ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

បទយកការណ៍៖ ការយល់ដឹងរបស់យុវជនចំពោះថ្ងៃបុណ្យនៃក្ដីស្រលាញ់​

ដោយ៖​ លី បេឡា​ | ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 05:19 PM​

ខណៈថ្ងៃបុណ្យនៃក្ដីស្រលាញ់នឹងចូលមកដល់យុវជននិងគូ​ស្នេហ៍​ខ្លះក៏មានគម្រោងទិញជាកាដូជូនគ្នាទៅវិញទៅមកដើម្បីទុកជាអនុស្សាវរីយក៏ដូចជាបង្ហាញ​ក្ដី​ស្រលាញ់របស់ពួកគេ។

ថ្ងៃទី១៤កុម្ភៈនេះត្រូវបានយុវវ័យខ្លះគិត​ថាជាថ្ងៃបុណ្យសង្សារហើយក៏ទិញផ្កានិងកាដូ​ផ្សេងៗ​ជូនគ្នា​ដើម្បីដោះដូរជាថ្នូរនៃការដឹកដៃគ្នាឡើងផ្ទះសំណាក់ជាដើម។ ដោយឡែក​យុវជន​ខ្លះមាន​ការយល់ដឹងច្រើនដោយចាត់ទុកថ្ងៃទី១៤កុម្ភៈជាថ្ងៃនៃក្ដីស្រ​លាញ់ ហើយពួកគេថា​គ្រាន់តែ​ជាការរំលឹក​នៃសេចក្ដីស្រលាញ់ចំពោះអ្នកនៅជុំវិញខ្លួនតាមរយៈការជូនវត្ថុអនុស្សាវរីយផ្សេងៗ។

កំពុងឈរជជែកគ្នាជាមួយនឹងមិត្តភក្តិក្នុងបរិវេណវិទ្យាល័យសន្ធម៉ុកយុវជន កែ កុសលរតនា ​ជាសិស្សថ្នាក់ទី១២បានចាត់ទុកថ្ងៃ១៤កុម្ភៈនេះគ្រាន់តែជាថ្ងៃបុណ្យដែលបង្ហាញសេចក្ដីស្រលាញ់​ទៅកាន់មនុស្សជុំវិញខ្លួន​។ យុវជនរូបនោះក៏មានគម្រោង​ទិញជាកាដូជូនទៅឳពុកម្តាយនិងសង្សារបស់ខ្លួនផងដែរ។ យុវជន កុសលរតនា ​បន្ថែមថាខ្លួនក៏មានគម្រោងចង់បបួលសង្សាដើរលេងដែរ ប៉ុន្តែមិន​មែន​ជាលក្ខណៈគូស្នេហ៍តែពីរនាក់ស្ងាត់ៗនោះទេ។

យុវជនរូបនោះបន្ថែមថា៖ ចង់និយាយថាថ្ងៃទី១៤កុម្ភៈហ្នឹងកុំយកពេលនាំសង្សាទៅណាទៅណីកុំនាំខូចនាំអីតែពីរនាក់ចឹង​ទៅព្រោះអីឮភាគច្រើនគឺថ្ងៃទី១៤កុម្ភៈហ្នឹងនាំគ្នាទៅណាទៅណីរួមភេទរួមអីចឹងអត់ល្អទេ”។

ដៃកាន់កាបូបរៀនឈរក្នុងបរិវេណវិទ្យាល័យសន្ធរមុកដដែលយុវសិស្សម្នាក់ទៀតឈ្មោះ ម៉េង ច័ន្ទគ្រឹស្នា បានលើកឡើងថាខ្លួន​មិនមានសង្សាហើយក៏មិនមានគម្រោងទៅណាដែរសម្រាប់ថ្ងៃ១៤កុម្ភៈខាងមុខ។ ប៉ុន្តែយុវជនរូបនោះបន្ថែមថាខ្លួនមានគម្រោង​ទិញជាកាដូជូនឳពុកម្ដាយដើម្បីបង្ហាញ​ពីសេចក្ដីស្រលាញ់ចំពោះពួកគាត់។

ដៃកំពុងកាន់សៀវភៅអង្គុយអាននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញកញ្ញា ម៉ុច សុខឡា បានលើកឡើងថាថ្ងៃ១៤ កុម្ភៈនេះគ្រាន់តែតែជាថ្ងៃធម្មតាសម្រាប់នាង​តែប៉ុណ្ណោះ។ កញ្ញា​លើក​ឡើងបន្ថែម​ថាបើចង់បង្ហាញនូវសេចក្ដីស្រលាញ់ទៅកាន់​មិត្តភក្ដិ បងប្អូន ឬឳពុកម្ដាយថ្ងៃណាក៏​យើង​អាចបង្ហាញបានដែរព្រោះក្ដីស្រលាញ់មានជារៀងរាល់ថ្ងៃ។

កញ្ញាបន្ថែមថា៖ ការនាំគ្នាដើរលេងអញ្ចឹងខ្ញុំគិតថាអត់ត្រូវទេខ្ញុំគិតថាបើយើងស្រលាញ់គ្នាចឹងធ្វើតាមប្រពៃណីទៅ ហើយថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះគេមិនមែនបញ្ជាក់ចំពោះតែសង្សាទេគឺក្ដីស្រលាញ់ចំពោះមនុស្សគ្រប់រូមទូទៅ មិត្តភក្តិ បងប្អូនមិនមែនសំដៅតែសង្សាមួយមុខទេ។ ថ្ងៃនោះយើងអាចនាំគ្រួសារដើរលេង នាំសង្សាដើរលេងក៏បានដែរ ប៉ុន្តែមិនដល់ថ្នាក់អីជូនកាដូគ្នាហើយដូរគ្នានូវការឡើងផ្ទះសំណាក់វាអត់សម

ទាក់ទងថ្ងៃទី១៤កុម្ភៈនេះម្ចាស់ហាងលក់វត្ថុអនុស្សាវរីយទាន់សម័យមួយកន្លែងក្បែរផ្សារអូរឬស្សីអ្នកស្រី ចាន់ សុផល លើកឡើងថាជារៀងរាល់ឆ្នាំហាងរបស់អ្នកស្រីមានការរៀបចំជា​បាច់ផ្កានិងកាដូ​សម្រាប់​លក់ថ្ងៃ១៤កុម្ភៈ។ អ្នកស្រីបន្ថែមថារាល់ឆ្នាំ​ក្មេងៗមានការជ្រួលជ្រើមតាម​គ្នាក្នុងការទិញ​វត្ថុ​អនុស្សា​វរីយជូនសង្សា ប៉ុន្តែឆ្នាំនេះការលក់ដូរមានការធ្លាក់ចុះពាក់កណ្ដាល​បើ​គិតត្រឹមការលក់ថ្ងៃបុណ្យ​ណូអែលចុងឆ្នាំ២០១៥មក​។

អ្នកស្រីបន្ថែមថា៖ រាល់ឆ្នាំ៥ទៅ៦នាក់ខ្ចប់អត់ទាន់ទេនៅឈរចាំដល់ពេលឆ្នាំនេះតែ៣នាក់ក៏យើងខ្ចប់ទាន់ដែរអត់ប្រញឹក អត់ជាន់គ្នា។ រាល់ឆ្នាំមនុស្សគរជើងគ្នាឈរចាំអាចប្រហែលជាឆ្នាំនេះស្ងាត់ជាងឆ្នាំមុន

ទោះបីជាយុវវ័យមានការយល់ដឹងច្រើនជាងមុនទាក់ទងនឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ប៉ុន្តែឳពុក​ម្ដាយមួយចំនួននៅតែមានការព្រួយបារម្ភពីការភ្លើតភ្លើនរបស់កូនក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ។

អង្គុយចាំដឹកម៉ូយនៅខាងមុខផ្សារបឹងកេងកងអ្នករត់ម៉ូតូកង់បីម្នាក់លោក សែម ធី មាន​ប្រសាសន៍ក្មេងសម័យឥឡូវមានការយល់ដឹងច្រើនរឿងស្នេហាដែលជាការគួរឲ្យព្រួយបារម្ភ។ លោកបន្ថែមថាចំពោះថ្ងៃនៃក្ដីស្រលាញ់នេះអាចជាការបើកឱកាសឲ្យយុវជនប្រព្រឹត្តខុសប្រពៃណីនិង​ច្បាប់ទំលាប់។

លោកបន្ថែមថា៖ ជំហានទីមួយអាចស្រលាញ់គ្នាទាក់ទងពីតូចទៅធំ ប៉ុន្តែដល់ចុងបញ្ចប់អាចឈានដល់ដំណាក់កាលមួយ ជូនកាលដល់ពេលចុងបញ្ចប់ស្រលាញ់គ្នាពិតប្រាកដយ៉ាងណានោះមិនអាចទុកចិត្តទេ។ ភាពទាក់ទងគ្នាពីតិចទៅច្រើនដល់ពេលពិតប្រាកដទៅជូនកាលអាចមានក្ដីស្រលាញ់មួយខុសនឹងច្បាប់

អ្នកស្រាវជ្រាវពីបញ្ហាសង្គមលោក តុង សុប្រាជ្ញ មានប្រសាសន៍ថាមុនពេលថ្ងៃនៃក្ដីស្រលាញ់មក​ដល់​យុវជនមិនទាន់បង្ហាញសកម្មភាពខាងក្រៅគួរឲ្យកត់សំគាល់នៅឡើយទេ។ ប៉ុន្តែលោកបន្ថែមថា​បើតាមការ​ស្រាវជ្រាវអត្រានៃការរួមភេទនៅថ្ងៃនៃក្ដីស្រលាញ់នេះមានការធ្លាក់ចុះតិចតួចបំផុត។

លោកបន្ថែមថា៖ ឱកាសនៃការរួមភេទនៅថ្ងៃទី១៤កុម្ភៈមិនទាន់ធ្លាក់ចុះជាការកត់សំគាល់ទេគឺពី១២មក១១ភាគរយក្នុងចំនោម​យុវជន៧១៥នាក់ដែលខ្ញុំធ្វើបទសំភាសន៍ក្នុងឆ្នាំ២០១៤កន្លងមក អញ្ចឹងចំណុចកន្លែងហ្នឹងនៅតែជាចំណុចសំខាន់ដែលគួរឲ្យកត់សំគាល់ដែលយើងគិតថានៅតែជាបញ្ហារបស់យុវជន

លោក តុង សុប្រាជ្ញ បន្ថែមថាការរួមភេទរបស់យុវវ័យនៅ​ថ្ងៃទី១៤កុម្ភៈ​នេះអាចធ្វើការឲ្យមានការ​ប៉ះពាល់ដល់អនាគតនិង​ការសិក្សាដោយសារ​ការមានផ្ទៃពោះ​ទាំង​ខ្លួននៅក្មេងនិងការឆ្លងជំងឺអេដស៍និងកាមរោគជាដើម។ 

