ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

វិភាគ៖ អ្វីខ្លះជាមូលហេតុដែលនាយករដ្ឋមន្ត្រីបង្កើនការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ?​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 06:11 PM, (4)

ស្តាប់សំឡេង៖​

ចម្លងទុក
មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូប​ជាមួយ​ប្រជាពលរដ្ឋ​នៅមុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​អាទិត្យ​ (រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី)

នៅមួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះធ្វើសកម្មភាពផ្សេងដែលទទួលបានការចាប់អារម្មណ៍ពីសារណជនទូទៅ ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី បានទៅសួនច្បារមុខផ្ទះរបស់លោកក្បែរវិមានឯករាជ្យ ដោយលោកបានស្រោចទឹកផ្កា និងជួបសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូមួយក្រុម ព្រមទាំងផ្ដល់ប្រាក់កាសមួយចំនួនដល់ពួកគាត់។

ប៉ុន្មានថ្ងៃក្រោយមក លោក ហ៊ុន សែន ក៏បានចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង និងមាត់ទន្លេ ដោយលោកអះអាងថា វាជាបំណងប្រាថ្នារបស់លោក ជាយូរមកហើយ និងជាសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីក៏បានអង្គុយទទួលទាននំបញ្ចុកនៅតាមដងផ្លូវ និងថតរូបជាមួយប្រជាពលរដ្ឋទៀតផង។ រូបថតសកម្មភាពនានារបស់លោកត្រូវបានដាក់បង្ហោះត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក កម្មវិធីលើទូរស័ព្ទ (app) និងគេហទំព័ររបស់លោក ហ៊ុន សែន ផងដែរ។

តើអ្វីខ្លះជាមូលហេតុជំរុញឲ្យលោកនាយករដ្ឋមន្ត្រីបង្កើតជាសកម្មភាពចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនាពេលថ្មីៗនេះ?

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ លើកឡើងថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីចុះជួបប្រជាពលរដ្ឋដោយផ្ទាល់គឺជារឿងល្អមួយសម្រាប់សង្គមប្រជាធិបតេយ្យ ដោយលោកថា នោះជានយោបាយប្រជាភិថុតិក្នុងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ លោកបន្តថា មានមូលហេតុ៣ដែលនាំឲ្យលោកនាយករដ្ឋមន្រ្តីបង្ហាញសកម្មភាពចុះជួបប្រជាពលរដ្ឋគឺទី១លោកចង់បង្ហាញពីភាពសាមញ្ញរបស់លោកជាមួយប្រជាពលរដ្ឋ ទី២បង្ហាញពីសន្តិសុខ និងសន្តិភាពក្នុងប្រទេស និងទី៣គឺដើម្បីជាឱកាសក្នុងការផ្ញើជាសារផ្សេងៗទៅកាន់ប្រជាពលរដ្ឋ ដែលលោក អ៊ូ វីរៈ ថា ការបង្ហាញខ្លួនបែបនោះនាំឲ្យសាររបស់លោកនាយករដ្ឋមន្ត្រីកាន់តែមានប្រសិទ្ធភាព និងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ។

លោក អ៊ូ វីរៈ បន្តថា ការបង្ហាញពីភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋតាមរយៈការចុះទៅជួបដោយផ្ទាល់នោះគឺជាយុទ្ធសាស្ត្រនយោបាយដ៏ឆ្លាតវៃមួយរបស់លោកនាយករដ្ឋមន្ត្រី ដែលលោកថា អាចជួយស្ដារប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចឡើងវិញ។ លោកមានប្រសាសន៍ថា៖ “អូ! ខ្ញុំគិតថាមានប្រសិទ្ធភាពខ្លាំងមែនទែន ដោយសារលោក ហ៊ុន សែន ពីដើមមកគេចាត់ទុកជាបុរសខ្លាំង ហើយគេភ័យខ្លាចគាត់ គេខ្លាចគាត់ ព្រោះពីដើមមកគាត់និយាយតែឯងនៅតាមទូរទស្សន៍រាប់ម៉ោង ជួនកាលគាត់សម្លុតគេ ជួនកាលគាត់ច្រងេងច្រងាង ឬក៏ជួនកាលគាត់ហៅគេ[ដោយ]ពាក្យមិនល្អទៅ ប៉ុន្តែឥឡូវនេះគាត់បង្ហាញរូបភាពមួយខុសពីមុន ដល់ចឹងទៅគឺ ខ្ញុំមើលទៅនឹងមានប្រសិទ្ធភាពខ្លាំង។ ប្រសិទ្ធភាពទី១គឺ យ៉ាងហោចណាស់ គាត់ធ្វើឲ្យប្រជាពលរដ្ឋបន្ទន់ឥរិយាបថចំពោះគាត់ច្រើន។ ការបន្ទន់ឥរិយាបថនេះយ៉ាងហោចណាស់គឺប្រជាពលរដ្ឋដែលធ្លាប់ស្អប់គាត់ មិនគាំទ្រគាត់អាចនឹងចាប់ផ្ដើមយកចិត្តទុកដាក់នឹងស្ដាប់គាត់ នឹងខ្លឹមសាររបស់គាត់ អ៊ីចឹងគាត់មានឱកាសក្នុងការបញ្ចេញខ្លឹមសារ នេះគឺជារឿងមួយដ៏ល្អសម្រាប់គាត់ ហើយនិងគណបក្សប្រជាជនកម្ពុជាខ្លាំងមែនទែន”

លោកនាយករដ្ឋមន្ត្រីអង្គុយពិសារ​នំបញ្ចុក (រូបភាពពីទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី)

ប្រហាក់ប្រហែលនឹងការលើកឡើងរបស់លោក អ៊ូ វីរៈ ដែរ អ្នកវិភាគនយោបាយ លោកស្រី ជា វណ្ណាត យល់ថា កត្តាចម្បងដែលជំរុញឲ្យលោកនាយករដ្ឋមន្ត្រីចុះជួបប្រជាពលរដ្ឋ គឺដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រឆាំងក្នុងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងបង្ហាញពីសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ 

លោកស្រីមានប្រសាសន៍ថា៖ “ជាធម្មតា នាយករដ្ឋមន្ត្រីក្ដី ប្រធានាធិបតីក្ដីមិនហ៊ានដើរជាសាធារណៈរហេតរហូតអីទេ ពីព្រោះខ្លាចក្រែងមានបញ្ហាពីការថែរក្សាសុវត្ថិភាព។ ហើយនេះសម្ដេចនាយកលោកធ្វើអ៊ីចឹងឲ្យឃើញថា ស្រុកយើងមានសន្តិភាពពិតប្រាកដ ហើយលោកក៏មិនខ្លាចពីរឿង ឬមួយមិនខ្លាច ឬមួយមិនមានអ្នកណាមានបំណងអាក្រក់មកលើលោកទេ។ ចង់បង្ហាញឲ្យឃើញអ៊ីចឹងនោះណា!”

លោកស្រី ជា វណ្ណាត ចាត់ទុកថា សកម្មភាពទាំងនោះរបស់លោកនាយករដ្ឋមន្ត្រីគឺជារឿងល្អមួយ និងគួរឲ្យកោតសរសើរ។ លោកស្រីបន្ថែមថា លោកនាយករដ្ឋមន្ត្រីប្រហែលអាចយកគំរូតាមមេដឹកនាំប្រទេសនានានៅក្នុងពិភពលោក ដែលទាញយកប្រជាប្រិយភាពរបស់ខ្លួនតាមរយៈបង្ហាញភាពស្និទ្ធស្នាលជាមួយពលរដ្ឋ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា  ការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋពីសំណាក់នាយករដ្ឋមន្ត្រីគឺជារឿងល្អមួយ តែលោកថា ការចុះជួបនោះគួរធ្វើឡើងដោយពុំមានការដឹងជាមុន ដែលលោកថា ដើម្បីឲ្យនាយករដ្ឋមន្ត្រីបានឃើញពីជីវភាព និងបញ្ហាផ្ទាល់របស់ប្រជាពលរដ្ឋ។ លោកថា តាមរយៈការចុះជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ នាយករដ្ឋមន្ត្រីអាចបង្កើតភាពជិតស្និទ្ធ ហើយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ លោកជំរុញឲ្យនាយករដ្ឋមន្ត្រីបង្កើន សកម្មភាពបែបនេះបន្ថែមទៀត ជាពិសេសនៅតាមបណ្ដាខេត្ត និងទីជនបទ។

លោក រស់ រ៉ាវុធ មានប្រសាសន៍ថា៖ “នាយករដ្ឋមន្ត្រី ឬក៏អ្នកនយោបាយគួរតែទៅមើលទិដ្ឋភាពផ្ទាល់ជាក់ស្ដែង ឬក៏ចុះជាក់ស្ដែងទៅនឹងជាមួយប្រជាពលរដ្ឋ ទៅតាមខេត្តឬក៏ទៅតាមតំបន់មួយចំនួនដែលលោកមានការខ្វះខាត ហើយនាយករដ្ឋមន្ត្រីដែលមិនបានទៅ គួរតែបន្ថែមទៀត ចុះជួបឲ្យបានជាងនេះទៀត ដើម្បីជួយប្រទេសយើង ជាពិសេសដើម្បីជួយជីវភាពប្រជាពលរដ្ឋ ឬក៏នាយករដ្ឋមន្ត្រីហ្នឹងបានឃើញផ្ទាល់ ជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋរបស់ខ្លួនហ្នឹង នៅតាមតំបន់ដាច់ស្រយាលកាន់តែល្អ”។ 

