ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

ប៉ែន ចំរ៉ុង និង​ឪពុក​ភិន សុដាលីស សម្ពោធកុន​​រួម​គ្នា​

ថ្ងៃអង្គារ ទី17 វិច្ឆិកា 2015, 07:47 AM

កាល​ពី​​ល្ងាច​ថ្ងៃ​​ទី​​​​​១៦ខែ​វិច្ឆិកា ​គូ​ស្នេហ៍​ពីរ​ដួង​គឺ​​លោក ​ប៉ែន​ ចំរ៉ុង ​និង​ភិន សុដាលីស បាន​​​ចេញ​មុខ​​​​រួម​គ្នា​​បើក​សម្ពោធ​​​​​​​​​​​​រឿង​​ថ្មីរបស់​​ផលិតកម្ម​​មហាហង្ស​​​ក្រោម​ចំណង​ជើង​ថា​«​ខ្មោច​ថត​កុន​» បើ​ទោះ​ជា​​អ្នកទាំង​ពីរ និង​លោក​អ៊ិន សុភិន ​ ​​​​ចាង​ហ្វាង​ផលិតកម្ម ​គ្មាន​ការ​ផ្សះ​ផ្សា​គ្នា​។ អ្វីដែល​គេ​កត់​សម្គាល់​​​គឺ​​គូ​ស្នេហ៍​ទាំង​ពីរ​បង្ហាញ​ខ្លួន​​ក្នុង​នាម​ជា​តួ​អង្គ​​ឯក​​ក្នុង​រឿង ​ហើយ​លោក​​​អ៊ិន សុភិន បង្ហាញ​ខ្លួន​​​ក្នុង​នាម​ជា​​ម្ចាស់​ផលិតកម្ម ប៉ុន្តែ​ពួក​គេ​​​​​​​​​បែរ​ជា​ស្ថិត​នៅ​ម្ខាង​ម្នាក់ ​ហើយ​​​​​​​​អត់​សូម្បីតែ​មើល​មុខ​គ្នា​។ ​នេះ​ជា​លើក​ទី​​១ ដែល​​​​​​​លោក ​ប៉ែន ចំរ៉ុង កញ្ញា ​​ភិន សុដាលីស និង​លោក​អ៊ិន សុភិន បានធ្វើការ​រួម​គ្នា​ជា​ថ្មី​​​​​​ក្រោយ​ពី​មាន​រឿង​ចម្រូង​ចម្រាស ប៉ុន្តែ​ភាគី​ទាំង​ពីរ​នៅ​តែ​មាន​សកម្មភាព​​​ព្រងើយ​កន្តើយ​ដាក់​គ្នា​។ ​​លោក​​ អ៊ិន សុភិន បាន​​​​​ឈរ​នៅ​ម្ខាង ហើយ​​​ទុក​​ឲ្យ​​​​​​លោក​ប៉ែន​ ចំរ៉ុង និង​ភិន សុដាលីស ​​​សម្ដែង​ឈុត​​ក្នុង​​រឿង​​​​​ក្រៅ​ឆាក​​ផង និង​ផ្ដល់​បទ​សម្ភាសន៍​​ផង ​​​​​​​​បើក​សម្ពោធ​ខ្សែ​រឿង​របស់​ខ្លួន​ដោយ​លោក​​​​​មិន​ខ្វល់​ពី​សកម្មភាព​របស់​​​អ្នកទាំង​ពីរ​ឡើយ​។ ​ លោក​ថា​ខ្សែ​​​រឿង​«​ខ្មោច​ថត​កុន​» ​​​បាន​​ផ្ដល់​ឱកាស​ឲ្យ​ ​ប៉ែន ចំរ៉ុង និង​ភិន សុដាលីស ​​សម្ដែង​ជា​​តួ​ឯក​រួម​គ្នា​ តាំង​ពី​មុន​​​​ពួក​គេ​​ផ្ទុះរឿង​​ចម្រូង​ចម្រាស់​ជា​មួយ​​លោក​​​ម្ល៉េះ។ អ៊ីចឹង​ហើយ​ទើប​​​​​​​លោក ក្នុង​នាម​​ផលិតកម្ម​មហាហង្ស​ ​​​​​សម្រេច​​អញ្ជើញ​​តួឯក​ទាំង​ពីរ​​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង ដោយ​​ឲ្យ​ពួក​គេ​​ធ្វើ​សន្និសីទ​​​រួម​គ្នា​បង្ហាញ​ពី​​​​​​ការ​សម្ដែង​របស់​ខ្លួននិង​​​​​​ធ្វើ​សកម្មភាព​សម្ដែង​​​ក្រៅ​ឆាក ដើម្បី​​ឲ្យ​អ្នកទស្សនា​​​ចាប់​អារម្មណ៍ទិញ​សំបុត្រ​ចូល​ទស្សនា​​​​​​​​​រឿង​​«​​ខ្មោច​ថត​កុន​»​​​​​​​ក្នុង​ថ្ងៃ​បន្ត​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ លោក​ថា​​​​​​ខ្សែ​រឿង​«​ខ្មោចថត​កុន​» ​បើ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្លាគឺ​មិន​មែន​ដោយ​សារ​តែ​​​អ្នកទស្សនា​ចង់​​​​​​​មើល​ការ​សម្ដែង​របស់​លោ​ក ​ប៉ែន ចំរ៉ុង ​​និង​ភិន សុដាលីស ​នោះ​ទេ ដោយ​សារ​តែ​​​សាច់​រឿង​ល្អនិង​​​​​ការ​ជឿ​ជាក់​ចំពោះ​​​​​​​​ទស្សនិកជន​ដែល​ទុក​ចិត្ត​ចំពោះ​​ស្នាដៃ​របស់​​ផលិតកម្ម​មហាហង្ស​ឯណោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា​​៖ “សម្រាប់​ខ្ញុំ​និង​ពួក​គាត់​គឺ​ជា​រឿង​​បុគ្គល អ៊ីចឹង​ក្នុង​​នាម​​គាត់ជា​​​​​តួ​អង្គ​នៅ​ក្នុង​រឿង​ហ្នឹង​គឺ​ត្រូវតែ​មក​សម្ពោធ ហើយ​​​អាហ្នឹង​​​​​គឺ​ក្រុម​​ការងារ​របស់​មហាហង្ស​​​​ជា​អ្នកអញ្ជើញ​ពួកគាត់​ទេ​!”។ ​លោក​​​​​ថា​នៅ​ក្នុង​រឿង​​​«​​ខ្មោចថត​កុន​» ​បាន​រំលេច​​​តួអង្គ​​​​លោក​​លឹម រដ្ឋា ពី​​​​ការ​សម្ដែង​​​​​តួ​កាច​មក​ជា​តួ​ភេទ​ទី៣ ដែល​លោក​បញ្ជាក់​ថា​​នឹង​ធ្វើ​​ឲ្យ​រឿង​ទាំង​មូល​​​​​​​​​ផ្ទុះ​ខ្លាំង​។ លោក​មាន​ប្រសាសន៍​ថា​៖ “​មួយ​រឿង​ហ្នឹង​ខ្ញុំ​ចំណាយ​ច្រើន​ជាង​គេ គឺ​ដល់​​ជិត​​​៦​ម៉ឺន​ដុល្លារ ​​​ប៉ុន្តែ​​ជោគជ័យ​កម្រិត​ណា​​ខ្ញុំ​អត់​ហ៊ាន​​​​​អួតទេ គឺទុក​​​ឲ្យ​អ្នក​​ទស្សនា​វិនិច្ឆ័យវិញ​ ​​ប៉ុន្តែ​​​ខ្ញុំ​នៅ​តែ​​គិត​​ថា​​​​​​​​​​​​​​​នឹង​មាន​អ្នក​មើលចូល​មើល​ច្រើន ព្រោះ​​មួយ​រឿង​ហ្នឹង​ ក្រៅ​ពី​សើច​​​​​​តាំង​ពី​ដល់​ចប់ ក៏​​​​មាន​​​​ឈុត​ឆាក​​​​ខ្មោច​ និង​​​សាច់​រឿង​​​ល្អ​​ផងដែរ!”។ ​ លោក ​ប៉ែន ចំរ៉ុង បើ​ទោះ​ជា​​​​​មិន​ត្រូវ​បាន​ថៅកែ​​​​​​ផលិតកម្ម​​មហាហង្ស​​ស្វាគមន៍​នៅ​ថ្ងៃ​​សម្ពោធនោះ ក៏​លោក​ប្រឹង​ប្រែង​​សម្ដែង​​​ក្រៅ​ឆាក​ធ្វើ​ឲ្យ​ខ្សែ​រឿង​​​«​​​ខ្មោច​ថតកុន» ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​​​​​ក្នុង​ចំណោម​អ្នក​ចោមរោម​មើល​នៅ​ផ្សារ​ទំនើបអ៊ីអន​។ ​លោក​​ទទូច​​ឲ្យ​​​​​​អ្នក​គាំទ្រ​​វិស័យ​​សិល្បៈខ្មែរ​​​​​ចូល​រួម​ទស្សនា​​​​​​​​​​​​​រឿង​នេះ​​ឲ្យ​បាន​កុះ​ករ នៅ​បន្ទាប់​ពី​រឿង​​​​​​​​​«​ខ្មោច​ថត​កុន​»​ដំណើរ​​ការ​​​​​​​​ដាក់​ផ្សាយ​ជា​សាធារណៈ​នៅ​តាម​រោង​កុន​​​នៅ​ចាប់​ពី​សប្ដាហ៍​នេះ​។ លោក​ជឿថា​ភាព​យន្ត​នេះនឹង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​កាន់​តែខ្លាំងចំពោះ​​មហាជន​ដែល​​ផ្ដោត​ការ​ចាប់​អារម្មណ៍​​​​ចំពោះ​ស្នេហា​​របស់​លោក និង​ភិន សុដាលីស ដែល​បាន​សម្ដែង​ជា​ឯក​រួម​គ្នា​។ លោក​​ថា​រឿង​​​​«ខ្មោច​​ថត​កុន​»គឺ​ជា​អនុស្សាវរីយ៍ធំមួយ ក្នុង​ការ​​​ផ្ដើម​ស្នេហ៍​របស់​លោក ហើយ​ក៏​ធ្វើ​ឲ្យ​លោក​ និង​ភិន សុដាលីស ​​​លេច​ធ្លោរ​ព្រោះ​​​​​តែការ​តស៊ូ​ស្នេហា​​​​​​ឲ្យ​​​មហាជន​ទទួល​ស្គាល់​។ អ៊ីចឹង​ហើយ​ទើប​លោក​ព្រម​ទាំង​គូស្នេហ៍​ដោយ​ផ្ទាល់ មាន​ការ​រំពឹងច្រើន​ពី​ការ​​​​​​​គាំទ្រ​ចំពោះ​រឿង​នេះ​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
នី មុន្នី​នាថ ឈប់​​ស្លុត​រឿង​​​​ថត​ជាប់​មនុស្ស​អត់​ក្បាល​

