ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

វិភាគ៖ តើរដ្ឋាភិបាលគួរធ្វើអ្វីបើមានបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីនៅអាមេរិក?​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 05:53 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
មើលរូបភាពបន្ថែម

ក្រុម​បាតុករ​ខ្មែរ​នៅ​អាមេរិកកាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ (រូបភាពពីបណ្តាញសង្គម)

នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងរដ្ឋកាលីហ្វញ៉ា ជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ានផ្សេងទៀត។ ប្រជាពលរដ្ឋខ្មែរនៅអាមេរិកបានអះអាងថា ពួកគេនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនៅពេលលោកទៅចូលរួមកិច្ចប្រជុំនោះ។

គណបក្សសង្គ្រោះជាតិបានធ្វើការបដិសេធជាបន្តបន្ទាប់ថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ហើយប្រធានបក្សនេះគឺលោក សម រង្ស៊ី កាលពីសប្ដាហ៍មុនបានប្រកាសថាលោកមិនគាំទ្រគម្រោងធ្វើបាតុកម្មនោះ ដោយលោកក៏បានប្រកាសមិនទទួលស្គាល់សកម្មភាពអ្នកដែលនៅតែចូលរួមធ្វើបាតុកម្មនោះផងដែរ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងក៏បានប្រកាសពីលទ្ធភាពនៃការធ្វើបាតុកម្មពីសំណាក់អ្នកគាំទ្ររូបលោកដើម្បីប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងផងដែរ ប្រសិនបើបាតុកម្មប្រឆាំងរូបលោកកើតមាន។

ទោះបីជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រឆាំង លទ្ធភាពនៃការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ត្រូវគេមើលឃើញថានឹងអាចកើតមានកាន់តែច្បាស់ ដោយក្រុមអ្នករៀបចំបាតុកម្មនេះបានប្រកាសអះអាងថា ខ្លួននឹងនៅតែធ្វើបាតុកម្មដូចការគ្រោងទុក។ នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង និងជាអ្នករៀបចំបាតុកម្ម លោក ទូច វិបុល បានចេញសេចក្ដីថ្លែងការណ៍មួយថ្មីទៀតដោយបញ្ជាក់ថា គម្រោងនៃការធ្វើបាតុកម្មនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយពុំមានការអាក់ខាន និងអះអាងថាពុំមានជាប់ពាក់ព័ន្ធជាមួយបក្សប្រឆាំងទេ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ អ្នកចូលរួមធ្វើបាតុកម្មនឹងដាក់ញត្តិស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យ។

ប្រសិនបើមានបាតុកម្មនៅអាមេរិកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះជាការឆ្លើយតប?

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ លើកឡើងថា វាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការសម្ដែងមតិតាមរយៈការធ្វើបាតុកម្មអហិង្សា ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួននឹងការដឹកនាំរបស់រដ្ឋាភិបាល។ លោកថា ការដែលមានប្រជាពលរដ្ឋបាតុកម្មតវ៉ាប្រឆាំងនឹងថ្នាក់ដឹកនាំនេះមិនមែនជារឿងអាម៉ាស់សម្រាប់រដ្ឋាភិបាលនោះទេ តែលោកថា ផ្ទុយទៅវិញ រដ្ឋាភិបាលគួរយកឱកាសនេះដើម្បីមើលឃើញពីការខ្វះខាតរបស់ខ្លួនយកទៅកែលម្អ។ លោកបន្តថា រដ្ឋាភិបាលគួរស្ដាប់ការរិះគន់របស់បាតុករ ហើយធ្វើការដោះស្រាយ ឬបកស្រាយប្រាប់ពួកគេ ដែលលោកថា ការធ្វើបែបនេះទទួលបានផលល្អជាជាងការគំរាមធ្វើបាតុកម្មប្រឆាំងបាតុកម្ម។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “ហើយគាត់ខំខ្លាចគេបាតុកម្ម ខ្លាចគេរិះគន់ បាតុកម្មទៅខ្លាចពិភពលោករិះគន់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមពិត អាការគំរាមកំហែងនេះគេរិះគន់ជាងឆ្ងាយមែនទែន ឆ្ងាយជាង១០០ដងឯណោះ។ បើតាមពិតទុកឲ្យគេបាតុកម្ម បាតុកម្មទៅ ហើយយើងឆ្លើយតបទៅ បើយើងមិនចង់ឆ្លើយតបមិន[ឆ្លើយតប]ទៅ អាហ្នឹងជារឿងធម្មតាទេតើ... ការរិះគន់ខ្លះយើងស្ដាប់ទៅសមហេតុផលយកទៅ បើរិះគន់ខ្លះស្ដាប់ទៅជ្រុលពេក យើងកុំយកចិត្តទុកដាក់ទៅ យើងឆ្លើយតបទៅ ពន្យល់ទៅវិញទៅ អាហ្នឹងចប់រឿងហើយ ហើយអាហ្នឹងហើយដែលបង្កឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សដែលគេរិះគន់យើង”

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មដោយសន្តិវិធីមិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេ ដោយលោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្រោមរូបភាពផ្សេងៗ រាប់បញ្ចូលទាំងការធ្វើបាតុកម្មផងនោះគឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីធ្វើការកែលម្អ។

លោក កែម ឡី មានប្រសាសន៍ថា៖ “ខ្ញុំគិតថា យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ទាំងមេដឹកនាំទាំងពលរដ្ឋមិនត្រូវខ្លាចរអែងពីរឿងបាតុកម្មទេ។ ផ្ទុយទៅវិញ ប្រសិនបើពលរដ្ឋមានបញ្ហាហើយគាត់សម្ដែងមតិតាមរយៈបាតុកម្មយើងត្រូវមានការលើកសរសើរទៅវិញ លើកសរសើរហើយចូលរួម ប្រសិនបើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅប្រឈមជាមួយការធ្វើបាតុកម្ម ទៅជជែកពិភាក្សាជាមួយបាតុករ មិនត្រឹមតែមិនត្រូវអាប់មុខអាប់មាត់ទេ គឺថែមទាំងមានការកោតសរសើរពីសហគមន៍អន្តរជាតិទៅទៀត។ ការធ្វើបាតុកម្មនៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជារឿងអាក្រក់ ហើយក៏មិនមែនជារឿងបាក់មុខ ផ្ទុយទៅវិញការធ្វើព្រងើយកន្តើយនឹងបញ្ហារបស់ពលរដ្ឋដែលលើកឡើងក្នុងបាតុកម្មទៅវិញទេដែលបាក់មុខ”

ពាក់ព័ន្ធនឹងការព្រមានរបស់រដ្ឋាភិបាលពីការធ្វើបាតុកម្មវាយបកប្រឆាំងនឹងគណបក្សប្រឆាំងវិញដោយអ្នកគាំទ្ររបស់ខ្លួននោះ លោក កែម ឡី យល់ថានោះក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋអ្នកគាំទ្ររបស់រដ្ឋាភិបាលផងដែរ តែលោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងដោយសន្តិវិធី និងអហិង្សា។ ទោះយ៉ាងណា លោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងក្នុងគោលបំណងទាមទារចង់បានអ្វីមួយជាក់លាក់ គឺមិនគួរធ្វើឡើងដើម្បីប្រឆាំងបាតុកម្មនោះទេ។

