ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

​ស្ត្រី​ខ្មែរ​៣​នាក់​សង្គ្រោះ​ពី​ការជួញដូរ​ទៅ​ចិន​នឹង​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 11:48 AM

​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹងថា ស្ត្រី​ខ្មែរ៣នាក់ ដែល​សមត្ថកិច្ច​ជួយ​សង្គ្រោះពី​ការជួញដូរ​ទៅ ប្រទេស​ចិននឹង​បញ្ជូនដល់​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​នេះ​។​ ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ​ស និងសហប្រតិបត្តិការអន្តរជាតិ​ ចេញផ្សាយ​ថ្ងៃទី​៥ ​ខែ​កុម្ភះ​ឲ្យដឹងថា មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ បាន​ជួយសង្គ្រោះ​ស្ត្រី​ទាំងនោះ​នៅ​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ខ្វាង​ចូ​វ​នៃ​ប្រទេស​ចិន​។​

[អានបន្ត]
​ក្លឹប​អ្នកកាសែត​ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ករណី​ឃាតកម្ម​ស្លាប់​អ្នកកាសែត​ម្នាក់​នៅ​កំពង់ស្ពឺ

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 10:48 AM

​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ឲ្យបាន​ត្រឹមត្រូវ​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​អ្នកកាសែត​ម្នាក់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ចុង​ខែ​មករា​។​ ​​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ករណី​ស្លាប់ លោក ម៉េង ឈឿន អាយុ ៣៧​ឆ្នាំ ដែលជា​អ្នកយក​ព័ត៌មាន​របស់​កាសែត រស្មី​ព្រះវិហារ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និងក្រុមគ្រួសារ​។​

[អានបន្ត]
តំណាងរាស្រ្តបក្សប្រឆាំងស្នើ​សុំ​ឯកសារចំណូល​បានពីការបូមខ្សាច់នៅខេត្តកោះកុង

