ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

តារាអាយ៉ៃ​ជើងចាស់ ​​ឈិន ឈាង ឈឺធ្ងន់

ថ្ងៃព្រហស្បតិ៍ ទី16 កក្កដា 2015, 07:15 AM

ស្ងាត់​ពី​​​​​​​ការ​បង្ហាញ​ខ្លួន​តែ​ប៉ុន្មាន​ឆ្នាំ​សោះ ​ ​តារា​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​​​ដែល​​គេ​​ស្គាល់​ច្បាស់​​​ក្នុង​ពិភព​អាយ៉ៃ​​គឺ​​​លោកតា​​ ឈិន ឈាង ​ឬ​ស្មៀន​ឈាង បាន​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​។​ អ្វី​ដែល​គួរ​​ឲ្យ​​រន្ធត់​ចិត្ត ​គឺជំងឺ​​របស់​​​​លោក​ជា​ជំងឺ​​កាច​សាហាវ ព្យាបាល​​មិន​ជា​​ឡើយ។ អ្នក​ស្រី ​​​អ៊ុក សុផា ជា​ភរិយានិង​ជា​​​​តារា​ចម្រៀង​អាយ៉ៃ​ជើង​​ចាស់​​​​ដូច​គ្នាបាន​ថ្លែង​ក្នុងពេល​តារា​សិល្បៈ​​ចុះ​សួរ​សុខ​ទុក្ខ កាល​ពី​ថ្ងៃ​ទី​​​​១៥ ​កក្កដា ​​​​​​ថាស្វាមី​របស់​អ្នក​ស្រី​មាន​ជំងឺ​​ត្បៀត​សរសៃ​ឈាម​ក្នុង​​​​​ខួរ​ក្បាល​ប្រមាណ​ជា​១៣​ឆ្នាំ​​មក​ហើយ ​ដោយ​សារ​តែ​​​​​លោក​ធ្លាប់​​មាន​គ្រោះ​ថ្នាក់​បុក​ក្បាល​យ៉ា​ងធ្ងន់​ធ្ងរ​មួយ​កាល​ពី​​នៅ​ក្មេង​។ អ្នក​ស្រី​​​​​​​និយាយ​​ថា៖«​​ជំងឺ​​ហ្នឹង​​ធ្វើ​ទុក្ខ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ហ្នឹង ទើប​គាត់​ចេះ​តែ​សើច​ម្នាក់​ឯង​ព្រោះ​​បញ្ជា​ខួរ​​ក្បាល​អត់​កើត អញ្ចឹង​ហើយ​ទើប​​គាត់​​​លែង​ហ៊ាន​ឡើ​ង​ឆាក​​​ប៉ុន្មាន​ឆ្នាំ​ហ្នឹង ដោយនៅ​​​ថត​តែសំឡេង​​ទុក​​ចាក់​តាម​វិទ្យុជាតិ​និង​​នៅ​តែ​បង្ហាត់​អាយ៉ៃ​​នៅ​សាលា​វិចិត្រសិល្បៈ​ មុន​ពេល​គាត់​ធ្ងន់​ធ្ងរ​!»។ លោ​កត្រូវក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​ដល់ប្រទេស​​ថៃ និង​វៀតណាម​ស្ទើរ​តែ​អស់​លទ្ធភាព​ ទម្រាំ​តែ​មាន​ស្មារតី​​​បាន​ប្រក្រតីដូច​ដើម នា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ យ៉ាង​ណា​មិញលោក​នៅ​តែ​មិន​អាច​បន្ត​អាជីព​​​​​​អាយ៉ៃ​​ដោយ​ឡើង​ច្រៀង​​លើ​ឆាក​បាន​ទេ ដោយ​សារ​តែ​ជំងឺនេះ​​បាន​កើត​ឡើង​។ ​អ្នក​ស្រី​​និយាយ​ថា៖«​​អស់​ពី​​​​ត្បៀត​សរសៃ​​​​ឈាម​ក្នុង​ខួរ​ក្បាលធ្វើ​ទុក្ខ ​​ប្រហែល​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​ហ្នឹង គាត់​​ចេះ​តែ​ចុក​ក្នុង​ពោះ​ ​​ហើយ​ពួក​យើង​ស្មាន​តែ​គាត់​មាន​​ដុំ​គ្រួស​ក្នុង​ប្រម៉ាត់​​គឺ​ដើរ​មើល​​ឡើង​ចង់​សព្វ​ពេទ្យ​អស់​ហើយ​ ទើ​ប​តែ​ទៅ​វៀតណាម​កាល​ពី​​២០​ថ្ងៃ​មុន​ហ្នឹង​ទេ ​ទើបពេទ្យ​ប្រាប់​ថា​គាត់​មាន​ដុះសាច់​​មហារីក​ក្នុង​ប្រម៉ាត់ គឺ​​​ស្ថិត​ក្នុង​សភាព​​​​ពិបាក​ព្យាបាល​!»។ ​ អ្នកស្រី​បន្ត​ថា​​​ជំងឺ​​​នេះ​ក្រុម​គ្រូពេទ្យ​​នៅ​ប្រទេស​​វៀតណាម​​​ទទូច​ឲ្យ​ពុះ​ខ្លួន​ស្វាមី​អ្នក​ស្រីជា​ពីរ ទើប​អាច​​​វះ​​យក​​ដុំ​សាច់​​កាច​នោះ​បាន ខណៈ​ការ​វះ​កាត់​ក៏​​ស្ថិត​ក្នុង​សភាព​ផ្សង​ព្រេង ​មិន​ច្បាស់​រឿង​ជា​សះ​ស្បើយ។ អ្នក​ស្រី​​និយាយ​ថា៖«​​​ពេទ្យ(នៅ​ប្រទេស​វៀតណាម)ថា ​ប្រមាត់​ហ្នឹង​​គឺ​​ទាល់​តែ​​​ពុះ​ខ្លួន ​ហើយ​​បា-​យក​ ​ក្រពះពោះ​វៀន ថ្លើម​សួត​អី​ចេញ​​សិន​ ទើប​អាច​​​​​វះ​យក​​ដុំ​សាច់​ហ្នឹង​​បាន ​អញ្ចឹង​ហើយ​ទើប​​ខ្ញុំ​ និង​កូន​ចៅ ​​​សុខ​ចិត្ត​អត់​ឲ្យ​គាត់​វះ​ទេ ​​ព្រោះ​ស្ដាប់​ទៅ​​វា​​វេទនា​ពេក ហើយ​​ពេទ្យ​ថា​​មិន​​​​​​​ទុក​ចិត្ត​រឿង​​ជា​ទៀត​!»។ មក​ទល់​ពេល​នេះ ​លោក​ ឈិន ឈាង ​​​​​មាន​អាយុ​​៦៧​ឆ្នាំ។ លោក​មាន​​​សភាព​ទ្រុឌទ្រោម​សុខ​ភាព​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយ​​​​មិន​អាច​ដើរ​បាន​ច្រើន ​ហូប​​អី​មិន​សូវ​បាន ហើយ​​​មាន​សភាព​អស់​កម្លាំង​​មិន​ដូច​មនុស្ស​ដែល​​​មាន​​សុខភាព​ប្រក្រតី​ផង​ដែរ ពិសេស​ក្នុង​ពេល​ដុំ​សាច់​មហារីក​ធ្វើ​​ទុក្ខ​។ លោកតា​​ ឈិន ឈាង និង​ភរិយា លោក​សុះ ម៉ាច ​ប្រធាន​សមាគមសិល្បៈករខ្មែរ​​ដែល​បាន​​ដឹក​នាំ​​​តារា​សិល្បៈ​​​​​ចុះ​ទៅ​សួរ​សុខ​ដល់​ផ្ទះ​ ​បាន​អះ​អាង​ថា​​​សមាគម​​មាន​​​គម្រោង​​​​​​​​​​​ធ្វើ​យុទ្ធនាការ​គៀរគររក​​​​ជំនួយ​ជួយ​ដល់​​​​​​​វីរ​សិល្បករ​អាយ៉ៃ​​​​ទាំង​ពីរ បើ​ទោះ​ជា​​ជីវភាព​ជាក់​ស្ដែងរបស់​លោក​តា​ឈិន ឈាង និងអ្នក​ស្រី​អ៊ុក សុផា មិនខ្សត់​ខ្សោយ​ខ្លាំង​ក៏ដោយ​។ ​លោក​​និយាយ​ថា៖«​ទោះ​ជា​កូន​ចៅ​របស់​​​លោក​​តា​ឈិន ឈាង មិន​ជា​លំបាក​ ប៉ុន្តែ​ក្នុង​នាម​​​​គាត់​ជា​​​តារា​​ជើង​ចាស់ ហើយ​មាន​ជំងឺ​អស់​សង្ឃឹម​អញ្ចឹង ​​​​​​​​​សមាគម​មិន​អាច​​​​​នៅ​ស្ងៀម​បាន​ទេគឺ​ខ្ញុំ​នឹង​​​អាច​ពិភាក្សា​ជា​មួយ​សមាជិក​​​​រៀប​ចំ​​​​​ជាការ​​ប្រគំ​តន្ត្រី​​រក​មូល​និធិ​ជួយ​គាត់ ​​​ប៉ុន្តែ​មិន​ទាន់​​​​​​​​ដឹង​ពេល​ណា​នៅ​ឡើយ​ទេ គឺ​ចាំ​មើល​ពួក​ខ្ញុំ​​​​ប្រជុំ​សិន​!»។ លោក​ កុយ ស៊ីឌឿន ទីប្រឹក្សា​​​​ក្រសួង​​ព័ត៌មាន​​​​និង​ជា​​​​​​ក្រុម​ប្រឹក្សាភិបាល​ថ្មី​របស់​សមាគម​សិល្បករខ្មែរបាន​អះ​អាង​ថាសម្រាប់​លោក​មិន​មែន​ជា​​​លើក​ទី​១​នោះ​ទេ ​ក្នុង​ការ​គៀរគរ​​តារា​សិល្បៈ ជា​ពិសេស​​​​​​​​​​តារា​​សិល្បៈ​ក្នុង​​​​ក្លិប​សិល្បៈ​​ឌីភី​​របស់​ខ្លួន ​ឲ្យ​ចុះ​មក​​សួរ​សុខ​ទុក្ខ​បែប​នេះដល់​​​​​​​​​លោក​តា​​ស្មៀន​ឈាង។ ​លោក​​និយាយ​ថា៖«​​​​​ក្នុង​​នាម​​សមាគម(សិល្ប​ករ​ខ្មែរ)ជា​លើក​ទី​១  ប៉ុន្តែ​​​កន្លង​មក​ខ្ញុំ​បាន​យក​​​​ជំនួយ​មក​​ជូន​គាត់​​​ច្រើន​លើក​មក​ហើយ​តាម    ​រយៈ​​ក្លិប​សិល្បៈ​​ឌីភី និងហាង​កែ​សម្ផស្ស​របស់​ភរិយា​ខ្ញុំ! ម្យ៉ាង​ខ្ញុំ​គិត​ថា​​​បើ​យើ​ង​អ្នក​មាន​លទ្ធភាព​មិនជួយ​​បំផុស ​​តើ​​​​​​​​​អ្នក​ជំនាន់​​ក្រោយ​ណា​គេ​​ដឹង?​ មិន​មែន​តែ​គាត់​ម្នាក់​ទេដែល​ខ្ញុំ​ធ្វើ​អញ្ចឹង ​និយាយ​រួម​ឲ្យ​តែ​ដឹង​ថា​​​​​តារា​​​​​សិល្បៈ​ណា​​​​​​ឈឺ​ អ្នក​​ណា​លំបាក។ ខ្ញុំ​​​បបួល​ប្អូន​ៗ​បង​ៗ​ជា​តារា​សិល្បៈ​​​​ចុះ​ទៅ​អញ្ចឹង​រហូត ព្រោះ​ខ្ញុំ​មិន​ចង់​ឮ​គេ​ថា​​តារា​យើង​​ជុំ​គ្នា​តែ​ពេល​​ជប់​លៀង​ ​​ឬ​ផឹក​ស៊ី​ទេ គឺ​ត្រូវតែស្រាក់​ដៃ​គ្នា​​​ពេល​​មាន​អ្នក​​ឈឺ ឬ​មាន​ទុក្ខ ហើយ​ខ្ញុំ​ក៏​ឃើញ​​​ប្អូន​ៗ​បង​ៗ(តារា​សិល្បៈ)​យើង​ច្រើន​​​ ​​​ចេះ​​ចូល​រួម​ជា​មួយ​ខ្ញុំច្រើន​ដែរ​!»។ លោក​​ ​គន់ រៀម​រតនៈ ហៅ​សាន់ ​វីហ្សា ​ជា​តារា​សិល្បៈ​ស្រករ​ក្រោយ​បាន​ថ្លែង​​​ក្នុង​ពេល​​ចុះ​សួរ​សុខ​ទុក្ខ​នោះដែរ​ថា ​​​លោក​មិន​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​​​លោក​តាស្មៀន​ឈាង​នោះ​ទេ ​​​​បើ​ទោះជា​​លោក​បាន​ប្រឡូក​សិល្បៈ​យូរ​ឆ្នាំ​ក៏​ដោយ​។ លោក​ទទូច​​​ឲ្យ​មាន​ការ​​ចូល​រួម​បែប​នេះ​​​​​បាន​​កាន់​តែ​ច្រើនចំពោះ​តារា​សិល្បៈជើង​ចាស់​ដែល​បាត់​បង់​​សមត្ថភាព ដើម្បី​​ពង្រីក​សកម្មភាព​របស់​​​សមាគម​សិល្បករ​ខ្មែរ និង​ដើម្បី​​​ប្រែ​ក្លាយ​​វប្បធម៌​​កាត់​ផ្ដាច់​​​រវាង​ក្រុម​សិល្បករ​ជើង​ចាស់និង​ជើង​ថ្មី ​​​​ឲ្យ​​មាន​ការ​​សហការ​គ្នា​​ និងជួយ​​​ចែក​រំលែក​គ្នា​​៕​ សរសេរមកកាន់លោក​វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
សាសាទារសំណង​​​ពីឧកញ៉ា៥លានដុល្លារ ​ដោយ​យក៥០%ជួយ​សង្គម