ថ្ងៃសុក្រ ទី13 វិច្ឆិកា 2015, 08:54 AM

មក​ទល់​ថ្ងៃ​នេះ ​​​សកម្មភាព​ថត​រឿង​​«​វិស្សមកាល​មរណៈ​» ​នៅតែ​​បាន​​ដំណើរ​​ការ​តាម​ការ​គ្រោង​ទុក ​បន្ទាប់​​​ពី​ផ្អើល​រឿង​​​​ថត​ជាប់​ខ្មោច​ធ្វើ​​ឲ្យ​តួ​អង្គ​​សម្ដែង​​​ទាំង​អស់​មាន​អារម្មណ៍​តក់​ស្លុត​។ ​​​​​​​ ​ចំពោះករណី​នេះ ​កញ្ញា​ នី មុន្នីនាថ បាន​អះ​អាង​ថា​មិន​មាន​បញ្ហា​​ដល់​សតិអារម្មណ៍ទៀត​ទេ ​​បន្ទាប់​ពី​ខាង​​ផលិតកម្ម​​បាន​ធ្វើ​ពិធី​សែន​ព្រែន​ធំដុំ​នៅ​លើ​​កប៉ាល់​​ជាថ្មី​ម្ដង​ទៀត ​​​​បន្ទាប់​ពី​​​សែន​ក្រុង​ពាលី​​​កាល​ពី​លើក​ទី​​២ ​ដើម្បី​ធ្វើ​ឲ្យ​តួសម្ដែង​ទាំង​អស់​​​​​​​​​ស្រឡះ​ចិត្ត​។ នី មុន្នី​នាថ បញ្ជាក់​ថា​ក្រោយ​ហេតុការ​ថត​ជាប់​​មនុស្ស​​អត់​ក្បាលធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​ថ្ងៃ​​ក្រុង​ពាលី​​ថត​រឿង​​«​វិស្សមកាល​មរណៈ​» ​តារា​សម្ដែង​ទាំង​អស់​ពិត​ជា​មាន​អារម្មណ៍​​​​ភ័យ​​បារម្ភ​មែន ​​​​​ក្នុង​ពេល​កីឡាករ​​​​​យុទ្ធក្រម​​ខម​​​បង្ហាញ​ក្បាច់​គុន​វាយ​តប់​គ្នាពីរ​នាក់​សោះ ​ ស្រាប់​តែ​​​​​​​ថតជាប់​ដោយ​ទៅ​​​៣​នាក់ ហើយ​ម្នាក់​​ទៀត​​​មិន​មាន​ក្បាល ដោយ​​មិន​មែន​មានតែ​​ទូរស័ព្ទ​មួយ​ថត​ជាប់​​នូវ​ហេតុ​ការណ៍​នោះ​។ នាង​ថា​ពី​​ដំបូង​​មាន​អារម្មណ៍​​​​​​មិន​ស្រួល​ក្នុងចិត្ត​​​​​​​​​ខ្លាំង​​​គួរ​សម​ដែរ ប៉ុន្តែ​​​​បន្ទាប់​ពីខាង​ផលិត​​កម្ម​ចក្រវាទ្ប​​ពេជ្រ​​សម្រេច​​ធ្វើ​ពិធី​​សែន​ព្រេន​​​​​​​​​​​​​​ជា​លើក​ទី​​​២​នៅ​​លើ​​​កប៉ាល់​​​​​​​​តាម​​បែប​ព្រះ​ពុទ្ធសាសនា​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​​ ដោយ​មានពិធី​ប្រោះ​ព្រំ​​​​​​​ទឹក​មន្តទ្រង់ទ្រាយ​ធំ​​​នោះ​មក ​​​តួ​អង្គ​ទាំង​អស់​ហាក់​​​​​មាន​ភាព​កក់​ក្ដៅជាង​មុន​។ នាង​​ថានេះ​មិនមែន​ជា​លើក​​ទី​​១​នោះដែរ ដែល​​​នាង​​​និងតារា​សម្ដែង​បាន​ជួប​រឿង​រ៉ាវ​ចម្លែក​ៗ ឲ្យ​​បាន​​ចុះ​ថត​​​​រឿង​ខ្មោចហើយ​​​​មាន​ការ​សម្ដែង​ឈុត​ឆាក​​​​​​​​គ្រោះថ្នាក់​​នៅ​ក្នុង​សាច់​រឿង​។ ជា​មួយ​គ្នា​នោះ​​នាង​ក៏​បាន​ត្រៀម​ខ្លួន​បង្ហាញ​​​​​​​​​​​​​​​ឈុត​ឆាក​​លោត​ហក់​​​​​និង​​​ឈុត​ វាយ​តប់​​​ដោយ​​​​មាន​​​​​​​​គ្រោះ​ថ្នាក់​ផងដែរ ក្នុង​ពេល​តួអង្គ​​ក្រុម​ចោរ​សមុទ្រ​​​ចូ​ល​ប្លន់ និង​តាម​សម្លាប់ ហើយ​ក៏​ត្រូវ​តួ​អង្គ​​​​​​​​​ខ្មោច​​​​​​​​​តាម​សម្លាប់​ម្ដង​ម្នាក់​ៗនោះ។ នាង​និយាយ​ថា​​៖ "ពីមុន​​ភ័យដែរ ​ប៉ុន្តែ​​​ឥឡូវ​អត់​អី​ទេ  ព្រោះទី​​​​​១​បាន​ខាង​​​ផលិតកម្ម​គាត់​​​​​​​​​​សែន​ព្រែនធំ​ដុំ​ធ្វើ​​ឲ្យ​ខ្ញុំ​​​​​​​​​​​​​​​​​​​​សប្បាយ​ចិត្ត​ជាង​មុន ​​​​ម្យ៉ាង​តាំង​ពី​​គាត់​ធ្វើ​ពិធី​ហ្នឹង​មកគឺ​តួ​ទាំង​អស់​​ដូច​ជា​​អត់​មាន​ជួប​​ហេតុ​ការណ៍​ចម្លែក​អី​ផង ទើប​​​​​​​មើល​ទៅ​​ស្រួលចិត្តជាង​មុន​​!"។ នាង​​ថា​នៅ​ក្នុង​រឿង​នេះ នាង​ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​​តួ​​​​សិស្ស​សាលា​​​​​ ​ហើយ​ត្រូវ​ក្រុម​​​ចោរ(សមុទ្រ​)តាម​​​​​សម្លាប់ ​​ ក្នុង​ពេលដើរ​​លេង​ពេល​វិស្សមកាល​​បណ្ដាល​ឲ្យ​នាង​​បាត់​បង់​​មិត្ត​ភ័ក្រ្ត​ទាំង​អស់​​​​​​​​​​​នៅ​ក្នុងដំណើរ​​ផ្សង​ព្រេង​នោះ​។ នៅ​ក្នុង​ផ្ទៃ​​​រឿង ​ក្រុម​​​​​សិស្ស​ដែល​មាន​​​​​​​​កម្សាន្ត​ជា​មួយ​នាង​សុទ្ធ​តែ​ត្រូវ​ចោ​​​រ​សមុទ្រ និង​​​​ខ្មោចកាច​​សាហាវ​តាម​សម្លាប់​​យ៉ាង​​​​សាហា​វ​ព្រៃ​ផ្សៃ ​តាម​រយៈការ​​រំលេច​នូវ​ឈុត​ឆាក​​​​​ភ័យ​រន្ធត់​។ ​នៅ​ក្នុង​រឿង​នេះ ក៏​តម្រូវ​​ឲ្យ​នាង​សម្ដែង​​​ក្នុងឈុត​​គ្រោះ​ថ្នាក់​​ដូច​ជា​ការ​​លោត​ហក់ពី​​កប៉ាល់​និង​នៅ​ក្នុង​ព្រៃ​​​ផងដែរ ទើប​ធ្វើ​ឲ្យ​នាង​​​ត្រូវ​ចំណាយ​ពេល​ហ្វឹក​ហាត់​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​ជា​មួយ​​​​​​គ្រូ​បង្វឹក​ដើម្បី​​​កុំ​​ឲ្យ​ការ​សម្ដែង​ឆ្គាំឆ្គង។ នាង​ពោល​ថា​​៖ “​​រឿង​ហ្នឹង​​​​​បើ​និយាយ​​ទៅ​​ មាន​ឈុត​​​​សាហាវ​​ៗច្រើន ទើប​​​​តួ​សម្ដែង​ទាំងអស់​​រៀង​ភ័យ​តិចៗ​ដែរ នៅ​ពេល​​​​​​មាន​គេ​ថត​ជាប់​​​មនុស្ស​​​អត់​ក្បាល​កាល​​ហ្នឹង ​ជាក់ស្ដែង​ដូច​​ជា​ខ្ញុំ​​អញ្ចឹ​​​​​ខ្ញុំ​គឺទោះ​ជា​អត់​​មាន​​​ត្រូវ​​វាយ​តប់​ដូច​​តួ​ស្រី​ៗ​​ដែល​​​​ជាកីឡាករ​​​​​​​យុទ្ធក្រម​ខម​ជា​តួ​​មិត្ត​ខ្ញុំ​ ​ក៏​​​មាន​ឈុត​​​ប្រតាយប្រតប់​​ និង​​លោត​ហក់​ច្រើន​ដែរ ​ទើប​ខ្ញុំ​​ថា​រឿង​​​ហ្នឹង​​​​​​ពិបាក​​គួរ​សម​​!”។ បន្ថែម​ពី​លើ​ឈុត​ឆាក​​​​​​ដែល​​​​​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទាំង​នេះ នាង​ក៏​ត្រូវ​​​​​​​​គេ​ឲ្យ​សម្ដែង​ជា​តួ​​​​ប្រឈម​នឹង​ខ្មោច​ដែល​​​​​​​​​​​​​​ចម្រុះ​ដោយ​ឈុត​​ភ័យ​រន្ធត់​ជា​ច្រើនទៀត​។ តារា​​​ភាគ​ច្រើន ជា​ពិសេស​​កីឡាករ​យុទ្ធក្រ​ម​ខម ដែល​ថត​ជាប់​​ខ្មោច​​អត់​​​​​​​ក្បាល​​ ​​​បាន​បញ្ជាក់​ដូច​គ្នា​ថា​​​​​​ពួក​ខ្លួន​​​​​​​​​គឺ​មាន​អារម្មណ៍​ស្រឡះ​ចិត្ត​​ជាង​មុន ​បន្ទាប់​ពី​ពេល​ចុះថត​មិន​មាន​​​​ផល​រម៉ាស់​កើត​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ​បន្ទាប់​ពី​​​​​​​​​​​ក្រុម​ផលិត​ករ​ក៏​បាន​ធ្វើ​​​ពិធី​​​ក្រុង​ពាលីសែន​ព្រែន​ជា​លើក​ទី​​២ ​​​​​​​​​តាម​​ជំនឿ​សាសនា​​​កាល​ពី​ដើម​សប្ដាហ៍​។ ប៉ុន្តែ​ក៏​មាន​តារា​មួយចំនួននៅ​តែ​​​បង្ហាញ​ការ​​​​​​​​ភ័យ​បារម្ភ​​​​​​​​​​នៅ​ពេល​​​​​​ត្រូវ​ថត​​​​​​​ឈុត​ភ័យ​រន្ធត់​​​ក្នុង​ពេល​ខាង​មុខ​ផងដែរ ​​​​​​​​បើ​ទោះ​​​​ជា​ពិធី​សែន​ព្រែន​ធំដុំ​​ដែល​រួម​មាន​​ថ្វាយ​ភ្លេងនិង​​អន្ទង​ព្រលឹង​​​សុំ​សេចក្ដី​សុខ​​​ដែល​បាន​ធ្វើ​ឡើង​​នៅ​លើ​កប៉ាល់​​​​​​​​​​​តាម​បែប​សាសនា ត្រូវ​គេ​មើលឃើញ​ថា​​​​​​​​​​​​​បាន​ជួយ​​​​ឲ្យ​ការ​ភ័យ​បារម្ភ​របស់​តួ​ទាំង​អស់​​​ស្រឡះ​ចិត្ត​។ អ្នក​ស្រី​ថុង ស៊ីវទៀង ​ចាង​ហ្វាង​ផលិតកម្ម​បាន​អះ​អាងថា ​ក្រោយ​ធ្វើ​ពិធី​​​​​​​​​​​​​​​​ប្រោះ​ព្រំ​ធំដុំ​​នៅ​លើ​កប៉ាល់​នោះ ​​​​​សកម្មភាពសម្ដែង​របស់​​តួ​អង្គគឺ​មិន​មាន​អ្វី​​​​​កើត​ឡើង​ទៀតទេ ដោយ​អ្នក​ស្រី​បង្ហាញ​ការ​យល់​ឃើញ​ថា​​បណ្ដាល​​មក​ពី​ផលិតកម្ម​សែន​ធំ​លើក​ទី​​​២​ត្រូវ​​​។ អ្នក​ស្រី​​​និយាយ​ថា​៖ “​​​​ពី​មុន​​​​​​យើង(តួសម្ដែង និង​ក្រុម​ការងារ​)ភ័យ ​​​​ប៉ុន្តែ​ក្រោយ​ពេល​ខ្ញុំ​​​​​​​ចំណាយ​លុយ​រាប់​ពាន់​​​​សែន​​​​អន្ទង​ព្រលឹង​ផង ​​​​​​ក្រុង​ពាលី​ផងនិង​សុំ​សេចក្ដី​សុខ​ផង ​គឺ​ពួក​យើង​ម្នាក់​ៗ​អត់​អី​ទេ ​​​​​​​​ហើយ​ខ្ញុំ​​នឹង​​ធ្វើ​សាសនា​​​​​​អីទៀត ​​ឲ្យ​តែ​តួ​សម្ដែង​យើង​សុខ​សប្បាយ​​​​​រហូត​ដល់​ថត​រឿង​ចប់​!”។ ​អ្នក​ស្រី​បញ្ជាក់​ថា​នេះ​ជា​លើកទី​១ ដែល​ផលិតកម្ម​របស់​ខ្លួន​​​ចេញ​ថត​រឿង​ខ្មោច ដែល​មាន​ឈុត​​ឆាក​វាយ​ប្រហារ​​​​​​​​​​​​​​​​​​​​​​​ភ័យ​រន្ធត់ ​​ហើយ​មានករណី​ថត​ជាប់​​​រូប​មនុស្ស​អត់​ក្បាល​បែបនេះ​។ ​យ៉ាង​ណា​មិញ អ្នកស្រី​រំពឹង​ថា​​​​​​​ខ្សែ​រឿង​«វិស្សមកាល​មរណៈ» នឹង​ជួយ​ឲ្យ​​​​តារា​សម្ដែង និង​ផលិត​ករ​ទទួល​បាន​ជោគជ័យ​ខ្ពស់​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ខៀវ សានសាណា ​​កាក់​កប​​​ជំនួញ២០ម៉ឺន​ដុល្លារ