នៅក្នុងការបោះឆ្នោតជាតិនីតិកាលទី៤ កាលពីចុងឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសៈនៅក្នុងសភាចំនួន២២កៅអី គឺថយកៅអីពី៩០មកនៅ៦៨កៅអី។ ទាំងលោក អ៊ូ វីរៈ និងលោកស្រី ជា វណ្ណាត យល់ថា ការបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋនេះគឺជាមធ្យោបាយល្អមួយក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួន តែនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ។

លោកស្រី ជា វណ្ណាត លើកឡើងថា ដើម្បីស្ដារប្រជាប្រិយភាពខ្លួនឲ្យបានកាន់តែល្អ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវដោះស្រាយបញ្ហាធំៗនានារបស់ជាតិតាមរយៈការធ្វើកំណែទម្រង់មួយពិតប្រាកដ ដើម្បីទទួលបានសេចក្ដីទុកចិត្តឡើងវិញពីប្រជាពលរដ្ឋ។ លោកស្រីមានប្រសាសន៍ថា៖ “អានេះតែពុករលួយបានន័យថាម៉េច បានន័យថា ប្រជាពលរដ្ឋហ្នឹងជាអ្នករងគ្រោះហើយ ដោយសារអំពើពុករលួយ… ខ្ញុំចង់និយាយថា បើកាលណា អំពើពុករលួយ រាជរដ្ឋាភិបាលមិនយកជាអាទិភាពដើម្បីដោះស្រាយបញ្ហាទេ សន្លឹកឆ្នោតនៅតែមិនបានពេញលេញបរិបូរទៅខាងគណបក្សប្រជាជនវិញទេ។ ហើយដូចជាបញ្ហាដំណោះស្រាយពីបញ្ហាដីធ្លីក្ដី បញ្ហាព្រំដែនក្ដី បញ្ហាកាប់ព្រៃឈើក្ដី ប្រសិនណាមិនធ្វើអ្វីឲ្យរាស្ត្រទុកចិត្ត”

លោកនាយករដ្ឋមន្ត្រីអង្គុយ​សំណេះសំណាល​ជាមួយ​អ្នកធាក់ស៊ីក្លូ​នៅសួន​មុខ​ផ្ទះ​របស់លោក (រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី)

យោងតាមសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៥ ដែលចេញផ្សាយដោយអង្គការតម្លាភាព កាលពីសប្ដាហ៍មុន កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលពុករលួយខ្លាំងជាងគេក្នុងចំណោមបណ្តាប្រទេស៩របស់សមាជិកអាស៊ានដែលអង្គការនេះបានសិក្សា។ អង្គការតម្លាភាពអន្តរជាតិបានអះអាងថា កម្ពុជានៅតែត្រូវបានចាត់ទុកថានៅមានស្ថានភាពពុករលួយខ្លាំង គឺដោយសារតែវិស័យយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជាមានភាពទន់ខ្សោយ។

ក្រុមអ្នកវិភាគបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការបង្កើតជាភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋគឺរឿងល្អមួយ ដោយបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ហើយមេដឹកនាំអាចយល់ដឹងពីសុខទុក្ខរបស់ពលរដ្ឋ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកជាយោបល់ថា ដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចម្បងនានារបស់ជាតិ ដូចជាអំពើពុករលួយ និងធ្វើកំណែទម្រង់ស៊ីជម្រៅមួយឲ្យមានប្រសិទ្ធភាពពិតប្រាក បើមិនដូច្នោះទេ ការបង្កើតភាពស្និទ្ធស្នាលជាមួយពលរដ្ឋគឺបានត្រឹមតែរូបភាពល្អមើល តែប្រជាពលរដ្ឋនឹងនៅតែមិនទុកលើរដ្ឋាភិបាលដដែល៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

 


Tags:

9413

ឃន សុខ | ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 09:18 AM

បើ ហ៊ុន សែន ប​ន្តធ្លាក់កៅអី មកនៅត្រឹម ៤០កៅអី , មិនដឹងគាត់ខំយកនៅក្បែររាស្ត្រ រឺ ខំយកចិត្តរាស្ត្រយ៉ាងណាទេ ។ នេះ ធ្លាក់ជាង២០កៅអី ខំយកចិត្តរាស្ត្រប៉ុណ្ណឹងហើយ ។ អញ្ចឹង សូម​និយាយតាម ម៉ាបែបទៅចុះ , ដើម្បីអោយហ៊ុន សែន កាន់តែយកចិត្តទុកដាក់រាស្ត្រ , សូមបន្តបោះឆ្នោតអោយបក្សសង្គ្រោះជាតិ អោយកាន់តែច្រើនថែមទៀត ដើម្បីអោយបក្សប្រជាជន បន្តធ្លាក់កៅអីទៀត.. ពេលនោះ មិនដឹងគាត់ខំយកចិត្តរាស្ត្រយ៉ាងណាទៀតទេ ។ កាលគាត់បាន ៩០កៅអី គាត់ទៅឆ្ងាយណាស់ ឆ្ងាយសន្លឹម ឆ្ងាយដាច់កន្ទុយភ្នែក​ រាស្ត្រតាមហៅអត់លឺទេ ... ហិហិ

បញ្ញាញាណ | ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 09:26 AM

កាល 90កៅអី មិនដឹងនៅឯណា ?
ធ្លាក់ជាង២០កៅអីទៅហើយ បើមិនខំទៀត មានតែឆ្កួត ។ បើចង់អោយបក្សប្រជាជន កាន់តែយកចិត្តទុកដាក់រាស្ត្រនោះ សូមបន្តបោះឆ្នោតអោយ បក្សសង្គ្រោះជាតិ កាន់តែខ្លាំង ។ ព្រោះកាលណាបក្សប្រជាជន ថយកៅអី គឺបក្សនេះខំយកចិត្តរាស្ត្រ​ហើយ ។ ធ្វើបែបនេះ ទើប​គេហៅពលរដ្ឋ ដែលមានភាពឆ្លាតវៃ !!!!!!!! បើចង់អោយបក្សប្រជាជនយកចិត្តរាស្ត្រ តាមរយៈខំបោះឆ្នោតអោយបក្សប្រជាជននោះ គឺជាការគិតបែបឆោតល្ងង់ហើយ ។

សតិបញ្ញា | ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 02:35 PM

សាកលមើល ! បើបក្សប្រជាជន បាន ១២៣កៅអីម្នាក់ឯង ក្នុងសភា !!! ដេកចាំបក្សប្រជាជន គិតគូររាស្ត្រទៅ ។

សមាធិ | ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 02:43 PM

និយាយតាមម៉ាបែបទៅចុះ ! បើធ្លាក់អស់២០កៅអី ស្រាប់តែចុះមកស្និទ្ធស្នាលជាមួយរាស្ត្របែពនេះ​... អញ្ចឹងយើងជាពលរដ្ឋ គួរសម្រុកបោះឆ្នោតអោយសង្គ្រោះជាតិ ដើម្បីអោយបក្សប្រជាជន ​កាន់តែធ្លាក់កៅអីថែមទៀតតែម្តងទៅ... ដើម្បីអោយគាត់កាន់តែស្និទ្ធិស្នាលជាមួយរាស្ត្រ ។ ហិហិហិ ! បើគាត់បាន៩០កៅអីវិញ គាត់ទៅឆ្ងាយពីរាស្ត្រដូចមុន​ទៀតហើយ !!!! ហាសហាស ហា !!! ដាក់អោយគាត់ បាន ២០កៅអីតែម្តងទៅ នឹងអាលគាត់ អង្គុយជាមួយរាស្ត្ររហូត ។



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
វិភាគ៖ តើវិធានការតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណា?

