ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបអំពាវនាវ​ឲ្យ​ការ​ពារ​ព្រៃឡង់

ថ្ងៃពុធ ទី20 មករា 2016, 10:06 AM

ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក​George Edgar បាន​ចុះ​ទៅ​តំបន់ព្រៃឡង់​កាលពីសប្តាហ៍មុន ដោយ​លោកអះអាង​ថា​ស្ថានភាព​ព្រៃឡង់ស្ថិតនៅក្រោមសម្ពាធមួយយ៉ាងខ្លាំង។​​ សេចក្តី​ថ្លែងការណ៍​របស់​សហភាពអឺរ៉ុបដែល​បង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃ​ពុធនេះ​​ឲ្យ​ដឹង​ថា​កាលពីថ្ងៃទី១៣-១៤ខែមករា លោក​George Edgar បានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រៃឡង់និងបានជួបជាមួយសមាជិកនៃបណ្តាញសហគម​ន៍ព្រៃឡង់(PLCN)​ដែល​​ជាក្រុមអ្នកស្ម័គ្រចិត្តធ្វើការដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញដោយខុសច្បាប់។ សេចក្តីថ្លែងការណ៍បន្ត​​ថា​កាលពីខែធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស ក្រុមអ្នកស្ម័គ្រចិត្តបានទទួលពានរង្វាន់អេក្វាទ័រដែលបញ្ជាក់អំពីការទទួលស្គាល់នូ​វសមិទ្ធ​ផល​ដ៏ឆ្នើមរបស់ពួកគេក្នុងការគាំទ្រនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បើ​តាម​សេចក្តីថ្លែងការណ៍នោះ លោក​ Edgar បានចូលរួមជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក​ Mikael Winther នៅក្នុងដំណើរទស្សនកិច្ចមួយនេះ ដែលបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល Danmission និងអង្គការស្ពានសន្តិភាព។ លោក​Edgarត្រូវបានដកស្រង់សម្តីថា៖ “នេះគឺជាឱកាសអស្ចារ្យមួយសម្រាប់ខ្ញុំដែលបានមកឃើញដោយខ្លួនឯងផ្ទាល់នូវតំបន់ព្រៃឈើដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជានិងបានជួបជាមួយ បណ្តាញសហគមន៍ព្រៃឡង់ (PLCN) ដែលកំពុងធ្វើយ៉ាងយកចិត្តទុកជាខ្លាំងដើម្បីធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរសម្រាប់តំបន់នេះ។ ក្នុងតំបន់ព្រៃឈើបៃតងដ៏ធំទូលាយនៃទំតំបន់វាលទំនាបព្រៃឡង់ ដែលជាព្រៃដ៏សំខាន់មួយរបស់ពិភពលោក”។ លោក​បន្ថែម​ថា​៖ “វាជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដែលការបាត់​បង់របស់ព្រៃនេះនឹងមានផលប៉ះពាល់ជាច្រើនមិនត្រឹមមនុស្សរស់នៅតំបន់នោះប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏ប៉ះពាល់ដល់សហគមន៍ដែលរស់នៅជុំវិញបឹងទន្លេសាបផងដែរដែលជាផ្នែកមួយនៃទីជម្រាលរបសល់វា។ ខ្ញុំសូមសរសើរដល់បណ្តាញសហគមន៍ព្រៃឡង់(PLCN) ដែលកំពុងធ្វើការកាត់បន្ថយការកាប់ឈើខុសច្បាប់នៅតំបន់នេះ។ នេះគឺជាសក្ខីភាពពីដំណើរទស្សនកិច្ចដ៏ខ្លីមួយដែលបានបង្ហាញឲ្យ​ឃើញថាព្រៃឈើនេះគឺស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង”។ បើតាម​សេចក្តីថ្លែងការណ៍ លោក ​Edgar លើកឡើង​ថា​ការចុះពិនិត្យមើលព្រៃឡង់នេះ​ប​ញ្ជាក់អំពីសារសំខាន់ នៃការចាត់វិធានការយ៉ាងឆាប់រហ័សនិងសមស្របពីសំណាក់អាជ្ញាធថ្នាក់មូលដ្ឋាន ថ្នាក់ខេត្តនិងថ្នាក់ជាតិ ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់និងធានាថាគ្មានការបង្កើតឬពង្រីកបន្ថែមនូវដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ព្រៃឈើនេះ។​ គួររំឭក​ថា ​រដ្ឋាភិបាលកាលពី​​ថ្ងៃ​ទី​១៥ ​ខែ​មករា​ បាន​ចេញ​សេចក្តីសម្រេច​មួយបង្កើតឲ្យមាន​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។​ គណៈកម្មការ​នេះ​មាន​តួនាទី​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាមនិងឡាវ ។ ​​ វេ​បសាយផ្លូវការរបស់បណ្តាញសហគមន៍​ព្រៃឡង់(www.prelang.net)បង្ហាញថាព្រៃឡង់មានទំហំ៣៦​០០​គីឡូ​ម៉ែ​ត្រ​ក្រឡា​​​ជាប់នឹងខេត្តចំនួន៤​គឺខេ​ត្ត​ព្រះ​វិ​ហារ ​កំព​ង់ធំ ក្រចេះនិង​ខេត្ត​ស្ទឹងត្រែង។ ព្រៃ​​ដ៏ធំមួ​យនៅកម្ពុជានេះមានប្រជាពលរដ្ឋ​រស់នៅប្រ​ហែ​លជា​២០ម៉ឺននាក់នៅជុំវិញនោះជាអ្នកពឹងអា​ស្រ័យអ​នុផលព្រៃឈើពីព្រៃឡង់៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិស្នើ​​ឲ្យ​លោក អូបាម៉ា ដាក់គំនាប​រឿងអ្នកទោសនយោបាយ​នៅកម្ពុជា

