ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

ព្រឹទ្ធសមាជិក​បក្សកាន់អំណាច​ឯកភាពទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ទូទាត់ថវិកាជាតិឆ្នាំ២០១៤

ថ្ងៃសុក្រ ទី22 មករា 2016, 12:57 PM

សមាជិកព្រឹទ្ធសភា​៤៦រូប​មកពី​គណបក្ស​ប្រជាជនកម្ពុជា​ នៅព្រឹកថ្ងៃ​សុក្រនេះ បាន​​ឯកភាព​ទាំងស្រុ​ងទៅ​លើ​សេចក្តីព្រាង​ច្បាប់ស្តីពីការទូទាត់ថវិកាជាតិ​ឆ្នាំ​២០១៤ ដែលតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​មិនបាន​បោះឆ្នោត​គាំទ្រនោះទេ។​ កាលពីថ្ងៃទី​១៣ ខែមករា តំណាងរាស្រ្ត​៦៦រូបមកពីគណបក្ស​កាន់អំណាចបានអនុម័តលើសេចក្ដីព្រាងច្បាប់​នេះ​។​ គណបក្ស​ប្រឆាំងអះអាងថាការប្រមូលចំណូល​និង​ការ​ចាយវាយ​​មាន​​ភា​ពមិនប្រក្រតីច្រើន។​ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ព្រឹទ្ធសភាឲ្យ​ដឹងថា​អង្គប្រជុំ​ព្រឹទ្ធសភា​បានពិនិត្យ​និង​ឲ្យ​យោបល់​ឯកភាព​​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ទាំងមូល​ ដោយ​ឥតកែប្រែ ចំនួន​៤៦​សំឡេង​នៃ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣រូប​ដែល​មានវត្តមាន​នៅក្នុងកិច្ចប្រជុំ។​ ​សេចក្តីប្រកាសបញ្ជាក់ថា​សេចក្តីព្រាងច្បាប់នេះ​បាន”ឆ្លុះបញ្ចាំង​ឲ្យ​​ឃើញពីការប្តេជ្ញាចិត្ត​និងសមត្ថភាពរបស់រដ្ឋាភិបាល​ក្នុងការពុះពារ​ជម្នះ​​នូវបញ្ហាប្រឈម​និងបាន​ដោះស្រាយកិច្ចការធំៗ​ក្នុងការរក្សា​បាននូវសុខសន្តិភាព ស្ថិរភាព​និងសណ្តាប់ធ្នាប់សង្គម”។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​ធ្វើឲ្យ​​បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​កើន​ឡើង​៧,១​ភាគរយ​លើ​ពីការព្យាករណ៍​ដែលរំពឹងទុក​៧ភាគរយ ទោះបីសេដ្ឋកិច្ចពិភពលោក​នៅ​បន្ត​ប្រឈម​នឹង​ភា​ពមិនច្បាស់លាស់​បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុនិងអស្ថិរភាព​នយោបាយ​ក្នុងតំបន់​មួយចំនួន។ ព្រឹទ្ធសភាបញ្ជាក់​ថា​ក្នុងឆ្នាំ​២០១៤ កម្ពុជា​ត្រូវ​បន្ត​ប្រឈម​នឹង​បរិយាកាស​មិនអំណោយ​ផលផ្ទៃក្នុង​មួយចំនួន​ដូចជា​ផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់​ឆ្នាំ​២០១៣ អស្ថិរភាព​គ្មានសណ្តាប់ធ្នាប់​និងភាព​វឹកវរ​មួយរយៈ​ចាប់ពីក្រោយការបោះឆ្នោត​សកល​ឆ្នាំ​២០១៣​ដែលបានអូសបន្លាយ​ជិត​ដល់ពាក់កណ្តាល​ឆ្នាំ​២០១៤។​ ព្រឹទ្ធសភាបញ្ជាក់ថា៖ “លទ្ធផលនេះ​បង្ហាញបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាព​និងសមត្ថ​ភាព​ដឹកនាំសេដ្ឋកិច្ច​របស់រាជ​រដ្ឋាភិបាលនិង​ជាសក្ខីភាពនៃ​ការអនុវត្តចំណូលថវិកា​សរុបឆ្នាំ​២០១៤…”។​ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្លាប់លើកឡើង​ថា​សេចក្ដីព្រាងច្បាប់នេះមានភាពមិន​ប្រក្រតីច្រើន។ លោកមានប្រសាសន៍ថា​៖ “តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិទាំងអស់អត់គាំទ្រទេ ដោយយើងមើលឃើញថា ទាំងចំណូល ទាំងចំណាយមានភាពមិនប្រក្រតីច្រើន”។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់​បានលើកឡើងថាទោះបីជាចំណូលបានពីពន្ធដារ និងពន្ធគយមានការកើនឡើងជាងឆ្នាំកន្លងទៅក៏ដោយ តែលោកថាកម្ពុជានៅមានលទ្ធភាពប្រមូល​ពន្ធបានលើសនេះបន្ថែមទៀត។ លោកបានលើកជាឧទាហរណ៍ថា នៅកម្ពុជាមានកាស៊ីណូ៥២កំពុង​ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយលោកថាគ្រាន់តែកាស៊ីណូណាហ្គាមួយរកប្រាក់ចំណេញបានរហូតដល់១៣៦លានដុល្លារក្នុងឆ្នាំ២០១៤ ប៉ុន្តែលោកថាកម្ពុជាទទួលបានប្រាក់ពន្ធជាង២៣លានដុល្លារប៉ុណ្ណោះ។ លោក​បន្តទៀតថា ពន្ធដែលបានពីដីសម្បទានសេដ្ឋកិច្ច២,២លានហិកតា រដ្ឋប្រមូលពន្ធបានតែ៥,៥លានដុល្លារតែប៉ុណ្ណោះ ដែលលោកចាត់ទុកថា ចំនួននេះមិនអាចទទួលយកបាននោះទេ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ក្រសួងការងារព្រមានចាត់វិធានការភ្នាក់ងារជ្រើសរើសពលករទៅក្រៅប្រទេស​