ថ្ងៃចន្ទ ទី9 វិច្ឆិកា 2015, 10:38 AM

ទោះ​មិន​​បើក​សម្ពោធ​​​អាជីវកម្ម​​ឲ្យ​មាន​ការ​ដឹង​​ឮ​ទូលំទូលាយ ក៏​ពិធីការិនី​ល្បី​ឈ្មោះ​អ្នក​នា​ង​ខៀវ សានសាណា បាន​អះ​អាង​ថា​​​​​​​​ជំនួញ​ថ្មី​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​បើក​ដំណើរការ​។ ​​នោះ​គឺ​​​ជំនួញ​​បើ​ក​ក្រុម​ហ៊ុន​​ទិញ​លក់​ដីធ្លី ដែល​​អ្នក​នាងប្រាប់​ថា​​​​​​​​​បាន​បោះ​ទុន​អស់​ប្រមាណ​​២០ម៉ឺន​ដុល្លារ​ហើយ មក​ទល់​ពេល​នេះ​​។ អ្នក​នាង​​និយាយ​ថា​​ក្រុម​ហ៊ុន​​​​​ទិញ​លក់​ដីធ្លី​របស់​​ខ្លួននោះ​​គឺ​ជា​​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​​ទីផ្សារ​អចលនទ្រព្យ​​​​ធំ​មួយ បើ​ទោះ​ជាទើប​តែ​បើក​​​អាជីវកម្ម​​​តែ​​​​​៤​​​-៥ខែចុង​ក្រោយ​។ ​ក្រុម​ហ៊ុន​នោះ​អ្នក​នាង​បាន​ដាក់​ឈ្មោះថាCentury 21st United Realty ស្ថិត​នៅ​ម្ដុំ​​​សណ្ឋាគារអ៊ីនធឺខុន​ ដោយគ្រាន់​តែ​ឈ្មោះ​ក្រុម​ហ៊ុននេះគឺ​​បាន​ទិញ​សិទ្ធីមក​​ពីក្រុម​ហ៊ុនបរទេស អស់​ប្រាក់​មិន​ក្រោម​​ច្រើន​ម៉ឺន​ដុល្លារ​នោះ​ឡើយ​(ទិញ​ License)ដែរ។ អ្នក​នាង​ថ្លែង​ថា​ក្រោយ​បើក​ដំណើរ​ការ ​អាជីវកម្ម​របស់​ខ្លួន​ទទួល​ផល​កើន​ឡើង​ជា​លំដាប់​តែ​ម្ដង ដែល​នេះគឺ​អាច​មក​ពី​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ហ៊ុន​​​​​​​​ដែលខ្លួន​​ទិញ​សិទ្ធិនិង​បណ្ដាល​មក​ពី​​ក្រុម​ការងារ​ដែល​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន ជា​ពិសេសគឺ​​​​​​​អ្នក​នាងសុទ្ធ​តែ​មាន​​​ទំនាក់​ទំនង​ខ្លាំង​ជា​មួយ​ភ្ញៀវ​បរទេសនិង​អ្នក​មាន​តម្រូវ​ការ​ដីធ្លី​ក្នុង​ស្រុក​។ អ្នក​នាង​បញ្ជាក់​ថាគ្រាន់តែ​ការ​រៀប​ចំ​​​ការិយាល័យ ​ការ​ចុះបញ្ជី​អាជីវកម្ម ការ​ទិញ​​សិទ្ធិ​​​​ប្រើ​ឈ្មោះCentury 21st United Realtyនិង​ការ​​​​​​រៀប​ចំ​សេវា​ផ្សេង​ៗ ​ត្រូវ​បាន​ចំណាយ​អស់ខ្ទង់​​​​២០ម៉ឺន​ដុល្លារ​ទៅ​ហើយ ដោយ​​ការ​​​ពង្រីកគម្រោង​ផ្សេង​នៅ​មិន​ទាន់​បញ្ចប់​​នោះ​ផង​។ យ៉ាង​ណាមិញ អ្នក​នាង​​ប្រាប់​ថា​​​​ដើមទុន​ក្នុង​ការ​​​ថែមថយ​អាជីវកម្ម​​​​​​មិន​មាន​បញ្ហា​ចោទ​ឡើង​នោះ​ទេ ដោយ​សារតែ​​​​​​​ប្រមាណ​ជា​ប៉ុន្មាន​ស​ប្ដាហ៍​ចុង​ក្រោយ​​​​​​​ទទួល​បាន​ចំណូល​ខ្ពស់​​​​គួរ​សម​​ពី​ការ​​​ទិញដូ​​​​ដីធ្លីរបស់​​​អតិថិជន​ជា​ភ្ញៀវបរទេស។ អ្នក​នាង​​និយាយ​ថា​៖ “​​​​​​​ក្រុម​ហ៊ុ​ន​ហ្នឹង​ប្រើ​ដើមច្រើន​​​២០ម៉ឺន​ហើយ(ដុល្លារ) ប៉ុន្តែមួយ​រយៈ​ហ្នឹង​​យើង​​​​មាន​ម៉ូយ ព្រោះ​​​​​មុន​​ខ្ញុំ​​ហាន​បើក​ក្រុម​ហ៊ុន​ហ្នឹង​គឺ​ខ្ញុំ​​​​ស្គាល់​បរទេស​​ៗនិង​អ្នក​រកស៊ី​ខាង​​ហ្នឹង​ច្រើន ពេល​ខ្ញុំ​​​ទៅ​​ធ្វើ​ពិធីករ​(ពិធីការិនី)​ឲ្យគេ​ ​​​ហើយ​ឥឡូវ​លទ្ធផលឃើញ​ល្អ​មែន​ទែន​!”។ ធៀប​នឹង​​តារា​សិល្បៈភាគ​ច្រើន អ្នក​នាង​​ប្រាប់​ថានេះ​អាច​ជា​អាជីព​ខុស​ប្លែក​ពី​គេ ដោយ​សារ​តែ​តារា​​​​​​​កន្លង​មក​​​​ចូល​ចិត្ត​​​បើក​តែ​ភោជនីយដ្ឋាន ​បើក​តែ​ហាង​លក់សម្លៀក​​បំពាក់ និង​​​​​​​​​​​​ទទួល​នាំ​ចូល​​គ្រឿង​​សម្អាង​ៗ​ផ្សេង​ៗ​តាម​គ្នា​​​​​​​។ អ្នកមេម៉ាយ​កូន​២​រូប​នេះបញ្ជាក់​ថា​​អ្នក​នាង​ហ៊ាន​​បើក​​​​ក្រុម​ហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ បន្ទាប់​ពីកត់​សម្គាល់​ឃើញ​ថា​​វិស័យ​ដីធ្លី​​កំរើក​កាន់​តែ​ល្អ បើ​ធៀប​នឹង​​ឆ្នាំ​​២០០៨ ដែល​​មាន​ការ​ដួល​រលំ​ដោយ​សារ​​វិបត្តិ​សេដ្ឋកិច្ច​ពិភព​​លោក​។ អ្នក​នាង​និយាយ​ថា​៖ “សម្រាប់​អ្នក​សិល្បៈ​​ ខ្ញុំ​ថា​​​​​​​​កម្រ​មាន​អ្នក​​បើក​​​​​​​​​ក្រុម​ហ៊ុន​អញ្ចឹង ម្យ៉ាង​វា​អស់​​ដើម​ច្រើនផង ប៉ុន្តែ​ខ្ញុំ​​​​​​​​​​​អត់​អីទេ ព្រោះ​ទី​មួយខ្ញុំ​មាន​ចំណូល​ចិត្ត​ស្រាប់ ​ហើយ​ម្យ៉ាង​ទៀត​​​​ខ្ញុំស្គាល់​​​អ្នក​រក​ស៊ី​ខាង​ហ្នឹង​ច្រើន ​​អញ្ចឹង​ហើយ​ទើប​​​​​​មួយ​រយៈចុង​ក្រោយ​ហ្នឹង គឺ​​​​​​​​មាន​ភ្ញៀវ​ចុះ​មក​ទាក់​ទង ​ដែល​ខ្ញុំ​មើលឃើញ​ថា​​​ចំណេញ​​ច្រើន!”។ ​​​​ អ្នក​នាង​​ខៀវ សានសាណា បាន​ទម្លាយ​ដោយ​លាក់​លៀម​ថាជំនួញ​ដែល​ប្រើ​ដើមដ៏ច្រើន​សន្ធឹក​សន្ធាប់​នោះ កើត​ចេញ​ពី​ការ​​រួម​ហ៊ុននិង​​ការ​​​​​​​​​​​​បោះ​ទុន​​​​ពី​សំណាក់​លោក​ Seraj Sutton  ​តំណាង​គ្រប់​គ្រង​​ជាន់​ខ្ពស់​​របស់​ក្រុម​ហ៊ុន​​​អាហារបំប៉ន​​យីហោHerbalife ប្រចាំនៅ​កម្ពុជា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​​ជា​គូស្នេហ៍​ថ្មី​របស់​នាង​។ អ្នក​នាង​ឲ្យ​ដឹង​ថា​ជំហាន​គឺ​ដោយ​សារតែ​មាន​បុរស​​ពោះម៉ាយ​ជា​ជន​ជាតិ​អូស្រ្តាលី​​​​​​រូប​នេះចាត់​ចែង​​ភាគ​ច្រើន ទើប​អាច​​ឲ្យ​នាង​មើលឃើញ​ពី​សន្ទុះ​ជោគជ័យ​សម្រាប់​​ដំណើរ​ក្រុម​ហ៊ុន​​​​​ទិញ​លក់​អចលនទ្រព្យ ដែល​មាន​អាយុ​​នៅ​ខ្ចី​សម្រាប់​ប្រជែង​នៅ​លើទីផ្សារ។ គាប់​ជួន​ជា​នាង​និងគូ​ស្នេហ៍សុទ្ធ​តែ​ប្រើ​ភាសា​អង់​គ្លេស​​​បាន​ល្អ​​ដូច​គ្នា​ផង ទើប​រឹត​តែជួយ​ឲ្យ​ការ​ទាក់​ទាញ​​ទីផ្សារ​មាន​កម្រិត​​​​​​​​​​​​​​​​ចាប់​អារម្មណ៍​ពី​អតិថិជន​។ ​អ្នក​នាង​និយាយ​ថា​៖ “ជំនួញ​​ហ្នឹង​​​បើ​​​​​និយាយ​ទៅ​​ គឺ​បាន​គាត់​​(Seraj Sutton) ជួយ​ទាំ​ងស្រុង ទាំង​ការ​​​​​​​ចាត់​ចែង​​ទិញ​​​​​សិទ្ធិ​គេ​មក​បើក ​​ និង​​ចាត់ចែងការងារ​​ផ្សេង​ៗ ​​ហើយ​​​​​​​​​​​ដោយ​សារ​គាត់​ស្គាល់​គេ​ច្រើន ​ទើប​​​ធ្វើ​​ឲ្យ​​មិត្ត​ភ័ក្រ្ត​គាត់ទាំង​នោះ ជឿជាក់​​​​​​​ និង​មក​ទិញ​​​ដីធ្លី​ពីក្រុម​ហ៊ុន​ហ្នឹង​ច្រើន​!”។ លោក​ Seraj Suttonនិង​ខៀវ សានសាណា អ្នក​នាង​ចាត់​ទុក​ថា​​​ការ​​ចាប់​ដៃគ្នា​ជាមួយ​គូស្នេហ៍​ក្នុង​គម្រោង​បើក​ជំនួញ​មួយ​នេះ គឺ​ជា​រឿង​​​​​​​ល្អ​​​​ក្នុង​ការ​​​​​​​​ប្រាស្រ័យ​ទាក់​ទង ​បើ​ទោះ​ជា​គម្រោង​រៀប​ការនិង​​ផែន​ការ​ជិវិត ត្រូវ​បាន​អ្នក​​នាង​​​បដិសេធ​​មិន​​ទម្លាយ​និង​​សុំ​សិទ្ធិ​​​មិន​ឆ្លើយ​សំណួ​រ។ អ្នក​នាង​បញ្ជាក់​ថា​​​​នៅ​ពេល​ណា​មួយ​ស្នេហា​​​​រវាងអ្នក​នាង និង​លោក​ Seraj  នឹង​លែ​ង​មាន​អាថ៌កំបាំង ប៉ុន្តែ​​ពេល​នេះ អ្នក​នាង​សុំ​ពេលជំរុញ​មុខ​ជំនួញ​​ឲ្យ​​​មាន​ល្បឿន​ទៅ​មុខ​​​​​​​​ជា​មុន​សិន ​បន្ថែម​ពី​លើ​អាជីព​ជាពិធីការិនី ជា​​អ្ន​ក​​ផលិតកម្មវិធី​ទូរទស្សន៍និង​ជា​​​​​តំណាង​ចែក​ចាយ​​អាហារ​បំប៉ន​នោះ​៕ សរសេរមកកាន់លោក​ វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
មហោស្រពភាពយន្តខ្នាតខ្លីជំរុញ​ផលិតករវ័យក្មេង​បន្ត​ការ​ចូលរួមផលិតកុន

