ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

អ្នកភូមិបណ្ដែតទឹកនៅខេត្ដសៀមរាបប្រឈមការបណ្ដេញចេញ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:27 PM

ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារនៅភូមិបណ្ដែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប​ អះអាងថាពួកគេប្រឈម​នឹង​ការ​បណ្តេញចេញដោយគ្មានសំណងដោយសារក្រុមហ៊ុនស៊ូជីងមានគម្រោង​ពង្រីកផ្លូវ​ទឹកនៅ​តំ​បន់​ទេសចរ​ណ៍បឹង​ទន្លេ​សាប។ ពលរដ្ឋដែលមានផ្ទះលើទឹកលោក ស សំអុន​ ប្រាប់VODនៅថ្ងៃនេះថាផ្ទះអ្នកភូមិចំនួន៧០គ្រួសាររស់នៅលើទឹកព្រែក ក្នុងសង្កាត់ចុងឃ្នៀស ប្រឈមនឹងការបណ្ដេញចេញពី​សំណាក់ក្រុមហ៊ុន​ស៊ូ​ជីងដោយ​លោកថាក្រុមហ៊ុននេះ​​មាន​គម្រោង​កាយទំនប់បុរាណដើម្បីពង្រីកផ្លូវទឹក​ដឹកជញ្ជូនភ្ញៀវទេសចរណ៍​ចូលក្នុង​តំបន់​​ទេ​ស​​ច​រណ៍បឹង​ទន្លេ​សាប។ លោកថាពួកគាត់រស់នៅតំបន់នោះតាំងពីក្រោយថ្ងៃ​រំដោះ៧​មករា​១៩៧៩ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់សំណងជាក់ស្តែងនៅឡើយទេ។​ លោកបន្ថែមថា៖ “សំណងទាល់អ្នកឯងយកខ្ញុំ​ទៅដាក់កន្លែងដី​ហ្នឹងសិន​​បាន​ខ្ញុំព្រម​បើអ្នក​និ​យាយតែ​មាត់ខ្ញុំ​មិនព្រមទេព្រោះខ្ញុំ​មួយរយៈកាលមកខ្ញុំ​ចាញ់​បោកនឹងអាសូជីងហ្នឹ​ងប៉ុន្មា​នដងហើយអត់​ចង់​បានធំទេ​ក្បាល[ដី]តែ១៥ម៉ែត្រ​បានហើយ​ក្រែង​លោមាន​កូនចៅបន្ដទៀតយើងបានចែក”។ ពលរដ្ឋមួយរូបទៀតលោក ព្រាប ស៊ីវ ឲ្យដឹងថានៅដើមឆ្នាំ២០១៦នេះក្រុមហ៊ុនបានឲ្យពលរដ្ឋផ្ដិត​មេ​ដៃ​ទទួលយកប្រាក់១ម៉ឺនរៀលដើម្បីកាប់​​ដី​ទំនប់​បុរា​ណ​ដែល​បាំងទឹករលក​នោះ​ចេញ។ លោកថាក្រុមហ៊ុន​បាន​​បណ្ដេញ​ពួក​គាត់​ឲ្យរស់​នៅ​ក្នុងបឹងទន្លេសាបជាច្រើនលើក ប៉ុន្ដែលោកថា ការរស់នៅលើផ្ទៃទឹក​ពួកគាត់​កាន់តែប្រឈម​នឹងគ្រោះថ្នាក់ដោយសារខ្យល់ព្យុះនិងទឹករលក។ លោកបន្ថែមថា៖ “ខាងណោះព្រែកអត់មានអ្នកណានៅ​ទេព្រោះ​រលកកាណូ​ត​ដរ​ខ្លាំងណាស់។​ ខាងលិចព្រែក​ហ្នឹងនៅអត់បានទេ​រយៈអស់ក្ដារនៅអត់​កើតទេចឹងហើយនៅ​ខាង​ណេះទៅអត់​សូវមានកាណូត​ដរអាចនៅបានព្រោះថាកាលពីជីកព្រែកនេះថាឲ្យប្រជាជននៅ ដល់​ពេលនេះដេញប្រជាជន​ប្រជាជនឆ្ង​ល់​ខ្ញុំដែលស្រុះគ្នាចឹងខ្ញុំអត់សូវភ័យប៉ុន្មានដែរដល់ពេលគេដេញពួកខ្ញុំអត់ព្រមទៅមើលធ្វើអាលើនោះ​យកដី​អស់រលីងក្រុមហ៊ុនយកអស់ឲ្យតែក្រុមហ៊ុនធ្វើគឺយកដីគឺយកកន្លែងមិនឲ្យប្រជាជននៅបណ្ដោយ”។ ករណីនេះអ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូជីងលោក វ៉ា ឈូដា មានប្រសាសន៍ថាពលរដ្ឋដែលរស់នៅលើ​ទឹក​ព្រែកនោះលោកបាន​ផ្ដល់សំណងដល់ពួកគាត់រួចរាល់ហើយពោលតាំងពីលោក ស៊ូ ភិរិន្ទ ជាអភិ​បាល​ខេត្ដ​សៀមរាបមកម្ល៉េះ ប៉ុន្ដែលោកថាពលរដ្ឋ​ដែល​មិនព្រមចាកចេញនោះ​ដោយសារ​មានការ​ញុះញង់ពី​អ្នកដទៃ​។ លោ​​ក​បញ្ជាក់​បន្ដ​ថាតំបន់នោះគ្មានព្រែកឬទំនប់បុរាណដូចការលើកឡើង​របស់​ពលរ​ដ្ឋនោះទេ​។ លោកបន្ដ​ថា៖ “ព្រែកនេះខ្ញុំជីកសម្រាប់ឲ្យបងប្អូនដែល​នៅបណ្ដែតទឹកហ្នឹងនៅ​គាត់មក។ ​ខែវស្សា​គាត់នៅខែប្រាំងឲ្យគាត់​ទៅវិញតែឥឡូវនេះមានអ្នកញុះញង់នេះគាត់​អត់ព្រម​ចេញខែប្រាំ​ងគាត់អត់​ចេញហើយខ្ញុំស្ដាប្រឡាយវាអត់កើត ហើយបងប្អូនដែលរស់​នៅផ្ទះបណ្ដែតទឹកហ្នឹង​គឺខ្ញុំជាមួយអភិបាល​ខេត្ដ​មុនគឺដោះស្រាយលុយទិញដីឲ្យ​ទៀតតែគាត់លក់ដីហ្នឹងអស់គាត់នាំគ្នា​ទៅ​រស់នៅក្នុង​ទឹក​ដដែលហើយចេះ​តែ​មកព័ទ្ធព្រែកយក”។ បើតាមពលរដ្ឋឲ្យដឹងថាផ្ទះអ្នកភូមិបណ្ដែតទឹកក្នុងភូមិចុងឃ្នៀសមាន៧០គ្រួសារពួកគាត់មួយចំនួន​អះ​អាងថារស់នៅបន្តពីដូនតាខណៈមួយ​ចំនួន​ទៀតកាន់កាប់នៅឆ្នាំ១៩៨០៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តីការពារ​យន្តការ​យកប្រព័ន្ធសង្គម​​ហ្វេសប៊ុកដោះស្រាយបញ្ហារបស់ពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 01:13 PM, (1)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា​ការណែនាំ​ឲ្យ​ស្ថាប័នក្រោមឱវាទឲ្យ​​ប្រើប្រាស់ប្រព័ន្ធសង្គម​ហ្វេសប៊ុកដើម្បី​ទទួល​ពាក្យ​បណ្តឹងពី​ប្រជា​ពលរដ្ឋ​ ជាយន្តការ​មួយ​”លឿននិងប្រសិទ្ធភាព​”និង​ថា​ដើម្បីចៀសវាង​ពលរដ្ឋទៅតវ៉ានៅ​តាម​ស្ថា​ប័នជាតិធំៗនិង​ផ្ទះនាយករដ្ឋមន្រ្តី។​ កាលពីដើមសប្តាហ៍នេះ លោក​ ហ៊ុន សែន បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។ នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្ម​នឹង​អ្នកវិភាគមួយចំនួន​ដែល​រិះគន់យន្តការនេះ​។​ លោក​បានថ្លែ​ង​ថា​ការប្រើប្រាស់ហ្វេសប៊ុកនេះ​មិនមែនមានន័យថា​រដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធ​ដឹកនាំបច្ចុប្បន្ននោះ ដោយ​ថា​គ្រាន់តែ​លោក​ចង់​ពន្លឿន​យន្តការដោះស្រាយ​។ លោក​បន្ត​ថា​បើទោះ​ជាមិនមានហ្វេសប៊ុក​ ប្រជា​ពលរដ្ឋ​នៅតែ​យក​​​ពាក្យ​បណ្តឹងនិងញត្តិ​ទៅ​ដាក់នៅរដ្ឋសភា ព្រឹទ្ធសភានិង​នៅផ្ទះរបស់នាយករដ្ឋមន្រ្តី។​ ​លោក​មានប្រសាសន៍​​ថា៖ “អញ្ចឹង​ទៅ សូមផ្តាំទៅវិញ ខ្ញុំអត់​ចោល​ប្រព័ន្ធការងារ​ខ្ញុំដែល​ធ្លាប់មានពីមុនទេ ក៏ប៉ុន្តែ​ខ្ញុំគ្រាន់តែ​បង្កើនល្បឿន​ឲ្យមន្រ្តីរបស់ខ្ញុំ គ្រប់ទីកន្លែង​ដោះស្រាយ​ការងារឲ្យ​បាន​លឿនបំផុត”។​ លោក ហ៊ុន សែន បានហៅអ្នក​វិភាគ​ដែល​លោកប្រតិកម្មនោះជា​អ្នកវិភាគចិញ្ចឹម​ចំណុចខ្សោយ​របស់​លោក​និ​ង​វិភាគ​ដើម្បីដូរយក​ប្រាក់ចំណូល។​ លោក​បញ្ជាក់ថា៖ “ហើយ​បើវិភាគមិនបានប្រឆាំងនាយករដ្ឋមន្រ្តី អាហ្នឹងវាចុះនរក។ ទាល់តែវិភាគប្រឆាំងជាមួយ​នាយករដ្ឋមន្រ្តី អាហ្នឹងទើបគេហៅប្រឆាំង បើ​អញ្ចឹង​សូម​បន្តទៀតទៅចុះ…”។ ​​នៅក្នុង​សេចក្តីណែនាំ​ លោក ហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។ គួ​របញ្ជាក់​ថាមួយរយៈចុងក្រោយនេះ លោក​ ​ហ៊ុន សែន ​បានចាប់ផ្តើមសកម្មលេង​ហ្វេសប៊ុក ក្រោយ​ពីខុទ្ទកាល័យ​បានប្រកាសកាលពីខែកញ្ញា ឆ្នាំ​២០១៥ ថា​លោក​មានហ្វេសប៊ុក​ផ្លូវការដែលមានចំនួន​អ្នកចុចចូលចិត្ត(Likes)ដល់ទៅជាង​២លាននាក់ លើ​សមេបក្សប្រឆាំងលោក សម រង្ស៊ី។ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕ ​សរសេរ​មក​កាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com  