ថ្ងៃទី15 កុម្ភៈ 2016, 06:14 PM

ជាញឹកញាប់ ប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ក្នុងសង្គម ឬមានបញ្ហារំលោភបំពានណាមួយ ពិសេសអ្នកមានជម្លោះដីធ្លី តែងតែធ្វើការតវ៉ា និងធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួង និងស្ថាប័នរដ្ឋនានា ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាឲ្យពួកគេ។ លើសពីនេះ ក្រុមអ្នកតវ៉ាជាទូទៅក៏នាំគ្នាទៅតវ៉ានៅមុខផ្ទះ ឬយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋដើម្បីរកអន្តរាគមន៍ផងដែរ។ ការតវ៉ាមួយចំនួនត្រូវអាជ្ញាធរអនុញ្ញាតឲ្យធ្វើ និងអាចដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែការតវ៉ាមួយចំនួនត្រូវបានរារាំង និងបង្ក្រាបដោយសមត្ថកិច្ច។ ពាក់ព័ន្ធនឹងការរារាំងការតវ៉ារបស់ពលរដ្ឋនេះ កាលពីឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់លោក ថាបានរារាំងពលរដ្ឋមិនឲ្យយកញត្តិ ឬលិខិតសំដែងពីទុក្ខកង្វល់ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដកមន្ត្រីក្រោមឱវាទរបស់លោកផងដែរ ប្រសិនបើអសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបណ្ដោយឲ្យបើបញ្ហានានានៅថ្នាក់មូលដ្ឋាននៅតែបន្តផ្ទុះឡើងដោយមិនមានដំណោះស្រាយដែលមានប្រសិទ្ធភាពនោះ។ ក្នុងឆ្នាំ២០១៥នេះផងដែរ លោក ហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការទំព័រហ្វេសប៊ុករបស់លោក និងអះអាងថានឹងប្រើបណ្ដាញសង្គមមួយនេះដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេលប្រមាណ៦ខែក្រោយការទទួលស្គាល់ទំព័រហ្វេសប៊ុកជាផ្លូវការ ពោលគឺពីចាប់ពីខែកញ្ញា ឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្ន លោក ហ៊ុន សែន បានចាត់ចេញជាចំណាត់ការមួយចំនួនជាដំណោះស្រាយដល់ប្រជាពលរដ្ឋ ដោយលោកអះអាងថា បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកដូចជាបញ្ឈប់ការយកលុយពីអ្នកធ្វើតាមផ្លូវមួយចំនួន និងការលុបបំបាត់លែងឲ្យមានប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម១២៥សេសេ។ បន្ថែមពីលើការទទួលសំណូមពរពីពលរដ្ឋដោយខ្លួនឯង និងក្រុមការងាររបស់លោក កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួង និងស្ថាប័ននានារបស់រដ្ឋឲ្យតាមដានហ្វេសប៊ុករបស់លោកជាប្រចាំ ដោយលោកថាដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។ ក្រោយការប្រកាសណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័ននានារបស់រដ្ឋបានប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីតាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីពីសំណូមពរ ឬបញ្ហានានាដែលពាក់ព័ន្ធ ឬស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នខ្លួន។ តើការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ? អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថា នៅប្រទេសកម្ពុជាមានទម្លាប់មួយដែលមន្ត្រីតូចថ្នាក់ក្រោមមានការលាក់លៀម មិនហ៊ានរាយការណ៍រឿងពិតទៅថ្នាក់លើ ចំណែកថ្នាក់លើជាញឹកញាប់ក៏មិនចង់ឮពាក្យទិះតៀន ឬរឿងមិនល្អពីថ្នាក់ក្រោមផងដែរ។ លោកបន្តថា នៅតាមខ្សែបណ្ដោយរបស់ស្ថាប័នរដ្ឋ ការរាយការណ៍ព័ត៌មានមិនពិត ឬកុហកទៅថ្នាក់លើបានក្លាយទៅប្រពៃណី ដោយលោកថាបញ្ហានេះបាននាំឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្រ និងបាត់បង់អាសនៈជាង២០កៅអីនៅរដ្ឋសភាក្នុងការបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣។ លោក មាស នី យល់ថា ការបង្កើតជាទំព័រហ្វេសប៊ុកគឺជាមធ្យោបាយល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ដោយលោកថា ពលរដ្ឋអាចរាយការណ៍ ឬបង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំដោយផ្ទាល់។ លោកបន្តថា កត្តានេះនឹងជួយឲ្យថ្នាក់ដឹកនាំទទួលបានព័ត៌មានពិត និងបានដឹងពីបញ្ហារបស់ប្រជាបលរដ្ឋកាន់តែច្បាស់ថែមទៀត។ ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារនៅតាមក្រសួងស្ថាប័នរដ្ឋ លោក មាស នី មានប្រសាសន៍ថា លោកមិនហ៊ានអះអាងពីប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ សំខាន់លើឆន្ទៈរបស់ក្រសួងស្ថាប័នទាំងក្នុងការដោះស្រាយជូនពលរដ្ឋ ដោយលោកថា មុនពេលមានការរាយការណ៍តាមប្រព័ន្ធហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ក្រសួងនិងស្ថាប័នរដ្ឋទាំងនោះបានក៏បានដឹងពីបញ្ហារបស់ពលរដ្ឋផងដែរ គ្រាន់តែពុំធ្វើការដោះស្រាយ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ហ៊ានអះអាងថាវានឹងមានប្រសិទ្ធភាពនោះទេ ព្រោះអីយើងក៏មិនអាចនិយាយបានថា រឿងរ៉ាវមួយចំនួនធំហ្នឹងមន្ត្រីតាមក្រសួងមិនដឹងមិនស្គាល់នោះទេ ប៉ុន្តែគ្រាន់តែថាពីមុនមកមិនព្រមដោះស្រាយពេលដែលមានបញ្ហាអី។ ប៉ុន្តែឥឡូវម្ដងនេះយើងចាំមើលតើវិធានការថ្មីនេះវានឹងមានប្រសិទ្ធភាពប៉ុណ្ណា”។ ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនេះហាក់បង្ហាញថា ក្រសួងខ្លួនឯងមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីឲ្យយន្តការក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រសួងស្ថាប័នរដ្ឋគួរណែនាំមន្ត្រីរបស់ខ្លួននៅតាមមូលដ្ឋានឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហារបស់ពួកគេ រួចរាយការណ៍ទៅថ្នាក់លើ មិនមែនរង់ចាំតែព័ត៌មានពីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនោះទេ។ លោកថា ការធ្វើបែបនេះនឹងជួយបំពេញចំណុចខ្វះខាត និងផ្ដល់ព័ត៌មានទៅថ្នាក់ដឹកនាំ បន្ថែមលើអ្វីដែលទទួលបានតាមរយៈបណ្ដាញសង្គម។ លោក យង់ គិមអេង បន្តថា៖ “វាហាក់ដូចជា ក្រសួងហ្នឹងចាំយកព័ត៌មានពីនាយករដ្ឋមន្ត្រីទៅវិញ ខ្លួនឯងអត់ដឹងបាទ។ នាយករដ្ឋមន្ត្រីគាត់មានហ្វេសប៊ុកសម្រាប់ទំនាក់ទំនងបញ្ហាជាមួយប្រជាពលរដ្ឋមួយហើយ ប៉ុន្តែថា ខាងក្រសួងស្ថាប័នហ្នឹង ខ្លួនឯងនោះត្រូវប្រឹង ប្រឹងធ្វើម៉េចឲ្យខ្លួនឯងហ្នឹងទាក់ទងឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយយកមករាយការណ៍បន្ថែមជូននាយករដ្ឋមន្ត្រីបានជាការប្រសើរថែមទៀតណាបាទ”។ ប្រហាក់ប្រហែលគ្នានេះ លោក មាស នី លើកឡើងថា ប្រជាពលរដ្ឋខ្មែរប្រមាណ១០ទៅ ១៥ភាគរយប៉ុណ្ណោះដែលចេះ និងមានលទ្ធភាពប្រើអ៊ីនធើណែត ឬបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបញ្ហានេះនាំឲ្យព័ត៌មានទទួលបានតាមហ្វេសប៊ុកគឺមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា មន្ត្រីនៅថ្នាក់ក្រោម និងនៅតាមមូលដ្ឋានមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយលោកថា ពួកគេត្រូវក្លាហានរាយការណ៍ការពិតទៅថ្នាក់លើ និងក្លាហានក្នុងការដោះស្រាយ។ ទោះយ៉ាងណា លោកថា មន្ត្រីថ្នាក់ក្រោមអាចបំពេញតួនាទីរបស់ខ្លួនបានដោយមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលថ្នាក់លើប្ដូរយន្តការពីការដោះស្រាយដោយបញ្ហាតាមបទបញ្ជា ទៅជាការដោះស្រាយដោយប្រើនីតិវិធី ឬគោលនយោបាយ។ លោក មាស នីបន្ថែមថា៖ “គឺថាយន្តការតែមួយ យើងថាមនុស្សម្នាក់ក៏បានដែរ។ ដល់ពេលណាថ្នាក់រដ្ឋាភិបាលដែលជាប្រមុខ រដ្ឋាភិបាលនៅខាងលើហ្នឹងប្រើអំណាចបញ្ជាច្រើនពេក វាធ្វើឲ្យមន្ទីរក្រសួងអីហ្នឹងលែងហ៊ានសម្រេចអីទាំងអស់ គឺមានតែរង់ចាំទៅ បើសិនជាថ្នាក់លើគេប្រាប់ឲ្យទៅឆ្វេងឆ្វេងទៅ ស្ដាំស្ដាំស្ដាំទៅ បើគេមិនប្រាប់ទេក៏នាំគ្នានៅស្ងៀមទៅ។ អីចឹងហើយបានជាបញ្ហាភាគច្រើនដែលយើងឃើញថាវិធានការរដ្ឋាភិបាលធ្វើមកដល់ពេលនេះវាបានខ្លាំងតែមួយឆាវ នៅពេលដែលមានបញ្ជាចេញក្ដៅៗហ្នឹង ហើយផុតពីហ្នឹងទៅគឺវិលមករកកន្លែងដើមវិញដដែល”។ លោក មាស នី បន្ថែមទៀតថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការក៏ជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។ លោកថា កាលណាតុលាការមិនឯករាជ្យ នោះអយុត្តិធម៌នៅក្នុងសង្គមអាចកើតមានឡើងគ្រប់ពេល ដោយលោកថា បញ្ហាតុលាការមិនឯករាជ្យតែមួយនេះគឺអាចធ្វើឲ្យមានភាពច្របូកច្របល់នៅសង្គមដោយអាចធ្វើរឿងសឲ្យទៅជាខ្មៅ ហើយរឿងខ្មៅឲ្យទៅជាសវិញបាន៕ សរសេរ​មកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

វិភាគ៖ តើយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើមានប្រសិទ្ធិភាពឬទេ?