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 11:39 AM

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួង​រ៉ែនិងថាមពល លោក ស៊ុយ សែម បង្ហាញឯកសារផ្លូវការ​ពី​ចំណូល​ដែលរដ្ឋទទួលបាន​ពីការ​​បូមខ្សាច់របស់ក្រុមហ៊ុ​នចំនួន​២​នៅខេត្តកោះកុងគឺ​ក្រុមហ៊ុន​​International Rainbowនិងក្រុមហ៊ុន​Direct Access។ លិខិត​មួយចុះថ្ងៃទី​២៨ខែមករា ដាក់ទៅរដ្ឋមន្រ្តី​តាមរយៈប្រធាន​រដ្ឋសភា ​ លោក សុន ឆ័យ បានលើក​ឡើង​​​ថា​លោក​បាន​ទទួលលិខិតបំភ្លឺ​​របស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ស្តីពីការបូមខ្សាច់នៅខេត្តកោះកុង តែ​លោក​ថា​កា​​រ​​បំភ្លឺ​នោះ​ពុំបាន​បង្ហាញអំពី​ឯក​សារ​ជាផ្លូវការនោះទេនិងឯកសារ​​ចំណូល​ជា​សរុប​ដែល​រដ្ឋ​ទទួល​បាន​ពីការបូមខ្សាច់​​។ លោកបាន​ស្នើឲ្យ​ក្រសួង​ផ្តល់​​ឯកសារ​ផ្លូវ​ការ​ទាក់ទង​​នឹង​ការ​សិក្សាជលសាស្រ្ត​បាតព្រែក ផលប៉ះពាល់សង្គមនិង​បរិស្ថាន(EIA)។​ លោក សុន ឆ័យ បញ្ជាក់​ក្នុងលិខិត​ថា៖ “​ដូច្នេះខ្ញុំសូមស្នើ​ឯក​ឧត្តម​មេត្តា​បង្ហាញ​អំពី​ឯក​សារ​ខាង​លើ​មកខ្ញុំ ដើម្បីជា​ការធានា​ឲ្យ​បានច្បាស់អំពី​តម្លាភាព​នៃការធ្វើអាជីវកម្មរ៉ែខ្សាច់​នៅក្នុងខេត្តកោះកុង”។​ អ្នកនាំពាក្យ​ក្រសួង​រ៉ែនិង​ថាមពល លោក ឌិត ទីណា មានប្រសាសន៍ថា​រហូត​មកដល់ពេលនេះ ក្រសួង​មិនទា​ន់បានទទួលលិខិត​របស់តំណាងរាស្រ្ត​នៅឡើយទេ។ លោក​បន្តថា​ក្រសួង​បាន​ធ្វើ​EIAមុន​នឹង​អនុ​ញ្ញា​ត​ឲ្យ​ក្រុ​មហ៊ុនធ្វើអាជីវកម្ម​បូម​ខ្សាច់។ ទោះជា​យ៉ាង លោក​ថា​លោកមិនមានទិន្នន័យក្នុងដៃ​ថា​តើ​រដ្ឋអាច​រកចំណូល​បាន​ប៉ុន្មានពី​ក្រុមហ៊ុន​បូមខ្សាច់​ទាំងពីរនោះ តែលោកថា​ជាធម្មតារដ្ឋអាច​ទទួល​បាន​ចំណូល​ជាង​​​២ដុល្លា​រ​ក្នុ​ងមួយម៉ែត្រគីបខ្សាច់ ដែល​គិតទៅ​លើ​ថ្លៃសួយសារ ថ្លៃ​ពន្ធគយនាំចេញ​និង​អត្ថប្រយោជន៍ផ្សេងៗ​។​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​លើកឡើងថា​ក្រុមហ៊ុន​International Rainbowនិងក្រុមហ៊ុន​Di​rect Access ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយខ្មែរ មិនមែនវៀតណាមនោះទេ​ ហើយ​លោក​ថា​​ក្រុមហ៊ុនទាំងពីរ​ ​បានគោរព​តាមការណែនាំ​របស់​រដ្ឋាភិបាល​ក្នុងការធ្វើអាជីវកម្មបូមខ្សាច់។​ លិខិត​ចុះថ្ងៃទី​១៦ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន បានឆ្លើយតបទៅនឹង​លោក សុន ឆ័យថាក្រុមហ៊ុន​ទាំងពីរ​បានអនុវត្ត​ទៅ​តាម​លក្ខខណ្ឌបច្ចេកទេសដែល​បានកំណត់នៅក្នុងអាជ្ញាបណ្ណ។​ លោកនាយករដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​៖ “​ក្រុមហ៊ុន​​ធ្វើអាជីវកម្មតែក្នុងរង្វង់ដែនអាជ្ញាបណ្ណ​ដែល​កំណត់​ដោយក្រសួង​រ៉ែ​និងថាមពល តែ​មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន​មិន​បាន​ធ្វើសកម្ម​ភាព​ដោ​យ​រលូនទេ មូលហេតុ​មានការ​អុកឡុក​ពីសំណាក់​ក្រុមយុវជនចលនាមាតាធម្មជាតិ”។​ កាលពីខែកក្កដាឆ្នាំ​២០១៥ លោក សុន ឆ័យ បានជម្រាប​លោក​ហ៊ុន សែន ​ថា​ក្រុមហ៊ុនបូមខ្សាច់ទាំងពីរ​បាន​ប្រើប្រាស់​កប៉ាល់​​បូម​ខ្សាច់​ចំនួន​១៧​គ្រឿងនិង​សាឡង់​ដឹក​ខ្សាច់​ចំនួន​៤១​គ្រឿង ដែល​លោក​ថា​ប៉ះពាល់​ដល់​បរិស្ថាន ”​យ៉ា​ងធ្ងន់ធ្ងរ​” ដោយ​បណ្តាលឲ្យ​​បាក់​ច្រាំង និង​បង្ក​ឱ្យ​ទឹកខ្មៅ​កង្វក់​។​ អានអត្ថបទ....  រដ្ឋាភិបាល​សិង្ហបុរីថា​មិនជាប់ពាក់ព័ន្ធនឹង​ការបូមខ្សាច់នៅកម្ពុជា   លោក ហ៊ុន សែន ថា​ការ​បូមខ្សាច់​នៅខេត្តកោះកុងមិន​ប៉ះពាល់បរិស្ថាន​និង​ប្រជា​ជន​នោះទេ​​  គួរបញ្ជាក់ថា ប្រជាសហគមន៍និងសមាជិកអង្គការមាតា​ធម្មជាតិបានបើកយុទ្ធនាការរារាំងសាឡង់បូមខ្សាច់​រ​បស់ក្រុមហ៊ុនចំនួន​២ដែលពួកគេ​អះអាង​ថា​គ្រប់គ្រង​​ដោយ​វៀតណាម។ អ្នកចេញមុខតវ៉ា​បាន​​អះអា​ង​ថាការ​បូម​ខ្សាច់​នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជន​ដែ​លរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់​ជម្រកមច្ឆជាតិនឹងការនេ​សាទត្រីរបស់ប្រជាជន។ ពាក់​ព័ន្ធ​នឹង​ករណីអាជីវកម្មខ្សាច់នៅខេត្តកោះកុងនេះ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានតុលា​ការចោទប្រកាន់ពីបទ​​គំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​ហើយ​ពួកគេ​កំពុងត្រូវបានឃុំខ្លួន​បណ្តោះអាសន្ន​ក្នុងពន្ធនាគារ៕​ ​សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
នាយករដ្ឋមន្រ្តី​ថា​លោកមិនដឹង​ថា​សាលាពេទ្យ​យក​តម្លៃ​៥០ម៉ឺន​រៀល​សម្រាប់ការ​ប្រឡងថ្នាក់ជាតិ​

