ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី23 កញ្ញា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

អភិបាល​កិច្ច​ល្អ

សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 03:22 PM

សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអា​ជ្ញា​ធរ​ខេត្តឲ្យពន្លឿនធ្វើប័​ណ្ណកម្មសិទ្ធិ​ជូន​ពួក​គេ​ជិត​​​​៧០គ្រួសារដោយ​​អះអាងថាពួកគេថាបានមករស់នៅ​តំបន់​​នោះ​ជិត​៣០​ឆ្នាំ​មកហើយ។ ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅ​​ថ្ងៃ​ទី​១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅ​​​​ភិបាលខេត្តព្រះសីហនុជំរុញឲ្យអា​ជ្ញាធ​រព​ន្លឿ​​ន​​យ​​​ន្ត​ការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើ​ប័ណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។ បុរសរូបនោះអះអាងទៀតថាពួកគាត់បានរស់នៅនិងអាស្រ័យផលលើដីទំហំដីជាង២៤​០​​​​ហិ​​​កតានៅ​ភូ​មិអូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុកព្រៃនប់នោះ គាត់ថាខ្លះមកនៅឆ្នាំ១៩៨៨និងខ្លះទៀតម​ក​​​រ​​ស់​​នៅ​​ឆ្នាំ១​​៩៩​២ ប៉ុន្តែតំណាងរូបនោះអះអា​ង​ថា​ពួកគេនៅមិនទា​ន់ទទួ​លបា​នប័ណ្ណ​កម្ម​សិ​ទ្ធិពីរ​ដ្ឋា​ភិ​បាល​ទេ។ លោក សំ សុផាត អះអាងទៀតនៅឆ្នាំ២០១២ក្រុមហ៊ុនឯកជនមួយបានរារាំងក្រុមនិស្សិតមិនឲ្យ​ចុះ​វាស់​វែ​​ងធ្វើ​ប័ណ្ណ​កម្មសិទ្ធិជូនពួកគេដោយអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុន។ លោកបន្តថា៖ “ការងារដាំ​ដុះវាខិតជិតចូល​មកដល់។ អញ្ចឹង​ការ​ព្រួយបារម្ភថាបើអត់ផ្លាស់ទៅ[អត់ដោះ​ស្រាយ]នៅតែពាក់ព័​ន្ធហ្នឹងរ​ហូ​ត​​អ​ត់​បានធ្វើអី​ទេ[ធ្វើស្រែចំការ]។​ ប្រជាពលរដ្ឋ​កាន់តែជួបការលំបាកទៅៗអញ្ចឹង​សុំឲ្យ​អភិ​បាល​ខេត្តព​ន្លឿនៗការវាស់វែងនេះ”។ ​តំ​ណាងអ្នកតវ៉ាមួយរូបទៀតគឺលោក សំ សុផល អះអាងដែថាពួកគេជាកសិកររស់នៅពឹ​ងអាស្រ័​​យតែដី​ស្រែ​ដី​ចំការលោកថា បើ​បាត់ដីស្មើនឹងបាត់ជីវិត។ បុរសរូបនោះព្រួយបារម្ភថាបើរដ្ឋាភិបាលនៅ​តែព​ន្យា​​ពេ​​ល​​​​ចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេ គាត់ថា​ពួកគា​ត់ជិត១០០គ្រួសារនោះនឹងត្រូវគេបណ្តេញចេញនៅថ្ងៃ​ណា​មួយ។ លោកបន្ថែមថា៖ “បើសិនជាអត់ដីបញ្ហាជីវភាព របស់​ពួកយើងជួបបញ្ហាមែនទែនមានទៅធ្វើអី មាន​​តែទៅធ្វើ​ខ្ញុំគេ តែបើខ្លួនខ្ញុំនៅក្មេងដូចពីមុនចេះតែធ្វើបានតែបើ​ឥឡូវចាស់ហើយទៅធ្វើអីកើត!”។ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អះអាងថាលោកទទួលស្គាល់ពីការព្រួយបារម្ភរបស់អ្នកតវ៉ា ប៉ុន្តែ​លោ​​កថាបញ្ហានេះ លោកត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ដោះស្រាយ។ លោកបន្តថា៖ “ជា​រួមគឺគំនិត​ខ្ញុំច​ង់​ជំរុ​ញការដោះស្រាយវិបត្តិដីធ្លី ដែល​កន្លងទៅធ្លាប់តែមានការជាប់គាំងការឈ្លោះ​ប្រកែក​គ្នាហ្នឹ​ងឲ្យ​បា​នឆា​ប់។ ប៉ុន្តែអ្វីដែលអាចធ្វើទៅបាននោះវាមិនអាច​ដូច​យើងគិតវាអាចយឺ​តយ៉ាវក្នុងរឿងនេះ។ មិនឲ្យយូ​ទេពេ​លខ្លះខ្ញុំទៅខ្លួនឯង”។ មន្ត្រីសម្របសម្រួលរបស់អង្គការលីការដូប្រចាំខេត្តព្រះសីហនុលោក បួន​ ណារិទ្ធ លើកឡើងថានៅ​ខេ​​ត្តនេះ​ការធ្វើ​ប័ណ្ណជា​លក្ខណប្រព័ន្ធលោកថាធ្វើបានតែនៅទីប្រជុំជនមួយចំនួនលោកថាចំណែក​ឯតំ​បន់​ឆ្លា​យៗ​ខ្លះមិនទាន់បានធ្វើនៅឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាដីនៅតំបន់ដែលសហគមន៍ឡើងមកតវ៉ាច្រើនដងនេះលោកថា​​ស្ថិ​តក្នុ​ងតំបន់​គម្រប​ព្រៃ​ឈើ​និងមានភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនឋានសួគ៌ដែល​លោកថា​ក្រុមហ៊ុនទទួ​​ល​បានសិទ្ធិវិនិយោគនៅ​តំបន់​នោះ។ ទោះជាយ៉ាងណាលោក បួន ណារិទ្ធ អះអាងថាប្រជាសហគមន៍អូរត្រជាក់ចិត្តនោះពិតជាបា​នមករស់​នៅ​​តំ​បន់នោះច្រើនឆ្នាំ មានលិ​ខិ​ត​ទទួ​ល​ស្គា​​​ល់ពីអាជ្ញាធរមូលដ្ឋាន​។ មន្ត្រី​សង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាលពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេដែលលោកថាដើម្បី​បំ​បា​​​​ត់​ភាពភ័យខ្លាច​ពីការ​បណ្តេញចេញនិងកាត់បន្ថយការចំណាកស្រុកខុសច្បាប់។ លោកបន្ថែមថា៖ “យើងចង់ឲ្យរដ្ឋាភិបាលពន្លឿនកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋខ្មែរយើងឲ្យបានចប់​សព្វ​គ្រប់​ក្នុង​ឆ្នាំ​២០១៦ ក្នុង​អាណត្តិនេះពីព្រោះប្រជាពលរដ្ឋហ្នឹងគាត់ចង់បង្កបង្កើនផលចង់ធ្វើ​អ្វីអា​ច​ធ្វើបា​នលុះ​ត្រា​តែមានប័ណ្ណ​កម្មសិទ្ធិ។ ហើយបើ​អត់​មានប័ណ្ណអញ្ចឹងពួកគាត់ចង់ដាំដុះចង់ធ្វើ​អីក៏អ​ត់​បាន​ដែរ​គឺស្ថិតក្នុងស្ថានភាពភ័យខ្លាចរហូត។ អញ្ចឹងហើយបានជាជីវភាព របស់ពួកគាត់នៅតែក្រលំបាកចំណា​កស្រុ​ករ​​ហូតហ្នឹង”។ កន្លងទៅលោកនាយករដ្ឋមន្ត្រីធ្លាប់​លើកឡើងថាបើទោះបីពលរដ្ឋបានទៅរស់នៅលើព្រៃអភិរក្សឬគម្របព្រៃក៏​ដោ​យ​បើតំបន់​នោះបានក្លាយជាភូមិឃុំលោកថាអាជ្ញាធរត្រូវកាត់ឃ្វៀលដីនៅ​តំបន់នោះប្រគល់​ឲ្យ​​​​​ព​ល​​រ​​​​ដ្ឋរស់នៅដោយស្របច្បាប់។ ប៉ុ​ន្តែមកដល់ពេលនេះជម្លោះដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តផ្ទុះឡើងដោយពលរដ្ឋអះ​អាង​ថា​អា​ជ្ញាធរ​ខ្លះមិន​បានអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាល៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
ប្រជាពលរដ្ឋចោទអាជ្ញាធរខេត្តព្រះវិហារថារារាំងពួកគេមិនឲ្យបង្កើតសហគមន៍ការពារព្រៃឈើ

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 11:27 AM

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារ​អះអាងថាអភិបាលស្រុកឆែប​បានរារាំងពលរដ្ឋ​ជិត៣៦០​នា​ក់មិន​ឲ្យ​​ពួក​គេបង្កើត​សហគមន៍ការពារ​ព្រៃ​ឈើ និងព្រមានចាប់ខ្លួនអ្នកដឹកនាំដោយអះអាងថាពួកគាត់ធ្វើ​ខុសនិ​តិវិ​ធី​ច្បាប់។ តំណាងពលរដ្ឋនៅឃុំម្លូព្រៃ១ ស្រុកឆែបលោក អ៊ុំ សារិទ្ធ ប្រាប់VODថានៅព្រឹក​ថ្ងៃព្រហស្បតិ៍មិញ​​ថា ​អភិ​បាល​​ស្រុកឆែបលោក សុខ សាន្ដតារា បានដកយកឯកសារ​ស្នាម​មេដៃ​អ្នកភូមិ៣៥៩នាក់​ស្នើសុំ​បង្កើតស​ហគម​ន៍​​ការ​ពារព្រៃឈើនៅតំបន់​ព្រៃព្រះ​រការយកទៅទុកចោល​ដោ​យ​​ចោទ​ថា ពួក​គាត់​ធ្វើខុសច្បាប់។ លោកបន្ដថាអភិ​បាល​ស្រុករូបនោះបាន​ព្រមានថានឹងចាប់ខ្លួន​រូប​លោក​បើធ្វើ​សកម្ម​ភាព​ប្រ​មូលស្នាមមេដៃបន្ដទៀត។ លោកបន្ថែមថាពួកគាត់គ្រាន់ចង់ការពារព្រៃ​ព្រះរការនោះទុក​សម្រាប់​​កូនចៅជំ​នាន់ក្រោយ។ លោកបន្តថា៖ “មិនដឹងដែរគេថាពួកខ្ញុំនេះ ខុសច្បាប់តែមិនដឹងខុសច្បាប់រឿងអីគ្រាន់តែសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋដើម្បីសុំយកដីនោះមកការពារជារួមទាំងអស់ជាមួយ​សមត្ថកិច្ច​នោះផងបាទ ប៉ុន្តែគេថាពួកខ្ញុំធ្វើអត់ត្រឹមត្រូវបាទមិនដឹងដែរមិនដឹងខុសពីចំណុចអី”។ តំណាងពលរដ្ឋមួយរូបទៀតលោក ជឿន ជួន សម្ដែងការខកចិត្ដចំពោះអាជ្ញាធរដែលបានហាម​ឃា​ត់​​ពួកមិន​ឲ្យបង្កើត​សហគមន៍ការពារព្រៃឈើនេះ។ លោកអះអាងថាតាមការចុះល្បាតកន្លងមកតំបន់​ព្រៃ​ព្រះ​​ឈើនេះកំពុងរងការបាត់បង់ជាបណ្ដើរដោយ​លោកថា សមត្ថកិច្ចនិងមន្ដ្រីជំនាញមិន​យកចិត្ដទុកដាក់​ទប់ស្កាត់និងការពារនោះទេ ផ្ទុយទៅវិញពួកគេបានឃុបឃិតគ្នាធ្វើបទល្មើសជាបន្ដបន្ទាប់។ ករណីនេះអភិបាលស្រុកឆែបលោក សុខ សាន្ដតារា មានប្រសាសន៍ថាការហាមឃាត់នេះដោយ​សារ​ព្រៃព្រះរការ​នេះត្រូវ​បាន​បញ្ចូល​ជាព្រៃអភិរក្សដែលគ្រប់គ្រងដោយអង្គការមួយឈ្មោះ​​​ WCS រួចទៅហើយ ប៉ុ​ន្ដែលោកថាពលរដ្ឋ​អាចចូលរួម​ទប់ស្កាត់​ការពារព្រៃ​ឈើជាមួយសមត្ថកិច្ចនិងអង្គការនោះបាន។ លោកបន្ថែមថា៖ “ខ្ញុំមិនមែនមិនឲ្យបង្កើតទេព្រោះនីតិវិធីវាពាក្យថាសហគមន៍ដីហ្នឹងលុះ​ត្រាតែជាដីនៅទំនេរទើបបង្កើតសហគមន៍បានតែបើដីមានម្ចាស់ហើយប្រៀបបានដូចជាស្ត្រីម្នាក់ចឹងបើគេចែចូវគេភ្ជាប់ពាក្យហើយយើងទៅ​ក្រោយគេម៉េចអោយ”។ ​ទោះយ៉ាង​ណាលោក សុខ​ សាន្ដតារា ​ទទួលស្គាល់ថាព្រៃព្រះរការនោះ​មានបទល្មើសកាប់បំផ្លាញព្រៃឈើ​ជារៀង​រាល់​ថ្ងៃដោយសារព្រៃអភិរក្សមានទំហំធំខណៈសមត្ថកិច្ចនិងមន្ដ្រីជំនាញមានកំលាំងមិនគ្រប់គ្រាន់។ មន្ដ្រីតស៊ូមតិនៃអង្គការពន្លកខ្មែរនៅខេត្ដព្រះវិហារលោក ប៉ឹក សោភណ្ឌ មានប្រសា​ស​ន៍​​ថា​​ការរា​រាំងមិនឲ្យ​ពលរដ្ឋបង្កើត​សហគមន៍​ការពារព្រៃឈើនេះ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ដោយ​លោក​សង្ស័យថាអាជ្ញាធរអាច​មាន​គម្រោង​ទុក​​ព្រៃព្រះរការ​នោះ​សំរាប់វិនិយោគ​ឲ្យ​ក្រុម​ហ៊ុនឯកជន​ណាមួយ​ធ្វើការ​អភិវឌ្ឍ។ លោកថាបើតាមប្រជាសហគមន៍និងអាជ្ញាធរស្រុកឲ្យដឹងថា​តំបន់ព្រៃឈើព្រៃព្រះរការនោះជាព្រៃ​ធំ​ចុង​​ក្រោយ​បន្ទាប់​​ពីព្រៃឡង់ដែលមាន​ទំហំជិត១០ម៉ឺន​ហិកតា(៩៩.៨០០ហិកតា)ស្ថិតនៅជាប់ព្រំប្រទល់បី​ស្រុករួម​មាន​​ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំងក្សាន្ដ ក្នុងខេត្ដព្រះវិហារ៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

