ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានក្នុងប្រទេស

អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 03:49 PM

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

[អានបន្ត]
អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 03:24 PM

សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

[អានបន្ត]
សាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិ

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 02:57 PM

វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន មានប្រសាសន៍ថា កាលពីថ្ងៃចន្ទម្សិលមិញ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃ និងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។ លោក ឈួន ចាន់ថន មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងសញ្ញាបត្របណ្ឌិតធម្មតា ដោយលោកថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្តល់ជូនសម្រាប់តែអ្នកមានស្នាដៃ មានចរិតលក្ខណៈល្អ មានសីលធម៌ខ្ពស់ខ្ពស់ និងបានចូលរួមជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ “អ្នកបានបណ្ឌិតកិត្តិយសហ្នឹងទាល់តែអ្នកហ្នឹងខំកសាងខ្លួនមកធ្វើអំពើល្អ ហើយជួយជាតិ ជួយសង្គម បរិច្ចាគធនធានហ្នឹងទៅមន្ទីរពេទ្យ ទៅកាកបាទក្រហម ទៅជនក្រីក្រ ហើយក្នុងករណីរបស់អ្នកឧកញ៉ា ទ្រី ភាព ហ្នឹង គឺគាត់បានជួយដល់សង្គមជាតិច្រើនណាស់ គឺគាត់បានបរិច្ចាគលុយច្រើនដល់កាកបាទក្រហម បានកសាងស្ពាន កសាងផ្លូវថ្នល់ កសាងសាលារៀន កសាងមន្ទីរពេទ្យ ហើយនិងប្រព័ន្ធធារាសាស្រ្តជាដើម”។  លោក ឈួន ចាន់ថន បន្ថែមថា ក្រោយមានការស្នើសុំពីក្រុមការងាររបស់លោក ទ្រី ភាព គណៈកម្មាធិការនៃសាកលវិទ្យាល័យអាយអាយស៊ីបច្ចេកវិទ្យា បានស្រាវជ្រាវ និងវាយតម្លៃឃើញថា លោក ទ្រី ភាព បានប្រើប្រាស់លុយយ៉ាងច្រើនក្នុងការវិនិយោគធំៗដែលលោកថាដើម្បីជួយដល់ប្រជាជនកម្ពុជាជាង៣០០០នាក់។  លោកបន្ថែមថា៖ “ចឹងបានយើងសម្រចថាសញ្ញាបត្របណ្ឌិតកិត្តិយសជូនគាត់ជំនាញសេដ្ឋកិច្ចវិទ្យា ហើយនេះគឺសាកសមបំផុត ហើយសរុបមកវិញ លោកឧកញ៉ា ទ្រី ភាព ហ្នឹងមានគុណសម្បត្តិខ្ពស់ៗមែនទែនសម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះគាត់ហ្នឹងបានយកលុយរបស់គាត់ ហើយខំរកៗ ហើយយកលុយហ្នឹងមកអភិវឌ្ឍយកលុយហ្នឹងមកវិនិយោគបន្តទៀត ហ្នឹងហើយដែលគណៈកម្មាធិការវាយតម្លៃ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកភាព១០០%”។ ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មានប្រសាសន៍ថា អង្គការរបស់លោកក៏ដូចជាអង្គការអន្តរជាតិមួយចំនួនមានរបាយការណ៍ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់របស់លោក ទ្រី ភាព ដូច្នេះលោកថា សាកលវិទ្យាល័យអាយអាយស៊ីគួរតែពិចារណាលើចំណុចនេះមុននឹងផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព។ លោកមានប្រសាសន៍ថា៖ “បណ្ឌិតជាអ្នកដែលមានក្រមសីលធម៌ល្អ រកស៊ីសុចរិត ជាមនុស្សដែលគេគោរពសម្រាប់ក្មេងៗជំនាន់ក្រោយជាគំរូជាដើម បើសិនជាគាត់មានប្រវត្តិថាជាអ្នករកស៊ីតែឈើប្រណីត អាហ្នឹងដូចជាបានបណ្ឌិត គឺយើងមិនគាំទ្រទេ”។ វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា «តម្លៃឈើប្រណីត» នេះឲ្យដឹងថា តម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។ របាយការណ៍លើកឡើងបន្តថា លោក ទ្រី ភាព និងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍បន្តថា ជាមួយគ្នានេះដែរ មន្រ្តីនៅកម្ពុជាដែលមានអំណាចបញ្ឈប់ក្រុមទ្រីភាព បានចូលដៃជាមួយពួកគេ ដើម្បីធានាថាការរត់ពន្ធឈើមានសុវត្ថិភាព។ អង្គការ Global Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាព និងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់ និងការប្រតិបត្តិច្បាប់ជាតិនានា។ អង្គការបន្តក្នុងករណីសកម្មភាពខុសច្បាប់ ត្រូវបានរកឃើញ អង្គការស្នើឲ្យចាត់វិធានការលុបអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលពាក់ព័ន្ធ ហើយផ្តួចផ្តើមការកាត់ទោសអ្នកទាំងឡាយដែលទទួលខុសត្រូវ៕ សរសេរ​មកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com  

