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាក៏បានប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយបានត្រឹមស្មើ ហើយ​កីឡាករ Phich Bunchong  នៅ​តែ​អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅលើសង្វៀនក្នុងប្រទេសកម្ពុជា។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៣១ ខែមករា អ្នកស្នេហាកីឡាប្រដាល់ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងសង្វៀនតែម្ដង  ដោយសារតែកេរ្តិ៍ឈ្មោះរបស់ ឡុង សុវណ្ណឌឿន ធ្វើឲ្យគេទុកចិត្តខ្ពស់ ហើយការប្រកួតជាមួយកីឡាករ Phich Bunchong  ក៏ជាការប្រកួតដែលត្រូវគេចង់ដឹងថានឹងជួយបំបាក់កីឡាករថៃរូបនេះ ស្ដារមុខមាត់ឲ្យវិស័យប្រដាល់កម្ពុជាបានឬអត់។

កីឡាករ Phich Bunchong  ត្រូវគេដឹងរួចមកហើយថាខ្លាំង និងមិនដែលបរាជ័យក្រោមដៃរបស់កីឡាករកម្ពុជានោះទេ ដោយការប្រកួតលើកទី១របស់គេគឺឈ្នះ ពេជ្រ សីហា ដែលអ្នកណាក៏ដឹងថាជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ លើកទី២ បានស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ លើកទី៣ស្មើពិន្ទុជាមួយកីឡាករ ឡុង សុភី ជាថ្មីម្ដងទៀត និងលើកទី៤ បានឈ្នះកីឡាករ ពេជ្រ សីហា ក្នុងជំនួបសងសឹកគ្នា។

នៅក្នុងពិភពប្រដាល់គេកត់សម្គាល់ថា ជើងខ្លាំងរបស់កម្ពុជាមិនទាន់មានអ្នកណាឈ្នះកីឡាករថៃរូបនេះនោះទេ ដោយសូម្បីតែពេលបានស្មើក៏ត្រូវគេមើលឃើញថាកីឡាករថៃមានប្រៀបជាងកីឡាករកម្ពុជានោះដែរ។ 

ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក រាជ សូផែន បានអះអាងថា ការប្រកួតកន្លងមករបស់ Phich Bunchong  គឺអាចនិយាយថា មិនមានកីឡាករកម្ពុជារូបណាយកឈ្នះបាននោះទេ ទើបលោក និងសហព័ន្ធប្រដាល់សម្រេចដាក់ឲ្យកីឡាករ ឡុង សុវណ្ណឌឿន ដែលឡើងកូដល្អនៅលើសង្វៀន ឲ្យឡើងប៉ះជាមួយ។ មុនពេលឡើងប្រកួត លោករំពឹងយ៉ាងខ្លាំងថាកីឡាកររូបនេះនឹងជួយសងសឹកឲ្យមិត្តរួមជំនាន់ ដោយសារតែក្នុងពិភពប្រដាល់ គឺសម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាម ចង់អស់អ្នកខ្លាំងឲ្យប៉ះជាមួយ Phich Bunchong ទៅហើយ។

លោក រាជ សូផែន បន្តថា នៅក្នុងទឹកទី១ ការប្រកួតរបស់កីឡាករទាំងពីរមើលមិនទាន់ដឹងថាអ្នកណាល្អជាងអ្នកណានោះទេ លុះដល់ទឹកទី២ ទើបកីឡាករថៃចាប់ផ្ដើមវាយកែងបានល្អ ហើយមានពិន្ទុនាំមុខ។ ក្នុងទឹកទី៣លោកថា កីឡាករ ឡុង សុវណ្ណឌឿន ទទួលបានឱកាសមកវិញ តាមរយៈការវាយកែង និងទាត់ជើងក្រោមបានល្អ ធ្វើឲ្យកីឡាករថៃបាក់ជំហរម្ដងៗ។ ប៉ុន្តែនៅក្នុងទឹកនេះ កីឡាករថៃ ក៏មានឱកាសបញ្ចេញកណ្ដាប់ដៃ និងកែងបានចំគោលដៅដូចគ្នា។ ក្នុងទឹកទី៤ កីឡាករទាំងពីរមានប្រៀបរៀងខ្លួន ហើយក្នុងទឹកទី៥លោកថា កីឡាករកម្ពុជាចាប់ផ្ដើមមានសន្ទុះនាំមុខវិញ ប៉ុន្តែវាចំនៅក្នុងបរិបទដែលកម្លាំងវាយសម្រុករបស់គេចុះខ្សោយបាត់ទៅហើយ។

ឡុង សុវណ្ណឌឿន ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ Phich Bunchong  (រូបភាព៖ សុខ ឆាយ)

ប្រធានគណៈកម្មការប្រដាល់រូបនេះបន្ថែមថា ទោះបី ឡុង សុវណ្ណឌឿន បានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃ  Phich Bunchong  ប៉ុន្តែបើធៀបនឹងកម្រិតវាយលុករបស់គេ ក្នុងពេល រឿង សោភ័ណ្ឌ និងឡុង សុភី ឡើងប្រកួត គឺ ឡុង សុវណ្ណឌឿន មានសមត្ថភាពវាយត្រូវកីឡាករថៃរូបនេះល្អជាង។ លោកថា លទ្ធផលមិនអាចឈ្នះថៃរបស់ ឡុង សុវណ្ណឌឿន កំពុងធ្វើឲ្យសហព័ន្ធពិបាកសម្លឹងរកកីឡាករណាផ្សេង ដើម្បីឲ្យឡើងប៉ះប្រកួតជាមួយ Phich Bunchong សម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាម។ យ៉ាងណាមិញ លោកថា លោកមិនជឿថានៅក្នុងពិភពកីឡាគ្មានអ្នកហ៊ានឡើងប្រកួត ហើយអាចយកឈ្នះកីឡាករថៃរូបនេះនោះទេ ហើយសហព័ន្ធនឹងបន្តផ្គូរផ្គងដាក់ឲ្យប្រកួតជាមួយកីឡាករកម្ពុជាល្អៗបន្ថែមទៀត។

ភាគីខាងគ្រូបង្វឹករបស់កីឡាករថៃ Phich Bunchong  ហាក់យល់ឃើញថា លទ្ធផលគួរតែឲ្យកីឡាកររបស់ខ្លួនឈ្នះពិន្ទុ ដោយមិនឲ្យស្មើ សម្រាប់ការប៉ះគ្នាជាមួយ ឡុង សុវណ្ណឌឿន។ ឆ្លើយតបនឹងករណីនេះ លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា លទ្ធផលឲ្យស្មើគឺជារឿងសមស្រប បើផ្អែកលើកម្រិតប្រកួតរបស់ ឡុង សុវណ្ណឌឿន ដែលលោកថា មានឱកាសវាយត្រូវបានចំគោលដៅពេញរយៈពេល៥ទឹកក្នុងការប៉ះគ្នា។ លោកថាកីឡាករកម្ពុជាគូនេះធ្លាប់ប្រកួតបាន៨០លើក ឈ្នះ៦៧លើក ចាញ់៩លើក និងស្មើ៤លើក ចំណែកកីឡាករថៃធ្លាប់ប្រកួតបាន១០៦លើក ឈ្នះ៨៧លើក ចាញ់១៥លើក និងស្មើ៤លើក រាប់ទាំងការប្រកួតចុងក្រោយនេះផង។

ដោយឡែកសម្រាប់មួយគូអន្តរជាតិទៀតរវាងកីឡាករ កន ចន្ថា និងកីឡាករថៃឈ្មោះ Chheng Krai គឺកីឡាករកម្ពុជាជាអ្នកចាញ់ពិន្ទុ៕

សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

 


Tags:

2983

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
កីឡាករថៃ Superchhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ថ្ងៃទី15 កុម្ភៈ 2016, 01:32 PM

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ  កីឡាករថៃឈ្មោះ Superchhai  បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។  គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។ យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Superchhai  និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២

ថ្ងៃទី14 កុម្ភៈ 2016, 08:16 AM

នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​ ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។ រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​ កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​ ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​ យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​ ​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕ សរសេរមកកាន់ សុខ ឆាយ តាមរយៈsokchhay@gmail.com

វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន

ថ្ងៃទី8 កុម្ភៈ 2016, 08:45 AM

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។ ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

ពេជ្រ ម្ទេសខ្មាំង ឈ្នះ ខណៈរឿង សោភ័ណ្ឌ ចាញ់កីឡាករថៃ

ថ្ងៃទី25 មករា 2016, 01:20 PM

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៤ ខែមករា កីឡាករកម្ពុជា២រូបមិនមានសំណាងដូចគ្នានោះទេ បើទោះជាពួកគេសុទ្ធតែប្រឹងប្រែងក្នុងការបង្ហាញថ្វីដៃយ៉ាងអស់ពីសមត្ថភាព។ ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះគឺកីឡាករ ពេជ្រ ម្ទេសខ្មាំង បានឈ្នះគូប្រកួត ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ឯណោះវិញ បានត្រឹមតែកំដរកីឡាករថៃជាគូប្រកួតដល់ទឹកទី៥ប៉ុណ្ណោះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលអ្នកណាក៏ស្គាល់ជាជើងខ្លាំងម្នាក់ប្រចាំនៅក្លិបអរុណរះកីឡា កាន់តែធ្វើឲ្យមានការកោតសរសើរជាមួយនឹងលទ្ធផលវាយឈ្នះកីឡាករថៃដែលមានឈ្មោះថា Kong Sak  កាលពីថ្ងៃអាទិត្យនោះ។ បើទោះជាគោលដៅចង់ឲ្យកីឡាករថៃសន្លប់មិនអាចធ្វើទៅបាន ក៏មានការទទួលស្គាល់ភាគច្រើនក្នុងរង្វង់អ្នកគាំទ្រ។ ក្នុងទឹកទី២ និងទី៣ កីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃតិចតួច។ លុះដល់ទឹកទី៤  និងទី៥ ការវាយសង្គ្រប់របស់កីឡាករកម្ពុជាកាន់តែល្អឈានឡើង ដោយអាចវាយប្រទាញបានពិន្ទុរហូតបានដល់ឈ្នះដោយពិន្ទុគឺនៅក្នុងទឹកទាំង២ចុងក្រោយនេះតែម្ដង។

កីឡាករថៃបំបាក់ពេជ្រ សីហា លើកទី២

ថ្ងៃទី18 មករា 2016, 07:41 AM

បើទោះជាបានតាំងចិត្តដាច់ខាតថាត្រូវតែសងសឹកឲ្យបានក៏ដោយ ក៏ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៧ មករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករពេជ្រ សីហា នៅតែត្រូវកីឡាករថៃឈ្មោះPhech Bunchoung វាយបំបាក់ជាលើកទី២។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើងក៏បានបង្ហាញថាកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពផងដែរ បើទោះជាចាញ់ជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលកីឡាករពេជ្រ សីហា ប្រកាសឡើងសងសឹកជាមួយកីឡាករថៃឈ្មោះPhech Bunchoung  បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុនគឺគេចាញ់ទាំងមិនអស់ចិត្ត។ អ្នកស្នេហាការប្រដាល់យ៉ាងច្រើនកុះករត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់តែម្ដងនៅក្នុងស្ទីឌីយោរបស់ស្ថានីយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពេលគូនេះឡើងរេញប្រកួតគ្នា។ តាំងពីទឹកទី១ រហូតដល់ទឹកទី៥ គេឃើញអ្នកទស្សនាទាំងប្រុសទាំងស្រី ដក-កចំហរមាត់និងទះដៃយ៉ាងកងរំពងគ្រប់ពេលកីឡាករកម្ពុជាវាយចូលទៅលើកីឡាករPhech Bunchoung ។ ជាពិសេសក្នុងទឹកទី២និងទឹក៣ គ្មានអ្នកណាមិនឮសំឡេងស្រែកយ៉ាងទ្រហឹងពេញ​សាលប្រដាល់នោះទេ ដោយសារសន្ទុះវាយលុករបស់ពេជ្រ សីហា ទៅលើកីឡាករថៃ។ យ៉ាងណាក៏ដោយក្នុងទឹកទី៤និងទី៥ កីឡាករថៃ បានប្រែទម្រង់វាយសម្រុកហើយប្រើបច្ចេកទេសវាយបោកធ្វើឲ្យពេជ្រ សីហា បាត់បង់ជំហរ។ ក្នុងទឹកទាំងពីរ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យសរសើរ ហើយក៏ធ្វើឲ្យមើលដឹងថាកីឡាករកម្ពុជាមិនអាចទៅរួចជាមួយកីឡាករថៃក្នុងជំនួបសងសឹកនោះផង។ ប៉ុន្តែអ្នកគាំទ្រពេជ្រ សីហា មិនបានរិះគន់ចំពោះការបរាជ័យរបស់កីឡាកររូបនេះនោះឡើយ ដោយសារតែឃើញជាក់ស្ដែងថាគេក៏ប្រឹងអស់ពីសមត្ថភាព ហើយកីឡាករថៃពិតជាខ្លាំងពិបាកទប់។ ជាពិសេសនៅពេលមានការប្រកាសថាកីឡាករ Phech Bunchoung  ឡើងមកប្រកួតនៅកម្ពុជា៤លើក មិនដែលចាញ់ទាល់តែសោះ។ ការឡើងមកប្រកួតលើកទី១និងលើកទី២ គេស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ និងឡុង សុភី ដែលសុទ្ធតែជាជើងខ្លាំងនិង២លើកចុងក្រោយគឺឈ្នះ ពេជ្រ សីហា ជាប់គ្នានេះឯង។ លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាក្រោយការបរាជ័យលើកទី២របស់ពេជ្រ សីហា ធ្វើឲ្យគណៈកម្មការរៀបចំសម្រេចចិត្តមិនឲ្យអ្នកទាំងពីរធ្វើការប្រកួតគ្នាទៀតទេ ដើម្បីកុំឲ្យបាក់មុខកីឡាករកម្ពុជាជាថ្មីម្ដងទៀត។ លោកមាន​ប្រសាសន៍ថា៖ “កីឡាករថៃល្អណាស់ អញ្ចឹងបើដាក់ឲ្យប្រកួតគ្នាប៉ុន្មានដងទៀត ក៏ពេជ្រ សីហា ទៅមិនរួចដែរ ហើយខាងសហព័ន្ធកំពុងគិតថាត្រូវដាក់អ្នកណាដើម្បីឲ្យត្រូវនឹងសមត្ថភាពរបស់កីឡាករថៃហ្នឹង!”។ ស្របនឹងជំហរនេះ កីឡាករពេជ្រ សីហា ក៏ទទួលស្គាល់ថាថ្វីដៃរបស់កីឡាករPhech Bunchoung ល្អជាងខ្លួននិងពិបាកឲ្យគេធ្វើការសងសឹកនោះផងដែរ។ គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបាន១០៣លើក ឈ្នះ៧៧លើក ចាញ់១៨លើកនិងស្មើ៥លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦៦លើក ចាញ់១២លើកនិងស្មើ១លើក៕ សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