ថ្ងៃសុក្រ ទី22 មករា 2016, 11:17 AM

រដ្ឋមន្រ្តីក្រសួងការងារ​បានចេញសេចក្តីណែនាំដោយព្រមានចាត់វិធានការ​ទីភ្នាក់ងារជ្រើសរើស​ពលករទៅធ្វើការនៅក្រៅប្រទេសដែលមិនគោរពតាមបទ​ប្បញ្ញត្តិ​និងប្រកាសផ្សេងៗរបស់ក្រសួងការងារ​ក្នុងការជ្រើសរើសពលករ​ទៅធ្វើការ។​ នៅក្នុងសេចក្តីណែនាំមួយ​ស្តីពី​ការពង្រឹងបញ្ញត្តិសម្រាប់​ទីភ្នាក់​ងារ​ជ្រើសរើសឯក​ជន ​ចុះថ្ងៃទី២០ខែមករា រដ្ឋមន្រ្តីក្រសួងការ​ងារ​ លោក អ៊ិត សំហេង បានលើក​ឡើង​ថា​ក្រសួងពិនិត្យ​​ឃើញ​ថា​ទីភ្នាក់ងារ​ជ្រើសរើសឯកជន​មួយចំនួនធំមិនទាន់អនុវត្ត​បានល្អប្រសើ​រ​នៅឡើយ​នូវ​បទប្បញ្ញត្តិស្តីពីការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករខ្មែរ​ទៅធ្វើការនៅបរទេស។ រដ្ឋមន្រ្តីបានក្រើនរំឭកពី​ចំណុចមួយ​ចំនួន​ដែលទីភ្នាក់ងារ​ត្រូវអនុវត្ត​តាម​ រួមមាន​​រៀបចំឲ្យមាន​ទីចាត់ការដែលមានអាសយដ្ឋានច្បាស់លាស់​ មានបុគ្គលិកបម្រើការងារ​ មានសម្ភារៈការិយាល័យ មធ្យោបាយ​ទំនាក់ទំនងនិង​មធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ រៀបចំឲ្យមានមជ្ឈមណ្ឌល​ណែនាំតម្រង់ទិសដែលមានទំហំ​សមស្រប​ មានអគារគ្រប់គ្រាន់​សម្រាប់ការងារបំប៉ន​មុខជំនាញ មានកន្លែង​ស្នាក់នៅ ហូបចុក​របស់ពលករ ធានា​បាននូវសុខភាពអនាម័យនិងមានសុវត្ថិភាពល្អ​ ត្រូវរៀបចំឲ្យមានបែបបទ​សហគ្រាស គ្រឹះស្ថាន ស្របតាមបទប្បញ្ញត្តិ​នៃច្បាប់ស្តីពីការងារ សេចក្តីប្រកាស​ជូនដំណឹង​បើកគ្រឹះស្ថាន សៀវភៅបញ្ជី​ប្រចាំគ្រឹះស្ថាន សៀវភៅបើក​ប្រាក់​និង​បទបញ្ជាផ្ទៃក្នុងប្រចាំគ្រឹះស្ថានជាដើម។​ ក្រសួងការងារ​ឲ្យដឹង​ទៀត​ថា​ទីភ្នាក់ងារ​ត្រូវរៀបចំ​ឲ្យ​មាន​ការ​ចុះបញ្ជិកានិង​ការបង់ប្រាក់​ភាគទាននៃ​បេឡា​ជាតិ​របបសន្តិសុខសង្គម ត្រូវមានតំណាងអចិន្រ្តៃយ៍​នៅប្រទេស​ទទួល​ពលករ​ ជួយការពារ​និងចូលរួមដោះស្រាយបញ្ហា​​ ត្រូវរៀបចំឲ្យ​មាន​និង​រក្សា​ទុក​ឲ្យ​បានត្រឹម​ត្រូវ​នូវឯក​សារ​និង​ទិន្នន័យ​របស់ពលករ។​ ក្រសួងបញ្ជាក់​ថា៖ “ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​នីមួយៗ​មិនអាច​ជួល​ឬ​ចុះកិច្ច​សន្យា​បន្ត​ឬ​លក់​ផ្នែកណាមួយ​នៃ​ប្រកាសរបស់ខ្លួន​ឲ្យ​ទៅ​បុគ្គល​ឬក្រុមហ៊ុន​ណាមួយផ្សេង​ទៀតបានឡើយ។ ទង្វើនេះ​អាចប្រឈម​នឹង​ការផ្តន្ទាទោស​តាមច្បាប់ជាធរមាន”។ ក្រសួង​បន្តថា​ក្នុងការបញ្ជូនពលករ​ទៅដាក់​ឲ្យ​ធ្វើការដល់កន្លែង​តាមកិច្ច​​សន្យាសេវា​រកការងារ​ឲ្យធ្វើ​និង​កិច្ចសន្យា​ការងារ ទីភ្នាក់​ងារ​ត្រូវមានសេចក្តីបញ្ជាក់​របស់នាយកដ្ឋាន​មុខរបរ​និងហត្ថពលកម្ម​ថាពលករទាំងអស់​សុទ្ធតែ​ទទួលបានការណែនាំតម្រង់ទិស​ មានឯកសារគ្រប់គ្រាន់​​បញ្ជាក់អំពីភាពស្របច្បាប់របស់ពលករ។​ បើតាមសេចក្តីណែនាំរបស់ក្រសួងការងារ រាល់ការផ្សព្វផ្សាយ​សាធារណៈជ្រើសរើសពលករ ត្រូវមានការអនុញ្ញាតពីក្រសួងការងារ។ រដ្ឋមន្រ្តីក្រសួងការងារ​បាន​បញ្ជាក់ថា៖ “ក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​នឹងចាត់វិធានការ​យ៉ាងម៉ឹងម៉ាត់​បំផុត​តាមនីតិវិធី​នៃច្បាប់ ដោយ​គិត​ចាប់ពីថ្ងៃ​ទី​១ខែមីនា ឆ្នាំ​២០១៦នេះ​តទៅ ចំពោះទីភ្នាក់ងារ​ឯកជន​ណា​ដែលមិនអនុវត្ត​តាមសេចក្តីណែនាំ​អនុវត្តខាងលើនេះ”។ វីអូឌីមិនទាន់អាចសុំការបញ្ជាក់​ពី​អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ​ បាននៅឡើយទេ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
នាយករដ្ឋមន្រ្តីប្រកាស​យកហ្វេសប៊ុក​ជាវេទិកាឆ្លងឆ្លើយជាមួយយុវជន​

ថ្ងៃសុក្រ ទី22 មករា 2016, 07:48 AM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បាន​ប្រកាស​យក​ទំព័រហ្វេសប៊ុក​របស់​លោក​ដែល​មាន​អ្នក​ចុចចូលចិត្ត​(Likes)ជិត​២លាននាក់​ មកធ្វើជា​វេទិកា​ដើម្បី​ឆ្លើយឆ្លង​ជាមួយ​យុវជន​លើ​ប្រធាន​បទសង្គមផ្សេងៗ។​ តាំង​ខែកញ្ញា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ​ចាប់ផ្តើមសកម្មលើ​ហ្វេសប៊ុក នៅពេលខុទ្ទកាល័យ​របស់​លោក​​ប្រកាស​ថា​លោក​មានហ្វេសប៊ុក​ផ្លូវការ​របស់​លោក។ លោក​បាន​សរសេរ​នៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រនេះ​ថា​៖ “ហ្វេសប៊ុក​(Facebook) ខ្ញុំជាជាហ្វេសប៊ុក​សន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និងសកម្មភាពចូលរួមកសាងសង្គមដោយអហិង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ”។ លោក​បន្ថែម​ថា​ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិនិងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស លោក​នឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជននិងអ្នកលេងហ្វេសប៊ុកទៅលើ​ប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គម ដូចជាការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរានិងជនពិការ អំពើល្អចំពោះកុមារនិងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុងនិងតាមទីធ្លាសាធារណៈ ការទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ លោក​បញ្ជាក់ថា​យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសំឡេង ឃ្លីបវីដេអូ រូប​ថត រូបគំនូរ ដើម្បីចូលរួម។ លោក ហ៊ុន សែន បន្ត​ថា៖ “យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជនគឺនឹងទទួលរង្វាន់លើក​ទឹកចិត្តមានជាមេដាយនិងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សម្រាប់​ប្រធានបទជាក់លាក់និងបែបបទនៃការប្រកួតប្រជែងនឹងជម្រាប​ជូននៅពេលក្រោយ”។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធី​ទូរស័ព្ទដៃ​​(App​ទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាព​របស់​លោក​ ប្រវត្តិរូប​និង​ការ​ចុះឈ្មោះគាំទ្រ​រូបលោកជាដើម។​លោក​បានក្លាយ​ជា​មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួច​​បំផុត​ដែល​បាន​ប្រើប្រាស់បច្ចេកវិទ្យានេះ​មួយនេះ​ ក្នុងនោះមាន​នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modiនិង​ប្រធានាធិបតីចិន​ លោក​Xi Jinping។ ​ កាលពីថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូ​ថា៖ “ហ៊ុន សែន បើមិនលេងគឺ​មិនលេងទេ បើបានតែ​ជ្រុល​លេង គឺ​ថាមាន​អ្ហែង​មទាំងពី​កប៉ាល់ហោះថតពីលើ។ …អាហ្នឹង​​ឲ្យ​ដឹង​ថាម៉េចទៅ​ហ៊ុន សែន ហ្នឹង​។ មិនលេង អញមិនខ្ចីលេង”។ លោក​បញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់​ណា យើង​ទៅដល់ហ្នឹង។ អាហ្នឹង​និយាយ​តាម​មួយ​បែ​បអញ្ចឹងហ្មង។ កុំឲ្យ​អ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយក​អាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេល​ដំណាក់កាលមួយ សូម​ឲ្យពួក​អ្នកធ្វើ​វិភាគ ចេញមកវិភាគឡើងវិញ​ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។​ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោក​បន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
រដ្ឋាភិបាលថាគម្របព្រៃឈើនៅសល់ជិត៦០ភាគរយនៃផ្ទៃប្រទេស