ថ្ងៃអង្គារ ទី14 កក្កដា 2015, 07:19 AM, (2)

អតីតពិធីការិនី​CTN  ​នាង ឯក សុជាតា ហៅ​សាសា ដែល​រង​ការ​វាយ​ដំ​ពី​ឧកញ៉ាម្នាក់​ បានត្រឡប់​មក​ពី​​​​​ពិនិត្យ​ភ្នែក និង​​មើល​ស្នាម​របួស​​ពី​ប្រទេស​ថៃ​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​​១៣ កក្កដា ​ វេលា​ម៉ោង​​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់​។ ​​​​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​នាង​ប្រកាស​ថា​​ចង់​បាន​​សំណង​ជំងឺ​​ចិត្ត​រហូត​ដល់​​​​៥​លាន​ដុល្លារ​ និង​បាន​ប្រកាស​ថា​​បើ​ទោះ​ជា​​​ខាង​តុលាការ​​​សម្រេច​​នាង​​បាន​សំណង​ប៉ុន្មាន​ក៏​ដោយ ក៏​នឹង​​​ប្រគល់​​​​៥០ភាគរយ​​ដាច់​ខាត​​​ ជួយ​ដល់​សង្គម និង​មូលនិធិ​​ស្រ្តី​​​រង​គ្រោះ​។ ​ការប្រើ​ហិង្សា​មក​លើ​កញ្ញាសាសាបាន​​កើត​ឡើង​​​តាំង​ពី​​យប់​ថ្ងៃ​​១ឈាន​ចូល​​​ព្រឹក​ថ្ងៃ​ទី​​២ ខែ​កក្កដា​​ ប៉ុន្តែ​​សាសា​អះអះ​អាង​មក​ពីការ​ដាក់​ពាក្យ​បណ្ដឹង​មិន​ទទួល​បាន​​​​ប្រតិកម្ម​​តប​តាម​ការ​ចង់​បាន ​ទើប​នាំ​ឲ្យ​មាន​ការបង្ហោះជា​​​វីដេអូឃ្លីបធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្ដង​។ ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​VODតាម​ទូរស័ព្ទ​បន្ទាប់​ពី​ចុះ​​ពី​លើ​​យន្ត​ហោះ  ​នាង​និយាយ​ថាស្ថានភាព​មុខ​របួសរបស់​នាង​​មិន​មាន​បញ្ហា​ស្នាក​ស្នាម​​លើ​ផ្ទៃ​​មុខ និង​ជាំ​រង្វង់​ភ្នែក​​ដូច​មុន​ទៀត​ទេ ប៉ុន្តែអ្វី​ដែល​នៅ​​ជា​​​​បញ្ហា​ចោទ គឺ​​​​​​​នៅ​ស្រវាំង​​ភ្នែក​ និង​​ហឹង​ត្រចៀក​នៅ​ឡើយ​។ ​​នាង​​គ្រោង​ទៅ​ជួប​ក្រុម​គ្រូពេទ្យ​ថៃ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ដ៏​ខ្លី ប្រសិន​បើ​​ស្ថានភាព​​​នេះ​​នៅ​មាន​បញ្ហា​។ ​​អតីត​តារា​រូប​នេះ​និយាយ​ថា«​​អ្នក​ខ្លះ​ថា​ខ្ញុំ​ទៅ​​​ព្យាបាល​នៅ​សិង្ហបុរី ​និង​ខ្លះ​​ថា​ខ្ញុំ​​​នៅ​ចរចាជា​សម្ងាត់ជា​មួយ​​​ម្នាក់​ហ្នឹង​(ឧកញ៉ា​សុខ ប៊ុន​) ប៉ុន្តែ​ខ្ញុំ​ទៅ​​បាង​កក​ទេ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​អត់​មាន​អី​​​ជា​សម្ងាត់​ទេ ​ទោះ​ជា​​គាត់​ត្រូវ​បង់​សំណង​ឲ្យ​ខ្ញុំ ក៏​​មិន​អាច​គេច​ផុត​ពី​​ទោស​ព្រហ្មណ្ឌ​បាន​ដែរ!»។ ​ នាង​​អះ​អាង​ថាមិន​ដឹង​ពី​​ការ​​​​​​​​​​​ការ​អះ​អាងថា​​នាង​​​​​​ដាក់​​​​​​​សំណង​ទាមទារ​១​លាន​ដុល្លារ​ដោយ​របៀប​ណា​នោះ​ទេ ដោយ​​សារ​តែ​​​​​​ពេល​កន្លង​មក គឺ​នាង​មិន​​ដែល​​បញ្ជាក់​ពី​រឿង​​​​ជំងឺ​​ចិត្ត​។ យ៉ាង​ណា​មិញ នាង​​​​​សារភាព​ថា​​ក្នុង​ការ​ទារ​សំណង​គឺ​ ​​​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ ដោយ​សារ​តែនាង​ចាត់​ទុក​ថា​​ការ​​វាយ​សម្រាត​​​​​ និង​​​អំពើ​​​ហិង្សាដែល​​លោក​ឧកញ៉ា សុខ ប៊ុន ​​និង​បក្ស​ពួក មក​លើ​នាង បាន​​​​​​​​​ធ្វើ​ឲ្យ​នាង​អាប់​ឱន និង​រង​នូវ​ភាព​អាម៉ាស់​ខ្លាំង​ក្លា​។ ​​​កញ្ញាសាសា​និយាយ​ថា«​​​​អ្នក​ណា​ក៏​ថា​​ម្នាក់​ហ្នឹង​​ជា​សេដ្ឋី និង​ជា​​​អ្នក​មាន​លុយ​ដែរ អញ្ចឹង​បើ​ខ្ញុំ​ទាតិច​ពេក ​ថ្ងៃ​ក្រោយ​​ប្រាកដ​ជា​​​​អាង​បោះ​លុយ​ហើយ​ធ្វើ​​​អញ្ចឹង​ដាក់​អ្នក​ផ្សេង​​ទៀត អញ្ចឹង​​សម្រាប់​ខ្ញុំ​គឺ​ចង់​ទា​​​៥​លាន(ដុល្លារ)​តែម្ដង ដើម្បី​​ឲ្យ​រាង​ចាល​ ​ ហើយ​កុំ​ថា​​​​​​​បង់​លុយ​ឲ្យ​​ខ្ញុំ​​ហើយ​រួច​ខ្លួន គឺ​អ្នក​ឯង​​​​ត្រូវ​ជាប់​ទោស​ព្រហ្មណ្ឌ​មួយ​ទៀត លើ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ខ្ញុំ​!»។ នាង​បន្ថែម​ថា​​​៥​លាន​ដុល្លារ​​វា​ហួស​ហេតុ​សម្រាប់​​​ថ្លៃសំណង ប៉ុន្តែ​​សម្រាប់​បុគ្គល​សំបូរទ្រព្យ​​អាង​អំណាច​គឺ​​​​​មិន​ច្រើន​នោះ​ទេ។ ម្យ៉ាង​ទោះ​ជា​នាង​​​ប្រកាស​ទា​តម្លៃ​​ប៉ុណ្ណឹង ប៉ុន្តែ​ធាតុ​ពិតស្ថិត​លើ​ប្រព័ន្ធ​ច្បាប់​​នោះ​ទេ ដែល​​នឹងសម្រេច​ត្រូវ​​​ឲ្យ​នាងទទួល​បាន​​​៥​លាន​ដុល្លារ​​បាន​ឬ​មិន​បាន​ ជា​ថ្នូរ​នឹង​ការ​បាត់​បង់​កិត្តិយស និង​​ការ​ខាត​បង់​​រាប់​មិ​ន​​អស់​។ សាសា​ប្រកាស​​ប្រគល់​ សំណង​ដែល​ខ្លួន​ទទួល​បាន​៥០ភាគរយ​នឹង​ត្រូវ​បរិច្ចាគ​​ដល់​​​​​​មន្ទីរពេទ្យ​គន្ធបុប្ផា ​​​ ​កាកបាទ​ក្រហម​កម្ពុជា​  ​​អង្គការ​ធ្វើ​ការជួយស្រ្តី​មាន​វិបត្តិ និង​​ជួយ​ដល់​មូលនិធិ​សង្គម​មួយ​ចំនួន ​​​​​​បន្ទាប់​ពី​បាន​ទទួល​ជំងឺ​​ចិត្ត​។ ​​​​​អតីត​តារា​​​​​រូប​នេះ​និយាយ​ថា«​ការ​ពិត​​​​​​៥​លាន​ដុល្លារ​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​​ចង់​ទារ​ប៉ុណ្ណឹង​ ទី​១គឺ​​​ម្នាក់​ហ្នឹងអួត​ខ្លួន​ឯង​ថា​មាន​ណាស់ ទី​២​​កិត្តិយសខ្ញុំ​​គឺ​​​​ខូច​ខាត​ធ្ងន់​ធ្ងរ​ណាស់ចាប់​តាំង​ពីរ​ង​គ្រោះ​ហ្នឹង! នោះ​ខ្ញុំ​អត់​និយាយ​រឿង​ខ្ញុំ​​​​ចំណាយ​​តាំង​ពី​មាន​រឿង​ហ្នឹង​ផង ហើយ​សំខាន់​ជាង​គេ​ គឺ​ខ្ញុំ​ចង់​ឲ្យ​​៥០ភាគរយនៃ​សំណង​ដែល​ខ្ញុំ​ទទួល​បាន មាន​ចំនួន​​​ច្រើន​សម្រាប់​ផ្ដល់​ឲ្យ​ដល់​សង្គម ដែល​ខ្ញុំ​សន្យា!»។ ​​ សាសាប្រាប់​​ថា​បណ្ដឹង​របស់​នាង គឺ​មាន​អង្គការ និង​ស្ថាប័ន​​​​​​​​ធំៗ​ ​ជួយ​អន្តរាគមន៍និង​​​​​​​​​​​​​ចេញ​មុខ​​​សង្កត់​លើ​ពាក្យ​បណ្ដឹង​​នោះ​យ៉ាង​ខ្លាំង ទើប​ធ្វើ​ឲ្យ​នាង​មើល​ឃើញ​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​មិន​អាច​​​​​​​​គេច​ផុត ទោះ​ជា​ឧកញ៉ា សុខ ប៊ុន ​ខ្នង​ក្រាស់​ក៏​ដោយ​។ ​​​នាង​បញ្ជាក់​បន្ថែម​ថា​សូម្បី​តែ​មិត្ត​ភ័ក្រ្ត​របស់​​នាង គឺ​នារីជា​​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​​​​​​លោក​ឧកញ៉ា​​បង្ខំ​​ឲ្យ​ចេញ​ទៅ​​ក្រៅ​ជា​មួយ​ខ្លួន រហូត​ក្លាយ​ជា​ជម្លោះ​បែក​ផ្សែង​នោះ ក៏​ត្រូវ​សាសា​​អះ​អាង​ថាបាន​ដាក់​ពាក្យ​ប្ដឹង​​​​​​ទៅ​លើ​ឧកញ៉ា​រូប​នេះពី​បទ​រំលោភសេពសន្ធវៈ បន្ថែម​លើ​ពាក្យ​បណ្ដឹង​របស់​នាង​​ផងដែរ​។ អតីត​​​​​​​​ពិធីការិនី​ប្រចាំ​​​កម្មវិធី​រាត្រី​កម្សាន្ត​រូប​នេះ​និយាយ​ថា«​ការ​ពិត​​មិត្ត​ភ័ក្រ្ត​​ខ្ញុំ​ជា​ជន​ជន​ជាតិ​ជប៉ុនហ្នឹង ដាក់​​​ប្ដឹង​តាំង​ពី​ដំណាល​ខ្ញុំ​ម្ល៉េះ ប៉ុន្តែ​​ខ្ញុំ​អត់​ទាន់​ចង់​និយាយ​​លម្អិត​ពី​បណ្ដឹង​គាត់​ទេ ​​ដោយ​សារ​តែ​ខាង​គាត់​​(នារី​ជប៉ុន​) មិន​​ចង់​​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ខ្ញុំសូម​ប្រាប់​ថា ​ម្នាក់​ហ្នឹង​ត្រូវ​​សង​ថ្លៃ​ខូច​ខាត​​ជម្ងឺ​ចិត្ត​ខ្ញុំ​​​​អត់​ក្រោម​ខ្ទង់​លាន​ទេ ​ហើយ​ទោះ​ជា​បាន​ប៉ុន្មាន​ក៏​ដោយ ខ្ញុំ​​នឹង​ប្រគល់​​​៥០%​ជួយ​ដល់​សង្គម​ភ្លាម​​​​​​​​​​​មិន​លាក់​សូម្បីមួយ​កាក់​មួយ​សេន​ទេ!»។ មក​ទល់​នឹង​ថ្ងៃ​នេះ ​នៅ​មិន​ទាន់​​ដឹងថា​ ឧកញ៉ា​​សុខ ប៊ុន ​​លាក់​ខ្លួន​នៅ​ទីណា​​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ក្រៅតែ​ពី​មាន​ការ​បញ្ជាក់​ថា​លោក​​ចេញ​ពីប្រទេស​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​​៧ កក្កដា ទៅ​កាន់​​ប្រទេស​សិង្ហបុរី​។ លោកស្រី ​​មូរ សុខ​ហួរ ​​តំណាង​រាស្រ្ត​គណបក្ស​​សង្គ្រោះជាតិ​ បាន​​​ផ្ញើ​​លិខិត​​ទៅ​កាន់​​​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ សុំ​​ឲ្យ​​​​អាជ្ញាធរ​​​​សិង្ហបុរី​​​ចាប់ឃាត់ខ្លួន​​​​លោក​​ឧកញ៉ា​រូប​​នេះ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​​​ឆ្លើយ​តប​នៅ​ឡើយ​ទេ​។ VODមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពីមេធាវី​របស់​លោក សុខ ប៊ុន បាន​នៅ​ឡើយ​ទេ។​ គួរបញ្ជាក់​ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុនTEHO Development  និង​ជា​ប្រធាន​​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​សណ្ឋាគារ​មួយ​កន្លែង​​ចំណាយ​ទុន​អស់​​កន្លះ​លាន​ដុល្លារ និង​បាន​​បណ្តាក់ទុន​៥០០​លាន​ដុល្លារ​ លើ​គម្រោង​សាងសង់​​ក្រុង​រណប​នៅ​ជ្រោយចង្វា​។ លោក​ក៏​គេ​ស្គាល់​​ថា​​​​ជា​​​ដៃ​មុខ​ជំនួញ​ធំ​ដុំ​​​​​ជា​មួយ​ក្រុម​ហ៊ុន​ធំៗ​នៅ​​​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ​៕  ​ អានអត្ថបទ៖ អតីតពិធីការិនីសាសា រក្សាជំហរ​ប្ដឹងឧកញ៉ា សុខ​ ប៊ុន​ ករណីហិង្សា​លើ​រូបនាង  សរសេរមកកាន់លោក វង្ស សុម៉ាលីន vongsomalin@yahoo.com          