ថ្ងៃពុធ ទី20 មករា 2016, 09:23 AM

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ តាមគម្រោងលោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅរដ្ឋ​កាលីហ្វញ៉ា សហ​​រដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខនេះ។ បើតាម​សេចក្តីថ្លែងការណ៍មួួយរបស់អង្គការHRWដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ​អង្គការអន្តរជាតិ​មួយ​នេះបានដាក់លិខិតមួយជូនលោកអូបាម៉ា​។ អង្គការនេះ​បាន​​ជំរុញ​ឲ្យ​ប្រធានាធិ​បតី​អាមេរិ​ក​ដាក់​គំនាប​មេ​ដឹកនាំប្រទេស​ជា​សមាជិកអាស៊ាន​ឲ្យបញ្ចប់ការគាបសង្កត់​​និងការរំលោភបំពាននានា​។ អង្គការបានបញ្ជាក់នៅក្នុងសេចក្តីថ្លែង​ការណ៍​របស់ខ្លួន​ថា៖ “ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា គួរតែធានាថាសិទ្ធិមនុស្សជាការ​ផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំកំពូលមេដឹក​នាំអាស៊ាននៅ​សហ​រដ្ឋ​អា​មេរិកខាងមុខនេះ”។ សេចក្តីថ្លែងការណ៍បន្តថាលោកអូបាម៉ាគួរតែទាក់ទងរដ្ឋាភិបាលនៃ​ប្រទសជាសមាជិកអាស៊ានមុនកិច្ចប្រជុំ​​កំពូលថាពួកគេគួរតែដោះលែងទណ្ឌិតនយោបាយនិងទម្លាក់ការចោទប្រកាន់នានាប្រឆាំងនឹងការកាត់​ទោ​ស​ដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ អង្គការនោះបានលើកឡើងពីនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ថាបានដឹកនាំប្រទសជាង៣០ឆ្នាំនិងបានប្រើអំពើហិង្សា ការ​បំភិតបំភ័យ ការចាប់ខ្លួនពាក់ព័ន្ធនឹងរឿងនយោបាយនិងការកាត់ទោសប្រឆាំងនឹងគូ​ប​ដិបក្ខ បើក​ដៃ​ឲ្យ​មានអំពើពុករលួយក្នុង​កម្រិតខ្ពស់និងការរៀបចំ​សែសាឡាយនិយម។ សេចក្តីថ្លែងការណ៍​​បានលើក​ឡើងថាលោក ហ៊ុន សែន មិនបាន​ចុះចេញពីតំណែងបន្ទាប់ពីចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣ និងបង្កើតរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧។ អង្គការក៏បានលើកឡើងពីករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយថាលោកកំពុងនិរ​ទេស​ខ្លួន ដោយគេច​ពីការចាប់ខ្លួនក្នុង​រឿងចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ។ អង្គការបញ្ជាក់ថា៖ “ដោយ​សារប្រវត្តិសិទ្ធិមនុស្សដ៏អាក្រក់នេះ វា​ជា​ន​យោបាយរបស់អាមេរិកតាំងពីយូរហើយដែលមិនផ្តល់នូវការ​អញ្ជើញជាផ្លូវការសម្រាប់ទស្សនកិច្ចនៅសហរដ្ឋអាមេរិកទៅកាន់លោក ហ៊ុន សែន”។ សេចក្តីថ្លែងការណ៍​ក៏បានលើកឡើងពីករណីនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ពាក់ព័ន្ធនឹងករណី​រដ្ឋ​ប្រហា​រ​យោធាកាលពីឆ្នាំ២០១៤ ករណីនាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ ដោយ​ថា​មេ​ដឹក​នាំ​​ទាំងនោះ​រឹតបន្តឹងសេរីភាពជាមូលដ្ឋាន ការបំភិតបំភ័យនិងការធ្វើទារុណកម្ម។ អង្គការ​ក៏​បាន​លើក​ឡើង​ករណី​​នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីពាក់ព័ន្ធនឹងអំពើពុករលួយ ​ការ​បង្រ្កាប​លើ​អ្នក​ប្រឆាំង​ ក្រុម​សង្គម​ស៊ីវិល​​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការលើកឡើងរបស់អង្គការHRWជាការយោ​បល់របស់អង្គការនេះប៉ុណ្ណោះ ដោយ​​ថា​រដ្ឋាភិបាលកម្ពុជាមិនអាចហាមឃាត់ការបញ្ចេញមតិនេះ​បានទេ។ លោកបន្ត​ថា​HRW​មិន​ដែលមើលឃើញពីចំណុចល្អរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកបានណែនាំអង្គការនេះ​ទៅធ្វើការនៅប្រទេសអ៊ឺរ៉ាក់និងស៊ីរី​ជា​ដើម ដែលលោកថាកំពុងមានការរំលោភ​សិទ្ធិមនុស្សនិងការទម្លាក់គ្រាប់បែកសម្លាប់មនុស្ស។ លោកបញ្ជាក់ថា​HRW​មិន​គួររិះគន់​កម្ពុជា ដែលលោក​ថា​ជាប្រទេសមួយមានការគោរពសិទ្ធិមនុស្សនិងសុខសន្តិភាពនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី សុំមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយលោកថាមិនទាន់បានឃើញសេច​ក្តីថ្លែងការណ៍របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ​នៅឡើយទេ។ ទាក់ទងនឹងរបៀបវារៈដែលកម្ពុជាគ្រោងនឹងលើកយកទៅពិភាក្សាជាមួយសហរដ្ឋអាមេរិក អ្នកនាំពាក្យរូបនេះក៏មិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយលោកថាត្រូវរង់ចាំរហូត​ដល់​មានជំនួប​រវាងរដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ចន ឃេរី(John Kerry)និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ចន ឃេរី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែមករា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ គួរ​បញ្ជាក់ថា ថ្មីៗនេះ កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានសរសេរលិខិតមួយច្បាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា ដោយរៀបរាប់ពីភាពឈឺចាប់ដែលឪពុកកំពុងជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ។​ សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា ឲ្យជាប់​ពន្ធនាគារ​២០ឆ្នាំ​ពីបទដឹកនាំនិងចូលរួមក្នុងចលនា​​កុប្បកម្មនាំឲ្យមានហិង្សា​​នៅក្បែ​រ​ទីលា​នប្រ​ជាធិបតេយ្យកា​​លពី​ខែកក្កដាឆ្នាំ២០១៤។ គណបក្សប្រឆាំងចាត់ទុកករណីនេះ​ជារឿងនយោបាយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com និង​ទូច សុខា តាមរយៈsokha@vodhotnews.com