លោក កែម ឡី មានប្រសាសន៍ថា៖ “បាតុកម្មចេញពីរដ្ឋាភិបាលសុទ្ធតែមានបញ្ហា ហើយបាតុកម្មចេញពីគណបក្សប្រឆាំងឬក៏ពលរដ្ឋច្រើនតែមានបញ្ហានៅពេលដែលរដ្ឋាភិបាលទៅធ្វើការបង្ក្រាបទៅវិញទេ។ អ៊ីចឹងខ្ញុំគិតថា សិទ្ធិក្នុងការធ្វើបាតុកម្មវាមានគ្រប់គណបក្ស គ្រប់ភាគី ប៉ុន្តែធ្វើហ្នឹងធ្វើដោយសេចក្ដីថ្លៃថ្នូរ ធ្វើដោយសន្តិវិធី ហើយបង្ហាញនូវសុឆន្ទៈរបស់ខ្លួនពិតប្រាកដថាខ្លួនចង់បានអី វាមិនមែនធ្វើបាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្មទេ គឺធ្វើបាតុកម្មដើម្បីទាមទារនូវអ្វីដែលខ្លួនមានកង្វល់ទៅវិញទេ ប៉ុន្តែបើរដ្ឋាភិបាលធ្វើតបទៅវិញ បាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្ម អាហ្នឹងក្នុងនាមជារដ្ឋមួយ រដ្ឋាភិបាលមួយមិនគួរឲ្យកើតឡើងទេ”

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​គេ​វាយឲ្យ​រង​របួស​ធ្ងន់ នៅថ្ងៃ​តែ​មួយ​ជាមួយ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)

កាលពីខែកញ្ញា ឆ្នាំ២០១៥ ពេលលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ រយៈពេលប្រមាណមួយខែក្រោយមក ខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាង ក៏មានបាតុកម្មអហិង្សាមួយទៀតទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះ លោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថា លោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមានពិតមែន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ការវាយប្រហារលើតំណាងរាស្ត្រទាំងពីររូបរបស់បក្សប្រឆាំងបាននាំឲ្យមានការរិះគន់ខ្លាំងៗពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក។

ប្រហាក់ប្រហែលនឹងការលើកឡើងរបស់លោក កែម ឡី ដែរ លោក អ៊ូ វីរៈ លើកឡើងថា ប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលមានសិទ្ធិធ្វើបាតុកម្មសម្ដែងការមិនពេញចិត្តនឹងថ្នាក់គណបក្សប្រឆាំងដូចគ្នា តែថា បាតុកម្មនោះគួរធ្វើឡើងដោយអហិង្សា និងត្រឹមត្រូវតាមច្បាប់។ ទោះយ៉ាងណា លោកថា ប្រសិនបើរដ្ឋាភិបាលបណ្ដោយឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្ម នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ហើយការបង្ហាញភាពជិតស្និទ្ធ និងភាពទន់ភ្លន់របស់នាយករដ្ឋមន្ត្រីជាមួយប្រជាពលរដ្ឋនឹងថយប្រសិទ្ធភាពផងដែរ។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “គាត់ហាក់ដូចជាអត់ដូរសោះ ទាំងគណបក្សប្រជាជនហើយនិងនាយករដ្ឋមន្ត្រីហ្នឹងហាក់ដូចជាអត់ដូរសោះ ទោះបីគាត់និយាយគាត់ខំដូរ គាត់ដូរគាត់អី ប៉ុន្តែអត់ដូរ។ នៅរបៀបស្ទីលដដែល។ អ៊ីចឹងខ្ញុំមើលទៅវាប៉ះពាល់ដល់រូបភាពដែលគាត់ព្យាយាមបង្ហាញថាគាត់ដូរ គាត់ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ គាត់ទន់ភ្លន់ជាងមុន គាត់ប្រជាធិបតេយ្យជាងមុនអីគឺហាក់បីដូចជាអត់ដូរ អ៊ីចឹង ហើយគេមើលទៅគាត់នឹងបាត់បង់អ្វីដែលគាត់កំពុងតែជោគជ័យ ទាក់ទងរឿងបង្ហាញភាពជិតស្និទ្ធ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ”

ទាំងលោក កែម ឡី និងលោក អ៊ូ វីរៈ យល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មគឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិ ហើយក៏មិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកទាំងពីរលើកជាយោបល់ថា រដ្ឋាភិបាលអាចបង្វែពីគ្រោះទៅជាលាភ តាមរយៈការបើកចិត្តឲ្យទូលាយ និងយកចិត្តទុកដាក់ស្ដាប់ការរិះគន់របស់អ្នកតវ៉ា ហើយធ្វើការដោះស្រាយប្រកបដោយឆន្ទៈ នោះគណបក្សកាន់អំណាចនឹងអាចខិតចូលទៅជិតអ្នកដែលមិនគាំទ្រខ្លួន ហើយរដ្ឋាភិបាលនឹងទទួលបានការកោតសរសើរពីអន្តរជាតិ៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

 


Tags:

4256

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
វិភាគ៖ តើវិធានការតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណា?