[អានបន្ត]
បក្សប្រឆាំងស្នើរដ្ឋាភិបាល​បញ្ជូន​​​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធឲ្យ​សភាផ្តល់សច្ចាប័ន ក្រោយកម្ពុជា​​ទទួលស្គាល់ជាង​២ឆ្នាំ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 11:45 AM

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់លិខិត​មួយច្បាប់​ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយ​ស្នើ​ឲ្យពន្លឿនបញ្ជូន​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធ​​​(Arms Trade Treaty)ដែល​កម្ពុជា​គាំទ្រ​នៅអង្គការ​សហប្រជា​​ជា​តិកាលពីឆ្នាំ២០១៣​​ ឲ្យ​រដ្ឋសភាផ្តល់សច្ចាប័នដើម្បីអាចប្រើប្រាស់បាន។​ នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែមករាហើយ​​ដាក់ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ តំណាង​រាស្រ្ត លោក សុន ឆ័យ បានលើក​ឡើង​ថាសន្ធិសញ្ញានេះ​ត្រូវបានរដ្ឋាភិបាលចុះហត្ថលេខាគាំទ្រ​កាល​ពី​ថ្ងៃទី​​១៨ ខែតុលា ឆ្នាំ​២០១៣។ លោក​បន្តថាលោក​បា​នដាក់សំណើ​នេះទៅក្រសួងការបរទេសកម្ពុជា តែ​​ត្រូវបានណែនាំ​ឲ្យ​ដាក់ទៅក្រ​សួងការពារជាតិវិញដែលទទួលខុសត្រូវលើ​សន្ធិសញ្ញានេះ។​ លោក សុន ឆ័យ បានបញ្ជាក់​ថា៖ “សូមឯក​ឧត្តម​មេត្តាពិនិត្យ​លទ្ធភាព​ក្នុងការធ្វើសំណើមករដ្ឋសភាឲ្យ​ធ្វើការ​ពិនិត្យ​និង​ផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងArms Trade Treaty(ATT)នៅពេលឆាប់ដែលអាចធ្វើទៅបាន”។ វីអូឌីមិនទាន់​អាច​សុំការការបកស្រាយបន្ថែម​ពី​លោក សុន ឆ័យ បាននៅឡើយទេនៅថ្ងៃ​ព្រហស្បតិ៍នេះ។​ ប្រទេសកម្ពុជា​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ដែល​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១១៤ដែល​គាំទ្រ​នូវ​​​កិច្ចព្រមព្រៀងនេះ។​ សន្ធិសញ្ញានេះ​ធ្វើឡើងដើម្បី​បង្កើត​នូវបទដ្ឋាននិង​​ស្តង់ដារ​អន្តរជាតិខ្ពស់បំផុត​សម្រាប់​​​​​កា​​រធ្វើនិ​​​​យត​​កម្ម​​លើ​​​ពា​​​ណិ​ជ្ជ​កម្ម​​​អន្តរ​​ជាតិ​​​​​​​​​លើអា​​​វុធ​​​​​ព្រ​ម​​​ព្រៀ​ង​ឲ្យ​​ប្រើ​​​ប្រាស់​​​ ​​​​​ទ​ប់​ស្កាត់និង​​​កាត់ប​ន្ថយ​​​​​កា​រ​​​ធ្វើ​​​​ពា​​​ណិជ្ជ​កម្ម​​​អា​វុធ​​​​​​ព្រម​ព្រៀង​ឲ្យ​​ប្រើ​​ប្រាស់​​​ដោ​យ​​ខុស​​ច្បាប់។ អា​​​វុធ​​ដែលត្រូវបានកំណត់​ឲ្យ​ប្រើប្រាស់​ធម្មតា​មាន​ដូចជា​​​​ជា​រថ​ក្រោះ ​រថ​​​ពាស​​ដែក ​ប្រ​ព័​ន្ធ​​កាំ​​​ភ្លើង​​​ធំ​ យន្ត​ហោះ​ប្រ​យុទ្ធ​ ឧទ្ធម្ភាគ​ចក្រ​​​វា​យ​​ប្រ​ហារ ​នា​​វា​​ចម្បាំ​ង កាំ​ជ្រួច​មី​ស៊ីល​និ​ង​​​អា​​​វុធ​ធុ​ន​តូ​ច។ សន្ធិ​សញ្ញា​​នេះក៏បាន​​​ហា​ម​​ប្រាម​កា​រ​នាំចេញ ការ​នាំ​​ចូ​ល​និ​ង​ការ​​ដឹក​​​ជញ្ជូន​​​អា​វុ​ធ​​​​ព្រម​​ព្រៀង​​​ឲ្យ​ប្រើ​​​ប្រាស់​​​​​ឆ្លង​ដែន​​ក្នុង​​ករណី​​​កា​រ​​​ហា​​ម​​ប្រាម​អា​វុធ​ និង​​​នៅ​​ពេល​​ដែលមានការ​ប្រើ​ប្រាស់​​​អា​វុធ​​​ទាំងនេះ​​​ដើ​ម្បី​​ប្រព្រឹត្តអំ​ពើ​​​ប្រ​ល័យ​​​ពូ​ជ​​សាស​ន៍ ​ឧក្រិដ្ឋ​​កម្ម​​ប្រឆាំង​មនុស្ស​​​ជាតិ​និ​ង​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា​លោក​មិនទាន់ឃើញលិខិត​របស់​តំណាងរាស្រ្តនៅឡើយទេ។ លោក​បន្ត​ថា​កន្លងទៅមានការពិចារណានិងប្រជុំផ្ទៃក្នុងលើកិច្ចព្រមព្រៀងនេះដែរ​។ លោក​មិនទាន់អាច​បកស្រាយលម្អិត​ពីកិច្ចព្រមព្រៀងនេះបាននៅឡើយទេ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តីសរសើរអ្នកកាសែត​ជើងចាស់​ពីការចងក្រង​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 05:17 PM, (1)