[អានបន្ត]
ពលរដ្ឋ​មួយ​ចំនួន​នៅ​បុរីកីឡាតវ៉ា​ប្រឆាំងនឹង​ការ​ផ្តល់សំណង​

ថ្ងៃអង្គារ ទី19 មករា 2016, 02:45 PM

ប្រជាពលរដ្ឋតំបន់​បុរីកីឡាមួយចំនួនដែលមិនព្រមទទួលយកសំណងតាមគោលនយោបាយរបស់សា​លា​​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​អង្គារនេះ បាន​តវ៉ាប្រឆាំងនឹងអាជ្ញាធរ​ ខណៈអាជ្ញាធរ​​ចុះសហ​គមន៍បុ​រីកីឡា​ក្នុង​ខណ្ឌ​​​៧​មករា ដើម្បីដោះស្រាយសំណងជូនប្រជា​ពលរដ្ឋ។ នៅព្រឹកថ្ងៃអង្គារនេះ ក្រុមការងារចម្រុះរបស់សាលារាជធានីភ្នំពេញបាន​ចុះដោះស្រាយសំណងជូន​ប្រជាព​លរដ្ឋស​ហគមន៍បុរីកីឡាចំនួន៩០គ្រួសារក្នុងចំណោមប្រជា​ពលរដ្ឋ១៥៤គ្រួសារដែលនៅសេសសល់។ ប៉ុន្តែការរៀបចំ​ផ្តល់សំណង​នោះ​ត្រូវផ្អាកវិញបន្ទាប់ពីប្រជា​ពលរដ្ឋប្រមាណ​១០​នាក់​បាន​តវ៉ាពេល​កំពុង​ដំណើ​រ​​កា​រដោះស្រាយ។​ កម្លាំងសន្តិសុខ​ខណ្ឌ៧មករាបាន​ចាប់អូស​ពលរដ្ឋម្នាក់​ចេញ នៅ​ពេល​គាត់​ចេញ​មុខតវ៉ា​ប្រឆាំងនឹងដំណោះស្រាយ។​ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ​ លោក មាស ចាន់យ៉ាដា ដែលចុះដោះស្រាយ​ផ្ទាល់ មាន​ប្រសា​សន៍ថា​តាម​លក្ខណៈ​វិនិច្ឆ័យ​លើឯកសារពាក់ព័ន្ធ ប្រជាពលរដ្ឋ៣៥គ្រួសារមានសិទ្ធិ​ទទួលបាន​ផ្ទះនៅ​បុរី​កីឡា ប៉ុន្តែមាន៣៤គ្រួសារព្រមទទួលយក ១គ្រួសារមិនព្រម។ លោក​បន្ត​ថា​ប្រជា​ពលរដ្ឋ​ចំនួន​​៨៥គ្រួសារ​មានសិទ្ធិ​ទទួលបានផ្ទះនៅភូមិអណ្តូងឬទទួលលុយ៥ពាន់​ដុល្លារ ប៉ុន្តែមាន៤០គ្រួសារទទួលយក ដោយ​៤​គ្រួសា​រ​យកផ្ទះ​នៅភូមិអ​ណ្តូងនិង៣៦គ្រួសារយកជាថវិកា​៥ពាន់​ដុល្លារ។ ចំណែក​៤៥គ្រួសារទៀ​ត​មិន​​​ព្រម​ទទួលយកទាំងអស់។ មន្រ្តីផ្នែករដ្ឋបាល​នោះឲ្យ​ដឹង​ទៀត​ថា​លក្ខខណ្ឌមួយទៀតពលរដ្ឋដែលមានសិទ្ធិ​ទទួលបានសំណង​ជា​គោល​​​ន​យោបាយថវិកា៣ពាន់​ដុល្លារមាន៣៤គ្រួសារ ប៉ុន្តែ១៦គ្រួសារព្រមទទួលយកនិង១៨គ្រួសា​រ​មិន​ទទួ​ល​​យក។ លោកមានប្រសាសន៍ថា៖ “ក្រោយការបិទ​ផ្សាយលទ្ធ​ផលកាលពីថ្ងៃទី១​៣ខែវិច្ឆិ​កាឆ្នាំ​២០១៥ យើងបាននិយាយហើយថាក្រៅពីពលដ្ឋ៩០គ្រួសារដែលមិនទាន់​ព្រមទទួលយកលទ្ធផល     គាត់បាន​ផ្តល់​ឯកសារមកក្រុមការងាររបស់យើង នោះក្រុមការងារចម្រុះរបស់យើងនឹងអនុវត្ត​នីតិវិធី របស់​យើងបន្ត ​គឺយើ​ង​មិ​​នបានបិទផ្លូវតវ៉ារបស់ពួកគាត់ទេគឺយើងនៅទុកឱ​កាសឲ្យគាត់ផ្តល់ជូន នូវឯកសារ និងសាក្សីបន្ថែម”។ ពលរដ្ឋម្នាក់ អ្នកស្រី សោម សុម៉ាលី ប្រាប់អ្នកសាព័ត៌មានក្រោយតវ៉ាថាអ្នកស្រីមានឯកសារគ្រប់គ្រាន់ ដូច​ព​ល​រដ្ឋផ្សេងទៀតដែលមានសិទ្ធិ​ទទួលបានផ្ទះក្នុងសហគមន៍បុរីកីឡា ប៉ុន្តែអ្នកស្រីអះអាងថា សាលារា​ជធានីភ្នំពេញបែរជាឲ្យគាត់ទទួលផ្ទះនៅភូមិអណ្តូងទៅវិញដែលសំណងនេះអ្នកស្រីមិនអាច ទទួលយកបាន។ អ្នកស្រីបន្ថែមថា ការដែលពួកគាត់តវ៉ានេះដោយសារពួកគាត់​អស់ជំនឿលើ​ការដោះស្រា​យ​រ​បស់​អាជ្ញាធរ ដែលអ្នកស្រីចាត់ទុក​ការដោះស្រាយមិនមានតម្លាភាព។  អ្នក​ស្រី​មានប្រសាសន៍ថា​៖ “សូមឲ្យសាលារាជធានីភ្នំពេញស្រាវជ្រាវនិងពិនិត្យឯកឡើងវិញដើម្បីផ្តល់ភាពយុត្តិធម៌ឲ្យខ្ញុំ ព្រោះពល​រដ្ឋខ្លះគេ​មិ​នមានឯកសារដូចខ្ញុំផងគេបានផ្ទះនៅបុរីកីឡា”។ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់ថាការដែលប្រជាពលរដ្ឋតវ៉ានេះ ដោយ​ពួកគាត់​បារម្ភ​ខ្លាចមិនមានដំណោះស្រាយសមរម្យណាមួយជូនពួកគាត់។ ប៉ុន្តែលោកថាការ ដោះ​ស្រា​​យរបស់សាលារាជធានីភ្នំពេលនេះគឺមានភាពល្អប្រសើរជាងពេលមុនៗ ព្រោះមានការចូល រួមពី​អង្គ​កា​រពា​ក់ព័ន្ធនានា។ លោកបានស្នើប្រជាពលរដ្ឋដែលមិនទាន់មានឯកសា​រគ្រប់លក្ខខណ្ឌ ដាក់ឯក​សារម​កបន្ថែ​មទៀ​ត ដើម្បីក្រុមការងារចម្រុះ​ពិនិត្យដោះស្រាយ។ លោកមានប្រសាសន៍ថា៖ “យើងជាអង្គការ​ទាំងអស់ដែ​លចូលរួមក្នុងគណៈកម្មការហ្នឹង។ យើងបានពិនិត្យ និងតាមដានក្នុងការដោះស្រាយហ្នឹង​យ៉ាងយកចិ​ត្តទុកដាក់ ហើយយើងសង្កេតឃើញថាមានភាព ប្រសើរ​ឡើងបើ​ប្រៀបធៀបពីមុនៗយើងមិនឱ​កាសធ្វើ​រួមគ្នាដូច្នេះទេ”។ ​ បើតាមការអះអាងរបស់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ​ ក្រុមការចម្រុះ​នឹងបន្តចុះដោះស្រាយ នៅថ្ងៃ​ស្អែ​​កបន្តទៀត ដោយអញ្ជើ​ញប្រជាពលរដ្ឋដែលព្រមទទួលយកសំណងទាំងអស់​មួយម្តងៗ ទៅ​ដោះ​​ស្រាយ​​នៅ​សាលាខណ្ឌ៧មករា៕ សរសេរមកកាន់លោក​ ឃុត សុគន្ធ​ តាមរយៈ sokun@vodhotnews.com