ថ្ងៃទី15 កុម្ភៈ 2016, 06:14 PM

ជាញឹកញាប់ ប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ក្នុងសង្គម ឬមានបញ្ហារំលោភបំពានណាមួយ ពិសេសអ្នកមានជម្លោះដីធ្លី តែងតែធ្វើការតវ៉ា និងធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួង និងស្ថាប័នរដ្ឋនានា ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាឲ្យពួកគេ។ លើសពីនេះ ក្រុមអ្នកតវ៉ាជាទូទៅក៏នាំគ្នាទៅតវ៉ានៅមុខផ្ទះ ឬយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋដើម្បីរកអន្តរាគមន៍ផងដែរ។ ការតវ៉ាមួយចំនួនត្រូវអាជ្ញាធរអនុញ្ញាតឲ្យធ្វើ និងអាចដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែការតវ៉ាមួយចំនួនត្រូវបានរារាំង និងបង្ក្រាបដោយសមត្ថកិច្ច។ ពាក់ព័ន្ធនឹងការរារាំងការតវ៉ារបស់ពលរដ្ឋនេះ កាលពីឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់លោក ថាបានរារាំងពលរដ្ឋមិនឲ្យយកញត្តិ ឬលិខិតសំដែងពីទុក្ខកង្វល់ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដកមន្ត្រីក្រោមឱវាទរបស់លោកផងដែរ ប្រសិនបើអសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបណ្ដោយឲ្យបើបញ្ហានានានៅថ្នាក់មូលដ្ឋាននៅតែបន្តផ្ទុះឡើងដោយមិនមានដំណោះស្រាយដែលមានប្រសិទ្ធភាពនោះ។ ក្នុងឆ្នាំ២០១៥នេះផងដែរ លោក ហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការទំព័រហ្វេសប៊ុករបស់លោក និងអះអាងថានឹងប្រើបណ្ដាញសង្គមមួយនេះដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេលប្រមាណ៦ខែក្រោយការទទួលស្គាល់ទំព័រហ្វេសប៊ុកជាផ្លូវការ ពោលគឺពីចាប់ពីខែកញ្ញា ឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្ន លោក ហ៊ុន សែន បានចាត់ចេញជាចំណាត់ការមួយចំនួនជាដំណោះស្រាយដល់ប្រជាពលរដ្ឋ ដោយលោកអះអាងថា បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកដូចជាបញ្ឈប់ការយកលុយពីអ្នកធ្វើតាមផ្លូវមួយចំនួន និងការលុបបំបាត់លែងឲ្យមានប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម១២៥សេសេ។ បន្ថែមពីលើការទទួលសំណូមពរពីពលរដ្ឋដោយខ្លួនឯង និងក្រុមការងាររបស់លោក កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួង និងស្ថាប័ននានារបស់រដ្ឋឲ្យតាមដានហ្វេសប៊ុករបស់លោកជាប្រចាំ ដោយលោកថាដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។ ក្រោយការប្រកាសណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័ននានារបស់រដ្ឋបានប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីតាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីពីសំណូមពរ ឬបញ្ហានានាដែលពាក់ព័ន្ធ ឬស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នខ្លួន។ តើការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ? អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថា នៅប្រទេសកម្ពុជាមានទម្លាប់មួយដែលមន្ត្រីតូចថ្នាក់ក្រោមមានការលាក់លៀម មិនហ៊ានរាយការណ៍រឿងពិតទៅថ្នាក់លើ ចំណែកថ្នាក់លើជាញឹកញាប់ក៏មិនចង់ឮពាក្យទិះតៀន ឬរឿងមិនល្អពីថ្នាក់ក្រោមផងដែរ។ លោកបន្តថា នៅតាមខ្សែបណ្ដោយរបស់ស្ថាប័នរដ្ឋ ការរាយការណ៍ព័ត៌មានមិនពិត ឬកុហកទៅថ្នាក់លើបានក្លាយទៅប្រពៃណី ដោយលោកថាបញ្ហានេះបាននាំឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្រ និងបាត់បង់អាសនៈជាង២០កៅអីនៅរដ្ឋសភាក្នុងការបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣។ លោក មាស នី យល់ថា ការបង្កើតជាទំព័រហ្វេសប៊ុកគឺជាមធ្យោបាយល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ដោយលោកថា ពលរដ្ឋអាចរាយការណ៍ ឬបង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំដោយផ្ទាល់។ លោកបន្តថា កត្តានេះនឹងជួយឲ្យថ្នាក់ដឹកនាំទទួលបានព័ត៌មានពិត និងបានដឹងពីបញ្ហារបស់ប្រជាបលរដ្ឋកាន់តែច្បាស់ថែមទៀត។ ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារនៅតាមក្រសួងស្ថាប័នរដ្ឋ លោក មាស នី មានប្រសាសន៍ថា លោកមិនហ៊ានអះអាងពីប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ សំខាន់លើឆន្ទៈរបស់ក្រសួងស្ថាប័នទាំងក្នុងការដោះស្រាយជូនពលរដ្ឋ ដោយលោកថា មុនពេលមានការរាយការណ៍តាមប្រព័ន្ធហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ក្រសួងនិងស្ថាប័នរដ្ឋទាំងនោះបានក៏បានដឹងពីបញ្ហារបស់ពលរដ្ឋផងដែរ គ្រាន់តែពុំធ្វើការដោះស្រាយ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ហ៊ានអះអាងថាវានឹងមានប្រសិទ្ធភាពនោះទេ ព្រោះអីយើងក៏មិនអាចនិយាយបានថា រឿងរ៉ាវមួយចំនួនធំហ្នឹងមន្ត្រីតាមក្រសួងមិនដឹងមិនស្គាល់នោះទេ ប៉ុន្តែគ្រាន់តែថាពីមុនមកមិនព្រមដោះស្រាយពេលដែលមានបញ្ហាអី។ ប៉ុន្តែឥឡូវម្ដងនេះយើងចាំមើលតើវិធានការថ្មីនេះវានឹងមានប្រសិទ្ធភាពប៉ុណ្ណា”។ ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនេះហាក់បង្ហាញថា ក្រសួងខ្លួនឯងមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីឲ្យយន្តការក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រសួងស្ថាប័នរដ្ឋគួរណែនាំមន្ត្រីរបស់ខ្លួននៅតាមមូលដ្ឋានឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហារបស់ពួកគេ រួចរាយការណ៍ទៅថ្នាក់លើ មិនមែនរង់ចាំតែព័ត៌មានពីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនោះទេ។ លោកថា ការធ្វើបែបនេះនឹងជួយបំពេញចំណុចខ្វះខាត និងផ្ដល់ព័ត៌មានទៅថ្នាក់ដឹកនាំ បន្ថែមលើអ្វីដែលទទួលបានតាមរយៈបណ្ដាញសង្គម។ លោក យង់ គិមអេង បន្តថា៖ “វាហាក់ដូចជា ក្រសួងហ្នឹងចាំយកព័ត៌មានពីនាយករដ្ឋមន្ត្រីទៅវិញ ខ្លួនឯងអត់ដឹងបាទ។ នាយករដ្ឋមន្ត្រីគាត់មានហ្វេសប៊ុកសម្រាប់ទំនាក់ទំនងបញ្ហាជាមួយប្រជាពលរដ្ឋមួយហើយ ប៉ុន្តែថា ខាងក្រសួងស្ថាប័នហ្នឹង ខ្លួនឯងនោះត្រូវប្រឹង ប្រឹងធ្វើម៉េចឲ្យខ្លួនឯងហ្នឹងទាក់ទងឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយយកមករាយការណ៍បន្ថែមជូននាយករដ្ឋមន្ត្រីបានជាការប្រសើរថែមទៀតណាបាទ”។ ប្រហាក់ប្រហែលគ្នានេះ លោក មាស នី លើកឡើងថា ប្រជាពលរដ្ឋខ្មែរប្រមាណ១០ទៅ ១៥ភាគរយប៉ុណ្ណោះដែលចេះ និងមានលទ្ធភាពប្រើអ៊ីនធើណែត ឬបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបញ្ហានេះនាំឲ្យព័ត៌មានទទួលបានតាមហ្វេសប៊ុកគឺមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា មន្ត្រីនៅថ្នាក់ក្រោម និងនៅតាមមូលដ្ឋានមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយលោកថា ពួកគេត្រូវក្លាហានរាយការណ៍ការពិតទៅថ្នាក់លើ និងក្លាហានក្នុងការដោះស្រាយ។ ទោះយ៉ាងណា លោកថា មន្ត្រីថ្នាក់ក្រោមអាចបំពេញតួនាទីរបស់ខ្លួនបានដោយមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលថ្នាក់លើប្ដូរយន្តការពីការដោះស្រាយដោយបញ្ហាតាមបទបញ្ជា ទៅជាការដោះស្រាយដោយប្រើនីតិវិធី ឬគោលនយោបាយ។ លោក មាស នីបន្ថែមថា៖ “គឺថាយន្តការតែមួយ យើងថាមនុស្សម្នាក់ក៏បានដែរ។ ដល់ពេលណាថ្នាក់រដ្ឋាភិបាលដែលជាប្រមុខ រដ្ឋាភិបាលនៅខាងលើហ្នឹងប្រើអំណាចបញ្ជាច្រើនពេក វាធ្វើឲ្យមន្ទីរក្រសួងអីហ្នឹងលែងហ៊ានសម្រេចអីទាំងអស់ គឺមានតែរង់ចាំទៅ បើសិនជាថ្នាក់លើគេប្រាប់ឲ្យទៅឆ្វេងឆ្វេងទៅ ស្ដាំស្ដាំស្ដាំទៅ បើគេមិនប្រាប់ទេក៏នាំគ្នានៅស្ងៀមទៅ។ អីចឹងហើយបានជាបញ្ហាភាគច្រើនដែលយើងឃើញថាវិធានការរដ្ឋាភិបាលធ្វើមកដល់ពេលនេះវាបានខ្លាំងតែមួយឆាវ នៅពេលដែលមានបញ្ជាចេញក្ដៅៗហ្នឹង ហើយផុតពីហ្នឹងទៅគឺវិលមករកកន្លែងដើមវិញដដែល”។ លោក មាស នី បន្ថែមទៀតថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការក៏ជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។ លោកថា កាលណាតុលាការមិនឯករាជ្យ នោះអយុត្តិធម៌នៅក្នុងសង្គមអាចកើតមានឡើងគ្រប់ពេល ដោយលោកថា បញ្ហាតុលាការមិនឯករាជ្យតែមួយនេះគឺអាចធ្វើឲ្យមានភាពច្របូកច្របល់នៅសង្គមដោយអាចធ្វើរឿងសឲ្យទៅជាខ្មៅ ហើយរឿងខ្មៅឲ្យទៅជាសវិញបាន៕ សរសេរ​មកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

វិភាគ៖ តើយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើមានប្រសិទ្ធិភាពឬទេ?