[អានបន្ត]
សមាសភាពថ្មីនៃ​​សមាគម​សិល្បករ​ខ្មែរប្តេជ្ញា​ពង្រីកសកម្មភាព​​​​របស់ខ្លួន​

ថ្ងៃចន្ទ ទី13 កក្កដា 2015, 10:34 AM, (2)

កាល​ពី​ថ្ងៃ​ទី​​​​១២ ខែ​កក្កដា​ ​​សមាគម​សិល្បៈ​ករ​ខ្មែរ​បាន​ប្រកាសសមាសភាព​​​ថ្មីសម្រាប់​អាណត្តិ​ទី​៤​របស់​ខ្លួន ដោយ​​រុះ​រើ​សមាជិក​ចាស់​​​​​មួយ​ចំនួន ​ដែល​មាន​តែ​ឈ្មោះ តែ​គ្មាន​សកម្មភាព​ជួយ​​ដល់​សមាគម​។ ​ លោកសុះ ម៉ាច ដែល​ទើប​​​​​បាន​ក្លាយ​ជា​ប្រធាន​​ក្នុង​អាណត្តិ​ទី​៤ បាន​​អះ​អាង​ថា​​​​​ទាំង​ក្រុម​ប្រឹក្សា​ភិបាល និង​​​​​​ទីប្រឹក្សា​សមាគម​ដែល​​​​​​ខ្វះ​ការ​​​​​យក​ចិត្ត​ទុក​ចំពោះ​សមាគម​កាល​ពី​អាណ​ត្តិ​ចាស់ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​ជាឯកច្ឆន្ទ​។​ ការ​សម្រេច​​ផ្លាស់​ប្ដូរ​នេះធ្វើឡើង​​​​​បន្ទាប់​ពី​​សមាជិក​​ខ្លះ​​សុំ​ខ្លួន​លា​ឈប់ ខ្លះ​​​​សុំ​បន្ត​តែ​មិន​ព្រម​​​បង្ហាញ​ខ្លួន និង​​បន្ទាប់​ពី​មាន​ការ​​​ឯកភាព​ជា​ទូទៅពី​សំណាក់​​​​សមាជិក​សកម្ម​នៅ​ក្នុង​អាណត្តិ​ចាស់​។ ​​​ លោក​សុះ ម៉ាច និយាយ​ថា«​​នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ ​​ ​សមាគម​​ទាំង​មូល ​​​​​​ផ្លាស់​ប្ដូរ​​​​​​​​​ថ្នាក់​ដឹក​នាំ​​ច្រើន​មែន​ទែន ហើ​យ​​យើ​ងក៏​បាន​បន្ថែម​​​​​​​បុគ្គល​ដែល​មាន​​ឥទ្ធិពល​ជា​ច្រើន ដែល​មាន​ទឹក​ចិត្ត​​ចង់​ជួយ​​​​ដល់​សមាគម​របស់​យើង​ផង​ដែរ​​»។ ​