លោកបន្ថែមថាដើម្បីទប់ស្កាត់នូវបញ្ហាទាំងនោះជារៀងរាល់ឆ្នាំក្រសួងអប់រំ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្រើនតាមរយៈគ្រូបង្រៀនក៏ដូចជាកម្មវិធីសិក្សានៃបំណិនជីវិតជាដើម។ ចំណែកឱពុកម្ដាយ​ក៏មាន​ការ​យល់ដឹង​ក្នុងការទប់ស្កាត់ដោយមិនឲ្យកូនទៅរៀនចំថ្ងៃហ្នឹងឬក៏នាំកូនៗដើរលេង​ជាដើម៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com


Tags:

1087

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
បទយកការណ៍​៖ ខ្មែរ​អាមេរិកាំង​ម្នាក់សម្រេចចេញពីប្រទេសអ្នកមានមកធាក់​ស៊ី​ក្លូនៅកម្ពុជា

ថ្ងៃទី4 កុម្ភៈ 2016, 02:52 PM

ក្នុង​​​វ័យ​៦៨​ឆ្នាំ លោក ទួន ឈុនអេង ជា​អ្នក​ធាក់​​ស៊ីក្លូ​ម្នាក់​ដែល​អាច​និយាយ​ភាសាអង់គ្លេស និង​ភាសាបារាំង បាន​យ៉ាងល្អ ដែល​​មិត្តរួម​ក្រុម​របស់​លោក​ភាគច្រើន​មិន​អាច​ធ្វើ​បាន។ អង្គុយ​លើ​ស៊ីក្លូ​របស់​ខ្លួនក្បែរ​ព្រះបរមរាជវាំង ក្នុង​ពេល​ទំនេរ​ពី​ការ​ដឹក​ភ្ញៀវ លោក ទួន ឈុនអេង និយាយ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​លោក​មុន​ក្លាយ​ជា​អ្នក​ធាក់ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ​។ ពាក់​អាវ​ព័ណ៌​លឿងដែល​មាន​សរសេរ​អក្សរខាង​ខ្នង​ថាសមាគមនអភិរក្ស​ស៊ីក្លូនិង​មុខរបរក្រៅ​ប្រព័ន្ធ លោក ទួន ឈុន​អេង​ រៀប​រាប់​ឲ្យ​ដឹង​ថាលោក​បានរស់​នៅ​និង​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក​ជាង២០ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៨៨ រហូត​ដល់​ឆ្នាំ២០១២ ជាពេល​ដែល​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញនិង​បាន​ប្រ​កប​របរធាក់​ស៊ីក្លូនៅ​ក្នុង​សមាគមអភិរក្ស​ស៊ីក្លូនិង​មុខរបរក្រៅ​ប្រព័ន្ធ។ លោក​ចាត់​ទុក​របរធាក់​ស៊ី​ក្លូថាមិន​ត្រឹម​តែ​បាន​ផ្តល់​ចំណូល​ប៉ុណ្ណោះ​ទេ តែ​លោក​ថា​វាជា​ការ​ហាត់​ប្រាណដើម្បី​សុខភាព។​ លោក​បន្ថែម​ថា៖ “អាហ្នឹង​វាស្រួល ហាត់​ប្រាណ បែក​ញើសផងបាន​លុយ...ហាត់​ប្រាណ បាននិយាយភាសាគេរាល់ថ្ងៃ ​ជួប​ភ្ញៀវ ...English you have to speak every day all the time (ភាសាអង់គ្លេស​អ្នក​ត្រូវនិយាយ​រាល់​ថ្ងៃ គ្រប់ពេល)”។ លោក ទួន ឈុន​អេង ឲ្យ​ដឹង​ថា លោក​មាន​ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ។ លោក​មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​បាក់​អង(BacI)ក្នុង​សម័យ​សង្គម​រាស្ត្រនិយមឬ​ស្មើនឹង​ថ្នាក់​ទី​១១​បច្ចុប្បន្ន។ លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ឆ្នាំ១៩៦៦ ដើម្បី​មក​ប្រ​ឡង​ការ​ងារជាមន្ត្រី​រាជការ​នៅ​ទី​ក្រុង​ភ្នំពេញ។ ទោះ​យ៉ាងណា លោក​ថាលោក​មិន​មាន​វាសនា​បាន​ប្រ​ឡង​ជាប់​នោះ​ទេ ហើយ​ក្នុង​ឆ្នាំ​ដដែល ​លោក​ចាប់​ផ្តើម​អាជីពជា​អ្នកធាក់​ស៊ីក្លូនៅ​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​១៩៧០។ លោក ទួន ឈុនអេង ដឹកភ្ញៀវ​ទេសចរបរទេស​ក្នុង​រាជធានី​ភ្នំពេញ​ លោក​បន្តថា៖ “I have been long long time I ធាក់​ស៊ីក្លូតាំង​ពីផ្សារ​អូឫស្សី ទៅ​ផ្សារដើមថ្កូវ​ហុយដីធ្លោម តាំង១៩៦៦ តាំងខ្ញុំ​ប្រ​ឡង​ឌីប្លូម​ហើយ​”។ នៅ​ថ្ងៃ​២៧ ខែ​មីនា ឆ្នាំ១៩៧០ លោក​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​ទាហាន ​លន់ នល់ ដោយលោក​អះអាង​ថា​ក្រោម​ហេតុផល​ជីវភាព និង​ចង់​ការពារទឹក​ដី​។ លោក​ថាពេល​នោះ​ កងទ័ព​វៀតណាម​មាន​​ច្រើននៅ​តាមព្រំ​ដែន​របស់​កម្ពុជា។ លោក​បាន​រៀប​ការ​លើក​ទី​១នៅ​ឆ្នាំ១៩៧០ ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀងនិងមាន​កូន​២នាក់។ ក្រោយ​​របប ​លន់ នល់​ ត្រូវ​បាន​ផ្ដួល​រំលំ ហើយ​​ខ្មែរ​ក្រហម​បាន​ឡើងកាន់​អំណាចនៅ​ខែមេសា ឆ្នាំ១៩៧៥ លោក​ថាទាហាន​លន់ នល់ មួយ​ចំនួ​ន​ត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់។ លោក​រៀបរាប់​ថា​​រូប​លោក​​ក៏​ត្រូវកម្មាភិបាល​ខ្មែរ​ក្រហមដឹងថាជា​ទាហាន ​លន់ នល់ ផងដែរ តែខ្មែរ​ក្រហម​មិន​សម្លាប់​លោក ដោយ​លោកថា ដោយ​សារតែ​លោក​ជាមនុស្ស​ខិតខំ​ធ្វើ​ការ និង​មិនចេះ​តវ៉ាចំពោះ​បទបញ្ជាអង្គការ។ លោក​បន្ថែម​ថា៖ “កាលណា​ប្រ​ជាជន​មូលដ្ឋានគេ​ធ្វើ​ការ​ខ្ញុំ​ធ្វើ…ម្យ៉ាង​ទៀត​ឪពុក​ខ្ញុំ​ជាអ្នក​​នៅ​ខាងក្រៅ(អ្នក​រស់នៅ​ក្នុង​តំបន់​ខ្មែរ​ក្រហម​តាំងពី​មុនឆ្នាំ១៩៧៥) ម្លោះ​ហើយគណៈ​ភូមិ​គេស្គាល់​ឪពុក​ខ្ញុំ អ៊ីចឹងគេទុក​ជីវិតឲ្យ​​ខ្ញុំ”។ បុរស​អនិកជន​រូប​នេះ​រៀបរាប់​ពី​ដំណើ​ររឿង​ដែលនាំ​ឲ្យ​​លោកបាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ថាក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​បាន​​មួយ​ឆ្នាំ ​លោក​ក៏​បាន​ធ្វើ​ដំណើ​រពី​ភ្នំពេញទៅ​កាន់ព្រំ​ដែនកម្ពុជា​ថៃ ក្នុងបំណង​រក​ស៊ី។ ប៉ុន្តែលោក​ថាពេល​ទៅ​ដល់ទី​នោះ​ លោក​មិន​អាចវិល​ត្រឡប់​មកក្នុង​ប្រ​ទេស​វិញ​បាន​ទេ ដោយ​លោកថាពេល​នោះ​សង្គ្រាម​រវាង​កងទ័ព​ខ្មែរក្រហមនិង​កងទ័ព​វៀត​ណាម​​កំពុង​មាន​ភាព​ខ្លាំង​ក្លា។ ដោយ​សារតែ​មិន​អាច​វិល​មក​ភ្នំពេញ​វិញបានក្នុង​ឆ្នាំ១៩៨៦ លោក ទួន ឈុន​អេង ត្រូវ​បង​ជីដូន​មួយ​រៀប​ចំឲ្យ​រៀបការ​ជាមួយ​នារី​ម្នាក់ដែល​រស់​នៅ​ក្នុង​ជំរុំ​ដូចគ្នាដែលមានសាច់ញាតិរស់នៅ​អាមេរិក ដើម្បី​បាន​ឱកាស​ទៅ​រស់​នៅ​ជាជន​ភៀស​ខ្លួន​នៅក្រៅប្រទេស​។ ដូចការ​រំពឹងទុក ក្នុង​ឆ្នាំ១៩៨៨ លោកនិងភរិយា​​ក៏​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក។ លោករៀបរាប់​​ឲ្យ​ដឹងទៀត​ថាលោក​ចំណាយពេល​ជិត​១០​ឆ្នាំធ្វើ​ការ​ងារ​លួច​លាក់មិន​ឲ្យ​អាជ្ញាធរ​ដឹង ដោយ​លោកហៅ​ការងារនេះ​​ថាជា​ការងារ"ក្រោម​តុ"  មុន​នឹង​លោក​មាន​មានចំណេះ​ខាង​បើក​បរ។ នៅ​ឆ្នាំ១៩៩៥ លោក ទួន ឈុនអេង បាន​ចាប់​អាជីព​​ជា​អ្នក​បើក​បររថ​យន្ត​ក្រុងនិង​ធ្វើ​ជាសន្តិសុខ​ផង ដែល​លោក​ថាធ្វើការ​ងារ​ច្រើន​បែបនេះដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារនៅ​អាមេរិកនិង​ផ្តល់​ជូន​កូន​និង​ប្រ​ពន្ធនៅ​កម្ពុជាផង។ លោក​ឲ្យ​ដឹងទៀត​​ថាក្នុង​មួយ​ឆ្នាំ​លោក​អាច​រក​ប្រាក់​បាន​ជាង​៣ម៉ឺន​ដុល្លារ​។ លោក​មាន​ប្រ​សាសន៍​ទៀត​ថា៖ “កាលមុន​ឲ្យ​ច្រើន​ណាស់ ពី​ឆ្នាំ​១៩៩៣ ១៩៩៤ ១៩៩៥ សុទ្ធ​តែ​ម្តង​ផ្ញើ​ឲ្យ​១ពាន់​ដុល្លារ ពី​អាមេរិក​កាំងមក​។ ខ្ញុំ​ចិញ្ចឹម​ប្រពន្ធកូន​នោះ​ផង(នៅ​អាមេរិក) ផ្ញើមក​ឲ្យកូន​ប្រ​ពន្ធនេះ​ផង(នៅខ្មែរ) ខ្ញុំ​ធ្វើការ​ច្រើន​ណាស់”។ លោក ទួន ឈុន​អេង ឲ្យ​ដឹង​ទៀត​ថាតុលាការអាមេរិក​បាន​តម្រូវ​ឲ្យ​លោក​ឈប់​ធ្វើ​ការ​នៅ​ឆ្នាំ២០០៧ ក្រោយពី​តុលាការ​រក​ឃើញ​ថាលោក​មាន​បញ្ហា​សុខភាព។ លោក​បន្ត​ទៀត​​ថាសុខភាព​របស់​លោក​ឆាប់​ទ្រុឌទ្រោម​ ដោយ​សារតែលោក​បាន​រង​របួស​ដោយ​សារសង្គ្រាម​ក្នុង​របប លន់ នល់ និង​មាន​អំបែងគ្រាប់​ជាប់នៅ​ក្នុង​ខ្លួន​។ លោក​បញ្ជាក់​ថា៖ “ខ្ញុំ​ ការ​ឈឺ​ចាប់​នៅក្នុង​ពេល​ធ្វើការ​ហ្នឹង ដោយសារខ្ញុំ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​សម័យ ​សាធារណរដ្ឋ​ខ្មែរពី​ដើម​ ទៅ​មាន​របួស​ស្លាក​ស្នាម ដល់ពេល​ខ្ញុំ​ជាន់​ប្រាំង ជាន់​ហ្គែ bus (រថយន្តក្រុង)វាឈឺ​ខ្ទោកៗ អ៊ីចឹងទៅតុលាការអាមេរិកាំងឲ្យ​ខ្ញុំ ​retire(ចូល​និវត្តន៍)”។ លោក ទួន ឈុនអេង ហាក់មាន​ការ​ពេញ​ចិត្ត​នឹង​ជីវិត​ជា​អ្នក​ធាក់​ស៊ីក្លូ​នៅ​ស្រុក​ខ្មែរ ដោយ​លោក​ថាធ្វើ​ឲ្យ​លោក​មាន​ពេល​សម្រាក​ខ្លះ​បន្ទាប់ពី​ចប់​ម៉ោង​ធា្លក់​ស៊ីក្លូ ហើយ​លោក​អាច​មាន​ពេល​អាន​សៀវភៅ​ធម៌ អាន​ព័ត៌មាន​តាម​អន​ឡាញ​ជាមួយ​កុំ​ព្យូ​ទ័រ​យួរដៃ​ម៉ាក​របស់​លោក​ដែលមាន​ភ្ជាប់​អ៊ីន​ធើណែត​។ លោក​បន្ត​ថា៖ “វាស្រួល ​ឥឡូវវាបាន​ដឹង​មិន​បាន​ដឹងមើល​សៀវភៅ​ អាន​ព័ត៌មាន​ទៅ...មើល ​Labtop មើល​កាសែត ស្តាប់​ព័ត៌​មានអង់គ្លេសBBC ដល់​ម៉ោង​៦ល្ងាចទៅ​យាម​ឲ្យ​គេ​ទៀត​ទៅ”។ លោក ទួន ឈុន​អេង បាន​ប្រ​កប​របរធាក់​ស៊ី​ក្លូ​នេះ​ជិត​ប្រាំ​ឆ្នាំ​ហើយ​នៅ​ស្រុក​ខ្មែរ​នេះ លោក​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​បាន​ប្រ​ហែល​ជា១ម៉ឺន​៤ពាន់​រៀលនិង​មាន​ពេល​សម្រាក​កន្លះ​ថ្ងៃ​មុន​នឹង​លោកបន្ត​ការ​ងារ​ជា​សន្តិសុខនៅពេល​យប់​ចាប់ពី​ម៉ោង​៦ល្ងាច។ លោកថា ការងារ​ដែល​លោក​កំពុង​ធ្វើនេះ​ធ្វើ​ឲ្យ​លោក​បាត់​ភាព​អផ្សុក  បំបាត់​ភាពខ្ជិល​ច្រអូស និង​ការ​ខ្វះ​ខាត។ លោក​ ទួន ឈុនអេង អះអាងថារូប​លោក​មិន​មាន​វាសនា​បាន​រស់​សុខ​ស្រួល​នោះ​ទេ ទោះ​បី​ជា​លោក​មាន​ប្រាក់​សង្គម​កិច្ច​ពីរដ្ឋា​ភិបាល​អាមេរិក​ប្រ​ចាំខែក៏ដោយ ក៏​លោក​មិន​អាច​ធ្វើឲ្យ​ជីវិត​បាន​រស់​នៅ​ស្រួល​ ដោយ​សារ​តែលោកនៅ​តែ​បន្ត​ផ្គត់​ផ្គង់​កូន​ចៅនិង​បង​ប្អូន​របស់​លោក​មួយ​ចំនួន​ទៀតនៅ​ស្រុក​ខ្មែរ។ លោក​ឲ្យ​ដឹងដែរថាកូន​ៗរបស់លោក​នៅ​អាមេរិក​មិន​ចង់​ឲ្យ​លោ​ក​មក​ចាកចេញ​ពីអាមេរិក​នោះ​ទេ ប៉ុន្តែ​លោក​ថាលោកចង់​មក​រស់​នៅ​និង​ស្លាប់​នៅ​ស្រុក​ខ្មែរ ជា​ទឹក​ដី​កំណើត​របស់​លោក។ លោក​បន្តថា៖ “​ចង់​មក​ស្លាប់​នៅ​ស្រុក​ខ្មែរទៅបើ​ខ្ញុំ​ស្លាប់ ខ្ញុំ​សរសេរ​សំបុត្រ​ឲ្យ​អាមេរិកាំង​អ៊ីចឹង I want to die in my country...ខ្ញុំគ្រាន់​តែនឹក​ស្រុក​កំណើត​ខ្ញុំ បង​ប្អូន​ខ្ញុំ មាន​មិត្តភក្តិ មិន​ថ្លៃ ​ថ្លៃ​ដូចស្រុក​គេ ស្រុក​វាហ្នឹង​គ្រាន់​តែ​ងាប់​យ៉ាង​តិច​១ម៉ឺន​ដុល្លារ”៕​ សូម​សរសេរ​មក​កាន់​លោក ទូច សុខា តារយៈ sokha@vodhotnews.com

