ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សិទ្ធិមនុស្ស

ក្រសួងមហាផ្ទៃ​ថានឹងជួយ​ការ​ពារសុវត្ថិភាពដល់គណបក្ស​ប្រឆំាង​

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 11:14 AM

ក្រសួង​មហាផ្ទៃសន្យាថាស្ថាប័នរដ្ឋនេះនឹង​ជួយការពារសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់បន្ទាប់​​ពីមេដឹកនាំគណបក្សសង្រ្គោះជាតិដាក់លិខិតទៅកាន់លោក ស ខេង ស្នើឲ្យជួយការពារសន្តិសុខ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់VODនៅថ្ងៃចន្ទនេះថាក្រសួង​មហាផ្ទៃបានទទួលលិខិតកាលពីថ្ងៃទី១២ខែកុម្ភៈរបស់​ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ​ជួយការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំងដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយ​ពួកគេ។ លោកថាក្រសួង​នឹង​ធ្វើតាមការស្នើសុំនោះ។ លោកបន្តថា៖”សូមអរគុណណាស់ដែលឯកឧត្តម កឹម សុខា​ ដែលបានផ្ញើលិខិតមក​នេះបញ្ជាក់ថាលោកមានការ​ព្រួយបារម្ភចំពោះសន្តិសុខ​ផ្ទាល់ខ្លួន​របស់លោកនិងតំណាង​រាស្ត្រ ប៉ុន្តែខ្ញុំគិតថា​វាសន្តិសុខ​មិនមែនតែម្ខាងទេការពា​រតំណាងរាស្ត្រទាំងអស់​”។ ​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​លោក មាស នី គំាទ្រ​ក្រសួងមហាផ្ទៃដែលអះអាងថាខ្លួននឹង​ជួយការពារសុវត្ថិភាពជូនគណបក្ស​ប្រឆំាង​។ ប៉ុន្តែលោកបើក្រសួង​ធ្វើមិន​តាមការសន្យារបស់ខ្លួនទេនោះនឹង​ធ្វើឲ្យ​គណបក្ស​ប្រជាជនកម្ពុជាកាន់តែបាត់បង់ការ​គំាទ្រពីប្រជាពលរដ្ឋដោយលោកថាកន្លងទៅការប្រើហិង្សាលើតំណាងរាស្ត្រនិងសកម្មជនបក្សប្រឆំាង​អាជ្ញាធរមិនទាន់បាន​ទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនៅឡើយជាពិសេសការកប់ដុំថ្មចូលផ្ទះលោក កឹម សុខា។ លោកបន្ថែមថា៖ “បើសិនជាម្តងនេះក្រសួងមហាផ្ទៃមិនអាច​គ្រប់គ្រងស្ថានការណ៍ហ្នឹង​បាន ហើយបណ្តោយឲ្យកើតមានឡើងដូចមុនទៀតខ្ញុំគិត​ថាវាធ្វើឲ្យ​ប្រជា​ប្រិយភាព​រដ្ឋាភិបាលធ្លាក់​អ្វីដែលវាកើតឡើងវាហួសហើយវាមិនត្រូវ​នឹង​ច្បាប់ទៀត”។ កាលពីពេល​ថ្មីៗនេះមានបុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាល​របស់​គណ​បក្សប្រជាជនកម្ពុជាបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះ​ជាតិចោលប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅអាមេរិកនៅពាក់កណ្តាលខែកុម្ភៈនេះ។ លើសពីនេះថ្មីៗនេះបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”។ ទោះយ៉ាងណាលោក កឹម សុខា បានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោកនោះទេ។ គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ២០១៥មានបាតុកម្មអហិង្សាមួយទាមទារឲ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។ មួយខែក្រោយមកខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាដូចគ្នានេះម្តងទៀត។ ប៉ុន្តែភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ហើយអាចឈានទៅទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ នៅពេលបាតុកម្មធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះ​មានកុប្បករខ្លះ​បានវាយ​តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបឲ្យ​រងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ក្នុង​ថ្ងៃជាមួយគ្នានោះក្រុមកុប្ប​ករទំាងនោះក៏​បាននាំគ្នាទៅផ្ទះលោក កឹម សុខា ហើយគប់ដុំថ្មដប​ទឹកសុទ្ធចូលផ្ទះលោក កឹម សុខា ផងដែរ។ ប៉ុន្តែគេសង្កេតឃើញថាមិនមានអាជ្ញាធរចុះបង្ក្រាបចាប់​ក្រុមបុរសជាអ្នកតវ៉ាទំាងនោះទេ​៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
សង្គម​ស៊ីវិល​២២​គាំទ្រ​ឲ្យលោក អាឡិច បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​កម្ពុជា​

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 06:26 PM

​សង្គម​ស៊ីវិល​ចំនួន​២២​បាន​ថ្កោលទោស​រដ្ឋាភិបាល ករណី​ចោទប្រកាន់ជា​បន្តបន្ទាប់ទៅលើ​សកម្មជនរបស់​អង្គ​ការការពារ​បរិស្ថាន​មួយ និង​គាំទ្រ​ឲ្យ​ស្ថាបនិកដ៏​ល្បី​មួយ​រូប​គឺ​លោក អា​ឡិច បាន​ចូលមក​កម្ពុជា​វិញ ដែល​ពួកគេ​ថា​ ដើម្បីការពារ​ខ្លួន​លើ​បទ​ចោទ​នៅ​ចំពោះមុខ​តុលាការ​។​ ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​សកម្មជន​ការពារ​បរិស្ថាន​៣​រូបរបស់​អង្គការ​មាតា​ធម្មជាតិ ​មាន លោក ទ្រី សុ​វិគា លោក ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង ត្រូវ​ចាប់ខ្លួនជាប់ចោទ​ពី​បទ​សមគំនិត មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​រហូត​២​ឆ្នា​។​

[អានបន្ត]
​តុលាការ​កំពូល​កោះហៅ​សកម្មជន​ដីធ្លី​ជាង​១០​នាក់​ឲ្យចូល​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 04:07 PM

​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​អះអាងថា ពួកគេ​១៣​នាក់ និង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កំពូល នា​ដើម​ខែ​ក្រោយ​នេះ ទាក់ទិន​នឹង​បណ្តឹងសាទុក្ខ​​​ សុំ​ទម្លាក់​បទ​ចោទ​ពួកគេ ជុំវិញ​ការចោទប្រកាន់ប្រឆាំង​នឹង​ការបណ្តេញចេញ។​ ​អ្នក​ស្រី​ទេព វ​ន្នី ដែល​តុលា​កំពូល​ការកោះហៅ​ដែលនោះ ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​នេះ​ថា ពួកគេ​១៣​នាក់ មាន​អ្នកស្រី ផាន់ ឈុន​រ៉េត បូ​វ សោភា លោកយាយ ង៉ែត ឃុន គង់ ចន្ថា កញ្ញា សុង​ស្រី​លាភ និង​ស្ត្រី​មួយចំនួនទៀត នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការជាន់ខ្ពស់​មួយ​នោះ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៦​។​

[អានបន្ត]
អ្នកកាសែតម្នាក់ត្រូវមន្ត្រី​អាវុធហត្ថខេត្តមណ្ឌលគិរីនាំខ្លួនទៅសាកសួររួចដោះលែងវិញ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 06:42 PM