[អានបន្ត]
គូ​ស្នេហ៍​ចន ច័ន្ទ​លក្ខិណា ​ឆ្លើយ​តប​​​​​ការ​រិះ​គន់

ថ្ងៃសុក្រ ទី10 កក្កដា 2015, 07:42 AM

បន្ទាប់​ពី​មាន​​​ព័ត៌មាន​ថា​លោក ​ហេង ​ណារ័ត្ន ហៅ​ហេង ឡុង គ្រោង​បើក​អង្គការ​ធំ​​មួយ​​ឲ្យ​អ្នក​នាង​ចន​ ច័ន្ទ​លក្ខិណាធ្វើ​សកម្មភាព​​​​​​​មនុស្សធម៌ មាន​ការ​​រិះ​គន់​យ៉ាង​ចាស់​ដៃថា​​​ស្ថាប័ន​​នោះពិត​ជាស្ថិត​ក្រោម​​ឥទ្ធិពល​នយោបាយ ​និង​​ជា​មុខ​ជំនួញ​ថ្មី ​ដើម្បី​​​ចូល​ហោប៉ៅ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ដើម្បី​លើកមុខ​លើក​មាត់​​​ឲ្យ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណាតែ​ម្នាក់។ ក្នុង​បទសម្ភាសន៍​ជាមួយ​VOD បុរស​ជា​គូ​ស្នេហ៍​របស់​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​ លោក ​ហេង ណារ័ត្ន ​​​និយាយ​ថាលោក ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការគណរដ្ឋ​មន្ត្រី គឺ​ពិត​ជាអ្នក​ជ្រោម​ជ្រែង​​ឲ្យ​មាន​អង្គការ​«Our Community» ឬ​«សហគមន៍​យើង​» ដែល​លោក​គ្រោង​បង្កើត ប៉ុន្តែ​លោក​ថា​​​ស្ថាប័ននេះមិន​​​​​ពាក់​ព័ន្ធ​​​ ឬ​ស្ថិត​ក្រោម​​សម្ពាធ​គណ​បក្ស​​នយោបាយ​​នោះ​​ឡើយ​។ លោក​​​​បញ្ជាក់ថា«​ខ្ញុំ​​នៅ​តែ​និយាយ​ថា​អង្គការ​ហ្នឹងគឺ​​ឯក​រាជ្យ អត់​​​​បម្រើ​គណបក្ស​ណា​ទេ ចំណែក​លោក​ផៃ ស៊ីផាន គឺ​ខ្ញុំ​ពឹង​គាត់​ក្នុង​នាម​ជា​មិត្ត​ភ័ក្រ្ត និង​​ក្នុង​នាម​ដែល​គាត់​ជា​​មន្ត្រី​​​ដែ​ល​​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ច្បាប់​​​ឲ្យ​ពួក​យើង​​​ប៉ុណ្ណោះ​!»។ ​លោក​បន្ត​ថា​លោក​ពុំមាន​​​គម្រោង​គៀរ​គរ​តារា​សិល្បៈដែល​ជា​ស្ថាបនិក​ ​ និង​ជា​សមាជិកសំខាន់ៗ​​ ​ឲ្យ​ធ្វើ​សកម្ម​ភាព​បម្រើ​​បក្ស​នោះ​ទេ ដើម្បី​​​​​​កុំ​ឲ្យ​មាន​​ការ​រិះ​គន់ និង​រង​ការ​ចោទ​ថា​​ជា​ស្ថាប័ន​មិន​មាន​​​អព្យាក្រឹត។ លោក​និយាយ​ថា«​នៅ​ក្នុង​​អង្គការ​ខ្ញុំ​ហ្នឹង ​ពួក​ខ្ញុំ​នឹង​​​​ជ្រើស​​ក្រុម​​ប្រឹក្សា​ភិបាល​​សំខាន់​​​ចំនួន​​​​១០​រូបរាប់​ទាំង​ប្រធាន ហើយ​ពួក​គេ​ក៏​មានពាណិជ្ជករ​ផងដែរ ​ក្រៅ​ពី​អាមុំ​(ចន ចន្ទ​លក្ខិណា) និង​តារា​សិល្បៈ ​​ហើយ​ទោះ​ជា​ពួក​គាត់ ​មក​ពី​ប្រភព​ណា ប៉ុន្តែ​រាល់​​សកម្មភាព​នៅ​​​ទី​នេះគឺ​​​​​​អព្យាក្រឹតទាំង​អស់​​ ម្យ៉ាង​​យើង​ជា​ស្ថាប័ន​អង្គការ​បើ​​សមាជិក​​ទៅ​​ចេញ​មុខ​បម្រើ​បក្ស តើ​​​ទៅ​ច្រៀង​លក់​សំបុត្រ​​​​​យក​​លុយមិច​នឹង​កើត អ្នក​ណា​​គេ​ទិញ​មើល គឺ​មិន​អាចធ្វើ​សកម្មភាព​មនុស្ស​​​ធម៌​បាន​យូរ​ទេ​​!»។ លោក ​ហេង ​ណារ័ត្ន បាន​​​ប្រកាស​មិន​​ធ្វើ​សំណើ​សុំ​ជំនួយ​ពី​​មន្ត្រី​ណា ឬ​ពី​ស្ថាប័ន​ណា​​​​ ក្រៅ​តែពី​រៀប​គម្រោង​​​​​​សិល្បៈ​ចេញ​ច្រៀង​​​ប្រមូល​ប្រាក់​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ជាប់​សម្ពាធ​ពី​ម្ចាស់ជំនួយ​។ បើ​តាម​លោក​ ហេង ណារ័ត្ន សកម្មភាព​ចម្បង​​របស់​អង្គការគឺ​រក​មូលនិធិ​​ជួយ​ក្មេង​ក្រី​​ក្រ​ខ្វះ​លទ្ធភាព​ចូល​សាលា ជួយ​​​គ្រួសារ​ទុរគត​ ទីទ័ល​ក្រ ជួយ​ជីកអណ្ដូង​ដល់​សហគមន៍​ និង​សង់​សាលា​ជា​ដើម ​ដើម្បី​​ជា​ប្រយោជន៍​ដល់​​សហគមន៍​​ទាំង​មូល និង​​​​​​ឲ្យ​តារា​​សិល្បៈ​បាន​​បញ្ចេញ​​​ស្នាដៃ​​ជួយ​សង្គម ក្នុងកិច្ច​ការ​​មនុស្ស​ធម៌​​ជា​ទ្រង់​ទ្រាយ​ធំ​​​។ លោក ​​ហេង ណារ័ត្ន ​និយាយ​​ថាស្ថាប័ន​ដែល​គ្រោង​បង្កើត​ឡើង​​​​​ ​​មិន​មែន​ដើម្បី​រក​លុយ​​ធ្វើ​ជា​ប្រយោជន៍​នោះ​ទេ គឺ​​មានតែ​​លះ​បង់​​​​ថវិកាផ្ទាល់​ខ្លួន និង​ពេល​វេលា​ ដើម្បី​​ឲ្យ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​និង​តារា​សិល្បៈ​ទាំង​អស់ ​​​​​បាន​ធ្វើ​ឲ្យ​សកម្មភា​ព​មនុស្ស​ធម៌ ​និង​មាន​តម្លៃ​​​​​​​​​​បន្ថែម​ពី​លើ​កេរ្តិ៍​ឈ្មោះ​ជា​តារា​សិល្បៈ។ លោក​និយាយថា«​ចំពោះ​ចំណូលខ្ញុំ​ និង​​អាមុំ (ចន ច័ន្ទ​លក្ខិណា) ​ព្រម​ទាំង​ស្ថានិក​​ទាំង​អស់ បាន​គិត​​រួច​​ហើយ​​ថាបាន​មក​ពី​ណា ទី​១គឺ​​យើងចេញ​ ​ប្រគំ​តន្ត្រី​លក់​សំបុត្រ​នៅ​​ក្រៅ​ស្រុក ទី​២​ យើង​ធ្វើ​កម្មវិធី​សប្បុរសធម៌​ក្នុង​ស្រុក ​និង​ទី​៣​ គឺ​យើង​នឹង​ធ្វើ​​ឲ្យ​​​អង្គការ​នេះ​មាន​តួ​នាទី​ដូច​គ្នា​នឹង​​​​​ក្រុម​ហ៊ុនAgencyដែរ ដោយ​ស្វែង​​រក​ទីផ្សារ​ឲ្យ​តារា​​​​បាន​​ថត​ស្ពត ​ចេញ​សម្ដែង ឬ​ទទួល​ដើរ​ម៉ូដ ហើយ​យើង​កាត់​​​​ចំណូល​មក​ជួយ​​អង្គការ!»។ លោក​បន្ត​ថា​មក​ទល់​ពេល​នេះ លោក​បាន​​​​​​​ទទួល​ការ​សហការ​ជា​មួយ​​​​អង្គការ​ធំ​មួយ​​នៅ​ក្នុង​សហរដ្ឋអាមេរិក​រួច​ហើយ ដើម្បី​ដឹក​នាំ​តារា​​​​​ចេញ​​ច្រៀង​លក់​សំបុត្រ​​​​​នៅ​​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ​២០១៦​​ ​​និង​​​​​​កំពុងស្នើ​កិច្ច​សហការ​ជា​មួយ​​​​​សមាគម​ខ្មែរ និង​​អង្គការ​​​នៅ​ប្រទេស​អូស្រ្តាលី ​បារំាង និង​​បណ្ដាប្រទេស​​​ផ្សេង​ទៀត ដើម្បី​​ឲ្យ​អ្នក​នាង​ ចន ច័ន្ទ​​លក្ខិណា ដឹក​នាំ​​​តារា​សិល្បៈ​​​​​ចេញ​​ធ្វើ​សកម្មភាព​ច្រៀងរាំ​​​​​រក​កម្រៃ​ ដើម្បី​​មាន​ចំណូល​​​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​។ ​​​លោក​បញ្ជាក់​​ថា«​ខ្ញុំ​មិនដឹង​ថា ​ខ្ញុំ និង​អាមុំ​​បើក​អង្គការ​ហ្នឹង​តើ​បាន​ចំណេញ​ពី​ណា​ទេ​ បើ​រាល់​គម្រោង​ចេញ​​​​​​​​​​​ច្រៀង​លក់​សំបុត្រ​ ឬ​សកម្មភាព​​សិល្បៈ​ផ្សេង​ៗ គឺ​បើ​យើង​ខាត ​ខ្ញុំ និង​អាមុំ​ជា​អ្នក​ចេញ​ទាំង​អស់ តែ​បើ​ចំណេញ គឺ​យើង​នឹង​​​យក​លុយដាក់​​ចូល​អង្គការ ម្យ៉ាង​​នៅ​ក្នុង​​​​​​ក្រុម​អភិបាល​ទាំង​​១០​រូប​ហ្នឹង ​តើ​គេ​សុខ​ចិត្ត​​ឲ្យ​ពួក​ខ្ញុំ​យក​លុយ​​​​​មក​ចាយ​ខុស​ខ្ទង់​បាន​ទេ ​បើ​យើង​ចែង​​ច្បាប់​​​​មួយ​ឆ្នាំ​​​បោះ​ឆ្នោត​​ដូរ​ប្រធាន​ម្ដង និង​​៤​ខែ​​​​​​ធ្វើ​ការ​វាយ​តម្លៃ​​ពី​​ចំណាត់​ការ​​​របស់​​ប្រធាន និង​សមាជិក​ម្ដង​​ អញ្ចឹង​​បើ​​​​យើង​ចាត់ចែង​មិន​ត្រឹម​ត្រូវ គេពិត​ជា​​បោះ​ឆ្នោត​ទម្លាក់​ហើយ ព្រោះ​ច្បាប់​របស់​អង្គការ​ហ្នឹង គឺ​មិន​មែនជា​កម្មសិទ្ធិ​របស់​ខ្ញុំ ឬ​របស់​​អាមុំ​(ចន ច័ន្ទ​លក្ខិណា)​ទេ គឺ​របស់​ទាំង​អស់​គ្នា ដើម្បី​​​​​សង្គម​ទាំង​អស់​គ្នា»។ លោក ហេង ណារ័ត្ន លោក ហេង ណារ័ត្ន ឲ្យ​ដឹង​ទៀត​ថា​រាល់​តារាសិល្បៈ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​សមាជិក ​ ​នឹង​តម្រូវ​​​ឲ្យ​​​បង់​​វិភាគទាន​​​ក្នុង​មួយ​ថ្ងៃ​​មួយ​ដុល្លារ ឬ​​មួយខែ​​​៣០​ដុល្លារចូល​អង្គការ​ ​និង​ធ្វើ​​សកម្មភាព​ស្ម័គ្រ​ចិត្ត​ក្នុង​ជំហាន​ដំបូង ប៉ុន្តែ​ពួកគេ​នឹង​ទទួល​បាន​ឱកាស​ចេញ​ច្រៀង​ក្រៅ​ស្រុក​​​​យក​លុយ​ធីប​ផ្ទាល់​ខ្លួន ​​និង​​​​ទទួល​ការងារ​ថត​ស្ពត ​ឬ​​សម្ដែង​​ផ្សេង​ៗ ដែល​អង្គការ​ស្វះ​ស្វែងរក​​ឲ្យ​។ យ៉ាង​ណា​ក៏​ដោយ​លោក​ថាស្ថាបនិក​​​​អង្គការ​នឹង​មាន​​​​ប្រាក់​ខែ​ ដូច​គ្នា​នឹង​​​បុគ្គលិក​របស់​អង្គការ​​ទូទៅ​ បើ​​ចំណូលដែល​អង្គការ​​រក​បាន​មាន​ភាព​​រឹង​មាំ។ ​​ អានអត្ថបទ...  អតីតពិធីការិនីសាសា រក្សាជំហរ​ប្ដឹងឧកញ៉ា សុខ​ ប៊ុន​ ករណីហិង្សា​លើ​រូបនាង   ចន ច័ន្ទ​លក្ខិណា ម្ចាស់​ស្នេហ៍​បើក​អង្គការ​ឲ្យ​គ្រប់​គ្រង    ចន ច័ន្ទ​លក្ខិណា ​គូស្នេហ៍​បំពាក់​គ្រឿង​ពេជ្រ​​ថ្ងៃ​ខួប​កំណើត ​​ ​  លោក​ ហេង ឡុង ​និង​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​បាន​បដិសេធមិ​ន​​បង្ហើប​ឲ្យ​ដឹង​ពី​​ឈ្មោះ​របស់​តារា​សិល្បៈ ក្នុង​បញ្ជី​​ក្រុម​ប្រឹក្សាភិបាល​ទាំង​១០ ដោយ​សារ​អះ​អាង​ថា​អ្នក​ខ្លះ​នៅ​មាន​ការ​ដូរ​ផ្លាស់។ ប៉ុន្តែ​ក្នុង​ខែ​​កញ្ញា​​ខាង​មុខ ការ​បោះ​ឆ្នោត​​ជ្រើស​តាំងសមាជិក​សំខាន់​ៗ​​នឹង​ត្រូវ​ធ្វើ​ហើយ ​ដើម្បី​​​ដាក់​ចេញ​ផែន​ការ បើ​ទោះ​ជា​​​ឯក​សារ​បើក​អង្គការ​នៅ​មិន​ទាន់​ធ្លាក់​មក​។ ពាក់​ព័ន្ធ​នឹង​រូប​ថត​​​កូន​កំលោះ​កូន​ក្រមុំ ដែល​លោក​និង​ ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណាទើប​បង្ហោះ​ អ្នក​ទាំង​ពីរ​ប្រាប់​ថា មិន​មែន​ជា​រូបថត​​ត្រៀម​រៀ​ប​ការ​នោះ​ទេ គឺ​គ្រាន់​តែ​​​​​​​ថត​លេង​ទុក​ជា​អនុស្សាវរីយ៍ ក្នុង​ឱកាស​ដែល​អ្នក​​នាង​ចន ច័ន្ទ​លក្ខិណា ​​ចេញ​ទៅ​ថត​ម៉ូដ​​ឲ្យ​សម្អាង​ការ​ប៉ារ៉ាឌី​តែ​ប៉ុណ្ណោះ៕  សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
អតីតពិធីការិនីសាសា រក្សាជំហរ​ប្ដឹងឧកញ៉ា សុខ​ ប៊ុន​ ករណីហិង្សា​លើ​រូបនាង

ថ្ងៃព្រហស្បតិ៍ ទី9 កក្កដា 2015, 05:52 AM, (4)

ក្នុង​កិច្ច​សម្ភាសន៍​​​តាម​ទូរស័ព្ទ​​កាល​ពី​យប់​ថ្ងៃ​ទី​​​៨ ខែកក្កដា ក្រោយ​បែក​ធ្លាយ​​​វីដេអូ​វាយ​តប់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​​​​លោក​ឧកញ៉ា សុខ ប៊ុន  កញ្ញា ឯក ​សុជាតា ហៅ​សាសា ​ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​អតីត​ពិធីការិនីទូរទស្សន៍​CTNបាន​​ប្រាប់​VOD​ថាគ្មាន​ការ​ដក​ពាក្យ​បណ្ដឹង​នោះ​ទេ បើ​ទោះ​ជា​ភាគី​​​​​ខាង​ជន​​បង្ក​ហេតុ​​បាន​​​​​​​​​​​សុំ​សម្រុះ​​​សម្រួល​នា​ពេល​នេះ​។ ​យ៉ាង​ណា​ក៏​ដោយ នាង​នៅ​មិន​ទាន់​ដឹង​ថា​​​​​​សំណុំ​រឿង​របស់ខ្លួននឹង​មាន​​​​ដំណោះ​ស្រាយ​​​​​​​​​​បែប​ណា​​នៅ​ឡើយ​ទេ។ ​​អតីត​​ពិធីការិនី​រូប​នេះនិយាយថា​រឿង​ហេតុ​ដែល​បាន​កើត​ឡើង ​គឺ​​​តាំង​ពី​​យប់​ថ្ងៃ​​១ ឈាន​ចូល​​​ព្រឹក​ថ្ងៃ​ទី​​២ ខែ​កក្កដា​​នោះ​ម្ល៉េះ ប៉ុន្តែ​​មក​ពីការ​ដាក់​ពាក្យ​បណ្ដឹង​មិន​ទទួល​បាន​​​​ប្រតិកម្ម​​តប​តាម​ការ​ចង់​បាន ​ទើប​នាំ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​​បណ្ដឹង​ជា​ថ្មី និង​​​បង្ហោះ​វីដេអូឃ្លីបធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្ដង​។ សាសា​និយាយ​ថា​​៖«​​គ្រាន់​តែ​កើត​​ហេតុ​ភ្លាម ខ្ញុំទៅ​​​ប្ដឹង​នៅ​​​​​​​ការិយាល័យ​ព្រហ្មទណ្ឌ​នៅ​ក្រសួង​មហាផ្ទៃ​ភ្លាម កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​២ កក្កដា វេលា​ម៉ោង​​៨​ព្រឹក ប៉ុន្តែ​ពួ​ក​គាត់​អត់​​ឃើញ​ហៅ​ខ្ញុំ​​​ទៅ​ដោះ​ស្រាយ​អីទេ ​ទើប​ប៉ា​ខ្ញុំ​គាត់​ទៅ​ប្ដឹង​ម្ដង​ទៀត ហើយ​​​​​​​ក្រោយ​ពី​បាន​បង្ហោះ​វីដេអូឃ្លីប​​ហ្នឹង ទើប​ឃើញ​ថា​​មាន​ការ​ភ្ញាក់​ផ្អើល​​!»។ នាង​ទទួល​ស្គាល់​​​​​​ហេតុ​ការណ៍​ដែល​នាំ​ឲ្យ​កើត​​ជម្លោះ គឺបណ្ដាល​មក​ពី​កំហុសពាក្យ​សម្ដី​​​ម្ខាងៗ ប៉ុន្តែ​នាង​យល់​ថា​អំពើ​ហិ​ង្សា​ដែល​ជន​ល្មើស​បាន​បង្ក​ចំពោះ​ខ្លួន គឺ​មិន​អាច​ទទួល​យក​បាន ​​ទើប​គ្មាន​ការ​សម្រុះ​សម្រួ​ល​។ ​ក្នុង​ពេល​កើត​​រឿង នាង​មិន​បាន​ដឹង​ថាបុរស​ដែល​បាន​បង្ក​ហេតុ ​គឺ​ជា​ឧកញ៉ានោះទេ គឺ​រហូត​ទាល់​តែចប់​សព្វ​គ្រប់​ ទើប​មាន​​​ការ​​បញ្ជាក់​ថា​លោក​ គឺជា​ឧកញ៉ា​​សុខ ប៊ុន ដែល​ជា​អ្នក​ជំនួញ​​វ៉ាល់​​លាន និង​មាន​ក្រុម​ហ៊ុន​រាប់​មិន​អស់​​ក្នុង​ដៃ​។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ នាង​អះ​អាង​ថាមិន​​ខ្លាច​​​ចំពោះ​​សុវត្ថិភាពនោះ​ទេ គឺ​នៅ​តែ​រក្សា​ជំហរ​​​​​​បន្ត​ពាក្យ​បណ្ដឹង​រហូត​​​​ជន​ដែល​បង្ក​ស្នាម​របួសចំពោះ​ខ្លួន ​​ទទួល​ទោស​តាម​ច្បាប់​។ អតីត​តារា​រូប​នេះ​និយាយ​ថា៖«​ក្រោយ​ពេល​​​​​​ដឹង​ថា​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​​ ខាង​គាត់​​សុំ​​សម្រួល ប៉ុន្តែ​ប៉ា​ខ្ញុំ​គាត់​ដាច់​​ខាត​អត់​​ទទួល​ទេ ជាក់​ស្ដែង​ពេល​គាត់​បាន​​មើល​​​វីដេអូ​ឃ្លីប​ហ្នឹង​ហើយ​ គាត់​​​​កាន់​តែ​​​​ពុះ​កញ្ជ្រោល​ចង់​រក​ខុស​រកត្រូវ ព្រោះ​វា​សាហាវពេក ឥឡូវ​ហ្នឹង​ខ្ញុំ​​បាន​ឆ្លើយ​ទៅ​គាត់​(អ្នក​ទាក់​ទង​សម្រួល​)ថាបើ​ចង់​សម្រួល​ទៅ​​​​សម្រួលជា​មួយ​ប៉ាខ្ញុំ​ទៅ ហើយ​ខ្ញុំ​និយាយ​អញ្ចឹង​ព្រោះ​ខ្ញុំ​ដឹង​ថា​ប៉ា​ខ្ញុំ​គឺ​គាត់​​អត់​ដាច់​ខាតសម្រាប់​រឿង​ហ្នឹង​!»។ នាង​មិន​បាន​បញ្ជាក់​ពី​ការ​ទាម​ទារ​សំណង​​នៅ​ក្នុងពាក្យ​​បណ្ដឹង​នោះ​ទេ ដោយ​គ្រាន់​តែ​អះ​អាង​ថា​ត្រូវ​ការ​​ឲ្យ​ជន​បង្ក​ហេតុ និង​បក្ស​ពួកទទួល​ទោស​តាម​ច្បាប់ ​ឲ្យ​សម​នឹង​ទង្វើ​​ព្រៃ​ផ្សៃដមក​​លើ​រូប​នាងដែល​ជា​ពលរដ្ឋ​​​ម្នាក់​។ នាង​លើក​ឡើង​ថា«​ខ្ញុំ​អត់​និយាយ​រឿង​​​​ជំងឺ​ចិត្ត​អី​ទេ ​សុំ​ឲ្យ​តែ​កាត់​ទោស​គាត់​តាម​ច្បាប់​សិន​ឥឡូវ​ហ្នឹង​​!»។ មក​ដល់​ពេល​នេះ ​​បណ្ដឹង​​​របស់​នាង​បាន​ធ្លាក់​ដល់​ដៃ​​តុលាការ​ហើយ ដោយ​លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ​ទើប​នឹង​បានចេញ​ដីកាកោះ​ហៅ​លោក​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុនTEHO Development  និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា ​ដែល​​អ្នក​ណា​ក៏​ដឹង​ថា​បាន​បោះ​ទុន​រង្វង់​​៥០០​លាន​ដុល្លារ សង់​ក្រុង​រណប​នៅ​ជ្រោយចង្វា ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ កាល​ពី​​ថ្ងៃ​ទី​​៨ កក្កដា​។ ​​យ៉ាង​ណាក៏​ដោយ លោក​មិន​បាន​ចូល​ខ្លួន​តាម​ការ​កោះ​អញ្ជើញ​នោះ​ទេ ​ដោយ​​បន្ត​លាក់​ខ្លួន មិន​ទាន់​អាច​ទាក់​ទង​​បាន​នោះ​ទេ​​។ នេះ​បើ​យោង​តាម​ការ​អះ​អាងរបស់​មន្ត្រី​​​​​នគរបាល​ព្រហ្មទណ្ឌ ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ពាក់​ព័ន្ធ​នឹង​​​​​​​​​មូល​ហេតុ​ដែល​នាំ​​​​​​មាន​រឿង​​វាយ​តប់​នោះ​ កញ្ញា សាសា​ ប្រាប់​ថាខ្លួន​បាន​ទៅ​លេង​​ក្នុង​ហាង​ផឹក​ស៊ី​របស់​មិត្ត​ភ័ក្រ្ត​ជា​ជន​ជាតិ​ជប៉ុន​នៅ​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​កក្កដា ​​ឈាន​ចូល​ថ្ងៃ​ទី​​​២ កក្កដា​ ហើយ​ក៏​បាន​ជួប​លោក​​ឧកញ៉ា ​​សុខ ប៊ុន និង​​បក្ស​ពួក​ទៅ​​​ផឹក​ស៊ី​នៅ​ទី​នោះ​។ ​​បុរស​ដៃ​ដល់​បាន​ហៅ​មិត្ត​ភ័ក្រ្ត​​របស់​នាង​ជា​ម្ចាស់​ហាង​ឲ្យ​​នៅ​​​​​​អង្គុយ​ផឹកស៊ី​​ជា​មួយ លុះ​ដល់​​ស្រវឹង​ក៏អូសដៃ​នាង​ឲ្យ​​​ចេញ​ទៅ​ក្រៅជាមួយ​ខ្លួន ប៉ុន្តែ​ក្រោយ​​មិត្ត​ភ័ក្រ្ត​​នាង​​ប្រកែកក៏​នាំ​គ្នា​បើក​ឡាន​ចេញ​ទៅ​។ កញ្ញា​បន្ត​ថា​​​​ប្រមាណ​តែ​​​​បួន​ដប់​នាទី​​ប៉ុណ្ណោះ ពួក​គាត់​​ក៏​ត្រឡ​ប់​មក​វិញ ហើយ​ចាប់​​អូសដៃ​​មិត្ត​ភ័ក្រ្ត​នាង​ដែល​ជាជន​ជន​ជាតិ​​ជប៉ុនទាំង​បង្ខំ​​ឲ្យ​​ចេញ​ពីហាង ទើប​បណ្ដាល​ឲ្យ​មាន​​​​​ទាក់​ពាក្យ​សម្ដី​ជា​មួយ​នាងដែល​​​​​​​​​ចូល​មក​ឃាត់​។ ​​កញ្ញា​បន្ថែម​ថា​ក្នុង​ពេល​នោះ អង្គរក្ស​របស់​​​លោក​សុខ ប៊ុន ក៏​បាន​​​ស្រែក​ជេរ​នាង​​ថា«​ង៉ែង​ចេះ​អី ​មី​ចុយ​ម្រាយ​មិចង៉ែង​ចង់​ងាប់​អ្ហី!»ទើប​បណ្ដាល​ឲ្យ​​កើត​ជា​ជម្លោះ​​ដាក់​គ្នា​។ សាសា​និយាយ​ថា«​ពេល​​តៃកុង​ឡាន​គាត់​ជេរ​ម្រាយ​ខ្ញុំ ខ្ញុំ​​ថា​ពូឯង​ជេរ​ត្រឹម​ខ្ញុំ​បាន​ហើយ ​មិច​ចាំ​បាច់​ជេរ​ដល់​ម្រាយ​ខ្ញុំ ​​គាត់​មិន​ត្រឹម​តែ​មិន​ឈប់​ទេ គឺ​កាន់​តែ​ជេរខ្ញុំ​​​​ និង​គំរាម​ខ្ញុំ​ ទើប​ខ្ញុំ​ខឹង​ហើយ​គប់​ទូរស័ព្ទ​ចោល...បើ​មើល​​​ក្នុង​វីដេអូ​ឃ្លីប​​គឺ​​ដូចខ្ញុំ​​គប់ទៅ​​គាត់​អញ្ចឹង ប៉ុន្តែ​​ខ្ញុំ​គប់​ទៅ​​​លើ​សាឡុង​ទេ ​ហើយ​​​​​​ឧកញ៉ានោះ​​ក៏​ស្ទុះ​មក​បោច​សក់​​​ខ្ញុំ​ និង​ទាត់​ធាក់​ខ្ញុំ​តែ​ម្ដង គាត់​ថាខ្ញុំ​​​ព្រហើន!»។ កញ្ញា ឯក ​សុជាតា ហៅ​សាសា ​ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​អតីត​ពិធីការិនីទូរទស្សន៍​CTN សារព័ត៌មាន​Fresh News កាលពីថ្ងៃ​ពុធបាន​ដកស្រង់សម្តី​របស់​មេធាវី​លោក សុខ ប៊ុន​ថា«លោកឧកញ៉ា សុខ ប៊ុន មិនដែលបានស្គាល់អតីតពិធីការិនីស៊ិចស៊ីសាសា ពីមុនមក នោះទេ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើតហេតុ ឧកញ៉ា សុខ ប៊ុន ត្រូវបានមិត្តភក្តិហៅទៅស្រស់ស្រូបអាហារកម្សាន្តជុំគ្នាក្នុងហាងមួយកន្លែង នៅម្តុំកោះពេជ្រ ដោយមិនមានវត្តមានកញ្ញា សាសា នោះទេ។ លុះដល់ម៉ោងកើតហេតុ គឺម៉ោងជាង១រំលងអាធ្រាត្រ គ្រាដែលឧកញ៉ា សុខ ប៊ុន កំពុងនិងនាំនារីជប៉ុនម្នាក់ដែលជានារីកំណាន់ចិត្តរបស់ឧកញ៉ា ហើយមានអាការៈស្រវឹងទ្រេត ចាកចេញពីកន្លែងស្រស់ស្រូបអាហារកម្សាន្តសប្បាយនោះ ស្រាប់តែលេចមុខកញ្ញាសាសា មកដល់កន្លែងកើត ហេតុជាមួយនឹងអាការៈស្រវឹងផងដែរ។ សារព័​ត៌មាន​បន្ត​ថា​កញ្ញាសាសាបានព្យាយាមរារាំងមិនឲ្យឧកញ៉ា សុខ ប៊ុន នាំនារីជនជាតិជប៉ុនចេញពីសាឡុងឡើយ ហើយថែមទាំងប្រើពាក្យគំរោះគំរើយ​មួយចំនួនទៀតទៅលើឧកញ៉ា សុខ ប៊ុន។ តាមរយៈការដកស្រង់សម្តី សារព័ត៌​មាន​បន្ត​ថា«ជាមួយការប្រើពាក្យសម្តីប្រមាថកាតទៀនទៅលើឧកញ៉ា សុខ ប៊ុន ហើយនោះសាសាក៏បានទាញ​ទូរស័ព្ទរបស់ខ្លួនគប់ទៅលើឧកញ៉ាថែមទៀត (ដូចមានក្នុងវីដេអូស្រាប់)»។ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកស្រី​ពាក់​ព័ន្ធ​នឹង​ហិង្សា​នេះ​ថា៖«ការប្រើអំពើហិង្សាប្រឆាំងស្ត្រី គឺមិនអាចទទួលយកបានជាដាច់ខាត ហើយត្រូវតែដោះស្រាយដោយច្បាប់។ មិនគួរអនុុញ្ញាតិឲ្យ​គ្រាន់តែទទួលសំណង ហើយអនុញ្ញាតឲ្យ​អ្នកប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មានសេរីភាពឡើយ»។​ គួរ​បញ្ជាក់​ថា​បើ​យោងតាម​សៀវភៅព្រះរាជកិច្ច ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោសព្រះរាជទាន​ងារ​ជា​ឧកញ៉ា កាលពីឆ្នាំ​២០១០។ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ជំនួស​តំណែង​នាយ​កុយក្នុង​​សមាគមសិល្បៈ​

