ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

​ឪពុកភិន សុដាលីស ថា​ក្រុមគ្រួសារ​ទាំងអស់បដិសេធ​មិន​​ទទួល​យក​ប៉ែន ចំរ៉ុង

ថ្ងៃចន្ទ ទី14 កញ្ញា 2015, 08:41 AM

ទោះ​ជា​​​ភាគី​​ខាងប៉ែន​ ចំរ៉ុង ​អះ​អាង​ថា​​​​​​ស្នេហា​រវាង​​នាង​ ភិន សុដាលីស និង​​​ប៉ែន​ ចំរ៉ុង នឹង​​​ត្រូវ​​ឡើង​ដល់​​ចំណង​​​មង្គល​​ការ​​​នៅអំឡុង​​ដើម​ឆ្នាំ​​២០១៦​ខាង​មុខ​​ ​​បន្ទាប់​ពី​មាន​ការ​សម្រុះ​សម្រួល​ជា​មួយ​ខាងស្រី ក៏​លោក ​អ៊ិន សុភិន ដែល​ជា​ឪពុក​របស់​កញ្ញា​ ​ភិន សុដាលីស បាន​អះ​អាង​ថា​នោះ​ជា​ការ​បំប៉ោង​​​​ព័ត៌មាន​សុទ្ធ​សាធ​​។ លោក​​​​​​​​​​​បាន​ប្រាប់​ថា​​ក្នុង​​ចំណោម​​​គ្រួសារ​របស់​លោក​គឺ​​អត់​មាន​អ្នក​ណា​​​​ម្នាក់​​​ទទួល​យក លោក ​​​ប៉ែន ចំរ៉ុង នោះទេ។​ ​ ​​​ក្នុង​បទ​សម្ភាសន៍តាម​ទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​ជា​មួយ​វីអូឌី​​ ​​លោក ​ភិន សុភិន បាន​​ថ្លែ​ងប្រាប់​ថារឿង​រៀប​ការ​របស់​កូន​ស្រី និងប៉ែន ចំរ៉ុង ​​គឺ​​ជា​​ការចាត់ចែង​​​តែម្ខាង​​របស់​​ភាគី​ខាង​ប្រុស​និង​​​​សាមី​ខ្លួន​ផ្ទាល់​គឺ ​ភិន សុដាលីស​។ លោក​បន្ត​ថា​​រូប​លោកនិង​ក្រុម​គ្រួសារ​​​មិន​មាន​អ្នក​ណា​​​ពាក់​ព័ន្ធនោះ​ទេ​​។ លោក​ថានៅ​ក្នុង​លោក​នេះ​​​មិន​មាន​ឪពុក​​ម្ដាយ​ណា​​​មិន​ព្រម​​​សម្រ​ប​តាម​កូន​ ដើម្បី​ឲ្យ​កូន​​​​អាច​មាន​​សេចក្ដី​សុខនោះ​ទេ ប៉ុន្តែ​មក​ពី​​​​​​​​​ស្នេ​ហា​របស់​កូន​ស្រី​​និង​​លោក​ប៉ែន ចំរ៉ុង ​​​បាន​​​​​កើត​ឡើង​​​លាយ​លំ​នឹង​ស្នាម​​​​​​​​​ជាំ​ខ្មៅ​ដែល​​​​​​​​​មិន​អាច​ទទួល​យក​បាន ទើប​លោក​និង​​ក្រុម​គ្រួសារ​នៅ​តែ​រក្សា​ជំហរ​​អត់​ទទួល​ស្គាល់​។  លោក ​អ៊ិន សុភិន និយាយ​ថា៖ “​ខ្ញុំ​សូមបញ្ជាក់ដោយ​ត្រង់ចុះ​ បើ​ប៉ែន ចំរ៉ុង គាត់​មាន​ចំណុច​ល្អខ្លះ ក៏​ខ្ញុំនិង​ប្រពន្ធ​ខ្ញុំ ​​​​​សុខចិត្ត​តាម​កូន​ដែរ ព្រោះ​​យើ​ង​មាន​កូន​ស្រីជំទាស់អញ្ចឹង​ដើម្បី​អី គឺ​ត្រូវ​តែ​រៀប​ការ​ឲ្យ​មិនអញ្ចឹង នៅ​ពេល​ដែល​​រឿង​​វា​ធ្លាក់​ដល់​ដំណាក់​កាល​ហ្នឹង​ហើយ ប៉ុន្តែ​​​​​​​​​​ស្ថានភាព​វា​មិន​អាច​ឲ្យ​ខ្ញុំ​និង​គ្រួសារ​ទទួល​យក​បានទើប​វា​នៅ​តែ​អញ្ចឹង! ខ្ញុំ​ចង់​​ឲ្យ​ប៉ែន ចំរ៉ុង គាត់​​​បក​ស្រាយ​ខ្លះ​ ព្រោះ​គាត់​​​​​​​​​​​​បាន​ធ្វើ​​អ្វី​ខ្លះ គាត់​​​ដឹង​ច្បាស់​ហើយ​!”។ លោក​បាន​បន្ថែម​ថា​មូល​ហេតុ​នៃ​ការ​មិន​ទទួល​យក​ប៉ែន ចំរ៉ុងនេះ មិន​មែន​ដោយ​សារ​លោក​ជា​សិល្បករនោះទេ។ លោក​បាន​បង្ហើប​ប្រាប់​ពី​មូល​ហេតុ​លម្អិតពាក់​ព័ន្ធ​នឹង​មូល​ហេតុ​ដែល​នាំ​​ឲ្យ​លោក​និង​ក្រុម​គ្រួសារ​​​​​មិន​ទទួល​យក​​​​លោក​ ប៉ែន ចំរ៉ុង មក​ទល់​ពេ​ល​នេះ បើ​ទោះ​ជាមុន​នេះ​ប​ន្តិច​​លោក​ប៉ែន ចំរ៉ុង បាន​ប្រកាស​នៅ​ចំពោះ​មុខ​​​តុលាការ​ថា​ខ្លួន​ស្រឡាញ់​ ភិន សុដាលី​ស និង​​​​​​​​​ចង់​រៀប​ការ​ជា​មួយ​នាង ដែល​ធ្វើ​​ឲ្យ​មាន​ការ​ផ្ដល់​តម្លៃ​លើ​​​​ចិត្ត​ស្មោះ​របស់​​​តារា​សម្ដែង​រូប​នេះ​​​។ ប៉ុន្តែ​​វីអូឌីរក្សា​សិទ្ធិមិន​ធ្វើ​ការ​លាត​ត្រដាងពី​​ការ​ទម្លាយ​ចេញ​នេះ​។ ​​ លោក អ៊ិន សុភិន ​ប្រាប់​​ថា​​ក្នុង​ចំណោម​​សមាជិក​គ្រួសារ​ទាំង​អស់​របស់​លោក បូករួម​​ទាំងអ្នក​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​ទី​កំណើត​នោះ​​​ផង ​សុទ្ធ​តែ​​​បាន​បង្ហាញ​ការ​ជំទាស់​​​មិន​ឲ្យ​លោក​​​លើក​កូន​ស្រី​​ឲ្យ​ប៉ែន ចំរ៉ុង ​​​បើ​ទោះ​ជា​​​​​​ភិន សុដាលីស ​ត្រូវ​​គេ​ដឹង​ច្បាស់​ដូច​ថ្ងៃ​​ថា​សុខចិត្ត​​​កាត់​ចោល​​​ឪពុក​ម្ដាយនិង​គ្រួសារ បើ​នៅ​តែ​ជំទាស់​មិន​ឲ្យ​នាង​​​រួម​រស់​ជា​មួយ​លោក​ប៉ែន ចំរ៉ុង។ លោក​​និយាយ​ថា៖ “​​អ្នក​មិន​ដឹងពិត​ជា​ថា​ខ្ញុំ​ជា​ឪពុក​អាក្រក់ ប៉ុន្តែ​​​​​​​​ចំរ៉ុង និង​​​ក្រុម​គ្រួសារ​​​​គាត់​ដឹង​ច្បាស់​ហើយ​ ថា​ហេតុ​អ្វី​ពួក​ខ្ញុំ​ទទួល​យក​អត់​បាន ហើយ​បើ​​ការ​សម្រេច​ចិត្ត​របស់​ដាលីស​​ត្រឹម​ត្រូវ ចុះ​ហេតុ​​អ្វី​ប្រពន្ធ​ខ្ញុំ ប៉ា​ខ្ញុំ និង​មារមីងខ្ញុំ​​ទាំង​អស់សុទ្ធ​តែ​​អត់​មាន​អ្នក​​​​​​ទទួលយកចំរ៉ុង​អញ្ចឹង”។ លោក​បញ្ជាក់​បន្ថែម​ថា៖ “ខ្ញុំ​សូម​បញ្ជាក់​​ថា​​​​​គ្រួសារ​ខ្ញុំ​មួយ​ពូជ​​​អត់​មាន​អ្នក​​គាំទ្រ​​​ដាលីស​រឿង​ចំរ៉ុង​ទេ! សូម្បី​តែ​​​តារា​ៗដូច​គ្នា ដែល​​ស្គាល់​រាប់​អាន​​ចំរ៉ុង គេ​​សុទ្ធតែ​​​​​​ខល​មក​ខ្ញុំ​​កុំ​ឲ្យ​ខ្ញុំទន់​ចិត្ត ព្រោះ​​ចំរ៉ុង​អញ្ចេះ​ចំរ៉ុង​អញ្ចុះ ​​​​​​​​​​​​ខ្ញុំ​គិត​ថាចំរ៉ុង​គាត់​ដឹង​ច្បាស់​ជាង​គេ ថា​ហេតុ​អ្វី​គ្រួសារ​ខ្ញុំ​ម៉ាពូជនិង​អ្នក​ស្គាល់​គាត់​ភាគច្រើន​​​មិន​គាំទ្រ​គាត់​!”។ លោក ​អ៊ិន សុភិន ដែល​ជា​ឪពុក​របស់​កញ្ញា​ ​ភិន សុដាលីស លោក​ឲ្យ​ដឹង​ទៀត​ថា​​​ហេតុ​ផល​​មាន​ក្រនិង​ដោយ​សារ​លោក​ជា​សិល្បករ​មិនមែន​ជា​​​រឿង​​ត្រូវ​ជំទាស់​នោះ​ទេ ហើយ​លោក​ជា​​សិល្បករ ក៏មិន​មែន​ជា​មូលហេតុ​ដែល​ក្រុមគ្រួ​សារ​លោក​បដិសេធ​មិន​ទទួលលោក​ ប៉ែន​ ចំរ៉ុងនោះទេ។  លោក​និយាយ​ថា៖ “មាន​ក្រ​ខ្ញុំ​អត់​​ប្រកាន់​តែ ​អ្វី​ដែល​សំខាន់​ខ្ញុំ​សុំ​តែ​ជា​មនុស្ស​ល្អ​ប៉ុណ្ណោះ ប៉ុន្តែ​​ចំរ៉ុង​គាត់​សួរ​ខ្លួន​ឯង​ទៅ តើ​គាត់​​​មាន​ចំណុច​ទាំង​នោះ​ទេ ​​​​​​កុំ​ចេះ​តែ​ចោទ​ថា​ខ្ញុំ​​​​​​​​​​អាក្រក់ ហើយ​មិន​​​​អាណិត​កូន គឺ​ខ្ញុំ​អាណិត​ហ្នឹង​ហើយ ដែល​ខំ​ធ្វើ​អញ្ចឹង​!”។ ​​ អានអត្ថបទ...  ភាពយន្ត​ខ្មែរ​២រឿង​នឹង​ចូល​​ទីផ្សារ​អាមេរិក​និង​​ចិន   ប៉ែន ចំរ៉ុង ​​​​​​​​ ​​​​សារភាពចំពោះ​មុខ​តុលា​ការ​ថា​​ស្រឡាញ់ ភិន សុដាលីស ​​   ​កែវ នីសា ជាប់ ​Grade A ជា​ពិធីការិនី​ឆ្នើម​   ​ឪពុកដា​លី​សប្រាប់​មូលហេតុ​ចោលចំ​រ៉ុងយក​តុលា​  លោក​ថា​បើ​កុំ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​​​​​សមាជិក​ទាំងអស់​នៅ​ក្នុង​គ្រួសារ គឺ​លោក​​​​​​​នឹង​ត្រូវ​ទន់​ចិត្តយូរ​មក​ហើយ ​​ដើម្បី​​​កុំ​​​ឲ្យ​កូន​ស្រីពិបាក​ចិត្តនិង​​​​​​​កុំ​​ឲ្យ​គេ​ថា​រឿង​រ៉ាវ​ទុំ​ជោរ​ដល់​កម្រិត​ហ្នឹង​ទៅ​ហើយ នៅ​តែ​​គ្មាន​ការ​អធ្យាស្រ័យ​។ ប៉ុន្តែ​លោក​ថា​មក​ពី​រឿង​រ៉ាវ​ខាង​ក្រៅ​​ វា​​​ពិបាក​​ឲ្យ​លោក​និងក្រុម​គ្រួសារ​​​​​​បន្ទន់​ឥរិយាបថ​ទៅកើត ទើប​លែង​ខ្មាស់​​​​​​​មហាជន​។ លោក​បន្ត​ថា៖ “ក្រោយ​កូន​ខ្ញុំ​ចូល​ផ្ទះ​វិញ ​ខ្ញុំ​ប្រាប់​កូន​ខ្ញុំ​ ​ថា​​​ឥឡូវកូន​ដឹង​ហើយ​​ថា​ចំរ៉ុង​គាត់​យ៉ាង​មិច ​អញ្ចឹងបើ​កូន​រើស​គេ​កូនធ្វើ​អី​ជា​មួយ​គេ​ធ្វើ​ទៅ ចង់​រៀប​ការ​ឬ​​​​​​​​​​យ៉ាង​មិច​ធ្វើទៅ​​​​ប៉ា​អត់​ជំទាស់ទេប៉ុន្តែ​​ប៉ាម៉ាក់​ក៏​អត់​ដឹង​ឮ​ដែរ បើ​គេ​ថែ​​កូន​បាន​ល្អ​ប៉ា​អរគុណ​គេ បើ​គេ​ធ្វើ​​ឲ្យ​កូន​ពិបាក ​​​ប៉ា​ម៉ាក់​​ទទួល​កូន​ម​ក​វិញ​​ដៃ​២! ហើយ​គាត់​​​​​​អូខេ​ហើយ គឺ​គាត់​រើស​យ​ក​ចំរ៉ុង​ អញ្ចឹង​​ចំពោះ​រឿង​រៀ​ប​ការ ឬ​រឿង​អី​ពី​គាត់​សួរ​ពួក​គេ​ទៅ ព្រោះ​ពួក​ខ្ញុំ​​អត់​​​មាន​អ្នក​ណា​ចូល​រួម​គិត​ជា​មួយទេ​​!”។  លោក​ថា​​​​​នឹង​ត្រៀម​ទម្លាយ​រឿង​រ៉ាវ​អាក្រក់​ពាក់​ព័ន្ធ​នឹង​ហេតុ​ផល​ដែល​នាំ​​ឲ្យ​លោកនិង​ក្រុម​គ្រួសារ​​​​​​​​មិន​ព្រម​ទទួល​យក​​លោក​ប៉ែន ចំរ៉ុង នៅពេល​ខាងមុខ។​ ​លោក​​ ប៉ែន ចំរ៉ុង និង​​កញ្ញា ​ភិន សុដាលីស នៅ​តែ​ប្រកាន់​ជំហរ​មិន​ធ្វើ​ការ​បក​ស្រាយ​នោះ​ទេ ​បើទោះ​ជា​ពួកគេ​បាន​ទម្លាយ​ប្រាប់​អ្នក​សិល្បៈ​មួយ​ចំនួន​ថា​នឹង​រៀប​ការ​​​​​ជា​មួយគ្នា​នៅ​ដើម​ឆ្នាំ​​២០១៦។ ប៉ុន្តែ​​យោង​តាម​អ្វី​ដែល​​​លោក​ប៉ែន រស់ ជា​បង​ប្រុស​របស់​​ប៉ែន ចំរ៉ុង ​បានបញ្ជាក់​គឺ​​​​អាពាហ៍​ពិពាហ៍​នោះ ​​​នឹង​ត្រូវ​ធ្វើ​ឡើង​​ ដោយ​សារតែមាន​ការ​សម្រុះ​សម្រួល​ពី​ភាគី​ខាង​ស្រី​។ លោក ​អ៊ិន សុភិន ​​ស្នើ​​ឲ្យ​បញ្ឈប់​​​​​​​​​​​​មាក់​ងាយ​​លើ​​​រូប​លោកនិង​​ក្រុមគ្រួសារ​ពាក់​ព័ន្ធ​នឹងការ​មិន​ទទួល​ស្គាល់ពី​​​​ស្នេហា​នេះ​បន្ត​​ទៀត​៕​ សរសេរមកកាន់លោក​ វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com 