អ្នកសារព័ត៌មានម្នាក់ប្រចាំនៅខេត្តមណ្ឌលគិរីត្រូវមន្ត្រីកងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេលប្រមាណ១ម៉ោង។ អ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍៩លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តមានគ្នា២រថយន្តចាប់នាំខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៅម៉ោងប្រមាណ៨ព្រឹក។ លោកថា មន្ត្រីអាវុធហត្ថបានសាកសួរពីបញ្ហាដែលស្ថានីយរបស់លោកបានផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះគឺលោក សាក់ សារ៉ាង ជាឈ្មួញជួញដូព្រៃឈើខុសច្បាប់។ លោកមានប្រសាសន៍ថា៖ “បាទគាត់ចាប់នាំខ្លួនទៅហ្មងម៉ោង៨ព្រឹកមិញហ្នឹង... ចាប់ខ្ញុំចូលក្នុងឡានហើយបញ្ជូនខ្ញុំទៅខេត្ត ដើម្បីសួរនាំពីបញ្ហាដែលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ផ្សាយថាលោក សាក់ សារ៉ាង ហ្នឹងរកស៊ីបទល្មើសព្រៃឈើអីចឹងណាបង”។  ទោះយ៉ាងណាលោកថា លោកត្រូវបានដោះលែងមកវិញ បន្ទាប់ពីការសាកសួរអស់រយៈពេលប្រមាណជា១ម៉ោង ដោយលោកថា លោកបានបញ្ជាក់ប្រាប់មន្ត្រីអាវុធហត្ថទាំងនោះថា លោកពុំបានសរសេរអត្ថបទនោះទេ គឺមេលោកនៅភ្នំពេញជាអ្នកផ្សាយព័ត៌មាននោះ។ លោក សាក់ សារ៉ាង ទទួលស្គាល់ថា លោកបាននាំខ្លួនលោក វ៉ាន់ ទិត្យ ទៅសាកសួរពិតមែនដោយលោកអះអាងថា បន្ទាប់ពីបានរាយការណ៍ និងទទួលបានការអនុញ្ញាតដោយផ្ទាល់មាត់ពីព្រះរាជអាជ្ញា។ លោកមានប្រសាសន៍ថា៖ “គេគ្រាន់តែហៅមកសួរពាក់ព័ន្ធនឹងគាត់ផ្សាយខុសហ្នឹងណា! ចឹងចង់[ដឹង]គាត់យកប្រភពពីណាមក គាត់បានអីមកអំណះអំណាង (តែ)គាត់ថា គាត់ថាអត់បានសរសេរចឹងផង តែខាងលើគាត់អ្នកសរសេរផ្សាយខ្លួនគាត់ម៉េចដឹង គាត់អត់ដឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ សមត្ថកិច្ចត្រូវមានដីកាពីតុលាការដើម្បីបង្គាប់ឬអញ្ជើញអ្នកណាម្នាក់ចូលខ្លួនបំភ្លឺពីរឿងអ្វីមួយ។ មួយវិញទៀត លោកថា ដើមបណ្ដឹងព្រហ្មទណ្ឌមិនគួរដើរតួជានគរបាលយុត្តិធម៌ក្នុងការកោះអញ្ជើញទៅសាកសួរនោះទេ។ លោកមានប្រសាសន៍ថា៖ “ចឹងករណីហ្នឹងវាអ៊ីចឹង ក្នុងនាមគាត់ដើមបណ្ដឹងព្រហ្មទណ្ឌផង ជាមន្ត្រីនគរបាលយុត្តិធម៌ផង ហើយគាត់អញ្ជើញដោយខ្លួនឯងទៀត សុំគោលការណ៍ពីព្រះរាជអាជ្ញាដោយខ្លួនឯងដើម្បីអញ្ជើញអ្នកសារព័ត៌មានទៅបំភ្លឺ អាហ្នឹងគឺវាប្រាសចាកពីផ្លូវច្បាប់ហើយ”។ យ៉ាងណាក៏ដោយ លោក សុក រដ្ឋា មានប្រសាសន៍ថា លោកមិនជំទាស់នឹងការសាកសួរនោះ ទេ ដោយលោកថា លោកក៏ចង់ឲ្យមានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីបញ្ជាក់ការពិតផងដែរ៕ សរសេរ​មកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
បក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 05:13 PM

មេដឹកនាំគណបក្សប្រឆាំងមិនចង់និយាយរឿង​ជំរុញឲ្យមានការដោះលែងសមាជិកព្រឹទ្ធសភានិងសកម្មជនជាង១០រូបដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅនោះ។​ នៅក្នុងពេលចុះសួរសុខទុក្ខសកម្មជននៅព្រឹកថ្ងៃទី១១ខែកុម្ភៈប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក​ កឹម សុខា មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើគណបក្សប្រឆាំងនឹងមានការ​ចរចារ​ឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង​នោះទៀតទេ? ដោយលោកលើកឡើងថាលោកមិន​អាចនិយាយ​បាននោះ​ទេព្រោះការដោះលែងឬមិនដោះលែងនោះវាជាអំណាចរបស់ភាគីម្ខាងទៀតពោលគឺជាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែលោក កឹម សុខា បានលើកឡើងទាក់ទងនឹងបញ្ហាសុខភាពនិងការព្រួយបារម្ភរបស់​អ្នកជាប់ឃុំទាំងនោះមកលើគណបក្សសង្រ្គោះជាតិនិងបញ្ហា​នយោ​បាយទៅវិញ។ លោក កឹម សុខា លើកឡើងថា៖ “សុខភាពគាត់ភាគច្រើនមិនមានបញ្ហាទេ ប៉ុន្តែមានអ្នកខ្លះលើស​ឈាមមានអ្នកខ្លះឈឺជើងឈឺអីដែរប៉ុន្តែជាជំងឺធំដុំអ្វីអត់មានទេ។ ទី២ស្មារតី ស្មារតីរបស់គាត់នៅរឹងមាំអ្វីដែលយើងចាប់អារម្មណ៍ជាងគេពួកគាត់បានរំលឹកមកពួកខ្ញុំថាអារម្មណ៍ពួកគាត់នៅតែក្នុងបក្សសង្គ្រោះ​ជាតិដដែល។ អារម្មណ៍ពួកគាត់ គាត់ផ្ដោតទៅលើការបោះឆ្នោត គាត់ផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋដែលនៅក្រៅ​មានសេរីភាពឲ្យខំនាំគ្នាទៅបោះឆ្នោតទៅធ្វើអត្តសញ្ញាណប័ណ្ណ”។ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា លើកឡើងថាការដែលគណបក្សសង្គ្រោះជាតិឈប់ជំរុញឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនទៀតនោះព្រោះគិតថាមិនមានលទ្ធផលដូចការស្នើកន្លងមក។ លោកបន្ថែមថាកត្តាមួយទៀត​នេះក៏អាចមកពីអ្នកជាប់ឃុំទាំងនោះមិនចង់ឲ្យមានការដាក់ខណ្ឌ​​នយោបាយជានឹងថ្នូនឹងការដោះលែងទេ។ លោកបន្ថែមថា៖ “នៅពេលដែលជិតដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់និងបោះឆ្នោតសកលហ្នឹងអន្តរជាតិគេនឹងទាមទារឲ្យមានការដោះលែងដូចតែគ្នាហ្នឹងអញ្ចឹងបានថាកន្លែងនេះក៏ជាភាពខាត់បងរបស់គណបក្សសង្គ្រោះជាតិដែរព្រោះអស់សកម្មជនខ្លួនឯងក្នុងការឃោសនាគេហៅថាភ័យខ្លាចបាក់ស្មារតីក្នុងការធ្វើនយោបាយឬក៏ទាក់ទងជាមួយប្រជាពលរដ្ឋដែលជាគោលនយោបាយរបស់បក្សអញ្ចឹងវាបាត់នេះជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចដែលគេធ្វើបានជោគជ័យ”។ យ៉ាងណាក៏ដោយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិម្នាក់ទៀតដែលបានចូលសួរសុខទុក្ខដែរនោះលោក អ៊ូ ច័ន្ទឬទ្ធិ សង្ឃឹម​ថាវប្បធម៌សន្ទនានឹងអាចជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះបាន។ គួរ​បញ្ជាក់​ថាកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ​២០១៥​សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្រ្គោះជាតិ១១​នាក់រួមទាំងលោក មាជ សុវណ្ណរ៉ា ផងឲ្យជាប់​ពន្ធនាគារ​ពី៧ឆ្នាំទៅ​២០ឆ្នាំ​ពីបទដឹកនាំ​និងចូលរួមក្នុង​ចលនា​​កុប្បកម្មនាំឲ្យមានហិង្សា​នៅក្បែរ​ទីលា​នប្រ​ជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ ​ចំណែក​អតីតសមាជិកព្រឹទ្ធ​សភាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែ​សីហា ឆ្នាំ​២០១៥​ គឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជាឲ្យចាប់ខ្លួនដោយ​ចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីទាំងនេះជា​រឿងនយោបាយនិងជាការ​សម្តែងមតិរបស់សមាជិកព្រឹទ្ធសភា៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
សមាគមមួយរិះគន់សង្គមស៊ីវិលថាលំអៀងករណីហិង្សានៅក្រុមហ៊ុនកាពីតូល