ថ្ងៃទី12 កុម្ភៈ 2016, 05:00 PM

នាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និង​អភិបាលខេត្តមួយចំនួនដោយប្រើ​ឧត្ថម្ភាគចក្រពីរគ្រឿងដោយ​អះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។ បន្ថែមពីនេះទៀតនៅថ្ងៃទី​២១​​ខែ​មករាឆ្នាំ២០១៦​អគ្គ​ស្នងការ​នគរបាល​ជាតិលោក នេត សាវឿន ក៏បានសម្រេច​បង្កើត​ឲ្យ​មាន​ក្រុមមួយទៀត​ឈ្មោះថាបេសកកម្មស្រាវជ្រាវស៊ើប​អង្កេត​និង​ទប់​ស្តាត់​បទល្មើស​ព្រៃឈើ។ សមាស​ភាពថ្មីនេះគឺជា​ស្នងការ​នគរបាល​ខេត្តចំនួន​​៥នៅ​ភូមិភាគ​ឦសាន ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ និង​មន្ត្រី​នគរ​បាល​ព្រំ​ដែន។ មន្ត្រី​ទាំង​នេះ​មានតួនាទីស្រាវជ្រាវ ស៊ើប​អង្កេត និង​ប្រ​មូលព័ត៌មាន​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនិងអាជ្ញាប័ណ្ណពី​រដ្ឋា​ភិបាល​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផលនិង​អនុផល​ព្រៃ​ឈើ។ មានរយៈពេលប្រហែល១ខែហើយតាំងពីបង្កើតការងារពិសេសនេះ ប៉ុន្តែលទ្ធផលនៃការបង្រ្កាប​បទ​ល្មើសព្រៃឈើនៅតែមិនបាន​បង្ហាញជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេស​វៀតណាមក៏ដោយ។ នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេនោះ។ តំណាងសហគមន៍ព្រៃឡង់លោក ហឿន សុភាព ដែលទទួលបានពានរង្វាន់ពិភពលោកសម្រាប់កិច្ចការងារថែរក្សាបរិស្ថាន ឲ្យដឹងថាបទល្មើសនៅតំបន់ព្រៃឡង់នៅតែកើតមានបើទោះជា​គណៈ​​កម្មការពិសេសរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ។ លោកថ្លែងថា៖ ”ខ្ញុំគិតថានៅពេលដែលរដ្ឋាភិបាលបង្កើតគណកម្មការវាល្អ។​ ប៉ុន្តែចំណាត់​ការ​របស់​រដ្ឋាភិបាលនៅខ្វះខាតខ្លះ ដោយសារយើងមើលឃើញបទល្មើសនៅតែ​កើតឡើងដូចជា​តំបន់​ព្រៃ​ឡង់…។ បានន័យថាការផ្តួលរំលំឈើក្លាយទៅជារបស់ប្រើប្រាស់ឬទៅជាចំរៀកអស់ហើយការទប់ស្កាត់មានចំណុចខ្វះខាត។ បើទប់ស្កាត់ឈើនៅឈរខ្ញុំគិតថាមានប្រសិទ្ធិភាព”។ គណៈកម្មការពិសេសរបស់រដ្ឋាភិបាលនឹងត្រូវចំណាយថវិការដ្ឋ៥០០លានរៀលនិង​ប្រើប្រាស់ឧត្ថម្ភាគចក្រពីរគ្រឿងនិងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់។ បេសកកម្មរបស់ក្រុមនេះគឺធ្វើឡើង​នៅ​ខេត្ត​មួយចំនួនភាគកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀត​ណាម។ មន្រ្តីសមាគមអាដកហុកប្រចាំខេត្តរតនៈគិរីលោក ឆាយ ធី ឲ្យដឹងថាការរាយការណ៍​ពី​សហគមន៍រឿងបទល្មើសព្រៃឈើបានស្ងប់ស្ងាត់មួយរយៈគឺនៅពេលដែលគណៈកម្មការ​ពិសេស​របស់​រដ្ឋា​ភិបាលកំពុងប្រតិបត្តិការរបស់ខ្លួននៅតំបន់នោះ។ ប៉ុន្តែលោក ឆាយ ធី មិនហ៊ានសន្និដ្ឋានថាបទល្មើសព្រៃឈើនៅខេត្តរតនៈគិរីនឹងត្រូវបាន​បញ្ចប់ឬយ៉ាងណាទេបន្ទាប់ពីគណៈកម្មការពិសេសដកថយទៅវិញនោះ។ លោកមានប្រសាសន៍ថា៖ “មិនអាចសន្និដ្ឋានបាន[ទេ]។ ប៉ុន្តែបើមានឆន្ទៈក្នុងការអនុវត្តទប់ស្កាត់ពីថ្ងៃនេះទៅហើយធ្វើពីថ្នាក់មូលដ្ឋានទៅយើងគិតថាមានប្រសិទ្ធិភាពមិនចាំបាច់ថ្នាក់ជាតិ …ឲ្យតែមានឆន្ទៈចូលរួមលុបបំបាត់​បទល្មើសព្រៃឈើចាប់ពីថ្ងៃនេះតទៅយើងអាចថែរក្សាព្រៃឈើបានហើយ”។ របាយការណ៍​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៥អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរក​ឃើញ​ថាការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជាគឺ​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់គ្រងលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផង​ដែរ។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យ​ដឹង​ថានៅ​ក្នុង​ឆ្នាំ​២០១៣រដ្ឋាភិបាល​កម្ពុជាបាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន សរុប​ប្រមាណ២,៦​លាន​ហិកតាគឺ​ស្មើ​ប្រមាណ១៤%នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ប្រមាណ៨០%នៃ​ផ្ទៃដី​សម្បទាន​នេះគឺ​ស្ថិត​នៅ​ក្នុង​ព្រំដែន​នៃ​តំបន់​ឧទ្យាន​ជាតិនិង​តំបន់​ការពារ​។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រក​ឃើញ​ថាដោយសារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជាបាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង២​ពាន់​គីឡូ​ម៉ែត្រការ៉េ​ជា​រៀងរាល់​ឆ្នាំ។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់​ថាការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជាគឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពី​ការ​កើត​ឡើង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ។ កាលពីឆ្នាំ២០១៤រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មបាន​អះអាង​ថាព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​សល់​ប្រមាណ​៦០ភាគរយ​​លើ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​របាយ​ការណ៍ពី​រូបភាព​ផ្កាយ​រណប​ដែល​ចេញ​កាល​ពីខែ​ធ្នូឆ្នាំ​២០១៣ដោយអង្គការ Open Development Cambodia (ODC) បាន​បង្ហាញ​ថាព្រៃ​ឈើ​នៅប្រទេស​កម្ពុជាត្រូវបាន​បំផ្លាញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល៥​ឆ្នាំចុង​ក្រោយ​នេះ។ បើតាមរបាយការណ៍នេះកាលពីឆ្នាំ​១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគ​រយ។ ប៉ុន្តែរូបភាព​ថ្មីៗតាមផ្កាយរណប​បាន​បង្ហាញ​ថាគម្រប​ព្រៃ​ឈើ​បច្ចុប្បន្ន​នៅសល់តែ៤៦,៣៣ភាគ​រយ​ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូផងដែរ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