[អានបន្ត]
ក្រសួងកសិកម្មគ្រោងផ្ទេររដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរតាមខេត្តជាអ្នកគ្រប់គ្រង

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 10:14 AM, (1)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីផ្ទេរការគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរនៅតាមរាជធានីខេត្តជាអ្នកគ្រប់គ្រងវិញ ដោយបញ្ជាក់ថា ដើម្បីស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាល។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី៨ ខែកុម្ភៈ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងជលផលនេះធ្វើឡើងតាមការសម្រេចរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងការកែសម្រួលសមត្ថកិច្ចនៃការគ្រប់គ្រងលើខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល។ លិខិតដដែលបន្តថា យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងឆ្នាំ២០១៥នោះ ក្រសួងកសិកម្មបានសម្រេចបំពេញបន្ថែមភារកិច្ច និងប្ដូរឈ្មោះពីមន្ទីរកសិកម្មទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ លិខិតបន្តថា ក្រសួងក៏បានសម្រេចធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផលផងដែរ។ អ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មី បានឲ្យវីអូឌីដឹងបន្ថែមថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីថ្នាក់ក្រសួងនៅឡើយ។ លោកបន្តថា ការផ្ទេរការគ្រប់គ្រងទៅកាន់មន្ទីររាជធានីខេត្តនេះជាការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងជាការកំណែទម្រង់វិស័យព្រៃឈើ និងវិស័យជលផល។ លោក ឡោ រស្មី បន្តទៀតថា ការផ្ទេរការគ្រប់គ្រងនេះអាចសម្រេចទៅបានលុះណាតែមានការសម្រេចចុងក្រោយពីរាជរដ្ឋាភិបាល ដោយលោកថាអាចចំណាយពេលប្រមាណ៦ខែទៀត។ ចំពោះប្រសិទ្ធិភាពនៃការអនុវត្តវិញ លោកថា ត្រូវរង់ចាំមើលការសម្រេចជាចុងក្រោយពីរាជរដ្ឋាភិបាលជាមុនសិន។  លោក ឡោ រស្មី ឲ្យដឹងដែរថា មូលហេតុដែលក្រសួងកសិកម្មផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺដើម្បីស្នើសុំពិនិត្យ និងផ្តល់មតិណែនាំលើសេចក្ដីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ស្តីព្រៃឈើ និងច្បាប់ស្តីជលផល ដោយលោកថា គណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់​ភារកិច្ច​ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកដឹកនាំការងារនៃការធ្វើការកែសម្រួលនេះ៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com   

[អានបន្ត]
យូនីសេហ្វចាប់ផ្ដើមផែនការសកម្មភាពថ្មីនៅកម្ពុជារយៈពេល៣ឆ្នាំក្នុងទឹកប្រាក់៦៥លានដុល្លារ

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 05:46 PM

អង្គការយូនីសេហ្វ(UNICEF)ប្រកាសដំណើរការផែនការសកម្មភាពថ្មីនៃកម្មវិធីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដោយគម្រោងរយៈពេល៣ឆ្នាំនេះគ្រោងចំណាយថវិកាអស់៦៥លានដុល្លារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ អង្គការយូនីសេហ្វ និងក្រសួងផែនការបានឲ្យដឹងថា នៅថ្ងៃពុធនេះ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើផែនការសកម្មភាពថ្មីនេះ ដោយមានរដ្ឋមន្រ្តីក្រសួងផែនការលោក ឆាយ ថន តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី  Debora Comini ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបន្តថា ផែនការសកម្មភាពនេះនឹងកំណត់ និងធ្វើការឆ្លើយតបទៅនឹងឧបសគ្គចម្បងៗដែលបានរារាំងការទទួលបានសិទ្ធិរបស់កុមារនៅកម្ពុជា និងបង្ហាញនូវវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលបីឆ្នាំខាងមុខ។ រដ្នមន្រ្តីក្រសួងផែនការលោក ឆាយ ថន ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “យើងសប្បាយរីករាយណាស់ដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើកុមារដែលងាយរងគ្រោះបំផុត ដែលធ្វើឲ្យមានកុមារកាន់តែច្រើននៅកម្ពុជាមានឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អនិងផលិតភាពខ្ពស់”។ សេចក្ដីប្រកាសព័ត៌មានដដែលបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលមានចំនួនកុមារ និងក្មេងជំទង់ច្រើន ដោយប្រមាណ៤៥ភាគរយនៃប្រជាជនសរុបមានអាយុតិចជាងឬស្មើ១៩ឆ្នាំ។ ជាមួយគ្នានេះ ប្រជាជនប្រមាណ១១ភាគរយមានអាយុតិចជាង៥ឆ្នាំ។ សេចក្ដីប្រកាសព័ត៌មានក៏បានដកស្រង់សម្ដីរបស់លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជាផងដែរថា៖ “វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀតនៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែលនឹងប៉ះពាល់ដល់សង្គមទាំងមូល។ ហេតុដូចនេះ ការវិនិយោគលើកុមារគឺជាការវិនិយោគដ៏ល្អបំផុតដែលប្រទេសកម្ពុជាអាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន”។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា កម្មវិធីប្រចាំប្រទេសរបស់យូនីសេហ្វឆ្នាំ២០១៦-២០១៨ នឹងដំណើរការសម្រាប់ទូទាំងប្រទេស ប៉ុន្តែវានឹងផ្តោតសំខាន់ទៅលើខេត្ត ស្រុក និងឃុំ ទាំងទ្បាយណាដែលមានគម្លាតខ្ពស់ និងសូចនាករ អភិវឌ្ឍន៍កុមារមិនល្អ ដោយអះអាងថា ដើម្បីធានាថាអន្តរាគមន៍នឹងអាចទៅដល់កុមារដែលងាយរងគ្រោះ និងលំបាកបំផុត។ បើតាមសេចក្ដីប្រកាសព័ត៌មាន កម្មវីធីរបស់យូនីសេហ្វបានទទួលថវិកាទាំងស្រុងពីវិភាគទានសប្បុរសធម៌ និងស្ម័គ្រចិត្តពីបណ្តារដ្ឋាភិបាលម្ចាស់ជំនួយ សប្បុរសជន វិស័យឯកជន និងគណៈកម្មាធិការជាតិយូនីសេហ្វនៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងត្រូវអនុវត្តក្រោមកិច្ចសហការជាមួយនឹងស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ស្ថាប័នអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអង្គការសហប្រជាជាតិដទៃទៀត៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
លោក ថោង ខុន៖ សៀមរាបនឹងបង្កើតរោងចក្រដុតសំរាម