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 05:32 PM

សមាគមមួយដែលចងក្រងក្រុមអ្នកតរត់ម៉ូតូកង់៣ជំរុញឲ្យសង្គមស៊ីវិល​កែតម្រូវការចោទប្រកាន់ពួកគេថាជា​​​ជនដៃដល់ ប្រើញញួរ ដែក​​ស​សៃ និងឧបករណ៍រឹងមួយចំនួនទៀតវាយដំអតីតបុគ្គលិ​ក​ក្រុ​ម​​ហ៊ុ​​នកាពី​​តូ​ល​ឲ្យ​​​រង​​​រ​​​​​​បួ​​​​​​​​​ស​​ធ្ងន់​ស្រា​យ កាលពីសប្តាហ៍មុនដោយអះអាងថា​ការថ្កោ​​ល​​ទោ​​​សនោះមាន​ភាព​លំ​អៀង​។ កាលពីថ្ងៃទី៦ខែមករាព្រឹត្តិការណ៍ហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់​ការក្រុមហ៊ុនកា​ពីតូលជិត​ផ្សារអូ​ឬ​ស្សីក្នុង​រាជធានីភ្នំពេញ។ ការប៉ះទង្គិចនោះកើតឡើងរវាងអតីតអ្នកបើកបររថយន្តដែល​ក្រុម​ហ៊ុន​បានបញ្ឈប់ពីការងារនិង​ស​មា​​ជិកសមាគ​មរួ​ម​​គ្នា​ដើម្បី​អភិវ​ឌ្ឍ​​ន៍​​ក​ម្ពុជារបស់លោកលោក ឯ សុភាស់។ ក្រោយការប៉ះទង្គិចភាគីអ្នកតវ៉ាប្រឆាំងក្រុមហ៊ុនអះអាងថាពួកគេយ៉ាងតិច១៤នាក់រងរបួសធ្ងន់ក្នុង​នោះអ្នកខ្លះបាក់ដៃខ្លះ​ទៀតបែកក្បាលចំណែកបរុ​សពីរនាក់ទៀតដែលរងរបួសត្រូវសមត្ថ​កិច្ចខណ្ឌ​៧ម​ក​​រា​​​ចាប់ខ្លួន។ ក្រោយផ្ទុះហិង្សាមួយថ្ងៃអង្គការ​សមាគមនិងសហជីពចំនួន៣៤បាន​ចេញ​សេ​ចក្ដីថ្លែ​ងកា​រណ៍​រួម​គ្នា​មួ​យ​ថ្កោ​ល​ទោស​ចំពោះ​អំពើហិង្សានោះដោយ​សង្គម​ស៊ីវិល​ហៅថាជាការ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមស​មាគ​​ម​​រួម​​​គ្នាដើម្បី​អភិ​វ​ឌ្ឈ​កម្ពុជា ​(​ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​) ជា​អ្នកការពារ​ក្រុមហ៊ុន​កា​ពី​តូ​ល​។ ក្នុងសេចក្តីថ្លែងការណ៍រួមនោះអង្គការ​លីកាដូ សមាគម​អាដ​ហុក និងមជ្ឈមណ្ឌល​​អប់រំច្បាប់​ស​ម្រាប់ស​ហគមន៍រួមទាំង​អង្គការ​មួយចំនួន​ទៀត​ក៏​បានថ្កោលទោស​នគរបាលស្ថិតនៅក្នុងហេតុការណ៍ថាមិន​បាន​ឆ្លើ​យតប​ឲ្យបាន​គ្រប់គ្រាន់ដើម្បី​បញ្ជៀ​ស​អំពើហិង្សា​នោះ​។​ ក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងក្នុងហាងលក់ដូរមួយជាប់ស្នាក់ការក្រុមហ៊ុនកាពីតូលនាព្រឹ​កថ្ងៃទី១០កុម្ភៈនេះ​ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាដែលចងក្រងអ្ន​ករត់​ម៉ូតូឌុបនិង​​រ៉ឺ​ម៉ក់កង់៣លោក ឯ សុភាស់ បង្ហាញការខកចិត្តថា សង្គមស៊ីវិលទាំងនោះបានមើលរំលងពីការពិត។ លើរំលងពីការពិតលោ​ក​ ឯ សុភាស់ អះអាងថាការប៉ះទង្គិចពេលនោះបង្កឡើងដោយភាគីម្ខាងទៀត​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុនដែលលោកថាពួកគេបានលើ​កគ្នាម​កបិទផ្លូវនិងរារាំងមិនឲ្យរថយ​ន្តដឹ​កអ្ន​ក​​​ដំណើរចេញទើបមានកា​រប្រើហិ​ង្សា​វាយ​តប់គ្នាទៅវិញទៅមក។ ប្រធានសមាគ​មរូបនោះបានរិះគន់ចំៗទៅលើមន្ត្រីគ្រប់បច្ចេកទេសស៊ើបអង្កេតរបស់អង្គកាលីកាដូ​លោ​ក ​អំ សំអាត ថាបានមើលរំលងពួ​កគេជាង២០នា​ក់ដែលលោកថាបានរងរបួ​ស​​ក្នុ​ង​ព្រឹត្តិ​ការណ៍នោះ​ដូចគ្នា។ លោក ឯ សុភាស់​ អះអាងថាដើម្បីឲ្យសាធារណជនមើលមកថាសង្គមស៊ីវិលឈរលើស្មារតីឯករាជ្យនិង​អ​ព្យា​ក្រិត្យលោកថា  សង្គមស៊ីវិលដែលរួមគ្នាចេញសេចក្តីថ្លែងការណ៍នោះត្រូវធ្វើលិខិតជាលាយ​លក្ខអ​ក្សរ​​​កែ​ត​ម្រូវលិខិតថ្កោល​ទោសនោះឡើងវិញ។ លោកថា៖ “ខ្ញុំសោកស្តាយណាស់សង្គមស៊ីវិលអ្នកអាប៉ីតពេល​ដែលព្រឹត្តិការណ៍មួយប៉ះទង្គិចគេមិនហៅថាជាចេតនារបស់អ្នកណាមួយទេប៉ះទង្គិចហិង្សា។ ដើម​ហេ​តុដោយ​សាតាកុង​ឡានទាំងបីលើកគាត់ដើរទៅកាក់ផ្លូវពួកនេះការពារឆ្នាំងបា​​យទៅសុំការពារ​បើកផ្លូវឥឡូវអ្ន​កសារព័ត៌មានមើលមួយ​ទៅបិទផ្លូវ មួយទៅបិទផ្លូវនរណាជាចេតនាមុនបន្ទាប់មកវាប៉ះទង្គិចហើយខ្ញុំក៏​របួសគេក៏របួសដល់ថ្លែងការសង្គមស៊ីវិលរបួសតែម្ខាង”។ អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត អះអាងថាលោកនឹងមិនពិចា​រណា​លើកា​រទាម​ទា​រ​នោះ​ទេដោយអះអាងសេចក្តីថ្លែងការណ៍ផ្អែ​កលើភស្តុតាងនិងកា​រចុះអង្កេត​ផ្ទាល់​ដល់​កន្លែ​ងកើ​តហេ​តុ​។ លោកបន្តថា៖ “សេចក្តីថ្លែងការណ៍ទាំងអស់នេះយើងផ្អែកលើទិដ្ឋភាពជាក់ស្តែងហើយយើង​អំពា​វនាវឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រម​ទាំង​តុលាការធ្វើការស៊ើបអង្កេតដោយតម្លាភាពដោយយុត្តិធ​ម៌ទៅ​លើ​អំពើហិង្សាដែលកើតឡើងនៅថ្ងៃសៅរ៍ហ្នឹង។ ចំពោះ​អង្គហេតុនិងព្រឹត្តិ​ការណ៍ផ្សេងៗយើងមានច្បា​ប់យើ​ង​មាន​ទម្លាប់ បើសិនអ្នកណាប្រើហិង្សា​ពួកគាត់មានសិទ្ធិប្តឹងទៅតុលាការ ប្តឹងទៅអាជ្ញាធរចា​ត់វិធា​នការ យើ​ង​មិ​ន​អាចយកអំពើហិង្សាមកសងសឹកដោះស្រាយអំពើហិ​ង្សាបានទេ។ ពី​ព្រោះបុគ្គ​លណា​ក៏ដោ​យឲ្យតែ​ប្រើ​ហិង្សាវាត្រូវតែទទួលទោសចំពោះមុខច្បាប់ដូចគ្នា”។ ប៉ុន្តែលោក ឯ សុភាស់ អះអាងទៀតថាបើសង្គមស៊ីវិលទាំងនោះមិនធ្វើការកែតម្រូវទេបុរស​រូប​នោះ​ព្រ​មា​​​​ន​​​ថាពួ​ក​​គេ​នឹងសុំអន្តរាគមន៍ពីរបស់រដ្ឋាភិបាលឲ្យចាត់វិធានការ​ករណីនេះ។ លោក​ថា៖ “​ខ្ញុំ​នឹងដា​ក់លិ​ខិតផ្ទា​ល់ទៅក្រសួងមហាផ្ទៃដាក់​ឈ្មោះចំៗទៅលើអង្គការសមាគមទៅក្រសួងម​ហាផ្ទៃ បើជាអ​ង្គកា​រអន្ត​រជាតិខ្ញុំ​ដាក់ទៅក្រសួងការបរទេសដើម្បីឲ្យ​ក្រសួងជំនាញទាំងអស់ចា​ត់វិធានការទៅធនាគារកណ្តាលធនា​គារជាតិ​ត្រួតពិនិត្យលើម្ចាស់ជំនួយលុយនឹងធ្វើឲ្យ​ខ្មែរឈ្លោះគ្នាឬអត់”។ សម្រាប់នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា ដែលចូលរួ​ម​​​ចេ​​​​​​ញ​​​សេចក្តី​ថ្លែងការណ៍ដែរនោះអះអាងថាសង្គមស៊ីវិលចង់ឲ្យភាគីពា​ក់ព័ន្ធទទួល​យកការពិតចូលរួ​ម​គោ​​​រ​​ព​ច្បាប់ដោះស្រាយបញ្ហា​ដោយសន្តិវិធីដែលលោកថាដើម្បីចូល​រួមលុបបំបា​ត់នីទ​ណ្ឌភាព​នៅកម្ពុជា។ លោកបន្ថែមថា៖ “មតិមហាជនទូទៅមើលឃើញថាការអនុវត្តច្បាប់ហ្នឹងហាក់មានស្តង់ដារពីរទៅហើយបើសិ​នជា​ក្រុម​ទាំងពីរប្រើហិង្សាទាំងពីរអញ្ចឹងវាគួតែត្រូវចាប់ខ្លួនទាំងពីរមិនមែនចាប់ខ្លួនតែម្ខាងទេ”។ បើតា​មអ​តីអ្នកបើកបរថយន្តក្រុមហ៊ុនកាពីតូលអះអាងថាពួកគេធ្វើការនៅក្រុមហ៊ុននេះខ្លះ៥ឆ្នាំខ្លះ​ទៀ​​ត​ជា​​​​​ង១​០។ ពួកគេថា ក្រុមហ៊ុននោះបានប្រើពាក្យអសុរោះមកលើបុគ្គលិកមិនអនុ​ញ្ញាតិឲ្យពួ​កគេទៅ​បោះ​ឆ្នោ​​តគ្រប់អាណត្តិ។ អ្នកដែលបានបញ្ឈប់ពីការងារបន្តទៀតថាធ្វើការថ្ងៃអាទិត្យថ្ងៃបុណ្យជាតិពួកគេថាក្រុមហ៊ុនមិ​នបានគិត​ប្រា​​ក់អត្ថប្រយោជន៍​បន្ថែមឲ្យពួកគេតាមច្បាប់ស្តីពីការងារទេរហូតពួក​គេបង្កើត​សហជីពដើម្បីជំរុញ​លក្ខ​ខណ្ខការងារ។ ក្រុមអ្នកតវ៉ាថាក្រោយពីក្រសួ​ងការងបញ្ជូនប​ញ្ជីឈ្មោះជាផ្លូវការមកក្រុមហ៊ុនពួកគេថាក្រុមហ៊ុនបានប​ញ្ឈ​ប់ពួកគេជាសមាជិក​សហ​ជីពជាបន្តបន្ទាប់រហូត៤៥​នាក់ធ្វើឲ្យផ្ទុះការតវ៉ាជាង៤០ថ្ងៃរហូតពេលនេះនូវមិនទាន់មានដំណោះស្រាយ។​ ប៉ុន្តែភាគីក្រុមហ៊ុនវិញការពារខ្លួនថាការបញ្ឈប់អ្នកបើកបរទាំងនោះថាមកពីពួកគេមិនគោរព​បទបញ្ជារបស់ក្រុមហ៊ុន៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
សហជីពរកអន្តរាគមន៍ពីអ្នកពាក់ព័ន្ធឲ្យមានការដោះលែងមនុស្ស២នាក់