​កីឡាករ ឡុង សុភី​ រៀប​ការ

ថ្ងៃទី15 មករា 2016, 07:22 AM

កាល​ពីថ្ងៃទី​​១៤ ​មករា​​មុន​នេះ ​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​មានខ្សែ​ក្រវាត់ជើង​ខ្លាំង​ដល់​ទៅ​​៦​​ខ្សែ​ ឡុង សុភី បាន​ប្រារព្ធ​ពិធី​រៀប​ការ​យ៉ាង​អធិកអធម​នៅ​គេហដ្ឋាន​​ខាង​ស្រី​ក្នុង​ខេត្ត​ស្វាយរៀង។ កីឡាករ​​​ល្បី​ឈ្មោះ​​​​នៅ​ក្នុង​ពិភព​ប្រដាល់​​យ៉ាង​ច្រើន​កុះ​ករ​ ត្រូវ​បាន​គេ​អះ​អាង​ថា​​បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ពិធី​នោះ បើ​ទោះ​ជាមង្គល​របស់​លោក ​គឺ​​មាន​​រយៈចម្ងាយ​ឆ្ងាយ​​ដែល​ធ្វើ​​​​​​ម្ចាស់​ពិធី​​​​បារម្ភខ្លាច​​​អត់​ភ្ញៀវ​ពី​ភ្នំពេញ​។ ​ លោក​​ ឡុង សាលវ័ន្ត ​​​បង​ប្រុស​កូន​កំលោះ​និង​ជា​​​គ្រូ​បង្វឹក​​​​​​​ប្រចាំ​ក្លិប​​ឡុង​សាលវ័ន្ត​កីឡា បាន​​អះ​អាង​ថា ពិធី​មង្គល​ការ​របស់​​លោក​ឡុង សុភី ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​តា​យាង ​ស្រុក​ស្វាយ​ជ្រុំ​ ក្នុង​ខេត្តស្វាយរៀង ​​ ដែល​ជា​​​​​​គេហដ្ឋាន​របស់​​​​​កូន​ក្រមុំ។ លោក​ថា​គម្រោង​នៃ​​​​​​​​ពិធី​មង្គល​នោះគ្រោង​ធ្វើ​តែ​​​​​៣០​តុ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​​ភ្ញៀវឡើងទៅ​​​ពីភ្នំពេញ​ច្រើន​កុះ​ករ​ទើប​ឈាន​ដល់​​​៣៥​តុ​តែ​ម្ដង​។ ​លោក​ថា​​ភ្ញៀវ​ខាង​ស្រី​មាន​ចំនួន​​​២០និង​ភ្ញៀវ​ខាង​ប្រុស​មាន​ចំនួន​​១៥​តុ ​​​​ដោយ​​​​ក្នុង​ចំណោម​​​​​អ្នក​ឡើងទៅ​ពី​ភ្នំពេញ​ប្រមាណ​ជា​​១៥០​នាក់​នោះ រួម​មាន​​​មន្ត្រី​សហព័ន្ធ និងអ្នក​រាប់​អាន​ប្អូន​ប្រុស​ដែលមិនមែន​ជា​កីឡាករ​​​​ចូល​រួម​ផងដែរ។ បន្ថែម​ពី​លើ​នោះ កីឡាករ​ប្រដាល់​​​​ល្បី​ឈ្មោះ​​នៅ​​លើ​សង្វៀនក៏មាន​ចំនួន​ដល់​​​​​៤០​នាក់​​​​​ទៅ​ចូល​រួ​ម​​​​​​អបអរ។​ លោក​ថា​កូន​កំលោះ​គឺ​​ឡុង សុភី ​មិន​ច្បាស់​រឿង​ទៅ​ភ្នំពេញ​​នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែមាន​ការ​​អញ្ជើញ​​​​ឲ្យ​ឡើង​ប្រដាល់​​បាន​ឆាប់​ប្រហែល​ជា​ឡើងទៅ​​លឿន​។ ​​​​​លោក​មាន​ប្រសាសន៍​ថា​៖ “​​ពី​រ​នាក់​ហ្នឹង(កូ​ន​កំលោះ​កូន​ក្រមុំ)​​រៀប​ការ​ហើយ​​​​មិន​ទាន់​ទៅ​ភ្នំពេញភ្លាម​​ទេ ទាល់​តែ​​​​​​​​​មាន​គេ​​​​ហៅ​ឡើង​វ៉ៃអី​ណ៎ បាន​វា​​ឡើង​ទៅ​ហាត់​​ ហើយ​​​​ប្រកួត​ម្មង ដល់​អញ្ចឹង​​​​​ឲ្យ​វា​​សម្រាក​​​​​ហ្នឹង​​សិន​ទៅ​!”