ថ្ងៃទី12 កុម្ភៈ 2016, 05:00 PM

នាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និង​អភិបាលខេត្តមួយចំនួនដោយប្រើ​ឧត្ថម្ភាគចក្រពីរគ្រឿងដោយ​អះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។ បន្ថែមពីនេះទៀតនៅថ្ងៃទី​២១​​ខែ​មករាឆ្នាំ២០១៦​អគ្គ​ស្នងការ​នគរបាល​ជាតិលោក នេត សាវឿន ក៏បានសម្រេច​បង្កើត​ឲ្យ​មាន​ក្រុមមួយទៀត​ឈ្មោះថាបេសកកម្មស្រាវជ្រាវស៊ើប​អង្កេត​និង​ទប់​ស្តាត់​បទល្មើស​ព្រៃឈើ។ សមាស​ភាពថ្មីនេះគឺជា​ស្នងការ​នគរបាល​ខេត្តចំនួន​​៥នៅ​ភូមិភាគ​ឦសាន ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ និង​មន្ត្រី​នគរ​បាល​ព្រំ​ដែន។ មន្ត្រី​ទាំង​នេះ​មានតួនាទីស្រាវជ្រាវ ស៊ើប​អង្កេត និង​ប្រ​មូលព័ត៌មាន​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនិងអាជ្ញាប័ណ្ណពី​រដ្ឋា​ភិបាល​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផលនិង​អនុផល​ព្រៃ​ឈើ។ មានរយៈពេលប្រហែល១ខែហើយតាំងពីបង្កើតការងារពិសេសនេះ ប៉ុន្តែលទ្ធផលនៃការបង្រ្កាប​បទ​ល្មើសព្រៃឈើនៅតែមិនបាន​បង្ហាញជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេស​វៀតណាមក៏ដោយ។ នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេនោះ។ តំណាងសហគមន៍ព្រៃឡង់លោក ហឿន សុភាព ដែលទទួលបានពានរង្វាន់ពិភពលោកសម្រាប់កិច្ចការងារថែរក្សាបរិស្ថាន ឲ្យដឹងថាបទល្មើសនៅតំបន់ព្រៃឡង់នៅតែកើតមានបើទោះជា​គណៈ​​កម្មការពិសេសរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ។ លោកថ្លែងថា៖ ”ខ្ញុំគិតថានៅពេលដែលរដ្ឋាភិបាលបង្កើតគណកម្មការវាល្អ។​ ប៉ុន្តែចំណាត់​ការ​របស់​រដ្ឋាភិបាលនៅខ្វះខាតខ្លះ ដោយសារយើងមើលឃើញបទល្មើសនៅតែ​កើតឡើងដូចជា​តំបន់​ព្រៃ​ឡង់…។ បានន័យថាការផ្តួលរំលំឈើក្លាយទៅជារបស់ប្រើប្រាស់ឬទៅជាចំរៀកអស់ហើយការទប់ស្កាត់មានចំណុចខ្វះខាត។ បើទប់ស្កាត់ឈើនៅឈរខ្ញុំគិតថាមានប្រសិទ្ធិភាព”។ គណៈកម្មការពិសេសរបស់រដ្ឋាភិបាលនឹងត្រូវចំណាយថវិការដ្ឋ៥០០លានរៀលនិង​ប្រើប្រាស់ឧត្ថម្ភាគចក្រពីរគ្រឿងនិងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់។ បេសកកម្មរបស់ក្រុមនេះគឺធ្វើឡើង​នៅ​ខេត្ត​មួយចំនួនភាគកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀត​ណាម។ មន្រ្តីសមាគមអាដកហុកប្រចាំខេត្តរតនៈគិរីលោក ឆាយ ធី ឲ្យដឹងថាការរាយការណ៍​ពី​សហគមន៍រឿងបទល្មើសព្រៃឈើបានស្ងប់ស្ងាត់មួយរយៈគឺនៅពេលដែលគណៈកម្មការ​ពិសេស​របស់​រដ្ឋា​ភិបាលកំពុងប្រតិបត្តិការរបស់ខ្លួននៅតំបន់នោះ។ ប៉ុន្តែលោក ឆាយ ធី មិនហ៊ានសន្និដ្ឋានថាបទល្មើសព្រៃឈើនៅខេត្តរតនៈគិរីនឹងត្រូវបាន​បញ្ចប់ឬយ៉ាងណាទេបន្ទាប់ពីគណៈកម្មការពិសេសដកថយទៅវិញនោះ។ លោកមានប្រសាសន៍ថា៖ “មិនអាចសន្និដ្ឋានបាន[ទេ]។ ប៉ុន្តែបើមានឆន្ទៈក្នុងការអនុវត្តទប់ស្កាត់ពីថ្ងៃនេះទៅហើយធ្វើពីថ្នាក់មូលដ្ឋានទៅយើងគិតថាមានប្រសិទ្ធិភាពមិនចាំបាច់ថ្នាក់ជាតិ …ឲ្យតែមានឆន្ទៈចូលរួមលុបបំបាត់​បទល្មើសព្រៃឈើចាប់ពីថ្ងៃនេះតទៅយើងអាចថែរក្សាព្រៃឈើបានហើយ”។ របាយការណ៍​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៥អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរក​ឃើញ​ថាការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជាគឺ​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់គ្រងលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផង​ដែរ។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យ​ដឹង​ថានៅ​ក្នុង​ឆ្នាំ​២០១៣រដ្ឋាភិបាល​កម្ពុជាបាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន សរុប​ប្រមាណ២,៦​លាន​ហិកតាគឺ​ស្មើ​ប្រមាណ១៤%នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ប្រមាណ៨០%នៃ​ផ្ទៃដី​សម្បទាន​នេះគឺ​ស្ថិត​នៅ​ក្នុង​ព្រំដែន​នៃ​តំបន់​ឧទ្យាន​ជាតិនិង​តំបន់​ការពារ​។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រក​ឃើញ​ថាដោយសារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជាបាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង២​ពាន់​គីឡូ​ម៉ែត្រការ៉េ​ជា​រៀងរាល់​ឆ្នាំ។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់​ថាការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជាគឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពី​ការ​កើត​ឡើង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ។ កាលពីឆ្នាំ២០១៤រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មបាន​អះអាង​ថាព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​សល់​ប្រមាណ​៦០ភាគរយ​​លើ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​របាយ​ការណ៍ពី​រូបភាព​ផ្កាយ​រណប​ដែល​ចេញ​កាល​ពីខែ​ធ្នូឆ្នាំ​២០១៣ដោយអង្គការ Open Development Cambodia (ODC) បាន​បង្ហាញ​ថាព្រៃ​ឈើ​នៅប្រទេស​កម្ពុជាត្រូវបាន​បំផ្លាញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល៥​ឆ្នាំចុង​ក្រោយ​នេះ។ បើតាមរបាយការណ៍នេះកាលពីឆ្នាំ​១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគ​រយ។ ប៉ុន្តែរូបភាព​ថ្មីៗតាមផ្កាយរណប​បាន​បង្ហាញ​ថាគម្រប​ព្រៃ​ឈើ​បច្ចុប្បន្ន​នៅសល់តែ៤៦,៣៣ភាគ​រយ​ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូផងដែរ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