[អានបន្ត]
ភាពយន្ត​ខ្មែរ​២រឿង​នឹង​ចូល​​ទីផ្សារ​អាមេរិក​និង​​ចិន

ថ្ងៃសុក្រ ទី11 កញ្ញា 2015, 08:01 AM

បន្ទាប់​ពី​រឿង​​​ «​ដុំ​ហ្វីល​ចុង​ក្រោយ​»​ ជា​រឿង​ខ្មែរ​ដំបូង​ទើប​នឹង​ធ្វើ​​ឲ្យ​កក្រើក​ នៅ​លើ​​ទឹក​ដី​​​សហរដ្ឋ​អាមេរិក ​​​​​​ផលិតកម្ម​​មហាហង្សក៏​បាន​​​​ប្រកាស​​ជា​ផ្លូវ​ការ​ថា ខ្លួន​បាន​សិទ្ធិ​​ពី​សហរដ្ឋ​អាមេរិក ​ដើម្បី​យក​រឿង​​ចំនួន​​​​​២ទៅ​​ដាក់​បញ្ចាំ​ង​នៅ​ទី​នោះហើយ នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាងមុខ។ នេះ​គឺ​ជា​​ជោគជ័យ​មួយ​ថ្មី ​បន្ទាប់​ពី​រឿង​ «​​ក្រមុំ​​សៅកែ» ​ក៏​នឹង​ត្រូវ​​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៌​ភាព​យន្ត​ពិភព​លោក ​ក្នុង​ប្រទេស​​នៅ​ពាក់​កណ្ដាល​ខែ​​កញ្ញានេះ​ ដូច​គ្នា​។ ​​

[អានបន្ត]
​ភរិយា សួស សង​វាចា បារម្ភ​ខ្លាច​ស្វាមី​ពិការ​ក្រោយ​វះកាត់​

ថ្ងៃអង្គារ ទី8 កញ្ញា 2015, 08:45 AM

​មុន​បញ្ជូន​ស្វាមី​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល ភរិយា​របស់​តារាចម្រៀង​លោក សួស សង​វាចា បាន​ថ្លែងប្រាប់​ថា ស្ថានភាព​ជំងឺ​របស់​ស្វាមី​គឺ​មាន​បញ្ហា​ជាច្រើន ដោយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​បង្ហាញឲ្យឃើញខ្លា​ច​លោកនឹងពិ​បាក​គេច​ពី​ពិការភាព បើ​ទោះ​ជា​បាន​ឆ្លង​ផុត​ការវះកាត់​។ យ៉ាងណាក៏ដោយ អ្នកស្រី​ជា​ភរិយា​ថា មាន​អារម្មណ៍​ធូរ​ទ្រូង បន្ទាប់​ពី​មាន​សប្បុរសជន​បាន​ផ្ដល់​ការ​ជ្រោមជ្រែង​ជួយ​ឲ្យ​អ្នកស្រី​អាច​បញ្ជូន​ស្វាមី​ទៅ​វះកាត់​ដល់​ប្រទេស​វៀតណាម​។​ ​អ្នកស្រី វ៉ាន់ សុភា ភរិយា​របស់​លោក​សួស សង​វាចា ថ្លែងប្រាប់ VOD កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧ ខែ​កញ្ញា ប៉ុន្មាន​ម៉ោង​មុន​ចេញទៅ​ប្រទេស​វៀតណាម​ថា លោក សួស សង​វាចា មិន​មាន​តែ​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​មួយ​មុខ​នោះ​ទេ​គឺ​មាន​ជំងឺ​ច្រើន​ទៀត ទើប​ធ្វើ​ឲ្យ​អ្នកស្រី​បារម្ភ​ខ្លាច​ស្វាមី​មាន​បញ្ហា​ពិការភាព បន្ទាប់ពី​ត្រូវ​កម្រើកខ្លួន​លែង​បាន​ក្នុង​ពេល​បញ្ជូន​ចូល​ពេទ្យ​ជោ​រ៉ៃនៅ​ភ្នំពេញ​នោះ​។ អ្នកស្រី​មាន​ប្រសាសន៍ថា មុន​ពេល​កម្រើកខ្លួន​អត់​បាន​មួយ​ចំហៀង លោក សួស សង​វាចា មិន​មាន​អាការៈ​ដួល​បោកក្បាល​នោះ​ទេ ប៉ុន្តែ​មក​ពី​សម្ពាធ​ឈាម​ច្រាល​បុក​ទៅ​កាន់​ខួរក្បាល  ទើប​បណ្ដាលឲ្យ​មាន​ឈាមក​កទៅបំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ហើយ​បណ្ដាល​ឲ្យ​លោក​កម្រើកខ្លួន​មិនបាន មុន​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

