ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី21 កុម្ភៈ 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ក្រមសីល​ធម៌អ្នក​សារ​ព័ត៌​មាន

ក្រមសីលធម៌អ្នកសារ​ព័ត៌មាន

ថ្ងៃព្រហស្បតិ៍ ទី11 កក្កដា 2013, 09:34 AM, (2)

បុព្វកថា ដោយសារព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ​ប្រកាន់​យក​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស យើង​សង្កេត​ឃើញ​ថា ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មាន​ការ​រីក​ចម្រើន និង មាន​លក្ខណៈ​សម្បូរ​បែប។ ទន្ទឹម​នឹង​ការ​រីកចម្រើន​​នោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយចំ​នួន​ ត្រូវ​បាន​បង្កើត​ទ្បើង ដើម្បី​បម្រើ​​ឲ្យ​​និន្នាការ​នយោ​បាយ​​ផ្សេងៗ​​គ្នា។ ចំណែក​ឯប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ទៀត បាន​ព្យាយាម​ប្រកាន់​យក​នូវ​ជំហរ​ឯក​រាជ្យ​ភាព នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន។ ឆ្លង​តាម​បទ​ពិសោធន៍​ កន្លង​មក យើង​សង្កេត​ឃើញ​ថា អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា ទទួល​​បាន​​ការ​​បណ្តុះ​​បណ្តាល​​ផ្នែក​​វិជ្ជា​​ជីវៈ​​សារ​ព័ត៌​​មាន​​នៅ​​ មាន​​កម្រិត និង​មួយចំ​នួន​ទៀត ​​មិន​បាន​​អនុ​វត្ត​​ទៅ​តាម​​វិជ្ជា​​ជីវៈ​សា​រ​ព័ត៌​មាន ​ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​​នៅ​មាន​កម្រិត​ និ​ង​មិន​​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍ​​របស់​​សង្គម និង​តម្រូវ​ការ​ចាំបាច់​របស់​សាធារណ​ជន ​ក៏​ដូច​ជា​​ការ​អនុវត្តទៅ​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​​សារ​ព័ត៌​មាន ផង​ដែរ។ ដោយ​យល់​ឃើញ​ថា ក្រម​សីល​ធម៌ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​មួយ សម្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ការ​អនុវត្ត​​​ វិជ្ជា​ជីវៈ​របស់​​​​ខ្លួន​ និង​ដោយមើល​ឃើញ​ពី​កង្វះ​ខាត​​នៃ​​ការ​​​អនុ​វត្ត​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​អ្នក​សារ​ព័ត៌​មាន​ ក៏​ដូច​ជា​​​ប្រទេស ​​​កម្ពុជា​មិន​ទាន់​មាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​រួម​មួយ ​សម្រាប់​​អ្នក​សារ​ព័ត៌​មាន​​យក​មក​អនុវត្ត​​នៅ​ទ្បើយ​នោះ ទើប​សមាគម​ និង​អង្គ​ការ​សារ​ព័ត៌​មាន​មួយ​ចំនួន បា​ន​ផ្តួច​ផ្តើម​ចង​ក្រង​នូវ​ក្រម​សីលធម៌ ​វិជ្ជា​ជីវៈ​រួម​មួយ ដែល​បាន​មក​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ក្រ​ម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់ ​សមាគម និង