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 04:45 PM

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានដាក់លិខិតស្នើឲ្យក្រសួងការងារនិងសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយអន្តរាគមន៍ឲ្យ​មានការដោះលែងនិងដក​ពាក្យ​បណ្តឹង​ប្រឆាំងសមាជិកសហជីព២នាក់ដែលត្រូវបានចាប់ខ្លួនកាលពី​ដើមខែកុម្ភៈ។ ក្នុងលិខិតមួយចុះថ្ងៃទី០៩ ខែកុម្ភៈ សហជីពបានស្នើឲ្យក្រសួងការងារជួយសម្រួលឲ្យតុលាការដោះលែងកញ្ញា យ៉ុង លាភ ​ជាសមាជិកសហជីពសេរី​កម្មករនិងលោក ទូច ស្រ៊ុន ដែលជាប្រធានសហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី ដោយអះ​អាង​ថាដើម្បីបានបំរើការ​ងារសង្គមនិងសម្រួល​ដល់បន្ទុកគ្រួសារ។ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី បានលើកឡើងថាការចាប់ខ្លួន​មន្រ្តីរបស់លោក២នាក់នោះគឺធ្វើឡើងដោយខុសច្បាប់។ លោកបន្ថែមថា៖ “យើងមើលថាការធ្វើកូដកម្មបាតុកម្មហ្នឹងវាតាមនីតិវិធីឬក៏ខុសពីនីតិវិធី បើធ្វើ​តាមនីតិវិធីត្រូវតែដោះលែងគេមិនមែនដើរតែចាប់គេស្រេចតែចិត្ត។ អ្នកចាប់ហ្នឹងឃើញថាស្លៀក​ពាក់​ស៊ីវិលហើយមកចាប់ដោយគ្មានដីកាហើយការចាប់ហ្នឹងមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង​ទៀត។ អញ្ចឹងបានយើងឲ្យគណៈកម្មការហ្នឹងធ្វើការពិនិត្យឡើងវិញនិងធ្វើការស្រាវជ្រាវ​ហើយគណៈកម្មការ​អាច​ធ្វើកិច្ចការហ្នឹងជាមួយតុលាការបាននៅពេលដែលការចាប់ខ្លួនការធ្វើអ្វីមួយដែលមិនប្រក្រតីខុសពីច្បាប់​ការងារ”។   អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាក្រសួងការងារមិនមានសមត្ថកិច្ច​ក្នុងការពិនិត្យមើលលើការអនុវត្តនីតិវីធីរបស់តុលាការនោះទេ។      លោកបន្ថែមថា៖ “នីតិវិធីនៃការចាប់ខ្លួនគឺធ្វើទៅតាមនីតិវិធីនៃតុលាការខេត្តកំពង់ស្ពឺ ដូច្នេះគែ​គួរតែទុកលទ្ធភាពឲ្យតុលាការអនុវត្តឲ្យបានពេញលេញនូវនីតិវិធីនោះ។ ខ្ញុំជឿថាព្រះរាជអាជ្ញានិងអាជ្ញាធរមានសមត្ថកិច្ចធ្វើការចោទប្រកាន់ដោយផ្អែកលើភស្ដុតាងហើយអ្វីដែលសហជីពគិតថាមិន​ត្រឹមត្រូវគឺត្រូវខិតខំស្វែងរកមេធាវីដើម្បីការពារកូនក្ដីរបស់ខ្លួន”។ លិខិតមួយទៀតលោក ជា មុនី ក៏ស្នើឲ្យសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំរុញឲ្យភាគីថៅកែរោងចក្រនោះ​ ដកបណ្ដឹងប្រឆាំងសមាជិកសហជីព២នាក់នោះវិញដើម្បីឲ្យតុលាការដោះលែងពួកគេឲ្យមានសេរីភាពវិញ។ ករណីនេះអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក កាំង មូនីកា អះអាងថា GMAC មិនអាចជំរុញឲ្យភាគីរោងចក្រដកពាក្យបណ្ដឹងនោះបានទេ។ លោកបន្ថែមថា៖ “ខាងសមាគមអត់មានពាក់ព័ន្ធទេព្រោះដើមបណ្ដឹងជាភាគីរោងចក្រហើយអាហ្នឹងជាសិទ្ធិបុគ្គលរបស់រោងចក្រសមាគមអត់អាចមានសិទ្ធិអ្វីទៅជ្រៀតជ្រែកលើសិទ្ធិបុគ្គលបានទេនេះជាសិទ្ធិរបស់រោងចក្រ”។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦សមាជិកសហជីពសេរីកម្មករកញ្ញា យ៉ុង លាភ និងលោក ទូច ស្រ៊ុន ដែលជាប្រធាន​សហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី បាន​​ចូលរួមតវ៉ាជាមួយក្រុមកម្មករ​មួយចំនួនទាមទារ​ឲ្យនិយោជកទទួលយកសហជីព៣នាក់ចូលធ្វើ​ការវិញ។ បន្ទាប់មកគឺនៅថ្ងៃទី២កុម្ភៈសមាជិកសហជីពទាំងពីរនាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្បែរបរិវេណរោងចក្រក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទ​ល្មើស និងហិង្សា​ដោយ​ចេតនាមានស្ថាន​ទំងន់ទោស៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
កម្មករ៤នាក់ពាក់ព័ន្ធនឹងករណីហិង្សានៅស្វាយរៀងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 11:11 AM