[អានបន្ត]
ប៉ែន ចំរ៉ុង ​​​​​​​​ ​​​​សារភាពចំពោះ​មុខ​តុលា​ការ​ថា​​ស្រឡាញ់ ភិន សុដាលីស ​​

ថ្ងៃសុក្រ ទី4 កញ្ញា 2015, 09:55 PM, (1)

នៅ​ទី​បំផុត​ចម្លើយ​ផ្លូវ​ការ​របស់​លោក​ ប៉ែន ចំរ៉ុង ​បាន​បញ្ជាក់​នៅចំពោះ​​មុខ​តុលាការ​ហើយ​ថាលោក​ស្រឡាញ់​​​​​​​កញ្ញា​ ភិន សុដាលីស ដោយ​ថា​មិន​មែន​​ជា​ស្នេហា​លែង​សើចដូច​​ការ​​អះ​អាង​របស់​លោក​​ ​អ៊ិន សុភិន ដែលត្រូវ​ជា​ឪពុក​របស់​កញ្ញា ភិន សុដាលីស នោះ​ទេ​។ ​ទំនាស់​​រវាង​ស្នេហា​ពួក​គេនិង​ឪពុក​ខាង​ស្រី ​ត្រូវ​បាន​​បន្ថយ​​​​​​អង្សារ បើ​ទោះ​ជា​លទ្ធផល​​​​​ផ្លូវ​ការ​នៅ​មិន​ទាន់​ដឹង​​​​ថា​​​​​តើ​លោក ​​អ៊ិន សុភិន អាច​នឹង​ប្ដូរ​ជំហរ​​រៀប​ការ​​​ឲ្យ​ពួក​គេ​ឬ​ក៏​អត់​? ​តប​តាម​ការ​​​កោះ​អញ្ជើញ​របស់​​តុលាការ​ ​លោក ​ប៉ែន ចំរ៉ុង ​បាន​បង្ហាញ​ខ្លួន​ចូល​​​​ស្រាយ​បំភ្លឺ​​​​​​ដូច​​ស្នើ​សុំ កាល​ពី​ព្រឹក​​​​ថ្ងៃ​ទី​០៤ ខែកញ្ញា ​​​​​​ដោយ​មាន​​កញ្ញា ​ភិន សុដាលីស​​​ ​​មក​​បំភ្លឺ​ជា​មួយដែរ​។ ប្រភព​ពី​​ខាង​តុលាការ​​បានឲ្យ​ដឹង​ថា​លោក ​ប៉ែន ចំ​រ៉ុ​ង ​បាន​ឆ្លើយ​បដិសេធ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​​ថា​លោក​​​​បាន​ចាប់​ពង្រត់កញ្ញា​ ​ភិន សុដាលីសឬ​ពាក់​ព័ន្ធ​នឹង​​ការ​បាត់​ខ្លួន​របស់​​​នាង​។ ​បន្ថែម​ពី​លើ​ចម្លើយ​សារភាព​របស់​​លោកប៉ែន ចំរ៉ុង កញ្ញា ​ភិន សុដាលីស ក៏​ត្រូវ​គេ​ឃើញ​​​​ចូល​​​មក​កាន់​​​តុលាការ​តាម​ក្រោយនិង​បាន​ការពារ​​លោក​​ប៉ែន ចំរ៉ុង ថា​​នាង​​​ចាក​​ចេញ​ពី​ផ្ទះ​គឺ​ជាការ​​​សម្រេច​ចិត្ត​​ផ្ទាល់​ខ្លួននិង​ដោយ​សារ​តែ​នាង​ស្មុគ​ចិត្ត ​មិន​ទាន់​ចង់​ប្រឈម​នឹង​រឿង​ចម្រូង​ចម្រាស​​ប៉ុណ្ណោះ​។ ​ ​​​​​នាង​​សន្យា​ត្រឡប់ចូល​​​ផ្ទះ​វិញ ប៉ុន្តែ​​មិន​បាន​ប្រាប់​​ថា​​​​​នឹង​ចូល​​ផ្ទះ​ថ្ងៃ​ណានោះ​ទេ ​ដោយ​គ្រាន់​តែ​​គេ​ដឹង​ថា​​​​នាង​បាន​ចាក​ចេញ​ពី​​​​តុលាការ​​ជា​មួយ​​​​​​​ឪពុក​ម្ដាយ​ ​ក្រោយ​​ចប់​ការ​​​បំភ្លឺ​។ ​ យ៉ាង​ណា​ក៏​ដោយ ​នៅ​ចំពោះ​មុខ​​តុលាការ ទាំង​​ភាគី​​ ​ប៉ែន ចំរ៉ុង និង​​កញ្ញា​ភិន សុដាលីស បាន​សារភាព​ថា​ពួក​គេ​ស្រឡាញ់​គ្នា ​​​ដោយ​​លោក​ប៉ែន ចំរ៉ុង បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​​ថា​​រូប​លោកស្រឡាញ់​នាង​ភិន សុដាលីស ​​​​និង​​មិន​​​មែន​ជា​ស្នេហា​​លែង​សើច ក្នុង​បំណង​​បំផ្លាញ​កិត្តិយស​របស់​​នាង​នោះ​ទេ​។ ​ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ ថ្លែងយ៉ាងខ្លី​​​ក្រោយ​​ពី​​ការ​សាកសួរ​ថា​​​​​លោក ​ប៉ែន​ ចំរ៉ុង​ ​​​​បាន​​អះ​អាង​ថា​​​​មិន​បាន​​ពង្រត់​ភិន សុដាលីស។ លោក​បាន​​​​​សម្រេច​ចិត្ត​បិទ​បញ្ចប់​​រឿង​នេះ បន្ទាប់​ពី​​ ភិន សុដាលីស ​ចូល​មក​សារភាព​​​​​​​​​​​​​​​​​​ដោយ​ផ្ទាល់​មាត់​។ រូបថតពីហ្វេសប៊ុក វីអូឌីមិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​ពី​លោក ​ប៉ែន ចំរ៉ុង បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ប៉ែន រស់ ​បង​ប្រុស​​របស់​លោក ​បាន​ប្រាប់វីអូឌី​​កាល​ពី​កល្ងាច​ថ្ងៃ​ទី​​៤​ កញ្ញា​ថា​ប្អូន​ប្រុសរ​បស់​លោក​​​ពិត​ជា​បាន​ស្រឡាញ់​​​​កញ្ញា​ភិន សុដាលីស ប្រាកដ​មែន។ លោក​បាន​បញ្ជាក់​ថា​៖ "​​​ចំរ៉ុង​​ប្អូនខ្ញុំ​ស្រឡាញ់​​​​​​ដាលីស​ចង់​​ងាប់​ហ្នឹង បើ​មិន​អញ្ចឹង​គ្នា​​​​​សុខ​ចិត្ត​​​​​​​​​​​ទ្រាំ​​ដល់​ថ្នាក់​​​ ហ្នឹង​ធ្វើ​អី​!”។ លោក​ថា​​​​ប្អូនប្រុសនិង​ក្រុម​គ្រួសារមិន​ចង់​បាន​អ្វី​ពីក្រុម​គ្រួសារ​របស់​​លោកអ៊ិន សុភិន ក្រៅ​ពី​​សុំ​​ឲ្យ​​លោក​​​​​បញ្ចប់​​រឿង​ចម្រូង​ចម្រាស​​​​ ហើយ​បើ​កសិទ្ធិ​​ឲ្យ​អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជា​មួយ​គ្នា​​ដោយ​​គ្មាន​រឿងរ៉ាវ​នោះ​​ទេ។ លោក​មាន​​ប្រសាសន៍​ថា​៖ “​ប្អូនខ្ញុំ​សុខ​ចិត្តទទួល​ខុស​ត្រូវ​​ទាំង​អស់​​រឿង​ហ្នឹង​ ​ព្រោះ​វា​អត់​មែន​លែង​សើច​ទេ ​​ ​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​​ក្រោយ​​ពី​បំភ្លឺ​​​​​​​​​នៅ​តុលាការ​ហើយ​ តើនឹង​មាន​រឿង​អី​ទៀត​ទេ ព្រោះ​​នោះ​គឺ​ជានិតិ​វិធី​របស់​តុលាការ និង​​​ភាគី​ខាង​ស្រី​”។ ​លោក​បន្ត​ថា​​​​​​​​​​​​​គ្រួសារ​របស់​លោក​ស្រឡាញ់​ពេញ​ចិត្ត​ ភិន សុដាលីស គ្រប់​គ្នា ដោយ​មិន​មាន​អ្នក​ណា​ជំទាស់​មិន​ឲ្យ​ចំរ៉ុង ​​​​​​​ស្រឡាញ់​នាង​នោះ​ទេ បើ​ទោះ​ជា​មាន​រឿង​រ៉ាវ​​ផ្អើល​ទឹក​ផ្អើល​ដី ធ្វើ​​ឲ្យ​ប្អូន​ប្រុស​របស់​លោក​​​ប៉ះ​ទង្គិច​​​កេរ្តិ៍​ឈ្មោះ​។ លោក​​និយាយ​ថា៖ “ពី​រ​នាក់​ហ្នឹ​ង​វា​ស្រឡាញ់​គ្នា​​​  ​​​​ហើយសម្រាប់​ខ្ញុំ​​​​​បើ​​​​លោក​ អ៊ិន សុភិន ​ចេញ​មុខ​ការ​​​​​ឲ្យ​​មែន មិន​ដឹង​ចំរ៉ុង​គ្នា​អរ​ម៉េច​​ទេ ព្រោះ​ពួក​គេស្រឡាញ់​​គ្នា​​!”។ យ៉ាង​ណា​ក៏​ដោយ បង​ប្រុស​របស់​លោក​ប៉ែន ចំរ៉ុង ហាក់​មិន​ហ៊ាន​​​​​​​ធានា​​ពី​ភាព​រឹង​មាំ​នៃ​ស្នេហា​នេះ​ឡើយ​។ ​លោក​​​ប៉ែន រស់ ​និយាយ​ថា៖ “រឿង​ចិត្ត​គេ​ខ្ញុំ​អត់ហ៊ាន​ទាយ​ទេ ប៉ុន្តែ​​សម្រាប់​ពេល​​នេះ ខ្ញុំឃើញ​ប្អូនខ្ញុំ​ស្រឡាញ់ដាលីស គឺ​មិន​មែន​ដាលីស​ស្រឡាញ​តែ​ម្ខាងទេ​​!”។ វីអូឌីមិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​អ៊ិន សុភិន បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​​​ ​​​ក្នុង​កិច្ច​សម្ភាសន៍​​​មុន​​​ចូល​​​​តុលាការ​ ​លោក​បាន​ថ្លែង​ថា ​ ប៉ែន ចំរ៉ុង ធ្លាប់​​បាន​អះ​អាង​នៅ​ចំពោះ​មុខ​​​​​​​​​​​​​​​​​អធិការប៉ូលិស​ខណ្ឌ​ពោធិសែន​ជ័​យ​ម្ដង​ហើយ​ថា​គេ​ស្រឡាញ់​ភិន សុដាលីស។ លោក​បាន​ថ្លែង​ប្រាប់​ថាបើ ​​​ប៉ែន ចំរ៉ុង ​​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​តុលាការ​ថា​គេ​ស្រឡាញ់​ដាលីស ​ម្ដង​ទៀត នោះ​លោក​នឹង​​បើក​ផ្លូវ​​ឲ្យ​អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជា​មួយ​គ្នា ​តែ​ត្រង់​​ឲ្យ​​លោកចេញ​ធ្វើ​មេបា​រៀ​ប​ការ​ឬ​​​​​ផ្ដល់​​​ប្រាក់​កាស​​​ក្នុង​ន័យ​គាំទ្រ​​​ស្នេហា គឺ​​​​​លោក​មិនច្បាស់​នោះ​ទេ។ លោក​ ប៉ែន តុលា ជា​អតីត​គូដណ្ដឹង​របស់​ភិន សុដាលីស បាន​បង្ហាញ​ការ​សាទរ បន្ទាប់​ពី​ដឹង​ថា​អ្នក​ទាំង​ពីរ​​បាន​ប្រកាស​​​​ផ្លូវ​ការ​ថា​ខ្លួន​ស្រឡាញ់​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​។ ​​​​លោក​អះ​អាង​មិន​មាន​អារម្មណ៍​ខូចចិត្ត​នោះ​ទេ ដោយ​​សារ​តែ​​លោក​បាន​ដឹង​រួច​​ទៅហើយ ថា​ភិន សុដាលីស ពិត​ជា​ជ្រើស​​យក​​ប៉ែន ចំរ៉ុង៕ កែតម្រូវ៖ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញគឺ​លោក វង្ស ប៊ុន​​វិសុទ្ធ មិន​មែន ប៊ុត វង្សវិសុទ្ធ ដូច​ការ​ចុះ​ផ្សាយ​មុន​ទេ​។ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
​កែវ នីសា ជាប់ ​Grade A ជា​ពិធីការិនី​ឆ្នើម​