បទយកការណ៍៖ កុមារភាគច្រើននៅភូមិបណ្ដែតទឹកក្នុងបឹងទន្លសាបក្រុងសៀមរាបមិនបានចូលសាលា

ថ្ងៃទី2 កុម្ភៈ 2016, 05:37 PM

រលកទឹកធំៗបានបោកភ្ទប់ទៅលើផ្ទះបណ្ដែតទឹកដែលកំពង់បង្ហាញខ្លួននៅលើផ្ទៃបឹងទន្លេ សាប។ តួផ្ទះទឹកនីមួយៗមានភាពយោលយោគទៅវិញទៅមកដោយសារតែទឹករលកពីការបើកបរកាណូតមួយចំនួនមានល្បឿនលឿននិងទូកអ្នកធ្វើបទល្មើសនេសាទជាច្រើនទៀតបើកប្រដេញគ្នាទាំងនៅពេលថ្ងៃនិងនៅពេលយប់។ សកម្មភាពទាំងនេះធ្វើឲ្យអ្នកភូមិជួបលំបាកក្នុងជីវភាពរស់នៅ ជាពិសេសការធ្វើដំណើរតាមទូកតូចៗ។ អ្នកភូមិបណ្ដែតទឹកភាគច្រើនធ្វើដំណើរតាមទូកទាំងកុមារតូចៗនិងមនុស្សចាស់ពួកគេបានសម្ដែងការភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថិភាពកូនៗរបស់ពួកគាត់ខណៈដែលពួកគាត់ឃើញសកម្មភាពការបើកបរកាណូតទាំងនោះមិនសូវមានសុជីវធម៌។ អង្គុយជុំគ្នានៅលើផ្ទះបណ្ដែតទឹកជុំគ្នាប្រមាណ៥នាក់ពួកគេជាអ្នកនេសាទរស់នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស។ បុរសវ័យ៥០ឆ្នាំលោក ហួត ស៊ីន មានប្រសាសន៍ថាកុមារតូចៗដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ៩ឆ្នាំភាគច្រើនពួកគេ​មិនទាន់បានចូល​រៀននៅសាលារដ្ឋ​នៅ​ឡើយ​ទេ​ដោយសារពិបាកធ្វើដំណើរតាមផ្លូវទឹកនិងជីវភាពក្រីក្រគួបផ្សំសាលារៀននៅឆ្ងាយពីផ្ទះអ្នកភូមិផងដែរ។ បុរសសប្បុរខ្មៅរូបនោះបន្ដថា ការពន្យារ​ពេលចូលសិក្សានេះព្រោះការធ្វើដំណើរតាមទូកប្រឈមនឹងគ្រោះថ្នាក់ដោយសាររលកទឹកបោកបក់ពីទូកធំដែលកំពុង​ធ្វើចរាចរ​លើ​ផ្ទៃ​ទឹកខណៈពួកគេមានវ័យមិនទាន់ចេះហែលទឹក។ លោកបន្ថែមថា៖ “ក្មេងនៅទីនេះបញ្ហាទី១​ដូចថាជីវភាពខ្វះខាតពុក​ម៉ែខ្វះខាត​ទៅគ្នាអត់មានថវិកាឲ្យកូនទៅរៀនកាណូតនៅតាមនេះយកគ្នាម្នាក់១៥០០រៀលហើយយកគ្នាម្នាក់១៥០០គ្នាអត់មានលុយអត់បានរៀន​មួយអាទិត្យក៏មានដែរ”។ នៅតាមផ្លូវទឹកគេឃើញមានទូកកាណូតតូចធំបើកដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមទឹកព្រែកពីកំពង់ផែក្រុមហ៊ុនស៊ូជីងជាហូរហែឆ្ពោះទៅកំសាន្ដ​លើផ្ទៃបឹងទន្លេសាប។ ការបើកបរកាណូតដឹកជញ្ជូនភ្ញៀវទេសចរណ៍ក៏ដូចបើកឆ្លងកាត់ភូមិបណ្ដែតទឹកនីមួយៗបង្កឲ្យមានការភ័យខ្លាចនិង​គ្រោះ​ថ្នាក់ដល់អ្នកធ្វើដំណើរតាមទូកតូចៗដោយសារមានរលកទឹកធំៗបកភ្ទប់មកលើទូកតូចៗពួកគេ។ អង្គុយនៅលើផ្ទះទូកបណ្ដែតទឹកបុរសវ័យជាង៥០ឆ្នាំសក់រួញបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់អនាគតកូនខណៈដែលកូន​ខ្លួនមានអាយុ​៩ឆ្នាំទៅហើយមិនបានចូលសាលារៀនសោះ។ បុរសរូបនោះគឺលោក ព្រាប ស៊ីវ លោកបានឲ្យដឹងថាទោះលោកជាគ្រួសារជាអ្នកនេសាទក្ដីក៏​មិនហ៊ានបណ្ដោយឲ្យកូនជិះទូកម្នាក់ឯងដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិតទើបពន្យារពេលកូនចូលសាលា​រយៈពេលបីឆ្នាំ។ លោកបន្ដ​ថា៖ “បើមកតាមផ្លូវហ្នឹងបើសិនជាជិះទូកខ្លួនឯងតូចៗបៀតនឹងកាណូតដរ កាណូតដរវាបើកខ្លាំងណាស់វ៉ៃចូល​ទឹកចង់ក្រឡាប់កូនទូកហ្នឹង​ទៅចឹងហើយម៉ែឪក៍មិនហ៊ានបណ្ដោយកូនឲ្យមករៀនទេភ័យខ្លាចកូនគ្រោះថ្នាក់ចឹងហើយចេះទុកកូនអាយុចេះតែច្រើនទៅ”។ ជាមួយគ្នានោះដែរបុរសវ័យ៥០ឆ្នាំផ្លាយរូបនោះឲ្យដឹងថាលោកមានជីវភាពក្រីក្រនៅពេលបញ្ជូនកូនទៅរៀនត្រូវចំណាយថវិកាជួលទូកនិង​ម៉ូតូឌុបឲ្យពួកគេដោយលោកថាក្នុងមួយថ្ងៃត្រូវចំណាយ៥ពាន់រៀលទាំងទៅសាលានិងត្រឡប់មកវិញខណៈដែល​សាលារៀនមានចម្ងាយពីភូមិ​បណ្ដែតទឹក៣គីឡូម៉ែត្រ។ លោកបន្ថែមថា៖ “ចឹងហើយម៉ូតូឌុបមកពីទីនេះដល់សាលារៀន​ដឹងហើយកូនក្មេង​បានត្រឹមពីរបីពាន់មិនបានចាយទេអស់បាត់យើងត្រូវចំណាយប៉ុន្មានឲ្យកូនជិះទៅរៀនបើសិនមករៀនដល់៤ទៅ​៥ពាន់បានគ្រប់​រាល់ថ្ងៃ៥​ពាន់​បាន​គ្រប់ជិះម៉ូតូឌុបទៀតអីទៀត”។ ភូមិបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបក្នុងសង្កាត់ចុងឃ្នៀសមានចំនួន៦ភូមិក្នុងចំណោម៧ភូមិ។ ភូមិបណ្ដែតទឹក៦ភូមិនោះមានពលរដ្ឋខ្មែររស់នៅ៤០%ពួកគេមានមុខរបរជាអ្នកនេសាទខណៈដែល៦០%ទៀតជាជនជាតិវៀតណាម។ នៅក្បែរភូមិទាំងនោះគ្មានសាលារៀនសម្រាប់កូនខ្មែរសិក្សាឡើយក្រៅពីតែសាលារៀនវៀតណាមហើយនៅទីនោះក៏មានកន្លែងទីសក្ការៈ​ដែលតាំងរូបដោយព្រះនាងគង់ស៊ីអីមរបស់ជនជាតិវៀតណាមប៉ុណ្ណោះ។ ចៅសង្កាត់ចុងឃ្នៀសក្រុងសៀមរាបលោក ឯម ម៉ាន មានប្រសាសន៍ថាសាលារៀននៅសង្កាត់នោះមានតែនៅលើគោកប៉ុណ្ណោះ ប៉ុន្ដែលោកថា មធ្យោបាយធ្វើដំណើរសម្រាប់សិស្សានុស្សានៅភូមិបណ្ដែតទឹកមានទូកអង្គការមួយគ្រឿងសម្រាប់ដឹកជញ្ជូនពួកគេទាំងទៅមក។ លោកចៅសង្កាត់ទទួលស្គាល់ថាពិតជាមានកុមារគ្រប់អាយុមិនបានចូលរៀនមែន ប៉ុន្ដែលោកថាភាគតិចនោះទេដោយសារពួកគេទៅនេសាទ ត្រីជាមួយអាណាព្យាបាល។ លោកបន្ដថា៖ “ក្មេងខ្លះគាត់មិនទាន់ឲ្យចូលរៀនដោយសារគាត់មិនទាន់ចេះហែលទឹកអីចឹងទៅ ទៅនេសាទទៅរកស៊ីជាមួយម៉ែឪចឹងទៅមានតិចតួចទេហើយមិនទាន់ចេះហែលទឹកវានៅក្មេងពេកតែបើនៅលើគោក៦ឆ្នាំគេឲ្យចូលរៀនអស់ហើយ”។ ទោះជាយ៉ាងណានាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាការពន្យារ​ពេលឲ្យ​កុមារ​ចូលសិក្សាអាចប្រឈមឲ្យពួកគាត់បោះបង់ការរៀនសូត្រដោយសារភាពខ្មាសអៀនខណៈពួកគាត់វ័យកាត់តែធំ។ លោកបន្ដថាកុមាររស់​នៅលើ​បឹង​ទន្លេសាបប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក្នុងពេលធ្វើដំណើរ។ លោកពន្យល់ថារដ្ឋាភិបាលត្រូរៀបចំប្រព័ន្ធសុវត្ថិភាពនិងយកចិត្ដ​ទុកដាក់ទៅ​លើ​ពួក​គេឲ្យបានច្រើនដើម្បីកុំឲ្យខកខានដល់ការសិក្សារបស់ពួកគាត់។ លោកបន្ថែមទៀតថា៖ “ពេលរៀនមានម៉ោងកំណត់របស់រដ្ឋព្រោះអី​សិស្ស​មាន​បវេសនកាលនិងពេលវ៉ាកង​ពេលវេលាមានកំណត់ចឹងហើយ​យើងត្រូវមានការយកចិត្ដទុក​ដាក់រៀបចំប្រព័ន្ធដឹក​ជញ្ជូនហ្នឹងឲ្យមានការយក​ចិត្ដ​ទុក​ដាក់​ឲ្យបានច្រើនជាងមុនត្រៀមជានិច្ចព្រោះអីការឆ្លងទឹកទន្លេឆ្លងទូកអីនោះវាអាចមាន​ភាពប្រែព្រួលដូចមានខ្យល់ព្យុះ​មានភ្លៀង​មាន​អីហ្នឹង”។ តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំ២០១៦នេះក្រសួងអប់រំបានកំណត់ប្រើថវិកាជាង៥រយ​លានដុល្លារ​ដើម្បីធ្វើ​កំណែ​ទម្រង់ក្នុងវិស័យអប់រំនិងកែលំអរស្ថានភាពការៀនសូត្រ។ លោក សន ជ័យ ជំរុញឲ្យថ្នាក់ដឹកនាំក្រសួងយកប្រាក់ទាំងនេះពង្រឹងវិស័យអប់រំ​ឲ្យមានប្រសិទ្ធិភាពពិសេសជួយដល់សហគមន៍ដាច់ស្រយាលនៅចុងឃ្នៀសនេះ៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

បទយកការណ៍៖ កម្សោយប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋធ្វើឲ្យកម្ពុជាជាប្រទេសមានអំពើពុករលួយខ្ពស់

ថ្ងៃទី28 មករា 2016, 05:58 PM

អង្គុយក្រោមឆ័ត្រកន្លែងលោកប៉ះ និងសប់កង់ នៅតាមបណ្តោយផ្លូវសម្តេចសុធារស់ លោក អ៊ីម សំអូន ថ្លែងរៀបរាប់ពីបទពិសោធដែលលោកបានជួបករណីពុករលួយនៅក្នុងសេវាសាធារណៈរបស់រដ្ឋ។ លោករំឭកពីករណីមួយពេលដែលលោកទៅធ្វើអត្តសញ្ញាណប័ណ្ណនៅឯស្រុកកំណើតរបស់លោកកាលពីឆ្នាំ២០១៥។ លោករៀបរាប់ឲ្យដឹងថា លោកបានទៅដល់កន្លែងធ្វើអត្តសញ្ញាណប័ណ្ណនៅពេលរសៀល ហើយមន្ត្រីដែលទទួលបន្ទុកកិច្ចការនេះប្រាប់លោកថាមិនមានក្រដាសពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណនោះទេ ដោយតម្រូវឲ្យលោកនៅរង់ចាំដល់ថ្ងៃបន្ទាប់។ ទោះយ៉ាងណាលោកថា មានអ្នកទៅធ្វើអត្តសញ្ញាណប័ណ្ណជាមួយលោកប្រាប់ថា បើលោកឲ្យប្រាក់មន្ត្រីនោះខ្លះ លោកនឹងទទួលបានក្រដាសពាក្យនោះ ក៏ប៉ុន្តែ លោកបានបដិសេធ។

បទយកការណ៍៖ យុវជន​ខ្លះព្រួយបារម្ភពីការចាប់ខ្លួន​នៅពេល​រិះគន់​រដ្ឋាភិបាល​លើហ្វេសប៊ុក