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 05:50 PM, (2)

ប្រមុខ​រដ្ឋាភិបាលកម្ពុជាអះអាងថាគម្របព្រៃឈើកម្ពុជានៅសល់ប្រមាណ៦០ភាគរយនៃផ្ទៃដីទូទាំងប្រទេ​ស ដែលតួលេខនេះខុសពីការអះអាង​របស់សង្គមស៊ីវិលនិងអង្គការអន្តរជាតិមួយចំនួន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ទិន្នន័យនេះនៅក្នុងលិខិតមួយឆ្លើយតបនឹងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង២៣រូបដែលស្នើឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាពនិងអាន ម៉ារឌី ដែលក្រុមតំណាងរាស្ត្រអះអាងថាកំពុងកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ។ នៅក្នុងលិខិតមួយដែលវីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រាប់ទៅតំណាងរាស្រ្តបក្សប្រឆាំងថានៅក្នុងនីតិកាលកន្លងទៅ រដ្ឋាភិបាលតែងបានចាត់ទុកវិស័យព្រៃឈើនេះជាកិច្ចការអាទិភាពនិងជាគោលដៅយុទ្ធសាស្រ្តមួយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើ តាមរយៈការជំរុញអនុវត្តកម្មវិធីព្រៃសហគមន៍ ការត្រួតពិនិត្យតាមដានការធ្វើអាជីវកម្មព្រៃឈើ ការពង្រឹងអនុវត្តច្បាប់ព្រៃឈើនិងវិធានការម៉ឹងម៉ាត់បង្រ្កាបទល្មើសព្រៃឈើជាដើម។ លិខិតបន្តកម្ពុជាបានរក្សាគម្របព្រៃឈើសរុបប្រមាណ១០លានហិកតាឬប្រមាណជិត៦០ភាគរយនៃផ្ទៃប្រទេស ព្រមទាំងបោះបង្គោល​ដែនព្រៃបម្រុងទុកអចិន្រ្តៃយ៍ប្រវែង២០២០គីឡូម៉ែត្រនិងបានបង្កើតសហគមន៍ព្រៃឈើចំនួន៤៥៣ក្នុងខេត្តចំមួន១៩លើផ្ទៃដីចំនួន៣៩៩៨៨០ហិកតា។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលនឹងបន្តផ្តោតអាទិភាពលើការគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាពនិងសមធម៌ស្របតាមកម្មវិធីព្រៃឈើជាតិ២០១២-២០២៩ ពិសេសតាមរយៈការពង្រឹតការអនុវត្តច្បាប់និងអភិបាលកិច្ច ការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់និងការចុះបញ្ជីដែនព្រៃឈើជាដើម”។ លោកបន្ថែមថា៖ “តាមរយៈនេះ បានបង្ហាញច្បាស់ថារាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះបទល្មើសព្រៃឈើ ការអភិរក្សនិងការអភិវឌ្ឍក្នុងវិស័យព្រៃឈើនេះឡើយ ហើយរាជរដ្ឋាភិបាលក៏តែងស្វាគមន៍ចំពោះការចូលរួមនិងការយកចិត្តទុកដាក់ក្នុងកិច្ចថែរក្សា ការពារព្រៃឈើរបស់កម្ពុជាពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់”។ អានអត្ថបទ...  អ្នកតាមដានសង្គមថាការបង្រ្កាបបទល្មើសព្រៃឈើគ្រាន់តែធ្វើឲ្យល្អមើល​   នាយករដ្ឋមន្រ្តីប្រកាសមិន​យកគំរូ​តាម​អឺរ៉ុប​ក្នុង​ការ​កាប់ព្រៃ​ឈើ​ដើម្បីអភិវឌ្ឍ​ប្រទេស  ផែនទីដែលមានលក្ខណៈចលនាដែលចេញមកពីរូបភាពផ្កាយរណបណាសា(NASA)និងត្រូវបានផ្សព្វ​ផ្សាយលើគេហទំព័រOpen Development Cambodiaបង្ហាញថាចំនួនភាគរយព្រៃឈើនៅកម្ពុជាបានធ្លាក់ចុះពី៧២ភាគរយនៃផ្ទៃដីក្នុងឆ្នាំ១៩៧៣មកនៅត្រឹម៤៦ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៣។ ចំណែកសង្គម​ស៊ីវិលមួយចំនួនអះអាងថាគម្របព្រៃឈើនៅកម្ពុជាមានតិចជាង២០ភាគរយនោះទេ។ គួររំឭកថា​កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៥ លោក ហ៊ុន សែន បានថ្លែងថាលោកនឹងមិនយកគំរូតាមសហ​ភាពអឺរ៉ុបក្នុងការកាប់ព្រៃឈើ ដើម្បីអភិវឌ្ឍប្រទេសនោះទេ ដោយចាត់ទុកថានេះជាមេរៀនអាក្រក់មួយ​ដែលកាប់ព្រៃឈើអស់រលីង។ លោកបានបញ្ជាក់ថា៖ “ពួកអឺរ៉ុបកាប់ឈើខ្លួនឯងអស់តាំងពីជំនាន់ណាណោះ រួចមកប្រដៅតែគេ។…ឯកម្ពុជាមិនធ្វើដូចអឺរ៉ុបទេ កាប់ទាល់តែខ្ទេចព្រៃ មិនធ្វើអញ្ចឹងទេ យើងដកពិសោធន៍ពីកំហុសរបស់អឺរ៉ុបដែរ។ អឺរ៉ុបមិនកាប់ព្រៃឈើអស់ អូស្មានតែវាលអញ្ចឹងតាំងពីអើយ!”៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
រដ្ឋាភិបាល​សម្រេច​កាត់ដី​ជាង​១៨០ហិកតា​ជូន​ប្រជា​ពលរដ្ឋ​នៅឃុំស្នួលខេត្តក្រចេះ