[អានបន្ត]
ខេត្ដសៀមរាបគ្មានអគ្គិសនីប្រើពេញមួយថ្ងៃដោយសារប្ដូរប្រព័ន្ធខ្សែភ្លើង

ថ្ងៃអង្គារ ទី19 មករា 2016, 02:09 PM

ខេត្ដសៀមរាបដែលជាខេត្តទេសចរណ៍ធំជាងគេមួយនៅកម្ពុជាគឺគ្មាន​អគ្គិសនី​ប្រើ​ពេញមួយថ្ងៃ​ដោយសារ​មន្ដ្រីជំនាញអះអាងថាមកពីការ​តម្លើង​បណ្ដាញខ្សែភ្លើងបន្ថែមដើម្បីឲ្យមានភ្លើងប្រើប្រាស់​គ្រប់​គ្រាន់នៅ​រដូ​វក្ដៅ​ខាង​មុខនេះ។ ប្រធានអគ្គិសនីកម្ពុជាសាខាខេត្ដសៀមរាប​​លោក គង់ ពុទ្ធី ឲ្យVODដឹងនៅព្រឹកថ្ងៃអង្គារនេះថាការ​ផ្ដាច់ភ្លើង​មួយថ្ងៃនេះដើម្បីឲ្យ​មន្ដ្រីជំនាញ​ធ្វើការ​តម្លើង​ខ្សែ​បណ្ដាញ​ថ្មីបន្ថែមទៀតពីអនុស្ថានីយ៍​ស្រុក​ពួកចូល​ក្រុង​សៀម​រាប។ លោកបន្ដថាបច្ចុប្បន្ននៅខេត្ដទេសចរណ៍នេះកម្លាំងអគ្គិ​សនី​មិនអាច​ប្រើ​ប្រាស់​គ្រប់​គ្រាន់ទេទើបអា​ជ្ញាធ​រអគ្គិសនីធ្វើការផ្លាស់ប្ដូរខែ្សបណ្ដាញភ្លើងថ្មីបន្ថែមដើម្បីផ្គត់ផ្គងតាមត្រូវការ​នៅ​រដូវ​ក្តៅ​​ខាង​មុខ។ ទោះយ៉ាងណាលោក គង់ ពុទ្ធី បញ្ជាក់ថានៅក្នុងក្រុងទេសចរណ៍នឹងធ្វើការផ្គត់ផ្គង់​នៅ​តំ​បន់​មួយ​ចំនួនដោយប្រើម៉ាស៊ីនភ្លើងកម្លាំង១០មេ​ហ្គាវ៉ាត់។ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសាខាខេត្ដសៀមរាបគឺអគ្គិ​សនីនៅ​ខេត្ដ​ទេសចរណ៍​នេះត្រូវផ្អាកចាប់​​ពី​ម៉ោង​៧និង៣០នាទី​ព្រឹក​ដល់ម៉ោង៥​និង៣០នាទីល្ងាច​ថ្ងៃទី​១៩​​ខែមករា​នេះ។ ប៉ុន្តែ​សម្រាប់​កន្លែងមួយចំនួននៅក្រុងសៀមរាបមានភ្លើងប្រើប្រាស់ធម្មតា៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

[អានបន្ត]
ក្រសួងយុត្តិធម៌ថា​នីតិវិធីប្រឡងសិស្សចៅក្រមពុំមានភាពមិនប្រក្រតីនោះទេ

ថ្ងៃអង្គារ ទី19 មករា 2016, 11:40 AM

ក្រសួងយុត្តិធម៌និង​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)​នឹង​បើក​កិច្ច​ប្រជុំមួយនៅ​ថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បី​ពិភាក្សា​​​ពី​ការ​ចូលរួម​របស់អង្គភាព​​លើការ​ប្រឡ​ង​សិស្ស​ចៅក្រម​ជំនាន់ទី៧ ដោយមន្រ្តីក្រសួង​យុត្តិ​ធម៌​អះអាង​ថាបែបបទនិងនីតិវិធីនៃការប្រឡង​ពុំមានភាពមិនប្រក្រតីនោះទេ។​ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានបដិ​សេធ​មិន​ចូល​រួម​អង្កេត​ការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃ​រាជ​បណ្ឌិត​សភាវិជ្ជាជីវៈ​តុលា​ការ​នោះទេ ដោយអង្គភាព​នេះអះអាងថាស្ថាប័នរាជបណ្ឌិតសភា គ្មានឆន្ទៈនិង​មិន​មាន​ការ​សហ​ការ​ល្អ​​ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ ភ្លាមៗនោះ​ ក្រសួង​យុត្តិធម៌​បានប្រកាស​លើក​ពេល​ប្រឡង​ដែល​​គ្រោ​ង​ធ្វើនៅខែធ្នូឆ្នាំ​២០១៥និង​សម្រេច​បញ្ជូន​ក្រុមកា​រងារ​ដើម្បីពិនិត្យឡើ​ងវិញ​នូវ​បែប​​បទនិងនីតិ​វិធី​ប្រ​​ឡ​ង​សិស្ស​ចៅ​ក្រម​​ជំនាន់ទី៧។ អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន មាន​ប្រសាសន៍ថាក្រោយពី​បាន​សម្រេច​លើក​កាល​បរិច្ឆេ​​​ទ​​នៃ​​ការ​ប្រឡង​និងការ​បញ្ជូន​​ក្រុម​ការងារ​ដើម្បី​ត្រួតពិនិត្យ​រួចមក​ ក្រុម​ការងាររកឃើញថា​នីតិវិធី​នៃ​ការ​ប្រឡង​មិ​​ន​មា​ន​ភាពមិនប្រ​ក្រតីអ្វីនោះទេ។​ លោក​បន្តថា​អ្វីដែល​ត្រូវ​ធ្វើ​​បន្ទាប់គឺត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​​អង្គ​ភាព​ប្រឆាំង​អំ​​ពើពុ​ករលួយចូលរួមក្នុងដំណើរការនៃការប្រឡ​ង​សិស្សចៅក្រម​នេះ។ លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ “មិនមានភាពមិនប្រ​ក្រតីអីទេ ពីព្រោះថាយើ​ងគ្រាន់តែ​Review (ត្រួតពិនិត្យ​)ទៅលើបែបបទ​នីតិវិធី​ឡើងវិញ យើងឃើញថា​ដូចជាមិនមាន​បញ្ហាអីទេ ក៏ប៉ុន្តែដើម្បីឲ្យ​​មានកា​រ​​ចូលរួមពីខាងACU(អង្គភាពប្រឆាំងអំពើពុករលួយ​)បានគឺ​យើងទាល់តែជជែកគ្នា។ ខាងACU គេចង់​ចូលរួម​​នៅក្នុងដំណាក់​កាលណា​ខ្លះឬមួយក៏គ្រប់​ដំណើរការ​នីតិវិធី​និងដំណាក់កាលនៃការប្រឡង”?​ ទោះជាយ៉ាងណា​ លោក​​មិនទាន់អាច​បញ្ជាក់​បានថាតើ​ការ​​ប្រឡ​ង​សិស្ស​ចៅក្រម​ជំនាន់ទី​​៧នេះ​នឹង​ត្រូវ​កំណត់​​ទៅថ្ងៃណានៅឡើយទេ។ ប្រធាន​អង្គ​ភាពប្រឆាំ​ងអំពើរពុករលួយ​ លោក​ ឱម យ៉ិន​ទៀង​ ​ប្រាប់​វីអូឌី​(VOD)ថាអង្គភាពនិង​ក្រសួង​យុ​ត្តិធម៌​នឹង​​បើក​ការប្រជុំមួយ​នៅថ្ងៃ​ចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សា​ទៅ​លើការប្រឡ​ងនេះ។ លោក​មិន​ទាន់​បញ្ជាក់​ថា​អង្គភាពប្រឆាំងអំពើពុករលួយ​នឹង​ចូលរួមពិនិត្យ​ការប្រឡ​ង​សិស្ស​ចៅក្រម​នោះនៅឡើយទេ ដោយ​​​លោ​​កថា​​លទ្ធផល​ត្រូវ​រង់ចាំក្រោ​យ​កិច្ច​ប្រជុំរួច​។ អត្ថបទទាក់ទង....  ក្រសួងយុត្តិធម៌ សម្រេចឲ្យលើកពេលប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧   ក្រសួងយុត្តិធម៌​បង្កើតក្រុមការងារ​ត្រួត​ពិនិត្យ​​ឡើងវិញ​បែបបទរដ្ឋបាល​នៃ​ការប្រឡងសិស្ស​ចៅក្រម  ការប្រឡ​ងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការគ្រោង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី៨និងទី៩ ខែធ្នូ ឆ្នាំ២០១៥។ ក្រ​សួងយុត្តិធម៌​សម្រេច​បញ្ជូនក្រុម​ការងារ​របស់ក្រសួងយុត្តិ​ធម៌ដើម្បី​ធ្វើ​កា​រពិនិត្យ​​ឡើង​វិញ​នូវ​បែប​បទ​​និង​នីតិវិធីទាក់ទង​នឹងដំណើរ​ការ​​ប្រឡង​ជ្រើស​រើសនេះ ដោយ​ក្រ​សួង​អះអា​ងថា​ធ្វើឡើង​ក្នុង​គោល​បំណង​ធានា​ឲ្យ​កាន់​តែ​មាន​តម្លា​ភាព ភាព​ត្រឹមត្រូវនិង​យុត្តិធម៌។ គួរបញ្ជាក់ថាបេក្ខជនចូលរួម​ប្រឡង​ជ្រើសរើស​​សិស្ស​ចៅក្រម​មានប្រមាណ​៨៤០នាក់ ហើយ​ពួកគេម្នាក់ៗ​បាន​បង់​​ប្រាក់​៥ម៉ឺនរៀលសម្រាប់​ការប្រឡងនេះ៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