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 05:06 PM

មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថាប្រទេសកូរ៉េនឹងសាងសង់រោងចក្រដុត​សំរាម​យក​អគ្គិ​ស​នីនៅ​​ខេត្ដសៀមរាបដោយអះអាងថាដើម្បីឲ្យ​ទីក្រុង​បុរាណនេះទទួលបានជ័យលាភីនៃក្រុង​ទេស​​​ចរ​ណ៍​​អាស៊ាន​ឆ្នាំ​២០​១​៨​​​ខាងមុខ​​។ ថ្លៃងនៅក្នុងពិធីសន្និបាតបូកសរុបការអនុវត្ដការងារទេសចរណ៍ឆ្នាំ២០១៥​ និងទិសដៅឆ្នាំ២០១៦នៅ​ខេត្ដ​សៀមរាបរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា​ទីក្រុងសៀមរាប​ជាទីក្រុងទេសចរណ៍មាន​សារៈសំខា​ន់ដែលនៅជិតប្រទេសថៃដែលលោកថាអាជ្ញាធរ​មូលដ្ឋាន​ត្រូវយក​ចិត្ដ​ទុកដាក់ថែរក្សានូវ​បរិស្ថាន​ឲ្យ​​បានល្អដើម្បីឲ្យក្លាយជាទីក្រុងបៃតង​និងទទួលបានជ័យលាភីនៃទីក្រុង​ទេសចរណ៍​អាស៊ាននៅចុង​ឆ្នាំ២០១៨ខាង​មុខ​​​នេះ​។ លោកបន្ដថាសម្រស់បា្រសាទអង្គរមួយមិនគ្រប់​គ្រាន់​សម្រាប់​ការប្រគួតប្រជែងនោះទេ គឺត្រូវគួប​ផ្សំ​​ឲ្យមាន​ទីក្រុងមួយដែលមានព័ណបៃតងផង​ដែរ។​ លោកបន្ថែមទៀតថា៖ “ទីក្រុងភ្នំពេញសព្វថ្ងៃក្នុងចំណោមទីក្រុង​ដែ​ល​​ល្អស្អាត​ចំនួន៥០នៅ​លើពិភពលោកទីក្រុងភ្នំពេញក៏មានក្នុងហ្នឹងមួយដែរចឹងភ្នំពេញចាប់ផ្ដើមបង្ហាញ​ខ្លួន​ទៅហើយ​ ហើយយើងកំពុងប្រឹងប្រែងនៅតំបន់សមុទ្រ clean city និង blue sea ​ចឹងបានន័យថាទីក្រុងខៀវ​ស្រង៉ា​ត់ឯទីក្រុងនៅជាប់ទីក្រុងគគ្រិចទេ ទីក្រុងជាប់សមុទ្រក៏ត្រូវល្អសមុទ្រត្រូវស្អាតពិសេស​គឺដី​ខ្សាច់​​ត្រូវ​តែ​ល្អ​ស្អាត​ដើម្បីទេស​ចរណ៍ទៅ​កំសាន្ដនូវ​សម្រស់ខ្មែរបាទនេះគឺជាចំណុចសំខាន់”។ លោក ថោង ខុន បន្ថែមថាបើសិនការបង្កើតរោងចក្រដុតសំរាមចេញជាអគ្គិសនី​នេះទទួលបាន​ជោគ​ជ័យលោកថានឹងគ្មាន​សំរាមនៅទីក្រុងទេសចរណ៍ទៀតទេហើយសំរាមក៏បានក្លាយជាថាម​ពលប្រើ​ប្រាស់​ផង​​ដែរ​។ ប្រជាពលរដ្ឋមួយចំនួននៅក្រុងសៀមរាបសាទរនឹងគម្រោងបង្កើតរោងចក្រដុតសំរាម​ចេញជា​អគ្គិសនីនោះ ប៉ុន្ដែពួកគេលើកឡើងដើម្បី​ទីក្រុងស្អាតនិងមានសោភ័ណ្ឌភាព​អាជ្ញាធរត្រូវចាត់​វិធាន​ការចំពោះក្រុមហ៊ុន​សំ​​អាត​ក្រុងឲ្យគោរពកិច្ចសន្យានៃការ​ដឹកជញ្ជូនកាកសំណល់ចេញពីក្រុងឲ្យទាន់ពេលទើប​អាច​ប្រគួតប្រជែងជាមួយទីក្រុងទេសចរណ៍អាស៊ានបាន។ ពលរដ្ឋកត់សំគាល់ថាក្រុម​ហ៊ុនដឹកជញ្ជូនសំ​រាម​បង្កភាពកខ្វក់តាមដងផ្លូវ។ ពួកគេបន្ដថា៖ “យើងគួរមានវិ​ធានការនៅ​ក​ន្លែង​នោះ​សូមឲ្យអាជ្ញាធរជួយចាត់​ចែង​វិធានការឲ្យបានក្ដៅបន្ដិចទៅយើងចង់ឲ្យយកពី​ទីក្រុងសៀមរាប​យ​កទៅចាក់នៅ​កន្លែងរោងចក្រ​តែម្ដង។ មកយករាល់ថ្ងៃទៅ​នៅ​តាម​ក្នុង​ក្រុង​យ​ក​​​ឲ្យ​អស់ហើយ​កុំឲ្យកំពប់​កក្លេ​​កក​ក្លាក់កុំឲ្យសំរាមស្អុយតាមភូមិចប់បាត់ហើយប៉ុណ្ណឹងវាទីក្រុងស្អាត​អាចយក​​ទៅប្រគួតប្រ​ជែងបាន​ហើយ”។ ​អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាលោក សុខ សង្វា មានប្រសាសន៍ថានៅឆ្នាំ២០១៥កន្លងមកភ្ញៀវទេសចរណ៍អន្ដរជាតិ មកទស្សនានៅតំបន់ទេសចរណ៍សៀមរាបមានចំនួនជាង២លាន១សែននាក់មានការកើនឡើងប្រមាណ២%បើប្រៀបធៀបនឹងឆ្នាំ២០១៤។ អគ្គនាយករងនិងត្រូវជាកូន​លោក សុខ អាន បានអះអាងថាការកើនឡើងចំនួនភ្ញៀវទេសចរណ៍នេះដោយ​សារ​​ប្រាសាទអង្គរវត្ត​មានភាពល្បី​ល្បាញនៅ​លើពិភពលោក៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