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 04:13 PM

រដ្ឋាភិបាល​សម្រេច​កាត់ដី​ទំហំ​ជាង១៨០ហិកតា​ចែកជូនប្រជា​ពលរដ្ឋ​ចំនួន​៣៤គ្រួសារ​រស់​នៅ​​ក្នុងឃុំស្នួល ស្រុកស្នួល ​ខេត្តក្រចេះ ដែល​ពួកគេធ្លាប់មានទំនាស់ដីធ្លី​ជាមួយក្រុមហ៊ុនកូរ៉េមួយ​តាំងពីឆ្នាំ​២០០៨។​ ទីស្តីការគណៈរដ្ឋមន្រ្តីបាន​ចេញលិខិត​ចំនួន​ពីរ​ចុះថ្ងៃទី​៦ខែមករាឆ្នាំ​២០១៦ដូចគ្នា​និង​ផ្ញើជូន​អភិបាលខេត្តក្រចេះ​ ដោយ​សម្រេច​កាត់ដី​ជូន​ប្រជា​ពលរដ្ឋរស់នៅ​​ក្នុងភូមិចំនួន​ពីរក្នុងឃុំស្នួល។ នៅក្នុងលិខិតមួយ​​របស់ទីស្តីការគណៈ​រដ្ឋមន្រ្តី​ដែលវីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាល​សម្រេច​​​យល់ព្រម​តាមសំណើកាត់ដីទំហំ​៩៨,២៥ហិកតា ដើម្បី​​ផ្តល់សិទ្ធិ​ជាកម្មសិទ្ធ​ឯក​ជន​លើ១៩ក្បាលដី ជូន​ប្រជា​ពលរដ្ឋ​១៦គ្រួសារ ​ស្ថិត​នៅភូមិគ្រង ឃុំស្នួល​ ស្រុកស្រួល​។ ចំណែក​លិខិត​មួយ​ទៀត​ រដ្ឋាភិបាលសម្រេច​យល់ព្រម​​កាត់ដីទំហំ​​៨៨,៦៥ហិកតា​ ផ្តល់កម្មសិទ្ធិ​ឯកជន​លើ​២៦ក្បាលដី​ ជូន​ប្រជា​ពលរដ្ឋ​១៨គ្រួសារ ស្ថិត​ក្នុងភូមិ​ថ្ពង ឃុំស្នួល ស្រុក​ស្នួល។​ មេឃុំស្នួល លោក វ៉ាន់ ឌឿន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ​​ថា​កន្លងទៅប្រជា​ពលរដ្ឋ​ជាង​១ពាន់គ្រួសារ​មាន​ទំនាស់ដី​ធ្លីជាមួយក្រុ​មហ៊ុនកូរ៉េ​ឈ្មោះGrowestដែលទទួលបានដីសម្បទានសេដ្ឋកិច្ច​ក្នុងការ​ដាំ​ដំណាំ​កៅ​ស៊ូនិងម៉ៃសាក់។ លោក​បន្ត​ថា​ទំនាស់ដីធ្លី​នេះ​បានកើតឡើង​តាំងពីឆ្នាំ​២០០៨ហើយ​ប្រជា​ពលរដ្ឋ​បានចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់ថា​រហូតមកដល់ពេលនេះ​នៅសល់​ប្រជាពលរដ្ឋ​ចំនួន​៥៥គ្រួ​សារ​ទៀត​ដែលមិនទាន់​បានទទួលដំណោះស្រាយដូចប្រជា​ពលរដ្ឋ​ដែល​រងគ្រោះផ្សេងៗ។​​ គួរ​រំឭកថា ​កាលពីខែកញ្ញា​ ឆ្នាំ​២០១៤ ក្រសួងដែនដី​បាន​​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣២៩​​គ្រួសារដែល​រស់នៅ​ភូមិ​ថ្ពង និង​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ តាម​សំណើ​របស់​ប្រជាពលរដ្ឋដែល​សុំ​ជួយ​អន្តរាគមន៍​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​លើដី​ចំនួន​២៩១​ក្បាលដី មាន​ទំហំ​១៥៦២,៧៥​ហិកតា​៕​ ​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

[អានបន្ត]
លោក ហ៊ុន សែន​ ​ថាក្រុមហ៊ុនទ្រីភាពនិងអានម៉ា​រឌីមិន​បាន​កាប់ឈើខុសច្បាប់នៅឧទ្យាន​​វីរៈ​ជ័យ