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 10:33 AM

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​សុក្រនេះបានថ្លែង​ថា​​លោកមិនបាន​ដឹង​ថា​មានការ​យក​តម្លៃ​ការ​​ប្រឡងថ្នាក់ជាតិ​សម្រាប់និស្សិត​សាលា​ពេទ្យ​ដល់ទៅ​៥០ម៉ឺនរៀល ដែល​លោក​ចាត់ទុក​ថា​តម្លៃនេះ​អាច​យក​​ម​កត្រឹម​១០ម៉ឺនរៀល​ប៉ុណ្ណោះ។​ លោក ហ៊ុន សែន បាន​លើក​ឡើងបែប​នេះ ក្រោយ​ពេល​លោក​បានអន្តរាគមន៍​កាលពីថ្ងៃទី​២២ ខែមករា ឲ្យ​ក្រសួង​សុខាភិបាល​បញ្ចុះតម្លៃ​ការប្រឡងនេះ​មកត្រឹម​១០ម៉ឺនរៀល។ ចំណែក​និស្សិតសាលាពេទ្យ កាលពីថ្ងៃទី​៨ខែមករា ឆ្នាំ​២០១៥ ​​ធ្លាប់​តវ៉ា​​ទាមទារ​លោក ហ៊ុន សែន អន្តរាគមន៍ករណីនេះ តែ​មិនមានដំណោះស្រាយនោះ​ទេ។​ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​ដែលធ្វើឡើងនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែងថា​លោក​មិន​បាន​ដឹង​ពី​ការយក​លុយ​សម្រាប់​ការប្រឡង​៥០ម៉ឺនរៀលនេះទេ។ លោក​បញ្ជាក់​ថា​៖ “និស្សិតដែល​ចូល​ប្រឡង​ថ្នាក់ជាតិ​នៅ​សាលាពេទ្យ​ ត្រូវបង់​៥០ម៉ឺនរៀលដែលខ្ញុំ​អត់បានដឹង។ នេះជារឿងពិត ៥០ម៉ឺនរៀល​(១២៥ដុល្លារ​)ស្មើ​នឹង​១២០ដុល្លារ​ ខ្ញុំអត់ដឹង​ទេ”។ កាលពីថ្ងៃទី២២ខែមករា លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាក្រោយពីបានទទួលសំណើរបស់យុវសិស្ស ម្នាក់ឈ្មោះ​Darapiseth Sokhaដែលបានផ្ញើសារមកតាមហ្វេសប៊ុករបស់លោកស្នើសុំការបញ្ចុះតម្លៃការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល លោកបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលពីបញ្ហានេះ។ លោកបានបញ្ជាក់ថា៖ “ខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិតនៅត្រឹម១០០,០០០រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន១៤៣៣នាក់នឹងបានធូរស្រាលមួយកម្រិតធំចំពោះការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាពរស់នៅ អោយបានប្រសើរឡើង”។ ចំណែក​និស្សិតនិងគ្រូបង្រៀនមួយចំនួនក៏ធ្លាប់បានចោទប្រកាន់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថាកិបកេងលុយរាប់ម៉ឺនដុល្លារពីការប្រឡងថ្នាក់ជាតិ តែសាកលវិទ្យាល័យបានច្រានចោលការចោទប្រកា​ន់នេះដោយលើកឡើងថាខ្លួនមិនមែនជាអ្នករៀបចំការប្រឡងនិងគ្រប់គ្រងថវិកានោះទេ។ រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ប្រាប់វីអូឌីថាបើតាមការសង្កេតរបស់លោកចំពោះការប្រឡងថ្នាក់មិនមានអំពើពុករលួយនោះទេ។ លោក​មានប្រសាសន៍ថា៖ “ប្រឡងចេញថ្នាក់ជាតិ គឺគណៈកម្មការថ្នាក់ជាតិជាអ្នករៀបចំទេតើ មិន​មែនសាកលវិទ្យាល័យធ្វើទេ ក្រសួងក៏អត់ធ្វើដែរ។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិមានមានទីស្ដីការ ក្រសួងអប់រំ មានក្រសួងសុខាភិបាល មិនមែនទាក់ទិននឹងសាកល​វិទ្យាល័យឬមួយក្រសួងសុខាភិបាលទេ។ ខ្ញុំយល់ថាដូចជាគ្មានការបន្លែបន្លំអីទេ គេធ្វើការងារបានល្អ សូមពិនិត្យមើលទៅ ដែលតាមតែខ្ញុំមើលទេណា នោះគេចេះតែថាទេណា ទៅធ្វើបាបគ្នាមហាវិទ្យាល័យគ្នាគ្មា​នដាក់នេះណា”។ ប្រធានលេខាធិការដ្ឋានរៀបចំការប្រឡងថ្នាក់ជាតិ លោកស្រី គាត ហួង ធ្លាប់ប្រាប់វីអូឌីថាការប្រឡងថ្នាក់ជាតិត្រូវប្រើពេល៣សប្តាហ៍បូកបញ្ចូលទាំងថ្ងៃចុងសប្តាហ៍ហើយគណៈកម្មការធម្មតាម្នាក់ទទួលបានប្រាក់ក្នុងមួយថ្ងៃចំនួន១៥ដុល្លារ។ លោកស្រីបន្តថាចំពោះសាស្រ្តាចារ្យមហាបរិញ្ញាដែលចូលរួមធ្វើជាមេប្រយោគ​ត្រូវទទួលបាន២៥ដុល្លារក្នុងមួយថ្ងៃ។ លោកស្រីឲ្យដឹងទៀតថាថវិកាទាំងអស់ដែលបានមកពីការលក់ពាក្យប្រឡងសម្រាប់និស្សិតទាំង៤ជំនាញ ជាង១០០០នាក់មានចំនួន១៧៧៥៧៥ដុល្លារ ក្នុងនោះការចំណាយទៅលើការអនុវត្តជំនាញគ្លីនិកអស់ជាង៦ម៉ឺនដុល្លារនិងការប្រឡងទ្រឹស្តីត្រូវចំណាយ៨ទៅ៩ម៉ឺនដុល្លារ។ លោកស្រីបន្តថាថវិកាផ្សេងៗទៀត ត្រូវចំណាយទៅលើអាហារសម្រន់ បាយកញ្ចប់ ឯកសារ សន្តិសុខ និងអ្នកបោសសម្អាតផ្សេងៗ។ លោកស្រីបន្តថាអ្នកចូលរួមជាគណៈកម្មការរៀបចំការប្រឡងថ្នាក់ជាតិនេះមានទៅដល់ជាង៧០០នាក់។ លោកស្រីបន្តថាថវិកានៅសល់មួយចំនួន លេខាធិការដ្ឋានទុកសម្រាប់ការទិញសម្ភារៈសម្រាប់ការបង្ហាញត្រាប់និងការប្រឡងលើកទី២សម្រាប់អ្នកប្រឡងធ្លាក់។ អានអត្ថបទ...  មន្រ្តីជំនាញ​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​កិប​កេង​លុយ​រាប់ម៉ឺន​ដុល្លារពី​ការ​ប្រឡងថ្នាក់​ជាតិរបស់និស្សិតពេទ្យ​   បុគ្គលិកសាលាពេទ្យទម្លាយរឿងកេងចំណេញលុយរាប់ម៉ឺនដុល្លារពេលប្រឡងថ្នាក់ជាតិ   និស្សិត​ពេទ្យ​តវ៉ា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​  លោកស្រីបញ្ជាក់ថា៖ “មានសល់ខ្លះ(លុយជាង១៧ម៉ឺនដុល្លារ) ប៉ុន្តែការដែលយើងប៉ាន់ប្រមាណយកថវិកាចំនួននេះ គឺកន្លងមកយើងបានអនុវត្តការប្រឡងថ្នាក់ជាតិ៥លើកមកហើយ ប៉ុន្តែការប្រឡងលើកទី២ ថវិកាប្រមូលអត់ទប់ទល់នឹងការប្រឡងហ្នឹងបានទេ។ មូលហេតុដោយសារបេក្ខជនធ្លាក់មានចំនួនតិចធៀបទៅនឹងចំនួនគណៈកម្មការប្រឡងដែលយើងប្រើប្រាស់។ គណៈមេប្រយោគប្រើចំនួនដដែល ទោះជាកូនសិស្សមានតែ៥នាក់ គឺយើងត្រូវប្រើគណៈមេប្រយោគ១៤នាក់ដដែល ដូចការប្រឡងលើកទី១។ ដូច្នេះរាល់ការប្រឡងលើកទី២ គឺយើងតែងយកថវិកាដែលសល់ពីលើកទី១ទៅផ្គត់ផ្គង់គណៈកម្មការសម្រាប់ការប្រឡងលើកទី២។ ហើយពួកខ្ញុំសូម្បីតែរកថវិកាទិញម៉ាស៊ីនកូពីសម្រាប់កូពីឯកសារ ក៏សន្សំលុយអត់បានដែរ”៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ពលរដ្ឋខ្មែរ២នាក់ត្រូវ​តុលាការថៃ​កាត់ទោស​ឲ្យ​ជាប់ព​ន្ធនាគារ៣ខែ​ រឿងហិង្សា