ថ្ងៃទី27 មករា 2016, 11:00 AM

មកដល់ពេលនេះមានយុវជនយ៉ាងតិច៣នាក់ហើយ ត្រូវបានជាប់ពន្ធនាគារជាបន្តបន្ទាប់ ដោយ​សារតែ​​សរសេរនៅលើហ្វេសប៊ុក រិះគន់ទៅលើមន្រ្តីរដ្ឋាភិបាល​ ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​។ ចំណាត់ការនេះ បានធ្វើឲ្យយុវជនមួយចំនួនដែលលេងហ្វេសប៊ុក​កំពុងព្រួយបារម្ភ។ នៅពេលខ្ញុំ​ចុះទៅដល់កន្លែងផ្តល់សេវា Internet មួយចំនួននៅរាជធានីភ្នំពេញខ្ញុំសង្កេតឃើញថាអតិថិជនជាច្រើនជាពិសេស​យុវជនយុវតី​បាន​ចូលទៅលេងហ្វេសប៊ុកដើម្បីឆែកមើលព័ត៌មាននានានិងសសេរសារផ្ញើទៅមិត្តភក្តិរួមទំាងតេទូរស័ព្ទ​តាមប្រព័ន្ធនេះផងដែរ។ ក្នុង​កន្លែងផ្តល់សេវា Internet ស្ថិតនៅម្តុំផ្សារទួលទំពូល វ័យ១៩ឆ្នាំ យុវតី​ នីតា ស្លៀក​សំលៀក​បំពាក់សិស្ស អង្គុយមុខ​កុំព្យូទ័រ  ភ្នែកទំាងគូរសម្លឹងកុំព្យូទ័រ និង​ម្រាមដៃទំាងសងខាងចុះលើឃី​ប៊តកុំព្យូទ័រ ផ្ញើសារទៅកាន់​មិត្តភ័ក្តិដែលកំពុង​លេងហ្វេសប៊ុកដូចគ្នា​។ នីតា មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅពេលឃើញអ្នកយកព័ត៌មានចុះទៅសាកសួរដល់កន្លែងលេង internet នោះ។ ទោះជាបែបនេះក្តី យុវតីរូបនោះឲ្យដឹងថា នៅពេលទំនេរពីការសិក្សា​គាត់តែងតែចេញទៅ​​លេងហ្វេសប៊ុកផ្ញើសារទៅកាន់មិត្តភ័ក្តិ និងចែករំលែកព័ត៌មាននានា ដើម្បីពង្រីកចំណេះដឹងបន្ថែមលើបច្ចេកវិទ្យាទំនើបនេះ។ នីតាបន្តទៀតថា​៖ “ដូចគេមានរឿងអីមកធម្មតាហ្វេសប៊ុកហ្នឹងគេដឹងលឿនអីចឹងហើយបំបាត់ការអផ្សុកយើងផងអីផងហើយណាមួយពេលយើងទំនេអផ្សុកអីមានហ្វេសប៊ុកហ្នឹងពេលយើងមានកិច្ចការអីយើងឲ្យមិត្តភ័ក្រយើងផ្ញើតាមឆាតធីហ្នឹងណា”។ ក្រុមអ្នកលេងហ្វេសប៊ុកផ្សេងទៀតនិយាយ​ប្រហាក់ប្រហែលគ្នាថា ហ្វេសប៊ុកជាប្រព័ន្ធចែកចាយព័ត៌មានលឿនជាងគេលើពិភពលោក ក្នុង​ចំណោមប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗទៀត​។ ប៉ុន្តែពួកគេ​អះអាងថាសម្រាប់ការ​ចែកចាយ​ព័ត៌មាននានាលើប្រព័ន្ធបច្ចេកវិទ្យា​ទំនើប​នេះ អាចនាំមកនូវ​ផល​​វិជ្ជមាន និង​អវិជ្ជមាន ដល់​អ្នកចែកចាយផងដែរ។ យុវតី ធី នីរីកា បានដើរចេញពីហាង internet មួយកន្លែងក្បែរផ្សារផ្សារច្បារអំពៅ បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មានថា នាង​មានការ​​ព្រួយបារម្ភពីសុវត្ថិភាព នៅពេលនិយាយរិះគន់ចំណុច​ខ្វះខាតរបស់​អ្នកមានអំណាច ឬថ្នាក់ដឹកនាំ។ កញ្ញាបន្តថា៖ “ភ័យខ្លាចគេចាប់យកទៅខាតបង់ការសិក្សាអីច្រើនចឹងណាស់ខាតនឹងពេលវេលាមាសប្រាក់មាក់ប៉ាយើងអីចឹង”។ ការលើកឡើងរបស់យុវតីអាយុ១៨ឆ្នាំរូប ដោយយោងទៅលើករណីជាក់ស្តែងមួយដែលមានយុវតីឈ្មោះ ដែត ម៉េងគាង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៥ខែមករា ដោយចោទថាប្រើគណនេយ្យហ្វេសប៊ុក​ឈ្មោះ គីម បុប្ជា ដែលបានសសេរសារប្រឌិតថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណៈភាពខណៈលោកទៅពិនិត្យសុភាពនៅប្រទេសសឹង្ហបុរី។ ការឃាត់យុវតីរូបនេះមិនមែនជាករណីទី១នោះទេ។ កន្លងមកនិស្សិតដែលផ្ញើសារគំរាមកំហែងបោកគ្រាប់បែកសម្លាប់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីចុងឆ្នាំ២០១៥ ក៏ត្រូវបានឃុំខ្លួន​មួយរយៈ។ ក្រោយមកត្រូវ​បានដោះលែងវិញក្រោយពីឪពុកម្តាយស្នើសុំការអភ័យទោសពីលោក ស ខេង។ មកដល់ដើមឆ្នាំ២០១៦នេះលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តីបានប្តឹងម្ចាស់គណ​ហ្វេសប៊ុកមួយ ឈ្មោះ ឆំា ច័ន្ទ​នី ដែលបានបង្ហោះសារលើហ្វេសប៊ុក​រិះគន់ថាលោក ហ៊ុន ម៉ាណែត រួមទំាងម្តាយ ប៊ុន រ៉ានី ថាពួកគេ​នៅពីក្រោយឧកញ៉ាពីររូប​នៃការកាប់បំផ្លាញព្រៃឈើនៅទិសឥសាន។ ដើរចេញពីហាង internet មួយកន្លែងស្ថិតនៅក្បែរផ្សារថ្មីយុវជន​ រី ធារិទ្ធិ  បាន​ផ្តំាផ្ញើទៅយុវជន យុវតី និងអ្នកប្រើហ្វេសប៊ុកទំាងអស់មុននឹងចែករំលែកឬផុសព័ត៌មាន​និងសសេរផ្តល់យោបល់ (Comment)​ លើហ្វេសប៊ុក​ត្រូវ​ប្រុងប្រយ័ត្នបើប្រើពាក្យរិះគន់បុគ្គលណាមួយត្រូវ​និយាយរឿង​ពិតទន់​ភ្លន់​លើដើម្បីជៀសវាងការចោទប្រកាន់និងការចាប់ខ្លួន។ រដ្ឋាភិបាលកម្ពុជា​បាននិងកំពុងធ្វើ​សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង Internet នេះ ប៉ុន្តែសង្គមស៊ីវិលព្រួយបារម្ភថាបើច្បាប់នោះចេញមកដោយ​មិនបានពិគ្រោះយោបល់ជាមួយ​សង្គមស៊ីវិលនិងភាគីពាក់ព័ន្ធទេនឹង​ធ្វើឲ្យ​ប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ឈរនៅមុខសាលារៀនឯកជនមួយស្ថិតនៅម្តុំផ្សារអូឡំាពិចយុវជន គាន សម្បត្តិ ស្នើទៅរដ្ឋាភិបាលបើកចិត្តឲ្យទូលាយក្នុង​ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះដើម្បីទុកឱកាសឲ្យ​ប្រជាពលរដ្ឋបានលើកពីចំណុចខ្វះខាតរបស់រដ្ឋាភិបាលនិងធ្វើការកែលំអឡើងវិញទើប​ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន។ ប្អូនប្រុសបានបន្ថែមថា៖ “មនុស្សម្នាក់ៗយើងត្រូវការសេរីភាពចឹងគួរតែបើកទូលាយឲ្យដើម្បីឲ្យមនុស្សយើងទាំងអស់ជួយវៀកញៀកជួយស្ថាបនាគ្នាទាំងអស់គ្នាបើអត់ឲ្យនិយាយអីខ្លអចេះតែទៅទៅតែឯងទៅអត់ដឹងខុសដឹងត្រូវឥលូវហ្នឹង”។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាករណីសមត្ថកិច្ចឃាត់ខ្លួន និងចាប់ខ្លួនអ្នក​ដែលប្រើហ្វេសប៊ុកកន្លងមកនោះដោយសារពួកគេ​បញ្ចេញ​មតិ​រិះគន់​ហួសដែនកំណត់នៃច្បាប់​។ លោកបានបន្តថា៖ “ពាក្យខ្មែរបើយើងល្អវាមិនអីកុំប្រមាថកុំអីការបញ្ចេញមតិស្ថាបនាអីវាជារឿងមួយល្អទេឧទាហរណ៍ថាបានរិះគន់ហ្នឹងចង់និយាយថាបណ្ឌបើកបរអីចឹងបានប្រយោជន៍ដែល ដល់រំលឹករឿងហ្នឹងសម្តេចនាយករដ្ឋមន្ត្រីត្រូវស្លាប់អីចឹងរឿងហ្នឹងអត់បានទេត្រូវតែគុកហើយហ្នឹងប្រមាថហើយ”។ លោក ខៀវ សុភ័គ បន្ថែមថាមានហ្វេសប៊ុក​មួយចំនួនម្ចាស់ខ្លួនមិនដឹងថាត្រូវបាន​គេលួច​ប្រើដើម្បីសរសេរគំរាមសរសេរជេប្រមាថលើបុគ្គលណាមួយ។ លោកបានឧទាហរណ៍ជាក់ស្តែងករណីយុវតី​ម្នាក់ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះ គីម បុប្ជា ត្រូវ​បានគេលួចហេកចូលសរសេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកផ្តំាទៅអ្នកលេងហ្វេសប៊ុកទំាងអស់ថាបើមានអ្នកលួចគណនេយ្យរបស់ខ្លួនបុគ្គលនោះត្រូវ​ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីការពារខ្លួនកុំឲ្យ​មាន​បញ្ហាប្រឈមកើតឡើងនៅថ្ងៃក្រោយ។ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុកលោក ណៃ វ៉ង់ដា យល់ស្របនឹង​ការលើកឡើងរបស់លោក ខៀវ សុភ័គ ដែលថាមិនឲ្យ​សរសេរលើហ្វេសប៊ុក​ជេប្រមាថលើបុគ្គលណាមួយ។ ប៉ុន្តែលោកថាបើមានបុគ្គលណាម្នាក់ដាក់ពាក្យ​បណ្តឹងទាក់ទងនឹងការជេរប្រមាថឬគំរាមកំហែងនៅលើហ្វេសប៊ុក នោះរដ្ឋាភិបាល​ត្រូវ​អនុវត្តច្បាប់ឲ្យ​មានតម្លាភាពរវាងអ្នកមាននិង​អ្នកក្រ។ លោកបន្ថែមថា​៖ “បើកាលណាចាប់គឺចាប់ទាំងអស់គ្នាអ្នកដែលកន្លងមកមានការគំរាមគំហែងដល់អ្នកនយោបាយគណបក្សប្រឆាំងអីចឹងណាស់គេឃើញថាឥលូវនេះគឺស្ងាត់ហើយអត់ទាន់ឃើញមានចាត់វិធានការអីទេប៉ុន្តែអ្នកផ្សេងទៀតដែលរិះគន់ទៅបក្សកាន់អំណាចឃើញថាមានការចាប់ការដាក់ពន្ធនាគាររហូតដល់សព្វថ្ងៃនេះចឹងបានន័យថាច្បាប់នេះអនុវត្តអត់បានស្មើភាពគ្នាហើយបើអនុវត្តត្រូវអនុវត្តឲ្យស្មើភាពគ្នាមិនចឹងទេមិនខុសអីពីយើងចាប់ម្ខាងឲ្យម្ខាងទៀតវ៉ៃទេ”។ កាលពីចុងឆ្នាំ២០១៥លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលើហ្វេសប៊ុក​របស់លោកថាសុំឲ្យអ្នកប្រើហ្វេសប៊ុកទំាងអស់បញ្ចេញមតិប្រកបដោយក្រមសីលធម៌ខណៈអ្នកប្រើហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ៣លាននាក់។​ មកដល់ពេលនេះ មានយុវជនយ៉ាងតិច៣នាក់ហើយ ត្រូវជាប់ពន្ធនាគារ ដោយសារតែរិះគន់តាម​ហ្វេសប៊ុកទៅលើមន្រ្តីរដ្ឋាភិបាល។ យុវជនម្នាក់អាយុ២៥ឈ្មោះ ម៉ាន់ សំអ៊ាន់ ដែលជាចៅរបស់មេភូមិក្នុងខេត្តកំពង់ធំត្រូវបានសមត្ថកិច្ចចាប់ដាក់​​ពន្ធនាគារ​ដោយចោទថាបានសរសេរសារ​គំរាម​តាម​ហ្វេសប៊ុកសម្លាប់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​​។ ចំណែកយុវជន ផង់ សីហា វ័យ២៧ឆ្នាំត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៥ ពីបទគំរាមតាមហ្វេសប៊ុកសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជាខណៈដែលយុវជន ឈ្មោះ គង់ រៃយ៉ា ត្រូវបានឃុំខ្លួនដោយជាប់ចោទ​ពីបទគំរាមតាមហ្វេសប៊ុកធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com  