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយ​បាន​កោតសរសើរ​រូបលោក​ក្នុងការ​ចងក្រងសៀវភៅ​ទាក់​ទង​​នឹង​ជម្លោះព្រំដែនកម្ពុជានិង​វៀតណាម។ នៅក្នុងលិខិតចុះថ្ងៃទី​៧ខែមករា ដែល​​លោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកនៅថ្ងៃពុធនេះ​ ​ លោក​នាយករដ្ឋមន្រ្តីបាន​សរសេរថា​លោក​បាន​ទទួល​សៀវភៅចំនួន​១០ក្បាល​ដែល​លោក​ ឆាយ សុផល បានផ្ញើមកឲ្យ​រូប​លោក​ដើម្បីលោក​អាន​ស្វែងយល់។ សៀវភៅនោះ​មាន​ចំណងជើងថា​”សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម(១៩៦២-២០១៥)” ។​ លោក​ ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាស​នេះ ខ្ញុំសូមថ្លែងនូវ​ការកោតសរសើរដោយស្មោះចំពោះ​លោក​ដែលបានខិតខំ​ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ”។​ លោក ឆាយ​ សុផល បានបង្ហោះសារលើហ្វេសប៊ុក​ក្រោយពី​ទទួលបានលិខិតនេះថា៖ "បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភឬអំណាាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងនាមពលរដ្ឋ ដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា"។ កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ឆាយ សុផល បាន​ដាក់សម្ពោធ​​​សៀវភៅកម្រាស់​ប្រមាណ​៤០០ទំព័រ​នោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជា​​វៀតណាម (១៦២៣ -២០១៥) ដែល​លោក​បានចងក្រង។​ លោក​មានប្រសាសន៍កាលនោះ​ថា​សៀវ​ភៅនេះមា​នលក្ខ​ណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោមឬដែនដីកូសាំងស៊ីន​ជា​ផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក ​រហូតមកដល់ឆ្នាំ២០១៥ ជម្លោះ​ផ្ទៃក្នុង​កម្ពុជា​ស្តីពីព្រំដែននិងផែនទីបានកើត។​ លោក​បន្ត​ថាលោក​បានប្រមូល​ឯកសារ​ច្រើនដាក់ក្នុងសៀវភៅនេះ ដូចជា​សន្ធិ​សញ្ញា​ព្រំដែនកម្ពុជា​-វៀតណាមឆ្នាំ​១៩៨២ ៨៣និង​៨៥ ឲនិង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅឆ្នាំ​២០០៥និង​ឯកសារ​គតិយុត្តមួយចំនួនទៀតទាក់ទងនឹង​ព្រំដែន​កម្ពុជា​និ​ង​​វៀតណាម។​ លោក​ ឆាយ សុផល បានបន្ថែម​ថា​ការចងក្រងសៀវភៅនេះ លោក​បាន​យោង​ឯ​កសារ​ជិត​៨០ ក្នុង​នោះ​មា​ន​សៀវភៅឯកសារចំនួន​២៦ក្បាល​ សារព័ត៌មានចំនួន​២៣និង​ទំព័រហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​អ្នកនយោបាយ​មួយចំនួន​ដែលសកម្មខាងព្រំដែន​។ លោកបញ្ជាក់បន្ថែម​ថា​​លោ​កក៏​​បា​នកត់ត្រា​ព្រឹត្តិ​ការណ៍សំខាន់​​ដែលបានកើតឡើងមួយរយៈ​ចុងក្រោយនេះ ទាក់ទង​នឹង​បញ្ហាព្រំដែ​នកម្ពុជា​និង​វៀតណាម​ ដូចជា​ការ​ចុះទៅពិនិត្យ​មើល​ព្រំដែននិង​ការផ្ទៀងផ្ទាត់ផែនទី​ជាដើម។​ លោក​ សុផល មានប្រសាសន៍ថា៖ “ខ្ញុំជាអ្នក​សារព័ត៌មានខ្ញុំច្បិចយកមុំសំខាន់ៗ ខ្ញុំឃើញ​នៅក្នុងសៀវ​ភៅមួយ ខ្ញុំឃើញចំណុច​សំខាន់ល្អ​​នៅក្នុងសៀវភៅហ្នឹង អញ្ចឹងខ្ញុំទាញយកមក។ ដល់​​ពេ​លខ្ញុំអា​នសៀវភៅមួយទៀត ខ្ញុំឃើញ​ចំ​ណុចសំខាន់។…សៀវភៅមួយក្បាលនេះ​គឺស្លចេញពីឯក​សារជាច្រើន។ មានចំណុ​ចថ្មីច្រើ​ននៅក្នុងសៀវភៅនេះ”។​ បើ​តាម​លោក សុផល សៀវភៅនេះ​ក៏​បាន​បញ្ចូលនូវ​ ជម្លោះប្រទាក់​ក្រឡាគ្នាទាំងក្នុ​ងចំណោ​មជន​ជាតិកម្ពុជានិងនៅក្នុ​ងចំណោមបរទេសដូចជាអាមេ​រិក អង់គ្លេស ចិន រុស្ស៊ី និងពួក​សម្ព័ន្ធមិត្ត។​ លោ​មានប្រសាសន៍ថា៖ “អញ្ចឹងសៀវភៅនេះ ប្រសិនណា​បើ​មិត្តអ្នកអាន គាត់​អាន​សៀវ​​ភៅ​នេះចប់ អាចនឹងដឹង​ប្រវត្តិ​សាវតាខ្លះ ទាក់ទង​នឹង​បញ្ហា​​កម្ពុជា​និង​វៀតណាម ដើម្បីចៀសវា​ង​កុំ​ឲ្យ​​អ្នក​​នយោបាយមួយចំនួន​ គាត់ឆ្លៀតយក​បញ្ហាព្រំដែន​កម្ពុជា​វៀតណាមហ្នឹង យក​ទៅធ្វើការ​ឃោសនា​ដើម្បីចំណេញនយោបាយរៀងខ្លួន”។ លោក សុផល យល់​ថា​​ខ្មែរ​ចូល​ចិត្ត​លាក់ប្រវត្តិសាស្រ្ត​​របស់ខ្លួន​ បណ្តាល​ឲ្យ​មាន​ការយល់​មិន​​ច្បា​ស់ពីប្រវត្តិ​របស់ខ្លួន​។ លោក​បន្ត​ថា​សៀវភៅនេះ​នឹង​ក្លាយ​​ជា​”ឯក​សារជំនួយ​ស្មារតី”​មួយសម្រា​ប់ប្រជាជនកម្ពុជា។​ គួរ​បញ្ជាក់​ថា រហូតមក​ដល់​បច្ចុប្បន្ន​នេះ លោក ​ឆាយ ​សុផល ​បាន​បោះពុម្ពផ្សាយ​​សៀវភៅដែល​លោក​បានចងក្រង ​មិន​តិច​ជាង​៦ក្បាល​នោះ​ទេ​ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរ​និង​ព្រះមហា​ក្ស​ត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោក​នឹង​ចេញផ្សាយសៀវភៅមួយក្បាលយទៀត​មានចំណងជើងថា​”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”៕ ​សៀវភៅ”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”(រូបថតពីហ្វេសប៊ុក​លោក ឆាយ សុផល) សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់៤ថ្ងៃក្នុងតំបន់មួយចំនួននៅភ្នំពេញ និងខេត្ដកណ្ដាលចាប់ពីថ្ងៃស្អែក