។ ​ (រូបថតពីហ្វេសប៊ុក​របស់​លោក ឡូង សុភី​) គួរ​បញ្ជាក់​ផងដែរថា ​ភរិយា​របស់​លោក​ឡុង សុភី​ ​មាន​ឈ្មោះ​ថា​​ ហន ស្រី​នី វ័យ​​​២៣​ឆ្នាំ ​និង​ជា​កូន​​ក្រមុំអ្នក​ខេត្ត​ព្រៃវែង ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កីឡាកររូប​នេះ​ច្រើន​ខែ​មក​ហើយ ​មុន​ឈាន​ដល់ថ្ងៃ​​​រៀប​ការ។ ​​​​​​​​​ឡុង សុភី ធ្លាប់​បាន​បញ្ជាក់​ថាក្រោយ​ពេល​រៀប​ការ​លោក​នៅ​តែ​ចាប់​អាជីព​ប្រដាល់​​ ហើយ​ក៏​មិន​យល់ស្រប​ថា​​កីឡាករ​​ប្រដាល់​​ឲ្យ​តែ​មាន​ភរិយា​ក៏​ត្រូវ​ធ្លាក់ដៃប្រកួត​លែងកើត​អ្វីទេ។ លោក​ថា​សំខាន់​​​ឲ្យ​តែ​​ចិត្ត​នៅ​ចង់​ប្រកួត ចង់​យក​ប្រដាល់​ធ្វើជាអាជីព​ ដែល​ត្រូវ​តែទាម​ទារ​ហ្វឹក​ហាត់​​​ឲ្យ​បាន​ជាប់​លាប់​។ បន្ថែម​ពី​លើការ​ងារ​ប្រដាល់ លោក​ថា​​​​​​ការងារ​​ធ្វើ​ជា​​អង្គរក្ស​អ្នកធំ ដែល​លោក​បាន​ប្រឡូក​​កន្លង​មក ក៏​នឹង​​​​​​​លូក​​ឲ្យ​កាន់តែស៊ប់​ផងដែរ​។ ​កីឡាករ​រូប​នេះ បាន​ថ្លែង​​​កាល​គ្រា​នោះ​ថាសម្រាប់​​​ភរិយា​របស់​លោកវិញ គឺ​​លោក​​​នឹង​ឲ្យ​មក​រស់​នៅ​ភ្នំពេញ​ជុំ​គ្នាហើយ​ឲ្យ​​រៀន​ជំនាញ​​អ្វីមួយ ដើម្បី​បើក​ជា​​​​​​​​​មុខ​ជំនាញ​​​ផ្ទាល់ខ្លួន​គ្រាន់​ជួយ​​រក​ប្រាក់​ផ្ទប់​គ្នា។ ​ដក​ស្រង់សម្ដី​​​​​នា​ពេល​នោះ​លោក​និយាយ​ថា​​៖ “​​​​​​​ខ្ញុំ​រៀប​ការរួច​អត់​​ឈប់​ប្រដាល់​ទេ គឺ​​​ប្រដាល់​ក៏​ប្រដាល់ ​ដើរតាម​(អង្គរក្ស)​​អ្នកធំ​ក៏ធ្វើ ​ហើយ​​បើ​​ចំពោះ​​​​​គាត់​(ប្រពន្ធ) បើ​គាត់​ស្រឡាញ់​ជំនាញ​អី​ខ្ញុំ​ឲ្យ​គាត់រៀន​​​​​ ដើម្បី​បើក​រក​ស៊ី​​ផ្ទាល់ខ្លួន​តែ​ម្ដង គឺអត់​​ឲ្យ​ទៅ​ធ្វើ​ការ​អី​​ឲ្យ​គេ​ទេ!”។ ឡុង សុភី យល់​ថា ក្រោយ​ពេល​រៀប​ការ​​​​​ស្ថានភាព​​​ប្រដាល់​របស់​ខ្លួន​នឹង​កាន់​តែ​ល្អប្រសើរ​ទៅ​ទៀត ដោយ​សារ​តែ​មាន​ការ​ផ្គត់​​ផ្គង់របប​អាហារ​បាន​ល្អ​ជាង​មុនដែល​​អំណោយ​ផល​គ្រប់​គ្រាន់​​សម្រាប់​​ឲ្យ​ឡើង​​​​​​ហ្វឹក​ហាត់​ជាប់​លាប់ដើម្បី​​ឡើង​ប្រដាល់​៕ កែតម្រូវ៖ លោក ឡុង សុភី​ រៀបការនៅខេត្តស្វាយរៀង មិនមែន​ក្នុងខេត្តព្រៃវែង ដូចការចុះផ្សាយមុននោះទេ។ សរសេរមកកាន់លោក សុខ ឆាយ តាមរយៈsokchhay@gmail.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To