[អានបន្ត]
សង្គមស៊ីវិល​សុំជួប​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការលំបាកអនុវត្តច្បាប់អង្គការ​

ថ្ងៃអង្គារ ទី19 មករា 2016, 11:17 AM

គណៈកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា(CCC)ដែល​មានសមាជិក​ជា​អង្គការជាតិ​និង​អន្តរជាតិ​ជាង​១៦០​បានស្នើ សុំ ជួប​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីពិគ្រោះយោបល់​និង​បង្ហាញការលំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់ស្តីពីសមាគមនិង​អង្គការមិនមែនរដ្ឋាភិបាល។​ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលរងការរិះគន់ពីសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិ ត្រូវ​បានព្រះមហា​ក្សត្រ​​ឡាយព្រះហត្តលេខា​ឲ្យ​ប្រើប្រាស់ កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ​២០១៥​។​ លិខិត​របស់​CCCចុះថ្ងៃទី​១៤ខែមករាឲ្យ​ដឹងក្រុម​​អង្គការ​ស្នើ​សុំ​ជួបលោក​ សខេង ដើម្បីពិគ្រោះយោបល់និងធ្វើ​​បច្ចុប្បន្នភាព​របស់​អង្គការ​សង្គមស៊ីវិល​និង​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០១៥​និង​រៀនសូត្រពីយន្ត​ការ​នៃការ​អនុ​វត្ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែនរដ្ឋាភិបាល​។​ លិខិតបន្ត​ថា​កន្លងទៅ សមាជិករបស់CCCមួយចំ​នួន​បាន​បង្ហាញនូវ​បញ្ហាជាក់ស្តែង​ដែល​បាន​ជួ​បប្រទះ​ជា​ច្រើនករណី​ជាមួយ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ ធានា​គារ​និង​ស្ថាប័នពាក់ព័ន្ធផ្សេង​ៗ​។ សង្គមស៊ីវិល​ចាត់ទុក​ករណីនេះ​បាន​រារាំង​ទៅ​ដល់ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្តគម្រោង​និង​ការ​ប្រតិបត្តិ​នានា​របស់អង្គការ​សង្គមស៊ីវិល។​ បើតាមលិខិត​នោះ ក្រុមការងារសង្គមស៊ីវិល៧ទៅ១០នាក់បាន​ស្នើ​សុំជួប​លោក​ ស ខេង ទៅ​តាមពេលវេលា​​សមស្របណាមួយ។​ នាយកប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិការ​កម្ពុជា លោក សឿង សារឿន បដិសេធ​មិនអតា្ថធិប្បាយបន្ថែម​លើ​លិខិតរបស់​លោក ប៉ុន្តែ​លោក​បញ្ជាក់​ថា​រហូត​មក​ដល់​ពេលនេះ មិនទាន់មានការឆ្លើយ​តបពីក្រសួងមហាផ្ទៃ​នៅឡើយទេ។​ វីអូឌីមិនទាន់​អាចទាក់ទង​មន្រ្តីក្រសួងមហាផ្ទៃ ដើម្បី​សុំការ​អត្ថាធិប្បាយលើការស្នើ​សុំជួប​នេះ​បាននៅឡើយទេ។​ របាយការណ៍​ប្រចាំខែរបស់ក្រសួងមហាផ្ទៃបង្ហាញ​ថា​ក្នុងខែសីហា ២០១៥ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន​៣១​បាន​​សុំចុះបញ្ជីការនិងធ្វើសំណើផ្សេងៗមកក្រសួង​​មហាផ្ទៃ។ ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​៖ “នេះគឺជាការឆ្លុះបញ្ចាំងឲ្យ​ឃើញ​ពី​និន្នា​ការគាំទ្រនិងការគោរពគោលការណ៍នីតិរដ្ឋ ប្រកបដោយស្មារតីភ្ញាក់រលឹករបស់ប្រជាពលរដ្ឋកម្ពុជាទៅលើច្បាប់នានាដែលរដ្ឋសភាបានអនុម័ត។ ម្យ៉ាងវិញទៀត នេះក៏ជាការឆ្លុះបញ្ចាំងឲ្យ​ឃើញផងដែរ អំពីសកម្មភាពរបស់សមាគមនិងអង្គការមិន​មែនរ​ដ្ឋាភិបាលនានាក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ”។ គួរ​បញ្ជាក់​ថា ​កន្លងទៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ស្នើលោក ស ខេង បកស្រាយជាលាយល័ក្ខអក្សរចំពោះការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយ​បារម្ភពីផលប៉ះពាល់លើអង្គការមូលដ្ឋាននិងក្រុមបណ្ដាញក្រៅផ្លូវការ។ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងថានឹងធ្វើវិសោធនកម្មច្បាប់នេះ ប្រសិន​បើច្បាប់នោះអនុវត្តទៅ មានការប៉ះពាល់ដល់សិទ្ធិសេរីភាពនិងប្រយោជន៍របស់ប្រជាពលរដ្ឋ។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា៖ “អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា”។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកមាត្រា២៥ចែងថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃអាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាពនិងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។ ករណីដែលសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាងយូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាមក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី៕ រាយការណ៍បន្ថែម​ដោយ​កញ្ញា​ កាន់ វិច្ឆិកា​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
អង្គភាពប្រឆាំងអំពើពុករលួយ​រៀបចំផែនការ​ត្រួតពិនិត្យ​សេវាផ្តល់អត្តសញ្ញាណប័ណ្ណ​