ថ្ងៃពុធ ទី8 កក្កដា 2015, 09:31 AM

​នៅ​ទីបំផុត ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បៈករ​ខ្មែរ​បាន​ប្រកាស​រុះរើ​រចនា​សម្ព័ន្ធ​មួយចំនួន​ចោល ហើយ ដំឡើង​រចនាសម្ព័ន្ធ​ថ្មី ដើម្បី​បន្ត​ការងារ​ក្នុង​អាណត្តិ​ទី​៤​ដែល​ទើបនឹង​ចាប់ផ្ដើម​។ លោក សុះ ម៉ាច ដែល​ទើប​ទទួលបាន​សេចក្ដីទុកចិត្ត​ពី​សមាជិកឲ្យ​កាន់តំណែង​ប្រធាន​សមាគម​ជា​លើក​ទី​២​បាន​អះអាង​ថា នាយ​កុយ​ដែល​ក្នុង​អាណ​តិ្ត​មុន​គឺជា​មន្ត្រី​ទទួល​បន្ទុក​ទំនាក់ទំនង​និង​ជា​សមាជិក​ជាន់ខ្ពស់​ក្នុង​ក្រុមប្រឹក្សាភិបាល​សមាគម​នឹង​ត្រូវ​ដាក់​ជំនួស​ដោយ​លោក កុយ ស៊ី​ឌឿ​ន ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី​និង​ជា​ទីប្រឹក្សា​របស់​ក្រសួង​ព័ត៌មាន​ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​តារា​សិល្បៈ​ជើងចាស់ មាន​ទាំង​មុខ​តំណែង​និង​មាន​ទាំង​ឥទ្ធិពល​នៅក្នុង​ចង្កោម​តារា​សិល្បៈ​។ ​ការ​ដាក់​ជំនួស​នេះ​គឺ​បន្ទាប់ពី​លោក ជួង ជី ហៅ​នាយ កុយ បាន​ដាក់​ពាក្យសុំ​ឈប់ ដោយ​លើក​ហេតុផល​ថា មិន​មាន​ពេលវេលា​ផ្ដល់​ឲ្យ​សមាគម​ដូច​ពី​ពេល​មុន​។ ការសម្រេចចិត្ត​នេះ​បាន​ធ្វើឲ្យ​សមាជិក​មួយចំនួន​ខ្លាច​រឿង​ប៉ះពាល់​ដល់​ដំណើរការ​រីកចម្រើនរ​បស់​សមាគម​ផងដែរ ដោយសារតែ​លោក​នាយ​កុយ​គឺ​ជា​តារា​ដែល​មាន​សមត្ថភាព​ក្នុង​ការបំពេញ​ភារកិច្ច​កន្លងមក​។ លោក សុះ ម៉ាច មានប្រសាសន៍ថា អាណត្តិ​ទី​៤​របស់​សមាគម​ទើបតែ​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ក្រោម​កិច្ចប្រជុំ​ជា​រួម​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ក្នុង​ឆ្នាំ​២០១៥ ដោយ​៣​ឆ្នាំ​ទៀត​ទើប​មាន​ការបោះឆ្នោត​រុះរើ​ប្រធាន​ជាថ្មី​ម្ដងទៀត​។​