ថ្ងៃសៅរ៍ ទី7 វិច្ឆិកា 2015, 07:06 AM

មហោស្រពភាពយន្តខ្នាតខ្លីចតុមុខដែលមានគម្រោងមិនប្រារព្ធកម្មវិធីរបស់ខ្លួនប្រចាំឆ្នាំ២០១៥នេះ បែរជាទទួលការគាំទ្រនឹកស្មានមិនដល់ពីផលិតករវ័យក្មេងជាតិនិងអន្តរជាតិ។ ផលិតករទាំង​នោះ​បាន យក​ស្នាដៃភាពយន្តខ្នាតខ្លីច្នៃប្រឌិតរបស់ខ្លួនមកប្រកួតប្រជែង​ដែលមានចំនួនច្រើនជាងលើកមុន។ គណៈ​ក​ម្ម​ការមហោស្រពជ្រើសរើសយកតែភាពយន្ត​មួយ​ចំនួនប៉ុណ្ណោះ ដើម្បីបញ្ចាំ​ងក្នុង​មហោស្រព​ភាពយន្តខ្នាតខ្លីនេះ។ ក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នារាត្រីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯរោងភាពយន្ត មេជរ​ស៊ីណេផ្លេចរាជធានីភ្នំពេញ នាយកគ្រប់គ្រងមហោស្រព លោក សុខ វិសាល មានប្រសាសន៍​ថា មហោ​ស្រពភាពយន្តខ្នាតខ្លីចតុមុខឆ្នាំ២០១៥នេះទទួលបានភាពយន្តខ្នាតខ្លីរហូតទៅដល់ជាង​១២០រឿង​មកពី​បណ្ដា​ប្រទេសនានាមកពីជុំវិញពិភពលោក។ លោកបន្ត​ថា​​ដើមឡើយលោកបានឭថា មហោ​ស្រព​ភាព​យន្តខ្នាតខ្លីឆ្នាំនេះមិនប្រារព្ធទេដោយពុំ​មាន​គណៈ​កម្មការណាចង់ធ្វើ ហេតុនេះហើយលោក និងមិត្ត​ភ័​ក្តិ​បាន​សម្រេចចិត្តរៀបចំមហោ​ស្រពនេះឡើង។ លោកបញ្ជាក់ថា៖ “ខ្ញុំគិតថាខ្ញុំនឹងសោកស្ដាយ​បើឆ្នាំនេះ​គ្មាន​មហោស្រពភាពយន្តខ្នាតខ្លី ជាពិសេស​ក្នុង​ពេលដែលយើងត្រូវពង្រឹង​វិស័យភាពយន្តនៃ​ផលិតករ​វ័យ​ក្មេង​របស់យើង”។ ជាសមាជិកអ្នកចូលរួមបង្កើតមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ប្រធានក្រុមកុនខ្មែរកូនខ្មែរ លោក ព្រំ សិលា លើក​ឡើងថា លោកមានសេចក្ដីសោមនស្សដែ​លមានឱកាសចូលរួមរៀប​ចំមហោស្រពភា​ពយន្ត​ខ្នាត​ខ្លីនេះ បន្ទាប់ពីមហោស្រពនេះបានបាត់មុខអស់រយៈពេល២ឆ្នាំមកហើយ។ លោក​បង្ហាញសេចក្តី​សង្ឃឹម​ថាមហោស្រពនេះនឹងកាន់តែរីកលូតលាស់ធំជាងមុន ហើយទាក់ទាញផលិតករ​ភាពយន្ត​ក្នុងតំបន់​ជា​​ច្រើនឱ្យចូលរួម។ លោកបន្តថា ៖ “មហោស្រពនេះបានក្លាយជាកន្លែងដែលផលិតករវ័យក្មេង​របស់​ខ្មែរអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់សាធារណជន ក៏ដូចជាឈានទៅដល់មហោ​ស្រពភាពយន្ត​អន្តរជាតិ​ផង​ដែរ”។ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សោម សុគន្ធ ថ្លែងនៅក្នុងពិធី​បើកមហោស្រ​ពភាព​យន្តខ្នាត​ខ្លីចតុមុខ​នេះ​ដែរ​ថាការកើនឡើងនៃចំនួនភាពយន្តនិងផលិតករទាំងជាតិ និងអន្តរ​ជាតិ​នា​ពេល​នេះកំពុងបង្ហាញពីជោគជ័យរបស់មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា។ លោក​បានបញ្ជាក់​ថាភាពយន្ត​ជាសិល្បៈ​សាកលមួយដែលអាចឱ្យយើងយល់ពីគ្រប់សម័យកាល គ្រប់ទីកន្លែង ពិសេស​វា​ក៏ជាស្ពា​នមួយ​ភ្ជា​ប់​ទៅកាន់ពិភពលោកក្នុងការផ្លាស់ប្ដូរវប្បធម៌ ចំណេះដឹង បទពិសោធន៍​រវាង​មនុស្សជាតិ។ លោកបន្ត​ថា៖ “ដូចច្នេះការផលិតភាពយន្តគួរគប្បីគិតគូរពីប្រពៃណី វប្បធម៌ ទំនៀមទម្លាប់និងពិចារណា​គ្រប់​ជ្រុង​ជ្រោ​យ​នៅគ្រប់ដំណាក់កាលនៃការវិវត្តនៃប្រវត្តិសាស្ត្រផងដែរ។ ក្នុងន័យនេះ សិល្បៈភាពយន្តជាឧបករ​ណ៍ស​ម្រាប់កំដរអារម្មណ៍ផងនិងសម្រាប់ពិចារណាផង”។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយនៃការប្រារព្ធមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ។ មហោស្រព​នេះមានរយៈពេល៣ថ្ងៃដោយចាប់បើកជាផ្លូវការនាល្ងាចថ្ងៃទី០៦និងបិទនៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០​១៥។ ក្រៅពីមានការចូលរួមប្រកួតស្នាដៃ៣៦រឿងរបស់ផលិតករខ្មែរ មហោស្រព​ភាពយន្តខ្នាតខ្លីចតុ​មុខលើកទី៤នេះក៏ទ​ទួលបានការចូលរួមភាពយន្តខ្នាតខ្លីអន្តរជាតិ១២៤រឿងពីផលិតករមកពីប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី កូរ៉េខាងត្បួង តៃវ៉ាន់ អ៊ីរ៉ង់ ស៊ីរីយ៉ា សហរដ្ឋអាមេរិច ស្វីស អាហ្សង់ទីន បារាំង ដាណឺម៉ាក អាឡឺម៉ង់ ប៉េរ៉ូ និងអ៊ីតាលីជាដើម។ ការបញ្ចាំងភាពនឹងត្រូវធ្វើឡើង​នៅតាម​រោងភាព​​យន្ដមួយ​ចំនួន រួមមាន​Major Cineplex by Cellcar​d ​​វិ​ទ្យាស្ថានបារាំ​ងក្រុង​ភ្នំពេញ​និងនៅកោះពេជ្រ​៕