[អានបន្ត]
សហគមន៍ថាបទល្មើសនៅព្រៃឡង់បន្តកើតមានក្រោមរូប​ភាពដីសម្បទានសេដ្ឋកិច្ច

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 04:29 PM

ប្រជាសហគមន៍ព្រៃឡង់ឲ្យដឹងថាបទល្មើសព្រៃឡង់នៅតែបន្តកើតមានឡើងដោយពួកគេអះអាងថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើធ្វើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។ ក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព ថ្លែងថាក្រោយពីក្រុមសហគមន៍ចុះល្បាតបទល្មើសព្រៃឡង់៥ថ្ងៃនៅដើមខែកុម្ភៈក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ លោកថាពួកគេបានរកឃើញបទល្មើសព្រៃឈើជាក់ស្តែង៤៣ករណីនិងរឹបអូសម៉ាស៊ីនរណាយន្ត១៩គ្រឿង ឈើជ្រៀករួចមាន៧៥ម៉ែត្រគូប និងឈើមិនទាន់ជ្រៀកមាន១៥៩ដើម។ ពួកគេក៏បានឃើញគល់ឈើកាប់រួចថ្មីមាន៧៨៧គល់និងការកាប់រានដីព្រៃ២៨៣ហិកតា។ លោកថាក្នុងចំណោមខេត្តទំាងនោះខេត្តកំពង់ធំមានបទល្មើសព្រៃឈើច្រើនជាងគេ។ លោក​ ហឿ​ន​ សុភាព បង្ហាញការព្រួយបារម្ភចំពោះធនធានធម្មជាតិនៅក្នុងព្រៃឡង់នោះដោយលោកថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើបន្ទាប់ពីបានដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា៖ ”យើងឃើញបទល្មើសដែលកើតឡើង​ចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលគាត់មានអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលផ្តល់ឲ្យគឺគាត់មានរោងចក្រ​អាឈើនៅក្នុង​តំបន់នីមួយគឺគាត់បានធ្វើសកម្មភាពកាប់ឈើនៅក្នុង​តំបន់ព្រៃឡង់ចូលមក​ក្នុង​រោងចក្រ​ ហើយគាត់ដឹក​ចេញរបៀ​បណាឬគាត់ដឹក​ចេញផ្សេងៗមានឡានធំៗដឹក​ផង​ដែរ”។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត សុំមិនអត្ថាធិប្បាយ​លើករណីនេះដោយលោកបង្វែរសំនួរឲ្យ​ទៅសួរប្រធានរដ្ឋបាលព្រៃឈើលោក ឆេង គឹមស៊ុន វិញ។ ប៉ុន្តែVODមិនទាន់សុំការ​បំភ្លឺពីលោក ឆេង គឹមស៊ុនបានទេនៅថ្ងៃចន្ទនេះ។ បើតាមវេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ (www.prelang.net) បង្ហាញថាព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ព្រៃដ៏ធំមួយនោះមានប្រជាពលរដ្ឋរស់នៅរួមទាំងជនជាតិដើមភាគតិចផងប្រហែលជា២០ម៉ឺននាក់ដែលអ្នកទាំងនោះរស់នៅអាស្រ័យអនុផលពឹងលើព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តីបញ្ជាឲ្យ​ផ្តល់​ឯកសារ​អត្តសញ្ញាណជូនពលរដ្ឋឲ្យបានលឿន