វិភាគ៖ តើលោកនាយករដ្ឋមន្ត្រីពិបាកទេក្នុងការស្វែងរកព័ត៌មានពីទុក្ខលំបាករបស់ពលរដ្ឋ?​

ថ្ងៃទី11 កុម្ភៈ 2016, 09:17 AM

កាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីរបស់លោកនៅតាមក្រសួងស្ថាប័ននានាឲ្យតាមដានហ្វេសប៊ុករបស់លោក​ជាប្រចាំដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។​ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាហ្វេសប៊ុករបស់លោក​ទទួលបានការលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស។​ មួយរយៈកាលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើសកម្មភាពសាមញ្ញ​ៗដូចជាជួបអ្នកធាក់ស៊ីក្លូនៅជិតផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យ ការដើរហាត់ប្រាណជាមួយសាធារណជនទូទៅ ការសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងការបរិភោគអាហារតាមដងផ្លូវជាដើម។​​ សកម្មភាពតាមហ្វេសប៊ុកនិងសកម្មភាពសាមញ្ញៗរបស់នាយករដ្ឋមន្ត្រីមួយរយៈកាលចុងក្រោយនេះទោះជាមានអ្នកវិភាគខ្លះថាលោកធ្វើឡើងដើម្បីយកចិត្តយកថ្លើមពលរដ្ឋ​ក្រោយពេលបាត់បង់សំឡេងឆ្នោតគាំទ្រ​ក៏ដោយក៏មានអ្នកវិភាគគាំទ្រខ្លះចាត់​ទុកថានេះជាសកម្មល្អរបស់មេដឹកនាំដែលស្វែងយល់ដោយផ្ទាល់ពីទុក្ខលំបាក​របស់ពលរដ្ឋ​ដើម្បីយកទៅដោះស្រាយ។ លោក​នាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងដែរទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់លោក​ផ្ទាល់​។​ កាលពីឆ្នាំ២០១៤លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានស្តីបន្ទោសឲ្យមន្ត្រីក្រោមបង្គាប់របស់លោកថាបានរារាំងពលរដ្ឋ​មិនឲ្យយកញត្តិឬលិខិតសំដែងពីទុក្ខកង្វល់​ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។​​ ក្រោយការណែនាំតែមួយថ្ងៃក្រសួងស្ថាប័នរបស់រដ្ឋប្រមាណ១០ប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួន​ដែលត្រូវរៀបចំឲ្យ​តាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីដើម្បីបានដឹងពីទុក្ខកង្វល់របស់ពលរដ្ឋហើយចាត់វិធានការដោះ ស្រាយឲ្យបានទាន់ពេលវេលានិងតម្លាភាព។​ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សាមិន្ទ ចម្រើនជ័យ យល់ឃើញថាអាចជាការល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុករបស់លោកក្នុងការតាមដានពីទុក្ខកង្វល់ពលរដ្ឋព្រោះលោកថាកន្លងមកមន្ត្រីថ្នាក់ក្រោមព្យាយាមលាក់បាំងព័ត៌មានពិតនៅតាមមូលដ្ឋាន​។ ទោះយ៉ាងណាលោក ចម្រើនជ័យ ថ្លែងថាការប្រមូលព័ត៌មាន​តាមហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រីគឺបានតែមួយចំណែកតែប៉ុណ្ណោះលោកថាដើម្បីទទួលបានព័ត៌មានពិតហើយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋ​ឲ្យមានប្រសិទ្ធិភាពនោះគឺត្រូវពង្រឹងមន្ត្រីជំនាញនៅតាមស្ថាប័នឲ្យមានការទទួលខុសត្រូវចំពោះកិច្ចការនេះ។ លោកបន្តថា៖ “ពេលខាងមុខទៀតតើគាត់នៅតែកាន់តំណែងហ្នឹងទៀតដែរឬអត់?​ ចឹងបើវាក្លាយជាយន្តការថ្នាក់ជាតិមួយវានឹងក្លាយទៅជាប្រព័ន្ធមួយទោះបីថាដូរមនុស្សក៏ដោយទោះបីថាគាត់មានបញ្ហាសុខភាពស្អីក៏ដោយគឺយន្តការហ្នឹងនៅតែដើរព្រោះមានយន្តការសម្រាប់ឲ្យមនុស្សធ្វើការរួចទៅហើយ”។ អាចជាផ្នែកដែលបញ្ជាក់ថាការពឹងតែលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីមិនអាចទទួលបានព័ត៌មានគ្រប់ដែរព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរមានជាង១៥លាននាក់តែការសិក្សាររួមគ្នារបស់ USAID  វិទ្យាស្ថានបើកទូលាយ និងមូលនិធិអាស៊ីចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៥បង្ហាញថាចំនួនអ្នកប្រើប្រាស់អ៊ិនធើណែតនិងហ្វេសប៊ុក​មានតែជាង៣លានឈ្មោះខណៈអ្នកខ្លះម្នាក់ឯងប្រើឈ្មោះហ្វេសប៊ុកពីរឬបីផ្សេងគ្នា។​ បើយើងពិនិត្យមើលស្ថានភាពបច្ចុប្បន្ន​សម័យទំនើបផ្លូវធ្វើដំណើរហាក់ងាយស្រួលអាចធ្វើដំណើរបានរាប់រយគីឡូក្នុងមួយថ្ងៃ បច្ចេកវិទ្យាព័ត៌មានទំនើបគេអាចដឹងហេតុការណ៍នៅក្នុងប្រទេសនិងនៅលើពិភពលោកតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហេតុការណ៍កើតឡើង។ ចុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាពិបាកក្នុងការស្វែងរកព័ត៌មាន​ពិតពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​ឬយ៉ាងណា?​ កន្លងមកលោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បាន​គេសរសើរថាជាអ្នក​ពូកែប្រមូលព័ត៌មានដែរគឺពេលគណបក្សប្រជែងលោកប្រជុំបែបសម្ងាត់ក៏លោកនៅតែទទួលបានព័ត៌មានដែរ។ បើនិយាយពីកម្មករនិងអ្នកមានជម្លោះដីធ្លីដែលស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីវិញគឺលោកនាយករដ្ឋមន្ត្រីមិនបាច់បើកហ្វេសប៊ុកទេគ្រាន់តែអង្គុយនៅមុខផ្ទះហើយបើកទ្វាររបងក៏ឮសំឡេងស្រែកយំរបស់ពលរដ្ឋ​អ្នកមានជម្លោះដីធ្លីនិងកម្មករស្រែកសុំកិច្ចអន្តរាគមន៍ដែរព្រោះអ្នកជួបបញ្ហាទាំងនោះតែងព្យាយាមប្រមូលផ្តុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យតែពេលខ្លះត្រូវសមត្ថកិច្ចបង្រ្កាបនិងចាប់ខ្លួន។​ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថា ហ្វេសប៊ុក​ជាប្រភពព័ត៌មានសំខាន់ដែលលោកនាយករដ្ឋមន្ត្រីអាចស្តាប់ការតវ៉ារបស់ពលរដ្ឋនិងស្តាប់ពលរដ្ឋ​លើកឡើងពីទុក្ខកង្វល់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ លោកបន្ថែមថា៖ “បាទអាហ្នឹងពលរដ្ឋគេឲ្យច្រើនណាស់តាមរយៈគេតវ៉ា គេចរចាមិនបាន គេបាតុកម្ម គេនិយាយតាមវិទ្យុទូរទស្សន៍អីច្រើនបាទគួរតែស្រង់មតិយកតាមហ្នឹងដែរបាទ”។​ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីរបស់លោកតែងច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិសរសេរពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល​ជាញឹកញាប់ហើយចោទថាអង្គការទាំងនោះធ្វើរបាយការណ៍កុ​ហក​សរសេរអាក្រក់ពីរដ្ឋាភិបាលដើម្បីទទួលបានជំនួយ។​ អ្នកវិភាគបញ្ហាសង្គមខ្លះលើកឡើងថារបាយការណ៍លើកឡើងពីភាពខ្លះចន្លោះមួយចំនួន​មន្ត្រីរដ្ឋាភិបាលមិនទាន់បានមើលផងក៏ប្រកាសច្រានចោលទៅហើយ។​ កំណែទម្រង់ស៊ីជម្រៅ​ក្នុងការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលជាកំណែទម្រង់មួយដែលរដ្ឋាភិបាល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជាដាក់ចេញក្រោយពេលគណបក្សដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះបានបាត់បង់សំឡេងគាំទ្រអស់២២អាសនៈក្នុងពេលបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣។​ កំណែទម្រង់ស៊ីជម្រៅបានជ្រៅកម្រិតណានោះប្រហែលជាត្រូវរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