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 11:46 AM

អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល តាមពេលវេលាផ្សេងគ្នារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកទៅ ដោយអះអាងថាដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញសម្រាប់ការដ្ឋានពង្រីកផ្លូវ។ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះថ្ងៃទី១០ខែ កុម្ភៈនេះ ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ស្អែក ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP226  P595 និងP1280 នៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិទួលពង្រ និងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សេចក្ដីជូនដំណឹងបន្ដថា នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP226  P595 និងP1280 នៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ តំបន់ភ្លើងលេខP1334 និងP1343 នៅភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួនក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប និងភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួននៅភូមិព្រៃល្ង ភូមិស្រែជំរៅ ភូមិព្រៃស្ពឺ ភូមិតំណាក់ត្រយឹង ភូមិព្រៃកំបុត និងភូមិព្រៃសណ្ដែក ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិកោះក្របី និងភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួននៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល។ សេចក្ដីជូនដំណឹងឲ្យដឹងទៀតថា នៅថ្ងៃអាទិត្យ ទី១៤ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួននៅភូមិឃ្មួញ ភូមិអន្លង់ក្ងាន និងភូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី និងភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល៕ សរសេរមកកាន់កញ្ញា ញ៉ែត ស្រីអូន តាមរយះ nhetsreyoun222@gmail.com  

[អានបន្ត]
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតក្រុមការងារតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 11:43 AM

ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបង្កើតក្រុមការងារមួយក្រុមសម្រាប់តាមដានមតិរបស់សាធារណជនលើទំព័រហ្វេសប៊ុក (Facebook)របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។ យោងតាមសេចក្ដីសម្រេចថ្ងៃទី៩ ខែកុម្ភៈ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ជា សុផារ៉ា ក្រមការងារដែលទើបត្រូវបង្កើតឡើងនោះមានសមាសភាព៥នាក់ដែលមានរដ្ឋលេខាធិការ១រូបជាប្រធាន ដោយមានអនុប្រធាន១រូប និងសមាជិកា៣នាក់។ ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាមដានរបាយការណ៍ប្រចាំថ្ងៃ និងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។ នៅក្នុងសេចក្តីណែនាំនោះ លោកនាយករដ្ឋមន្ត្រីបានសរសេរថា នៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួលបាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរ និងបណ្តឹងរបស់ប្រជាពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែលលោកទទួលបានពីប្រជាពលរដ្ឋ។ លោកសរសេរទៀតថា៖ “ខ្ញុំស្នើសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ននិងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់”៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
កម្មការិនីរោងចក្រ​​ម្នាក់​​រងគ្រោះ​ដោយ​សារ​ការជះទឹកអាស៊ីត