[អានបន្ត]
ចន ច័ន្ទ​លក្ខិណា ម្ចាស់​ស្នេហ៍​បើក​អង្គការ​ឲ្យ​គ្រប់​គ្រង

ថ្ងៃចន្ទ ទី6 កក្កដា 2015, 07:22 AM, (1)

នៅ​មិន​ដល់​ប៉ុន្មាន​ខែ​ទៀត​នោះ​ទេ តារាសម្តែង អ្នក​នាង ​​ចន ច័ន្ទ​លក្ខិណា នឹង​ក្លាយ​ជា​​ប្រធាន​អង្គការ​ថ្មី​មួយ​បន្ថែម​ពី​លើ​អាជីពសិល្បៈ​ដែល​មាន​ស្រាប់​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​​​ ហេង ណារ័ត្ន ដែល​​​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ម្ចាស់​ស្នេហ៍ថ្មី និង​ជា​ពោះ​ម៉ាយ​សំបូរទ្រព្យ។​ ម្ចាស់ជំនួញ​ច្រើន​មុខ ​​​វ័យ​​ជាង​សាម​សិប​ឆ្នាំ​រូប​នេះប្រាប់​VODថាអង្គការ​ដែល​លោក​​គ្រោង​​​បង្កើត​ឲ្យ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា គ្រប់​គ្រង​នោះ ​​មាន​ឈ្មោះ​ថា​អង្គការ​«​​our Community» ឬ​«សហគមន៍​យើង» ដោយ​មាន​លោក និង​​​លោក ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យប្រចាំ​​​នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី គឺ​​​ជា​អ្នក​ឈរ​ពី​ក្រោយ​ដោយ​ផ្ទាល់​។ លោក​បន្ត​ថា​អង្គការ​នេះ​នឹង​​ចេញ​រូប​រាង​​នៅ​​​​​អំឡុង​ចុង​ឆ្នាំ​២០១៥​នេះ​​ ​ដោយ​​​គ្រោង​នឹង​ធ្វើ​​​​ប្រតិបត្តិការ​​​ការងារពេញ​ទំហឹង​ចាប់​ពី​​ដើម​​ឆ្នាំ​​​​ក្រោយ​​តទៅ​ ដូច​ជា​​​​រ៉ៃអង្គាស​ប្រាក់ ​ក៏ដូច​ជា​​រក​ជំនួយ​ពី​គ្រប់​ទិសទី ដើម្បី​​បំពេញ​ក្នុង​​កិច្ច​ការ​មនុស្ស​ធម៌​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា​ហេតុ​ផល​ដែល​នាំ​​​ឲ្យ​មាន​​ការផ្ដើម​គំនិត​​បង្កើត​​អង្គការនេះ គឺ​ដោយ​សារ​តែ​លោក​យល់​ថា​អ្នក​នាងចន ច័ន្ទ​លក្ខិណា ​ជា​តារា​សិល្បៈ​​ និង​​មាន​ធនធាន​អ្នក​​សិល្បៈ​​ចាំ​ធ្វើ​សកម្មភាព​ស្រាប់ ​នៅ​ពេល​​​​​ប្រតិបត្តិការ​លេច​ចេញ​រូប​រាង​។ លោក ​​ហេង ណារ័ត្ន​ ប្រាប់​ថា​«Our Community»  មិន​មែន​ជា​​​សមាគមន៍ ឬ​ជា​​​​ស្ថាប័ន​មូលនិធិ​​មិន​ផ្លូវ​ការ​នោះ​ទេ គឺ​លោក​នឹង​​រត់​ច្បាប់​​ឲ្យ​ក្លាយ​ជា​អង្គការ​តែ​ម្ដង ដោយ​​ការ​ចំណាយ​លើ​​បុគ្គលិក​សំខាន់​ៗ ការ​ជួល​ស្នាក់​ការ និង​​​​​​កា​របំពាក់​​​​សម្ភារៈ ​​​ដើម្បី​​បង្កើត​ជា​ការិយាល័យ ក្នុង​ពេល​មិន​ទាន់​រក​ជំនួយ​​បាន​នៅ​ឡើយ គឺ​លោក​ជា​អ្នក​ចាត់​ចែងទាំង​ស្រុង​។

[អានបន្ត]
នាយវីតាមីនសេ ឆ្លង​ផុត​ការ​សង្គ្រោះប​ន្ទាន់

ថ្ងៃសុក្រ ទី3 កក្កដា 2015, 07:46 AM

គ្រាន់តែ​​​វិល​ត្រឡប់ពី​​សម្រាក​ព្យាបាល​នៅ​​ប្រទេស​វៀតណាម​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​​លោក​នាយ​​វីតាមីន ​ត្រូវ​ ​បញ្ជូន​ចូល​មន្ទីរពេទ្យ​នៅ​ក្នុង​ស្រុក​​​ភ្លាម កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​សារ​តែ​សភាព​ជំងឺ​ធ្វើ​ទុក្ខ។ ​​យ៉ាង​ណា​ក៏​ដោយ​​កាល​ពី​ល្ងាច​ថ្ងៃ​​២ ខែ​កក្កដា​ ក្រុមគ្រួសារអះអាង​ថា​លោក​បាន​ឆ្លង​ផុត​​ពី​ការ​សង្គ្រោះ​បន្ទាន់​ និង​ត្រូវ​បាន​ក្រុម​​ពេទ្យ​គ្រូ​ពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡ​ប់​មកផ្ទះ​វិញ​ហើយ​។ អ្នក​នាង​មឿន និមល ​ហៅ​ប៉េង​ប៉ោង ​​​​កូន​ស្រី​របស់​លោក​​វីតាមីនសេ​ ​និយាយថាឪពុក​របស់​ខ្លួន​កាន់​តែ​មាន​​ស្ថានភាព​ជំងឺ​​​ទ្រុឌទ្រោម​ បើ​ធៀប​នឹង​​​​​​មនុស្ស​វ័យ​​​​ជាង​៦០​ឆ្នាំ​ដូច​គ្នា ​ដែល​នៅ​រឹង​ប៉ឹង។ អ្នកនាងបន្តថា​លោក​ត្រូវ​​​ក្រុម​គ្រួសារ​កូន​ចៅ​​​​បញ្ជូន​​ទៅ​​សង្គ្រោះ​បន្ទាន់ និង​​សម្រាក​ព្យាបាល​នៅ​​ក្នុង​ប្រទេស​​វៀតណាម​​ពេញ​រយៈ​ពេល​មួយ​ខែ​ឯណោះ​ ដោយ​​ទើប​តែ​បាន​ត្រឡ​ប់​​មក​វិញ ​​កាល​ពី​​ជាង​មួយ​អាទិត្យ​មុន​ប៉ុណ្ណោះ​។ ​យ៉ាង​ណា​មិញ ​កាល​ពី​ថ្ងៃ​​ទី​​​​៣០ ខែ​មិថុនា លោក​ត្រូវ​ដឹក​​​ទៅសង្គ្រោះ​បន្ទាន់​​​​​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​ និង​មាន​ជំងឺ​ផ្តាស់​សាយ​​​​​ធំ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​។ អ្នក​នាង​និយាយ​ថា«​​សុខភាព​ប៉ា​ ឥឡូវគាត់​ទ្រោមជា​ងមុន​ឆ្ងាយ​​ណាស់​ ​ហ្នឹង​បាន​​យក​ទៅ​ព្យាបាល​ដល់​​វៀតណាម​មួយ​ខែ​ពេញ​ផង បើ​​មុន​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ហ្នឹង​វិញ ខ្ញុំ​ថា​ប៉ា​មិន​រស់​ទេ បើ​​​ហើម​សាច់​ឡើង​ស្ពុល ​ហើយធ្វើ​ទុក្ខ​​ឡើង​ពិបាក​ហើយ​ហ្នឹង​!»។ អ្នកនាងបន្ត​ថា​​លោកមានជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម​ ឡើង​ជាតិ​អាស៊ីត ​​ឡើង​ជាង​ខ្លាញ់ និងសំខាន់​ជាង​គេ ​គឺ​​ពុល​ជាតិ​​ថ្នាំ(ថ្នាំ​ពេទ្យ)​​​ ​​​ដែល​បណ្ដាល​ឲ្យ​ផ្នែក​ខាង​ក្នុង​​​មាន​សភាព​ធ្ងន់​ធ្ងរ​។ កូនស្រី​ឲ្យ​ដឹង​ទៀត​ថា​លោក​​មាន​សភាព​ហើម​ខ្លួន ​និង​មាន​សភាព​ពឺត​ចុក​​​​​​​​ស្ទើរ​តែ​​ដើរ និង​សម្រាក​មិន​កើត ដោយ​សូម្បី​តែ​ក្រោយ​ការ​សង្គ្រោះ​បន្ទាន់​នា​ពេល​នេះ​ក៏​ដោយ​។ អ្នក​នាង​និយាយ​ថា «​​​​​ប៉ា​ទើប​តែ​បាន​ឆ្លង​ផុត​ការ​សង្គ្រោះ​បន្ទាន់ និង​ត្រូវ​​អនុញ្ញាត​ឲ្យ​​ចេញ​ពី​ពេទ្យ​កាល​ពី​​​ល្ងាច​ថ្ងៃ​​២ កក្កដា​ហ្នឹង​​​ទេ គាត់ធូរ​ច្រើន ប៉ុន្តែ​មិន​ទាន់​​ដឹង​ថា​​ត្រូវ​ចូល​ពេទ្យថ្ងៃ​ណា​វិញ​ទេ បើ​ជំងឺ​គាត់​​​ គឺ​ធ្វើ​ទុក្ខ​​អត់​​ទៀង​​ទេ​រាល់​ថ្ងៃ​ ជាក់ស្ដែង​​​គាត់​នៅ​តែ​​ខ្សោយ​ ​ទន់​ដៃ​ទន់​ជើង ​​ហើយ​​​ចុកដៃ​ចុក​ជើង ពឺត​​​​​គ្រប់​កន្លែងម្មង អញ្ចឹង​ហើយ​ទើប​ខាង​ពេទ្យ​​វៀតណាមប្រាប់​​ឲ្យ​យក​គាត់​ចូល​ភ្លាម​ជា​​ប្រចាំ ​បើ​គាត់​មាន​អាការៈ​មិន​ស្រួល គឺ​មិន​អត់​ឲ្យ​ប្រើ​​ថ្នាំ​អី​ផ្ដេស​ផ្ដាស់​ទៀត​​ទេ ដោយ​សារ​តែ​មុន​​ហ្នឹង គាត់​​ពុល​ថ្នាំ​​ឡើង​ចង់​ខូច​ក្រពះ​ពោះវៀន​អស់​ហើយ​ហ្នឹង​!»។ ​​​ក្រោយ​ឆ្លង​ផុត​ការ​សង្គ្រោះ​បន្ទាន់​​២​លើក​​ចុង​ក្រោយ ​​លោក​​នាយ​វីតាមីនសេមាន​​​ស្មារតី​រឹង​ប៉ឹង និង​​អាច​​លេង​កំប្លែង​ឡើង​វិញ​បាន ទើប​គេ​ឃើញ​​លោក​​បង្ហាញ​ខ្លួន​​​បើក​ឆាក​​​​កាល​ពី​ថ្ងៃ​​ស្រុក​មុន នៅ​ប៉ុស្ដិ៍​បាយ័ន និង​គ្រោង​​​​​​ឡើង​​សម្ដែង​​​​​នៅ​ថ្ងៃ​សុក្រ​​​ទី​៣ កក្កដា​នេះ ជា​លើក​ទី​២ ក្រោយ​ពី​បាត់​មុខ​អស់​មួយ​រយៈ​ធំ​។ ​អ្នក​​នាង​និយាយ​ថា «​​ប៉ា​​ក្រោយ​មក​ពី​វៀតណាម ​​​គាត់ធ្វើ​ទុក្ខ​​ខ្លាំង​ ​​​ដោយ​ពេល​ទេ ទើប​គាត់​​​​​​​​​ឡើង​សម្ដែង​បាន​​នៅ​រាល់​ថ្ងៃ​សុក្រ​ ​ ប៉ុន្តែ​អត់​ហ៊ាន​​ឲ្យ​គាត់​អង្គុយ​យូរ ឬ​​ឈរយូរទេ ​​​​​​​ហើយ​បើ​រឿង​​ដួល​គឺ​​ពេទ្យ​ហាម​​ផ្ដាច់​ម្មង ​ ​និយាយទៅ​គាត់​ធម្មតា ប៉ុន្តែ​បើ​ធ្វើ​ទុក្ខ​ គឺ​ភ្លាម​ៗ​ហ្មង​ៗ​ ទើប​​ប្រយ័ត្ន​សម្បើម​ណាស់ ខ្លាច​បញ្ជូន​គាត់​ទៅ​​ពេទ្យ​​​អត់ទាន់ ហើយ​មាន​គ្រោះ​ថ្នាក់»។ អ្នក​នាង​មឿន និមល ​ហៅ​ប៉េង​ប៉ោង ​​​​កូន​ស្រី​របស់​លោក​​វីតាមីនសេ និង​លោក​វីតាមីនសេ គ្រាន់តែ​​​​​​ថ្នាំ​សង្កូវ​​​​​​​​ដែល​ខាង​មន្ទីរពេទ្យ​វៀតណាម​តម្រូវ​ឲ្យ​លេប​ អ្នក​នាង​ប្រាប់​ថាមាន​តម្លៃ​ខ្ពស់​ណាស់ គឺ​​​៥​គ្រាប់​ស្មើ​នឹង​​​១០០​ដុល្លារ(លេប​បាន​៥​ថ្ងៃ) និង​កំណត់​​ឲ្យ​ឡើង​ទៅ​ព្យាបាល​​​​​នៅ​​២​សប្ដាហ៍​ក្រោយ​ទៀត ដោយ​មិន​ទាន់​​​​​​តែ​សន្យាថា​នឹងជួយ​មិន​ឲ្យ​ជំងឺ​​ក្លាយ​ទៅ​ជា​ធ្ងន់​ម្ដ​ងទៀត​។ ក្នុង​នោះ​​ខាង​មន្ទីរ​ពេទ្យ​វៀតណាម​ក៏​​កំណត់​ឲ្យ​​​បញ្ជូន​លោក​​ចូល​ពេទ្យ​​ក្នុង​ស្រុក​​ឲ្យ​បាន​​គ្រប់​ពេលធ្វើ​ទុក្ខ​ផងដែរ ​​ដើម្បី​បញ្ចៀស​​គ្រោះ​ថ្នាក់​។ ​ អ្នក​នាង​​​​​ប៉េង​ប៉ោង​ថ្លែង​ថាសុខ​ភាព​របស់​ឪពុក​​មិន​សូវ​រឹង​មាំ​ដូច​មុន​ទេ បើ​ទោះជា​បានឆ្លង​ផុត​ពី​​​​​​​​​ដំណាក់​សង្គ្រោះ​បន្ទាន់​​​​ចុង​ក្រោយ។ អ្នក​នាង​ប្រាប់​ថាបើ​បាត់​លោក​វីតាមីនសេពីការសម្តែង​​ម្ដង​ទៀត នោះ​មាន​ន័យ​ថាជំងឺ​​របស់​លោក​ឈាន​ដល់​​កម្រិត​ធ្ងន់​ទៀត​ហើយ។ មក​ទល់​ពេល​នេះ លោក​​នាយ​វីតាមីនសេ មាន​វ័យ​៦៧ឆ្នាំ​ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា​លោក​​មាន​សុខភាព​មិន​សូវ​អំណោយ​​ផល និង​​ឧស្សាហ៍​​ចូល​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ញឹក​ញាប់​។ អ្នក​នាង​ប៉េងប៉ោងថ្លែង​ថាកូន​ចៅ​​មិន​ទាន់​មាន​លទ្ធភាព​​​ផ្ដល់​ការ​ផ្គត់​ផ្គង់​ថ្លៃ​ថ្នាំ​សង្កូវ​របស់​ឪពុក​បាន​គ្រប់​គ្រាន់​ទេ ទើប​​លោកនៅ​តែស៊ូ​​ឡើង​សម្ដែង ​ម្យ៉ាង​មក​ពី​លោក​​​​​​មិន​ចង់​​​នៅ​ផ្ទះ​​នាំ​ឲ្យ​អផ្សុក​ប៉ះ​ពាល់​​​ផ្លូវ​ចិត្ត​នោះ​​ផង ទើប​កូន​ចៅ​​​​​ព្រម​ឲ្យ​សម្ដែង ប៉ុន្តែ​​ត្រូវ​​ប្រុង​ប្រយ័ត្ន​​​គ្រប់​ពេល​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com   