វិភាគ៖ កិត្តិស័ព្ទរបស់អ្នកតាំងខ្លួនជាអ្នករាជានិយមគឺពិបាកស្តារឡើងវិញ

ថ្ងៃទី5 កុម្ភៈ 2016, 03:11 PM

កែវដែលវាមានប្រេះស្រាំហើយទោះបីជាអ្នកខំផ្សាភ្ជាប់វិញក៏មិនបានដូចដើមនោះទេ។ នេះជាសុភាសិតខ្មែរតាំងពីបុរាណកាល មក។ យ៉ាងណាមិញជម្លោះបែកបាក់ក្នុងសង្គមគ្រួសារឬសង្គមនយោបាយក៏មានន័យដូច្នោះដែរ។ តួយ៉ាងការព្យាយាមបង្រួបបង្រួមឡើងវិញរវាងគ្រួសារ ហ្វ៊ុនស៊ិនប៉ិច ដែលតាំងខ្លួនជាអ្នករាជា​និយមនោះមិនបានមួយឆ្នាំស្រួល​បួល​ផងទីបំផុតត្រូវបែកជាពីរក្រុមវិញទាល់តែបាន។ លោក ញឹក ប៊ុនឆៃ ដែលពីមុនមកត្រូវបានរងការចោទប្រកាន់​ថាជាអ្នកដឹកនាំឲ្យមានបក្សប្រហារ​​ទម្លាក់​សម្តេចក្រុមព្រះដើម្បីដឹកនាំ​ហ្វ៊ុនស៊ិនប៉ិចតែឯងនោះ ឥឡូវនេះអះអាងថាលោកនឹងទៅបង្កើតគណបក្សថ្មីដាក់ឈ្មោះ​ថាគណបក្សរួបរួមជាតិ។ ចំណែកសម្តេចក្រុមព្រះវិញនៅដឹកនាំគណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែលជាមរតកបន្សល់ទុក​ពី​សម្តេចឪបន្ទាប់ពី​សម្តេចក្រុមព្រះ ត្រូវបានឃ្លាតចាកពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិចជិត១០ឆ្នាំដោយសារមន្រ្តីជាន់ខ្ពស់មួយចំនួនបណ្តេញព្រះអង្គចេញពីប្រធានបក្សកាលពីឆ្នាំ២០០៦។ ដោយសារហេតុផលនេះនិងដោយសារមានជម្លោះជាមួយលោក ហ៊ុន សែន ផងនោះ សម្តេច​ក្រុម​ព្រះកាលណោះបាននិរទេសព្រះកាយទៅក្រៅប្រទេសជាច្រើនឆ្នាំដើម្បី​គេចចេញពីការចាប់​ដាក់ពន្ធ​នាគារក្រោម​បណ្តឹងព្រហ្មទណ្ឌ។ នៅគ្រានោះសម្តេចក្រុមព្រះក៏បានកៀងគរអ្នកគាំទ្រឲ្យបង្កើតបក្សថ្មីដាក់ឈ្មោះព្រះអង្គផ្ទាល់ ហើយ​​​​ទទួលបានតែ២អសនៈប៉ុណ្ណោះ​នៅឆ្នាំ២០០៨។ ក្រោយមកទៀតខណៈមានការតានតឹងនយោបាយ​ឡើងវិញជាមួយលោក ហ៊ុន សែន សម្តេចក្រុមព្រះ​បានប្រកាសលាឈប់ពីឆាកនយោបាយ ហើយគណបក្ស នរោត្តម រណឬទ្ធិ បានប្តូរឈ្មោះទៅជាគណបក្សជាតិនិយម វិញ​។ ប៉ុន្តែគណបក្សនេះមិនទទួលបានអាសនៈនោះទេក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយក៏បានរួបរួមឡើងវិញជា​មួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែលពេលនោះដឹកនាំដោយលោក ញឹក ប៊ុនឆៃ ទទួលបានអាសនៈ​សូន្យដូចគ្នា។ គូស្នេហ៍ចាស់ដែលបែកបាក់ជិត១០ឆ្នាំ ប៉ុន្តែត្រូវបានគេ​ផ្សំផ្គុំឡើងវិញនេះគឺទទួលបានការស្វាគមន៍ពីលោក ហ៊ុន សែន ជាអតីតគូស​ត្រូវន​យោបាយ​នឹងសម្តេចក្រុមព្រះ។ ក្រោយបង្រួបបង្រួមឡើងវិញគណបក្ស​ហ្វ៊ុនស៊ិនប៉ិចបានរំពឹងថានឹងទទួលបានសំឡេងឆ្នោតខ្លះឡើងវិញ ខណៈដែលបក្សដដែលនេះដឹកនាំដោយ​សម្តេចក្រុមព្រះ។ នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល  លោក គល់ បញ្ញា វិភាគថាគណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិចមានឱកាសទទួលបានការគាំទ្រឡើងវិញខណៈពេលបង្រួបបង្រួមគ្នា ប៉ុន្តែ​លោក​ថាពេលនេះឱកាសនោះបានបាត់បង់ទៅវិញហើយ។ លោកថ្លែងថា៖ ”កាលណាយើងបានសន្លឹកឆ្នោតចែកជាពីរបក្សបីបក្សអាហ្នឹងថយអាសនៈទម្លាក់ខ្លាំង ហើយគណ​បក្សហ្វ៊ុនស៊ិនប៉ិច គាត់មានពិសោធន៍តាំងពី១៩៩៣ ១៩៩៨ ពេលគាត់​ចាប់​ផ្តើម​បែក​បាក់​ច្រើនញឹកញាប់មកសន្លឹកឆ្នោតដែលគាត់ធ្លាប់បានហ្នឹងវាធ្លាក់ផងហើយអាសនៈក៏ធ្លាក់​គំហុក​ដែរ”។ លោក គល់ បញ្ញា មានប្រសាសន៍ថាការដែលសម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ រួបរួមគ្នា​បានប្រហែលមួយឆ្នាំកន្លងមក អាចជាឆន្ទៈរបស់មន្រ្តីគណបក្សដែលជាអតីតគូសត្រូវនឹងគ្នានេះបូកផ្សំនឹងការជំរុញពីអ្នកនយោបាយមានអំណាចនៅខាងក្រៅឆាកដែលអ្នកវិភាគសំដៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្សរាជានិយមដែលបង្កើតឡើងដោយសម្តេចព្រះ នរោត្តម សីហនុ នេះបានឈ្នះការបោះឆ្នោតជាលើកទី១នៅ​ឆ្នាំ​១៩​៩៣​ដែលរៀបចំដោយអ៊ុនតាក់ ប៉ុន្តែក្រោយមកគណបក្សនេះបានថយចុះសំឡេងគាំទ្រជាបន្ត​បន្ទាប់ខណៈដែលលោក សម រង្ស៊ី ជាមន្រ្តីជាន់ខ្ពស់គណ​បក្សនេះចេញទៅបង្កើតគណបក្សថ្មី។ អត្ថបទទាក់ទង  សម្តេចក្រុមព្រះរកកិច្ចការពារសន្តិសុខខណៈជម្លោះកាន់តែខ្លាំងជាមួយលោក ញឹក ប៊ុនឆៃ   សម្ដេចក្រុមព្រះចោទក្រុមលោក ញឹក ប៊ុនឆៃ ថារំលោភច្បាប់ស្ដីពីគណបក្សនយោបាយ  អ្នកវិភាគមើលឃើញថាមានកត្តាមួយចំនួនដែលនាំឲ្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិចបាត់បង់​ការគាំទ្រ​​រហូតដល់សូន្យអា​សនៈដោយ​សារតែជម្លោះហែកហួរផ្ទៃក្នុង​ដណ្តើម​អំណាចគ្នា​នៅក្នុង​បក្ស​និង​​ការ​ចូលរួមរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាហើយគេមិនសូវឃើញមន្រ្តីគណបក្ស​ហ្វ៊ុនស៊ិនប៉ិចមានសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋនោះឡើយ។ បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច វិភាគ​ថា​ទុន​ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចវិនិយោគក្នុង​វិស័យ​​ន​យោ​បាយនោះ គឺទី១ការប្រឆាំងនឹងវៀតណាមដែលឈ្លាន​ពានទឹកដី ទុនទី២គឺកិត្តិស័ព្ទរបស់​សម្តេចឪ ទុនទី៣គឺកម្លាំងទ័ពក្នុងដៃ ទុនទី៤គឺពលរដ្ឋកម្ពុជាសម័យមុនចង់បានរបបរជានិយមមកវិញ ប៉ុន្តែលោកថានៅពេលហ្វ៊ុនស៊ិនប៉ិច​ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣គឺមិនបានធ្វើអ្វីឲ្យពលរដ្ឋមានសង្ឃឹមនោះទេ។ លោកបន្ថែមថា៖ ”ជួនកាលស្ថាបនិកហ្វ៊ុនស៊ិនប៉ិច​ដែលខំតស៊ូអត់បានផលទៅបានផល​ចិន​កាប់ជ្រូកនៅអូរឬស្សី អ្នកលក់មានលុយមានទុនវិនិយោគដឹកនាំក្នុងហ្វ៊ុនស៊ិនប៉ិច​។ អាហ្នឹងដែលអស់ទឹកចិត្ត។ មកដល់​ដំណាក់​កាល​ក្រោយ​ទៀតបែកបាក់គ្នាដែលកើតអំពី[ទំនាស់]ផលប្រយោជន៍។ ហ្វ៊ុន​ស៊ិន​ប៉ិចចាស់អ្នកតស៊ូមានចិត្តស្មោះ​តែអត់លុយ ហ្វ៊ុនស៊ិនប៉ិចថ្មីមិនមានចិត្តស្មោះតែមានលុយអាហ្នឹងដែលឲ្យបែកបាក់”។ លោក សុខ ទូច យល់ថាបើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខំជួយសម្របសម្រួលឲ្យ​គណបក្សហ្វ៊ុនស៊ិនប៉ិចរួបរួមគ្នាវិញម្តងជាពីរក៏ដោយក៏គណបក្សនេះមិនអាចមានការគាំទ្រឡើងវិញបានឡើយ​។ ​លោកមានប្រសាសន៍ថា៖ ”សម្តេចនាយក​រដ្ឋមន្រ្តីលោកមិនឲ្យកៅអីណាប្រជាជនជាអ្នកឲ្យកៅអី។ អីចឹងវាត្រូវតែយកចិត្តប្រជាជនធ្វើ​ឲ្យ​ប្រជាជនយល់ថាក្នុង​គណ​បក្សហ្នឹង​មានឯកភាព​ផ្ទៃក្នុងមានភាពរឹងមាំ។ បើឈ្លោះ​តែ​គ្នាឯងចេះចង់ការពារម៉េចបាន”។ សរុបមកក្រាហ្វិចនៃគណបក្ស ​ហ្វ៊ុនស៊ិនប៉ិច បានឡើងដល់កំពូលម្តងរួចហើយនៅពេលបោះឆ្នោតលើកដំបូង ប៉ុន្តែបានបន្តធ្លាក់ចុះងើបឡើងវិញលែងរួចមកដល់ពេលនេះ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