[អានបន្ត]
មហោស្រពភាពយន្តខ្លី​ដែល​បង្ហាញស្នាដៃភាពយន្តខ្មែរនិង​បរទេស ​នឹង​ចាប់ផ្តើមនៅថ្ងៃស្អែកនេះ​

ថ្ងៃព្រហស្បតិ៍ ទី5 វិច្ឆិកា 2015, 05:30 PM

ក្រុមកុនខ្មែរកូនខ្មែរបានសហការជាមួយផលិតកម្ម802ADនឹង​បើក​ឲ្យ​មាន​មហោស្រពភាពយន្តខ្លីចតុមុខ​ជំនាន់ទី៤ ចាប់ពី​ថ្ងៃសុក្រស្អែកនេះ ដោយ​នឹង​​បង្ហាញភាពយន្តជាស្នាដៃរបស់ខ្មែរ​និង​អន្តរជាតិ​មួយចំនួន​។ មហោស្រពភាពយន្ដខ្លីចតុមុខនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ទី​៨ខែវិច្ឆិកាឆ្នាំ​២០១៥ នៅតាម​រោងភាព​​យន្ដមួយ​ចំនួន រួមមាន​Major Cineplex by Cellcar​d ​​វិ​ទ្យាស្ថានបារាំងក្រុងភ្នំពេញនិងនៅកោះពេជ្រ​។ ការចូលរួមទស្សនាភាពយន្តទាំងនោះមិនគិតថ្លៃនោះទេ។​ សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រុមកុនខ្មែរ​កូនខ្មែរ​ឲ្យ​ដឹង​ថា​មហោស្រពភាពយន្តខ្លីនេះ​មាន​ការគាំទ្រពី​ក្រសួ​ងវប្ប​ធម៌និងវិចិត្រសិល្បៈនិងក្រសួង។ សេចក្តីប្រកាស​បន្ត​ថា​៖ “វាជា​​មហោស្រពភាពយន្តខ្លីផ្លូវការ​ដំបូងបំផុតក្នុងប្រទេសកម្ពុជា​ ហើយ​បាននឹងកំពុងផ្សព្វផ្សាយលើកកម្ពស់​និងផ្តល់រង្វាន់លើកទឹកចិត្ត​ដល់​ស​មិទ្ធិករខ្មែរវ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាអ្នកមានស្នាដៃនៅជុំវិញពិភពលោ​កតាំងពី​​ឆ្នាំ២​០១​២ផងដែរ”។ សេចក្តីប្រកាស​ព័ត៌មានឲ្យ​ដឹង​ទៀត​ថាមហោ​ស្រពភា​ពយន្តខ្លីចតុមុខនេះ​បានទទួលភាពយន្តខ្លីអន្តរជាតិរហូតដល់ទៅ​១២០ភាពយន្តនិង៣០ភាពយន្តពីផលិតករកម្ពុជា​៕ សរសេរមកកាន់លោក ចក់ ចំរើន តាមរយៈchomroeurn561@gmail.com

[អានបន្ត]
​កីឡាយុទ្ធក្រម​ខម ​​បង្ហាញ​ខ្លួន​ក្នុង​រឿង​«​​វិស្សមកាល​មរណៈ»

ថ្ងៃពុធ ទី4 វិច្ឆិកា 2015, 07:44 AM

ជា​លើកទី​១​ដែល​​​​សហព័ន្ធ​​យុទ្ធក្រម​ខមបានសហការ​​គ្នា​​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​​ជាមួយ​​​ផលិតកម្ម​​ចក្រវាទ្បពេជ្រ ​​​​ក្នុង​រឿង​​​​​​​«​​វិស្សមកាល​​​មរណៈ»។ នេះ​​ជា​ភា​ព​យន្ត​ដំបូង​គេដែល​​គ្រោង​រំលេច​​​​​​​​ភាព​រស់​រវើកពី​កីឡាយុទ្ធក្រម​ខម ដែល​​ពេល​កន្លង​មក គឺ​​ឃើញ​តែ​​​ក្បាច់​គុន​ល្បុក្កតោ​ប៉ុណ្ណោះ ត្រូវ​បាន​ផលិតករ​​លើក​​​​យក​​បង្ហាញ​។ លោក​ ច័ន្ទ ​​សុវណ្ណរតនៈ ​​ជា​តួ​គ្រូ​បង្វឹក​បា​ន​ថ្លែង​ក្នុង​ពិធីក្រុង​ពាលី​កាល​​​​ពី​ថ្ងៃ​ទី​​៣ ​​វិច្ឆិកា ថាខ្សែ​រឿង​​«​​​​​​វិស្សមកាល​មរណៈ»​គឺ​ជា​​រឿង​​​ដំបូង​គេ​​ដែល​​កីឡាករ​កីឡាការិនី​​​យុទ្ធក្រម​ខម​​​ចំនួន​​១២រូប ​បាន​​សម្ដែង​ជា​តួ​អង្គ​សំខាន់​តាំង​ពី​ដើម​ដល់​ចប់។ ​នេះ​ជា​រឿង​ដែល​​​​​​និយាយ​ពី​​​​​​​​​ឈុត​ឆាក​​​​​​វាយ​តប់​លោត​ហក់​ស្ទើរ​ទាំង​ស្រុង​​ ដែល​គ្រោង​​​​​​រំលេច​​​​​​​សាច់​រឿង​​​​​​​​​​​វ៉ៃ​ប្រហារ ប្រតាយ​ប្រតប់​​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខ្លាំង​​​និង​​រស់​រវើក​​របស់​​​ក្បាច់​គុន​​​​យុទ្ធក្រម​ខម​។ ​​​សាច់​រឿង​​ទាំង​មូល និយាយ​ពី​ដំណើរ​ផ្សង​ព្រេង​របស់​​តួ​អង្គ​ កញ្ញា ​នី មុន្នី​នាថ ​លោក ​សាយ សៀរ៉ា ឆៃ​លី​ ដាឡែន តារា​កំប្លែង​នាង​​ខ្ញុង និង​​កីឡាការិនី​​​​​ផ្នែក​យុទ្ធក្រម​​​ខម​​​២​រូប​ទៀត​ជា​ដើម ​​ដែល​ត្រូវ​​ក្រុម​​ចោរ​​​សមុទ្រ​​​​​​អុក​ឡុក​​​ ​​​​ក្នុង​ពេល​​ពួក​គេ​​​ចេញ​ទៅ​​កម្សាន្ត​​​ដោយ​​ជិះ​​​​​កប៉ាល់​​​តាម​​​សមុទ្រ។ ​ លោក​ ច័ន្ទ ​​សុវណ្ណរតនៈ បន្ត​ថា​​កន្លង​មក​ ​​​យុទ្ធក្រម​​​​​ធ្លាប់​បាន​បង្ហាញ​​ឈុត​ឆាក​ខ្លះ​​​ៗនៅ​ក្នុង​សាច់​រឿង​​ផងដែរ ប៉ុន្តែ​ស្ថិត​ក្នុង​​​ឈុត​ឆាក​​​​​​​​​ជំនួស​​​ឬ​​​​​​​​​​សម្ដែង​​​តិចតួច​ប៉ុណ្ណោះ ដោយ​អ្នក​ខ្លះ​​​​​​​​បាន​ទាំង​ស្មាន​ថា​ជា​ក្បាច់​គុន​​ល្បុក្កតោ​នោះ​ផង​។ លោក​យល់​ថានេះ​ជា​លើក​ដំបូង​​ដែល​​​​​​​កីឡា​យុទ្ធក្រម​​ខម​បាន​​លើក​គ្នា​សម្ដែង​ជា​ទ្រង់ទ្រាយ​ធំនៅ​ក្នុង​​ខ្សែ​រឿង​ហើយ ​បង្ហាញ​​​ក្បាច់​គុន​តាំង​ពី​ដើម​​ដល់​​​ចប់ ដោយ​​​គ្រោង​នឹង​ធ្វើ​​ឲ្យ​​រស់​រវើក​​​​ក្នុង​​​​​​​​ការ​សម្ដែង​​ឈុត​ឆាក​​​​​​​វ៉ៃ​ប្រហារ​។ ក្រៅ​ពី​តួ​សំខាន់​​​​​របស់​កីឡាករ​កីឡាការិនី​​យុទ្ធក្រម​​ខម​​​ទាំង​​១​២នាក់ ​​ក៏​មាន​កីឡាករ​នៅ​ក្នុង​​​​កីឡា​នេះ​​​​​យ៉ាង​​ហោច​​​២០​​រូប​ផ្សេង​ទៀត​​នឹង​រំលេច​សកម្មភាព​នៅ​ក្នុង​​​​​​​​​​ការ​សម្ដែង​​​ផងដែរ។ លោក​និយាយ​ថា៖ “តាម​គម្រោងគឺ​សហព័ន្ធយុទ្ធក្រម​ខមនឹង​រួម​ជា​មួយ​ផលិតកម្ម​​ចក្រវាទ្បពេជ្រ ធ្វើ​​​រឿង​ហ្នឹង​​ឲ្យ​​ខ្លាំង ​ព្រោះ​យើង​ចង់​​ឲ្យ​​មហាជនស្គាល់​​ថា​​​​​​​​យុទ្ធក្រម​ខម មិន​ជា​​​​​ល្បុក្កតោ និង​​​ទី​​២​ចង់​​​​​​ឲ្យ​អ្នក​​គាំទ្រ​​ដឹង​ថា​​​​​​ខ្មែរ​​​ក៏​​អាច​ផលិត​រឿង​វាយ​​​​តប់​បាន​រស់​​រវើក​​បាន​ដែរ ​ឲ្យ​តែ​​យើង​​រក​អ្នក​​​ចេះ​​ក្បាច់​គុន និង​ចេះ​វៃ​តប់​​ពិត​ប្រាកដ​​​ឲ្យ​មក​សម្ដែង​!”។ លោក​ថា​​រឿង​​«​​វិស្សមកាល​មរណៈ»នឹង​​ដំណើរ​ចេញ​ថត​នៅ​​​ដើម​ខែ​វិច្ឆិកា​នេះ ហើយ​ឈុត​ឆាក​​វាយ​តប់ នឹង​ត្រូវ​ធ្វើ​​ឡើង​​នៅ​លើ​​កប៉ាល់​ធំ​មួយ ដែល​​​​​​​បាន​​រៀប​ចំ​ជាស្រេច​​​​នៅ​​ម្ដុំ​កោះ​ដាច់​។ អ្នក​ស្រី ​ថុង ស៊ីវទៀង ​ចាង​ហ្វាង​ផលិតកម្ម​បាន​អះ​អាង​ថា​​​​​​​​​​ហេតុ​ផល​ដែល​​​អ្នក​ស្រី​សម្រេច​ចិត្ត​​​ផលិត​រឿងនិយាយ​ពី​​​ក្បាច់​គុន​យុទ្ធក្រមខមនេះ គឺ​​ដោយ​សារ​តែ​​អ្នក​ស្រី​​បាន​ទៅ​​​ដល់​កន្លែង​​ហ្វឹក​ហាត់​​របស់​យុទ្ធក្រម​ខម ​​ហើយ​​​​កត់​សម្គាល់ឃើញ​​​ថា​ក្បាច់​គុន​ខ្មែរ​​មួយ​នេះមាន​ភាព​រស់​រវើកនិង​​មាន​ចំណុច​​​​​ពិសេសអាច​​ប្រទាញ​បាន​ការគាំទ្រ​​​​​ក្នុង​ការ​​ផលិត​ភាព​យន្ត​។ អ្នក​ស្រី​បាន​ចំណាយ​​​តុប​តែង​​-​កប៉ាល់​តម្លៃ​ជាង​​​២០ម៉ឺន​ ​ឲ្យ​​​មាន​សភាព​ជា​​​​​​កប៉ាល់​​មហាចោរ ​​និង​​បាន​តុប​តែង​​បាត​កប៉ាល់​​ឲ្យ​មាន​សំបុក​​​ពីង​ពាង​ ក្នុង​ពេល​​​​​​​​​ពួក​ចោរ​បាន​ចាប់​​​​​​​​​​​​​​​​​​​អ្នក​​​ដើរ​កម្សាន្ត​​​យក​ទៅ​​លាក់​ទុក​។ ​អ្នក​ស្រី​​មិន​ច្បាស់​ពី​​ខ្ទង់​ចំណាយ​​​​​​​​​​​​ទាំង​ស្រុង​នោះ​ទេ ​ ដោយ​គ្រាន់​តែ​អះ​អាង​ថានឹង​​ហ៊ាន​​​​​ចំណាយ​​​​​​​​​​​​​​​​​​​​​​​​​រាប់​ម៉ឺន​ដុល្លារ​រហូត​ទាល់​តែ​​រឿង​បាន​ចប់​ដោយ​ជោគជ័យ​។ ​អ្នក​ស្រី​រំពឹង​ពី​ភាព​ជោគជ័យ ដោយ​សារ​នៅ​ក្នុង​ផ្ទៃ​រឿងក្រៅ​ពី​មាន​​​​​​​គោលដៅ​ឆ្លុះ​បញ្ចាំង​ពី​ក្បាច់​គុន​​​យុទ្ធក្រម​ខម​ ក៏​​​​​​​មាន​​​ឈុត​​ឆាក​​កំប្លុក​កំប្លែង​តាំង​ពី​ដើម​ដល់​ចប់ ដោយ​​​​​​​​តារា​កំប្លែង​ខ្ញុងនិង​តួ​​​​ក្រម៉ិច​ក្រម៉ើម​ជា​ច្រើន​ទៀត ​​ព្រម​ជា​មួយ​​​​​ឈុត​ភ័យ​រន្ធត់​​​​​នឹង​តួ​អង្គ​​ខ្មោច​​នាង​​ថន លក្ខិណា​ ដែល​​​​​​​សណ្ឋិត​នៅបាត់​កប៉ាល់​​​​​​ចាស់​​នោះ​ផងដែរ។​ នៅ​ក្នុង​ពិធី​​​​​​​​​​​​​​​ក្រុង​ពាលី​នោះ​ គេ​ឃើញ​​កីឡាករ​យុទ្ធ​ក្រម​ខម​​​​ទាំង​​១២​នាក់​តុប​តែង​ជា​​សម្លៀក​​បំពាក់​​​យុទ្ធ​ក្រម​ខម សម្ដែង​ក្បាច់​គុន​​​​​​ដោយ​ដៃ ​ដោយ​​ដាវ ដោយ​លំពែងនិង​សកម្មភាព​លោត​ហក់​​យ៉ាង​​រស់​រវើក​ពិត​ៗ ​​​​​​​​​​​រំឭក​​គុណគ្រូ​។ ​ការសម្ដែង​របស់​ពួក​គេ​បាន​ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងក្នុង​​​​​​​​​​​​​​​​​​ក្រសែ​ភ្នែក​អ្ន​កដំណើរ​និង​​​​អ្នក​ចូល​រួម​​​​​ពិធី​​ក្រុង​ពាលី៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
យាយណាង រៀបរាប់ជីវិតសង្វេគ នៅក្រៅសិល្បៈ

ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 07:28 AM

មិន​ខុស​ពី​​​​តារា​សិល្បៈ​ជើង​ចាស់​​​កម្សត់​ៗ​​ភាគ​ច្រើន ​​​​​តារា​​កំប្លែង​​ល្បី​ឈ្មោះ​​គឺ​អ្នក​ស្រី​​ណយ សំណាង ហៅ​​យាយ​ណាងក៏​​មាន​ជីវិត​បច្ចុប្បន្ន​​​គួរ​ឲ្យ​សង្វេគ​ណាស់​ដែរ។ ​អ្នក​ស្រី​បាន​​​លាតត្រដាង​​ឲ្យ​ឃើញ​ពី​​​​​​​​​វាំង​នន​ខ្មៅ​នៅ​ក្រៅ​​សិល្បៈ​របស់​ខ្លួន ព្រម​ជា​មួយ​​ការ​អះ​អាង​ថាជីវិត​​​​​​​​​​​​​​​​​​របស់​អ្នកស្រី​​គឺ​មិន​ខុស​ពី​​​​​ស្លាប់​ទាំង​រស់​នោះឡើយ​។ នៅ​ក្នុង​ពិធី​​​​​ទទួល​អំណោយ​​ពី​​​​​​ព្រះ​សង្ឃគង់​នៅ​វត្តនាគវ័ន្ត​ ​ពី​សមាគម​សិល្បករ​ខ្មែរនិង​ពី​​សប្បុរសជន​​មួយ​ចំនួន​កាល​ពី​ថ្ងៃ​​​ទី​​​​​២ ខែ​វិច្ឆិកា អ្នក​ស្រី​បាន​ថ្លែង​​​ប្រាប់​ថា​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ស្រី​​​​​​គឺ​មិន​មាន​អ្វី​ជា​ទីពឹង​នោះ​​ទេ ​​​​​បើ​ទោះជា​លើ​កញ្ចក់​ទូរទស្សន៍​​​អ្នក​ស្រី​ប្រឹង​សើច​ប្រឹង​យំដែល​មិន​ខុស​ពី​មនុស្ស​គ្មាន​ទុក្ខ។ អ្នក​ស្រី​បាន​ទាំង​ចាត់​ទុក​ថាការ​រស់​នៅ​របស់​ខ្លួន​​​ក្នុង​ប៉ុន្មាន​​​ឆ្នាំ​នេះមិន​ខុស​ពី​​​ស្លាប់​ទាំង​នៅ​ដង្ហើម ​ដោយសារតែ​ភាព​​ខ្មៅ​ងងឹតនៅ​បាំង​ពេញ​ទំហឹង ​​​​​​​មិន​អាច​​​​លេច​ឡើង​នូវ​​ក្ដី​សង្ឃឹម​​ទាល់តែសោះ​។ អ្នក​ស្រី​បាន​​​ប្រកាស​​ក្នុង​ជំនួប​​​ដែល​មាន​អ្នក​កាសែតចូល​រួម​នោះ​ថា៖ “​ម៉ែ​រាល់​ថ្ងៃ​កូន ​​​ពិបាក​ណាស់​ ឈឺ​ក៏​ឈឺ ​​​​​​​​លុយ​កាក់​អត់​មាន​ទេ ​​​​​​​​​​​​​ឡើង​កំប្លែង​​​ឥឡូវ​ក៏​មិន​សូវ​កើត​​ ហើយ​​​ត្រូវ​បង្ខំ​ចិត្ត​​​​​រកលុយ​​ចិញ្ចឹម​​​​ចៅ​កំព្រា​ដល់​ទៅ​​៧​នាក់​នៅ​ក្នុង​បន្ទុកទៀត បើ​កុំ​តែ​​ម៉ែ​​​​​​អាណិត​ចៅ ​​​ម៉ែ​​​សុខ​ចិត្ត​​​​​​​​​​​​​​អត់ដង្ហើម​​​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ បើ​តាម​​តែ​វា​ពិបាកពេក​​!”។ ​​អ្នក​ស្រី​​លើក​ឡើង​​​​​​ដោយ​​​​​​​ភាព​ក្ដុក​ក្ដួល​ថាក្រោយ​ពេល​​កូន​ប្រុស​ច្បង​របស់​​ខ្លួន​គឺ​លោក អ៊ាច វណ្ណៈ ហៅ​​​​វណ្ណៈ ដេវិដ ​​​​ស្លាប់​ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​​របស់​លោក​ខេមរៈ សិរីមន្ត  ​កាល​ពី​ខែ​​មីនា ឆ្នាំ​​២០១៣ ​កូន​របស់​លោក​ចំនួន​​​៧​​នាក់​​​​​(ប្រុស​​៥ ​ស្រី​​២) ត្រូវ​បាន​ម្ដាយ​របស់​ពួក​គេ​ទម្លាក់​ចោល ហើយ​​ទុក​​​​ឲ្យ​អ្នក​ស្រី​ចិញ្ចឹម​ទាំង​ស្រុង​។ ជាប់​ជួន​ជា​ក្នុង​ពេល​នេះ ​អ្នក​ស្រី​កាន់​តែ​​ធ្លាក់​ខ្លួន​ជរា​និង​ចេញ​សម្ដែង​លែង​សូវ​កើត ទើប​ធ្វើ​​ឲ្យ​សភាព​អត់​បាយ ​​​​​​​កើត​ឡើង​ញឹក​ញាប់​។ អ្ន​ក​ស្រី​មាន​​​​ប្រសាសន៍​ថា​​៖ “​​ពី​មុន​​​បាន​ឪពុក​ម្ដាយ​​​ចៅៗ​អស់​​​ហ្នឹង​វា​​​​រ៉ាប់​រង​​ ​ម្យ៉ាង​កាល​ហ្នឹង​​​ខ្ញុំរក​លុយ​​បាន​ច្រើន​​​​​ផង ប៉ុន្តែ​តាំង​ពី​​កូនខ្ញុំ​អា​បង​គេ​ហ្នឹង​ស្លាប់​មក ​ប្រពន្ធ​របស់​វា​ក៏​ទៅ​មាន​​ប្ដី​ក្រោយ​ចោល​ៗ​កូន​អស់ ​​​​​​​​ទុក​​ឲ្យ​ខ្ញុំនិង​​វណ្ណា ស័ក្ត​ កូន​ពៅ​របស់​ខ្ញុំ ​ចិញ្ចឹម​យ៉ាង​វេទនា​បំផុត ហើយ​កូន​គិត​មើល​​​​​ផ្ទះក៏​យើង​ជួល​គេ ​មាត់​យើង​ក៏​ច្រើន​តើ​បាន​អី​ហូប? ខ្ញុំ​​អត់​​លាក់​លៀម​ទេ ភាគ​ច្រើន​ណាស់​ដែល​ខ្ញុំ​​​​​​​​​​​​​​ស្គាល់តែ​​​​​​​ផ្អក​ប្រហុកនិង​ទិញ​​​មី​ពីរ​បី​​​កញ្ចប់​​មក​​ឆុង​ហូប​បាយ​ជា​មួយ​ចៅ​ៗ!”។ ​​អ្នក​ស្រី​ប្រាប់​ថា​​​លោក​វណ្ណា ស័ក្ត ដែល​អ្នក​ណា​ក៏​ដឹង​ថា​គឺ​ជា​តារា​ចម្រៀង​កុង​ត្រា​របស់​ផលិតកម្មអឹម(M)  មិន​មាន​ប្រាក់​ចំណូល​ពី​សិល្បៈច្រើន​ទេ ​​ក្នុង​ពេល​ដែល​លោក​ចេញ​ច្រៀងក៏​ត្រូវ​​​​ផលិតកម្ម​កាត់​យក​​​​​​​​​​​​ប្រាក់​ចំណេញ​​​​៥០ភាគរយ ​ដែល​ជា​គោលការណ៍​​​​​​ក្រោម​ការ​ព្រម​ព្រៀង​​​បែប​នេះ​។ ប្រាក់​ចំណូ​ល​ខ្លះ លោក​បាន​ត្រឹមតែ​​​​​​​​​​ទប់​លើ​ថ្លៃសម្លៀក​​បំពាក់និង​​​​តម្រូវ​​​ការផ្ទាល់ខ្លួន​​ប៉ុណ្ណោះ ទើប​​​​​អ្នក​ស្រី​និង​​​​ចៅ​ៗពេល​ខ្លះ​ក៏​មិន​អាច​រំពឹង​ទៅ​​លើ​កូន​ប្រុស​​​​​រូប​នេះ​​​​ទាំង​ស្រុង​។ អ្នក​​​​ស្រី​និយាយ​​​ថា​៖ “​​​វណ្ណា ស័ក្ត ​រាល់​ថ្ងៃ​គ្នា​ចង់​​​​​ខ្សោះ​ខ្លួន​ហើយ​​កូន មួយ​រយ​​មក​បាត់​​​២រយ​មក​បាត់​​​​ ព្រោះ​​មាត់​យើងវា​ច្រើន ម្យ៉ាង​​យើង​ជួល​ផ្ទះ​នៅ​​​​កូន​ដឹង​ស្រាប់​ហើយ គឺ​លើក​កញ្ជើរដើ​រតែ​រហូត​ហ្នឹង​ នៅ​ពេល​គេ​ឡើង​ថ្លៃ​! ​​​​ហ្នឹង​បាន​​​​​​​ចៅអធិការវត្តទួល​ទំពូង​លោក​​​អាណិត​ ជួយ​​​ចេញ​លិខិត​​​​​​​​​​​សុំ​​ឲ្យ​នាយក​សាលា​ដែល​ចៅ​ៗខ្ញុំ​​​​​រៀន​ កុំ​​ឲ្យ​​​យក​លុយ​​ផង កុំ​អី​ចៅ​ខ្ញុំ​អត់​មាន​អ្នក​​ណា​ស្គាល់​សាលា​ទេ​!”។ ​ អ្នក​ស្រី​ណយ សំណាង បាន​​​​រៀប​រាប់​ថា ក្រោយ​បែក​សម័យ​ប៉ុល ​ពត ​ផ្ទះ​​សម្បែង​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​​ចាប់​យក​​អស់​ ហើយចំណែក​អ្នក​ស្រី​​ក៏​មិន​ទទួល​បាន​របប​ផ្ទះ​ដីឬ​​​​បាន​​​​ចាប់​​​​ដី​ផ្ទះ​របស់​អ្នក​ណា​វិញដែរ។ អ្នក​ស្រី​​​​​​​​​​បាន​ក្លាយ​ជា​​សិល្បករ​ជ្រក​ក្នុង​ផ្ទះ​ជួល​​ពី​មួយ​​កន្លែង​ទៅ​មួយ​កន្លែង​​​យ៉ាង​លំបាកវេទនា ក្នុង​វ័យ​​​​៧២​ឆ្នាំរបស់​​ខ្លួន​ ក៏​​​​​​​​ធ្វើ​​ឲ្យ​អ្នក​ស្រី​​​​​​​​​​​​លែងមាន​​លទ្ធភាព​រក​ចំណូល​បាន​ដូច​មុន​។ អ្នក​ស្រី​​បន្ត​ទាំង​អួល​ដើម​ករ​ថា៖ “​រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​​​​​​​មាន​ជំងឺ​បេះ​ដូង​ផង ​​​​​ខ្វះ​ជាតិ​ស្ករ​ផង ​​​​លើស​ឈាម​ផង និង​​​ចុក​ដៃ​ចុក​ជើង​ផង! ខ្ញុំអត់​ដែ​ល​បាន​ទៅ​តាម​ដានជំងឺ​​អី​ទេ គឺ​បាន​ត្រឹម​តែ​ឈឺ​ផ្សំ​ថ្នាំ​​លេប​ហ្នឹង ​ខ្ញុំ​អត់​មាន​សង្ឃឹមអី​ទេ នៅ​ពេល​​ខ្លួន​ឯង​​​​កាន់​តែ​ចាស់អញ្ចឹង រាល់​ថ្ងៃ​​បើ​និយាយ​ពី​​គឺ​​អត់ណាស់ ​ម្យ៉ាង​​ខ្ញុំ​មាន​កូន​​ត្រឹម​តែ​២​ វា​បែរ​ជា​ស្លាប់​មួយ ហើយ​​បន្សល់​​ចៅ​​តូច​ៗ​​​​​​ឲ្យ​រញ៉ុង​ឲ្យ​ខ្ញុំ​អញ្ចឹម​ទៀត បើ​បោះ​បង់​ទៅ​ណា​​​”។ អ្នក​ស្រី​ប្រាប់​ថា​​​​មិន​ទាន់​ដាច់​ចិត្ត​​យក​ចៅ​​កំព្រា​​​​​​​ណា​មួយ​​​ឲ្យ​ទៅ​រស់​នៅ​មណ្ឌល​នោះ​ទេ ​​ដោយសារ​​​​មណ្ឌល​ភាគ​ច្រើន​​គេ​អត់​​ទទួល​​​​​​យក​ទាំង​អស់ ហើយ​មិន​ចង់​​ឲ្យ​ចៅ​បែក​បង​បែក​ប្អូន​និង​រស់​នៅ​ឆ្ងាយ​ពី​ខ្លួន។ ​​ អ្នក​ស្រី​បាន​សម្រក់​ទឹក​ភ្នែក​នៅ​​ពេល​ទទួល​​យក​​អំណោយ​ជា​​​អង្ករ​​​​​៣​បាវ ​​មី​​​​​ ទឹក​ត្រី ​​ទឹក​ក្រូ ​ថ្នាំ​សង្កូវ និង​​គ្រឿ​ង​ប្រដាប់​ប្រដាចាន​ឆ្នាំង ព្រម​ទាំង​​ថវិកា​​ចំនួន​​៤​​​០០​ដុល្លារ ដែល​​ផ្ដល់​ឲ្យដោយ​​​​​​​ព្រះ​គ្រូ​​​នី សុវណ្ណមុនីរ៉េត គង់​នៅ​វត្តនាគវ័ន្ដ  ​ពី​​​លោក​ឧកញ៉ា ប៉ែន នួន ​​​និង​​ពី​​សមាគម​សិល្បករ​ខ្មែរ កាល​ពី​ថ្ងៃ​​​​​​​​​​ចន្ទ​ទី​​​​២ វិច្ឆិកានោះ​។ ​លោក​​​នាយ​ឃ្លោក ​ប្រធាន​កិត្តិយស​​​​មាគម​សិល្បករ​ខ្មែរ បាន​​​ប្រកាស​​​ឲ្យ​ដឹង​ថាលោក​​នឹង​ផ្ដល់​​អាហារបំប៉ន​ជួយ​ថែ​ទាំសុខភាព​​ដល់​អ្ន​ក​ស្រី ដើម្បី​​កុំ​​​​​ឲ្យ​សុខភាព​អ្នក​ស្រី​​​​​កាន់​តែ​ទ្រុឌទ្រោម ហើយ​ធ្លាក់​ខ្លួន​​សម្ដែង​លែង​កើតក្នុង​ស្ថានភាព​កម្សត់​នេះ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com        