កម្មករ៤នាក់ដែលត្រូវបានចោទប្រកាន់ជុំវិញករណីហិង្សាកើតឡើងពេលកម្មករតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០១៥កន្លងទៅ ត្រូវបានតុលាការខេត្តដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ កាលពីថ្ងៃទី៥ ខែកុម្ភៈ សាលាឧទ្ធរណ៍បានបើកសវនាការ និងសម្រេចឲ្យកម្មករ៤នាក់នៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរៀងរាល់ខែ រាយការណ៍ទៅតុលាការពេលផ្លាស់ប្ដូរទីលំនៅនិងលក្ខខណ្ឌមួយចំនួនទៀត។ មេធាវីការពារក្តីរបស់កម្មករទាំង៤នាក់ លោកស្រី សេរី បុត្រចរិយា បានឲ្យវីអូឌីនៅថ្ងៃពុធនេះថា កូនក្តីរបស់លោកស្រីត្រូវបានតុលាការខេត្តស្វាយរៀងសម្រេចដោះលែងឲ្យមានសេរីភាព កាលពីល្ងាចម្សិលមិញ ហើយនៅពេលនេះពួកគាត់បានត្រឡប់ទៅផ្ទះរៀងខ្លួន។ ក្រោយពីផ្ទុះការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតាយសេងក្នុងក្រុងបាវិត ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មនុស្ស១១នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ក្នុងនោះកម្មករ៤នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃដំបូងនៃហិង្សា ហើយសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៧នាក់ទៀតជាបន្តបន្ទាប់ ក្នុងនោះមានអ្នកបើករថយន្តឲ្យកម្មករចំនួន៦នាក់។  លោកស្រី សេរី បុត្រចរិយា ឲ្យដឹងថា កម្មករដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាកម្មករ៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងថ្ងៃដំបូងនៃហិង្សា ចំណែកមនុស្ស៧នាក់ទៀតកំពុងស្ថិតនៅពន្ធនាគារនៅឡើយ។ លោកស្រីបន្តទៀតថា កាលពីខែមករា លោកស្រីបានដាក់ពាក្យបណ្តឹងសុំឲ្យអ្នកទាំង៧នាក់នោះនៅក្រៅឃុំផងដែរតែត្រូវបានតុលាការបដិសេធ។ លោកស្រីបន្តថា លោកស្រីនឹងដាក់ពាក្យបណ្តឹងសុំនៅក្រៅឃុំសាជាថ្មីទៅលើករណីអ្នកទាំង៧នាក់នេះ។  លោកស្រីថា “អ្នកទាំង៧នាក់ហ្នឹងគាត់នៅក្នុងឃុំនៅឡើយ យើងកំពុងពិចារណា យើងនឹងឆែកជាមួយចៅក្រមស៊ើប ព្រោះបងពិចារណាចង់ដាក់ពាក្យសុំឲ្យនៅក្រៅឃុំម្តងទៀត ... បើសិនជាគេបិទការស៊ើបសួរអាហ្នឹងយើងអត់អាចធ្វើនីតិវិធីនៅចៅក្រមស៊ើបទៀតទេ”។  គួររំឭកថា កាលពីខែធ្នូ ឆ្នាំ២០១៥ កម្មកររាប់ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងបានតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល រហូតបណ្តាលឲ្យមានហិង្សាធ្វើឲ្យខូចខាតរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងការគប់ដុំថ្មលើរោងចក្រ។ ហិង្សានេះឈានដល់ការចាប់ខ្លួនមនុស្សចំនួន១១នាក់ជាបន្តបន្ទាប់ ហើយពួកគេត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com   

[អានបន្ត]
រដ្ឋាភិបាលស្នើពលរដ្ឋនៅតាមផ្លូវដែកក្នុងតំបន់គម្រោងសង់ផ្លូវល្បឿនលឿនរក្សាភាពស្ងៀមស្ងាត់

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 06:13 PM

ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែកក្នុងតំបន់គម្រោងសាងសង់ផ្លូវល្បឿនលឿនឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយក្រសួងអះអាងថា ក្រសួងនឹងរៀបចំវេទិកាសាធារណៈ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកុម្ភៈនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកបានសម្ដែងនូវការព្រួយបារម្ភ និងមានកង្វល់ពីផលប៉ះពាល់លំនៅឋាន និងទាមទារឲ្យរដ្ឋាភិបាលរៀបចំវិទិការសម្ដែងមតិមុនការសម្រេចដំណើរការសាងសង់។ សេចក្ដីប្រកាសបន្តថា គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយក្រសួងអំពាវនាវអំពាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មជាធម្មតា ទុកឱកាសឲ្យរដ្ឋាភិបាលពិចារណារកដំណោះស្រាយណាមួយដែលអាចទទួលបានទាំងអស់គ្នា។ ក្រសួងសាធារណៈក៏បានអះអាងដែរថា កន្លងទៅ ក្រសួងបានអញ្ជើញតំណាងប្រជាពលរដ្ឋទៅប្រជុំ និងទទួលយកសំណើរបស់ពលរដ្ឋថា នៅពេលដែលរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិដល់ក្រុមហ៊ុនណាមួយធ្វើការវិនិយោគ ក្រសួងនឹងរៀបចំវេទិកាសាធារណៈនៅនឹងកន្លែង និងធ្វើការដោះស្រាយផលប៉ះពាល់សិន មុននឹងអនុញ្ញាតឲ្យមានការសាងសង់។ តំណាងសហគមន៍ភូមិ១៧ លោក ផង់ ប្រុស ដែលធ្លាប់ចូលរួមធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានប្រសាសន៍ថា លោកមិនទុកចិត្តការសន្យារបស់ក្រសួងនោះទេ ហើយថា ពលរដ្ឋនឹងនៅតែបន្តទាមទារឲ្យក្រសួងបញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ។ លោកមានប្រសាសន៍ថា៖ “ពួកខ្ញុំទាំងអស់គ្នាដឹងថាក្រសួងសាធារណការហ្នឹងបោកកុហកពួកខ្ញុំ ហើយឥឡូវពួកខ្ញុំកំពុងតែរៀបកម្លាំងទៅធ្វើការតវ៉ានៅកន្លែងក្រសួងទៀត... ពួកយើងខ្ញុំទាំងអស់គ្នាគ្រប់សហគមន៍ទាំងអស់នៅតែមានជំហររឹងមាំដើម្បីទៅតវ៉ានៅក្រសួងចឹង ដើម្បីថ្ងៃស្អែកនេះពួកខ្ញុំទាំងអស់គ្នានឹងនាំគ្នាទៅសួរនៅក្រសួងម្ដងទៀត”។ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា នៅពេលនេះមានក្រុមហ៊ុនចំនួន៣បានដាក់ពាក្យស្នើសុំធ្វើការវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ហើយក្រសួងពុំទាន់បានសម្រេចរើសយកក្រុមហ៊ុនណាមួយដើម្បីធ្វើការវិនិយោគនោះទេ។ សម្រាប់ពេលវេលាចាប់ផ្តើមនៃការសាងសង់គឺលោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយលោកថា គម្រោងកំពុងស្ថិតនៅក្រោមការសិក្សា។ ប្រធានអង្គការសមធម៌លោក អៀង វុទ្ធី មានប្រសាសន៍ថា ក្រសួងគួររៀបចំការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីស្ដាប់ពីការព្រួយបារម្ភរបស់ពួកគាត់ និងរកវិធីដោះស្រាយ ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនបើខាងក្រសួងរៀបចំជាការពិគ្រោះយោបល់ថាតើ ក្នុងការលើកឡើងនៅគម្រោងនោះ ប្រជាពលរដ្ឋមានការបារម្ភអីខ្លះ ហើយគាត់ចង់បានគម្រោងនោះធ្វើទៅរបៀបណា? ជៀសវាងនូវការដែលយើងចាប់ផ្តើមនូវគម្រោងហើយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ អ៊ីចឹងយើងគិតថាវាមិនជាបញ្ហាទេ វាជាផលប្រយោជន៍របស់ក្រសួងពាក់ព័ន្ធទៅវិញទេ”។ គួរបញ្ជាក់ថា ក្រោយការប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនតាមគន្លងផ្លូវរថភ្លើងពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបាននាំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងនេះ ដោយពួកគេអះអាងថា បារម្ភពីការបណ្ដេញចេញដោយបង្ខំដូចសហគមន៍ផ្សេងទៀត។ សាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយរបស់ខ្លួនថា ផ្លូវអាកាសល្បឿនលឿននេះនឹងចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លានដុល្លារ៕ សរសេរ​មក​លោក ហ៊ុន សិរី​វឌ្ឍន៍ តាមរយ​ៈ និង​កញ្ញា ញ៉ែត ស្រីអូន តាមរយៈ nhetsreyoun222@gmail.com

[អានបន្ត]
អ្នកធ្វើការផ្នែកសិទ្ធិការងារជំរុញឲ្យស៊ើបអង្កេតករណីចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនកាពីតូល