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 01:47 PM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅក្រុម​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ថា​ក្រុមហ៊ុន ទ្រី ភាពនិងអាន ម៉ា​រ៉ា​ឌី មិន​បាន​កាប់ឈើខុសច្បាប់នៅតំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តំបន់​កន្ទុយ​នាគ ក្នុង​ស្រុកតាវែង ខេត្តរតនគិរី​ ដូច​ការចោទប្រកាន់នោះទេ។ លោក ហ៊ុន សែន បញ្ជាក់បែបនេះ​ជា​ការ​ឆ្លើយ​តបទៅនឹង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​​​២៣​រូប ដែល​បាន​ដាក់លិខិត​ទៅ​លោក​ កាលពីខែកក្កដា ឆ្នាំ​២០១៥ ដោយ​ស្នើ​ឲ្យ​​បញ្ឈប់​ស​កម្ម​ភាព​របស់​ក្រុមហ៊ុន ទ្រី ភាពនិង​អាន ម៉ា​រ​ឌី ដែល​ក្រុម​តំណាងរាស្ត្រ​អះអាងថាកំពុង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ។​​ នៅក្នុងលិខិត​មួយ​ដែល​ដាក់ជូន​រដ្ឋសភាហើយ​​វីអូឌី​ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បាន​​សរសេរថា​​​តំ​បន់​ឧទ្យានជាតិ​វីរៈជ័យ​ស្ថិត​នៅ​ជាប់នឹង​ព្រំដែន​​កម្ពុជា​វៀត​ណាម ហើយ​ការគ្រប់គ្រង​មាន​ការលំបាក​ដោយ​សារ​ខាង​ប្រទេស​កម្ពុជាជាតំបន់ព្រៃឈើ គ្មាន​​ភូមិ​ករ ប្រជា​​ព​លរដ្ឋរស់នៅ គ្មានផ្លូវ​គម​នាគមន៍ ចំណែក​ទឹកដី​ប្រទេស​​វៀតណាម​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ ភូមិករ ស្រែចម្ការ បណ្តាញអគ្គិសនី​និងផ្លូវ​គមនាគមន៍​​​ខ្វែងខ្វាត់។ លោក​បន្ត​ថា​៖ “ការធ្វើដំណើររបស់មន្រ្តីឧទ្យានុរក្ស​និង​កងកម្លាំង​ប្រដាប់អាវុធទៅកាន់តំបន់កន្ទុយនាគ ត្រូវធ្វើដំណើរ​ដោយ​ថ្មើរជើង កាត់ព្រៃ​ភ្នំ ជ្រលងដងអូរ រយៈ​ពេល​ពី​១០ទៅ​១៥ថ្ងៃ ហើយ​ជួន​កាល​ត្រូវវង្វេង​នៅក្នុងព្រៃ។ បើ​ចង់ធ្វើដំណើរឆាប់ ត្រូវ​សុំផ្លូវធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាម ហើយ​ករណីនេះមាន​ការ​លំបាក​ច្រើន​ព្រោះថា​ជន​ល្មើស​តែ​ង​ដឹង​ខ្លួ​នជាមុន ដោយ​បន្សល់ទុក​តែ​ស្លាក​ស្នាម​បទល្មើសតែ​ប៉ុណ្ណោះ”។ លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​កន្លងមក​នៅក្នុងឧទ្យាន​ជាតិវីរៈ​ជ័យ​នេះ ​មានជនខិល​ខូ​ច​និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ចូល​លួច​កាប់ឈើ​ដឹកជញ្ជូន​តាម​គ្រប់រូបភាព ជាពិសេស​លួចដឹកតាមកង់ រទេះគោនិងគោយន្ត។ លោក​បន្ថែម​ថា​មន្រ្តីគ្រប់គ្រង​ឧទ្យាន​ជាតិនិងភ្នាក់ងារ​នគរបាល​យុត្តិធម៌​បាន​ខិត​ខំ​ការពារ​និង​ទប់ស្កាត់​បទល្មើស​យ៉ាងហ្មត់ចត់​ ដោយ​រឹបអូសបាន​ជា​បន្តបន្ទាប់​នូវឈើដែល​ជា​វត្ថុ​តាងនៃ​បទល្មើស​ យកមក​គរ​ទុក​ដាក់នៅក្នុង​ឃ្លាំង​។​ បើតាមលិខិត​នោះ រដ្ឋាភិបាលកម្ពុជា​បានសម្រេច​យល់ព្រមជា​គោលការណ៍អនុញ្ញាត​ឲ្យ​ក្រសួង​បរិស្ថានិងក្រសួង​កសិកម្មរុក្ខាប្រមាញ់និងនេសាទ ចរចាថ្លៃ​ជាមួយក្រុមហ៊ុនទ្រីភាព និងក្រុមហ៊ុន​MDS Thmordaរបស់​លោក អាន ម៉ារឌី ក្នុង​ការលក់​ឈើ​ដែលបានមកពី​ការ​រឹបអូស​ពីជន​ល្មើស ដោយ​ក្រុមហ៊ុន​ត្រូវ​បង់​ពន្ធ សួយសារ​ចូល​ក្នុង​ថវិកា​របស់រដ្ឋ​ មុន​នឹង​ធ្វើការ​ដឹកចេញយកមក​កែច្នៃប្រើប្រាស់។​ លោក ហ៊ុន សែន បញ្ជាក់​ថា៖ “ជា​រួម ក្រុមហ៊ុន​ទី្រភាព​និង​ក្រុមហ៊ុន​អានម៉ារឌី ដែលកំពុង​ធ្វើអាជីវកម្មឈើ​នៅក្នុងភូមិសាស្រ្ត​ឧទ្យាន​ជាតិវីរៈជ័យ​ តំបន់កន្ទុយនាគ​ស្ថិតនៅស្រុក​តាវែង ខេត្តរតនគិរី គឺគ្រាន់តែ​ប្រមូល​ផល​ អនុផល​ព្រៃឈើ ពីការឈូសឆាយធ្វើផ្លូវ​របស់ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍ​ក្នុងតំបន់​ឧទ្យា​នជាតិ​វីរៈជ័យ​ តភ្ជាប់ពីស្រុក​អណ្តូងមាស​ទៅតំបន់កន្ទុយនាគ​និង​ឈើ​ដែល​រឹបអូស​ពីជនល្មើស​ដែលអនុវត្ត​តាម​គោលការណ៍នៃ​ច្បាប់”។ បើនាយករដ្ឋមន្រ្តី ​រដ្ឋាភិបាល​ក៏​បានផ្តល់ដីសម្បទាន​ជូនក្រុមហ៊ុន​វិនិយោគ​ចំនួន​ពីរនៅតំបន់​នោះ​ គឺក្រុមហ៊ុន​ស្រ៊ុន​ សុវណ្ណភូមិ និងក្រុមហ៊ុន​នុភាពសុភី ​លើផ្ទៃដីទំហំ​១៧៩៩៨ហិកតា​ ស្មើនឹង​៥ភាគរយ​នៃ​ផ្ទដីឧទ្យាន​វីរៈជ័យ​។ ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​លើកឡើងកាលពីមុន​​ថាក្រុម​តំណាងរាស្ត្រ​បាន​ចុះទៅ​ពិនិត្យ​ដោយ​​ផ្ទាល់​​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែលជា​ព្រៃ​ស្រោង ស្ថិតនៅក្នុង​តំបន់​កន្ទុយ​នាគ ក្នុង​ស្រុក​តា​វែង ខេត្ត​រតនគិរី៖ “ហើយ​បាន​ប្រទះ​ឃើញ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​របស់​ឧកញ៉ា អាន ម៉ារ​ឌី កំពុងតែ​ធ្វើ​អាជីវកម្ម​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អ​នាធិ​បតេយ្យ​”។​ តំណាងរាស្រ្ត លោក អ៊ុំ សំអាន ដែលជា​អ្នក​ចូលរួម​​ដាក់លិខិត​ទៅនាយករដ្ឋមន្រ្តី​ ប្រាប់វីអូឌី(VOD)ពីក្រៅប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ​ថាក្រុមហ៊ុនទាំងពីរបាន​​កាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិ​​​វីរៈជ័យ​ មិនមែនជាការប្រមូល​ឈើដែល​ចាប់បានពីជនល្មើសនោះទេ។​​ លោក​បញ្ជាក់ថា៖ “ប្រមូលហ្នឹង ប្រមូល​យូរហើយនៅតែ​មិន​ចេះអស់។ ឈើហ្នឹង​គឺកាប់ចេញពីឧទ្យានវីរៈជ័យហ្នឹងតែម្តង មិនមែនគ្រាន់តែប្រមូលឈើពីជនទុច្ចរិតឬក៏ប្រមូលឈើពីការឈូសឆាយផ្លូវ ឬក៏ប្រមូលឈើពីដីសម្បទានសេដ្ឋកិច្ច មិនមែនតែប៉ុណ្ណឹងទេ គឺគាត់កាប់បំផ្លាញព្រៃឈើពីឧទ្យានវីរៈជ័យតែម្តង”។ លោ​ក​បន្ថែម​ថា៖ “ខ្ញុំយល់ថាការឆ្លើយ​តប​របស់​លោក ហ៊ុន សែន គ្រាត់តែ​ជាលេសប៉ុណ្ណឹងឯង”។​ កាលពីខែកក្កដា ឆ្នាំ​២០១៥ ​ក្រុមហ៊ុន​ ទ្រី ភាព បាន​ប្រកាស​ច្រាន​ចោល​ការ​ចោទប្រកាន់​​ថា​ក្រុមហ៊ុន​មិន​បាន​កាប់បំផ្លាញ​ព្រៃឈើនៅឧទ្យាន​វីរៈជ័យ​ ដោយអះអាង​​ថា​ខ្លួន​បាន​ប្រគល់ដីសម្បទាន​ពីរកន្លែងនៅ​តំបន់​នោះ​​ទៅ​ឲ្យ​ក្រសួង​បរិស្ថានវិញ​​តាំងពីឆ្នាំ​២០១៣។​ អានអត្ថបទ....  តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​នាយករដ្ឋមន្រ្តី​ពិនិត្យ​មើល​ការ​ប្រមូល​ឈើ​របស់ទ្រីភាពនៅ​​រតនគិរី   ក្រុមហ៊ុន​ទ្រីភាព​​ច្រាន​ចោល​ការចោទប្រកាន់​លើការ​កាប់​បំផ្លាញព្រៃ​ឈើ​នៅ​ឧទ្យានវីរៈជ័យ​  របាយការណ៍​របស់​Global Witnessដែល​ត្រូវ​បាន​ប្រើ​រយៈពេល​ស៊ើបអង្កេត​ប្រមាណ​៨ខែ និង​ត្រូវ​បាន​ចេញផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០​១៥នេះ ក្រោម​ចំណង​ជើង​ថា​«តម្លៃ​​ឈើប្រណីត»ឲ្យ​ដឹងថា​ទ្រីភាពនិង​បណ្តាញ​របស់​គាត់ ​កំពុង​តែ​បំផ្លាញ​​ព្រៃឈើ​​ចុងក្រោយ​របស់​កម្ពុជា និងទន្ទ្រាន​​ការ​រស់​នៅ​របស់​​សហគមន៍ជន​ជាតិ​ដើមភាគតិច​។ របាយការណ៍បន្តថា​ដីសម្បទានជិត២០,០០០ហិកតាក្នុងឧទ្យាជាតិវីរៈជ័យ ដែលជាជម្រករបស់ប្រជាជនជនជាតិភាគតិច និងរុក្ខជាតិព្រមទាំងប្រភេទពូជសត្វរងគ្រោះថ្នាក់ជាច្រើនត្រូវបានយកពីក្រុមហ៊ុនវិញដោយ​រដ្ឋា​ភិបាលនាចុងឆ្នាំ២០១៤។ របាយការណ៍ថា​ក្រុមហ៊ុនទ្រី ភាព ក៏កំពុងប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនដើម្បីឈូសឆាយឈើលើសពីព្រំដែនកំណត់ កាប់​ឈើមានតម្លៃនិងឈើដែលត្រូវបានការពារពីតំបន់ជុំវិញ។ របាយការណ៍បញ្ជាក់​ថា​លោក​ទ្រីភាពជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែននិង​បាន​​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ចចំនួន​២៩៥៨៩ហិកតា៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
សហជីពបន្តទាមទារ​ឲ្យ​ពិចារណាសំណើលើសេចក្តីព្រាង​ច្បាប់​សហជីព