ថ្ងៃអង្គារ ទី19 មករា 2016, 10:36 AM

អង្គភាព​ប្រឆាំងអំពើពុក​រលួយ(ACU)កំពុង​រៀបចំ​ផែនការ​​​ចុះត្រួតពិនិត្យ​សេវាផ្តល់​អត្តសញ្ញាណប័ណ្ណនិង​ការ​​លុបចោល​នូវកុងត្រូលជជុះ​ក្នុងរាជធានី​​ខេត្ត​ចំនួន​៤​។ សេចក្តីជូនដំណឹង​របស់អង្គភាព​ចុះថ្ងៃទី​១៥ខែមករា ឲ្យ​ដឹងថា​អង្គភាព​បានជ្រើសរើសរាជធានី​​ខេត្ត​ចំនួន​៤ គឺ​រាជធានីភ្នំពេញ ​ខេត្តកណ្តល កំពតនិង​ស្វាយរៀង ក្នុងការ​ចុះត្រួតពិនិត្យ​​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណនិង​ ​កុងត្រូ​លជជុះ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌី(VOD)​ថា​ក្រុមការងារកំពុង​រៀបចំ​ប្រជុំ​​ជាមួយភាគីពាក់ព័ន្ធ​ដើម្បីអនុវត្តគម្រោង ក្នុងនោះមាន​អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរ​បាលជាតិ​ អភិបាលខេត្ត ស្នងការ​នគរបាល ​កងរាជអាវុធហត្ថនិងភាគីពាក់ព័ន្ធផ្សេង​ទៀតក្នុងខេត្ត​រាជធានី​ទាំង៤ ដើម្បីពិភាក្សា​ការសហការគ្នា។​ លោក​បញ្ជាក់​ថា​ការ​ជ្រើសរើសរាជធានី​ខេត្ត​ចំនួន៤នោះ  ធ្វើឡើង​​ទៅ​តាមធនធាន​ដែលមានស្រាប់។ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម លោក ចាន់ គីមសេង មានប្រសាសន៍ថា​​លោក​បាន​ទទួល​លិខិតជូនដំណឹង​របស់​អង្គភាពប្រឆាំងអំពើពុករលួយស្តីពីគម្រោង​ចុះត្រួតពិនិត្យនេះ​ តែ​លោក​ថា​មិន​ទាន់​បាន​ប្រជុំ​លម្អិត​ថា​តើ​ត្រូវសហការគ្នានៅពេលណានិង​តាម​របៀប​ណានោះទេ។​លោក​មានប្រសាសន៍ថា៖ “​អត់អីទេ ការសហការជួយ​ជំរុញ​ការងារ​ដំណើរការកាន់តែ​លឿន ល្អប្រសើរ​ថែមទៀត។ យើងទទួលស្គាល់ថា​មានមន្រ្តីខ្លះ​ ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​អាក់អន់ស្រពន់ចិត្ត​ផ្តល់សេវាហ្នឹង។ ជាជាការប្រសើរមួយ សហការគ្នាដក​បទពិសោធន៍ ដើម្បីធ្វើឲ្យ​ប្រសើរថែមទៀត”។ លោក​បញ្ជាក់​ថា​កន្លងទៅ​ប្រជា​ពលរដ្ឋ​រិះគន់​ថា​មន្រ្តីផ្តល់សេវា​បានប្រើពាក្យសម្តី​ខ្វះការគួរសម ការទាមទារ​លើ​សកម្រៃ​កំណត់​និង​ការ​បំពេញបែបបទយូរជាដើម។​ បើតាម​លោក ចាន់ គីមសេង ការធ្វើអត្តសញ្ញាណប័ណ្ណ ប្រជា​ពលរដ្ឋ​ត្រូវ​បង់ប្រាក់​១ម៉ឺនរៀលសម្រាប់សេវា ហើយ​ត្រូវ​រង់ចាំរយៈ​ពេល​​៣០ថ្ងៃ​នៃថ្ងៃ​ធ្វើការ។ លោក​បន្ត​ថា​ការធ្វើអត្តសញ្ញាណ​ប័ណ្ណ​មាន​ជា​​ប្រចាំថ្ងៃនៅ​តាម​​អធិការ​ស្រុកខណ្ឌនីមួយៗ​ ហើយ​នៅតាម​ឃុំ មានការចល័តក្រុមការងារ​ធ្វើទៅតាម​កាលបរិច្ឆេតដែល​បា​ន​កំណត់។ លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ដែលមានអាយុ​១៥ឆ្នាំ អាចធ្វើអត្តសញ្ញាណប័ណ្ណនេះ​បាន។ បើតាមអ្នកនាំពាក្យ រហូត​មក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ​បាន​​ធ្វើអត្តសញ្ញា​ណប័ណ្ណគំរូចាស់ដល់ប្រជា​ពលរដ្ឋ​​​ប្រមាណ​៩លាននាក់និង​គំរូថ្មី​ប្រមាណ៦លានកន្លះនាក់​។ លោក​បន្ត​ថានៅសល់ប្រជា​ពលរដ្ឋ​ជាង​៣​លាន​នាក់​ទៀតដែលនឹងត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី​ឲ្យ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
លោក ស ខេង សុំ​ការ​អធ្យាស្រ័យពីសាធារណជន​​ចំពោះ​ការ​រៀបចំមង្គលការកូន

ថ្ងៃអង្គារ ទី19 មករា 2016, 07:57 AM, (3)

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញលិខិតថ្លែងអំណរគុណមួយ ដោយ​សូមអភ័យ​ទោស​សាធា​រណជន​ ប្រសិន​បើ​ការ​រៀបចំមង្គលការកូនរបស់​លោក ​កាលពីសប្តាហ៍មុន ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់ការធ្វើចរាចរណ៍នៅម្តុំផ្លូវនរោត្តម​។ លិខិតថ្លែងអំណរគុណ​ចុះថ្ងៃ​ទី​១៨ខែមករា ដោយ​ខុទ្ទកាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​លើក​ឡើង​ថា​ក្នុងរយៈ​ពេល​៣ថ្ងៃ​ កន្លងមកនេះចាប់ពីថ្ងៃទី​១៥ដល់ថ្ងៃទី​១៧ខែមករា នៅគេហដ្ឋាន​លោក ស ខេង បាន​រៀប​ចំប្រារព្ធ​ពិធីអាពាហ៍ពិពាហ៍​កូនប្រុសស្រី។ លិខិត​បន្តថា​សមត្ថកិច្ច​ពាក់​ព័ន្ធ​បានខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​រៀបចំសណ្តាប់ធ្នាប់​សាធារណៈនិង​រក្សា​លំហូរ​ជា​ប្រក្រតីនៃ​ចរាចរណ៍ ដោយ​ពុំមាន​តម្រូវ​ឲ្យ​មាន​ការ​បិទ​កំណាត់មហាវិថី​ព្រះនរោត្តម​និង​កំណាត់​ផ្លូវ​២៤០​នោះឡើយ។ លិខិតបញ្ជាក់ថា៖ “ទោះ​ជា​យ៉ាងនេះក្តី សម្តេចក្រឡាហោម​ ស ខេង សូមអភ័យទោស​ចំពោះ​សាធារណជន​នូវរាល់ការរំខាន​ឬ​ការប៉ះពាល់​ដោយអចេតនា​ ដែល​អាច​កើតមាន​ក្នុងអំឡុង​ពេល​នៃ​ការប្រារព្ធ​ពិធីខាងលើនេះ”។ លិខិតបញ្ជាក់​បន្ថែមថា៖ “សម្តេចក្រឡាហោម​ ស ខេង សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន​ប្រជា​ពលរដ្ឋ​ទូទៅ​ដែលបានផ្តល់​នូវការយោគយល់​និងការអធ្យាស្រ័យ​ ប្រក​បដោយ​សមានចិត្តដ៏ថ្លៃថ្លាចំពោះ​សម្តេចក្រឡាហោម ក្នុងឱកាស​នៃការ​បំពេញកាតព្វកិច្ចតាមប្រពៃណីទំនៀមទម្លាប់​ខ្មែរ​ដែល​មាតាបិតាគ្រប់រូប​តែងមានចំពោះបុត្រធីតា”៕