[អានបន្ត]
ពែ​កមី ថត​រឿង «​ភូមិ​អត់​មនុស្ស​» មិន​យក​លុយ​

ថ្ងៃពុធ ទី1 កក្កដា 2015, 09:24 AM, (1)

​គឺជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍ ដែល​តារា​ល្បីល្បាញ​លោក​ពែ​កមី បាន​ប្រកាស​ប្រាប់​​ថា​ខ្លួន​ថត​រឿង «​ភូមិ​អត់​មនុស្ស​» ដែល​ជា​​ខ្សែភាពយន្ត​ខ្នាត​​ធំ និង​ជា​រឿង​ដែល​ត្រូវ​គេ​អះអាង​ថា​មាន​ការចំណាយ​ទុន​ខ្ពស់ ដោយ​មិន​គិត​កម្រៃ​នោះទេ បើ​ទោះ​ជា​ខ្សែ​រឿង​នោះ មិន​មាន​ភាគហ៊ុន​រប​ស់លោក​ចូលរួម ។ លោក​បញ្ជាក់​បែប​នេះ ក្នុង​ពិធី​ក្រុង​ពាលី និង​បើក​សម្ពោធ​ផលិតកម្ម RED  Picture ដែល​ជា​ផលិតកម្ម​ថ្មី ប៉ុន្តែ​ត្រូវ​កត់សម្គាល់ថា​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញ​ក្នុង​ផលិតកម្ម LD  និង​ជា​ផលិតកម្ម​ដែល​បាន​បំពាក់​កាមេរ៉ា និង​សម្ភារ​ថតកុន​ស៊េរី​ចុងក្រោយ ។​ ​លោក ចែម ចាន់​ដា​រ៉ា ហៅ​ពែ​ក​មី និយាយថា ខ្សែ​រឿង​ដែល​មាន​ចំណងជើង​ថា «​ភូមិ​អត់​មនុស្ស​» ដែល​ទើបនឹង​ក្រុង​ពាលី​ចេញ​ថត​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា​នោះ រូប​លោក​ស្ម័គ្រចិត្ត​ជួយ​ថត​ដោយ​មិន​មាន​គិត​កម្រៃ​នោះទេ ដោយ​បាន​កៀរគរ​ប្អូនៗ​រួម​មាន​នាយ​គ្រឿន និង​នាយ​ក្រាន់ ដែល​កំពុង​ឡើង​កូដ ឲ្យ​ថត​ស្ម័គ្រចិត្ត​ក្នុងតម្លៃ​យោគយល់​ទៀតផង ។ លោក​ថា ហេតុផល​នៃ​ការជួយ​ថត​នោះ មិនមែន​ដោយសារ​ផលិតកម្ម​ថ្មី​ពេក ហើយ​មិន​មាន​មាន​លទ្ធផល​ផ្ដល់​កម្រៃ​នោះទេ ប៉ុន្តែ​គឺ​មក​ពី​ចាងហ្វាង និង​ក្រុម​ផលិត​ករ នៅ​ក្នុង​ផលិតកម្ម​នេះ សុទ្ធតែ​ជា​មិត្ត​ជិតស្និទ្ធិ និង​ត្រូវបាន​លោក​ចាត់ទុកថា ជា​អ្នកមានគុណ ក្នុងពេល​ដែល​បាន​ជួយ​ឲ្យ​លោក​មាន​មុខ​មាន​មាត់​តាមរយៈ​ការសម្ដែង​នៅក្នុង​ផលិតកម្ម LD  នា​ពេលកន្លងមក ។​

[អានបន្ត]
ជី​ជី ប្រាប់​ពី​ចំហាយ​រឿងអាស្រូវ​

ថ្ងៃអង្គារ ទី30 មិថុនា 2015, 07:56 AM

​រឿងអាស្រូវ និង​ភាពស្ងប់ស្ងាត់​ក្នុង​ការងារ​សម្ដែង​បាន​រុញ​ឲ្យ​ពិធីការិនី និង​ជា​តារា​សម្ដែង​នាង ហេង ពេជ្រ​សូ​លីដា ហៅ​ជី​ជី ព្រួយ​រឿង​ធ្លាក់​កូដ ក្នុងពេល​តារា​ស្រី​ភាគច្រើន​កាន់តែ​រុល​ទៅមុខ ក្នុង​ការដណ្ដើម​ឈ្មោះ​ល្បី​។ ជាក់ស្ដែង​ឈានដល់​ជាង​ពាក់កណ្ដាល​ឆ្នាំ​២០១៥​ទៅហើយ នាង​ទើបតែ​បាន​ទទួល​មួយ​រឿង​ក្នុង​ការសម្ដែង​ជា​តួឯក​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ​កន្លង​ទៅ​បាន​ឡើង​កូដ​ខ្លាំង​។ ​ក្នុង​កិច្ចសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ភ្នាក់ងារ​VOD ពិធី​ការិនី​រូបនេះ​និយាយថា ក្នុង​ឆ្នាំ​២០១៥​នេះ ទីផ្សារ​សិល្បៈ​របស់​នាង​មិនសូវ​កម្រើក​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារ​តែ​បញ្ហា​រឿង​អាស្រូ​ផ្ទុះ​ឡើង​ស្របគ្នា ធ្វើឲ្យ​នាង​ស្មុគស្មាញ ។ ដំណឹង​អាក្រក់​ទាំងនោះ ត្រូវ​គេ​ចោទ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ រឿង​មន្ត្រី​នេះ​កាង  រឿង​មន្ត្រី​នោះ​ចិញ្ចឹម និង​រឿងចម្រូងចម្រាស់​មិនល្អ​ផ្សេងទៀត​ជាដើម ដែល​សុទ្ធតែ​បាន​ទាញ​ទម្លាក់​ឲ្យ​នាង​បាត់បង់​ទីផ្សារ​សិល្បៈ​អស់​មួយ​សន្ធឹក ។ ក្នុង​នោះ​សូម្បី​តែ​ការងារ​ខាង​ក្រៅ រួម​មាន​ពិធី​ការិនី​តាម​វេទិកា​បើកសម្ពោធ​ផលិតផល ក៏​មិនសូវ​ឃើញ​មាន​សស្រាក់សស្រាំ​ដូច​មុន​នោះដែរ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ ។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To