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 04:14 PM

ប្រមុខរដ្ឋាភិបាលបញ្ជាទៅមន្ត្រីជំនាញពន្លឿនឲ្យផ្តល់សេវា​ធ្វើឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋឲ្យបាន​លឿនខណៈលោកទទួលស្គាល់ពីភាពយឺតយ៉ាវនៃផ្តល់សេវាកម្មនេះកន្លងមក​។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃ​សុក្រនេះលោក ហ៊ុន សែន បានថ្លែងថាអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំពោះការធ្វើសៀវភៅគ្រួសារនិង​អត្តសញ្ញាណប័ណ្ណជូន​​ប្រជាពលរដ្ឋដោយលោកថាកន្លងមក​មន្ត្រីគ្រប់ជាន់ថ្នាក់​បង្កការលំបាកដល់ពលរដ្ឋ។ លោកបន្តថា៖”បញ្ហាស្ថិតនៅត្រង់ថា​ធ្វើការវាស្ទក់តែប៉ុណ្ណឹងទេតែគេកើតមកអាហ្នឹងតម្រូវ​ការ​ប្រទេស​ជាតិអាហ្នឹង​សេវាតម្រូវ​ការ​មនុស្សម្នាក់ៗត្រូវ​មាន​អត្តសញ្ញាណប័ណ្ណអាហ្នឹង​សេវាតម្រូវ​ការ​សៀវភៅគ្រួសារ​ដូច្នេះត្រូវ​ធ្វើអាហ្នឹងឲ្យល្អមន្ត្រីគ្រប់ថ្នាក់​ធ្វើកិច្ចការហ្នឹង​ឲ្យល្អ”។ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្មលោក ចាន់ គីមសេង មានប្រសាសន៍ថាការធ្វើអត្តសញ្ញាណប័ណ្ណនិង​សៀវភៅគ្រួសារនគរបាលនៅក្នុងមូលដ្ឋាន​ជា​អ្នក​ធ្វើ​ជូនប្រជាពលរដ្ឋ។ ប៉ុន្តែលោកថាការ​យឺតយ៉ាវក្នុងការធ្វើឯកសារទាំងនោះ​មិនមែនជាកំហុស​របស់អាជ្ញាធរ​នោះទេគឺជាកំហុស​របស់ប្រជាពលរដ្ឋដែលមិនមានឯកសារ​គ្រប់គ្រាន់ជាពិសេសអ្នកផ្លាស់ទីលំនៅថ្មី។ លោកបន្ថែមថា​​៖ “យើងដឹងហើយមួយរយៈកន្លងមក​នេះ​គឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពិសេសផ្លូវ​ដែលគេពង្រីកផ្លូវ​បានច្រើនខ្សែច្រើនអីចឹងទៅប្រជាជនគាត់ចាប់ផ្តើមពង្រីកទីលំនៅគាត់នៅតំបន់អស់ហ្នឹងអញ្ចឹងមួយចំនួនអស់ហ្នឹង​ដែលនៅមានបញ្ហារឿង​ឯកសារ​សម្រាប់ការផ្លាស់ទីលំនៅរបស់គាត់...បាទនេះមិនមែនពាក់ព័ន្ធនឹង​អាជ្ញាធរទេ​ព្រោះអីការងារហ្នឹងវាជាការងារ​គេធ្វើជាប្រចំាទៅហើយ”។ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ​យល់ថាដើម្បី​អនុវត្តតាមការលើឡើង​របស់លោក ហ៊ុន សែន ឲ្យមានប្រសិទ្ធិភាពលុះត្រា​តែរដ្ឋាភិបាលត្រូវ​បញ្ជូនអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមនិង​ផ្តល់សម្ភារៈ បច្ចេកទេសឲ្យ​បានគ្រប់គ្រាន់ដល់មន្រ្តីជំនាញ​។ ប៉ុន្តែលោកហាក់មិនមានជំនឿលើរដ្ឋាភិបាលក្នុង​ការដោះស្រាយ​បញ្ហា​ទំាងនោះ​។ លោកបន្តថា៖ ”យើងចង់ឲ្យការផ្តល់សេវាគឺធ្វើឡើង​ទៅតាមភូមិនីមួយៗឲ្យចប់មួយភូមិហើយចំាទៅមួយភូមិទៀតនៃសង្កាត់នីមួយៗហ្នឹង ប៉ុន្តែបើសិនដូចប្រព័ន្ធសព្វថ្ងៃនេះខ្ញុំមិនមានជំនឿទាល់តែសោះថាប្រជាពលរដ្ឋនឹង​អាចធ្វើអត្តសញ្ញាណប័ណ្ណបានលឿននោះជាពិសេសប្រជាពលរដ្ឋនៅក្រុងភ្នំពេញហ្នឹងឯង”។ បើតាមអ្នកនាំពាក្យ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្មរហូត​មក​ដល់ពេលនេះក្រសួងមហាផ្ទៃ​បាន​​ធ្វើអត្តសញ្ញា​ណប័ណ្ណគំរូចាស់ដល់ប្រជា​ពលរដ្ឋ​​​ប្រមាណ​៩លាននាក់និង​គំរូថ្មី​ប្រមាណ៦លានកន្លះនាក់​គឺនៅសល់ប្រជា​ពលរដ្ឋ​ជាង​៣​លាន​នាក់​ទៀត ដែលនឹងត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី​ឲ្យ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
ក្រសួងព័ត៌មានតម្រូវឲ្យទូរទស្សន៍ខ្សែកាបទាំងអស់ចាក់ផ្សាយវណ្ណកម្មខ្មែរក្នុងម៉ោងមាស

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 01:11 PM

រដ្ឋមន្ត្រីក្រសួងព័ត៌មានតម្រូវឲ្យម្ចាស់ស្ថានីយទូរទស្សន៍ខ្សែកាបទាំងអស់ដែលកំពុងដំណើរការនៅកម្ពុជា ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់ ដូចស្ថានីយទូរទស្សន៍ទូទៅផ្សេងទៀតដែរ។  នៅក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ លើកឡើងថា កន្លងមក ក្រសួងបានពិនិត្យឃើញថា នៅតាមស្ថានីយទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ប្រភេទផ្សេងៗទៀត បានបង្កើតប៉ុស្តិ៍សម្រាប់ចាក់ផ្សាយខ្សែភាពយន្ត វីដេអូ ខារ៉ាអូខេ និងកម្មវិធីកម្សាន្តផ្សេងៗ បន្ថែមលើប៉ុស្តិ៍ទូរទស្សន៍បរទេសដែលបានផ្សាយបន្ត។  លិខិតបន្តថា ដើម្បីបំផុស លើកស្ទួយវិស័យសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក៏ដូចជារួមចំណែកផ្តល់តម្លៃ និង ឪកាសកាងារដល់សិល្បៈករ សិល្បៈការិនីខ្មែរ មានការងារធ្វើ និងបានបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន ក្រសួងតម្រូវស្ថានីយទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង៧ល្ងាចដល់ម៉ោង៩ល្ងាច ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។ កាលពីខែកញ្ញា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិតមួយច្បាប់តម្រូវឲ្យស្ថានីយទូរទស្សន៍ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់។ លោកបានព្រមានដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ណាដែលនៅតែចាក់ផ្សាយរាល់កម្មវិធីបរទេសនៅចន្លោះម៉ោងនេះទៀត។ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ការចេញលិខិតជាថ្មីរបស់ក្រសួងនាពេលនេះ គឺផ្តោតបន្ថែមទៅលើស្ថានីយទូរទស្សន៍ខ្សែកាបក្នុងស្រុក។ លោកបញ្ជាក់ថា ការតម្រូវនេះគឺសម្រាប់តែប៉ុស្តិ៍ដែលទូរទស្សន៍ខ្សែកាបនោះបង្កើតបន្ថែមដោយខ្លួនឯងប៉ុណ្ណោះ ចំពោះប៉ុស្តិ៍ដែលទូរទស្សន៍ខ្សែកាបផ្សាយបន្តពីប៉ុស្តិ៍បរទេសគឺក្រសួងមិនតម្រូវអោយបញ្ឈប់ការផ្សាយទេ។ លោកថា៖ “អ្វីដែលគេផ្សាយបន្តភាសាបរទេសមកខ្សែកាបនោះណាមិនទាក់ទងជាមួយអាហ្នឹងទេ ប៉ុន្តែសំខាន់ក្រៅពីខ្សែភាពយន្តបរទេសដែលគេបកប្រែភាសាខ្មែរនោះណា ហ្នឹងហើយដែលយើងឲ្យប៉ុស្តិខ្សែកាបហ្នឹងផ្អាកការផ្សាយអស់ហ្នឹងរយៈពេលពីរម៉ោងហ្នឹង”។ បើតាមលោក អ៊ុក គឹមសេង ក្រសួងនឹងចាត់វិធានការទៅតាមផ្លុវច្បាប់ទៅលើម្ចាស់ស្ថានីយទូរទស្សន៍ខ្សែកាបណាដែលមិនគោរពតាមបទបញ្ជានេះ៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