[អានបន្ត]
ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 11:07 AM

ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

[អានបន្ត]
ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 10:59 AM

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

[អានបន្ត]
ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 10:23 AM, (1)

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
បាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែន

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 07:32 AM

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​ បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុក​ការតវ៉ានេះ​ជា​សេរីភាពនៃ​ការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។​ កាលពីម្សិលមិញ លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថាប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

[អានបន្ត]
ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 06:44 PM

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​ នៅក្នុងសេចក្តីប្រកាសព័ត៌មាន​មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ​សាលាក្តីខ្មែរក្រហមបាន​ឲ្យ​​ដឹង​ថា​ការបំបែកសំណុំរឿងនេះ គឺដើម្បីធានាសិទ្ធិរបស់ជនត្រូវចោទចំពោះការកំណត់បទចោទប្រឆាំងនឹងរូបគាត់ដោយគ្មាន​ការពន្យារពេល។  សេចក្តីប្រកាស​បញ្ជាក់ថា៖ “ដោយពិចារណាដល់សេចក្តីជូនដំណឹងពីការបិទបញ្ចប់​កិ​ច្ចស៊ើបសួរប្រឆាំង អ៊ឹម ចែម ដែលបានចេញ​កាលពីថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ ២០១៥ ខណៈដែលការស៊ើបអង្កេតប្រឆាំងនឹងជនត្រូវចោទផ្សេងទៀត ក្នុងសំណុំរឿង០០៤កំពុងតែនៅបន្តនៅឡើយ សហចៅក្រមស៊ើបអង្កេត យល់ឃើញថាវាជាការត្រឹមត្រូវនិងដើម្បីផលប្រយោជន៍យុត្តិធម៌គឺត្រូវបំបែកជនត្រូវចោទអ៊ឹម ចែម ចេញពីសំណុំរឿង០០៤”។ សេចក្តីប្រកាសបញ្ជាក់​ថា៖ “ការនេះនឹងអនុញ្ញាតឱ្យនីតិវិធីប្រឆាំងនឹងអ៊ឹម ចែម ឈានដល់ការបិទបញ្ចប់ ខណៈដែលការស៊ើបអង្កេតនៅតែបន្តចំពោះផ្នែកដែលនៅសេសសល់ក្នុងសំណុំរឿង០០៤”។ លោកស្រី អ៊ឹម ចែម ត្រូវបាន​ចោទប្រកាន់ទាក់ទងនឹង​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ​ដែល​​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ដល់​ថ្ងៃ​ទី​៦ខែ​មករា ឆ្នាំ​១៩៧៩​។  នៅ​ក្នុង​សំណុំរឿង​០០៤​នេះ ជនត្រូវចោទពីរនាក់ទៀត​ក៏​កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ផងដែរ មាន​លោក អោ អាន និង​លោក យឹម ទិ​ត្យ​។ លោក អោ អាន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក យឹម ទិ​ត្យ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​។ អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា​ការស៊ើបអង្កេតលើជនត្រូវចោទពីររូបនេះ​​អាចនឹងត្រូវបញ្ចប់នៅ​ចុងឆ្នាំ​២០១៦។ លោក​បញ្ជាក់​ថា​ដូច្នេះសាលាក្តីសម្រេច​បំបែកសំណុំរឿងនេះ ដើម្បី​ឈានទៅដល់ដំណាក់កាលវាយតម្លៃលើ​​ភស្តុតាង​និង​ការ​ចេញដីកាដំណោះស្រាយ​មួយ​ថាតើ​ជន​ត្រូវលើកលែ​ង​ការចោទប្រកាន់ឬ​ចោទប្រកាន់និង​ឈានដល់ការជំនុំជម្រះក្តី។​ ទាក់ទងនឹងសំណុំរឿង០០៣ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានសម្រេច​ដាក់​ឲ្យ​អ​តីត​កម្មាភិបាល​ខ្មែរ​ក្រហម​​​​ម្នាក់ទៀតគឺលោក មាស មុត ស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋ​ពាក់​ព័ន្ធ​បទ​ល្មើស​ជាច្រើនដែល​បាន​​ប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហមបញ្ជាក់ថាសំណុំរឿង០០៣នឹងត្រូវបិទបញ្ចប់ការស៊ើបអង្កេត​នៅចុងឆ្នាំ​២០១៦៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
វិភាគ៖ តើវិធានការតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណា?