[អានបន្ត]
នី រតនា ​​​គ្រង​តំណែង​ម្ចាស់​ពានCambodian Idolជាមួយទឹកប្រាក់ជិត​៣ម៉ឺនដុល្លារ

ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 06:49 AM

នៅ​ទី​បំផុត​​​ការ​ប្រកួត​ដ៏​មាន​ប្រជាប្រិយភាព​​​​​Cambodian Idol  ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ទី​​១ ​វិច្ឆិកា ​​​​ ដោយ​​បេក្ខជន​មក​ពី​ខេត្ត​កំពង់​ធំ​ លោក នី រតនា ​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ពី​ការ​ប្រកួត​នេះ​។ ជ័យ​ជម្នះ​របស់លោក​​​បាន​ទទួល​ការ​​អបអរ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​អាច​យក​ឈ្នះ​លើ​បេក្ខជន​ដែលមាន​សមត្ថភាព​​​​​​ចំនួន​​២​រូប​ទៀត​។ ​​​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ដែល​​​​​​​​​​បេក្ខជន​​​វ័យ​​​​២១​ឆ្នាំ មក​ពី​​ស្រុកស្ទោង លោក​ ​នី រតនា បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​Cambodian Idol  ក្នុង​រដូវ​កាល​ទី​​​១។ ក្នុង​ចំណោម​បេក្ខជន​​​៣​នាក់​ចុង​ក្រោយ ​​​​​​​លោក​​គឺ​ជា​បេក្ខជន​ដែល​មាន​​​​វ័យ​​​ក្មេង​ជាង​គេ ហើយ​ក៏​​ជា​​​​​​​​បេក្ខជន​​ដែល​​មាន​​ទឹក​ដម​សំឡេង​​​ខ្ពស់និង​​​​​​​ផ្អែម​​ពីរោះ​បាន​គ្រប់​ប្រភេទ​បទ​។ មុន​បោះ​ជំហាន​​​​​​​​ចូល​ក្នុង​កម្មវិធី​​Cambodian Idol  ​លោក​​គឺ​ជា​​​​​​​​​អ្នក​ចម្រៀង​ ​ប្រចាំ​នៅ​​ក្នុង​​​​​រង្គសាល​មួយ ដោយ​​​ធ្លាប់​​​បង្ហាញ​ខ្លួន​​នៅ​ក្នុង​​កម្មវិធី​ប្រលងចម្រៀង​​​​​​​​​​កន្លង​មក ហើយ​បាន​ទទួល​ជោគជ័យ​​កាល​ពី​​មុន។ ​​​​លោក​​​បាន​​​​ឆ្លង​កាត់​ការ​ប្រកួត​ប្រចាំ​ខេត្ត​កំពង់​ធំ​​និង​​បាន​ឆ្លង​​​​ផុត​​​ការ​​ប្រកួត​ជម្រុះ​​​​​​ច្រើន​​​វគ្គ​ច្រើន​លើក មុន​នឹង​ក្លាយ​ជា​​​​​​​​​​ម្ចាស់​ពាន​​​​​​​​នៅ​វគ្គ​ចុង​ក្រោយ​​​​​​ក្នុង​កម្មវិធី​​Cambodian Idol ។ ​​​ក្នុង​កា​រប្រឡ​ង​​ចុង​​បញ្ចប់ដែល​តម្រូវ​​ឲ្យ​បេក្ខជន​នីមួយ​ៗ​​​​បកស្រាយ​ចម្រៀង​​​​​​៤ជុំ​​​​​​​​​​​​​​​​​នោះ លោក​បក​​ស្រាយ​បទ​បើក​​​​ឆាក​ក្រោម​ចំណង​ជើង​ថា«​​សម្រស់​​បុប្ផាកំពង់​ធំ​» ​​​​​​ដែល​តម្រូវ​ដោយ​កម្មវិធី​។ ​ក្នុង​ជុំ​ទី​​​​​២ ​​លោក​​បក​ស្រាយ​បទ«​ស្រឡាញ់​អូន​មិន​ខ្វល់​ពី​​​អារម្មណ៍​អ្នក​ដទៃ​»។​ ​ជុំ​ទី​​​៣ បក​ស្រាយ​បទ​«​យុវ​ជន​ខូច​ចិត្ត​» និង​ជុំ​ទី​​​៤​​តម្រូវ​​​ឲ្យ​​​លោកបក​ស្រាយ​​​រួម​គ្នា​ជា​មួយ​បេក្ខជន​​​២​រូប​ទៀត​​ក្រោម​ចំណង​ជើង​ថា «​​ក្រោក​ឈរ​» ​​​​​​ដោយ​បទ​ចម្រៀង​​ទាំង​​​៤​ត្រូវ​បាន​គណៈ​កម្មការ​​​ទាំង​​​៤ ​កោត​សរសើរ​ពី​បច្ចេកទេស​ ​សំឡេងរបស់​ម្ចាស់ជ័យ​លាភី​រូប​នេះ​យ៉ាង​ខ្លាំង​​។ ​ ​​លោក នី រតនា ​​ទទួល​បាន​​​​​​​ប្រាក់​រង្វាន់​ចំនួន​​​​​១០០​លាន​រៀល ប្រហាក់​ប្រហែល​នឹង​​២៥.០០០​ដុល្លារ ព្រម​ជា​មួយ​​កិត្តិយ​ស​ក្នុង​នាម​ជា​​​​​ម្ចាស់​ពានCambodian Idol ក្នុង​រដូវ​កាល​ទី​១។ ​ក្រៅ​ពី​នោះ​ក៏​បាន​​​​ទទួល​​ទឹក​ប្រាក់​​ឧមត្ថម្ភពី​ក្រុម​​​​​​​ហ៊ុន​ដែល​ជា​​អ្នក​​​គាំទ្រ​កម្មវិធី​ចំនួន​​​​​២.៥០០​ដុល្លារនិង​ពី​​អគ្គ​នាយក​ទូរទស្សន៍​ហង្ស​មាស​​ចំនួន​​​១ពាន់​​ដុល្លារ​បន្ថែម​ទៀត​។  សរុប​ទឹម​ប្រាក់​ដែល​បាន​ទទួល​ពី​កា​រប្រឡ​ង​នេះគឺ​​​​​២៨.០០០​ដុល្លារ​។  ​​​​​​​​​​​​​​លោក​ក៏នឹង​ក្លាយ​ជា​តារាចម្រៀង​កុង​ត្រា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​​​​​​​​ ​ព្រម​ជា​មួយ​តំណែង​​​​​​​​​​​​​​ជា​​​​​​​​​​សមាជិក​មួយ​រូប​​របស់​កម្មវិធី​Idol របស់ពិភព​​លោក​​​ផងដែរ​។ ​ ជ័យ​ជម្នះ​របស់​​​​​លោក​បាន​រុញ​ច្រាន ​​បេក្ខជន​​​២​រូប​ទៀត គឺ​សៅ ឧត្តម មក​ពី​ខេត្ត​​​​​​​​​កំពង់​ចាម ​​និង​​​​​​​ម៉ៅ ហាជី មក​ពី​ខេត្ត​បាត់​ដំបង ​ត្រូវ​​​របូត​​តំណែង​​ជា​ម្ចាស់​ពាន​និង​ទទួល​បាន​​ទឹក​​​​​​​​​​១០០​លាន​រៀលដែល​ជា​ក្ដី​ស្រម៉ៃ​។ ​​​បេក្ខជន​​​ទំាង​ពីរ​នេះក៏​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្នុង​​រង្គសាល​​ដូច​គ្នា​​នឹង ​​​​នី រតនា ​​​មុន​​​​​ហក់​ចូល​មក​ប្រឡ​ង​​ក្នុង​កម្មវិធី​​​​Cambodian Idol នេះ​។ យ៉ាង​ណា​មិញ ទាំង​​​ម្ចាស់​ជ័យ​លាភី និង​​បេក្ខភាព​​​​២​រូប​ដែល​​មិន​បាន​ទទួល​ចំណាត់​ថ្នាក់ ​​ នឹងត្រូវ​​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​​របស់​ផលិតកម្ម​ហង្ស​មាស​​​​​​​​មិន​ខុស​គ្នា​នឹង​​​​​បេក្ខភាព​មិន​​បាន​​ជាប់​លេខ​របស់​កម្មវិធី The Voice Cambodia នោះ​ទេ។ ​អ្នក​​​ធ្លាក់​ទាំង​ពីរ​ទទួល​បាន​​​ទឹក​ប្រាក់ឧបត្ថម្ភ​​ក្នុង​ម្នាក់​ៗ​​៣ពាន់​ដុល្លារ។ ​ ​លោក​​​​​​​​ អ៊ឹង សុខលី​ ​អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​មាស និង​​​ជា​​​​​​ទទួល​បន្ទុក​កម្មវិធី​​ដ៏​ធំនេះ បាន​អះ​អាង​ថា Cambodian  Idol  គឺ​ជា​កម្មវិធី​ដែល​ទូរទស្សន៍​ហង្ស​មាស​​​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ពី​ប្រទេស​អង់គ្លេស​​​​​។ នេះក៏ជា​​​​កម្មវិធីដែល​លោក​ចាត់​ទុក​ថា​បាន​ទទួល​ជោគជ័យ​​​​​ ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​​​​​ ​​បន្ទាប់​ពី​​​​កម្មវិធី​ក៏​បាន​ទទួល​ការ​​​​​​ចាប់​អារម្មណ៍​ពី​​លោក​​​​នាយក​រដ្ឋមន្ត្រី​​​​​ និង​​​​​​​អ្នក​នយោបាយ​​​​​​​​​​​​។ ​​ជា​មួយ​គ្នា​នោះ លោក​​​​ក៏​អះ​អាង​ថា ​​បេក្ខភាព​​​​នៅ​វគ្គ​ចុង​ក្រោយ មិន​ថា​​​​​តែ​​​​​ម្ចាស់​ជ័យ​លាភី​​​គឺ​ នី រតនា ឬ​​ ​​បេក្ខភាព​​​​​​​​​​២រូប​​ផ្សេង​ទៀត នឹង​ក្លាយ​ជា​​​​តារា​ចម្រៀង​​​​ប្រចាំ​នៅ​​​​​ផលិតកម្ម​ហង្សមាស​ក្នុង​ពេល​បន្ទាប់​។ លោក​​បាន​​​​​កោតសរសើរ​ចំពោះ​​​មហាជន​​​​​​​​​​​​​នៅ​ទូទាំង​ប្រទេស ដែល​បាន​គាំទ្រ​​កម្មវិធី​មួយ​នេះ​យ៉ាង​ពេញ​ទំហឹង​​តាំង​ពី​វិនាទី​ចាប់​ផ្ដើម៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com        

[អានបន្ត]
ឧកញ៉ា ឃ្លោក ប្រកាស​ថា​ឧកញ៉ាៗ​នឹង​បន្ត​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​សមាគម​សិល្បៈ​

ថ្ងៃសុក្រ ទី30 តុលា 2015, 01:33 PM

​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា អតីត​តារា​កំប្លែង​នាយ ឃ្លោក ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ជា​ឯកឧត្តម​ផង ជា​ឧកញ៉ា​ផង កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤​ បាន​អះអាង​ថា ក្នុង​ពេល​ដ៏​ខ្លី​នឹងមាន​ឧកញ៉ាៗ ដែលជា​អ្នក​មានទ្រព្យ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ត​ផ្ដល់ប្រាក់​ប្រចាំខែ​ជួយ​ដល់​តារា​សិល្បៈ​តាមរយៈ​សមាគម​សិល្បក​រ​ខ្មែរ​។ លោក​បាន​អះអាង​បែបនេះ​នៅក្នុង​វេទិកា​សន្និសីទកាសែត បន្ទាប់ពី​មាន​ឧកញ៉ា​មួយរូប​បាន​ស្ម័គ្រចិត្ត​ផ្ដល់​ប្រាក់​ក្នុង​មួយខែ​៥០០​ដុល្លារ​ជា​ជំហាន​ដំបូង​ជួយ​ដល់​សកម្មភាព​តារា​សិល្បៈ​តាម​ការស្នើសុំ​របស់​លោក​។​ ​លោក ទុំ សារ៉ុត ហៅ​នាយ​ឃ្លោក បាន​អះអាង​ថា ក្រោយពី​លោក​ត្រូវបាន​តែងតាំង​ជា​ប្រធានកិត្តិយស​របស់​សមាគម​សិល្បករ​ខ្មែរ លោក​បាន​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា និង​ជា​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា  ដើម្បី​គៀងគរ​មន្ត្រី​អ្នក​មាន​មុខមាត់ និង​ឧកញ៉ា​កាន់តែ​ច្រើន​ឲ្យ​ផ្ដល់​ជំនួយ​ជា​ប្រចាំ​ខែ​ជួយ​ដល់​សមាគម​សិល្បករ​ខ្មែរ​។ ជា​លទ្ធផល​នា​ពេលកន្លងមក លោក​បាន​ទទួល​ជា​ជំនួយ​អង្ករ​ត្រី​សាច់ និង​ថវិកា​មួយចំនួន គ្រប់​ពេល​ដែល​ខាង​សមាគម​សិល្បករ​ខ្មែរ​ចេញ​ធ្វើ​សកម្មភាព​ជួយ​ដល់​តារា​សិល្បៈ​ចាស់ៗ ដែល​ធ្លាក់ខ្លួន​ឈឺ ឬ​បាត់បង់​សមត្ថភាព​រក​កម្រៃ​។​

[អានបន្ត]
នារីដែល​ត្រូវ​គេ​អះអាង​ថា​ជា​សង្សារ​ចាស់ ប៉ែន ចំ​រ៉ុង ចេញមុខ​បកស្រាយ​

ថ្ងៃព្រហស្បតិ៍ ទី29 តុលា 2015, 08:50 AM

​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា អ្នកនាង ថាច់ ផល្លា ដែល​តារា​សិល្បៈ​ភាគច្រើន​បាន​អះអាង​ថា​គឺ​ជា​សង្សារ​ចាស់​របស់ ប៉ែន ចំ​រ៉ុង នោះ បាន​ចុះ​មក​ពី​អាមេរិក​មក​ដល់​ស្រុក​ខ្មែរ​។ អ្នកនាង​បាន​ផ្ដល់​បទសម្ភាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កាលពី​អតីតកាល​ជាមួយ​លោក ប៉ែន ចំ​រ៉ុង នៅ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ពោធិចិនតុង​)​។​ ​អ្នកនាង ថាច់ ផល្លា បាន​សារភាព​ថា រវាង​អ្នកនាង និង​លោក ប៉ែន ចំ​រ៉ុង ពិតជា​មាន​ទំនាក់ទំនង​គ្នា​ច្រើន​មែន នា​ពេលកន្លងមក ដោយ​ធ្លាប់​ទាំង​ពាក់​ព័ន្ធ​រឿង​លុយកាក់​គ្នា​ទៀត​ផង​។ ប៉ុន្តែ​អ្នកនាង​ប្រាប់ថា នោះ​គ្រាន់តែ​ជា​ទំនាក់ទំនង​មិត្តភាព ដែល​កើតចេញ​ពី​ការ​រាប់អាន​ប៉ុណ្ណោះ​គឺ​មិនមែន​ជា​ស្នេហា​នោះឡើយ​។ អ្នកនាង​បកស្រាយ​ថា​៖ "​ចំពោះ​ខ្ញុំ និង​គាត់​(​ប៉ែន ចំ​រ៉ុង​) គឺជា​មិត្ត​ប៉ុណ្ណោះ អត់​មាន​ស្នេហា​អី​ផង​។ ចំពោះ​រឿង​គេ​ថា​ហ្នឹង​ជា​រឿង​របស់​គេ ប៉ុន្តែ​ខ្ញុំ​ដូចជា​អត់​មាន​ស្អី​ជាមួយ​គាត់​ផង​"​។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To