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 09:27 AM

ក្រសួង​ការបរទេសកម្ពុជា​ឲ្យដឹង​ថាអាជីវករខ្មែរពីរនាក់នៅផ្សារ​រ៉ុងក្លឿ ត្រូវបានអាជ្ញាធរ​ថៃ​ចាប់ខ្លួន​​ រឿង​ហិង្សា​នៅ​ក្នុងទឹកដីថៃ ហើយ​តុលាការថៃបាន​​កាត់ទោស​ឲ្យជាប់ពន្ធនាគារ៣ខែ។​ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃ​សុក្រនេះ ក្រសួងការបរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​កាល​ពីថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៦  មានការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះ​​កែ​វនៃ​ប្រ​​ទេសថៃ ជាមួយក្រុមស៊ើប​អង្កេតពិសេសថៃមកពីទីក្រុងបាងកកដែលចុះមកត្រួតពិនិ​ត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ។ ក្រសួង​បន្ត​ថា​ការប៉ះទង្គិចនេះ​បណ្តាល​ឲ្យ​មាន​ការវាយតប់និងគប់ដំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាលអស់ចំនួន២គ្រឿង។ បើតាម​ក្រសួងការបរទេស​កម្ពុជា នគរបាលថៃបានចាប់អាជីវករខ្មែរ២នាក់ដែលគេថតរូបភាព បានក្នុងវីដេអូរបស់នគរបាល។ ក្រសួង​បន្ត​ថា​កាលពីថ្ងៃព្រហស្បតិ៍ តុលាការថៃបានកាត់ទោ​សអាជីវករខ្មែរទាំង២នាក់នេះឲ្យជាប់ពន្ធនាគារចំនួន៣ខែ។ ក្រសួង​បញ្ជាក់​ថា​នគរបាលថៃក៏បានបញ្ជូនវីដេអូអាជីវករ២នាក់នេះមកឲ្យស្ថានទូតកម្ពុជា​នៅទីក្រុងបាងកកមើលផងដែរ។ បើតាមក្រសួងការបរទេស នគរបាលថៃបានជម្រាបស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវថា គេមានរូបភាពអ្នកផ្សេងទៀតដែលបានវាយប្រហារលើនគរបាលថៃហើយគេកំពុងតែស្រាវជ្រាវ ដោយផ្អែកលើរូបភាពវីដេអូរបស់គេ។ បើតាមសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏បានណែនាំ​បន្ទាន់ភ្លាមឲ្យឯកអគ្គរាជទូតនិងអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃរកមេធាវីដើម្បីការ​ពារ​ព​លរដ្ឋខ្មែរ។ ទោះយ៉ាងណា បើតាមមន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចន្ទគា ដែលបានតាមដានករណីនេះ ឲ្យដឹងថា បុរសជនជាតិខ្មែរពីរនាក់ដែលម្នាក់ជាអាជីវករ និងម្នាក់ទៀតជាកម្មករត្រូវតុលាការថៃបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន​រយៈពេល៣ខែ ដើម្បីរង់ចាំការស៊ើបអង្កេត។ លោកថា បើតាមព័ត៌មានដែលលោកទទួលបានពីសមត្ថកិច្ចថៃ អ្នកទាំងពីរនោះអាចនៅក្រៅឃុំបានដោយត្រូវបង់ប្រាក់ធានាចំនួន២៥ ០០០បាតក្នុងម្នាក់ តែលោកថា ពួកគេពុំមានលទ្ធភាពបង់។ វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរស័ព្ទលោកពុំអាចទាក់ទងបាន។ បើតាមលោក ស៊ុំ ចន្ទគា ក្រុមគ្រួសារបុរសទាំងពីរអះអាងថា អ្នកទាងពីរនាក់នោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់អាជ្ញាធរថៃនោះទេ និងបានអំពាវនាវរកជំនួយពីរដ្ឋាភិបាលកម្ពុជា។ ទោះយ៉ាងណា លោកថា សម្ថកិច្ចថៃចាប់ខ្លួនអ្នកទាំងពីរទៅតាមវីឌីអូឃ្លីបដែលពួកគេថតបាននៅពេលមានអំពើហិង្សាកើតឡើង។ មន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវឲ្យអាជ្ញាខ្មែរ និងថៃធ្វើការស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់។  លោក ស៊ុំ ចន្ទគា ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិចារណារកវិធីបង្កើតផ្សារនៅលើទឹកដីខ្មែរ ដែលលោកថាដើម្បីឲ្យខ្មែរអាចលក់ដូរលើទឹកដីរបស់ខ្លួន និងបានផលចំណេញដល់សេដ្ឋកិច្ចរបស់ខ្មែរ។ លោកបន្ថែមថា៖ “អ្វីដែលសំខាន់គឺខាងរដ្ឋាភិបាលចាប់ផ្តើមគិតថាខ្មែរយើងដែលចូលទៅលក់នៅលើទឹកដីថៃ មានន័យថាយើងជួលទាំងតូបថៃ ជួលទាំងកន្លែងស្នាក់របស់ថៃ ក្នុងមួយខែៗរាប់លានបាត គួរតែមានផ្សារណាមួយនៅក្នុងស្រុកខ្មែរយើងវិញ ហើយថៃចង់ទិញវាមានចំណេញដល់ថវិកាជាតិយើងផង”។  លោក ស៊ុំ ចន្ទគា ឲ្យដឹងដែរថា តាមព័ត៌មានដែលលោកទទួលបានពីសមត្ថកិច្ចថៃ ក្នុងការប៉ះទង្គិចគ្នានោះ រថយន្តសមត្ថកិច្ចថៃដែលរងការខូចខាតគិតជាទឹកប្រាក់អស់ប្រហែលជា៨ម៉ឺនបាត៕ សរសេរមកកាន់លោក ស៊ុន ណារិន​ តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
លោក ហ៊ុន សែន ថា​គួរតែផ្តល់យុត្តិធម៌ដល់កម្ពុជា​រឿងសមុទ្រចិនខាងត្បូង​