[អានបន្ត]
រដ្ឋាភិបាលដាក់ផែនការរៀបចំ​ព្រលានយន្តហោះថ្មីតម្លៃ​៣០០លានដុល្លារ ​នៅឆ្នាំ២០៣៥

ថ្ងៃចន្ទ ទី18 មករា 2016, 04:20 PM

រដ្ឋាភិបាលបាន​ដាក់ផែនការឲ្យ​មានការសិក្សា​រៀបចំ​អាកាសយានដ្ឋាន​ថ្មីមួយ​ជំនួស​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ នៅឆ្នាំ​២០៣៥ ដែល​តាមការប៉ាន់ស្មាន ព្រលាន​យន្តហោះនោះ​មាន​តម្លៃប្រមាណ​​៣០០លានដុល្លារ​។ នេះបើយោងតាមឯកសារ​​ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ​២០៣៥​ ដែលត្រូវបានសម្រេចឲ្យប្រើប្រាស់កាលពី​ចុ​ងខែធ្នូ ឆ្នាំ២០១៥។ បើតាមឯកសារ​​ប្លង់​គោលនោះ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសព្វថ្ងៃអាចឆ្លើយតបសេចក្តីត្រូវការរហូត​ដល់​ត្រឹម​ឆ្នាំ២​០២​០។ ឯក​សារ​បន្ត​ថាដោយ​សារ​តែ​​ទីផ្សារនៃការហោះហើរក្នុងស្រុកនៅមានកម្រិតនៅឡើយនិងអវត្តមាននៃក្រុមហ៊ុនអាកាសច​រណ៍​ដែលមកធ្វើវិនិយោគទ្រង់ទ្រាយធំ មិនអាចឲ្យអាកាសយានដ្ឋានភ្នំពេញមាន​មុខងារផ្សេងទៀត ក្រៅតែជាទីសំចតចុងក្រោយ​បំផុតនៃបណ្តាញហោះហើរអន្តរជាតិដែល​នឹងត្រូវឆ្លងកាត់តាមអាកាសយានដ្ឋានធំៗ សំខាន់ៗនៅក្នុងតំបន់ ដូចអាកា​ស​យានដ្ឋានទីក្រុងបាង​កក សិង្ហបូរី ហុងកុង ដែលអាកាសយានដ្ឋានទាំងនេះទទួលនូវការហោះហើរ៣០ដងច្រើនជាងនៅរាជ​ធា​​នី​​ភ្នំពេញ។ ឯកសារ​បញ្ជាក់ថា៖ “ដូច្នេះការសាងសង់នូវអាកាសយានដ្ឋានថ្មីមួយ ដែលជាការវិនិយោគមួយមានតម្លៃថ្លៃរហូតដល់ជាង​៣០០លានដុល្លារអាមេរិកនោះ ហាក់មិនទាន់ស្ថិតនៅក្នុងភាពចាំបាច់ក្នុងទស្សនវិស័យនៃយុទ្ធសាស្រ្តតម្រង់ទិសនេះនៅ​ឡើយ​ទេ។ ជាងនេះទៀត ការស្ថិតនៅជិតទីក្រុងគឺជាគុណសម្បត្តិគួរបានយកចិត្តទុកដាក់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ ក៏ដូចជាអាកាសយានដ្ឋានដទៃទៀតដែរដែលអាចទទួលការធ្វើចរាចរណ៍ផ្លូវអាកាសច្រើនជាងនេះទៀត”។ ឯកសារគោល​បានលើកឡើងពីបទពិសោធន៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាប្រទេស​មួយនេះ​បាន​ធ្វើអាកាស​យានដ្ឋានថ្មីមួយរបស់ខ្លួននៅចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងនោះ។ ឯកសារ​បន្ថែម​ថា៖ “វាហាក់ដូចជាការយល់ច្រឡំផ្នែកសេដ្ឋ​កិច្ចមួយ(រយៈពេលនិងតម្លៃក្នុងការបម្លាស់ទីកើនខ្ពស់)ដែលគួរឲ្យមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃដ៏​ថ្លៃ(ផ្លូវហាយវ៉េ រថភ្លើងលឿន)សម្រាប់ឲ្យអាកាសយានដ្ឋាននេះមានដំណើរការបាន។ គំរូនេះមិនអាចធ្វើបានទេនៅរាជធានីភ្នំពេញ ដោយយោងតាមធនធានរបស់រដ្ឋនិងអាទិភាពនានារបស់រាជ​រដ្ឋាភិបាល”។ ឯកសារប្លង់គោលទីក្រុង​ឲ្យ​ដឹង​ថា​ការពង្រីកបន្តនៃផ្លូវចុះចតសម្រាប់ការធ្វើចរាចរណ៍នៃការហោះហើរដឹកទំនិញ​និងអនុញ្ញាតឲ្យយន្តហោះដឹកទំនិញធុនធ្ងន់ហោះហើរបានោះ(A-៣៨០ឬប៊ូអ៊ីងB៧៤៧) គួរតែធ្វើឲ្យបានឆាប់រហ័សបំផុត។ ឯក​សារ​បញ្ជាក់​ថា​តម្លៃសរុបបន្ទុករបស់រដ្ឋសម្រាប់ការបន្តពង្រីកផ្លូវចុះចតនេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៣០លានដុល្លារអាមេរិក ហើយ​​ការរៀបចំបន្ថែមផ្លូវចុះចតនឹងត្រូវជា​បន្ទុករបស់ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន។ ឯកសារសរសេរ​ថា​៖ “នៅក្នុងករណីរាជធានីភ្នំពេញ បើទោះជាមានការធានារក្សាទុកអាកាសយានដ្ឋាននៅក្នុងទីតាំងរបស់​វា​សព្វថ្ងៃ ក៏អាកាសយានដ្ឋាននេះអាចទ្រទ្រង់ប្រតិបត្តិការបានត្រឹមកម្រិតរហូតឆ្នាំ២០​៣៥។ ដូច្នេះបន្ទាប់ពីឆ្នាំ២០៣៥ អាជ្ញា​ធរអាកាសចរណ៍ស៊ីវិលត្រូវតែសិក្សារៀបចំឲ្យមានអាកាសយានដ្ឋាន​ថ្មីធំមួយទៀតដែលអាចឆ្លើយតបតម្រូវ​ការនាពេល​អនាគត”។ បើតាមឯកសារ​នោះ ការធ្វើចរាចរណ៍នៅអាកាសយានដ្ឋានគឺមានអ្នកធ្វើដំណើរជិត១លាននាក់ក្នុងមួយឆ្នាំ ហើយ​ជាមួយកំណើន​នៃការធ្វើចរាចរណ៍ពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ការហោះហើរនឹងកើនឡើងទ្វេដងនៅក្នុងរយៈពេល១៥ទៅ២០ឆ្នាំ។ សមត្ថភាពនៃការតាំងទីលំនៅរបស់អាកាសយានដ្ឋានបច្ចុប្បន្ន​អាចទទួលអ្នកដំណើរយ៉ាងហោចណាស់៥លាននាក់។ ឯកសារ​បញ្ជាក់​ថា៖ “ដូចនេះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ទោះបីសម្រាប់ពេលវែងក៏ដោយ”។ គួររំឭកថាកាលពីចុងខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសពីគម្រោងសាង​សង់ព្រលានយន្ត​ហោះថ្មីនៅខេត្តកំពង់ឆ្នាំង ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅអំឡុងឆ្នាំ២០​២៥ឬក៏ឆ្នាំ២០៣០។​ លោក ហ៊ុន សែន មាន​ប្រសាសន៍កាលនោះថា៖ “ខ្ញុំសូមជម្រាបថាចក្ខុវិស័យនៃអាកាសយានដ្ឋានអន្តរជាតិ ដែលនឹងត្រូវធ្វើ ដែលខ្ញុំនិយាយ​ថាមិ​ន​បញ្ចេញឈ្មោះនោះ ឥឡូវសូមបញ្ចេញឈ្មោះទៅចុះគឺកំពង់ឆ្នាំងនឹងឯង។ យើងមិនអាចប្រើប្រាស់ពោធិ៍ចិនតុងនៅក្រោយ​ឆ្នាំ២០៣០ទៀតទេ។ អាចថា២០២៥ ឬ២០៣០ អាចថាមកធ្វើនៅហ្នឹង ហើយដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុងភ្នំពេញ ក្នុងរយៈចម្ងាយ​ប្រមាណ៩០គីឡូម៉ែត្រ ព្រោះនឹងមានអារថភ្លើងល្បឿនលឿន និងមានអាអូតូរ៉ូដ( Auto Road )ស្អី​ៗ​​ដទៃ​ទៀត”៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
មេអាវុធហត្ថ​​ប្រើ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដើម្បី​រក​មើល​បទល្មើសព្រៃ​ឈើ