ថ្ងៃពុធ ទី20 មករា 2016, 06:10 PM

សហជីពធំៗ​​នៅ​តែ​បន្ត​ស្នើ​ឲ្យ​សភានិង​រដ្ឋា​ភិបាល​បើក​ទូលាយ​ដល់​សហជីព​ក្នុង​ការ​ជួប​ពិភាក្សា​អំពី​​សេចក្តីព្រាង​ច្បាប់ស្តីពី​សហជីព បើ​ទោះ​បី​ជា​កង្វល់​របស់ពួកគេ​​មួយ​ចំនួន​ត្រូវ​បាន​ពិភាក្សានិង​កែ​សម្រួល​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​ប្រ​ជាជនកម្ពុជានិង​សង្គ្រោះ​ជាតិ​ហើយ​ក៏​ដោយ។ ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយនៅព្រឹកថ្ងៃពុធនេះ តំណាង​របស់​សហជីព​យ៉ាង​តិច​១៦​បង្ហាញ​ជំហរ​របស់​ខ្លួន ​បន្ទាប់​ពី​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​ទាំងពីរ​បាន​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហជីព​កាលពីថ្ងៃអង្គារ។​ ប្រ​ធាន​សហភាព​ការងារកម្ពុជាលោក អាត់​ ធន់​ បានលើក​ឡើង​ថា​ការពិភាក្សានេះមិន​ទាន់​ធ្វើ​ឲ្យ​សហជីព​អស់​ចិត្ត​នៅ​ឡើយ ដោយ​លោក​ថាកង្វល់តិចតួចរបស់​សហជីព​ត្រូវបាន​ដោះ​ស្រាយ។ លោក​បន្តថាសហជីព​នៅ​​តែ​​បន្ត​សុំ​ឲ្យ​តំណាង​រាស្រ្តឬ​រដ្ឋសភាក៏​ដូច​ជា​រដ្ឋា​ភិបាល​ពិចារណាលើ​កង្វល់​ទាំង​ឡាយ​របស់​សហជីពនិង​ទុក​ឱកាស​ឲ្យ​សហជីព​បាន​ចូល​រួម​ជជែក​ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋសភានិង​រដ្ឋា​ភិបាល​ផង​ដែរ។ លោក​​បន្ថែមថា៖ “ការ​តាក់​តែ​ងច្បាប់​មួយ​ដែលពេញ​លេញ គេត្រូវ​ការ​ពិគ្រោះ​យោបល់ពី​អ្នក​ពាក់​ព័ន្ធ ហើយ​គេ​អាច​ធ្វើ​ប្រ​ជាមតិ(ទៀត)​នៅ​ស្រុក​គេ​ក្រៅ ហើយ​នៅ​ស្រុក​ខ្លះគេមាន​តំណាងកម្មករ តំណាង​ស្រី្ត តំណាង​ជនជាតិ​ដើមភាគតិច​ តែ​យើង​អត់មាន​ទេគ្រាន់​តែ​ចូល​រួម​ដើម្បីពន្យល់​ឲ្យ​គេ​យល់​បុណ្ណឹង”។ លោក ជួន មុំ​ថុល ប្រ​ធាន​សហព័ន្ធសហជីពជាតិ​កម្ពុជាលើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថាសហជីព​នឹង​បន្ត​ខិត​ខំ​ចរចាជជែក​ជាមួយ​ក្រ​សួង​ការងារនិង​តំណាង​រាស្រ្តបន្តទៀត ដើម្បី​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​សហជីព ហើយ​លោកថាការ​ចរចានេះ​នឹងត្រូវធ្វើ​ឡើង​ដោយ​សន្តិ​វិធីដើម្បីឲ្យ​សេចក្តី​ព្រាង​ច្បាប់នេះអាចទទួល​យក​បាន​ទាំង​អស់គ្នា​។ លោក​ងន្ថែម​ថា៖ “​យើង​ស្នើ​សុំឲ្យ​ឆន្ទៈ​អ្នក​នយោបាយ អ្នក​តំណាង​រាស្រ្ត​ទាំងពីរគណបក្ស​មេត្តា​ពិភាក្សាគ្នាឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀតដើម្បី​ទទួល​យក​ចំណុច​ផ្សេងៗទៀត​ដែល​ពុំ​ទាន់​បាន​ជជែក​គ្នា​ដាក់​បញ្ចូល​បាទ”។ តំណាង​សហជីព​ទាំងនោះ​លើក​ឡើង​ថាគណៈកម្មការទាំងពីរ​មិន​ទាន់​បាន​ពិភាក្សាពី​វិសាល​ភាព​នៃច្បាប់​សហជីព​នេះនៅ​ឡើយដែល​សហជីព​ចង់​ឲ្យ​ច្បាប់​នេះ​មាន​វិសាល​ភាព​គ្រប​ដណ្តប់​ទៅ​លើ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ បុគ្គលិក​រដ្ឋ​ផ្នែក​ស៊ី​វិលនិង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធជាដើម។ បន្ថែម​លើស​ពីនេះ តំណាង​សហជីព​ថា គណៈកម្មការ​ទាំងពី​រក៏​មិន​បាន​ពិភាក្សា​លើ​ចំណុចទាក់ទង​នឹងសិទ្ធិ​ធ្វើ​កូដកម្មនិង​សិទ្ធិ​ក្នុង​ការ​ចរចារ​ជា​សហមូហភាព​ជាដើម។ តំណាងគណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក សុន ឆ័យ បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារថាគណៈកម្មការ​មកពី​គណបក្ស​ទាំងពី​របាន​ពិភាក្សា​លើ​ចំណុច​ទាំង​អស់​ដែល​សហជីព​បាន​លើក​ឡើង ប៉ុន្តែ​លោក​ថាគណៈកម្មការ​មិន​បាន​ដោះ​ស្រាយឬ​កែសម្រួល​គ្រប់​ចំណុចនោះ​ទេ។ លោក​ឲ្យ​ដឹងទៀត​ថាសហ​ជីព​នៅ​តែ​អាច​ដាក់​សំណើ​របស់​ខ្លួន​ទៅ​កាន់គណៈកម្មការជំនាញឬ​ក្នុងពេល​ដែល​សភា​បើ​សិក្ខាសាលា​ធំមួយ​នៅ​ពេល​ខាង​មុខបាន។ លោក​ថាសំណើរបស់​សហជីព​នឹង​ត្រូវសំយោគដើម្បី​ដាក់​បញ្ចូល​​ទៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ។ គណៈកម្មការចំពោះ​កិច្ច​នេះ​អះអាងថាច្បាប់​សហជីព​នេះ​ធ្វើ​ឡើង​ដើម្បី​បម្រើទាំងផល​ប្រ​យោជន៍របស់កម្មករនិយោជិកនិង​និយោជក ក៏​ដូច​ជា​សហជីព។ គួរ​បញ្ជាក់​ថាសេចក្តីព្រាង​ច្បាប់​ស្តីពីសហជីព​នេះ​មានចំនួន​១៧ជំពូក និង​១០០​មាត្រា ហើយ​ច្បាប់​នេះ​ត្រូវ​បាន​សហជីព​ចោទប្រ​កាន់​ថា​រដ្ឋា​ភិបាល​រៀប​ចំឡើង​ទៅ​តាម​សំណើរបស់​និយោជក។ តំណាង​សហជីព​ព្រមាន​ថាបើ​សិនច្បាប់នេះ​ត្រូវ​បាន​សភាអនុម័ត​ដោយ​មិន​មាន​ការ​កែប្រែ​ទៅ​តាមអ្វី​ដែល​សហជីព​បាន​ទាម​ទារ ច្បាប់នេះ​នឹង​ធ្វើ​ឲ្យ​សហជីព​ឯករាជ្យ​ចុះ​ទន់​ខ្សោយនិង​ធ្វើឲ្យបាត់​បង់​ផល​ប្រ​យោជន៍​របស់​កម្មករ​៕ សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com ​

[អានបន្ត]
ក្រសួង​សាធារណៈការនឹងចាប់​ផ្ដើម​​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​​តាម​ផ្លូវ​ជាតិ​លេខ​៤

ថ្ងៃពុធ ទី20 មករា 2016, 05:24 PM

ក្រសួងសាធារណការ និង​ដឹកជញ្ជូន ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ នឹង​ដាក់ដំណើរការ​ស្ថានីយ​ជញ្ជីង​ត្រួតពិនិត្យ​យានយន្តចំនួន​៥​បន្ថែម​ទៀត ក្នុង​នោះ​៤ស្ថានីយ​​​នៅតាមដងផ្លូវ​​ជាតិលេខ៤ដែល​បច្ចុប្បន្ន​ពុំទាន់​មាន​ស្ថានីយ​នៅឡើយ និង១​ស្ថានីយទៀត​​នៅ​តាម​ផ្លូវ​ជាតិ​លេខ៣។ សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ​ឲ្យ​ដឹង​ថា ការ​ផាកពិន័យនៅ​​ស្ថានីយ​ទាំង​៥​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២២ ខែ​មករា​តទៅ​។ សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ស្ថានីយ​ថ្មីទាំង​៥​នោះ​រួម​មាន ស្ថានីយអូរចំណារ ស្ថានីយ​ស្ទឹងច្រាល ស្ថានីយកណ្តាលដុំ និងស្ថានីយ​អង្គស្នួល ដែល​ស្ថិតនៅតាម​ដងផ្លូវជាតិលេខ៤ និង​ស្ថានីយវាល​រេញស្ថិតនៅតាម​ដង​ផ្លូវជាតិលេខ៣។

[អានបន្ត]
ព្រះរាជអាជ្ញាប្តឹងទាស់ប្រឆាំង​សេចក្តីសម្រេចឲ្យកម្មករពាក់ព័ន្ធ​នឹងហិង្សានៅបាវិត នៅក្រៅឃុំ

ថ្ងៃពុធ ទី20 មករា 2016, 02:59 PM

ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបានប្តឹងទាស់ប្រឆាំងការ​សម្រេចរបស់ចៅក្រមស៊ើប​សួរ​ដែលឲ្យ​កម្ម​​​ករ៤នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ​២០១៥ នៅក្រៅឃុំបណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណីហិង្សា​ពេល​កម្មករ​នៅ​តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតតវ៉ាកាលពីកន្លងទៅ​។ ក្រោយ​ពី​ផ្ទុះ​ការតវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​មេន​ហា​ធេននិង​តាយសេង​ចាប់ពី​ថ្ងៃទី​១៦ដល់​ថ្ងៃ​ទី​២២ខែ​ធ្នូ ឆ្នាំ​២០១៥​ មនុស្ស​១១​នាក់​​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួននិង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ។ ក្នុងនោះ​កម្មករ​៤នាក់​ត្រូ​វបាន​ចាប់ខ្លួននៅថ្ងៃដំបូង​នៃហិង្សានិង​ជា​បន្តបន្ទាប់ សមត្ថកិច្ច​បានចាប់ខ្លួន​មនុស្ស​៧នាក់ទៀតក្នុងនោះមាន​អ្នក​បើករថយន្ត​ឲ្យ​កម្មករចំនួន​៦នាក់​​។​ មេធាវីការពារក្តីឲ្យ​កម្មករ លោកស្រី សេរី បុត្រចរិយា បានប្រាប់វីអូឌី(VOD)ថាលោកស្រីបានប្តឹងសុំឲ្យ​កូនក្តីគាត់​នៅក្រៅឃុំនៅថ្ងៃទី១៣ ខែ​មករា កាលពីសប្តាហ៍មុន ហើយត្រូវបានចៅក្រមស៊ើបសួរ​ឯកភាព ប៉ុន្តែ​លោក​ស្រី​ថា​ព្រះរាជអាជ្ញាប្តឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។ ប្រធានរដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង លោក ទេព ផល្លា បានឲ្យវីអូឌីដឹងថាការប្តឹងទាស់របស់ព្រះរាជអាជ្ញា​ទៅ​សាលា​ឧទ្ធរណ៍គឺជាសិទ្ធិរបស់ព្រះរាជអាជ្ញា។ លោក​បន្ត​ថា​ចំពោះការសន្យាថានឹងដោះលែងកម្មក​រ​ឲ្យនៅក្រៅឃុំគឺជាការសន្យារបស់អាជ្ញាធរទៅក្រុម​សហជីពនិង​មិនមាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​​តុលាការនោះទេ។​ លោកបញ្ជាក់​ថា​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​​ចំពោះ​ការប្តឹង​ទាស់​របស់​ព្រះរាជអាជ្ញានៅពេលខាងមុខ​។​ ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថានៅថ្ងៃនេះ តំណាងសហជីពជួបប្រជុំគ្នា ដើម្បីចេញសេចក្តីថ្លែងការណ៍​រួមមួយស្នើសុំឲ្យ​ថ្នាក់ដឹកនាំខេត្តពិចារណាអន្តរាគមន៍​ឲ្យ​មាន​​ការ​ដោះលែងកម្មករទាំង៤នាក់នោះ រួមទាំងអ្នកបើករថយន្ត​ដឹកកម្មករ​ដែលត្រូវបានចោទប្រកាន់និងឃុំខ្លួន​។ លោកមាន​ប្រសាសន៍​ថា៖ “ម៉ោងនេះសហជីពទាំងអស់ ទាំងសហជីពខ្ញុំ ក៏ដូចជាសហជីពឯករាជ្យផ្សេងៗ នៅ​ស្រុកខ្មែរធំៗ រួមទាំងសង្គមស៊ីវិលនិងសមាគមទាំងអស់ យើងកំពុងពិគ្រោះយោបល់គ្នា ជុំវិញការចេញstatement(សេចក្តីថ្លែងការណ៍)មួយ ដើម្បីស្នើឲ្យមានការដោះលែង កម្មករទាំង៤នាក់នេះ រួមទាំងតៃកុងឡានផ្សេ​ងៗទៀតដែលត្រូវបានឃុំ។ ដូច្នេះពួកយើងកំពុងពិនិត្យមើលទៅលើលទ្ធភាពនៃការស្នើសុំទៅប្រមុខ​ដឹកនាំ ដើម្បីឲ្យលោកមានការដោះលែងកម្មករ។ ដូច្នេះខ្ញុំនឹងឆ្លើយតបទៅវិញនៅពេលខ្ញុំយើងប្រជុំចប់​“ ។ វីអូឌីមិនអាចទាក់ទងអភិបាលខេត្តស្វាយរៀង លោក ជៀង​ អំ ដើម្បីសុំការពន្យល់​ជុំវិញករណីនេះបាននៅឡើយទេ។ គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ​២០១៥​ កម្មករ​រាប់ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស​ក្នុង​ខេត្ត​ស្វាយរៀងបាន​តវ៉ា​ទាមទារ​ដំឡើងប្រាក់ឈ្នួល រហូតបណ្តាលឲ្យ​មាន​ហិង្សា​ធ្វើ​ឲ្យ​ខូចខាតរថយន្តពន្លត់​អគ្គិ​ភ័យមួយគ្រឿង​និង​កា​រគប់ដុំថ្មលើរោងចក្រ។ ហិង្សា​នេះឈានដល់ការចាប់ខ្លួនមនុស្សចំនួន១១នាក់ជា​បន្តបន្ទាប់ ហើយ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​​ហិង្សា​ដោយ​ចេតនា ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃនិង​បទ​ញុះ​​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​៕​ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