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 09:01 AM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះបានថ្លែងថាគួរតែមានការសុំទោសនិងផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថាពេល​កម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០​១២ មិនបាន​សម្រេចការចេញក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង(Code of Condct)។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរំឭកថាកម្ពុជា​ប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹត្យ ដោយមិនទៅរណបនឹងចិនឬអាមេរិកឬប្រទេសណា​នោះទេ។ លោកបន្តថាកន្លងទៅមានការចោទប្រកាន់កម្ពុជាថាមានភាពស្និទ្ធិស្នាលនឹងប្រទេស​ចិន ដែលនាំមិនឲ្យសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោកដាក់ជាសំណួរ​ថា​ហេតុអ្វីបានជាប្រទេសវៀតណាម ឥណ្ឌូនេស៊ី ប្រ៊ុយណេនិងមីយ៉ាន់ម៉ា ពេល​ធ្វើជាប្រធានអាស៊ាន មិនអាចឯកភាពគ្នាឲ្យ​មានCOC។ លោកបញ្ជាក់ថា៖ “តែខ្ញុំក៏បានប្រាប់ចនឃើរី​(រដ្ឋមន្រ្តីការបរទេសអាមេរិក)ដែរថាល្មមសងនូវយុត្តិធម៌​សម្រាប់​ខ្ញុំហើយអំពីរឿងសមុទ្រចិនខាងត្បូងឆ្នាំ២០១២។ ខ្ញុំបានប្រាប់ចន ឃើរីថាខ្ញុំតូចចិត្ត ខ្ញុំមានការអន់ចិត្ត…គេថាមកពីកម្ពុជា​ស្និទ្ធិចិនពេក បានធ្វើអាCOCវាអត់ចេញ”។ លោក​បញ្ជាក់បន្ថែមថា៖ "តើអ្នកដែលធ្លាប់វាយប្រហារកម្ពុជា វាយប្រហារខ្ញុំតាំងពីអតីតកាល គួរ​សុំទោសខ្ញុំ? គួរថ្នាក់ថ្នមខ្ញុំទេ? គួរ​សង​យុត្តិធម៌និងភាពស្អាតស្អំខ្ញុំទេ"។ លោក ហ៊ុន សែន បាន​ដាក់ជាសំណួរថាឬមកពីកម្ពុជាក្រពេកដែលនាំឲ្យមានការចោទប្រកាន់បែបនេះ។ លោកជំរុញឲ្យប្រទេសពាក់ព័ន្ធនឹង​ដែនសមុទ្រនេះ​ចូលរួមដោះស្រាយបញ្ហានេះដោយខ្លួនឯង។ កាលពីថ្ងៃទី២៦ខែមករា នៅក្នុងជំនួបមួយ ប្រមុខការទូតកម្ពុជាប្រាប់ប្រមុខការទូតអាមេរិកដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ថាកម្ពុជាមានជំហរឯករាជ្យនៅក្នុងគោលនយោបាយក្រៅប្រទេស ដោយមិនទំនោទៅរកប្រទេសមហា​អំណាចណាមួយផ្តាច់មុខនោះទេ។ លោក ហោ ណាំហុង មានប្រសាសន៍ថាត្បិតកម្ពុជាជាប្រទេសមួយ​តូ​ច ប៉ុន្តែកម្ពុជាក៏ជាប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញ​។ លោកបន្ថែមថា៖ “ខ្ញុំបាននិយាយ(ថា)កម្ពុជាជារដ្ឋមួយតូចក៏ប៉ុន្តែអតីតកាលជាអាណាចក្រមួយធំមានអរិយធម៌ ជាប្រជាជាតិ...ចាស់រាប់ពាន់ឆ្នាំហើយនៅតំបន់នេះ ដូច្នេះកម្ពុជានៅតែរក្សាឯករាជ្យភាពពេញទីក្នុងការងារនយោបាយក្រៅប្រទេសរបស់ខ្លួន”។ គួរបញ្ជាក់​ថា​តំបន់សមុទ្រចិនខាងត្បូងត្រូវបានប្រទេសចិនប្រកាសថាជាដែនទឹករបស់ខ្លួនហើយប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយ​ណេនិងតៃវ៉ាន់ក៏អះអាងថាជាដែនទឹករបស់ពួកគេផងដែរ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ស្នងការនិងអធិការនគរបាល ច្រានចោលការចោទប្រកាន់រឿងពុករលួយ