ថ្ងៃសុក្រ ទី4 កញ្ញា 2015, 03:04 PM

​ចាត់ទុក​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​មន្ត្រី​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ បាន​អះអាង​ថា តារា​សម្ដែង​នាង កែវ នីសា បាន​ឈាន​ឡើង​កម្រិត​A ក្នុងនាម​ជា​ពិធី​ការិនី​ឆ្នើម​មាន​ប្រជាប្រិយភាព​ខ្ពស់ តាមរយៈ​ការស្រាវជ្រាវ​ដោយ​ក្រុម​Agency ធំៗ ក្នុង​ឆ្នាំ​២០១៥​នេះ​។ អ៊ីចឹង​ហើយ ទើប​មន្ត្រី​ប្រចាំ​ទូរទស្សន៍​CNC សម្រេចចិត្ត​ប្រគល់​កម្មវិធី​តន្ត្រី ឲ្យ​នាង​ចេញមុខ ដោយ​រំពឹងថា​វេទិកា​ប្រគំ​តន្ត្រី​ដែល​នឹង​បើក​ឆាក​បន្ទ​ផ្ទាល់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ខាងមុខ មាន​ការចាប់អារម្មណ៍​ខ្លាំង​។  ​លោក សេត គឹម​សឿន អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​ប្រចាំ​នៅ​ទូរទស្សន៍​CNC មានប្រសាសន៍ថា ចាប់ពី​ថ្ងៃ​អាទិត្យ​ទី​៦ ខែកញ្ញា​នេះ​ទៅ ស្ថានីយទូរទស្សន៍​CNC  ដែល​កន្លង​មក​ត្រូវ​គេ​ស្គាល់​ថា ផ្ដោត​ខ្លាំង​តែ​លើ​កម្មវិធី​ព័ត៌មាន​នោះ នឹង​ធ្វើ​កម្មវិធី​តន្ត្រី​បន្ត​ផ្ទាល់ ដូចគ្នា​នឹង​ស្ថានីយ​ទូរទស្សន៍​កម្សាន្ត​ឯទៀត​។ លោក​ថា ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​ស្រូប​ទាញ​អ្នកគាំទ្រ​ផ្នែក​កម្សាន្ត​ថែម​មួយ​កម្រិត​ទៀត បន្ថែម​ពីលើ​ប្រជាប្រិយភាព​ក្នុងនាម​ជា​អ្នក​ផ្ដល់​ជូន​នូវ​កម្មវិធី​ព័ត៌មាន​នាំមុខ​។​

[អានបន្ត]
​សមាគម​សិល្បៈ​បន្ត​ដាក់​ញត្តិ​សង្គ្រោះ​ភាពយន្ត​ខ្មែរ

ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015, 09:01 AM

​សមាគម​សិល្បៈ​ខ្មែរ ប្រកាស​បន្ត​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ស្នើ​ឲ្យមាន​ការធានា​ឲ្យមាន​ការចា​ក់​ផ្សាយ​រឿង​ខ្មែរ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​អះអាង​ថា ដើម្បី​ជួយសង្គ្រោះ​ភាពយន្ត​ភាគ​ខ្មែរ​ឲ្យមាន​វត្តមាន​នៅលើ​កញ្ចក់ទូរ​ទស្សន៍​។​ ​មន្ត្រី​សមាគម​សិល្បៈ​ខ្មែរ​បាន​ប្រកាស​ដូចនេះ នៅក្នុង​ពិធី​តែងតាំង​នាយ​ឃ្លោក​ជា​ប្រធានកិត្តិយស​ថ្មី ជំនួស​ឲ្យ​ការលាឈប់​របស់ លោក អៀង ស៊ី​ធុល និង​ការប្រកាស​ដំឡើង​លោក កុយ ស៊ី​ឌឿ​ន ពី​អគ្គ​ហេរញ្ញិក​រង​មកជា​អនុប្រធាន​សមាគម​។ សមាគម​តំណាង​តារា​សិល្បៈ​មួយ​នេះ​ក៏​បាន​អះអាង​ថា នឹង​ធ្វើ​ចំណាត់ការ​រហូត​ទាល់តែ​មាន​ការធានា​១០០%​ថា ការចាក់ផ្សាយ​រឿង​ខ្មែរ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ពិតជា​ត្រូវ​អនុវត្តន៍​តាម​ការទា​ម​ទារ​។ 

[អានបន្ត]
​ឪពុកដា​លី​សប្រាប់​មូលហេតុ​ចោលចំ​រ៉ុងយក​តុលា​

ថ្ងៃពុធ ទី2 កញ្ញា 2015, 10:19 AM, (2)

​កាលពី​៣​ឆ្នាំមុន លោក ប៉ែន តុលា គូ​ដណ្ដឹង​របស់ ភិន សុ​ដា​លី​ស គ្រាន់តែ​ជា​តារា​សម្ដែង​ដូចគ្នា​នឹង​លោក ប៉ែន ចំ​រ៉ុង ប៉ុណ្ណោះ​។ អញ្ចឹង​ហើយ​ទើប​មាន​ការ​ចោទសួរ​យ៉ាងខ្លាំង ថា​ហេតុអ្វី លោក​អ៊ិន សុ​ភិន ឪពុក​របស់​នាង នៅ​រក្សា​ជំហរ​មិន​លើក​កូនស្រី​ឲ្យ​ប៉ែន ចំ​រ៉ុង ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជាង ហើយ​សុខចិត្ត​ជំរុញ​ឲ្យ​យកគូ​ដណ្ដឹង​នោះ​ទៅ​វិញ ជំទាស់​ចិត្ត​កូនស្រី​ទៅវិញ​។ ​លោក អ៊ិន សុ​ភិន បញ្ជាក់ថា រវាង ប៉ែន តុលា និង​ប៉ែន ចំ​រ៉ុង មិន​ត្រឹមតែ​មានត្រកូល​ដូច​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តារា​សិល្បៈ​ដូចគ្នា និង​ជា​បុរស​ដែល​ចូល​មក​ពាក់ព័ន្ធ​កូនស្រី​របស់​ខ្លួន គឺ​ភិន សុ​ដា​លី​ស ដូច​គ្នា​ផង​ដែរ​។ យ៉ាងណាក៏ដោយ លោក​បាន​បង្ហាញ​នូវ​ទល្ហីករណ៍​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​ថា​អ្នក​ទាំង​ពីរ​មិន​ដូចគ្នា​។ លោក​និយាយថា៖ "សម្រាប់​ខ្ញុំ តុលា​ក៏​មិនមែន​ឧកញ៉ា ហើយ​ចំ​រ៉ុង ក៏​មិន​អ្នក​អន់​អី អញ្ចឹង​បើ​កូនស្រី​ស្រឡាញ់​អ្នកណា​គួរតែ​តាម​មិន​អញ្ចឹង ប៉ុន្តែ​មក​ពី​ខ្ញុំ​មើល​ឃើញ​គុណសម្បត្តិ​របស់​ពីរ​នាក់​ខុសគ្នា ទើប​មិន​យល់ព្រម​គាំទ្រ​ឲ្យ​ដាលីស យក​ចំ​រ៉ុង​ទេ​។ [​តែ​]​បើ​ពីរ​នាក់​[​ចំ​រ៉ុង និង​ដា​លី​ស​]​យក​គ្នា​បាន​យ៉ាងម៉េច​យកទៅ​​"​។ 