វិភាគ៖ តើលោកនាយករដ្ឋមន្ត្រីពិបាកទេក្នុងការស្វែងរកព័ត៌មានពីទុក្ខលំបាករបស់ពលរដ្ឋ?​

ថ្ងៃទី11 កុម្ភៈ 2016, 09:17 AM

កាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីរបស់លោកនៅតាមក្រសួងស្ថាប័ននានាឲ្យតាមដានហ្វេសប៊ុករបស់លោក​ជាប្រចាំដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។​ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាហ្វេសប៊ុករបស់លោក​ទទួលបានការលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស។​ មួយរយៈកាលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើសកម្មភាពសាមញ្ញ​ៗដូចជាជួបអ្នកធាក់ស៊ីក្លូនៅជិតផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យ ការដើរហាត់ប្រាណជាមួយសាធារណជនទូទៅ ការសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងការបរិភោគអាហារតាមដងផ្លូវជាដើម។​​ សកម្មភាពតាមហ្វេសប៊ុកនិងសកម្មភាពសាមញ្ញៗរបស់នាយករដ្ឋមន្ត្រីមួយរយៈកាលចុងក្រោយនេះទោះជាមានអ្នកវិភាគខ្លះថាលោកធ្វើឡើងដើម្បីយកចិត្តយកថ្លើមពលរដ្ឋ​ក្រោយពេលបាត់បង់សំឡេងឆ្នោតគាំទ្រ​ក៏ដោយក៏មានអ្នកវិភាគគាំទ្រខ្លះចាត់​ទុកថានេះជាសកម្មល្អរបស់មេដឹកនាំដែលស្វែងយល់ដោយផ្ទាល់ពីទុក្ខលំបាក​របស់ពលរដ្ឋ​ដើម្បីយកទៅដោះស្រាយ។ លោក​នាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងដែរទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់លោក​ផ្ទាល់​។​ កាលពីឆ្នាំ២០១៤លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានស្តីបន្ទោសឲ្យមន្ត្រីក្រោមបង្គាប់របស់លោកថាបានរារាំងពលរដ្ឋ​មិនឲ្យយកញត្តិឬលិខិតសំដែងពីទុក្ខកង្វល់​ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។​​ ក្រោយការណែនាំតែមួយថ្ងៃក្រសួងស្ថាប័នរបស់រដ្ឋប្រមាណ១០ប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួន​ដែលត្រូវរៀបចំឲ្យ​តាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីដើម្បីបានដឹងពីទុក្ខកង្វល់របស់ពលរដ្ឋហើយចាត់វិធានការដោះ ស្រាយឲ្យបានទាន់ពេលវេលានិងតម្លាភាព។​ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សាមិន្ទ ចម្រើនជ័យ យល់ឃើញថាអាចជាការល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុករបស់លោកក្នុងការតាមដានពីទុក្ខកង្វល់ពលរដ្ឋព្រោះលោកថាកន្លងមកមន្ត្រីថ្នាក់ក្រោមព្យាយាមលាក់បាំងព័ត៌មានពិតនៅតាមមូលដ្ឋាន​។ ទោះយ៉ាងណាលោក ចម្រើនជ័យ ថ្លែងថាការប្រមូលព័ត៌មាន​តាមហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រីគឺបានតែមួយចំណែកតែប៉ុណ្ណោះលោកថាដើម្បីទទួលបានព័ត៌មានពិតហើយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋ​ឲ្យមានប្រសិទ្ធិភាពនោះគឺត្រូវពង្រឹងមន្ត្រីជំនាញនៅតាមស្ថាប័នឲ្យមានការទទួលខុសត្រូវចំពោះកិច្ចការនេះ។ លោកបន្តថា៖ “ពេលខាងមុខទៀតតើគាត់នៅតែកាន់តំណែងហ្នឹងទៀតដែរឬអត់?​ ចឹងបើវាក្លាយជាយន្តការថ្នាក់ជាតិមួយវានឹងក្លាយទៅជាប្រព័ន្ធមួយទោះបីថាដូរមនុស្សក៏ដោយទោះបីថាគាត់មានបញ្ហាសុខភាពស្អីក៏ដោយគឺយន្តការហ្នឹងនៅតែដើរព្រោះមានយន្តការសម្រាប់ឲ្យមនុស្សធ្វើការរួចទៅហើយ”។ អាចជាផ្នែកដែលបញ្ជាក់ថាការពឹងតែលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីមិនអាចទទួលបានព័ត៌មានគ្រប់ដែរព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរមានជាង១៥លាននាក់តែការសិក្សាររួមគ្នារបស់ USAID  វិទ្យាស្ថានបើកទូលាយ និងមូលនិធិអាស៊ីចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៥បង្ហាញថាចំនួនអ្នកប្រើប្រាស់អ៊ិនធើណែតនិងហ្វេសប៊ុក​មានតែជាង៣លានឈ្មោះខណៈអ្នកខ្លះម្នាក់ឯងប្រើឈ្មោះហ្វេសប៊ុកពីរឬបីផ្សេងគ្នា។​ បើយើងពិនិត្យមើលស្ថានភាពបច្ចុប្បន្ន​សម័យទំនើបផ្លូវធ្វើដំណើរហាក់ងាយស្រួលអាចធ្វើដំណើរបានរាប់រយគីឡូក្នុងមួយថ្ងៃ បច្ចេកវិទ្យាព័ត៌មានទំនើបគេអាចដឹងហេតុការណ៍នៅក្នុងប្រទេសនិងនៅលើពិភពលោកតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហេតុការណ៍កើតឡើង។ ចុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាពិបាកក្នុងការស្វែងរកព័ត៌មាន​ពិតពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​ឬយ៉ាងណា?​ កន្លងមកលោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បាន​គេសរសើរថាជាអ្នក​ពូកែប្រមូលព័ត៌មានដែរគឺពេលគណបក្សប្រជែងលោកប្រជុំបែបសម្ងាត់ក៏លោកនៅតែទទួលបានព័ត៌មានដែរ។ បើនិយាយពីកម្មករនិងអ្នកមានជម្លោះដីធ្លីដែលស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីវិញគឺលោកនាយករដ្ឋមន្ត្រីមិនបាច់បើកហ្វេសប៊ុកទេគ្រាន់តែអង្គុយនៅមុខផ្ទះហើយបើកទ្វាររបងក៏ឮសំឡេងស្រែកយំរបស់ពលរដ្ឋ​អ្នកមានជម្លោះដីធ្លីនិងកម្មករស្រែកសុំកិច្ចអន្តរាគមន៍ដែរព្រោះអ្នកជួបបញ្ហាទាំងនោះតែងព្យាយាមប្រមូលផ្តុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យតែពេលខ្លះត្រូវសមត្ថកិច្ចបង្រ្កាបនិងចាប់ខ្លួន។​ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថា ហ្វេសប៊ុក​ជាប្រភពព័ត៌មានសំខាន់ដែលលោកនាយករដ្ឋមន្ត្រីអាចស្តាប់ការតវ៉ារបស់ពលរដ្ឋនិងស្តាប់ពលរដ្ឋ​លើកឡើងពីទុក្ខកង្វល់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ លោកបន្ថែមថា៖ “បាទអាហ្នឹងពលរដ្ឋគេឲ្យច្រើនណាស់តាមរយៈគេតវ៉ា គេចរចាមិនបាន គេបាតុកម្ម គេនិយាយតាមវិទ្យុទូរទស្សន៍អីច្រើនបាទគួរតែស្រង់មតិយកតាមហ្នឹងដែរបាទ”។​ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីរបស់លោកតែងច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិសរសេរពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល​ជាញឹកញាប់ហើយចោទថាអង្គការទាំងនោះធ្វើរបាយការណ៍កុ​ហក​សរសេរអាក្រក់ពីរដ្ឋាភិបាលដើម្បីទទួលបានជំនួយ។​ អ្នកវិភាគបញ្ហាសង្គមខ្លះលើកឡើងថារបាយការណ៍លើកឡើងពីភាពខ្លះចន្លោះមួយចំនួន​មន្ត្រីរដ្ឋាភិបាលមិនទាន់បានមើលផងក៏ប្រកាសច្រានចោលទៅហើយ។​ កំណែទម្រង់ស៊ីជម្រៅ​ក្នុងការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលជាកំណែទម្រង់មួយដែលរដ្ឋាភិបាល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជាដាក់ចេញក្រោយពេលគណបក្សដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះបានបាត់បង់សំឡេងគាំទ្រអស់២២អាសនៈក្នុងពេលបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣។​ កំណែទម្រង់ស៊ីជម្រៅបានជ្រៅកម្រិតណានោះប្រហែលជាត្រូវរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

វិភាគ៖ តើរដ្ឋាភិបាលគួរធ្វើអ្វីបើមានបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីនៅអាមេរិក?