អង្គកា​រសា​រ​ព័ត៌​មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​​ក្រម​​សីល​ធម៌​​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​របស់​ប្រទេស​ជឿន​​លឿន​ មួយចំ​នួន​ទៀត នៅ​លើ​ពិភព​លោក ដើម្បី​បង្កើត​ជា​ក្រម​​សីល​ធម៌​វិជ្ជាជីវៈ​រួម​មួយ សម្រាប់​អ្នកសា​រ​ព័ត៌​មាន​កម្ពុជា យក​មក​​អនុវត្ត​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​​ជា​អ្នក​​សារ​ព័ត៌​មាន។ យើង​ជា​អ្នក​សារ​ព័ត៌​មាន​កម្ពុជា ជឿ​ជាក់​ថា​ ការ​មាន​ក្រម​សីលធម៌​រួម​មួយ គឺ​ជា​ការ​ចាំបាច់​ណាស់​សម្រាប់​អ្នក​សារ​ព័ត៌​មាន​យក​ទៅ​អនុវត្ត ដើម្បីឲ្យ​​មាន​​ការ​ជឿ​ទុក​ចិត្ត​ពី​សាធារណ​ជន និង ខិតខំ​បម្រើ​សាធារណជន ប្រកប​​ដោយ​ភាព​ម៉ឺង​ម៉ាត់ និង​ស្មោះ​ត្រង់។ ខ្លឹមសារនៃក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ  ១-ការ​ស្វែង​រក និង​រាយ​ការណ៏​ព័ត៌​មាន​ពិត ១-១​     ត្រូវ​លើក​កម្ពស់​​ការ​សរ​សេរ និង​ការ​ផ្សព្វ​ផ្សាយ​ទាំង​ទ្បាយ​ឲ្យ​​​មាន​ការ​ពិត​និង​ត្រឹម​ត្រូវ ។ ១-២     ប្រើវិធីដោយសុច្ចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូប​ថត និង​ឯកសារ​ផ្សេងៗ​ក្នុង​ការ​ចុះ​ផ្សាយ។ ១-៣     ត្រូវត្រួតពិនិត្យព័ត៌មានទ្បើងវិញមុន ការផ្សព្វផ្សាយ​ដើម្បី​បញ្ជាក់​អំពី​ការ​ពិត និង​ភាព​ច្បាស់​លាស់ នៃ​ហេតុ​ការណ៏។ ១-៤   ត្រូវ​បែង​ចែក និង​ញែកចេ​ញ​ឱ្យ​ដាច់​រវាង​ព័ត៌​​មាន និង​ការ​បញ្ចេញ​ទស្សនៈ​យោបល់ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ជា​ហេតុ​ការណ៏​ពិត​នៃ​ព័ត៌​មាន និង​​​​អ្វី​ដែល​ជាការ​បញ្ចេញ​មតិ។ ១-៥     រាល់​ការបញ្ចេញយោបល់រិះគន់ ត្រូវ​ធ្វើ​ទ្បើង​ដោយ​ភាព​ថ្លៃ​ថ្នូរ និង​ត្រូវ​គោរព​សិទ្ធិ​អ្នក​ដទៃឲ្យ​សម​ជា​អ្នក​សារព័ត៌​មាន​ពិត​ប្រាកដ។ ១-៦     ត្រូវរាយការណ៏តែ​តាមហេតុការណ៏ ដែលខ្លួនបាន​ឃើញ និង​បាន​ដឹង​ពី​ប្រភព​ដើម​​តែ​ប៉ុណ្ណោះ។​ អ្នក​សារ​ព័ត៌​មាន មិន​ត្រូវ​លប់​បំបាត់​ចោល និង​​បំភ្លៃ​នូវ​ព័ត៌​មាន​សំខាន់ៗ ឬ កែ​បន្លំ​ឯកសារ​ផ្សេងៗ​​ទ្បើយ។ ១-៧      ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ដែល​ពិត​ជាក់​ស្តែង មិន​លំអៀង មាន​តុល្យភាព និង​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ណា​ដែល​នាំ​អោយ​មាន​ការ​ភ័ន្ត​ច្រទ្បំ​ដល់​សាធារណ​ជន​ឡើយ។ ១-៨     អ្នក​សារព័ត៌មានត្រូវផ្តល់​សំទ្បេង​ទៅ​ក្រុម​ណា​ដែល​មិន​មាន​លទ្ធភាព ឬ​មិន​មាន​ឱកាស​ក្នុង​ការ បញ្ចេញ​សំទ្បេង​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ១-៩      ព្យាយាម​​ស្វែង​រក​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​សាច់​រឿង​ព័ត៌​មាន ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គេ​បាន​បក​ស្រាយ ទៅ​នឹង​អ្វី​ដែល​បាន​ចោទ​ប្រកាន់។ ១-១០    ជៀស​វាង​ការ​ប្រើ​ប្រាស់​វិធី​សម្ងាត់ ដើម្បី​ទទួល​បាន​ព័ត៌​មាន លើក​លែង​តែ​ពេល​ដែល​​ប្រើ​ប្រាស់​វិធី បើក​ចំហរ​មិន​អាច​ទទួល​បាន​ព័ត៌​មាន​សម្រាប់​សាធារណជន។ ២- ការ​ទទួល​ខុស​ត្រូវ ២-១     បំពេញករណីយ​កិច្ច​ក្នុងវិជ្ជាជីវៈ​តាម​ក្រប​ខណ្ឌ​ច្បាប់​ស្តីពី​របប​ សារព័ត៌មាន​កម្ពុជា និង រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ២-២     ការសរសេរ និពន្ធ និយាយ សំរាប់​ការផ្សព្វ​ផ្សាយ ត្រូវ​គោរព​តាម​ក្បួន​ខ្នាត​វេយ្យា​ករណ៏ អក្ខរា​វិរុទ្ធ​ខ្មែរ អោយ​បាន​ត្រឹម​ត្រូវ។ ២-៣     ទទួល​ខុសត្រូវ​ចំពោះ​រាល់​ការ​ផ្សព្វ​ផ្សាយ​ដែល​ខុស​ការ​ពិត ហើយ​ត្រូវ​ធ្វើការ​ចុះ​ផ្សាយ​កែ​តម្រូវ រក​ការ​ពិត​ទ្បើង​វិញ។ ការ​កែ​តម្រូវ​នេះ​ជា​កាតព្វ​​​​កិច្ច​​ផ្ទាល់​នៃ​អង្គ​ការ​សារ​ព័ត៌​មាន ដែល​បាន​ប្រព្រឹត្តិ​កំហុស។ ២-៤     ហាម​ឃាត់ការលួចចម្លង និងថត​ចម្លង​អត្ថបទ និង​រូបភាព​របស់​អ្នក​ដទៃ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ឯង។ បើ​ថត​ចម្លង​អត្ថបទ និង​រូប​ភាព​របស់​អ្នក​ដទៃ ដើម្បី​យក​មក​ចុះ​ផ្សាយ​ត្រូវ​ដាក់​ឈ្មោះ និង​ការ​អនុ​ញ្ញាត​ពី​ម្ចាស់​ប្រភព។ ២-៥     ទទួល​យក​តែភារកិច្ច​ណា​ដែល​ថ្លៃ​ថ្នូរ​តាម​វិជ្ជាជីវៈ​សារ​ព័ត៌​មាន និង​មិន​ធ្វើ​ឱ្យ​ខូច​ប្រយោជន៏ ឬ​ ធ្វើ​ឱ្យ​បែក​បាក់​សាមគ្គី​ភាព​រវាង​អ្នក​សារ​ព័ត៌​មាន​ដូច​គ្នា។ ២-៦     ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​ត្រូវ​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​ទ្បាយ​ណា  ដែ​ល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព ប្រពៃណី ទំនៀម​ទំលាប់ និង​តម្លៃ​របស់​ជាតិ។ ៣-​ ភាពឯករាជ្យ ៣-១    ត្រូវ​ធ្វើការផ្សព្វ​ផ្សាយ​ប្រកប​ដោយ​សីល​ធម៌​វិជ្ជាជីវៈ ដែល​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សឈ​រ​លើ​មូល​ដ្ឋាន​ច្បាប់ មិន​លំអៀងមា​ន​តុល្យភាព សច្ចៈ​ភាព និង​ឯករាជ្យ ។ ៣-២    ត្រូវហ៊ានសរសេរ​រាយ​ការណ៍​ព័ត៌​មាន​ពិត ​និង​ហ៊ាន​បដិសេធ​​សរសេរ និយាយ បញ្ចាំង រូបភាព ដែល​ផ្ទុយ​ពី​ការ​ពិត ដែល​ជា​ការ​ផ្តល់​ផល​ប្រយោជន៏​ឱ្យ​ការ​រក​ស៊ី​របស់​បុគ្គល ឬ​​ក្រុម​​មនុស្ស។ ធ្វើ​បែប​នេះ​ដើម្បី​ពង្រឹង​កិត្យា​នុភាព និង​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌​មាន។​ ៣-៣    ​ចាង​ហ្វាង ឬនិពន្ធនាយកត្រូវបែង​ចែក​ឱ្យ​ដាច់ពី​គ្នា រវាង​អត្ថ​បទ​ព័ត៌​មាន និង​អត្ថបទ​​ឃោសនា។ ធ្វើបែ​ប​នេះ គឺ​ដើម្បី​ពង្រឹង​កិត្យា​នុភាព