វិភាគ៖ អ្វីខ្លះជាមូលហេតុដែលនាយករដ្ឋមន្ត្រីបង្កើនការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ?

ថ្ងៃទី1 កុម្ភៈ 2016, 06:11 PM

នៅមួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះធ្វើសកម្មភាពផ្សេងដែលទទួលបានការចាប់អារម្មណ៍ពីសារណជនទូទៅ ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី បានទៅសួនច្បារមុខផ្ទះរបស់លោកក្បែរវិមានឯករាជ្យ ដោយលោកបានស្រោចទឹកផ្កា និងជួបសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូមួយក្រុម ព្រមទាំងផ្ដល់ប្រាក់កាសមួយចំនួនដល់ពួកគាត់។ ប៉ុន្មានថ្ងៃក្រោយមក លោក ហ៊ុន សែន ក៏បានចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង និងមាត់ទន្លេ ដោយលោកអះអាងថា វាជាបំណងប្រាថ្នារបស់លោក ជាយូរមកហើយ និងជាសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីក៏បានអង្គុយទទួលទាននំបញ្ចុកនៅតាមដងផ្លូវ និងថតរូបជាមួយប្រជាពលរដ្ឋទៀតផង។ រូបថតសកម្មភាពនានារបស់លោកត្រូវបានដាក់បង្ហោះត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក កម្មវិធីលើទូរស័ព្ទ (app) និងគេហទំព័ររបស់លោក ហ៊ុន សែន ផងដែរ។

វិភាគ៖តើមានកត្តាអ្វីខ្លះដែលអំពើប្លន់នៅតែកើតឡើង?