[អានបន្ត]
មនុស្ស​៥នាក់ស្លាប់ ករណី​រថ​យន្ត​ពីរ​បុកគ្នា​នៅ​ពោធិ៍សាត់​

ថ្ងៃពុធ ទី20 មករា 2016, 01:03 PM

សមត្ថកិច្ចឲ្យ​ដឹង​ថាអ្នកធ្វើដំណើរ៥នាក់បានស្លាប់និង២៤នាក់ផ្សេងទៀតរបួស​ធ្ងន់និង​ស្រាល ក្នុង​ហេតុ​ការណ៍​រថយន្តពីរបុកគ្នា​​តាមបណ្តោយ​​ផ្លូវជាតិ​លេខ​៥ក្នុង​ភូមិត្រពាំងរំដេញ ឃុំ​ក្បាល​​​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ អធិការ​ស្រុកក្រគរ លោក ឯម រុណ ប្រាប់​វីអូឌី(VOD)នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ហេតុការ​ណ៍នេះ​កើត​ឡើង​នៅ​ម៉ោង១២​ពាក់កណ្ដាលអាធ្រាត្រយប់ថ្ងៃ​អង្គារ ដោយ​សារ​រថយន្តអ្នក​ដំណើរ​របស់​ក្រុម​ហ៊ុនរស្មីភ្នំពេញ​បែក​កង់​ក្រោយទាំងពីរបណ្តាល​ឲ្យ​រថ​យន្តនោះរេចង្កូត​ទៅប៉ះ​ជាមួយ​​រថយន្តដឹកអង្ករដែលធ្វើដំណើរ​ក្នុងទិស​ដៅ​បញ្ច្រាស់គ្នា។ លោក​បន្ត​ថា​រថយន្ត​ក្រុង​ក្រុម​ហ៊ុន​រស្មី​ភ្នំពេញ​បាន​ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង ហើយ​​នៅពេល​ដល់​ចំណុចគីឡូម៉ែត្រលេខ១៤៨និង១៤៩ ស្រាប់តែរថយន្តបែកកង់ក្រោយទៅ​បុក​រថយន្ត​នីសាន់​ដឹកអង្ករពីខេត្ត​បាត់ដំបងមកភ្នំពេញដែលមានអ្នក​ធ្វើ​ដំណើរ​៤នាក់​រួម​ទាំងអ្នកបើក​រថយន្ត។​ លោក ឯម​​ រុណ​ ​ឲ្យដឹងទៀតថាការបុក​គ្នា​នេះ​បណ្តាលឲ្យ​អ្នកដំណើរជាស្រី្ត១នាក់បានស្លាប់នៅ​កន្លែង​កើត​ហេតុនិង៤​​នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ អ្នកស្លាប់ទាំង៥នាក់នោះក៏មានកុមារម្នាក់។ អ្នក​ស្លាប់ទាំងនោះ​ជា​​អ្នក​ធ្វើដំណើរ​តាមរ​ថយន្តក្រុង។ លោកអធិការ​បញ្ជាក់​ថា​ក្រោយពី​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ អ្នក​បើក​​បរ​រថយន្តទាំង​ពី​រមិនបាន​គេច​ខ្លួននោះទេ ដោយ​សារ​​ពួកគេ​រងរបួស​ហើយកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​​ លោក​បញ្ជាក់​ថាសមត្ថកិច្ច​ស្រុក​បាន​បញ្ជូន​ករណី​ទៅផ្នែកស្នង​ការ​ចរាចរណ៍ផ្លូវគោក​នៅ​ខេត្ត​ ដើម្បី​ដោះស្រាយ។​ គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺ​ដែលបង្ក​ដោយ​រថ​យន្ត​ដឹក​កម្ម​ករ​បុកជាមួយ​រថយន្តដឹកកម្មករដូចគ្នា បណ្ដាលឲ្យកម្មករកាត់​ដេរ៤នាក់​ស្លាប់និង៦៧​នាក់​​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល។ របាយការណ៍បូកសរុបសភាពការណ៍គ្រោះថ្នាក់និងលទ្ធផលការងារចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ឲ្យដឹងថាក្នុងឆ្នាំ២០១៥គ្រោះថ្នាក់​ចរាចរណ៍បានកើតឡើងចំនួន៤៥៩៥លើកបើប្រៀបធៀបឆ្នាំ២០១៤មានការថយចុះ២៤៥លើកស្មើនឹង៥ភាគរយ​របាយការណ៍បន្តថាករណីគ្រោះថ្នាក់ទាំងនោះបណ្តាលឱ្យមនុស្សរងគ្រោះសរុប៩៧៧៥នាក់ថយចុះ៤៤០នាក់ស្មើនឹង៤%ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់ចំនួន២២៦៥កើន១១៧នាក់ស្មើនឹង៥ភាគរយ។​ របាយការណ៍ដដែលរកឃើញថាគ្រោះថ្នាក់ទាំងនោះបណ្តាលមកពីកត្តាមនុស្ស៩៤ភាគរយ​(បើកបរលើស​ល្បឿនកំណត់៤២ភាគរយ មិនគោរពសិទ្ធិអាទិភាព១៣ភាគរយ មិនប្រកាន់ស្តាំ៨ភាគរយ ជែង​១២ភាគរយ បើកបរស្រវឹង១១ភាគរយ បត់មិនប្រយ័ត្ន៧ភាគរយនិងសុខភាព១ភាគរយ។ ចំណែកត្តា​យាន​យន្ត​២​ភាគ​រយ កត្តាផ្លូវ១ភាគរយ និងកត្តាផ្សេងៗ១៣ភាគរយ៕ សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To