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 09:05 AM

អាជ្ញាធរ​ឲ្យ​ដឹង​ថា​កម្មការិនីរោងចក្រ​​ម្នាក់ អាយុ​២៣ឆ្នាំ ​​រស់នៅភូមិដំណាក់​ធំ២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវ​បាន​ស្វា​មីជះទឹកអាស៊ីតដាក់​​ កាលពីយប់ថ្ងៃចន្ទ។​ បើតាមហ្វេសប៊ុក​ចៅសង្កាត់ស្ទឹងមានជ័យ ហេតុការណ៍ជះទឹកអាស៊ីតនេះ​បាន​កើតឡើងនៅវេលាម៉ោង៩យប់។ ​ជនរងគ្រោះឈ្មោះ​ ស៊ុំ សុខនី រីឯជនសង្ស័យដែល​អាជ្ញាធរ​អះអាង​ថា​ជាប្តីបានគេចខ្លួន។ មន្រ្តីព័ត៌មាន​របស់សង្កាត់​ស្ទឹងមានជ័យ លោក គឹម ឈី ប្រាប់វីអូឌី​ថា​ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ​ ក្រោយពីហេតុការណ៍កើតឡើង។ លោក​បញ្ជាក់ថា​ប្តីរបស់ជនរងគ្រោះជាអ្នកជះទឹក​អាស៊ីត តែ​លោក​មិន​ដឹង​ថា​មានមូល​ហេតុអ្វីនៅពីក្រោយនោះទេ។ លោក​បន្តថា​ជនរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។​ មេប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន មានប្រសាសន៍ថាសមត្ថកិច្ច​កំពុងស៊ើបអង្កេត​តាមចាប់ជនដៃដល់ដែលលោក​អះអាង​ថា​ជា​ប្តីរងគ្រោះ។ លោក​បញ្ជាក់​ថា​រហូតមក​ដល់ពេលនេះ​ លោក​មិនទាន់អាច​បញ្ជាក់ថាមានមូលហេតុអ្វីនៅពីក្រោយនៅឡើយទេ។​ វីអូឌីមិនទាន់អាច​សុំការការឆ្លើយតបពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗបាននៅឡើយទេ។​ គួរបញ្ជាក់ថា​​កាលពីថ្ងៃទី​៣ខែមីនា ឆ្នាំ​២០១៥ មាន​ហេតុ​ការណ៍​ការ​ជះ​ទឹក​អាស៊ីត​លើ​នារីសន្តិសុខ​​រោងចក្រ​​ក្នុង​សង្កាត់ចោមចៅ រហូតដល់នារីរងគ្រោះស្លាប់ ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈ។ សមត្ថ​កិច្ចសង្ស័យថាករណីនេះបណ្ដាល​មកពីស្នេហាត្រីកោណ។ របាយការណ៍​របស់អង្គការ​ជួយ​ជន​រងគ្រោះ​ដោយ​សារ​ទឹក​អាស៊ីតឲ្យដឹង​ថា​ចាប់ពីឆ្នាំ​១៩៦៤ មក​ដល់បច្ចុ​ប្បន្ន​​មាន​ជន​រងគ្រោះ​ដោ​យ​សារ​ទឹក​អាស៊ី​ត​ជាង​៤២០នាក់​។ បើ​តាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១០ ករណីនៃ​​ការ​ជះទឹក​អាស៊ីត​មាន​ជាង​៣៥ករណី​ ហើយ​ក្នុង​ឆ្នាំ​២០១៤ ​មាន​ចំនួន​​៥ករណី។ មាត្រា​​១៦​នៃ​ច្បាប់នៃ​ការ​គ្រប់​គ្រង​ទឹកអាស៊ីត​​ចែង​ថាជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​អាស៊ីត​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី​២ឆ្នាំ​ដល់​៥​ឆ្នាំ​នឹង​​ត្រូវ​ពិន័យ​​​ជា​​ប្រាក់​ពី៥​លាន​រៀល​ដល់​ដប់​លាន​រៀល។​ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​ក្លាយ​ទៅ​ជា​ជន​ពិការ​អស់​មួយ​ជីវិត​ឬ​រហូត​ដល់​ស្លាប់​នោះ​ ជន​ល្មើស​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​៣០​ឆ្នាំ​ដល់​មួយ​ជីវិត​ ដោយ​មិន​ទាន់​គិត​​ពី​​​សំ​ណង​ជា​ប្រាក់សម្រាប់​​ជន​រង​គ្រោះ​៕ សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.comនិងលោក ស៊ុន ណារិន តាមរយៈsun_narin @vodhotnews.com