[អានបន្ត]
អង្គការមួយថាមានមនុស្សតិចតួចបំផុតហ៊ានផ្តល់ព័ត៌មានពីអំពើពុករលួយ

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 05:50 PM

អង្គការក្រៅរដ្ឋាភិបាលមួយជំរុញឲ្យរដ្ឋាភិបាលធ្វើច្បាប់ការពារអ្នក​ផ្តល់​ព័ត៌មានពីអំពើពុករលួយដោយអះអាងថាបច្ចុប្បន្ននេះ មានមនុស្សតិចតួចបំផុតហ៊ានផ្តល់ព័ត៌មានពីអំពើពុករលួយ។ ក្នុង​​បទបង្ហាញមួយនៅក្រសួងមហាផ្ទៃនាថ្ងៃទី៣ខែកុម្ភៈនេះនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោ​​​ក ព្រាប កុល ថ្លែងថា តាមរយៈនៃការចុះស្រាវជ្រាវមួយឆ្នាំមកនេះលោកថាអ្នកដែលបា​នរាយកា​រណ៍ពី​អំ​ពើ​​ពុ​ករលួយមានតែ៨ភាគរយប៉ុណ្ណោះ ក្រៅពីនោះលោកថាពួកគេមានការភ័យខ្លា​ចក្នុងការរា​យការ​ណ៍ ខ្លះ​​​មិ​ន​​ចា​ប់អារម្មណ៍ និងខ្លះទៀតថាមិន​ដឹងពីនី​តិ​វិធី​​​​រា​យការណ៍។ លោក ព្រាប កុល អះអាងទៀតថាមូលហេតុដែលនាំឲ្យសាធារណៈជនភ័យខ្លាចមិនហានរាយការណ៍ពេលពួកគេឃើ​ញ​មានអំ​ពើពុករលួយនោះលោកថាដោយសារច្បាប់​ប្រឆាំ​​ង​​​អំ​​​ពើ​​ពុ​ករលួយត្រង់មា​ត្រា៤១​បានចែងពីការដាក់ទោសទណ្ឌនិង​ផាកពិន័យចំពោះអ្នករាយការណ៍មិនពិតជាដើម។ លោក ព្រាប កុល​ ជំរុញឲ្យរដ្ឋាភិបាលលុបចោលមាត្រា៤១នេះដែលលោកថាដើម្បីលើក​ទឹកចិត្តដល់​សា​​​​ធា​រណជនឲ្យ​ចូល​រួមផ្តល់ព័ត៌មានពីអំពើពុករលួយដោយគ្មានការ​ភ័យខ្លាច។ ​ជាងនេះ​ទៅទៀ​​ត​លោកថារដ្ឋាភិបាលត្រូវធ្វើច្បាប់ការពារសាក្សី និងអ្នករាយការណ៍ព័ត៌មានពីអំពើពុក​រលួយ​នេះ​ផង​ដែរ​។ លោកថា៖ "​យើងមិនគួមើលរំលងទេ ច្បាប់នេះជាច្បាប់មួយសំខាន់ណាស់ ត្រូវតែធ្វើបើយើងមានបំណងចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពិតប្រាកដមែននោះ មិនអាចអត់ច្បាប់នឹងបានទេ។នៅប្រទេសជិតខាងដូចជាបង់ក្លាដេស ហើយនៅវៀតណាមក៏គេមានច្បាប់នឹងដែ នៅម៉ាឡេស៊ី នៅឥណ្ឌូនេស៊ី នៅពីលីពីន នៅជុំវិញយើងនឹងភាគច្រើនគេមានច្បាប់អស់ទាំងហ្នឹង ហើយយើងដូចជានៅក្រោយគេហើយ ដូច្នេះត្រូវតែពន្លលឿន"។ កាលពីឆ្នាំ២០០៧រដ្ឋាភិបាលបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយហើយច្បាប់​ស្តីពីការប្រឆាំងអំពើពុករលួយរបស់កម្ពុជាក៏បានបង្កើតឲ្យមានស្ថាប័នពីរទទួលខុសត្រូវគឺអង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រ​​លួយនិង​ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ជាងនេះ​ទៅទៀតស្ថាប័នរដ្ឋសភាក៏បាន​បង្កើ​តគ​​ណៈកម្ម​​ការទី១០ហៅ​ថាគណៈ​កម្មការ​អង្កេត បោស​សំអាត​ និងប្រឆាំងអំពើពុករលួយ។ VODមិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម​ យ៉ិនទៀង បានទេនៅ​ថ្ងៃ​ពុធនេះដោយ​លោកមិនលើកទូរសព្ទ។ ប៉ុន្តែបើតាមលោក ព្រាប កុល គឺលោក ឱម យ៉ិនទៀង និងរដ្ឋម​ន្ត្រី​ក្រ​​សួងយុត្តិធម៌​ធ្លាប់បង្ហាញ​ជំ​​ហ​រ​​ច​ង់ឲ្យមាន​ច្បាប់​ការពារ​សាក្សីនិង​អ្ន​ករាយការណ៍ពីអំពើ​ពុក​រលួយនេះតែលោ​កថា​ច្រើនឆ្នាំមកនេះការរំពឹងទុកនៅតែមិនចេញរួច។ ប្រ​ធា​​នគណៈកម្ម​​ការទី១០នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ អះអាងថា​ការមាន​​ច្បា​​ប់​ការ​ពារសាក្សី និងការពារអ្នករាយការណ៍រឿងពុករលួយលោកថានឹងអាចជួយប្រមូល​ថវិកាជាតិបាន​​រា​ប់រយលានដុល្លារបន្ថែមទៀត​ដល់​រដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍ជាតិ។  ​តំណាងរា​ស្ត្រប​ក្ស​ប្រ​ឆាំ​​ង​រូបនោះអះអាងទៀតថាកន្លងទៅគណៈកម្មការលោ​កធ្លាប់​ជំ​​រុញករណីនេះ ប៉ុន្តែលោក​ថាមក​ដល់​ពេល​នេះ​ការជំរុញនោះទើរនៅលើអង្គភាពប្រឆាំងអំពើពុករលួយ។ លោកថា៖ "អំពើពុករលួយស្ថិតនៅលើអ្នកមានលុយច្រើន ឬអ្នកដែលមានអំណាច ហើយបើសិនជាគ្នាអ្នកអត់មានអំណាច នៅជិតគាត់ ហើយដឹងរឿង របស់គាត់ ប៉ិនបើគាត់និយាយទៅអត់មានច្បាប់ការពារគាត់ទទួលរងគ្រោះ តើគាត់មានហេតុផលអីដែលត្រូវនិយាយ គាត់មានហេតុផលអីឲ្យរងគ្រោះខ្លួនឯងនោះហើយវាបាត់បង់ផលប្រយោជន៍គាត់ទៀត"។ អង្គការតម្លាភាពកម្ពុជាបានបង្ហាញរបាយការណ៍មួយថាឆ្នាំ២០១៥កម្ពុជានៅតែស្ថិ​តក្នុង​ក្រុមប្រ​ទេស​ដែល​មាន​អំពើពុករ​លួយ​ធ្ងន់ធ្ង​រជាង​គេក្នុង​ចំ​​ណោ​​ម​ប្រទេស១៦៨លើពិភពលោក។ របាយការណ៍នោះ​បានចាត់ទុកថា​អំពើពុករលួយជាចរន្តរាំ​ងស្ទះការ​អភិវ​ឌ្ឍសេ​ដ្ឋកិច្ចគំរាមកំហែងដ​ល់ស្ថេរភា​ពសង្គមនិងនយោបាយព្រមទាំងជា​ហេតុផល​ចម្បងនាំឲ្យមានភាពក្រីក្រ។ បើតាមអង្គាការតម្លាភាពអ្នកដែលហ៊ានលាតត្រដាងព័ត៌មានពីអំពើពុករលួយដើម្បី​ការពារផល​ប្រយោជន៍​សាធារណៈជា​រឿយៗ​ពួកគេជួបប្រទះនឹងការបំភិតបំភ័យ ការរុកកួន ការបណ្តេញចេញពីការងារឬអំពើហិង្សា​ និង​ប្រឈម​គ្រោះ​ថ្នា​ក់ក្នុ​ងជីវិតប្រចាំថ្ងៃ។ អង្គ​កា​រ​នេះស្នើ​ឲ្យមានការលើកទឹកចិត្ត និងធ្វើច្បាប់​ការពារ​ដល់អ្នកចូ​លរួមទប់​​ស្កាត់អំពើ​ពុករលួយ​នេះ៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តីបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 05:13 PM