និង​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ៣-៤     ត្រូ​វប្រកាន់ខ្លួនជាអ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិ​ធម៌ អព្យាក្រិត មិន​លំអៀង ឬប្រកាន់ និន្នាការ​នយោបាយ​ណា​មួយ​ទ្បើយ។ ៣-៥     ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មាន ត្រូវរួប​រួមគ្នាការពារ​សេរីភាព​សារព័ត៌​មាន និង​ការ​ពារ​មិន​ឱ្យ​មាន​​ការ​ត្រួត​ពិនិត្យ​មុន​ពេល​ផ្សព្វ​ផ្សាយ។ ៣-៦     អ្នកសារព័ត៌មានមិនត្រូវរំលោភ​បំពាន​អធិបតេយ្យ (សិទ្ធិអំណាច) របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ និង វិជ្ជាជីវៈ ដែល​ខ្លួន​ធ្វើការ​នោះ​ទេ។ ៤- ប្រភព ៤-១     រក្សាជាសម្ងាត់ចំពោះ​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឱ្យ និង មិន​ត្រូវ​ប្រើ​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្សាយ​របស់​ខ្លួន ដើម្បី​បង្ហាញ​អត្ត​សញ្ញាណ​របស់​ប្រភព​ព័ត៌​មាន​ទេ ប្រសិន​បើ​គ្មាន​ការយ​ល់​ព្រម​ពី​សាម៉ី​ខ្លួន​ជា​មុន​នោះ។ ៤-២     ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមិន​ត្រូវ​យក​ស្នាដៃ​អ្នក​ដទៃ​មក​ធ្វើ​ជា​ស្នាដៃ​របស់​ ខ្លួន​ទ្បើយ (រាល់​ការ ចម្លង និង​ប្រើរូបភាព​ផ្សេងៗ ត្រូវ​បញ្ជាក់​ពី​ប្រភព​ដើម​ឱ្យ​បាន​ច្បាស់​លាស់)។ ៥- បុគ្គលឯកជន ៥-១     អ្នកសារព័ត៌មាន​ត្រូវ​គោរ​ពសិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​សិទ្ធិ​បុគ្គល​ស្រប​តាម​គោល​ការណ៍​ច្បាប់ ។ ៥-២   អ្នកសារព័ត៌មានមិនត្រូវរំលោភបំពាន​លើជីវិត​ឯកជន​របស់​បុគ្គល​ទ្បើយ លើក​លែង​តែ​មាន​ភាព​ចាំ​បាច់​តម្រូវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ ដើម្បី​បម្រើ និង​ការ​ពារ​ផល​ប្រយោជន៏​សាធារណៈ និង​សង្គម។ ៥-៣   អ្នក​សារព័ត៌មាន​មិន​ត្រូវ​ទទួច​សួរ ទូរស័ព្ទ តាម​ស្វែង​រក និង​ថត​រូប​បុគ្គល​ណា​ម្នាក់​ក្នុង​រឿង​ឯកជន ​នៅ​ពេល​ដែល​ការ​ស្នើរ​សុំ​នោះ​ត្រូវ​បាន​បដិ​សេធន៏ ហើយ​មិន​ត្រូវ​បំពាន​លើ​ទ្រព្យ​សម្បត្តិ​គេទេ​ នៅ​ពេល​ដែល​ត្រូវ​បាន​ស្នើ​សុំ​អោយ​ចាក​ចេញ និង មិន​ត្រូវ​តាម​ប្រមាញ់​គេ​ ទ្បើយ។ ៥-៤     ក្នុងករណីដែលជាប់ពាក់ព័ន្ធទៅនឹង​ទុក្ខ​សោក និង​ភាព​តក់​ស្លុត​របស់​បុគ្គល ការ​សាក​សួរ​របស់​​អ្ន​ក​សារ​ព័ត៌​មាន​ត្រូវ​ធ្វើ​ទ្បើង ដោយ​យល់​ចិត្ត​ប្រ​កប​ដោយ​ការ​ប្រុង​​ប្រយ័ត្ន និង​មិន​ត្រូវ​ធ្វើ​​ឱ្យ​​ប៉ះ​​ពាល់​​អារម្មណ៏​ផ្លូវ​ចិត្ត​របស់​បុគ្គល ដែល​ពាក់​ព័ន្ធ​នោះ​ទេ។ ទាំង​នេះ​មិន​​ត្រូវ​ដាក់​កំរិត​លើ​សិទ្ធិ​ក្នុង​ការ​រាយ​ការណ៏ ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ ដូច​ជា​ការ​ស៊ើប​សួរ​នោះ​ទេ។ ៥-៥     ត្រូវទទួលស្គាល់ថា បុគ្គលឯកជនមាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​ព័ត៌​មាន​អំពី​ខ្លួន​គេ ច្រើន​ជាង​មន្រ្តី​សាធារណៈ​ និង​អ្នក​ដទៃ​ទៀត ដែល​ខិត​ខំ​ស្វែង​រក​អំណាច ឥទ្ធិពល ឬ ការ​ចាប់​អារម្មណ៏។ មាន​តែ​​សេចក្តី​ត្រូវ​ការ​ជា​ចាំ​បាច់​​​​​ពីសាធារណ​ជន​តែមួយ​គត់ ដែល​អាច​ជ្រៀត​ចូល​ឯក​ជន​ភាព របស់ នរណា​ម្នាក់។ ៥-៦     ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញរូបថត​របស់​បុគ្គល​ណាម្នាក់ ដោយ​សារ​តែ​និយោជក​បញ្ឈប់​ពី​​ការ​ងារ​នោះ​ទេ។ លើក​លែង​តែ​បុគ្គល​នោះ​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ផ្សេងៗ ដូច​ជា​ការ​លួច​បន្លំ ប្រាក់​កាស ឆបោក រំលោភ​សេច​ក្តី​ទុក​ចិត្ត ។ល។ ៥-៧      ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សព្វផ្សាយ​អំពី​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ នៅ​ក្នុង​ចំណង​អាពាហ៏​ពិពាហ៏ ឬ ក្រោយ​​ការ​លែង​លះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាម៉ី​ខ្លួន​ទ្បើយ។ ៦- ស្រ្តី កុមារ និងជនពិការ ៦-១     អ្នកសារព័ត៌មានត្រូវ គិតគូរពីផលប៉ះពាល់ដល់ជីវភាពសាធារណ: ជាពិសេសស្ថាន​ភាព ស្រ្តី កុមារ និង​ជន​ពិការ។ ៦-២     មិនត្រូវប្រើប្រាស់រូបភាពអាក្រាត  ឬរូបភាពដែលស្រើបស្រាលរបស់ជនរងគ្រោះ ក្នុងការផ្សព្វ​ផ្សាយ ដែល​​​​​ធ្វើឱ្យបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីទូទៅ។ ៦-៣   អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើជនរង​គ្រោះ ឬ​ជន​សង្ស័យ​ដែល​ជា​ស្រ្តី កុមារ និង​ជន​ពិការ។ ឧទាហរណ៏៖ ស្រ្តី​ពេស្យា ស្រី​ខូ​ច អ្នក​ញៀន​ថ្នាំ កំបុត​ដៃ កំបុត​ជើង ទ្បប់​សតិ។ល។ ៦-៤     អ្នក​សារព័ត៌មាន​មិន​ត្រូវ​ធ្វើ​កិច្ច​សម្ភាសន៍ និង​ថត​រូបកុមារ​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ ដែល​ជាប់​​ពាក់​​ព័ន្ធ​នឹង​សុខ​មាល​ភាព​របស់​ខ្លួន​គេ ឬ របស់​កុមារ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ការ​ផ្សាយ​ទេ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ ឬ អាណា​ព្យាបាល ឬ​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​រឿង​នោះ។ ៦-៥     អ្នក​សារ​ព័ត៌​មាន​មិន​ត្រូវ​ប្រើ​សម្ភារៈ ដើម្បី​ជាថ្នូរ​នឹង​ការ​ទទួល​បាន​ព័ត៌​មាន​ទាក់​ទង​នឹង​សុខមាល​ភាព​របស់​កុមារ​ទេ។ ៦-៦     ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញ​អត្តសញ្ញាណ​កុមារ ដែល​មាន​អាយុ​ក្រោម​១៨ ​ឆ្នាំ ដែល​ជា​ជន​រង​​គ្រោះ ឬ ជា​សាក្សី នៅ​ក្នុង​ករណី​បទ​ល្មើស​ផ្លូវ​ភេទ​ទ្បើយ។ ៧- ការរើសអើង ៧-១     អ្នក​​សារ​ព័ត៌​មាន​ត្រូវ​គោរព និង​អនុ​វត្ត​តាម​អនុ​សញ្ញា និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស និង​ការ​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង ប្រកាន់​ពូជ​សាសន៏ សាសនា និង​បញ្ហា​ភេទ។ ៧-២     អ្ន​កសារ​ព័ត៌​មាន​ត្រូវ​ជៀស​វាង​ការ​ប្រើ​ពាក្យ​រិះ​គន់ ឬ​សេច​ក្តី​បញ្ជាក់​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ដល់​ពូជ​សាសន៏ ពណ៌​សប្បុរ សាសនា យេន​ឌ័រ ភេទ​របស់​បុគ្គល ឬ​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ដល់​ជន​ពិការ ឬ​អ្នក​ដែល​មាន​ជម្ងឺ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ៧-៣    អ្នក​សារ​ព័ត៌​មាន​ត្រូវ​ចៀស​វាង​ការ​ស្អប់ បុរេ​វិនិច្ឆ័យ អាកប្ប​កិរិយា​មើល​ងាយ និង​ការ​ប្រកាន់​ពូជ​សាសន៏ យេន​ឌ័រ ភេទ ភាសា សាសនា នយោ​បាយ ពិការ​រាង​កាយ ពិការ​ស្មារតី ឬ​អ្វី​ផ្សេងៗ ទៀត​របស់​សារវតា​សង្គម។ ៧-៤      សេច​ក្តី​លំអិត ពូជ​សាសន៏ ពណ៌​សំប្បុរ សាសនា ភេទ​ ជម្ងឺ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​បុគ្គល ឬ​ជន​ពិការ ត្រូវ​ជៀស​វាង​មិន​ត្រូវ​លើក​ទ្បើង​ទេ លុះ​ត្រា​តែ​លក្ខណ​:ទាំង​នោះ​វា​ទាក់​ទង​ទៅ​នឹង​សំណុំ​រឿង។ ៨- ការញុះញង់ ៨-១     មិន​ត្រូវ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌​មាន​ណា​ដែល​មួល​បង្កាច់​កេរ្តិ៍​ឈ្មោះ​ បុគ្គល ឬ បំភ្លៃ​សភាព​ការណ៏​ផ្សេងៗ ខុស​ពី​ការ​ពិត ដែល​នាំ​ឱ្យ​មាន​ការ​ចលាចល​សង្គម និង​ប្រទេស​ជាតិ។ ៨-២     អ្នក​សារ​ព័ត៌​មាន​ត្រូវ​ចាត់​ទុក​ថា​មាន​កំហុស​វិជ្ជា​ជីវៈ​ធ្ងន់​ធ្ងរ ចំពោះ​ការ​ប្រើ​ពាក្យ​អសុរស មួល​បង្កាច់ និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុ​តាង ព្រម​ទាំង​ការ​កាទ្បៃ​ព្រឹត្តិ​ការណ៏​ផ្ទុយ​ពី​ការ​ពិត។ ៩- ការសូកប៉ាន់ ៩-១     អ្នក​សារ​ព័ត៌​មាន​គួរ​ជៀស​វាង​ទទួល​យក​ការ​ផ្គាប់​ផ្គុន ឬ ការ​តម្រូវ​ចិត្ត​ណា​មួយ​ដែល​នាំ​ឱ្យ​អាប់​ឱន ប៉ះ​ពាល់​ដល់​កិត្តិ​យស​វិជ្ជា​ជីវៈ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ទ្បើយ។ ៩-២     ហាម​ដាច់​ខាត​មិន​ត្រូវ​ទទួល​យក​នូវ​សំណូក​សូក​ប៉ាន់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ ឬ មិន​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន។ ៩-៣      អ្នក​សារព័ត៌​មាន​ត្រូវ​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​នាំ​ឱ្យ​ប្រទេស​ជាតិ​​ធ្លាក់​ទៅ​ក្នុង​​គ្រោះ​មហន្ត​រាយ។ ១០- ប្រពៃណីជាតិ ១០-១   អ្នក​​សារ​ព័ត៌​មាន ត្រូវ​គោរព​ប្រពៃ​ណី​ទំនៀម​ទំលាប់​ល្អ របស់​សង្គ​ម​ជាតិ។ ១០-២   ត្រូវ​រក្សា​នូវ​អត្ត​សញ្ញាណ សាសនា ប្រពៃណី និង​វប្ប​ធម៌​ជាតិ។ ១០-៣  មិន​ត្រូវ​ផ្សព្វ​ផ្សាយ​រូប​ភាព​អាស​អាភាស រូប​ភាព​សោក​នា​កម្ម​ដោយ​មិន​បិទ​បាំង និង​អត្ថ​បទ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃណី​ល្អ​របស់​ជាតិ។ ១១- ការ​រាយ​ការណ៏​ពី​អំពើ​ឧក្រិដ្ឋ​កម្ម ១១-១   សេច​ក្តី​រាយ​ការណ៏​ព័ត៌​មាន​អំពី​បទ​ឧក្រិដ្ឋ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ ស៊ើប​អង្កេត ឬ តុលាការ​មិន​ទាន់​វិនិ​ច្ឆ័យ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​អ្នក​សារ​ព័ត៌​មាន​បញ្ចេញ​មតិ​យោបល់​នៅ​ក្នុង​ អត្ថ​បទ​នោះ។ ១១-២   នៅពេល​រាយ​ការណ៏​ពី​អំពើ​ឃាតកម្ម គប្បី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចៀស​វាង​នូវ​ការ​ផ្សាយ​លំអិត​ពី​វិធី ដែល​ប្រើ​ប្រាស់​ក្នុង​ការ​សម្លាប់​ណា​មួយ​ហួស​ហេតុ។ ១១-៣   អ្នក​សារ​ព័ត៌​មាន​ត្រូវ​គោរព​សិទ្ធិ​របស់​ជន​សង្ស័យ ដែល​ជាប់​ពាក់​ព័ន្ធ​ ទៅ​នឹង​អំពើ​ឧក្រិដ្ឋ និង​​មិន​​ត្រូវ​ថត​រូប និង​មិន​ត្រូវ​​​ចោទ​ប្រកាន់​ជន​ណា​ម្នាក់​ថា​ជា​ឧក្រិដ្ឋ​ជន នៅ​ពេល​ដែល​ តុលាការ​មិន​ទាន់​​បាន​​វិនិច្ឆ័យ​ទោស​នោះ​ឡើយ។ ១១-៤    សាច់​ញាតិ ឬ មិត្ត​ភ័ក្តិ របស់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់ ឬ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ ជា​ទូទៅ​មិន​​ត្រូវ​បង្ហាញ​អត្ត​សញ្ញាណ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួក​គេ​ទ្បើយ លុះ​ត្រា​តែ​ពួក​គេ​ជា​អ្នក​ជាប់​​ទាក់​​ទង​​នឹង​រឿង​ក្តី​តែ​ម្តង។ ១១-៥    ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ដល់​សុវត្ថិ​ភាព​អ្នក​ដែល​ងាយ​ រង​គ្រោះ ជា​កុមារ  ជា​សាក្សី​ ឬ​ក៏​ជា​ជន​រង​គ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម។ អ្នក​សារ​ព័ត៌​មាន​មិន​គួរ​ទាម​ទារ​សិទ្ធិ​ក្នុង​ការ​រាយ​ការណ៏​  ដែល​​ ត្រឹម​​​ត្រូវ​​​​តាម​​ច្បាប់​នោះ​ទេ។ ១១-៦    ប្រព័ន្ធផ្សព្វផ្សាយ​មិន​ត្រូវ​បង្ហាញ​អត្ត​សញ្ញាណ​ជន​រង​គ្រោះ ដោយ​ការ​រំលោភ​ផ្លូវ​ភេទ និង​ជន​សង្ស័យ​​​​​មិន​គ្រប់​អាយុ ឬ​ផ្សព្វ​ផ្សាយ​នូវ​អ្វី​ដែល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ស្គាល់​អត្ត​ សញ្ញាណ​របស់​​ជន​រង​គ្រោះ លុះ​ត្រា​តែ​មាន​ហេតុ​ផល​ស្រប​ច្បាប់។ ១១-៧   អ្នក​សារ​ព័ត៌​មាន​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ដែល​មាន​លក្ខណ:​មិន​សមរម្យ ឃោឃៅ ឬ​អំពើ ហិង្សា​លើ​​រាង្គ​កាយ និង​អំពើ​ហិង្សា​នៃ​ការ​រួម​ភេទ​នោះ​ទេ។

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To