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 07:35 PM

ស្នងការនិងអធិការនគរបាលខេត្ដសៀមរាបច្រាន​ចោ​ល​​​ការចោទប្រកាន់ថាពួកគេប្រ​ព្រឹត្ដ​អំពើពុក​រ​លួយទាក់ទងការដំឡើង​ស័ក្ដិឲ្យមន្ដ្រីប៉ូលិសដោយនិយមបក្សពួកនិ​ង​យក​លុយ​តាមបនល្បែងស៊ី​សង​គ្រប់​​ប្រ​ភេ​ទ​​​​ជាថ្នូរមិនបង្ក្រាប​នៅ​តំ​បន់​​ទេសចរណ៍ ។ មន្ដ្រីសមត្ថកិច្ចទាំងពីររូបនោះបានធ្វើការបដិសេធតាមរយៈលិខិតទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ថារាល់​ការ​តែង​តាំង​មន្ដ្រីប៉ូលិសគឺមានសំណើច្បា​ស់​លាស់ពីអធិការក្រុងសៀមរាបនិងបានដាក់ពិន័យ​លើ​មន្ដ្រីនគរបាល​ខិលខូច​ផង​ដែរ​។ លិខិត​បន្ដថាករណី​ពាក់ព័ន្ធនឹងល្បែងស៊ីសងលោកតែងតែអនុវត្ដតាម​គោ​ល​នយោបាយភូមិឃុំមានសុវត្ថិភាព រីឯការចោទ​ថា​មានល្បែងស្នូកឃ័រ ប៊ីអេស​ស៊ីនោះ សមត្ថកិច្ចបាន​បិទ​ទាំង​ស្រុងផងដែរ។ លិខិតនោះក៏​បានច្រានចោលដែរ ចំពោះ​ករណី​អធិការក្រុងសៀមរាបលោក ទិត្យ ណារ៉ុង បង្ខំ​ឲ្យនាយប៉ុស្ដិ៍ទាំង១៣​ក្នុង​ក្រុងសៀម​រាប​ត្រូវបង់​លុយ​ឲ្យអធិ​ការរូប​នោះ១០០​ដុល្លារក្នុងមួយខែក៏​​បដិសេ​ធថាគ្មានមន្ដ្រីប៉ូលិ​សឈ្មោះ​ម៉ុក បូរ៉ា ដើរប្រមូលលុយតាមបនល្បែងស៊ីសង និងហាងម៉ា​ស្សាជាដើម។​ ស្នងការនគរបាលខេត្ដសៀមរាប លោក សត ណាឌី​ ប្រាប់VODបន្ថែមថាការចោទប្រកាន់​ចំពោះរូប​លោក​នេះជា​​ការមួលបង្កាច់និងគ្មានមូលដ្ឋានពិត។ លោកបន្ថែមថា៖ “អាហ្នឹងជារឿងចេះតែចោទផ្ដេស​ផ្ដា​សគ្មា​នមូលដ្ឋានត្រឹមត្រូវ”។ ដោយឡែកលោក ទិត្យ ណារ៉ុង អះអាងថាលោកក៏​មិនបានប្រព្រឹត្ត​ដូចការចោទប្រកាន់​ឡើយ។​ លោក​ទទួលស្គាល់ថាមានបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ប៉ុន្ដែ​បើមានពាក្យបណ្ដឹង​លោកនឹង​បង្ក្រាប​។ ​​លោ​កបន្ថែមថា៖ “បាទល្បែងស៊ីសងមានលេងចំហលេងអីមានពាក្យបណ្ដឹងចាត់វិធានការបង្ក្រាបភ្លាម”។ ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក នូ ពុទ្ធិ មានប្រសាសន៍ថា​ការឆ្លើយបំភ្លឺ​របស់សមត្ថកិច្ចទាំងពីររូបនោះគ្រាន់តែដោះបន្ទុកមួយ ដើម្បីបង្ហាថា​ខ្លួនស្អាត​ស្អំប៉ុណ្ណោះ ដោយ​លោក​ថាអង្គភាពប្រឆាំងអំពើពុករលួយគូរស៊ើបអង្កេតឲ្យបានច្បាស់​លាស់មុនទទួល​យក​ការបំភ្លឺនោះ​ ដើម្បីឲ្យដើម​បណ្ដឹង​ស្ងប់​ចិត្ដ។ លោកបន្ដថា៖ “ប៉ុន្ដែបើសិនជាលោកយកសំអាងតែមួយ​អាហ្នឹង​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ដសម្រាប់​អ្នកចូល​រួមចង់បំបាត់​អំពើពុករលួយហើយថាដាក់ថាមានបញ្ហាស៊ុំ​គ្រលំជាមួយគ្នា។ អញ្ចឹង​ណាមិន​ច្បាស់លា​ស់ អញ្ចឹង​លើក​ក្រោយកា​រទប់ស្កាត់អំពើពុករលួយវាមិនបានជោគជ័យទេណាស់”។ ករណីនេះ VODមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុកលោក ឱម យ៉ិនទៀង បានទេ ។ សូមរំឭក​ថា កាលពីចុងឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្ដឹងពាក់​ព័ន្ធ​នឹង​​មន្ដ្រីក្រសួង​មហា​ផ្ទៃប្រព្រឹត្ត​អំពើពុករលួយច្រើនជាងក្រសួងអប់រំនិងស្ថាប័នតុលាការ ប៉ុន្ដែ​ត្រូវ​បាន​អង្គភាពនោះសុំទោសវិញ បន្ទាប់ពីរដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បដិសេធ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