ថ្ងៃទី29 មករា 2016, 12:40 PM

កាលពីចុងឆ្នាំ២០១៥ មេដឹកនាំរដ្ឋាភិបាលបានប្រកាសព្រមៗគ្នាឲ្យចាត់វិធានការទប់ស្កាត់និងបង្រ្កាបឲ្យខាងតែបានទៅលើអំពើប្លន់ប្រដាប់អាវុធដែលកក្រើកឡើងនៅទូទាំងប្រទេស ហើយបាញ់សម្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់និងយកទ្រព្យសម្បត្តិម៉ឺនដុល្លារនោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើឈ្មោះទណ្ឌិត មួយចំនួនសម្រាប់ការលើកលែងទោស ដោយលោកថាករណីពាក់ព័ន្ធនឹងអំបើប្លន់កន្លងមកនេះគឺជាមុខសញ្ញានៃទណ្ឌិតដែលទើបចេញពីពន្ធនាគារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកក្រុមចោរប្លន់ថាជាក្រុមគ្មានសាសនា ដោយលោកបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គឺទាំងកងរាជអាវុធហត្ថ មន្ត្រីនគរបាលត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធ និងចាត់វិធានការបង្ក្រាបឲ្យបានចំពោះក្រុមចោរប្លន់។ មួយថ្ងៃក្រោយមក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលត្រួតត្រាលើអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បានព្រមានដកស្នងការនគរបាលខេត្តណាដែលមិនអាចបង្ក្រាបអំពើចោរប្លន់។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាប់ទៅស្នងការខេត្តចំនួន៣គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល ឲ្យដើរចេញពីមុខតំណែង កុំឲ្យលោកដកតំណែងទាន់ បើសិនពួកគេមិនអាចទប់និងបង្រ្កាបអំពើឆក់ប្លន់បានទេនោះ។ ប្រហែលជាងមួយខែក្រោយមកគឺនៅថ្ងៃទី២៧ខែមករាឆ្នាំ២០១៦នេះ ករណីឆក់ប្លន់ប្រដាប់អាវុធបានកើតឡើងវិញទាំងនៅភ្នំពេញនិងបណ្ដាខេត្តមួយចំនួនគឺខេត្តបាត់ដំបងនិងកំពង់ស្ពឺ។ នេះបើយោងតាមព័ត៌មាននានាដែលបានចុះផ្សាយជាបន្តបន្ទាប់។ បើតាមការកត់សម្គាល់ត្រួសៗអំពើបាញ់សម្លាប់នៅខែមករា ឆ្នាំ២០១៦ គឺបានកើត រួមមានអំពើប្លន់បាញ់សម្លាប់នៅស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ម្នាក់ ៣នាក់រងរបួស ការបាញ់ប្រហារចូលក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុក ឃុន នៅខេត្តកំពង់ស្ពឺ ស្លាប់ម្នាក់ អំពើប្លន់នៅផ្សារអគ្គ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងអំពើប្លន់ផ្ទះអាជីវកលក់ពូក នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញជាដើម។ អំពើប្លន់នេះមិនត្រឹមតែកើតឡើងទៅលើប្រជាពលរដ្ឋដែលគ្មានអាវុធនោះទេ ប៉ុន្តែសារព័ត៌មានមួយចំនួនបានផ្សាយថាមន្រ្តីប៉ូលិសម្នាក់ដែលស្ពាយកាំភ្លើងទៅយាមនៅប៉ុស្តិ៍មួយក្នុងរាជធានីភ្នំពេញក៏ត្រូវបានចោរប្លន់យកម៉ូតូរបស់ប៉ូលិ​សនោះដែរ។ តើមូលហេតុអ្វីបានជាអំពើប្លន់នៅតែកើតឡើងដែលមិនអាចទប់ស្កាត់បាន? តើសមត្ថកិច្ចនៅទីតាំងកើតហេតុត្រូវទទួលខុសត្រូវដូចម្តេច? លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថាមានកត្តាមួយចំនួនដែលអំពើប្លន់នៅតែកើតឡើងទំនងផ្គើនបទបញ្ជាផ្ទាល់មាត់មេដឹកនាំរដ្ឋាភិបាល។ លោកមានប្រសាន៍ថា៖ ”ម្យ៉ាងវិញទៀត ប្រហែលជាអសមត្ថភាពក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ព្រោះយើងរឹតបន្តឹងហើយ ហេតុអីពួកហ្នឹងយកទៅដើរប្លន់បាន?ឬក៏មានកាទិញដូរអាវុធបាន? បើមានករណីបែបហ្នឹងតើវាពាក់ព័ន្ធអី។វាអាចពាក់ព័ន្ធអំពើពុករលួយ។រឿងមួយទៀតខ្ញុំឃើញថាការអត់សូវមានការប្រឹងការពារសន្តិសុខ ចាប់ចោរលួច ចោរប្លន់ហ្នឹងអត់សូវធ្វើកិច្ចហ្នឹងឲ្យបានប្រចាំទេ”។ អគ្គស្នងការរងនគរបាលជាតិឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានទទួលស្គាល់ថា៖ “ការគ្រប់គ្រងអាវុធមានបញ្ហាស្មុគស្មាញមួយចំនួន។ ខ្ញុំនិយាយការពិត: យើងគ្រប់គ្រងអាវុធក្នុងអង្គភាពរបស់យើង ហើយយើងគ្រប់គ្រងអាវុធស្របច្បាប់ ប៉ុន្តែចំពោះអាវុធខុសច្បាប់ យើងមិនអាចគ្រប់គ្រងវាបានទេ”។ ប៉ុន្តែលោកបានបន្ថែមថានគរបាលជាតិកំពុងដោះស្រាយបញ្ហានេះហើយ។ បើទោះជាមានការគំរាមដកស្នងការនគរបាលខេត្តណាដែលនៅតែមានអំពើចោប្លន់ក៏ដោយ ប៉ុន្តែលោក យង់ គិមអេង មិនមានជឿថាអាចធ្វើទៅបាននោះទេ។ លោកមានប្រសាន៍ថា៖ “ព្រោះថាអ្នកទៅស្នងការ អ្នកកាន់អធិការ អ្នកទៅកាន់ប៉ុស្តិ៍អីផ្សេងៗគឺមានខ្សែស្រឡាយបន្តគ្នា។ចំណងខ្សែស្រឡាយសាច់ញាតិ​នៅក្នុងការងារហ្នឹងហើយដែលមានការពិបាកក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ទៅកាត់ចេញម៉េចបានព្រោះកាត់ចេញប៉ះសាច់ខ្លួនឯង”។ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា កត់សម្គាល់ថាបទបញ្ជាផ្ទាល់មាត់របស់មេដឹកនាំឲ្យបង្រ្កាបចោរប្លន់គ្រាន់តែជាភាសានយោបាយឲ្យពលរដ្ឋស្ងប់ចិត្ត ប៉ុន្តែលោកថាបញ្ហាសំភារៈបច្ចេកទេសមិនគ្រប់គ្រាន់គឺជាបញ្ហាចោទមួយដែលមិនទប់ស្កាត់អំពើប្លន់។ លោកមានប្រសាន៍ថា៖ ”បានន័យថាត្រូវពង្រាយកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋជាប្រចាំ ពិសេសនៅតំបន់ពាណិជ្ជ​កម្មធំៗឬកន្លែងមានអាជីវករច្រើន។សួរថាតើអាហ្នឹងត្រូវការអ្វីខ្លះ?ត្រូវការចំណាយដូចជាធនធានថវិកា ទាំងធនធានមធ្យោបាយ។នៅប្រទេសគេមានការរៀបចំមជ្ឈមណ្ឌលពានិជ្ជកម្ម អ្នកលក់មាសទៅនៅម្តុំ ស្រួលការពារសុវត្ថិភាព។ ប៉ុន្តែនៅស្រុកខ្មែរយើងខុសគ្នាត្រង់ថាវាសេរីពេក កន្លែងលក់កាតទូរស័​ព្ទក៏មានដូរលុយ… ធ្វើឲ្យសមត្ថកិច្ចពិបាកគ្រប់គ្រង”។ លោក សន ជ័យ បន្ថែមថាបញ្ហាដែលនាំឲ្យកើតមានចោរប្លន់ក៏អាចមកពីការលេងល្បែងស៊ីសងដែលកើតមាននៅក្នុងសង្គមដោយមិនបានបង្រ្កាបឲ្យមានប្រសិទ្ធភាព។ លោក​ក៏មិនជឿថាអាចដកតំណែងស្នងការនគរបាលខេត្តណាដែលនៅតែអំពើចោប្លន់នោះបានទេ។ លោកមានប្រសាន៍ថា៖ ”រឿងរីករាលដាលនៃការប្រើគ្រឿងញៀន រឿងល្បែងស៊ីសង។ ក្រសួងមហាផ្ទៃចេញបទបញ្ជាមិនឲ្យជនជាតិខ្មែរលេងល្បែងនៅកាស៊ីណូទេប៉ុន្តែគេបែរជាយកល្បែងជល់មាន់ទៅដាក់ក្នុងកាស៊ីណូហើយខ្មែរមានឱកាសទៅលេងនៅទីនោះ ហើយល្បែងផ្សេងៗនៅតាមសហគមន៍ ដូចជាបៀរ អាប៉ោង កន្ទុយលេខ ទាំងអស់នេះជាកត្តានាំឲ្យមានអំពើប្លន់សម្លាប់នេះដែរ”។ បើតាមអ្នកវិភាគ ដើម្បីទប់ស្កាត់អំពើចោរកម្មគ្រប់ប្រភេទកុំឲ្យកើតឡើងទៀត នោះរដ្ឋាភិបាលត្រូវផ្តល់សំភារៈបច្ចេកទេសឲ្យគ្រប់គ្រាន់ដល់មន្រ្តីមានសមត្ថកិច្ច ហើយត្រូវដាក់ទណ្ឌកម្មលើមន្រ្តីណាដែលមិនអនុវត្តតួនាទីរបស់ឲ្យបានត្រឹមត្រូវ និងជាពិសេសដាក់ទោសទៅលើអ្នកលក់អាវុធដោយខុសច្បាប់៕ សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈchanthorn@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To