នាយករដ្ឋមន្រ្តីបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយអះអាងថាដើម្បីបញ្ចៀស​ហានិភ័យដល់សង្គមនិងទប់ស្កាត់ការរាលដាលការប្រើប្រាស់គ្រឿងញៀន។ បទបញ្ជាស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះ​ហត្ថលេខាដោយលោក ហ៊ុន សែន នៅថ្ងៃទី១ខែមករាបានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធទាំងអស់ធានាឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងវិធានការ​អនុវត្ត​ច្បាប់ ការអប់រំ និងការបង្ការដើម្បីបញ្ចៀសឲ្យបាននូវបញ្ហាគ្រឿងញៀន។ ក្នុងបទបញ្ជាដដែលលោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃនិង​ស្ថាប័នផ្សេងទៀតត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីបង្ការនូវ​អំពើចោលួច ប្លន់ និងប្រឆាំងនឹងមុខសញ្ញាបទ​ល្មើសគ្រឿងញៀន។ បទបញ្ជាដដែលបន្ថែមថា៖ “ក្រសួងមហាផ្ទៃត្រូវណែនាំដល់អង្គភាពអនុវត្តច្បាប់ឲ្យកសាងផែនការសកម្មភាពជាក់ស្ដែងដើម្បីពង្រឹងវិធានការបង្ការនិងវិធានការជំនាញសំដៅធ្វើការទប់ស្កាត់និងបង្រ្កាបនូវរាល់សកម្មភាព​នៃការជ្រៀតចូល ការដឹកជញ្ជូនឆ្លងកាត់ ការផលិត ការដាំដុះ ការចម្រាញ់ ការស្ដុកទុកជូញដូរ និងការប្រើប្រាស់គ្រឿងញៀនផងដែរ”។ នៅក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងពីកង្វះខាតក្នុងការចូលរួមរបស់មន្រ្តី​មូលដ្ឋានក្នុងការអនុវត្តច្បាប់និងកង្វះខាត​នូវផែនការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនរបស់មន្រ្តីមូលដ្ឋានទើបបញ្ហាគ្រឿងញៀន​នៅតែកើនឡើងខ្ពស់។ ​លោកបន្ថែមថា៖ “ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់គួរគប្បីរៀបចំឲ្យមានយន្តការឬក្រុម​បង្គោល​ទទួលបន្ទុកការងារអប់រំផ្សព្វផ្សាយគ្រឿងញៀននៅតាមមូលដ្ឋានសហគមន៍គ្រឹះស្ថានសិក្សាព្រម​ទាំង​បង្កើតកម្មវិធីបញ្ជាក់ការអប់រំផ្សព្វផ្សាយដូចការអនុវត្តកន្លងមកដោយចាត់តាំងសកម្មភាពឲ្យបានញឹកញ៉ាប់និងទូលំទូលាយបន្ថែមទៀត”។ មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មានប្រសាសន៍ថាលោក​គាំទ្រនូវការដាក់បញ្ជារបស់នាយករដ្ឋមន្រ្តីក្នុងការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ ប៉ុន្តែ​លោក​បន្ថែម​ថាដើម្បីមានប្រសិទ្ធិភាពខ្ពស់ក្នុងការអនុវត្តនោះលុះត្រាតែរដ្ឋាភិបាលមានការគាំទ្រដល់មន្រ្តីដែលមានឆន្ទៈក្នុង​ការអនុវត្តនូវបទបញ្ជានេះ។ លោកបន្ថែមថា៖ “ជាបទបញ្ជារបស់នាយករដ្ឋមន្រ្តីខ្ញុំឃើញគេមានការអនុវត្តបានខ្ពស់ ប៉ុន្តែទោះ​យ៉ាងណាក៏ដោយដូចខ្ញុំថាចឹង​ត្រូវតែហ៊ានអារកាត់ឲ្យតែអ្នកពាក់ព័ន្ធមិនថាមន្រ្តីប៉ូលីសឬមន្រ្តី​តុលាការណាឬក៏អ្នកពាក់ព័ន្ធមានឋានន្តរសក្តិណាទេត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់អាហ្នឹងអាចកាត់​បន្ថយ​បានហើយ”។ គួរបញ្ជាក់ថារបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥របស់អាជ្ញាធរ​ជាតិ​​ប្រយុទ្ធប្រឆាំងគ្រឿងញៀនរកឃើញថា​អ្នក​ប្រើប្រាស់គ្រឿងញៀនមានចំនួន១៦ ៥៧៥នាក់។ ក្នុងនោះ​អាជ្ញាធរអនុវត្តន៍ច្បាប់​បង្ក្រាបបទល្មើសគ្រឿង​ញៀនបាន៣០៦១គឺកើន១២៨.៩៤ភាគរយ​ដែលឆ្នាំ​២០១​៤មាន​តែ១៣៣៧ករណី។ របាយការណ៍ដដែលឲ្យដឹងថាជនល្មើសចំនួន៧០០៨នាក់(ស្រី ៨៥៣)​ត្រូវបានឃាត់ខ្លួនគឺកើនឡើង១២៣.០៤ភាគរយ ហើយគ្រឿ​ងញៀនដែលពួកគេប្រើរួមមាន​ហេរ៉ូអ៊ីន អ៊ិចស្ដាស៊ី និងកូកាអ៊ីនដែល​សរុបទម្ងន់ជាង១តោន៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
Page: 1/26 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To