[អានបន្ត]
ប៉ែន ចំរ៉ុង រង​បណ្ដឹង​នៅតុលាការ​ ខណៈភិន សុដាលី បាត់ពីផ្ទះ​​

ថ្ងៃចន្ទ ទី31 សីហា 2015, 06:29 AM, (1)

​​​​ប៉ុន្មាន​នាទី​ក្រោយ​ពី​កញ្ញា​ ភិន សុដាលីស ​​បង្ហោះ​វីដេអូឃ្លីប​​ លោក ​អ៊ិន សុភិន ​​ជា​​ឪពុកនិង​ជា​ថៅកែ​ផលិតកម្ម​មហាហង្ស​បានបញ្ជាក់​ប្រាប់​វីអូឌី(VOD)ភ្លាមថាកូន​ស្រី​​​របស់​លោក​​​បាត់​ដំណឹង​និង​​ទាក់ទង​លែង​បាន​៣​​ថ្ងៃ​មក​ហើយ​ ដោយ​មិន​ទាន់​​មាន​ដំណឹង​ឡើយ​។ អញ្ចឹង​ហើយ ទើប​លោក​ អ៊ិន សុភិន បាន​ម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ ដោយ​​លោក ​ប៉ែន ចំរ៉ុង ​នឹង​ក្លាយ​ជា​ភាគី​​​​​​​​​​​​​​សំខាន់ជាង​គេ ដែល​ត្រូវប្រឈម​​​​​​ឡើង​​ទៅបំភ្លឺ​នៅ​មុខ​តុលាការ​។ ​លោក ​​​​អ៊ិន សុភិន និយាយថា ​​​​​ភិន សុដាលីស បាន​បាត់​ខ្លួន​ពី​ផ្ទះនិង​ទាក់​ទង​លែង​បាន​តាំង​ពី​រសៀលម៉ោង​៣​ ថ្ងៃ​ទី​២៧ ខែសីហា ម្ល៉េះ ​បន្ទាប់​ពី​នាង​យក​ហេតុ​ផល​ថា​​​ចុះ​ទៅ​​​​​ថតនៅ​ខេត្ត។ ​​ការ​បាត់​ខ្លួន​របស់​នាង​គឺ​​​​​​មួយ​ថ្ងៃ​បន្ទាប់​ ពី​លោក​និង​ប៉ែន ចំរ៉ុង ផ្ទុះ​ឡើង​ជម្លោះ​វាយ​តប់​គ្នា​។ លោក​​បាន​សម្រេច​​ចិត្ត​​​​ដាក់បណ្ដឹង​ទៅ​កាន់​​​​​​អធិការខណ្ឌ​ពោធិ៍សែន​ជ័យ​ទៅកាន់​​​​ការិយាល័យ​ព្រហ្មទណ្ឌ​និង​​​​​​​​​​​​ទៅ​ដល់​ដៃ​​តុលាការ​នៅ​ថ្ងៃ​​ទី​៣១ សីហា​នេះ​ហើយ​ ដើ​ម្បី​​​​​​​​​ស្វែង​រក​​កូន​ស្រី​។ លោក​និយាយ​ថា​៖ “​​ឥឡូវ​ហ្នឹង​កូន​​ខ្ញុំនៅ​រក​មិន​ទាន់ឃើញ​ទេ អញ្ចឹងខ្ញុំ​អត់​ដឹង​ថា​វីដេអូដែល​គាត់​បង្ហោះ​​ហ្នឹង ​​មាន​អ្នក​ណា​ខ្លះ​​នៅ​ពី​ក្រោយ​ឬ​អត់​ទេ សំខាន់​ពេល​នេះ​ខ្ញុំ​ត្រូវ​រក​កូន​ខ្ញុំ​ឲ្យ​ឃើញ​សិន ដើម្បី​​ឲ្យ​ដឹង​ថា​គាត់​មាន​សុវត្ថិភាព​!”។ លោកអះ​អាង​អ្វី​ដែល​កូន​ស្រី​បញ្ជាក់​នៅ​ក្នុង​វីដេអូឃ្លីប ​រឿង​​​​​​​​ប្រាស់​ចាក​ការពិត​​​​​​សឹង​តែ​ជាង​​​៥០% ប៉ុន្តែ​ក៏​​មាន​ការពិត​​ផងដែរ​។ លោក​និយាយ​ថាករណី​​ភ្ជាប់​ពាក្យ​ជា​មួយ​​លោក ​ប៉ែន តុលា គឺ​នាង​​ជា​អ្នកស្រឡាញ់​ពេញចិត្ត​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​​បង្ខំ​ពី​លោក​នោះ​ទេ បើ​ទោះ​ជា​​មុន​ភ្ជាប់​ពាក្យនាង​និង​លោក ទើប​នឹង​បាន​​ដឹង​ថា​ ប៉ែន តុលា ​​មាន​ប្រពន្ធ​ហើយ និង​​​មិន​ទាន់​ដាច់​ស្រេច​​គ្នា​ក៏ដោយ​។ ​លោក​​និយាយ​ថា​មិន​ចង់​​​​​ឆ្លង​ឆ្លើយ​បក​ទៅ​កាន់​កូន​ស្រី​នោះទេ ដោយ​សារ​តែ​លោក​យល់​ថា​​​បើ​កូន​ស្រី​របស់​ខ្លួន​មិន​មាន​សម្ពាធ ក៏​​​មាន​ន័យថា​​​​​​​កំពុង​​ឈ្លក់​វង្វេង​នឹង​ការ​វង្វក់​រហូត​ដល់​ថ្នាក់​​មិន​ចេះ​បែង​ចែក​ល្អ​អាក្រក់រវាង​លោកនិង​​​បុរស​ដែល​នាង​ស្រឡាញ់​។ លោក​ អ៊ិន សុភិន និយាយ​ថា៖ “ពេល​ខ្ញុំ​ដាក់​ពាក្យ​​​​​​​ប្ដឹង​ទៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ ​កន្លែង​ដែល​ចំរ៉ុង​រស់​នៅ ​ ចំរ៉ុងបាន​ចូល​ខ្លួន​​​មក​បញ្ជាក់​ថាអត់​បាន​ពាក់​ព័ន្ធ​នឹង​​ដាលីសទេ តាំង​ពីថ្ងៃ​ទី​​២៦ សីហា។ ប៉ុន្តែ​​​​​​​​​​​​ដរាប​ណា​កូនខ្ញុំ​នៅ​រក​មិន​ទាន់​ឃើញ ចំរ៉ុង​ត្រូវតែ​​​មក​បំភ្លឺ​នៅ​តុលាការទៀត ​អត់​រួចខ្លួន​ទេ!”។  ក្នុង​ជំនួប​​ដោយ​​ផ្ទាល់​​​​កាល​ពី​ថ្ងៃ​​​២៩ សីហា នៅវេទិកា​ប្រគំ​​តន្ត្រី​​​​​​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​​លោក ​ប៉ែន ចំរ៉ុង បានបដិសេធមិន​បញ្ជាក់​អ្វី​ទាំ​ងអស់។ លោក​និយាយ​​​ថា៖ “​សុំ​ទោស​​ខ្ញុំ​​អត់​មាន​ពេល​និយាយ​រឿង​ហ្នឹង​ទេ​! ខ្ញុំ​​​រវល់​ធ្វើ​ការ! ​​ខ្ញុំ​សុំ​​អត់​ធ្វើ​អត្ថាធិប្បាយ​អី​ទេ​”។ ងាក​ទៅ​​កាន់ ភិន សុដាលីស ​វិញ ​​​​​នាង​បាន​​​បញ្ចេញ​វីដេអូឃ្លីប​​​​​រយៈ​ពេល​១៥​នាទីគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ​លាត​ត្រដាង​នៅ​លើ​ហ្វ៊េសប៊ុក។ នាង​បាន​និយាយ​ថាហេតុ​ផល​​​នៃ​ជម្លោះ ដោយ​ថាលោកអ៊ិន​ សុភិន ជា​ឪពុក​ជំរុញ​​ឲ្យ​នាង​រៀប​ការ​ជាមួយ​​​​បុរស​ម្នាក់​ឈ្មោះ​​ប៉ែន តុលា ​បន្ទាប់​ពី​បាន​​​​​ភ្ជាប់​ពាក្យ​កាល​ពី​​​ថ្ងៃទី​៣១ មីនា ឆ្នាំ​​​២០១៣។ កញ្ញា​បន្ត​ថា​មុន​ថ្ងៃ​​​ភ្ជាប់​ពាក្យ ​នាង​ថា​​​គូដណ្ដឹង​រូប​នេះត្រូវ​បាន​បែក​ធ្លាយ​ដំណឹង​ថា​​​​​​​ជា​បុរស​ពោះ​ម៉ាយនិង​មិន​ទាន់​ដាច់​ស្រេច​ជា​មួយ​​​​ភរិយា​ដើម ប៉ុន្តែនាង​ថា​​ឪពុក​នៅ​តែ​​ជំរុញ​​ឲ្យ​​នាង​ទទួល​យក។ កញ្ញា​បន្ត​ថា​​​មិន​យូរ​ប៉ុន្មាន​​​​​​​លោក អ៊ិន សុភិន ក៏​សម្រេច​ចិត្ត​​ឲ្យ​ផ្ដាច់​ពាក្យ​​វិញ បន្ទាប់​ពី​រក​ឃើញ​ថា​​​​​​ប៉ែន តុលា ​មាន​កំហុង​ឆ្គង​ក្នុង​ពេល​ដែល​​នាង​​​បាន​​​​​ដាក់​ចិត្ត​ស្រឡាញ់​​ទៅ​ហើយ​។ លោក អ៊ិន សុភិន ​​ជា​​​ឪពុក​​ភិន សុដាលីស និង​​ជា​ម្ចាស់​​ផលិតកម្ម​មហាហង្ស(ធ្វេង) និង​លោក ប៉ែន ចំរ៉ុង នាងនិយាយថា៖ “ខ្ញុំ​ព្រម​​ផ្ដាច់​ពាក្យ​តាម​គាត់​(ប៉ា) ​ខ្ញុំ​​សុខចិត្តឈឺ​ចិត្ត​ម្នាក់​ឯង ខ្ញុំទ្រាំ​​អស់​រយៈ​ពេល​ប្រហែល​​១​ឆ្នាំ ទម្រាំ​តែធ្វើ​ចិត្ត​បាន ខ្ញុំ​មាន​លិខិត​ស្នាម​​​​​​​ផ្តាច់ពាក្យ​ត្រឹម​ត្រូវ ចេញ​​ពី​​ភូមិ​សង្កាត់ថា​ខ្ញុំ​ពិត​ជា​ផ្ដាច់​ពាក្យ​​​​ជាមួយ​ឈ្មោះ​ប៉ែន​តុលា​មែន...រហូត​មក​ដល់​​ឥឡូវ ​​ខ្ញុំទាក់​ទង​ពី​ណា​គេ ខ្ញុំ​ស្គាល់​ពី​ណា ឬ​ ​​​ចាប់​ផ្ដើម​មើល​​ចិត្ត​​ពី​ណា​ ប៉ាគាត់​មក​រា​រាំង​រហូត ដោយសារតែ​គាត់​ចង់​​​​ឲ្យ​ខ្ញុំ​​​រៀប​ការ​ជា​មួយ​​តុលាវិញ  ​ដោយ​គ្រាន់​តែ​តុលាមក​សុំ​ទោសធ្វើ​ឲ្យ​គាត់​ទន់​ចិត្ត! ខ្ញុំ​ថា​​​អត់​​​អាច​ទៅ​រួចទេ ខ្ញុំ​មិន​មែន​តុក្កតា​...”។ នាង​​អះ​អាង​ថា​ខ្លួន​​កើត​មាន​ជំងឺផ្លូវចិត្ត​និង​លេប​ថ្នាំ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​សារ​តែ​សម្ពាធពី​ឪពុកនិង​គ្រួសារ​។ នាង​និយាយ​ថា៖ “​ខ្ញុំ​ទៅ​ពេទ្យ​សឹង​រាល់​ថ្ងៃ តើ​សុខ​ៗ​វា​កើត​​(ជម្ងឺ​ផ្លូវ​ចិត្ត​)​​​​​​ដោយ​ឯង​ៗមែន​?...ខ្ញុំ​​ព្យាយាម​សម្រប​តាម​គាត់ ខ្ញុំព្រម​​ធ្វើ​អី​តាម​គាត់​គ្រប់​យ៉ាង​ ​​ប៉ុន្តែ​ចំពោះ​​​រឿង​​​គូ​អនាគត​ ខ្ញុំ​សុំ​ឈប់​ធ្វើ​តាម​គាត់​ហើយ​ ព្រោះ​ថា​គាត់​​​បាន​រើស​​ឲ្យ​ខ្ញុំ​​​(ខុស)​ម្ដងហើយ មិន​មែន​ត្រូវ​ភ្ជាប់ពាក្យ​ក៏ភ្ជាប់​ ត្រូវ​​ផ្ដាច់ក៏​ផ្ដាច់ ត្រូវ​លែង​ក៏​​លែង​អី​ទេ ព្រោះ​វា​ជា​សេចក្ដី​សុខ​​មួយជីវិត​​​​របស់​ខ្ញុំ​​​​​ ខ្ញុំ​រៀន​ដល់​ប៉ុននេះ​ ​ខ្ញុំ​​​អត់​ជឿ​ថា​ខ្ញុំ​មិន​ចេះ​មើល​មនុស្ស​នោះ​ទេ...ខ្ញុំ​សុខ​ចិត្ត​ទទួល​​​ខុសត្រូវ​​​ចំពោះ​ការ​សម្រច​ចិត្ត​របស់​ខ្ញុំ​​​​!”។  ពាក់​ព័ន្ធ​នឹង​ចំណង​ស្នេហ៍​ជា​មួយលោក ​​ប៉ែន ចំរ៉ុង កញ្ញា ​ភិន សុដាលីស និយាយ​ក្នុង​វីដេអូឃ្លីប​ថា៖ “បើ​និយាយ​ពី​ប​ង​​ចំរ៉ុង គាត់​តែ​ង​ប្រើ​ពាក្យ​​ថា​​​​​​​​​ខ្ញុំ​ជឿ​ស្លុង​ No(ទេ) ខ្ញុំ​រៀន​​​​សូត្រ​​ចេះ​ដឹង​ប៉ុណ្ណឹង​ដែររឿង​អី​ដែល​ខ្ញុំ​ត្រូវជឿ​ស្លុង​ ​ខ្ញុំ​ចេះ​​មើល​មនុស្ស​ដែរ​តើ ខ្ញុំ​ចង់​ឲ្យ​គាត់​(ប៉ា)​គោរព​​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ម្ដង!»។ នាង​ប្រកាស​ដើរ​ចេញ បើ​​​​​​ឪពុកនិង​ក្រុម​គ្រួសារ​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ចំពោះ​នាង​ក្នុង​រឿង​ស្នេហា ជា​ពិសេស​​គឺ​ការ​បំបែក​បំបាក់​​នាង និង​មនុស្សដែល​នាង​ស្រឡាញ់​។ នាង​និយាយ​ថា​៖ “​ខ្ញុំ​សុខ​ចិត្ត​​ដើរ​ចេញ​ ព្រោះ​ខ្ញុំរស់​នៅ​ធ្វើអី​ទៀត! ខ្ញុំ​​រស់​នៅ​​ជា​មួយ​​ក្រុម​គ្រួសារ​មួយ​ដែល​គេ​អត់​ចាត់​ទុក​ខ្ញុំ​ជា​​​​​សមាជិក​គ្រួសារ​​ផងហ្នឹង ​គឺ​គេ​ធ្វើ​​​​​អីតាម​តែ​អ្វី​ដែល​គេ​នឹក​ឃើញ!”។ ​ ​ លោក អ៊ិន សុភិន បញ្ជាក់​ថាសាររបស់​ ​ភិន សុដាលីស ​​​គឺ​ការ​បំបាក់​មុខ​​​​​​គ្រួសារ ដោយ​គ្មាន​ការ​ពិត​។ លោក​​​​​​​​សង្ស័យ​ថា​នាង​មាន​សម្ពាធ​​​​​ពី​​ភាគីណា​ម្នាក់ ទើប​សុខ​ចិត្ត​បំភ្លៃ​ការពិត ហើយ​​​​​​​បង្ហោះ​វីដេអូ​ដោយ​គ្មា​ន​ការ​ពិត​​១០០%។ លោក​និយាយ​ថា៖ “​​​មនុស្ស​ដូច​ដាលីសតើ​អ្នក​ណា​ទៅ​បង្ខំ​គាត់​បាន បើ​គាត់​ស្រឡាញ់​មនុស្ស​ល្អ ខ្ញុំ​ទទួល​ដៃ​ពីរ ​​ប៉ុន្តែ​គាត់​ដឹង​ហើយ​ថា​គាត់​កំពុង​ធ្វើ​អ្វី នេះ​មក​ពីខ្ញុំ​​បណ្ដោយ​គាត់​ពេក!”។ លោកបន្ត​ថា​លោក​​ចង់​ស្វែង​រក​​​​​​​​​​​កូន​ស្រី​ឲ្យឃើញជាមុន​​​សិន ​មុន​នឹង​ចង់​វែក​ញែកពី​អ្វី​ដែល​ភិន សុដាលីស ​​​បង្ហោះ​ថា​ត្រូវ​ឬ​ខុស​។ យ៉ាង​ណា​មិញ លោក​ថា​​​ភិន សុដាលីស ​​​មិន​មែន​ជា​នារី​​​​​មានទម្លាប់​គិត​ខ្លី​នោះ​ទេ ដោយសារ​តែ​លោក​ដឹង​ថា​​នាង​​ជា​នារី​រឹង​មាំនិង​​​​​​មិន​​​ចូល​ចិត្ត​​យក​ក្ដី​ស្លាប់​ធ្វើ​​ជា​​​ដំណោះ​ស្រាយ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ម្ចាស់ផលិតកម្ម​បន្ត​ព្រមាន​​ប៉ែន ចំរ៉ុង និង​​​គំរាម​​​​​កាត់​កាល់​កូន​ស្រី