ថ្ងៃទី8 កុម្ភៈ 2016, 05:53 PM

នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងរដ្ឋកាលីហ្វញ៉ា ជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ានផ្សេងទៀត។ ប្រជាពលរដ្ឋខ្មែរនៅអាមេរិកបានអះអាងថា ពួកគេនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនៅពេលលោកទៅចូលរួមកិច្ចប្រជុំនោះ។ គណបក្សសង្គ្រោះជាតិបានធ្វើការបដិសេធជាបន្តបន្ទាប់ថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ហើយប្រធានបក្សនេះគឺលោក សម រង្ស៊ី កាលពីសប្ដាហ៍មុនបានប្រកាសថាលោកមិនគាំទ្រគម្រោងធ្វើបាតុកម្មនោះ ដោយលោកក៏បានប្រកាសមិនទទួលស្គាល់សកម្មភាពអ្នកដែលនៅតែចូលរួមធ្វើបាតុកម្មនោះផងដែរ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងក៏បានប្រកាសពីលទ្ធភាពនៃការធ្វើបាតុកម្មពីសំណាក់អ្នកគាំទ្ររូបលោកដើម្បីប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងផងដែរ ប្រសិនបើបាតុកម្មប្រឆាំងរូបលោកកើតមាន។ ទោះបីជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រឆាំង លទ្ធភាពនៃការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ត្រូវគេមើលឃើញថានឹងអាចកើតមានកាន់តែច្បាស់ ដោយក្រុមអ្នករៀបចំបាតុកម្មនេះបានប្រកាសអះអាងថា ខ្លួននឹងនៅតែធ្វើបាតុកម្មដូចការគ្រោងទុក។ នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង និងជាអ្នករៀបចំបាតុកម្ម លោក ទូច វិបុល បានចេញសេចក្ដីថ្លែងការណ៍មួយថ្មីទៀតដោយបញ្ជាក់ថា គម្រោងនៃការធ្វើបាតុកម្មនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយពុំមានការអាក់ខាន និងអះអាងថាពុំមានជាប់ពាក់ព័ន្ធជាមួយបក្សប្រឆាំងទេ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ អ្នកចូលរួមធ្វើបាតុកម្មនឹងដាក់ញត្តិស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យ។ ប្រសិនបើមានបាតុកម្មនៅអាមេរិកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះជាការឆ្លើយតប? អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ លើកឡើងថា វាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការសម្ដែងមតិតាមរយៈការធ្វើបាតុកម្មអហិង្សា ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួននឹងការដឹកនាំរបស់រដ្ឋាភិបាល។ លោកថា ការដែលមានប្រជាពលរដ្ឋបាតុកម្មតវ៉ាប្រឆាំងនឹងថ្នាក់ដឹកនាំនេះមិនមែនជារឿងអាម៉ាស់សម្រាប់រដ្ឋាភិបាលនោះទេ តែលោកថា ផ្ទុយទៅវិញ រដ្ឋាភិបាលគួរយកឱកាសនេះដើម្បីមើលឃើញពីការខ្វះខាតរបស់ខ្លួនយកទៅកែលម្អ។ លោកបន្តថា រដ្ឋាភិបាលគួរស្ដាប់ការរិះគន់របស់បាតុករ ហើយធ្វើការដោះស្រាយ ឬបកស្រាយប្រាប់ពួកគេ ដែលលោកថា ការធ្វើបែបនេះទទួលបានផលល្អជាជាងការគំរាមធ្វើបាតុកម្មប្រឆាំងបាតុកម្ម។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “ហើយគាត់ខំខ្លាចគេបាតុកម្ម ខ្លាចគេរិះគន់ បាតុកម្មទៅខ្លាចពិភពលោករិះគន់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមពិត អាការគំរាមកំហែងនេះគេរិះគន់ជាងឆ្ងាយមែនទែន ឆ្ងាយជាង១០០ដងឯណោះ។ បើតាមពិតទុកឲ្យគេបាតុកម្ម បាតុកម្មទៅ ហើយយើងឆ្លើយតបទៅ បើយើងមិនចង់ឆ្លើយតបមិន[ឆ្លើយតប]ទៅ អាហ្នឹងជារឿងធម្មតាទេតើ... ការរិះគន់ខ្លះយើងស្ដាប់ទៅសមហេតុផលយកទៅ បើរិះគន់ខ្លះស្ដាប់ទៅជ្រុលពេក យើងកុំយកចិត្តទុកដាក់ទៅ យើងឆ្លើយតបទៅ ពន្យល់ទៅវិញទៅ អាហ្នឹងចប់រឿងហើយ ហើយអាហ្នឹងហើយដែលបង្កឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សដែលគេរិះគន់យើង”។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មដោយសន្តិវិធីមិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេ ដោយលោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្រោមរូបភាពផ្សេងៗ រាប់បញ្ចូលទាំងការធ្វើបាតុកម្មផងនោះគឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីធ្វើការកែលម្អ។ លោក កែម ឡី មានប្រសាសន៍ថា៖ “ខ្ញុំគិតថា យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ទាំងមេដឹកនាំទាំងពលរដ្ឋមិនត្រូវខ្លាចរអែងពីរឿងបាតុកម្មទេ។ ផ្ទុយទៅវិញ ប្រសិនបើពលរដ្ឋមានបញ្ហាហើយគាត់សម្ដែងមតិតាមរយៈបាតុកម្មយើងត្រូវមានការលើកសរសើរទៅវិញ លើកសរសើរហើយចូលរួម ប្រសិនបើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅប្រឈមជាមួយការធ្វើបាតុកម្ម ទៅជជែកពិភាក្សាជាមួយបាតុករ មិនត្រឹមតែមិនត្រូវអាប់មុខអាប់មាត់ទេ គឺថែមទាំងមានការកោតសរសើរពីសហគមន៍អន្តរជាតិទៅទៀត។ ការធ្វើបាតុកម្មនៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជារឿងអាក្រក់ ហើយក៏មិនមែនជារឿងបាក់មុខ ផ្ទុយទៅវិញការធ្វើព្រងើយកន្តើយនឹងបញ្ហារបស់ពលរដ្ឋដែលលើកឡើងក្នុងបាតុកម្មទៅវិញទេដែលបាក់មុខ”។ ពាក់ព័ន្ធនឹងការព្រមានរបស់រដ្ឋាភិបាលពីការធ្វើបាតុកម្មវាយបកប្រឆាំងនឹងគណបក្សប្រឆាំងវិញដោយអ្នកគាំទ្ររបស់ខ្លួននោះ លោក កែម ឡី យល់ថានោះក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋអ្នកគាំទ្ររបស់រដ្ឋាភិបាលផងដែរ តែលោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងដោយសន្តិវិធី និងអហិង្សា។ ទោះយ៉ាងណា លោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងក្នុងគោលបំណងទាមទារចង់បានអ្វីមួយជាក់លាក់ គឺមិនគួរធ្វើឡើងដើម្បីប្រឆាំងបាតុកម្មនោះទេ។ លោក កែម ឡី មានប្រសាសន៍ថា៖ “បាតុកម្មចេញពីរដ្ឋាភិបាលសុទ្ធតែមានបញ្ហា ហើយបាតុកម្មចេញពីគណបក្សប្រឆាំងឬក៏ពលរដ្ឋច្រើនតែមានបញ្ហានៅពេលដែលរដ្ឋាភិបាលទៅធ្វើការបង្ក្រាបទៅវិញទេ។ អ៊ីចឹងខ្ញុំគិតថា សិទ្ធិក្នុងការធ្វើបាតុកម្មវាមានគ្រប់គណបក្ស គ្រប់ភាគី ប៉ុន្តែធ្វើហ្នឹងធ្វើដោយសេចក្ដីថ្លៃថ្នូរ ធ្វើដោយសន្តិវិធី ហើយបង្ហាញនូវសុឆន្ទៈរបស់ខ្លួនពិតប្រាកដថាខ្លួនចង់បានអី វាមិនមែនធ្វើបាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្មទេ គឺធ្វើបាតុកម្មដើម្បីទាមទារនូវអ្វីដែលខ្លួនមានកង្វល់ទៅវិញទេ ប៉ុន្តែបើរដ្ឋាភិបាលធ្វើតបទៅវិញ បាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្ម អាហ្នឹងក្នុងនាមជារដ្ឋមួយ រដ្ឋាភិបាលមួយមិនគួរឲ្យកើតឡើងទេ”។ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​គេ​វាយឲ្យ​រង​របួស​ធ្ងន់ នៅថ្ងៃ​តែ​មួយ​ជាមួយ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​) កាលពីខែកញ្ញា ឆ្នាំ២០១៥ ពេលលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ រយៈពេលប្រមាណមួយខែក្រោយមក ខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាង ក៏មានបាតុកម្មអហិង្សាមួយទៀតទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះ លោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថា លោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមានពិតមែន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ការវាយប្រហារលើតំណាងរាស្ត្រទាំងពីររូបរបស់បក្សប្រឆាំងបាននាំឲ្យមានការរិះគន់ខ្លាំងៗពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក។ ប្រហាក់ប្រហែលនឹងការលើកឡើងរបស់លោក កែម ឡី ដែរ លោក អ៊ូ វីរៈ លើកឡើងថា ប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលមានសិទ្ធិធ្វើបាតុកម្មសម្ដែងការមិនពេញចិត្តនឹងថ្នាក់គណបក្សប្រឆាំងដូចគ្នា តែថា បាតុកម្មនោះគួរធ្វើឡើងដោយអហិង្សា និងត្រឹមត្រូវតាមច្បាប់។ ទោះយ៉ាងណា លោកថា ប្រសិនបើរដ្ឋាភិបាលបណ្ដោយឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្ម នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ហើយការបង្ហាញភាពជិតស្និទ្ធ និងភាពទន់ភ្លន់របស់នាយករដ្ឋមន្ត្រីជាមួយប្រជាពលរដ្ឋនឹងថយប្រសិទ្ធភាពផងដែរ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “គាត់ហាក់ដូចជាអត់ដូរសោះ ទាំងគណបក្សប្រជាជនហើយនិងនាយករដ្ឋមន្ត្រីហ្នឹងហាក់ដូចជាអត់ដូរសោះ ទោះបីគាត់និយាយគាត់ខំដូរ គាត់ដូរគាត់អី ប៉ុន្តែអត់ដូរ។ នៅរបៀបស្ទីលដដែល។ អ៊ីចឹងខ្ញុំមើលទៅវាប៉ះពាល់ដល់រូបភាពដែលគាត់ព្យាយាមបង្ហាញថាគាត់ដូរ គាត់ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ គាត់ទន់ភ្លន់ជាងមុន គាត់ប្រជាធិបតេយ្យជាងមុនអីគឺហាក់បីដូចជាអត់ដូរ អ៊ីចឹង ហើយគេមើលទៅគាត់នឹងបាត់បង់អ្វីដែលគាត់កំពុងតែជោគជ័យ ទាក់ទងរឿងបង្ហាញភាពជិតស្និទ្ធ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ”។ ទាំងលោក កែម ឡី និងលោក អ៊ូ វីរៈ យល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មគឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិ ហើយក៏មិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកទាំងពីរលើកជាយោបល់ថា រដ្ឋាភិបាលអាចបង្វែពីគ្រោះទៅជាលាភ តាមរយៈការបើកចិត្តឲ្យទូលាយ និងយកចិត្តទុកដាក់ស្ដាប់ការរិះគន់របស់អ្នកតវ៉ា ហើយធ្វើការដោះស្រាយប្រកបដោយឆន្ទៈ នោះគណបក្សកាន់អំណាចនឹងអាចខិតចូលទៅជិតអ្នកដែលមិនគាំទ្រខ្លួន ហើយរដ្ឋាភិបាលនឹងទទួលបានការកោតសរសើរពីអន្តរជាតិ៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