[អានបន្ត]
លោក សុខ ទូច ថាចំណាយ​លុយជិត​២ម៉ឺនដុល្លារ​ចុះស្រាវជ្រាវព្រំដែន

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 08:46 AM

ក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាក្រុមស្រាវជ្រាវ​​បាន​​ចំណាយ​​ថវិកា​ប្រមាណ​២ម៉ឺនដុល្លារ​ក្នុងការចុះស្រាវជ្រាវរយៈ​ពេល​ជាង​៧ខែលើ​បញ្ហា​បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។ ក្នុងកម្មវិធីតុមូល​របស់វីអូឌីដែលផ្សាយផ្ទាល់កាលពីថ្ងៃចន្ទប្រធានក្រុមស្រាវជ្រាវលោក សុខ ទូច បានបញ្ជាក់ថា​នៅរាជបណ្ឌិត​សភា​បានត្រៀមថវិកាបម្រុងទុក​៨០លានរៀល(២ម៉ឺនដុល្លារ)​សម្រាប់ការស្រាវ​ជ្រាវ​បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោ​កថា​កញ្ចប់​ថវិកា​​នេះរដ្ឋាភិបាល​យកលុយ​រដ្ឋ​ផ្តល់ឲ្យហើយរដ្ឋសភាជាអ្នក​អនុម័ត។​ លោក សុខ ទូច ធ្លាប់​ឲ្យ​ដឹងថា​ក្រុមការងារលោកបានចុះស្រាវ​ជ្រាវចំនួនជាង៧ខែចម្ងាយ​៥០០គីឡូម៉ែត្រក្នុង​ខេត្តចំនួន៤រួមមាន​ខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញ​បង្គោលព្រំដែនរវាងកម្ពុជា​វៀតណាមដែលបោះហើយនោះរួម​មានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោល​បារំាង​។ លោកថាបង្គោលព្រំដែនកម្ពុជា-វៀតណាមដែលបោះរួច​ទំាង​នោះបានបោះចូលដីគ្នាទៅវិញទៅមកដោយ​​​លោកអះអាងថាករណីនេះមិនមែនជាកំហុសថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនោះ​ទេ។ លោក សុខ ទូច ឲ្យដឹង​ទៀតថាការស្រាវជ្រាវបង្គោលព្រំដែននេះ​នឹង​បញ្ចប់​នៅឆ្នាំ២០​១៧។​ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង​ មានប្រសាសន៍ថាការ​ស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាមិនពាក់ព័ន្ធនឹង​គណៈកម្មាធិការព្រំដែនលោកទេ។ នៅពេលសួរ​ថាបើថ្ងៃណាមួយក្រុមស្រាវជ្រាវនេះដាក់របាយការណ៍រឿងព្រំដែនជូនរដ្ឋាភិបាលតើអាចធ្វើឲ្យអ្នក​នយោបាយ​ឈប់និយាយរិះគន់​រដ្ឋាភិបាលរឿងព្រំដែនដែរឬទេ? លោក វ៉ា គឹមហុង ឆ្លើយថា លោកមិនដឹងទេ ប៉ុន្តែលោកថារាល់ការបោះបង្គោលព្រំដែនរដ្ឋាភិបាលធ្វើដើម្បីបង្ហាញសាធារណៈជនប៉ុណ្ណោះ។ លោកបន្តថា៖”គេធ្វើអី[ធ្វើទៅ]រាជបណ្ឌិតសភាតែខាង​ព្រំដែន[ដាច់ដោយឡែក] រួចមួយទៀតវាអត់មានអីធ្វើនេះធ្វើនោះត្បិតលើគណបក្ស​ប្រឆំាង​គណបក្ស​អីទេរួច​យើងធ្វើគោលការណ៍របស់រដ្ឋាភិបាលគឺបំភ្លឺធ្វើកិច្ចការនូវ​រដ្ឋាភិបាល​ទៅតាមតម្លាភាពដែលរដ្ឋាភិបាលគណៈកម្មាធិការព្រំដែននៃរដ្ឋាភិបាលលោកគិតថាវាជាការបំភ្លឺដល់មតិមហាជនដែលគេចង់ដឹងចង់ឮមិនអញ្ចឹងគឺអត់មានអីទៅលាក់លៀមទេ​”។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក ញ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថាគណបក្ស​សង្គ្រោះជាតិនៅតែតាមដានក្រុមស្រាវជ្រាវកិច្ចការ​ព្រំដែនរបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែលោក​ថា​បើក្រុមស្រាវជ្រាវព្រំដែនបង្ហាញរបាយការណ៍មិនមានតម្លាភាពទេនោះគណបក្សសង្គ្រោះជាតិនៅតែលើក​ពីបញ្ហា​ព្រំដែន​ទៅឃោសនាឲ្យ​សាធារណៈជន​ដឹងដោយលោកថានេះជារឿង​របស់ជាតិ។ លោកបន្ថែមទៀតថា​​៖”បញ្ហា​សំខាន់ថាតើសមាសភាពគណៈកម្មការនោះកើត​ចេញពីណាបន្ទាប់មក​ទៀត​របាយការណ៍ឈរលើមូលដ្ឋានអ្វីខ្លះហើយ​តើប្រជាពលរដ្ឋមានជំនឿជឿជាក់ទៅលើ​របាយការណ៍នោះឬអត់។ ចំពោះគណបក្ស​សង្គ្រោះជាតិនៅតែលើកពីរឿង​បញ្ហា​ដែលមាន​​ពាក់ព័ន្ធនិង​បញ្ហាជាតិ។ ដូច្នេះការលើកបន្តទៅទៀតយើងនឹង​ស្វែង​រកដំណោះស្រាយ​រួមធ្វើម៉េចឲ្យមានការ​ទទួល[ស្គាល់]យល់ស្រប​ទំាងអស់គ្នាក្នុង​នាមជាម្ចាស់ប្រទេសម្ចាស់អំណា​ចនៃជាតិខ្មែរទំាងមូល”។ អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលធ្លាប់ចុះមើលព្រំដែនកន្លងមកយល់ថាការស្រាវជ្រាវរាជបណ្ឌិតសភាក្រោមអំណាចរដ្ឋាភិបាលមិនអាចយកជាផ្លូវការនោះទេដោយលោកថាការស្រាវជ្រាវនោះមិនមានតម្លាភាពព្រោះមិនមានភាគីពាក់ព័ន្ធចូលរួម។ លោកបន្តថា៖ ”និក្ខេបបុគ្គលម្នាក់មិនមែនជាលក្ខណៈជាតិទំាងមូលទេ។ ដូចខ្ញុំបានលើកឡើងវាត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រើពេលហើយប្រើក្រុមជំនាញឯកទេសហើយក៏មានក្រុមត្រួតពិនិត្យតាមដាន ហើយមានការចូលរួមពេញលេញទៀតហើយវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវត្រូវដាក់តំាងបង្ហាញពិគ្រោះយោបល់ទូលំទូលាយមានអ្នកឯកទេសជួយពិគ្រោះយោបល់ទំាងជាតិលក្ខណៈជាតិនិងអន្តរជាតិទើបយើងអាចទៅរួច”។   គួរ​បញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀត​ណាម​ប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ របាយការណ៍ដែល​គណៈកម្មាធិការព្រំដែនកម្ពុជាបង្ហាញនៅពាក់កណ្តាលឆ្នាំ២០​១៥នេះបង្គោ​លព្រំដែននៃប្រទេសទាំងពីរទើបបោះបានចំនួន​៨៣ភាគរយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com និងលោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
តុលាការ​សម្រេចបញ្ជូន​អ្នកចូលរួម​​តវ៉ា២នាក់​​ប្រឆាំង​នឹង​ក្រុមហ៊ុន​កាពីតូលទៅពន្ធនាគារ​