បទយកការណ៍៖ យុត្តិធម៌​​សម្រាប់​​​សពលោក ជា វិជ្ជា នៅ​ឆ្ងាយដូចជើងមេឃ

ថ្ងៃទី22 មករា 2016, 07:47 AM

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ១២ឆ្នាំមុន មានករណីបាញ់សម្លាប់មេដឹកនាំកម្មករល្បីឈ្មោះមួយរូបដែល​​អង្គុយ​អានកាសែតនៅ​ក្បែររបង​វត្ត​លង្ការ ក្នុងរាជធានីភ្នំពេញ។ អតីត​ប្រ​ធាន​សហជីព​ដ៏​ល្បី​ឈ្មោះនោះគឺលោក ជា វិជ្ជា​។ អស់​រយៈពេល​ជាងមួយទស្សវត្សរ៍​មកហើយ  ​ឃាតកពិតក្នុង​ឃាត​កម្ម​នេះ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោសនៅឡើយ។ ប្អូ​នប្រុស​លោក ជា វិជ្ជា គឺលោក​ ជា មុនី ដែល​សព្វថ្ងៃ​កំពុង​ដឹក​នាំ​សហជីព​សេរីកម្មករនៃ​ព្រះ​រាជាណាចក្រ​កម្ពុជាបន្ត​ពី​បង​ប្រុស ឲ្យដឹងថា​យុត្តិ​ធម៌​សម្រាប់​បង​ប្រុស​របស់​លោកហាក់​នៅ​ឆ្ងាយនៅឡើយ។ លោក​មាន​ប្រ​សាសន៍​ថា៖ “ហើយ​បើ​និយាយ​ទៅ​ហាក់​បី​ដូច​ជា​ថារដ្ឋា​ភិបាល​ហ្នឹង​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ណាស់ខិត​ខំ​ស្វែង​រក​ឃាតកអី ប៉ុន្តែ​ខ្ញុំ​ឧស្សាហ៍​ឆ្លើយដែរ​ថានេះ​គ្រាន់​​តែ​ជាមាន់​រងាវ​ទេ ប៉ុន្តែវាអត់​ទាន់​ភ្លឺ​ទេ ប៉ុន្តែ​ខ្ញុំ​ជម្រាម​ជូន​ថា​មក​ដល់​ឥឡូវហ្នឹង​អត់​ទាន់​ឃើញ​ស្រមោល​យ៉ាងណា​ទេ”។ ក្រុម​គ្រួ​សារ​លោក​ ជា​ វិជ្ជា កំពុង​រង់​ចាំ​យុត្តិ​ធម៌​ដែល​រដ្ឋា​ភិបាល​សន្យា​ថា​នឹង​ស្វែង​រក​ឃាតករ​សម្លាប់​លោក​ជា វិជ្ជាមក​ផ្តន្ទា​ទោស​។ កាលពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ​រដ្ឋា​ភិបាលកម្ពុជា​បាន​បង្កើត​គណៈកម្មការអន្តរក្រ​សួង​ស៊ើប​អង្កេតពិសេសមួយ​ដើម្បី​វែក​មុខ​ឃាតករ​ដែលសម្លាប់មេដឹកនាំសហជីពចំនួន៣រូប ដែលឃាតកម្មទាំងនោះ​ក្រុមមន្រ្តី​សិទ្ធិ​មនុស្ស ចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងមន្រ្តី​មាន​អំណាច។ ​ប៉ុន្តែ​រយៈពេល​ជាង​៤​ខែ នៃការស៊ើបអង្កេតជាថ្មី​នេះ ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធ​ផល​​នៅ​ឡើយ។ លោក ជា​ មុនី ឲ្យ​ដឹង​ថា​លោក​មិន​សូវ​មាន​ជំនឿ​លើ​គណៈកម្មការ​មួយ​នេះ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លោក​ថាលោកនៅ​តែបន្ត​រង់​ចាំ​លទ្ធ​ផល​ស៊ើប​អង្កេត​ពីគណៈ​កម្មការ​មួយ​នេះ ខណៈលោក​មិន​អាច​ធ្វើ​អ្វី​បាន​លើស​ពី​នេះ។​​​ លោក​បន្ត​ថា៖​​ “អ៊ីចឹង​មក​ដល់​ច្ចុប្បន្នហ្នឹងសម្រាប់​យុត្តិ​ធម៌​របស់​លោក​ ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ដែល​ជា​មេ​ដឹក​នាំ​សហជីព​ក្នុង​រោងចក្រនិងមេ​ដឹក​នាំ​សហជីព​ថ្នាក់​ជាតិ​អ៊ីចឹង បីនាក់​ហ្នឹង​គឺ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ”។ លោក ជា មុនី រំឭក​ពី​វីរភាព​បងប្រុសរបស់លោកថាជាមនុស្ស​ដែល​មាន​គោល​ការ​ណ៍ប្រ​ជាធិបតេយ្យ​ក្នុងការ​ដឹកនាំ សហជីពនិង​ចង់​ស្វែង​រក​យុត្តិ​ធម៌​ផ្នែក​ការ​ងារ​ដល់កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។ លោកបន្ត​ថា លោក ជា វិជ្ជា បាន​ដឹកនាំ​​កម្មករ​ធ្វើ​បាតុកម្ម​ទាម​ទារឲ្យ​ថៅ​កែ​រោងចក្រ​គោរពច្បាប់​ការងារនិង​ទាម​ទារ​ឲ្យ​ថៅ​កែ​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​​ឲ្យ​កម្មករ។ រូបសំណាកលោក ជា វិជ្ជា ស្ថិតនៅ​ខាងលិចវិមានឯករាជ្យ​(ដោយ ទូច សុខា) លោក​បន្ថែម​ថា៖ “អ៊ីចឹង​សម័យ​មុន​លោក ជា វិជ្ជា ធ្វើ​ខ្លាំង​ណាស់ ទី​១​គាត់​ធ្វើ​សកម្មភាព​ឲ្យ​កម្មករ​ហ្នឹង​គាត់​ចេះ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន ពីមុន​អត់មាន​នរណា​ធ្វើ​បាតុកម្ម​កូដកម្ម​ទេ តែ​ជា វិជ្ជា ហ្នឹង​នាំ​គេ​ធ្វើ​បាតុកម្ម​កូដកម្ម​ ហើយ​ព្រោះ​គាត់​មើល​ឃើញ​ច្បាប់​ការងារ...អ៊ីចឹងពេល​ច្បាប់​ចេញ​មក​មាន​យុទ្ធនាការ​ទាម​ទារ​ឲ្យ​មាន​ការ​គោរពច្បាប់ គោរពសិទ្ធិកម្មករ ទាម​ទារ​លក្ខខណ្ឌការងារ​ ទាម​ទារ​ប្រាក់​បៀវត្សរ៍​ ទាម​ទារ​ឲ្យមាន​តុលាការងារងារ អ៊ីចឹង​លោក​ ជា វិជ្ជា គាត់ធ្វើ”។ លោក ជា មុនី អះអាងថា​ឃាតកម្ម​លើ​បងប្រុស​របស់​លោកគឺ​កើត​ឡើង​ដោយសារតែ​សកម្មភាព​របស់​លោក​ជា វិជ្ជា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រ​យោជន៍​របស់​បុគ្គល​មាន​ប្រាក់ឬ​មាន​អំណាច​មួយ​ចំនួន។ លោក​ឲ្យ​ដឹងថា​មុន​ពេល​ឃាតកបាញ់សម្លាប់​នោះ លោក​ជា វិជ្ជា បាន​រង​នូ​វការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ។ លោក ជា មុនី បញ្ជាក់​ឲ្យដឹងទៀតថាក្នុងរយៈពេល​ជាង​៣ឆ្នាំក្នុងនាម​ជា​ប្រ​ធាន​សហជីព លោក ជា វិជ្ជា មិន​ត្រឹម​តែ​រង​ការ​គំរាមឬ​សម្លុត​ពី​សំណាក់​ជន​មិន​ស្គាល់​មុខប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថា លោក ជា វិជ្ជា ក៏​ធ្លាប់​ទទួលការ​គំរាមពី​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែលសម្លុត​​ឲ្យ​គាត់​ឈប់​ធ្វើ​សកម្មភាព​ដឹក​នាំ​កម្មករ​តវ៉ាទៀត​​ផង។ លោក​បន្តថា៖ “ក្នុង​ការ​គំរាម​​សម្លាប់​ហ្នឹង លោក ជា វិជ្ជា មុន​ពេល​គេ​បាញ់ គេ​គំរាម​សម្លាប់​ដែរតើ គេ​គំរាម​ឲ្យ​រត់​ឲ្យ​អី​អ៊ីចឹងទៅ​ណា ប៉ុន្តែដូច​លោក ជា វិជ្ជា ដូច​ខ្ញុំ ដូច​អ្នក​សហជីព​អី​ដែល​ចំៗរបស់​វាហ្មង​គឺ​កម្រខ្លាច​កម្រ​ស្លុត​ណាស់...