ថ្ងៃសុក្រ ទី28 សីហា 2015, 07:38 AM, (1)

ភ្លើង​ស្នេហ៍មួយ​ដែល​ឪពុក​ខាងស្រី​ចាត់ទុក​ថា​ "​​​ខុស​តម្រា” រវាងតារាសម្តែង​និង​ពិធីករ ​​​​​​លោក ប៉ែន ចំរ៉ុង ​និង​​កញ្ញា ​​ភិន សុដាលីស ​​​​បាន​បង្ខំ​​ឲ្យ​​លោក អ៊ិន សុភិន ​​ជា​​​ឪពុក​​ភិន សុដាលីស និង​​ជា​ម្ចាស់​​ផលិតកម្ម​មហាហង្ស​​ ប្រកាស​​ថា​អាច​នឹង​ឈាន​ដល់​ការ​កាត់​កាល់​កូន​ស្រីនិង​ប្រកាស​ព្រមាន​លោក​ ប៉ែន ចំរ៉ុង បើអ្នក​​ទាំង​ពីរ​នៅ​តែ​​​​​​លួច​​ទាក់​ទងគ្នាតទៀត​​។ រឿង​រ៉ាវ​អាស្រូវ​មួយ​នេះ ​​លោក​​អះ​អាង​ថា​បង្ក​ឡើង​ដោយ​​​​​​ ​​ប៉ែន ចំរ៉ុង ទាំង​ស្រុង និង​ស្រឡាញ់មនុស្ស​​​​​​​​​​​​​​​​​មិន​ស្គាល់ថា​ជា​​របស់​គេ​​។​ លោក​ អ៊ិន សុភិន បាន​ផ្ដល់​សម្ភាសន៍​​​ដល់វីអូឌីបន្ទាប់​ពី​ផ្ទុះ​ជម្លោះ​វាយ​តប់​ជា​មួយ ​ប៉ែន​ ចំរ៉ុង​ ថា ​​លោក​​​​នឹង​រារាំង​​​ភ្លើង​ស្នេហ៍​ដល់​ទី​បញ្ចប់​ បើ​ទោះ​ជា​លោក​បាន​សារភាព​ថា​​មិន​អាច​​​ហាម​ប្រាម​​កូន​ស្រីរបស់​​​​ខ្លួន​​១០០%ក៏​ដោយ​​។ លោក​ចាត់ទុក​​​​​​​​ទំនាក់​ទំនងនេះ​"​​​​ខុស​តម្រា​” ដែល​ថា​​កើត​​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​​​​​​​ហៅ​លោក​ប៉ែន ចំរ៉ុង ​ឲ្យ​មក​​សម្ដែង​តួ​ឯក​​ច្រើន​​រឿង​ជា​មួយ​ ​​​​ភិន សុដាលីស ជា​កូន​ស្រី​តែ​ម្នាក់​របស់​ខ្លួន​។ ​លោក​និយាយ​ថា៖ “ខ្ញុំ​មិននឹក​ស្មាន​ថា​​ចំរ៉ុងជា​មនុស្ស​បែប​ហ្នឹង​ទេ ពី​ដំបូ​ង​ខ្ញុំ​ឃើញ​​​​​​វា​មក​ស្និទ្ធិ​ស្នាល​ជា​មួយ​កូន​ខ្ញុំ។ ខ្ញុំ​​​​ស្មានតា​​​​​​​រាប់​អាន​ដូច​អ្នក​សិល្បៈតើ ប៉ុន្តែ​ដឹង​អី​គាត់​ទាក់​ទង​ដាលីស គាត់​ប្រើ​​គ្រប់​មធ្យោបាយ​​​​​រហូត​ធ្វើ​​ឲ្យ​កូន​ខ្ញុំ​បាក់​ចិត្ត​​​​​​​។ ខ្ញុំ​​ប្រាប់​គាត់​ថា​កុំ​ធ្វើ​អញ្ចឹង​​​ព្រោះ​កូន​ខ្ញុំ​គាត់​មាន​គូ​ដណ្ដឹង​ហើយ ​​ ​ចំរ៉ុង​ឯង​ចាស់​ទុំ​ជាង​គាត់ ​កុំ​​ឲ្យ​កូនខ្ញុំ​បាក់​ចិត្ត ប៉ុន្តែ​​គាត់​និយាយ​ជា​មួយ​យើង​ឡូយ​ណាស់ ​កុំ​ភ័យ​បង​ៗ​ ប៉ុន្តែការ​ពិត​​​គាត់​ផ្គើន​យើងរហូត!”។ លោក​ អ៊ិន សុភិន ​សារភាព​ថា​កូន​ស្រី​របស់​ខ្លួន​​បាក់​ចិត្ត​ស្រឡាញ់​ប៉ែន ចំរ៉ុង បន្ទាប់​ពីសម្ដែង​រួម​គ្នា​ ​​ប៉ុន្តែ​​លោកចោទ​​​ថាដោយ​សារ​តែ​​ ប៉ែន ចំរ៉ុង ​​ឆ្លៀត​ឱកាសនិង​​​ប្រើពាក្យ​សម្ដី​កាយវិកា​ធ្វើ​​ឲ្យ​កូន​ខ្លួន​បាក់​ចិត្ត។ ​លោក ​​អ៊ិន សុភិន និយាយ​ថា៖ “នៅ​ពេល​ខ្ញុំ​ធំ​ក្លិន​មិនស្រួល ខ្ញុំ​​​​អត់​មាន​ជំទាស់ទេ ដោយ​សារគិត​ថា​​​​បើ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​​​​ជា​តារា​ដូច​គ្នា​ ​ប៉ុន្តែ​ដល់​ពេល​​ស្គាល់​គាត់​យូរ​​ៗ បាន​ខ្ញុំ​ដឹង​ថា​​​ចំរ៉ុង លេង​សើចជាមួយ​កូន​ខ្ញុំ​ប៉ុណ្ណោះ ទើប​​ខ្ញុំ​​​​​សុំ​គាត់ថា​​​កុំ​ធ្វើ​អញ្ចឹង កុំ​​បំផ្លាញ​ទឹក​ចិត្ត​ក្មេង ព្រោះ​គ្នា​មាន​គូ​ដណ្ដឹងហើយ​ ​​បើ​ស្រឡាញ់​​គឺ​ស្រឡាញ់​មែន​ទែន​ទៅ ខ្ញុំ​​អត់​ជំទាស់​ទេ ប៉ុន្តែ​​​​​​​គាត់​​​​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កាន់​តែ​ច្បាស់​ថា​គាត់​បោក​កូន​ខ្ញុំ​​ ទើប​ខ្ញុំ​​​​​​​​ទទួល​យក​អត់​បាន​!”។​ ​លោកបន្ត​ថា​កូនស្រី​របស់​លោក​​មាន​គូ​ដណ្ដឹង​រួច​ហើយនិង​ជា​​​​​​​ក្រុម​ការងារ​នៅ​ក្នុង​ផលិតកម្ម​មហាហង្សផង។​ ​​ លោក​បាន​ចោទ​លោក​​ប៉ែន ចំរ៉ុង ថា​មិន​ស្រឡាញ់កូន​របស់​លោក​ពិតប្រាក​ដនោះទេ។ លោកបន្ត​ថា​បើ​លោក ប៉ែន ចំរ៉ុង ពិត​ជា​ស្រឡាញ់​​កូន​​របស់​លោក ​គឺ​​សារភាព​ទៅ ​ហើយ​លោក​​ជា​ឪពុក​មិន​​ប្រឹង​បំបែក​បំបាក់​កូន ​​​​​​ធ្វើ​​ឲ្យ​កូន​​ទឹក​ភ្នែក​នោះ​ទេ។ ​លោក​និយាយ​ថា​៖ “បើ​គាត់​និយាយ​តែ​មួយ​ម៉ាត់​ថា​បង​អើយ ឥឡូវ​ពួក​ខ្ញុំ​ស្រឡាញ់​គ្នា ខ្ញុំ​គិត​គូរ​បាត់​ហើយ ប៉ុន្តែ​អត់​ទេ​គាត់ឈ្លើយ​ណាស់ ​នៅ​​​​មុខ​ខ្ញុំ​និយាយ​ស្ដី​​​​មើល​ងាយ​កូន​ខ្ញុំ​ណាស់ ប៉ុន្តែ​នៅ​​ក្រោយ​​ខ្នង​​​​គាត់​​​​តាម​យក​ចិត្ត​ថ្លើម​កូនខ្ញុំ ​និង​ជា​មនុស្ស​​​ទុក​ចិត្ត​អត់​បាន​ទាល់​តែ​សោះ​!”។ លោក ​អ៊ិន សុភិន បន្ត​ថា​​​​​ក្រោយ​ផ្ទុះរឿងទាក់​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​វាយ​ទាត់​ធាក់​ប៉ែន ចំរ៉ុង ក្នុង​ពេល​​​​លោក​ប៉ែន ចំរ៉ុង ស្កាត់ទៅជួប​ដាលីសដល់​មុខ​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ទី​​២៦ ខែសីហា។ លោក​ថា​​រវាង​​លោក​ និង​​តារា​ប្រុសរូប​នេះ ​នឹង​ប្រែ​​ក្លាយ​ជា​គូ​ជម្លោះ​ស៊ី​សាច់​ហុត​ឈាម​បើ​ប៉ែន ចំរ៉ុង នៅ​តែ​​​​បន្ត​​ទាក់​ទង​​​​​​កូន​ស្រី​របស់​ខ្លួន​។ លោក​បញ្ជាក់​ថា​៖ “​មុន​ផ្ទុះ​​​​រឿង​​វ៉ៃ​​ចំរ៉ុង​ក្នុង​ពេល​គាត់​​មក​តាម​កូន​ខ្ញុំ​ដល់​មុខ​ផ្ទះ​ហ្នឹង  ខ្ញុំសារភាព​ថា​ខ្ញុំ​ហាម​កូន​ខ្ញុំ​អត់​ស្ដាប់ ប៉ុន្តែ​គាត់​​ចាស់​ទុំ​​ជាង​កូន​ខ្ញុំ​​​​បើ​គាត់​​​​​ឈប់​ វា​មិន​ដែល​​មនុស្ស​ស្រី​ណា​សុខ​ចិត្ត​ធ្វើ​ថោក​​ទៅ​​​​រក​ប្រុស​​កើត​ទេ អ្វី​ដែល​​ខ្ញុំ​ខឹង​បំផុតគឺ​ឲ្យ​តែ​ពេល​ដែល​ខ្ញុំ​​សុំ​​ឲ្យ​គាត់​ដក​ខ្លួន ​​ចំរ៉ុង​​​សន្យា​ជា​មួយ​ខ្ញុំ​រហូត​​​ថា​ឈប់​ៗ​ហើយ ​ប៉ុន្តែ​ការពិត​​​​គាត់​​​និយាយ​ផ្សេង​ធ្វើ​ផ្សឹង ហើយ​​​​​​​​និយា​យ​ស្ដី​របៀប​មើល​ងាយ​កូន​ខ្ញុំ​​​​ទៀត គឺ​ដូច​​គាត់​ហ្នឹង​អស្ចារ្យ ហើយ​​កូន​ខ្ញុំ​តែ​ម្ខាង​​ជា​អ្នក​​ទៅ​រក​គាត់​អញ្ចឹង​!”