ថ្ងៃចន្ទ ទី18 មករា 2016, 03:39 PM

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បានប្រើ​ឧទ្ធម្ភាគចក្រមួយ​គ្រឿង ​ដើម្បី​​ត្រួតពិនិត្យ​និង​ស្វែង​រកបទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រ​ចេះនិង​ខេត្ត​ត្បូង​ឃ្មុំ។​ នៅព្រឹក​ថ្ងៃចន្ទនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដែល​មាន​មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ជាប្រ​ធាន ​បាន​បើក​កិច្ច​ប្រ​ជុំ​មួយ​រៀប​ចំផែន​ការ​ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ។ បន្ទាប់ពី​កិច្ច​ប្រជុំនោះ​ អ្នក​នាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​លោក អេង ហ៊ី មាន​ប្រ​សាសន៍​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថានៅ​ម៉ោង​១និង​៣០​នាទី​រសៀល​នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ នឹង​ធ្វើ​ដំណើ​រតាម​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៅ​កាន់​ខេត្ត​ត្បូង​ឃ្មុំនិង​ក្រ​ចេះ​ តាម​ដាន​ករណី​បទ​ល្មើស​ព្រៃឈើ។ លោក​បន្ថែម​ថា៖ “បាទ​ហ្នឹង​ហើយព្រឹក​មិញ​ពេលពេល​ប្រ​ជុំ​ចប់​ហ្នឹងឯកឧត្តម​នាយ​ឧត្តម​សេនីយ៍(សៅ សុខា) បាន​បញ្ជាទៅខាង​ទ័ព​អាកាស​ឲ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដើម្បី​ចុះ​ដឹក​គណៈកម្មការ​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​ហ្នឹងតែ​ម្តង គឺ​មួយ​គ្រឿង...បាន​មិ​នទាន់​ដឹង​ថាចាំមើល​ខាង​ជំនាញ​ខាង​ទ័ព​អាកាស​ត្រួតពិនិត្យ​មើល​សិន​ទៅ​ណាមុន​គេ”។ បើ​តាម​លោក​ អេង​ ហ៊ី ក្នុង​ប្រ​តិបត្តិ​ការ​ទប់​ស្កាត់​​បទល្មើស​ព្រៃឈើនេះ​ នឹង​មាន​ការ​ចូល​រួម​ពី​កម្លាំងនគរបាល កម្លាំង​កង​រាជអាវុធហត្ថ និង​កង​សឹក​រង​នៅ​តាម​បណ្តាខេត្ត​គោល​ដៅនីមួយៗ ដោយ​រួម​ជាមួយ​ ​កម្លាំង​អន្តរាគមន៍​ថ្នាក់​ជាតិចំនួន​៣៦០​នាក់មក​ពី​នគរបាល​ជាតិ កម្លាំង​កងរាជអាវុធហត្ថនិង​កងទ័ពពិសេស​​ឆ័ត្រ​យោង​លេខ៩១១។ លោកបន្ត​ថា​លទ្ធ​ផល​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​នឹង​អាច​ប្រ​កាស​ឲ្យដឹងនៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០១៦។ គម្រោង​ថវិកា​ចំណាយសម្រាប់​ប្រ​តិបត្តិការនេះត្រូវបាន​លោក អេង ហ៊ី ឲ្យ​ដឹង​ថា​មាន​ទឹក​ប្រាក់​​ប្រ​ហែលជា​៥០០លាន​រៀល​ ប៉ុន្តែ​លោក​ថាថវិកានេះមិន​ទាន់​មក​ដល់​ដៃ​គណៈកម្មការនៅ​ឡើយទេ។ ​គួររំឭក​ថា ​រដ្ឋាភិបាលកាលពី​​ថ្ងៃ​ទី​១៥ ​ខែ​មករា​ បាន​ចេញ​សេចក្តីសម្រេច​មួយបង្កើតឲ្យមាន​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។​ ​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នោះ​បាន​បញ្ជាក់ថាគណៈកម្មការ​នេះ​មាន​តួនាទី​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាមនិងឡាវ ។ ​​តាម​រយៈសេចក្តី​សម្រេច​នោះ រដ្ឋា​ភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការមួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ៕ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To