អ៊ីចឹងមាន​ន័យ​ដូច​គ្នា​អ៊ីចឹង កាល​លោក​ជា វិជ្ជា គេគំរាម​កំហែង​គាត់​ខ្លាំងណាស់​ដែរ”។ ប្អូន​ប្រុស​លោក ជា វិជ្ជា រូប​នេះនិយាយថា​​អាជ្ញា​ធរ​ហាក់ខ្វះ​ឆន្ទៈក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​បងប្រុស​របស់​លោក ដោយ​លោក​អះអាងថា​ភត្តុតាងនិង​សាក្សីមាន​គ្រប់​គ្រាន់​សម្រាប់​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ឃាតក។ ​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថាគណៈកម្មការ​អន្តរក្រ​សួង​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​ទាក់​ទង​នឹង​ឃាតកម្ម​លើ​លោក​ ជា វិជ្ជា នៅ​ឡើយ​ទេ។ ទោះ​យ៉ាងណា លោក​ថាករណី​របស់​លោក​ ជា វិជ្ជា សមត្ថកិច្ច​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន ដោយ​មិន​ទាន់​បញ្ចប់​សំណុំ​រឿង​នៅ​ឡើយ។​ លោក​បន្ថែម​ថា៖ “មិនទាន់​បិទទេ មិនទាន់​បិទសំណុំ​រឿង នៅ​តែបន្ត មិន​ទាន់​មាន​ព័ត៌មាន​អី​ថ្មី​ទេ”។ ក្រោយពី​ឃាតកបាញ់​សម្លាប់​ប្តី ភរិយាលោក ជា វិជ្ជា​ ដែល​កាលនោះ​កំពុង​មាន​ផ្ទៃ​ពោះ​និង​កូន​ស្រី​ម្នាក់របស់​គាត់ ​ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​​ជួយ​រៀបចំឯកសារ​ឲ្យ​ទៅ​រស់​នៅ​ប្រ​ទេស​ហ្វាំងឡង់។ ដោយ​ឡែកបុរសពីរនាក់ គឺ​លោក ប៊ន សំណាងនិង​លោក សុខ សំអឿន ​ត្រូវ​បាន​សម្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទប្រ​កាន់​ថា​ជាប់ពាក់​ព័ន្ធ​ករណី​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ប៉ុន្តែ​សង្គម​ស៊ីវិលក៏​ដូច​ជា​ក្រុម​គ្រួសារ​ លោក ជា វិជ្ជា ចាត់ទុក​អ្នក​ទាំងពីរ​ថា​ជា​ឃាតកសិប្បនិម្មិត។ ប៉ុន្តែលោក ប៊ន សំណាង និងលោក ​សុខ សំអឿន ត្រូវ​ជាប់ពន្ធ​នាគា​អស់​រយៈពេល​ប្រមាណជា៥ឆ្នាំ ​ទម្រាំតុលាការរក​ឃើញ​ថាអ្នក​ទាំងពីរ​គ្មាន​កំហុស ហើយដោះលែងវិញ។​​ លោក ប៊ន សំណាង និង​សុខ សំអឿន ក្រោយ​ពេល​ដោះលែង នៅពេល​តុលាការ​រកមិនឃើញ​ថា​មានកំហុស​បាញ់សម្លាប់លោក ជា វិជ្ជា​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី២២ ខែ​មករា ក្រុម​គ្រួ​សារ​សព លោក ជា វិជ្ជា ក៏​ដូច​ជា​កម្មករ​រាប់រយនាក់​ទៀត តែង​ប្រារព្ធ​ខួ​ប​នៃការ​បាញ់​សម្លាប់នោះនិង​ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក​របស់​លោក ជា វិជ្ជា នៅ​លើ​សួន​ច្បារ​ខាង​លិចវិមាន​ឯករាជ្យ។ នៅ​ឆ្នាំនេះ សាលារាជធានី​ភ្នំពេញអនុញ្ញាតឲ្យ​មាន​ការ​ដាក់​កម្រង​ផ្កាលើរូសំណាក​លោក ជា វិជ្ជា ប៉ុន្តែសាលារាជធានីមិន​អនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនឬឃោសនា​សារ​នយោបាយ ដែល​សាលារាជធានីយល់ថា​នាំឲ្យប៉ះពាល់​ដល់​រដ្ឋាភិបាល ព្រះ​មហាក្សត្រនិង​ប្រ​ទេស​​ជិត​ខាង​ឡើយ។​​​ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត យល់​ឃើញ​ថានិទណ្ឌ​ភាព​នៅ​តែ​បន្ត​កើត​មាន​ ដរាបណា​ឃាតក​សម្លាប់​លោក​ ជា វិជ្ជា នៅមិន​បាន​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់។ លោក​​បន្ថែម​ថា៖ “យើ​ងឃើញ​ថា​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេតស្វែង​រក​ជន​ដៃ​ដល់ ស្វែង​រក​យុត្តិ​ធម៌ជូនក្រុម​គ្រូសារលោក ជា វិជ្ជា នោះ​ហាក់​ដូច​ជា​នៅ​ជើង​មេឃ ទោះបី​ជា​រដ្ឋាភិបាលដែល​ប្រ​កាស​បង្កើតគណៈកម្មការស៊ើប​អង្កេតករណី​បាញ់សម្លាប់​លោក ជា វិជ្ជា...អ៊ីចឹង​យើង​ឃើញ​ថាការ​ស៊ើប​អង្កេតកន្លងមកនេះវាគ្មានតំរុយ​​ឆ្ពោះទៅ​រកឃាតកពិតនៅ​ឡើយទេបាទ"។ លោក ជា មុនី មាន​ប្រ​សាសន៍ថា ​លោក​ ជា​ វិជ្ជា​ ស្លាប់​ក្នុង​ន័យ​ការពារ​សិទ្ធិ​សេរីភាព​ជូន​កម្មករ ដែល​លោក​ថា ជាការស្លាប់​ដោយ​មាន​កិត្តិយស។ លោក​បន្ថែម​ថា៖ “គាត់ស្លាប់​ទៅ​មែន ប៉ុន្តែ​គាត់​មាន​កិត្តិយស ដោយសារគាត់​ធ្វើសកម្មភាព​មិន​មែន​ដើម្បី​ផ្ទាល់​ខ្លួនឯង គាត់​ធ្វើសកម្មភាព​ជាសាធារណៈ​ គាត់​ធ្វើ​កម្មកភាព​ដើម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​យល់ពី​សិទ្ធិ​សេរីភាព...អ្វី​ដែល​លោក​ជា​ វិជ្ជា ធ្វើ​សម័យ​នោះ បច្ចុប្បន្ន​បង្ហាញកាន់​តែច្បាស់​ថា កាលនោះ​ពិត​ជា​ខ្លាំង​មែន មនុស្ស​ដែល​ក្លាហាន មនុស្ស​ដែល​ដឹកនាំ​អ៊ីចឹង​(មាន)តិច​ណាស់”។ គួរ​បញ្ជាក់​ថាសមត្ថកិច្ចកម្ពុជាក៏នៅ​មិន​ទាន់​វែក​មុខ​ជន​ដៃដល់ក្នុងករណី​ប្រ​ហាក់​ប្រ​ហែល​គ្នានេះ​​​ ដូចជា តារាចម្រៀង​ ទូច ស៊ុន​និច តារាចម្រៀង ពៅ បញ្ញាពេជ្រ និងឃាតកដែល​បាញ់សម្លាប់​សិល្បៈករ ពិសិដ្ឋ ពីលិកា រួមជាមួយ​អ្នក​សារព័ត៌មាននិង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត​៕ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