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 04:55 PM

បណ្តុំអ្នកធ្វើការលើកកម្ពស់សិទ្ធិការងារជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទៅលើមន្ត្រីអាជ្ញាដែល​បាន​ចាប់​ខ្លួ​នអតីតអ្នកបើក​បរ​រថយន្តក្រុមហ៊ុនកាពីតូលដែលពួកគេថាវិធានការចាប់ខ្លួននោះមានរូប​ភាពប​ក្ស​​ពួ​កនិ​​យមបង្កឲ្យជនរងគ្រោះរងនូវភាព​អយុត្តិធម៌ជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍របស់សហភាពការងារកម្ពុជាចុះថ្ងៃទី៨ខែមករាម្សិលមិញសរសេរថាកាលពីម៉ោ​ង៩​ព្រឹ​ក​ថ្ងៃ​​ទី៦ខែ​មករា​ឆ្នាំ​២០១៦មានជនល្មើសដែលដឹកនាំបញ្ជាផ្ទាល់ពីឈ្មោះ ស៊ុត ម៉េងហ៊ី ដែលសេ​ចក្តី​ថ្លែ​​ង​​​ការណ៍ថាបុរសរូបនោះ​ជាតំណាង​សមាគ​មរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាមានគ្នាជាង៣០០នាក់ប្រ​ដា​ប់​​​ដោយបំពង់ទីព ញញួរ ដែកសសៃ ស្នាប់ដៃ ដំថ្ម បានប្រើហិង្សា វាយសំពង ទាត់ធាក់ យ៉ាង​សា​ហា​វ​ឃោ​​​ឃៅមកលើអ្នកតវ៉ាដោយអហិង្សាបណ្តាលឲ្យ​រងរបួសធ្ងន់ចំនួន១៤នាក់ អ្នកខ្លះបាក់ដៃ បែកក្បា​ល ប្រះឆ្អឹង​គ្រំឈាមជាដើម។ សហភាពការងារដែលមានបណ្តុំសហព័ន្ធសហជីពជាជាច្រើនមកពីវិស័យកាត់ដេរ ទេសចរណ៍ និងស​មាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធផងនោះបង្ហាញការខកចិត្តថានៅពេលកើតហេតុព្រះរាជអាជ្ញានិងអា​ជ្ញាធរខ​ណ្ឌ៧មករាមានវត្តមាននៅទីនោះមិន​បាន​ចាប់ខ្លួនភាគីម្ខាងទៀតជាសមាជិករបស់សមាគ​មរូបរួមគ្នាដើម្បីអភិវឌ្ឍន៍ដែ​ល​មាន​អាវុធវាយដំអ្នកតវ៉ាទេតែសមត្ថកិច្ច​បែជាទៅចាប់ខ្លួនអតីតបុគ្គលិ​កក្រុមហ៊ុន​​កាពី​តូល​​ដែលតវ៉ាពីរនាក់ដែ​​លរ​ងរបួសទៅវិញ។ ​បុរសដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ រស់ ស៊ីផៃ និង ណន វណ្ណា ពួកគេត្រូវបានមន្ត្រីតុលាការនៅសាលា​ដំបូងរាជធានីភ្នំពេញសម្រេចឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​​នៅពន្ធនាគារព្រៃសកាលពីថ្ងៃទី​៨ខែមករាម្សិលមិញចោទពីបទហិ​ង្សាដោ​​​​យ​​​ចេ​តនាមាន​ស្ថា​នទម្ងន់ទោសប្រ​ឆាំង​នឹង​​អ្នករា​​ជការសាធារណៈនិង​បទចោ​​ទ​​មួ​យ​ទៀ​តគឺ​រា​រាំងជា​ឧបសគ្គ​ដល់​ចរាចរណ៍សាធារណៈ។ ប៉ុ​ន្តែសម្រាប់ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ វិញបានប្រាប់ក្រុមអ្នកតវ៉ាមុខតុលាការកា​ល​​​ពី​​ថ្ងៃ​ទី៨​ម្សិល​មិញ​ថាវិធានការឃុំខ្លួននោះលោកសង្ស័យថា​ជា​ការ​​​​​ឃុ​បឃិតគ្នាជាប្រព័ន្ធការពារ​​ប្រ​យោ​ជន៍ឲ្យក្រុមកាពីតូល។ លោកថា៖ “យើងដឹងហើយថាក្រុមហ៊ុនកាពីតូលមានបងប្អូននៅតុលាការមានកូននៅតុលាការមានបងប្អូន​កាន់នៅខណ្ឌ​ហ្នឹង​(ខណ្ឌ៧មករា) ហើយក៏មានកូននៅផ្សារអូឬស្សីដែរ។ អញ្ចឹងវាពាក់ព័ន្ធគ្នាច្រើនមែនទែនតើអ្នកដែលមានអំណាចអាចធ្វើ​អី​បានគ្រប់បែបយ៉ាងហ្អេស! ខ្ញុំគិតថាត្រូវយ​កច្បាប់ជាធំ។ បើសិនជាធ្វើតាមអំណាចអញ្ចឹងខ្ញុំថាអត់ល្អទេ គិតឡើងវិញ។ បន្ទាប់ពីហ្នឹងទៀតដូចខ្ញុំ​បាន​ប្រាប់អញ្ចឹងយើងនឹងបន្តប្តឹងទៅអន្តរជាតិទៀត​ដូចជាអង្គការ​​​​ ILO ក៏ដូចជាសហជី​ព​អន្តរជាតិទៀតដើម្បីរកយុត្តិធម៌ឲ្យយើងទាំងអស់គ្នា”។ លោក អាត់ ធន់ ជំរុញឲ្យក្រសួងមហាផ្ទៃនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ​មើលពីវិធានការរបស់​អាជ្ញាធរ​ខណ្ឌ៧មករានិងមន្ត្រីតុលាការដែលកាន់សំនុំរឿងនេះដែលលោកថាដើម្បី​រកយុត្តិ​ធម៌ឲ្យ​ជនរ​ងគ្រោះនិងបង្កើន​ជំនឿដល់​សាធារណជនពីការអនុវត្តច្បាប់នៅកម្ពុជា។ អភិបាលខណ្ឌ៧មករាលោក លីម ភា អះអាងថាជាប់រវល់ពេលអ្ន​កសារព័ត៌​មានVODបានណែ​នាំខ្លួ​នប្រា​ប់ពីស្ថាប័នរួច។ លោកមានប្រសាសន៍ថា៖ “អូខ្ញុំជាប់រវល់បាទ”។ ប្រ​ធា​នសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាលោក ឯ សុភាស់ បានច្រានចោលការចោ​ទប្រកាន់លើ​សេ​ច​ក្តីថ្លែ​ងការណ៍នេះ និង​ព្រមានថាពួកគេនឹងប្រមូ​ល​ផ្តុំគ្នាមុខស្នាក់ការអង្គការសិ​ទ្ធិមនុស្សមួយចំនួនដែល​ចោ​​ទសមាគមនេះថាជាអ្នកប្រើហិង្សា។ លោកបន្តថា៖ “គាត់មិនត្រូវប្រើពាក្យថាពួកខ្ញុំប្រើហិង្សា​លើគេ​ទេ ក្នុ​ងនា​មជាអាប៊ីត​ក្នុងនាមជាសង្គមស៊ីវិលការពារ​សិទ្ធិជូនមនុស្សនិងអង្គការនយោបាយគេអត់ដែល​ប្រើអញ្ចឹ​​ង​​ទេគេសុំប្រើពាក្យថាប៉ះទង្គិចវ៉ៃគ្នាទៅវិញទៅមកមានរបួស​ទាំងសងខាងហ្នឹងបានសមជាអ្នកប​ចេ្ច​កទេ​សសិទ្ធិមនុស្ស។ ហើយបើគាត់នូវតែព្យាយាមការពារដោយងងើលបែបនេះ អាង​អីយកអ​ង្គការស​ង្គម​ស៊ី​​វិលច្រើនមកដាក់សម្ពាធ។ វគ្គនេះអន្តរជាតិនឹងមានរឿងជាមួយខ្ញុំហ្មង”។ ​ជាងនេះទៅទៀតលោក ឯ សុភាស់ អះអាងទៀតថាការផ្ទុះហិង្សាពេលនោះបង្កឡើងដោយអ្នកតវ៉ាដោ​យសា​​រតែ​​​ពួកគេព្យា​យាមរារាំងមិនឲ្យរថយន្តក្រុមហ៊ុនកាពីតូលចេញដំណើរ។ ជាងនេះទៅទៀតលោកថាការដែ​ល​​សមា​​ជិកលោកប្រឈម​មុខទៅនឹងក្រុមអ្នកតវ៉ាលោកថា​សមាគមលោកបានចុះកិ​ច្ចព្រមព្រៀ​ងជា​​មួយ​​ក្រុ​ម​ហ៊ុនកា​ពីតូ​លក្នុង​ការដឹ​កភ្ញៀ​វប្រ​​​ក​ប​ដោយ​សុវត្ថិភាព។ ប្រធានសមាគមរូបនោះអះអាងទៀតថាការតវ៉ាណាមួយឈានទៅរំខានដល់ការដឹកភ្ញៀវលោកថា​ស្មើ​នឹ​ង​ផ្តាច់​ការរកចំ​ណូល​ប្រចាំថ្ងៃរបស់សមាជិកខ្លួនដែលលោកយល់ថាក្រោម​​​ហេតុផលនេះទើបមាន​​វត្តមា​​ន​ក​​​​​ម្លាំងរបស់លោក​នៅការពារសុវត្ថិភាពក្រុមហ៊ុនកាពីតូល។ ចំណែកតំណាងក្រុមហ៊ុនកាពីតូលក៏ធ្លាប់អះអាងថាក្រុមហ៊ុននេះមិនជាប់ពាក់ព័ន្ធនឹងទិញទឹកចិត្តស​មាគមរួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍កម្ពុជានេះឲ្យការពារសុវត្ថិភាពក្រុមហ៊ុនខ្លួនក្រោយផ្ទុះវិវាទជាមួយ​​អតីតបុ​គ្គលិក​ដែ​លបានបញ្ឈប់នោះដែរ។ ក្រោយផ្ទុះហិង្សាមួយថ្ងៃអង្គការ​សមាគមនិងសហជីពចំនួន៣៤មា​នអង្គការ​លីកាដូ សមាគម​អាដ​ហុក និងមជ្ឈមណ្ឌល​អប់រំច្បាប់សម្រាប់សហគមន៍រួមទាំង​អង្គការ​មួយចំនួន​ទៀតបាន​ចេញ​សេ​ចក្ដីថ្លែ​ងកា​រណ៍​រួម​មួយថ្កោលទោស​ចំពោះ​អំពើ​ហិង្សាដោយ​សង្គម​ស៊ីវិល​ហៅថាជាការ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមសមាគ​មរួប​រួមគ្នាដើម្បី​អភិ​វ​ឌ្ឈ​កម្ពុជា​ (​ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​) ជា​អ្នកការពារ​ក្រុមហ៊ុន​កា​ពី​តូ​ល​។ សេចក្តីថ្លែងការណ៍នោះសង្គម​ស៊ីវិល​ក៏​បានថ្កោលទោស​​នគរបាលស្ថិតនៅក្នុងហេតុការណ៍ថាមិន​បាន​ឆ្លើយតប​ឲ្យបាន​គ្រប់​គ្រាន់ដើម្បី​បញ្ជៀ​ស​អំពើហិង្សា​នេះ​ផងដែរ​។​ អគ្គ​លេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោក សំ ប្រជាមានិត អះអាងថាឧត្តមក្រុ​មប្រឹក្សា​នៃ​​អង្គ​​ចៅ​ក្រ​មមិន​មានសិទ្ធិអំណាចទៅជ្រៀតជ្រែកដំណើរការនិតិវិធីឬចំណាត់ការរបស់តុលាការទេ តែលោ​កថា​​​​​​ស្ថាប័​ន​​កំ​ពូ​ល​​មួយ​នេះមាន​សិទ្ធិត្រឹមពិនិត្យទៅលើវិធានការពិន័យលើផ្នែកការងាររបស់មន្ត្រី​តុលា​ការ​បា​​ន​ប៉ុណ្ណោះ។ ប៉ុន្តែលោកថាឧត្តមក្រុម​ប្រឹក្សានៃអ​ង្គ​ចៅក្រមនឹងពិនិត្យករណីនេះបើមាន​ពាក្យ​ប​ណ្តឹង​ជាផ្លូវការ។ លោកបន្តថា៖ “បាទវាមាននិតិវិធីរបស់វាក្រោយពីទទួលបណ្តឹងទៅយើងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បី​លោកចាត់ការឲ្យខាងអាគារធិការដ្ឋាននោះរៀបចំកសាងសំនុំរឿងឬក៏ពិនិត្យទៅលើបែបបទបឋមដើ​ម្បីបញ្ជូន​ប្រមូល​ដាក់​មក​ក្រុម​ប្រឹក្សាវិន័យនៃឧត្ត​មក្រុមប្រិក្សានៃអង្គចៅក្រម។ មាននីតិ​បែបប​ទការងា​រច្រើ​នណា​​​ស់ដែលយើង​ត្រូវធ្វើពាក់ព័ន្ធនឹងចៅក្រម”។ បើតាមលោក អាត់ ធន់ បណ្តឹងចំនួនបីនឹងដាក់ទៅក្រសួងមហាផ្ទៃ ខុទ្ទការល័យនាយករដ្ឋមន្ត្រី និងឧត្តម​ក្រុម​​ប្រឹក្សា​នៃអង្គចៅក្រមនៅដើមសប្តាហ៍ក្រោយនេះដែលលោកថាដើម្បីស្វែងរកយុត្តិធម៌ជូនអតីតបុគ្គ​លិកក្រុមហ៊ុន​​កាពីតូល​​៤៥នាក់។ ​យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាព្រមានថាបើស្ថាប័ន​ពាក់ព័ន្ធរបស់​រដ្ឋាភិបាលរួមទាំងតុលាការផងមិន​​ផ្តល់យុត្តិ​ធម៌ដល់​ពួកគេទេ ពួកគេព្រមានថានឹងធ្វើយុទ្ធនាការតាមដងផ្លូវក្នុ​ង​​រា​ជធានី​ភ្នំពេញនាពេលឆា​ប់ៗនេះអំពាវនាវឲ្យសាធារណជនផ្អាក​ប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរដែលពួ​កគេ​​ថារហូតយក​ក្រុម​ហ៊ុ​​​ន​នេះគោរពច្បាប់ការងារយក​ពួក​គេចូលធ្វើការវិញ៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
Page: 1/101 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To