។ ​ថៅកែ​ផលិតកម្មមហាហង្ស​​និយាយ​ថា៖ “​​​​ពេល​ដឹង​រឿង​ដំបូង​ខ្ញុំ​​​​​គិត​ចង់​ផ្ដាច់​ពាក្យ​​ពី​​​​​​គូដណ្ដឹង​ដាលីស​​​​​លើក​​ឲ្យ​គាត់(ប៉ែន ចំរ៉ុង)តើ ព្រោះ​អត់​ចង់​បំបែក​បំបាក់​កូន​ទេ ប៉ុន្តែ​ស្គាល់​កាន់​តែយូរ ​ ​ចំរ៉ុង​កាន់តែ​ឈ្លើយ ​បើ​និយាយពី​ការងារ​វិញគឺ​​​​មើលឃើញ​តែ​​លុយ​អត់​ដែល​​យោគយល់ទេ ​​​ជាក់ស្ដែង​​​ក្នុង​មួយ​ឆ្នាំ​​​ៗ​។ ខ្ញុំ​ហៅ​គាត់​ថត​ច្រើន​រឿង​ណាស់ ​គឺ​គាត់​​​​​​​​​​​ស៊ី​ថ្លៃ​ពេញៗ សូម្បី​តែ​ខ្ញុំ​និយាយ​ថា​ចំរ៉ុង​អើយ​ចុះ​ថ្លៃខ្លះ​ទៅ​ ​គង់​តែ​ថ្ងៃ​ក្រោយ​ឪពុក​ក្មេ​ក​កូន​ប្រសារ​ទេ ​​ គាត់​ឆ្លើយ​​មក​វិញ​ថា ​​​ឪពុក​ក្មេក​កូន​ប្រសារ​ផ្សេង ​រឿង​លុយ​ផ្សេង ​​ហើយ​ខ្ញុំ​​​​ឆ្អែត​ចិត្តជាង​គេ​គឺ​ត្រង់​​​​ ​ធម្មតា​ខ្ញុំ​មិន​ដឹង​ថា​​​តម្លៃ​ខ្លួន​គាត់​ប៉ុន្មាន តែ​ដល់​ពេល​ហៅ​គាត់​មក​ថត​រឿង​ក្រោយ គឺ​​គាត់ថា​​រឿង​ថ្មី​​តម្លៃ​​ថ្មី​​ហើយ ​ដោយ​សូម្បី​តែ​គាត់​ឡើង​ចុះ​ផ្ទះ​យើង​ស៊ី​បាយ​ផ្ទះ​យើង​ ​​​​ហើយ​​​យើង​​​​យោគយល់​​​​ផ្ដល់​រឿង​​ឲ្យ​គាត់​ថត​​​​​​​មួយ​​ឆ្នាំ​​​​​​៤​​-៥រឿង​​!។ អ្វី​ដែល​ខ្ញុំ​ទ្រាំ​អត់​បាន គឺ​គាត់​ប្រាប់គេ​ថា​អត់​ស្រឡាញ់​ដាលីស​ទេ ប៉ុន្តែ​គាត់​​​​​​​បែរ​ជា​​​​​បន្ត​ធ្វើ​អញ្ចឹង​!”។ កញ្ញា ភិន សុដាលីស និង​លោក ប៉ែន ចំរ៉ុង(រូបថតពីហ្វេសប៊ុក​) លោក​ថា​​ក្នុង​មួយ​ឆ្នាំៗ លោក ​​ប៉ែន ចំរ៉ុង ទទួល​រឿង​ពី​គាត់​​មិន​ក្រោម​​​១ម៉ឺន​ដុល្លារ​នោះ​ទេ ​​​​​ក្នុង​ពេល​ដែល​​រឿង​​​​​​នីមួយៗ​​មាន​តម្លៃ​​​​​​​​២​០០០​ទៅ​​​២៥០០​ដុល្លារ​។ លោក​​បន្ត​ថា៖ “​ខ្ញុំ​អត់​ដឹង​ថាចំរ៉ុងនិយាយ​អី​ខ្លះ​ទើប​កូន​ខ្ញុំ​បាក់​ចិត្ត​ដល់​ម្ល៉ឹង​​ទេ ប៉ុន្តែ​នៅ​ក្នុង​សិល្បៈ​អ្នក​ណា​មិន​ស្គាល់​ថា​ចំរ៉ុង​​​​​ពូកែ​បោ​កស្រី​ៗ សូម្បីតែរបស់​អ្នកណា​ក៏​​អត់​​រើស​មុខ​ដែរ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​​​​​បាន​ត្រៀមរួច​ហើយ​ថា​នឹង​បក​ស្បែក​​ម្ដង ​បើ​នៅ​តែ​​ទាក់​ទង​កូន​ខ្ញុំ ​ខ្ញុំ​ត្រូវ​​​​​សុខ​ចិត្ត​ហែក​ទ្រូង​​ឲ្យ​ក្អែក​ចឹក គឺ​អត់​​​​ឲ្យ​គាត់​​​​មើល​ងាយ​​​គ្រួសារ​ខ្ញុំ​ទេ​!”។ លោក​ព្រមាន​​​ឲ្យ​ប៉ែន ចំរ៉ុង ដក​ខ្លួន​ពី ភិន សុដាលីស ​​​​ មុន​ពេល​​រឿង​រ៉ាវឡើង​កម្តៅ​​ជាង​នេះ​។ ​​​​​លោកថា​លោក​​​បាន​​​ត្រៀម​​​ចិត្ត​​​​​​កាត់កាល់​កូន​ស្រី​ផងដែរ​​ បើ​នៅ​តែ​​​​ហ៊ាន​​​លួច​មាន​ទំនាក់​ទំនង​​​​​​ជា​មួយ​លោក​ប៉ែន ចំរ៉ុង ​មិន​ស្ដាប់​តាម​ការ​ហាម​ប្រាម​របស់​លោក​។ លោក​អ៊ិន សុភិន ​និយាយ​ថា៖ “សាច់​ម៉ាដុំ​ហ្នឹង​ខ្ញុំ​កាត់​ចោល ប៉ុន្តែ​​​​​កូន​ខ្ញុំ​​វា​​​ជំទាស់ខ្ញុំដោយ​សារអត់​ដឹង​​ថា​ចំរ៉ុងហ្នឹង​វា​បោក​ទេ គ្នា​​ស្មានតែ​ស្រឡាញ់​មែន​ទែន។ ខ្ញុំ​ចង់​​ឲ្យដាលីស​​​​ឮសម្តី​ដែល​ចំរ៉ុង និយាយ​ជា​មួយ​ខ្ញុំ​ និង​ជា​មួយ​​​​​​​មិត្ត​ភ័ក្រ្ត​វា​ដែល​វាមើល​ងាយ​​ដាលីស​ណាស់ ប៉ុន្តែ​កូនខ្ញុំ​វា​អត់​ជឿ! រឿង​ហ្នឹង​បើ​ចំរ៉ុង​បញ្ឈប់​កុំ​​បន្ត​​​លែប​ខាយ​កូន​ខ្ញុំ ហើយ​​​​​​​​​​​​​​​​ពន្យល់​ដាលីស​ទៅ​ គឺ​វា​ចប់​ហើយ»។   គួរ​បញ្ជាក់​ផងដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​​​ទេ ដែល​ប៉ែន ចំរ៉ុង ​ត្រូវ​បាន​បែក​ធ្លាយ​រឿង​រ៉ាវ​​ស្នេហា​ជា​មួយ​តារា​ស្រី​នៅ​ក្នុង​ពិភ​ព​សិល្បៈ​។ នៅពេលទាក់ទងដើម្បី​សុំ​ការ​ឆ្លើយ​តប ​ទូរស័ព្ទ​គ្រប់​ខ្សែ​របស់​​​ប៉ែន ចំរ៉ុង ត្រូវ​បាន​​​​​បុរស​​ម្នាក់​ដែល​មានសំឡេង​​​បេះបិទ​នឹង​​លោក​ប៉ែន ចំរ៉ុង អះ​អាង​ថា​ជា​បង​ប្រុស​លើកជំនួស​។ លោក​អះ​អាងថា​​​ប៉ែន ចំរ៉ុង ជាប់​ថតនិង​​ថា​​​​ជា​រឿង​ផ្ទាល់​ខ្លួនរបស់​គេ ​សុំ​​អត់​និយាយនោះ​ទេ​។ វីអូឌី​បាន​ព្យាយាម​ទាក់ទង​ជា​បន្ត​បន្ទាប់​រហូត​មកពេល​ចុះ​ផ្សាយអត្ថ​បទ​។ ​​​​​​វីអូឌី​ក៏មិន​អាច​សុំ​ការ​ពន្យល់ពី​កញ្ញា ភិន សុដាលីស ​បាន​ដូច​គ្នា ​បន្ទាប់​ពី​ទូរស័ព្ទ​របស់​នាង​ខល​ចូល​មិន​លើក​និង​បិទ​ទូរស័ព្ទ​ចោល​​​នៅ​ពេល​ខល​ចូល​ច្រើន​លើក​កា​ល​ពីព្រលប់​​ថ្ងៃ​ទី​២៧ ខែ​សីហា៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  ​