វិភាគ៖ កិត្តិស័ព្ទរបស់អ្នកតាំងខ្លួនជាអ្នករាជានិយមគឺពិបាកស្តារឡើងវិញ

ថ្ងៃទី5 កុម្ភៈ 2016, 03:11 PM

កែវដែលវាមានប្រេះស្រាំហើយទោះបីជាអ្នកខំផ្សាភ្ជាប់វិញក៏មិនបានដូចដើមនោះទេ។ នេះជាសុភាសិតខ្មែរតាំងពីបុរាណកាល មក។ យ៉ាងណាមិញជម្លោះបែកបាក់ក្នុងសង្គមគ្រួសារឬសង្គមនយោបាយក៏មានន័យដូច្នោះដែរ។ តួយ៉ាងការព្យាយាមបង្រួបបង្រួមឡើងវិញរវាងគ្រួសារ ហ្វ៊ុនស៊ិនប៉ិច ដែលតាំងខ្លួនជាអ្នករាជា​និយមនោះមិនបានមួយឆ្នាំស្រួល​បួល​ផងទីបំផុតត្រូវបែកជាពីរក្រុមវិញទាល់តែបាន។ លោក ញឹក ប៊ុនឆៃ ដែលពីមុនមកត្រូវបានរងការចោទប្រកាន់​ថាជាអ្នកដឹកនាំឲ្យមានបក្សប្រហារ​​ទម្លាក់​សម្តេចក្រុមព្រះដើម្បីដឹកនាំ​ហ្វ៊ុនស៊ិនប៉ិចតែឯងនោះ ឥឡូវនេះអះអាងថាលោកនឹងទៅបង្កើតគណបក្សថ្មីដាក់ឈ្មោះ​ថាគណបក្សរួបរួមជាតិ។ ចំណែកសម្តេចក្រុមព្រះវិញនៅដឹកនាំគណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែលជាមរតកបន្សល់ទុក​ពី​សម្តេចឪបន្ទាប់ពី​សម្តេចក្រុមព្រះ ត្រូវបានឃ្លាតចាកពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិចជិត១០ឆ្នាំដោយសារមន្រ្តីជាន់ខ្ពស់មួយចំនួនបណ្តេញព្រះអង្គចេញពីប្រធានបក្សកាលពីឆ្នាំ២០០៦។ ដោយសារហេតុផលនេះនិងដោយសារមានជម្លោះជាមួយលោក ហ៊ុន សែន ផងនោះ សម្តេច​ក្រុម​ព្រះកាលណោះបាននិរទេសព្រះកាយទៅក្រៅប្រទេសជាច្រើនឆ្នាំដើម្បី​គេចចេញពីការចាប់​ដាក់ពន្ធ​នាគារក្រោម​បណ្តឹងព្រហ្មទណ្ឌ។ នៅគ្រានោះសម្តេចក្រុមព្រះក៏បានកៀងគរអ្នកគាំទ្រឲ្យបង្កើតបក្សថ្មីដាក់ឈ្មោះព្រះអង្គផ្ទាល់ ហើយ​​​​ទទួលបានតែ២អសនៈប៉ុណ្ណោះ​នៅឆ្នាំ២០០៨។ ក្រោយមកទៀតខណៈមានការតានតឹងនយោបាយ​ឡើងវិញជាមួយលោក ហ៊ុន សែន សម្តេចក្រុមព្រះ​បានប្រកាសលាឈប់ពីឆាកនយោបាយ ហើយគណបក្ស នរោត្តម រណឬទ្ធិ បានប្តូរឈ្មោះទៅជាគណបក្សជាតិនិយម វិញ​។ ប៉ុន្តែគណបក្សនេះមិនទទួលបានអាសនៈនោះទេក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយក៏បានរួបរួមឡើងវិញជា​មួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែលពេលនោះដឹកនាំដោយលោក ញឹក ប៊ុនឆៃ ទទួលបានអាសនៈ​សូន្យដូចគ្នា។ គូស្នេហ៍ចាស់ដែលបែកបាក់ជិត១០ឆ្នាំ ប៉ុន្តែត្រូវបានគេ​ផ្សំផ្គុំឡើងវិញនេះគឺទទួលបានការស្វាគមន៍ពីលោក ហ៊ុន សែន ជាអតីតគូស​ត្រូវន​យោបាយ​នឹងសម្តេចក្រុមព្រះ។ ក្រោយបង្រួបបង្រួមឡើងវិញគណបក្ស​ហ្វ៊ុនស៊ិនប៉ិចបានរំពឹងថានឹងទទួលបានសំឡេងឆ្នោតខ្លះឡើងវិញ ខណៈដែលបក្សដដែលនេះដឹកនាំដោយ​សម្តេចក្រុមព្រះ។ នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល  លោក គល់ បញ្ញា វិភាគថាគណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិចមានឱកាសទទួលបានការគាំទ្រឡើងវិញខណៈពេលបង្រួបបង្រួមគ្នា ប៉ុន្តែ​លោក​ថាពេលនេះឱកាសនោះបានបាត់បង់ទៅវិញហើយ។ លោកថ្លែងថា៖ ”កាលណាយើងបានសន្លឹកឆ្នោតចែកជាពីរបក្សបីបក្សអាហ្នឹងថយអាសនៈទម្លាក់ខ្លាំង ហើយគណ​បក្សហ្វ៊ុនស៊ិនប៉ិច គាត់មានពិសោធន៍តាំងពី១៩៩៣ ១៩៩៨ ពេលគាត់​ចាប់​ផ្តើម​បែក​បាក់​ច្រើនញឹកញាប់មកសន្លឹកឆ្នោតដែលគាត់ធ្លាប់បានហ្នឹងវាធ្លាក់ផងហើយអាសនៈក៏ធ្លាក់​គំហុក​ដែរ”។ លោក គល់ បញ្ញា មានប្រសាសន៍ថាការដែលសម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ រួបរួមគ្នា​បានប្រហែលមួយឆ្នាំកន្លងមក អាចជាឆន្ទៈរបស់មន្រ្តីគណបក្សដែលជាអតីតគូសត្រូវនឹងគ្នានេះបូកផ្សំនឹងការជំរុញពីអ្នកនយោបាយមានអំណាចនៅខាងក្រៅឆាកដែលអ្នកវិភាគសំដៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្សរាជានិយមដែលបង្កើតឡើងដោយសម្តេចព្រះ នរោត្តម សីហនុ នេះបានឈ្នះការបោះឆ្នោតជាលើកទី១នៅ​ឆ្នាំ​១៩​៩៣​ដែលរៀបចំដោយអ៊ុនតាក់ ប៉ុន្តែក្រោយមកគណបក្សនេះបានថយចុះសំឡេងគាំទ្រជាបន្ត​បន្ទាប់ខណៈដែលលោក សម រង្ស៊ី ជាមន្រ្តីជាន់ខ្ពស់គណ​បក្សនេះចេញទៅបង្កើតគណបក្សថ្មី។ អត្ថបទទាក់ទង  សម្តេចក្រុមព្រះរកកិច្ចការពារសន្តិសុខខណៈជម្លោះកាន់តែខ្លាំងជាមួយលោក ញឹក ប៊ុនឆៃ   សម្ដេចក្រុមព្រះចោទក្រុមលោក ញឹក ប៊ុនឆៃ ថារំលោភច្បាប់ស្ដីពីគណបក្សនយោបាយ  អ្នកវិភាគមើលឃើញថាមានកត្តាមួយចំនួនដែលនាំឲ្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិចបាត់បង់​ការគាំទ្រ​​រហូតដល់សូន្យអា​សនៈដោយ​សារតែជម្លោះហែកហួរផ្ទៃក្នុង​ដណ្តើម​អំណាចគ្នា​នៅក្នុង​បក្ស​និង​​ការ​ចូលរួមរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាហើយគេមិនសូវឃើញមន្រ្តីគណបក្ស​ហ្វ៊ុនស៊ិនប៉ិចមានសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋនោះឡើយ។ បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច វិភាគ​ថា​ទុន​ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចវិនិយោគក្នុង​វិស័យ​​ន​យោ​បាយនោះ គឺទី១ការប្រឆាំងនឹងវៀតណាមដែលឈ្លាន​ពានទឹកដី ទុនទី២គឺកិត្តិស័ព្ទរបស់​សម្តេចឪ ទុនទី៣គឺកម្លាំងទ័ពក្នុងដៃ ទុនទី៤គឺពលរដ្ឋកម្ពុជាសម័យមុនចង់បានរបបរជានិយមមកវិញ ប៉ុន្តែលោកថានៅពេលហ្វ៊ុនស៊ិនប៉ិច​ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣គឺមិនបានធ្វើអ្វីឲ្យពលរដ្ឋមានសង្ឃឹមនោះទេ។ លោកបន្ថែមថា៖ ”ជួនកាលស្ថាបនិកហ្វ៊ុនស៊ិនប៉ិច​ដែលខំតស៊ូអត់បានផលទៅបានផល​ចិន​កាប់ជ្រូកនៅអូរឬស្សី អ្នកលក់មានលុយមានទុនវិនិយោគដឹកនាំក្នុងហ្វ៊ុនស៊ិនប៉ិច​។ អាហ្នឹងដែលអស់ទឹកចិត្ត។ មកដល់​ដំណាក់​កាល​ក្រោយ​ទៀតបែកបាក់គ្នាដែលកើតអំពី[ទំនាស់]ផលប្រយោជន៍។ ហ្វ៊ុន​ស៊ិន​ប៉ិចចាស់អ្នកតស៊ូមានចិត្តស្មោះ​តែអត់លុយ ហ្វ៊ុនស៊ិនប៉ិចថ្មីមិនមានចិត្តស្មោះតែមានលុយអាហ្នឹងដែលឲ្យបែកបាក់”។ លោក សុខ ទូច យល់ថាបើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខំជួយសម្របសម្រួលឲ្យ​គណបក្សហ្វ៊ុនស៊ិនប៉ិចរួបរួមគ្នាវិញម្តងជាពីរក៏ដោយក៏គណបក្សនេះមិនអាចមានការគាំទ្រឡើងវិញបានឡើយ​។ ​លោកមានប្រសាសន៍ថា៖ ”សម្តេចនាយក​រដ្ឋមន្រ្តីលោកមិនឲ្យកៅអីណាប្រជាជនជាអ្នកឲ្យកៅអី។ អីចឹងវាត្រូវតែយកចិត្តប្រជាជនធ្វើ​ឲ្យ​ប្រជាជនយល់ថាក្នុង​គណ​បក្សហ្នឹង​មានឯកភាព​ផ្ទៃក្នុងមានភាពរឹងមាំ។ បើឈ្លោះ​តែ​គ្នាឯងចេះចង់ការពារម៉េចបាន”។ សរុបមកក្រាហ្វិចនៃគណបក្ស ​ហ្វ៊ុនស៊ិនប៉ិច បានឡើងដល់កំពូលម្តងរួចហើយនៅពេលបោះឆ្នោតលើកដំបូង ប៉ុន្តែបានបន្តធ្លាក់ចុះងើបឡើងវិញលែងរួចមកដល់ពេលនេះ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

វិភាគ៖តើមានកត្តាអ្វីខ្លះដែលអំពើប្លន់នៅតែកើតឡើង?