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 06:14 PM

ជាញឹកញាប់ ប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ក្នុងសង្គម ឬមានបញ្ហារំលោភបំពានណាមួយ ពិសេសអ្នកមានជម្លោះដីធ្លី តែងតែធ្វើការតវ៉ា និងធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួង និងស្ថាប័នរដ្ឋនានា ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាឲ្យពួកគេ។ លើសពីនេះ ក្រុមអ្នកតវ៉ាជាទូទៅក៏នាំគ្នាទៅតវ៉ានៅមុខផ្ទះ ឬយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋដើម្បីរកអន្តរាគមន៍ផងដែរ។ ការតវ៉ាមួយចំនួនត្រូវអាជ្ញាធរអនុញ្ញាតឲ្យធ្វើ និងអាចដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែការតវ៉ាមួយចំនួនត្រូវបានរារាំង និងបង្ក្រាបដោយសមត្ថកិច្ច។ ពាក់ព័ន្ធនឹងការរារាំងការតវ៉ារបស់ពលរដ្ឋនេះ កាលពីឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់លោក ថាបានរារាំងពលរដ្ឋមិនឲ្យយកញត្តិ ឬលិខិតសំដែងពីទុក្ខកង្វល់ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។ លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដកមន្ត្រីក្រោមឱវាទរបស់លោកផងដែរ ប្រសិនបើអសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបណ្ដោយឲ្យបើបញ្ហានានានៅថ្នាក់មូលដ្ឋាននៅតែបន្តផ្ទុះឡើងដោយមិនមានដំណោះស្រាយដែលមានប្រសិទ្ធភាពនោះ។ ក្នុងឆ្នាំ២០១៥នេះផងដែរ លោក ហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការទំព័រហ្វេសប៊ុករបស់លោក និងអះអាងថានឹងប្រើបណ្ដាញសង្គមមួយនេះដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេលប្រមាណ៦ខែក្រោយការទទួលស្គាល់ទំព័រហ្វេសប៊ុកជាផ្លូវការ ពោលគឺពីចាប់ពីខែកញ្ញា ឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្ន លោក ហ៊ុន សែន បានចាត់ចេញជាចំណាត់ការមួយចំនួនជាដំណោះស្រាយដល់ប្រជាពលរដ្ឋ ដោយលោកអះអាងថា បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកដូចជាបញ្ឈប់ការយកលុយពីអ្នកធ្វើតាមផ្លូវមួយចំនួន និងការលុបបំបាត់លែងឲ្យមានប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម១២៥សេសេ។ បន្ថែមពីលើការទទួលសំណូមពរពីពលរដ្ឋដោយខ្លួនឯង និងក្រុមការងាររបស់លោក កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួង និងស្ថាប័ននានារបស់រដ្ឋឲ្យតាមដានហ្វេសប៊ុករបស់លោកជាប្រចាំ ដោយលោកថាដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។ ក្រោយការប្រកាសណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័ននានារបស់រដ្ឋបានប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីតាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីពីសំណូមពរ ឬបញ្ហានានាដែលពាក់ព័ន្ធ ឬស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នខ្លួន។ តើការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ? អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថា នៅប្រទេសកម្ពុជាមានទម្លាប់មួយដែលមន្ត្រីតូចថ្នាក់ក្រោមមានការលាក់លៀម មិនហ៊ានរាយការណ៍រឿងពិតទៅថ្នាក់លើ ចំណែកថ្នាក់លើជាញឹកញាប់ក៏មិនចង់ឮពាក្យទិះតៀន ឬរឿងមិនល្អពីថ្នាក់ក្រោមផងដែរ។ លោកបន្តថា នៅតាមខ្សែបណ្ដោយរបស់ស្ថាប័នរដ្ឋ ការរាយការណ៍ព័ត៌មានមិនពិត ឬកុហកទៅថ្នាក់លើបានក្លាយទៅប្រពៃណី ដោយលោកថាបញ្ហានេះបាននាំឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្រ និងបាត់បង់អាសនៈជាង២០កៅអីនៅរដ្ឋសភាក្នុងការបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣។ លោក មាស នី យល់ថា ការបង្កើតជាទំព័រហ្វេសប៊ុកគឺជាមធ្យោបាយល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ដោយលោកថា ពលរដ្ឋអាចរាយការណ៍ ឬបង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំដោយផ្ទាល់។ លោកបន្តថា កត្តានេះនឹងជួយឲ្យថ្នាក់ដឹកនាំទទួលបានព័ត៌មានពិត និងបានដឹងពីបញ្ហារបស់ប្រជាបលរដ្ឋកាន់តែច្បាស់ថែមទៀត។ ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារនៅតាមក្រសួងស្ថាប័នរដ្ឋ លោក មាស នី មានប្រសាសន៍ថា លោកមិនហ៊ានអះអាងពីប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ សំខាន់លើឆន្ទៈរបស់ក្រសួងស្ថាប័នទាំងក្នុងការដោះស្រាយជូនពលរដ្ឋ ដោយលោកថា មុនពេលមានការរាយការណ៍តាមប្រព័ន្ធហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ក្រសួងនិងស្ថាប័នរដ្ឋទាំងនោះបានក៏បានដឹងពីបញ្ហារបស់ពលរដ្ឋផងដែរ គ្រាន់តែពុំធ្វើការដោះស្រាយ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ហ៊ានអះអាងថាវានឹងមានប្រសិទ្ធភាពនោះទេ ព្រោះអីយើងក៏មិនអាចនិយាយបានថា រឿងរ៉ាវមួយចំនួនធំហ្នឹងមន្ត្រីតាមក្រសួងមិនដឹងមិនស្គាល់នោះទេ ប៉ុន្តែគ្រាន់តែថាពីមុនមកមិនព្រមដោះស្រាយពេលដែលមានបញ្ហាអី។ ប៉ុន្តែឥឡូវម្ដងនេះយើងចាំមើលតើវិធានការថ្មីនេះវានឹងមានប្រសិទ្ធភាពប៉ុណ្ណា”។ ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនេះហាក់បង្ហាញថា ក្រសួងខ្លួនឯងមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីឲ្យយន្តការក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រសួងស្ថាប័នរដ្ឋគួរណែនាំមន្ត្រីរបស់ខ្លួននៅតាមមូលដ្ឋានឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហារបស់ពួកគេ រួចរាយការណ៍ទៅថ្នាក់លើ មិនមែនរង់ចាំតែព័ត៌មានពីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនោះទេ។ លោកថា ការធ្វើបែបនេះនឹងជួយបំពេញចំណុចខ្វះខាត និងផ្ដល់ព័ត៌មានទៅថ្នាក់ដឹកនាំ បន្ថែមលើអ្វីដែលទទួលបានតាមរយៈបណ្ដាញសង្គម។ លោក យង់ គិមអេង បន្តថា៖ “វាហាក់ដូចជា ក្រសួងហ្នឹងចាំយកព័ត៌មានពីនាយករដ្ឋមន្ត្រីទៅវិញ ខ្លួនឯងអត់ដឹងបាទ។ នាយករដ្ឋមន្ត្រីគាត់មានហ្វេសប៊ុកសម្រាប់ទំនាក់ទំនងបញ្ហាជាមួយប្រជាពលរដ្ឋមួយហើយ ប៉ុន្តែថា ខាងក្រសួងស្ថាប័នហ្នឹង ខ្លួនឯងនោះត្រូវប្រឹង ប្រឹងធ្វើម៉េចឲ្យខ្លួនឯងហ្នឹងទាក់ទងឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយយកមករាយការណ៍បន្ថែមជូននាយករដ្ឋមន្ត្រីបានជាការប្រសើរថែមទៀតណាបាទ”។ ប្រហាក់ប្រហែលគ្នានេះ លោក មាស នី លើកឡើងថា ប្រជាពលរដ្ឋខ្មែរប្រមាណ១០ទៅ ១៥ភាគរយប៉ុណ្ណោះដែលចេះ និងមានលទ្ធភាពប្រើអ៊ីនធើណែត ឬបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបញ្ហានេះនាំឲ្យព័ត៌មានទទួលបានតាមហ្វេសប៊ុកគឺមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា មន្ត្រីនៅថ្នាក់ក្រោម និងនៅតាមមូលដ្ឋានមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយលោកថា ពួកគេត្រូវក្លាហានរាយការណ៍ការពិតទៅថ្នាក់លើ និងក្លាហានក្នុងការដោះស្រាយ។ ទោះយ៉ាងណា លោកថា មន្ត្រីថ្នាក់ក្រោមអាចបំពេញតួនាទីរបស់ខ្លួនបានដោយមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលថ្នាក់លើប្ដូរយន្តការពីការដោះស្រាយដោយបញ្ហាតាមបទបញ្ជា ទៅជាការដោះស្រាយដោយប្រើនីតិវិធី ឬគោលនយោបាយ។ លោក មាស នីបន្ថែមថា៖ “គឺថាយន្តការតែមួយ យើងថាមនុស្សម្នាក់ក៏បានដែរ។ ដល់ពេលណាថ្នាក់រដ្ឋាភិបាលដែលជាប្រមុខ រដ្ឋាភិបាលនៅខាងលើហ្នឹងប្រើអំណាចបញ្ជាច្រើនពេក វាធ្វើឲ្យមន្ទីរក្រសួងអីហ្នឹងលែងហ៊ានសម្រេចអីទាំងអស់ គឺមានតែរង់ចាំទៅ បើសិនជាថ្នាក់លើគេប្រាប់ឲ្យទៅឆ្វេងឆ្វេងទៅ ស្ដាំស្ដាំស្ដាំទៅ បើគេមិនប្រាប់ទេក៏នាំគ្នានៅស្ងៀមទៅ។ អីចឹងហើយបានជាបញ្ហាភាគច្រើនដែលយើងឃើញថាវិធានការរដ្ឋាភិបាលធ្វើមកដល់ពេលនេះវាបានខ្លាំងតែមួយឆាវ នៅពេលដែលមានបញ្ជាចេញក្ដៅៗហ្នឹង ហើយផុតពីហ្នឹងទៅគឺវិលមករកកន្លែងដើមវិញដដែល”។ លោក មាស នី បន្ថែមទៀតថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការក៏ជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។ លោកថា កាលណាតុលាការមិនឯករាជ្យ នោះអយុត្តិធម៌នៅក្នុងសង្គមអាចកើតមានឡើងគ្រប់ពេល ដោយលោកថា បញ្ហាតុលាការមិនឯករាជ្យតែមួយនេះគឺអាចធ្វើឲ្យមានភាពច្របូកច្របល់នៅសង្គមដោយអាចធ្វើរឿងសឲ្យទៅជាខ្មៅ ហើយរឿងខ្មៅឲ្យទៅជាសវិញបាន៕ សរសេរ​មកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
គណបក្សថ្មីមួយប្តេជ្ញាធ្វើ​ឲ្យមានតំណាងកសិករយ៉ាងតិច១០រូបចូលរួមធ្វើច្បាប់​នៅក្នុងសភា