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 05:21 PM

បុរស​២នាក់ដែលចេញមុខ​តវ៉ា​ប្រឆាំងនឹងក្រុមហ៊ុនកាពីតូលនិង​ត្រូវបានចាប់ខ្លួន​កាលពីចុង​សប្តាហ៍មុន​ ​ត្រូវបានតុលាការ​សម្រេច​​ចោទប្រកាន់និង​បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ​។​ បុរស​ទាំងពីរ​នោះមាន​ឈ្មោះ​ណន វណ្ណា ជា​អតីតអ្នកបើករថយន្តកាពីតូល​ដែលត្រូវបានបញ្ឈប់ពីការងារ​និង​ម្នាក់ទៀត​ឈ្មោះ រស់ ស៊ីផៃ ជា​សមាជិកសហភាពការងារកម្ពុជាដែល​បានចូលរួមតវ៉ា​ប្រឆាំងនឹងក្រុមហ៊ុនកាពីតូល​។​ អ្នកទាំងពីរត្រូវបានចាប់ខ្លួន​កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន​ ក្រោយពី​មានការប៉ះទង្គិច​គ្នា​រហូត​​ដល់ធ្វើ​ឲ្យមនុស្សមួយចំនួន​រងរបួស។​ ប្រធានសហភាព​ការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា​ក្រោយពី​សាកសួរ​ពេញមួយថ្ងៃ​ចន្ទនេះ ព្រះរាជអាជ្ញានៃ​សាលា​ដំបូងរាជធានីភ្នំពេញ​បានសម្រេច​ចោទប្រកាន់​មនុស្សទាំងពីរ​ចំនួន​៣​បទចោទ ទី១ គឺ​ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស ទី២ ស្ថានទម្ងន់ទោស​ប្រឆាំង​អ្នក​រាជការសាធារណៈ​និង​ទី៣​ការ​រារាំង​ជាឧបសគ្គដល់​ចរាចរណ៍សាធារណៈ។ តុលា​ការសម្រេចបញ្ជូន​ពួកគេឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃ។ បើតាមលោក អាត់ ធន់ រូបលោក​និង​សមាជិក​៣នាក់ទៀត ត្រូវ​បានព្រះរាជ​អាជ្ញាស្នើ​ឲ្យ​ចាប់ខ្លួន តែ​រហូតមក​ដល់ពេលនេះ ចៅក្រមស៊ើបសួរមិនទាន់ឆ្លើយ​តប​យ៉ាងណានោះទេ។​ ក្នុងពេលសាកសួរនោះ ក្រុមអតីតអ្នកបើករថយន្តក្រុងក្រុមហ៊ុនកាពីតូល តំណាងសហជីពនិងអ្នកឃ្លាំមើល​សិទ្ធិមនុស្សប្រមាណ​២០០នាក់ បានជួបជុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ ដោយ​ទាមទារ​ឲ្យដោះលែងអ្នកតវ៉ាដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។​ ក្រោយ​ពីហិង្សាកើតឡើងកាលពីសប្តាហ៍មុន​ អង្គការសង្គមស៊ីវិលចំនួន៣៤បានថ្កោលទោសចំពោះអំពើហិង្សានេះដែលបង្ករបួស​ធ្ងន់​និងស្រាលប្រមាណជាង២០នាក់ ហើយអង្គការទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតឲ្យមានតម្លាភាព​ដើម្បីផ្តល់ដល់យុត្តិធម៌ដល់​ជន​រងគ្រោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាជនបង្កដែលប្រើញញួរ​និងបំពង់ទីពវាយទៅលើអតីតអ្នកបើករថយន្តក្រុងនោះសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេហើយបែរទៅចាប់ខ្លួនភាគីរងគ្រោះទៅវិញ។ អតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូលនេះបានតវ៉ារាប់ខែមកហើយដើម្បីឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។​ ​គួរ​រំ​ឮ​កថា កាលពី​អំឡុង​ខែ​កក្ក​​ដា ឆ្នាំ​២០១៥​នេះ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល​បាន​បាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​អ្នកបើកបរ​រថយន្ត​៥​នាក់​ឲ្យចូល​ធ្វើការ​វិញ ដោយ​អះអាង​ថា អ្នក​ទាំង​៥​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយសារ​ចង់​បង្កើត​ជា​សហជីព​។ ទោះយ៉ាងណា ភាគី​ក្រុមហ៊ុន​បាន​អះអាង​ថាក្រុមហ៊ុន​បញ្ឈប់​អ្នកបើក​រថយន្ត​ទាំង​៥​នាក់​ដោយសារ​ពួកគាត់​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមហ៊ុន​ដូចជា ដាក់​ភ្ញៀវ​តាមផ្លូវ ឈ្លោះប្រកែក​ជា​មួយ​អ្នក​លក់​សំបុត្រ​តាម​សាខា និង​មិន​ឈប់​ដាក់​ភ្ញៀវ​តាម​សាខា​ជាដើម​៕​ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តី​ណែនាំ​ឲ្យ​មាន​មន្ត្រី​ក្រោ​មឱវាទ​ទទួល​សំណូមពរពល​រដ្ឋតាមហ្វេសប៊ុក​

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 04:19 PM

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃចន្ទនេះ បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។ ​​ក្នុង​សេចក្តីណែនាំ​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។ លោក​សរសេរ​ទៀត​ថា៖ “ខ្ញុំ​ស្នើ​សូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រ​សួង ប្រ​ធាន​គ្រប់​ស្ថាប័ននិង​អភិបាលនៃ​គណៈអភិបាលរាជធានី-ខេត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​សំខាន់នេះ ដើម្បី​រួម​សហការគ្នាដោះ​ស្រាយរាល់បញ្ហា​នានា​ជូន​ប្រ​ជា​ពល​រដ្ឋឲ្យបាន​ឆាប់​រហ័ស​ប្រកប​ដោយ​តម្លា​ភាពនិង​ប្រ​សិទ្ធភាព​ខ្ពស់”។ គួ​របញ្ជាក់​ថាលោក​ ​ហ៊ុន សែន បាន​ហៅ​មន្ត្រី​របស់​ខ្លួនមួយ​ចំនួន​​ថា​បាន​ធ្វើ​ការ​“ស្ទក់” និង​បាន​បញ្ជាឲ្យមន្ត្រី​ទាំងនោះ​ពន្លឿន​ការ​ងារ​ការ​របស់​ខ្លួន​ក្នុងការ​ផ្តល់​សេវា​សាធារណៈជូន​ប្រ​ជា​ពល​រដ្ឋ៕ ​សរសេរ​មក​កាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To