ថ្ងៃទី29 មករា 2016, 12:40 PM

កាលពីចុងឆ្នាំ២០១៥ មេដឹកនាំរដ្ឋាភិបាលបានប្រកាសព្រមៗគ្នាឲ្យចាត់វិធានការទប់ស្កាត់និងបង្រ្កាបឲ្យខាងតែបានទៅលើអំពើប្លន់ប្រដាប់អាវុធដែលកក្រើកឡើងនៅទូទាំងប្រទេស ហើយបាញ់សម្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់និងយកទ្រព្យសម្បត្តិម៉ឺនដុល្លារនោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើឈ្មោះទណ្ឌិត មួយចំនួនសម្រាប់ការលើកលែងទោស ដោយលោកថាករណីពាក់ព័ន្ធនឹងអំបើប្លន់កន្លងមកនេះគឺជាមុខសញ្ញានៃទណ្ឌិតដែលទើបចេញពីពន្ធនាគារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកក្រុមចោរប្លន់ថាជាក្រុមគ្មានសាសនា ដោយលោកបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គឺទាំងកងរាជអាវុធហត្ថ មន្ត្រីនគរបាលត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធ និងចាត់វិធានការបង្ក្រាបឲ្យបានចំពោះក្រុមចោរប្លន់។ មួយថ្ងៃក្រោយមក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលត្រួតត្រាលើអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បានព្រមានដកស្នងការនគរបាលខេត្តណាដែលមិនអាចបង្ក្រាបអំពើចោរប្លន់។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាប់ទៅស្នងការខេត្តចំនួន៣គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល ឲ្យដើរចេញពីមុខតំណែង កុំឲ្យលោកដកតំណែងទាន់ បើសិនពួកគេមិនអាចទប់និងបង្រ្កាបអំពើឆក់ប្លន់បានទេនោះ។ ប្រហែលជាងមួយខែក្រោយមកគឺនៅថ្ងៃទី២៧ខែមករាឆ្នាំ២០១៦នេះ ករណីឆក់ប្លន់ប្រដាប់អាវុធបានកើតឡើងវិញទាំងនៅភ្នំពេញនិងបណ្ដាខេត្តមួយចំនួនគឺខេត្តបាត់ដំបងនិងកំពង់ស្ពឺ។ នេះបើយោងតាមព័ត៌មាននានាដែលបានចុះផ្សាយជាបន្តបន្ទាប់។ បើតាមការកត់សម្គាល់ត្រួសៗអំពើបាញ់សម្លាប់នៅខែមករា ឆ្នាំ២០១៦ គឺបានកើត រួមមានអំពើប្លន់បាញ់សម្លាប់នៅស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ម្នាក់ ៣នាក់រងរបួស ការបាញ់ប្រហារចូលក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុក ឃុន នៅខេត្តកំពង់ស្ពឺ ស្លាប់ម្នាក់ អំពើប្លន់នៅផ្សារអគ្គ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងអំពើប្លន់ផ្ទះអាជីវកលក់ពូក នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញជាដើម។ អំពើប្លន់នេះមិនត្រឹមតែកើតឡើងទៅលើប្រជាពលរដ្ឋដែលគ្មានអាវុធនោះទេ ប៉ុន្តែសារព័ត៌មានមួយចំនួនបានផ្សាយថាមន្រ្តីប៉ូលិសម្នាក់ដែលស្ពាយកាំភ្លើងទៅយាមនៅប៉ុស្តិ៍មួយក្នុងរាជធានីភ្នំពេញក៏ត្រូវបានចោរប្លន់យកម៉ូតូរបស់ប៉ូលិ​សនោះដែរ។ តើមូលហេតុអ្វីបានជាអំពើប្លន់នៅតែកើតឡើងដែលមិនអាចទប់ស្កាត់បាន? តើសមត្ថកិច្ចនៅទីតាំងកើតហេតុត្រូវទទួលខុសត្រូវដូចម្តេច? លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថាមានកត្តាមួយចំនួនដែលអំពើប្លន់នៅតែកើតឡើងទំនងផ្គើនបទបញ្ជាផ្ទាល់មាត់មេដឹកនាំរដ្ឋាភិបាល។ លោកមានប្រសាន៍ថា៖ ”ម្យ៉ាងវិញទៀត ប្រហែលជាអសមត្ថភាពក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ព្រោះយើងរឹតបន្តឹងហើយ ហេតុអីពួកហ្នឹងយកទៅដើរប្លន់បាន?ឬក៏មានកាទិញដូរអាវុធបាន? បើមានករណីបែបហ្នឹងតើវាពាក់ព័ន្ធអី។វាអាចពាក់ព័ន្ធអំពើពុករលួយ។រឿងមួយទៀតខ្ញុំឃើញថាការអត់សូវមានការប្រឹងការពារសន្តិសុខ ចាប់ចោរលួច ចោរប្លន់ហ្នឹងអត់សូវធ្វើកិច្ចហ្នឹងឲ្យបានប្រចាំទេ”។ អគ្គស្នងការរងនគរបាលជាតិឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានទទួលស្គាល់ថា៖ “ការគ្រប់គ្រងអាវុធមានបញ្ហាស្មុគស្មាញមួយចំនួន។ ខ្ញុំនិយាយការពិត: យើងគ្រប់គ្រងអាវុធក្នុងអង្គភាពរបស់យើង ហើយយើងគ្រប់គ្រងអាវុធស្របច្បាប់ ប៉ុន្តែចំពោះអាវុធខុសច្បាប់ យើងមិនអាចគ្រប់គ្រងវាបានទេ”។ ប៉ុន្តែលោកបានបន្ថែមថានគរបាលជាតិកំពុងដោះស្រាយបញ្ហានេះហើយ។ បើទោះជាមានការគំរាមដកស្នងការនគរបាលខេត្តណាដែលនៅតែមានអំពើចោប្លន់ក៏ដោយ ប៉ុន្តែលោក យង់ គិមអេង មិនមានជឿថាអាចធ្វើទៅបាននោះទេ។ លោកមានប្រសាន៍ថា៖ “ព្រោះថាអ្នកទៅស្នងការ អ្នកកាន់អធិការ អ្នកទៅកាន់ប៉ុស្តិ៍អីផ្សេងៗគឺមានខ្សែស្រឡាយបន្តគ្នា។ចំណងខ្សែស្រឡាយសាច់ញាតិ​នៅក្នុងការងារហ្នឹងហើយដែលមានការពិបាកក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ទៅកាត់ចេញម៉េចបានព្រោះកាត់ចេញប៉ះសាច់ខ្លួនឯង”។ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា កត់សម្គាល់ថាបទបញ្ជាផ្ទាល់មាត់របស់មេដឹកនាំឲ្យបង្រ្កាបចោរប្លន់គ្រាន់តែជាភាសានយោបាយឲ្យពលរដ្ឋស្ងប់ចិត្ត ប៉ុន្តែលោកថាបញ្ហាសំភារៈបច្ចេកទេសមិនគ្រប់គ្រាន់គឺជាបញ្ហាចោទមួយដែលមិនទប់ស្កាត់អំពើប្លន់។ លោកមានប្រសាន៍ថា៖ ”បានន័យថាត្រូវពង្រាយកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋជាប្រចាំ ពិសេសនៅតំបន់ពាណិជ្ជ​កម្មធំៗឬកន្លែងមានអាជីវករច្រើន។សួរថាតើអាហ្នឹងត្រូវការអ្វីខ្លះ?ត្រូវការចំណាយដូចជាធនធានថវិកា ទាំងធនធានមធ្យោបាយ។នៅប្រទេសគេមានការរៀបចំមជ្ឈមណ្ឌលពានិជ្ជកម្ម អ្នកលក់មាសទៅនៅម្តុំ ស្រួលការពារសុវត្ថិភាព។ ប៉ុន្តែនៅស្រុកខ្មែរយើងខុសគ្នាត្រង់ថាវាសេរីពេក កន្លែងលក់កាតទូរស័​ព្ទក៏មានដូរលុយ… ធ្វើឲ្យសមត្ថកិច្ចពិបាកគ្រប់គ្រង”។ លោក សន ជ័យ បន្ថែមថាបញ្ហាដែលនាំឲ្យកើតមានចោរប្លន់ក៏អាចមកពីការលេងល្បែងស៊ីសងដែលកើតមាននៅក្នុងសង្គមដោយមិនបានបង្រ្កាបឲ្យមានប្រសិទ្ធភាព។ លោក​ក៏មិនជឿថាអាចដកតំណែងស្នងការនគរបាលខេត្តណាដែលនៅតែអំពើចោប្លន់នោះបានទេ។ លោកមានប្រសាន៍ថា៖ ”រឿងរីករាលដាលនៃការប្រើគ្រឿងញៀន រឿងល្បែងស៊ីសង។ ក្រសួងមហាផ្ទៃចេញបទបញ្ជាមិនឲ្យជនជាតិខ្មែរលេងល្បែងនៅកាស៊ីណូទេប៉ុន្តែគេបែរជាយកល្បែងជល់មាន់ទៅដាក់ក្នុងកាស៊ីណូហើយខ្មែរមានឱកាសទៅលេងនៅទីនោះ ហើយល្បែងផ្សេងៗនៅតាមសហគមន៍ ដូចជាបៀរ អាប៉ោង កន្ទុយលេខ ទាំងអស់នេះជាកត្តានាំឲ្យមានអំពើប្លន់សម្លាប់នេះដែរ”។ បើតាមអ្នកវិភាគ ដើម្បីទប់ស្កាត់អំពើចោរកម្មគ្រប់ប្រភេទកុំឲ្យកើតឡើងទៀត នោះរដ្ឋាភិបាលត្រូវផ្តល់សំភារៈបច្ចេកទេសឲ្យគ្រប់គ្រាន់ដល់មន្រ្តីមានសមត្ថកិច្ច ហើយត្រូវដាក់ទណ្ឌកម្មលើមន្រ្តីណាដែលមិនអនុវត្តតួនាទីរបស់ឲ្យបានត្រឹមត្រូវ និងជាពិសេសដាក់ទោសទៅលើអ្នកលក់អាវុធដោយខុសច្បាប់៕ សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈchanthorn@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To