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 05:58 PM

គណបក្សដែលទើបបង្កើតថ្មីមួយមិនទាន់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត​ប្តេជ្ញាថានឹងខិតខំធ្វើយ៉ាងណាឲ្យមានតំណាងកសិករទូទាំងប្រទេសយ៉ាងតិចចំនួន១០រូប ចូលរួមជជែកបញ្ហានិងបង្កើតច្បាប់នានាដើម្បីការពារផលប្រយោជន៍របស់​កសិករ។​ ក្នុងសន្និសី​ទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បី​បង្ហាញ​​ពីគោលនយោបាយអភិវឌ្ឍមូល​ដ្ឋានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានបានប្តេជ្ញា​ធ្វើយ៉ាងណាឲ្យមានតំណាងកសិករចូលរួមក្នុងការជជែក ពីបញ្ហារបស់កសិករក្នុង​សភានិងបង្កើត​ច្បាប់​ការពារកសិករដើម្បីឲ្យកសិករ​កម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេស​ជិតខាង។ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលមិនទាន់មានកម្មវិធីថ្នាក់ជាតិដូចជាបញ្ជូនអ្នក​ជំនាញផ្នែកកសិកម្មទៅបង្រៀនកសិករមូលដ្ឋាននៅឡើយទេ។ លោកបន្ថែមថាដូច្នេះលោកក៏ចងឲ្យមាន​តំណាងរាស្រ្តដែលគាំទ្រដោយ កសិករ លើកឡើង​ពីបញ្ហារបស់កសិករទៅពិភាក្សានៅក្នុងសភា។ លោកបន្ថែមថា៖ “កន្លងមកក្នុងតំណាងរាស្ត្រ១២៣រូប ខ្ញុំមិនដែលឃើញតំណាងរាស្រ្តណា​និយាយរឿងកសិករ ខ្ញុំអត់ដែលលឺនិយាយរឿងការពារផលប្រយោជន៍កសិករទេ។ ធ្វើច្បាប់ដើម្បីជួយ​កសិករ តស៊ូមតិស្វិតស្វែងដើម្បីកសិករ មានតែនិយាយរឿងដីធ្លី អត់និយាយធ្វើម៉េចឲ្យកសិករមានទុន មានទឹក មានទីផ្សារ ចេះបញ្ចេកទេសអាហ្នឹងជារឿងមួយសំខាន់ដែលយើងចង់ឃើញ ហើយតំណាង​រាស្រ្តដែលចេញពីកសិករ ហើយគាំទ្រដោយកសិករពិតប្រាកដនោះ នឹងចូលរួមធ្វើឲ្យមានគោលនយោ​បាយកសិកម្មនិង​ការផ្លាស់ប្តូរ”។ វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បាននៅ​ឡើយទេដោយហៅទូរស័ព្ទចូលមិនមានអ្នកអ្នកទទួល។ ចំណែកលោក ឡោ រស្មីថាកំពុងរវល់ប្រជុំ។ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន មានប្រសាសន៍ថាកសិករនៅ តាមមូលដ្ឋានមាន​រហូតដល់ទៅ ជាង៨០ភាគរយ ហើយកន្លងពួកគាត់ ជួបបញ្ហាជាច្រើន ដូចជាខ្វះផ្នែក បច្ចេកទេសធ្វើ​កសិកម្ម បញ្ហាទីផ្សារក្នុងការលក់ផលកសិកម្មផងដែរ។ លោកបន្ថែមថា៖ “បញ្ហាដែលជួបប្រទះនោះបានន័យថាមិនមានតំណាងរាស្ត្រ ឬក៏តំណាង​របស់ពួកគាត់ទៅចរចារលើកឡើង អំពីបញ្ហារបស់ពួកគាត់ ជាពិសេសបញ្ហាទីផ្សារ បញ្ហបច្ចេកទេសផ្នែក​កសិកម្ម ក៏ដូចជាការជជែកឲ្យរដ្ឋសភាដាក់ថវិកាជាតិ ដើម្បីធ្វើការគាំទ្រដល់កសិករខ្នាតតូចនៅជនបទ ដើម្បីឲ្យពួកគាត់ផលិតនូវដំណាំទ្រទ្រង់វិស័យកសិកម្មហ្នឹងគឺអត់មានទេ”។ នៅក្នុងសន្និសិទសារព័ត៌មាននោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានលើកឡើងពី​គោល​នយោ​បាយ​១៦ចំ​ណុចក្នុងការ​ពង្រឹង​មូលដ្ឋានរបស់ខ្លួន។ ក្នុងនោះក៏មានចំណុចលើកឡើង​ពីការផ្ដល់​ឱកាសឲ្យកសិករគ្រប់រូបទទួលបានទុន ទឹក ទីផ្សារ បច្ចេកទេសនិងមានដីសម្រាប់ប្រកបមុខ​របរសិកម្ម​បានប្រាក់ចំណូលខ្ពស់ផងដែរ។   គួរបញ្ជាក់ថា​គណបក្សប្រជាធិបតេយ្យមូលដ្ឋានរំពឹងថានឹងមានសមាជិក​យ៉ាង​តិច១៥០០នាក់មកពី​ ១០០​ឃុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ខាងមុខ ​ហើយ​នឹងរំពឹង​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​តិច​ ២០​ឃុំដើម្បីអនុវត្តការងារមូលដ្ឋាន៕ សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com 

[អានបន្ត]
Page: 1/1199 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To