បទយកការណ៍៖ ពលរដ្ឋបារម្ភពីការបណ្តេញចេញបើព័ត៌មានពីគម្រោងអភិវឌ្ឍផ្លូវដែកថ្មីនៅតែបិទបាំង

ថ្ងៃទី19 មករា 2016, 04:05 PM

ប្រជាសហគមន៍ផ្លូវរថភ្លើងមួយចំនួនបង្ហាញការភ័យខ្លាចថាពួកគេអាចនឹងត្រូ​វ​អា​ជ្ញា​ធរបណ្តេញចេញពី​​​​លំ​​​នៅដ្ឋានទាំងបង្ខំ​ដូចអតីតសហគមន៍ដទៃទៀតដែលរដ្ឋាភិបាលបានបណេ្តញចេញ​​រួច​​​ហើយនោះបើព័​ត៌​មា​​ន​​នានាស្តីពីការដោះ​ស្រាយសំណង​នៃផលប៉ះពាល់ពី​​គម្រោ​​​​​ងសាងសង់ផ្លូវដែក​លើ​អាកាសនៅ​តែ​ប​​ន្តបិទបាំង។ ពលរដ្ឋថា៖ “ចង់ដឹងការអភិវឌ្ឍ ការអភិវឌ្ឍរបស់រដ្ឋាភិបាលអាស្ពានល្បឿនលឿនតើប៉ះពាល់ផ្ទះពលរដ្ឋអត់។ ចង់ដឹង​អាត្រង់​ហ្នឹង!​ ពួកយើងខ្ញុំទាំងអស់គ្នាចង់ឲ្យគាត់បើកវេទិកាដើម្បីចង់ដឹងពីយន្តការដោះស្រាយហ្នឹង គាត់​[រដ្ឋាភិបាល]នឹង​មាន​យន្ត​ការ​បែប​ណាសម្រាប់ដោះស្រាយផលប៉ះពាល់លើពល​រដ្ឋដែល​រស់នៅ​តាមផ្លូវដែ​កហ្នឹង”។ ក្នុងពិធីសម្ពោធ​ស្ពានអាកាសតិច​ណូឬស្ពាន៥​មករា​កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៦ លោកនាយករដ្ឋ​ម​ន្ត្រី​បា​ន​ប្រកា​សថា​លោក​បានឯកភាពរួចហើយចំពោះគម្រោង​សាងសង់ផ្លូវ​អា​កាស​រថ​​​ភ្លើងក្នុង​ល្បឿន​លឿនពីស្ថានីយ​រថភ្លើង​មុខទីស្តីការ​គណៈ​រដ្ឋមន្រ្តីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បី​កាត់​បន្ថយការក​ក​​ស្ទះ​​​ចរាចរណ៍។ ប៉ុន្តែ​ប្រជាសហគមន៍នៅតាមផ្លូវរថភ្លើងដែលអះអាងថារងផលប៉ះពាល់ពី​គម្រោងអភិវឌ្ឍ​​ន៍ផ្លូវដែកល្បឿ​នលឿ​ន​នោះនិ​យា​យ​ប្រហាក់​ប្រហែលគ្នាថាពួកគេមិនបានទទួល​ព័ត៌មានពីអាជ្ញាធរឬពីម​ន្ត្រីនៃក្រសួ​ងពា​ក់​ព័ន្ធ​រប​​​ស់​រដ្ឋាភិបាលចំពោះគម្រោង​នេះ​នៅឡើយទេ។ ចាស់ទុំមួយរូបរស់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក នូ សារិន អះអាងថាការមិន​ទទួលបាន​ព័ត៌មានពីយន្តការដោះស្រាយរបស់រដ្ឋាភិបាលបែបនេះបុរសអាយុជាង៥០ឆ្នាំរូបនោះអះអា​ងទាំងសម្តីម៉ាត់ៗថាពួកគេ​អាច​នឹង​មាន​វាសនាដូចសហគមន៍ដទៃទៀតដែល​រដ្ឋាភិបាលបាន​បណ្តេញ​ចេញរួចទៅហើយនោះ។ លោកថា៖ “ពីព្រោះប្រទេសខ្មែរយើងបើមានការអភិវឌ្ឍទីណាប្រជាពលរដ្ឋរមែងតែង​រងទុក្ខ។ ​ទី១ សំបុកចាបបូឌីង បុរីកីឡា​ជាពិសេសចុងក្រោយនេះ​គឺបឹង​កក់​តែ​ម្ត​ងពីព្រោះបឹងកក់និងកន្លែងខ្ញុំគឺជាប់គ្នាពីព្រោះអានេះវាជាមេរៀនរបស់អ្នក​អភិវឌ្ឍន៍”។ អ្ន​ក​​ភូមិផ្សេងទៀតដែលកំពុងអង្គុយជុំគ្នាខណៈអ្ន​ក​យកព័ត៌មានVODចុះដល់មូលដ្ឋានផ្ទាល់នោះបាន​និយាយដែរថាការ​មិន​ទទួល​បានព័ត៌មានពីគ​ម្រោ​ងអភិវឌ្ឍន៍ធ្វើឲ្យ​ពួក​គេ​ដេកមិនលក់មិនហ៊ាន​ចេញ​ទៅ​ប្រកបមុខរបររកស៊ីដោយខ្លាចមាន​ព្រឹត្តិ​ការណ៍ការបណ្តេញដែ​ល​ពួក​​គេធ្លា​​​ប់ឃើញកន្លងទៅ។  ស្ត្រីរូបនោះបន្តថា៖ “មិនមែនបារម្ភតិចទេណាស់! បារម្ភខ្លាំងណាស់! ដល់គេដេញទៅមិនដឹង​​ទៅរស់​នៅ​ឯ​​​ណាឆ្ងាយផ្សារ​កូនរៀនមិនដឹងទៅរៀនឯណាឯណីហ្នឹង! ”។ បុរស​ម្នាក់ទៀតដែលអះអាងថាជាមន្ត្រីនគរបាលបានប្រជ្រៀតអ្នកភូមិដើម្បីបាន​​បង្ហាញពី​ទុក្ខក​ង្វល់​រប​​ស់ខ្លួនទាំងសុំមិន​ឲ្យ​បញ្ចេញឈ្មោះថាលោកពេញចិត្តនឹងប្រសាសន៍ប្រមុខរដ្ឋាភិបាលនៅពេលស​ម្ពោធ​ស្ពា​នអា​កាសតិចណូដែលលោកថា​លោកនាយករដ្ឋមន្ត្រីតម្រូវ​ឲ្យភា​គីក្រុមហ៊ុន​ត្រូវ​ចុះ​ជួប​ពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយពីការអនុវ​ត្តគម្រោងផ្លូវអាកា​ស​ក្នុងល្បឿន​លឿននេះ។ ប៉ុន្តែ​​មន្ត្រីនគរបាលរូបនោះបារ​ម្ភថាបើមន្ត្រីថ្នាក់ក្រោមបែរជាមិនអនុវត្តតាមអនុសាសន៍នេះធ្វើឲ្យគ្រួសារគាត់ដែល​មាន​ជីវភាពក្រីក្រស្រាប់និងអ្នកភូមិផ្សេងទៀតដែ​​​ល​​រ​ង​​ផលប៉ះពាល់នឹង​រិតតែ​ជួប​ការ​លំបាករកទីបំផុតគ្មាន។ លោកមានប្រសាសន៍ថា​៖ “ជួបការលំបាកច្រើនណាស់សម្រាប់អ្នកក្រអ្នកធ្វើសំណង់នៅភ្នំពេញធ្លាប់ជិះម៉ូតូ២៥០០​[រៀល]ដល់​កន្លែងធ្វើ​សំណង់​ដល់ទៅដល់កន្លែងបណ្តេញចេញជិះ២០០០០ទើបដល់កន្លែងធ្វើការទាំងទៅទាំងមក។ ហើយលោក​វិភាគមើល​អា​ហ្នឹង​ជាការប្រឈមរបស់អ្នកក្រអាហ្នឹងជាបញ្ហាសម្រាប់ពួកខ្ញុំ។ អញ្ចឹងសូមឲ្យរដ្ឋាភិបាលជួយផ្តល់ព័ត៌មានជាបន្ទាន់មុនធ្វើការ​អភិវឌ្ឍដើម្បីពួកខ្ញុំពិចារ​ណាថា​​អាចទ​ទួល​យក​​​បា​ន​អត់ទុកពេលវែងសម្រាប់ចរចា”។ បើ​តាមរ​ដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​លោក​ ត្រាំ​ អ៊ី​វ​តឹក ដែលបាន​ឲ្យអ្នកសា​​រព័ត៌​មាន​ដឹង​នា​​ពេ​ល​​ថ្មី​ៗនេះ ផ្លូវ​អាកាសរថភ្លើងមួយ​ខ្សែនោះលោកថាក្រុម​ជំនាញ​ផ្នែក​គូរ​ប្លង់​មក​ពីប្រទេសចិន​បា​​នដា​ក់ប្ល​ង់​​​​​ឲ្យ​កម្ពុជាជ្រើសរើស។ រដ្ឋមន្ត្រីរូបនោះបញ្ជាក់ថាជម្រើស​A​​ចាប់ផ្ដើម​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទៅ​ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិភ្នំ​​ពេ​​ញ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨​គីឡូ​ម៉ែត្រ​។ ជ​ម្រើស​B​គឺ​សង់​ពីលើ​ផ្លូវ​រថភ្លើង​ក្បែរ​សក្យមុនី​ចេតិយឆ្ពោះទៅ​កាន់​ព្រ​លាន​យន្ដហោះ​មាន​ប្រវែង​ជាង​៨​គី​ឡូ​ម៉ែត្រ​និង​ជម្រើស​C​ ត្រូវ​សាងសង់​កាត់​លើ​ផ្លូវ​ក្បែរ​ស្ថានទូត​បារាំង​ទៅ​កាន់​អង់​តែ​ន​ទួល​គោក​និង​កា​ត់​​​តាម​ផ្លូវ​ឧកញ៉ា​ម៉ុង​ ឫ​ទ្ធី មាន​ប្រវែង​ជិត​១១​គីឡូម៉ែត្រ​។​ ប៉ុន្តែលោកមិនបានប្រកាសពីការពីយន្តការនៃការដោះស្រាយផលប៉ះពាល់ទេដោយអះអាងថាគម្រោង​នោះ​ស្ថិតក្នុង​ការ​សិ​​ក្សានៅឡើយ។ ទោះ​ជា​យ៉ាងណា សាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយ​របស់ខ្លួនថាផ្លូវអាកាសរថភ្លើងក្នុងល្បឿនលឿននេះនឹ​ង​​ចាប់​សាង​សង់​ពី​ស្ថាននីយរថភ្លើងចាស់ឆ្ពោះទៅកាន់ព្រលានយន្តហោះភ្នំពេញដែលនឹងចាប់​ផ្តើមសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ​២០២១។ បើតា​ម​​សា​​​លា​​​រាជ​​​ធានីភ្នំពេញផ្លូវដែកថ្មី​​ល្បឿន​​លឿននោះគ្រោងនឹងចំណាយថវិកាអស់៣៦០លានដុល្លារ។ ជាងនេះទៅទៀតប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងសាធារណការនិងដឹកជញ្ជូនលោក ពៅ ឡាធី បានការពារ​ភាពត្រឹម​ត្រូវ​របស់រដ្ឋាភិបាលមុនមន្ត្រីជំនាញចុះអនុវត្តគម្រោងនេះប្រាប់សហ​គមន៍ដែលប្រ​មូល​ផ្តុំគ្នា​ទៅ​សួរព័ត៌មានកាល​ពីថ្ងៃទី១១​ខែ​មករា​ថាគ្មានហេតុផលណាដែលរដ្ឋាភិ​បាល​ត្រូវ​បណ្តេញ​ពលរដ្ឋដើម្បីបើ​​កដៃឲ្យក្រុមហ៊ុនវិនិយោគដូចការដែល​អ្នកភូមិ​ព្រួយ​បារម្ភនោះទេ។ លោកថា៖ “ការអភិវឌ្ឍប្រកបដោយនិរន្តរភាពហើយពលរដ្ឋយើងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត​ទៅថ្ងៃក្រោយ។ យើងមិនមែនដេញប្រជាជនដើម្បីអភិវឌ្ឍទេ! គឺរដ្ឋាភិបាលអត់មានធ្វើអញ្ចឹងទេ”។ នាយក​ប្រតិបត្តិអង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី ដែលតាមដានករណីនេះអះអាងថាលោ​កមិ​នទា​​ន់ទទួ​លបាន​ព័ត៌មាន​ពី​​រដ្ឋាភិ​​បាលនៅឡើយចំពោះយន្តការផ្តល់សំណងឲ្យពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុង​ល្បឿ​នលឿននេះ។ ចំណែក​អ្នករងផលប៉ះពាល់​ពិតប្រាកដពីគ​ម្រោងនេះក៏​មិ​នត្រូ​វទម្លា​យ​ឲ្យដឹ​ងដែរ។ ប៉ុន្តែលោកថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ជារឿងចាំបាច់ហើយយន្តការដោះស្រា​យ​ដោយ​​តម្លា​ភាពជាកត្តាសំខាន់​ដែល​លោកថារដ្ឋាភិបាលមិនត្រូវមើលរំលងសម្រាប់​ពលរដ្ឋដែលរង​ផល​ប៉ះ​ពា​​ល់ដើ​​ម្បី​​ឲ្យពួ​កគេរស់នៅបានសមរម្យ។ លោកមានប្រសាសន៍ថា​៖ “យើងសង្ឃឹមថាបទពិសោធន៍កន្លងទៅហ្នឹងរដ្ឋាភិបាលនឹងពិនិត្យនិងកែលម្អដោយមាន​ការចូលរួមពី​ភាគី​ពាក់​ព័ន្ធ។ បើតាមការប្រជុំរវាងសហគមន៍និងរដ្ឋាភិបាល យើងឃើញថារដ្ឋាភិបាលមានគ​ម្រោងក្នុងការសិក្សានិងជជែក​ជាមួយ​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ អញ្ចឹងនេះជាសញ្ញាមួយ​ល្អ! ហើយយើងគិត​ថាជាការចាប់ផ្តើមធ្វើយ៉ាងណាដើម្បី​បញ្ចៀស​ផលប៉ះពា​ល់ទៅដល់ប្រជាពលរ​ដ្ឋកុំឲ្យកា​​រកើ​ត​ឡើងដូចកន្លងទៅវាកើតឡើងម្តងទៀត”។ ទោះជាយ៉ាងណា ក្រុមអ្នកភូមិដែលអះអាងថារងផលប៉ះពាល់ពីគម្រោងផ្លូវដែកនេះទទូចឲ្យមន្រ្តី​រដ្ឋាភិបាលនិង​ក្រុម​ហ៊ុនដែល​ធ្វើ​ផ្លូវរថភ្លើងថ្មីនេះចុះជួបពួកគេផ្ទាល់ដើម្បីជជែកពីការដោះ​ស្រាយ​សំណងមុនដំណើរការអនុវត្តគម្រោងដើម្បីធានាថាការ​អភិ​វឌ្ឍ​នេះទទួលបាន​ប្រយោជន៍ទាំងអស់គ្នា។ ស្ត្រីរូបនោះថា៖ “​កាលបូរីកីឡាបឹងកក់អីចឹងមិនទាន់ចរចាជាមួយប្រជាពលរដ្ឋផងមានការបូមខ្សាច់ចាក់ព​ន្លិចអញ្ចឹង។ អញ្ចឹង​ខ្ញុំ​សំ​ណូមពរឲ្យក្រុមហ៊ុននិងរាជរដ្ឋាភិបាលហ្នឹងចរចាជាមួយប្រជាពលរដ្ឋសិន ចាំធ្វើការអភិវឌ្ឍក្រោយ”៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To