[អានបន្ត]
ម៉េង ប៊ុនលី ចង់​បួស​លើស​កំណត់​

ថ្ងៃព្រហស្បតិ៍ ទី27 សីហា 2015, 11:25 AM

​ប្រមាណ​មួយ​ខែ​មក​ហើយ​ដែល​តារា​ចម្រៀង​លោក ម៉េង ប៊ុនលី បាន​សម្រេចចិត្ត​សាង​ផ្នួស​បួស​ជា​សាមណេរ ដោយ​សុខចិត្ត​ធីប​ចោល​ការងារ​សិល្បៈ និង​តួនាទី​របស់​ខ្លូន​នៅ​ក្រសួង​ការពារជាតិ​។ ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ សាមណេរ​អង្គ​នេះ​មាន​សង្ឃដីកា​ថា បើ​កាលៈទេសៈ​ហុច​ឲ្យ លោក​នឹង​បន្ត​បួស​ឲ្យលើស​ពី​៣​ខែ​ដែល​បាន​កំណត់​នោះ​ទៅទៀត ដោយសារ​តែ​មានចិត្ត​ជ្រះថ្លា​នឹង​ព្រះពុទ្ធសាសនា​។  ​តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា មុន​ថ្ងៃ​ចូល​វស្សា​មកម្ល៉េះ ដែល​លោក ម៉េង ប៊ុនលី បាន​សម្រេចចិត្ត​ប្ដូរ​ភេទ​ទៅ​ជា​សមណៈ ដោយ​តាម​គម្រោង​លោក​នឹង​សឹក​ក្នុង​រយៈពេល​បី​ខែ នៅ​ថ្ងៃ​ចេញ​វស្សា​។ លោក​បួស​នៅក្នុង​វត្ត​មុន្នី​សារ​វ័ន្ត ហៅ​វត្ត​វិហារ​ធំ ស្ថិតនៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ជា​វត្ត​នៅ​ស្រុកកំណើត​។  ហេតុផល​នៃ​ការ​សាង​ព្រះ​ផ្នួស លោក​ថា​ដោយសារតែ​មាន​បំណង​ចង់​យល់ដឹង​ពី​ធម៌​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា និង​មួយ​ផ្នែក​ទៀត​គឺ​ដើម្បី​លា​បំណន់​។ សាមណេរ ម៉េង ប៊ុនលី បញ្ជាក់ថា​៖ “​អាត្មា​បួស​ហ្នឹង​មាន​បំណង​៣ ទី​១​ចង់​យល់ដឹង​ពី​ព្រះពុទ្ធសាសនា ទី​២​ចង់​សងគុណ​ឪពុកម្ដាយ និង​ទី​៣​គឺ​មកពី​អាត្មា​កាល​មុន​សម្ភាសន៍​ទៅ​ច្រៀង​នៅ​អាមេរិក អាត្មា​ថា​បើ​ជាប់ ហើយ​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​ទីនោះ អាត្មា​នឹង​បួស​ថ្វាយ ទើប​អាត្មា​បួស​ម៉ា​វស្សា​ហ្នឹង​(៣​ខែ​)​តែម្ដងទៅ​”​។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To