[អានបន្ត]
អយ្យការសាលាដំបូងភ្នំពេញ​បំភ្លឺថាការដោះលែងមុខសញ្ញាគ្រឿងញឿន​២៥នាក់ស្របច្បាប់​

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 05:00 PM

ព្រះរាជអាជ្ញារងម្នាក់នៃសាលាដំបូងរាជធានីភ្នំពេញបានបំភ្លឺតាមលិខិតចំហមួយថាករណីលោកសម្រេចដោះលែងមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន២៥នាក់នៅដើមខែកុម្ភៈគឺអនុវត្តតាមច្បាប់ទុកពេលឲ្យពួកគេទទួលការព្យាបាលនិង​កសាងខ្លួនឡើងវិញ។​​ លិខិតបំភ្លឺមួយច្បាប់នៅថ្ងៃទី៣ខែកុម្ភះរបស់លោក  អ៊ុំ សុភក្តី​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញឿនគឺជនដែលប្រើប្រាស់គ្រឿងញឿនគេចាត់ទុកថាជាជនរងគ្រោះហើយនីតិវិធីដែលត្រូវប្រើចំពោះជននោះគឺនីតិវិធីដោយឡែកខុសពីនីតិវិធីដែលត្រូវប្រើចំពោះឧក្រិដ្ឋជនដទៃទៀត។​ លិខិតបញ្ជាក់ទៀតថាការឃុំខ្លួនបណ្តោះអាសន្នមិនមែនជាវិធានការសមស្របនោះឡើយគឺត្រូវជំនួសវិញដោយការព្យាបាលហើយបើជននោះមិនទទួលការព្យាបាលទើបអយ្យការត្រូវចោទប្រកាន់តាមនីតិវិធីច្បាប់។​ លោក អ៊ុំ សុភក្តី ក៏បានបកស្រាយយោងតាមមាត្រា២០៤នៃក្រមព្រហ្មទណ្ឌដែលបានចែងថាការឃុំខ្លួនបណ្តោះអាសន្នបុគ្គលណាម្នាក់ករណីបទមជ្ឈឹមឬឧក្រិដ្ឋនោះអនុវត្តចំពោះតែករណីច្បាប់កំណត់ថាត្រូវជាប់ទោសស្មើឬលើសមួយឆ្នាំប៉ុណ្ណោះ។​ យោងតាមមាត្រានេះលោក អ៊ុំ សុភក្តី បញ្ជាក់ថាអ្នកប្រើប្រាស់សារធាតុញឿនខុសច្បាប់មិនមែនជាកម្មវត្ថុនៃការឃុំខ្លួនទេ។​ ការបកស្រាយបំភ្លឺរបស់លោក អ៊ុំ សុភក្តី នេះធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលមួយចំនួនរាជធានីភ្នំពេញលើកឡើងតាមបណ្តាញ​ព័ត៌មានក្នុងស្រុកថាពួកគេខិតខំបំពេញភារកិច្ចបង្ក្រាបបទ ល្មើសគ្រឿងញឿន ចាប់ជនប្រព្រឹត្តទាំងប្រឈមគ្រោះថ្នាក់តែត្រូវព្រះរាជអាជ្ញារងរូបនេះ​ដោះលែងទៅវិញ។​ អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា យល់ឃើញថាបញ្ហានេះអាចបណ្តាលមកពីមិនមានភស្ភុតាងគ្រប់សម្រាប់ដាក់បន្ទុកលើជនសង្ស័យនោះឬអាចមកពីព្រះរាជ្ញាទទួលផលប្រយោជន៍ពីជនសង្ស័យនោះហើយទើបដោះលែងវិញ។ លោកបន្តថា៖ “ការដោះលែងរបស់ព្រះរាជអាជ្ញារងឬតំណាងអយ្យការជូនកាលអាចមកពីភស្តុតាងពីសមត្ថកិច្ចទៅអត់មាំទាំអត់គ្រប់គ្រាន់ ប៉ុន្តែក៏អាចមានភាពមិនប្រក្រតីដែរជូនកាលភស្តុតាងមានគ្រប់គ្រាន់ហើយមាំទាំហើយតែដោយសារតែព្រះរាជអាជ្ញាឬតំណាងអយ្យការនោះប្រព្រឹត្តនូវអំពើមិនប្រក្រតីឬអំពើពុករលួយណាមួយ”។​ បុរសម្នាក់នៅរាជធានីភ្នំពេញសូមមិនបញ្ចេញឈ្មោះប្រាប់VODថាកាលពីចុងឆ្នាំ២០១៥ប្អូនរបស់លោកធ្វើដំណើរតាមដងផ្លូវ នៅម៉ោងប្រមាណ៩យប់ហើយត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារចាប់ខ្លួនដោយចោទថាពាក់ព័ន្ធការចែកចាយគ្រឿងញឿន។​ លោកបន្តថានៅពេលនោះទោះរកមិនឃើញភស្តុតាងថាប្អូនរបស់លោកពាក់ព័ន្ធគ្រឿងញឿនក៏សមត្ថកិច្ចនៅតែទារប្រាក់៣០០ដុល្លារហើយលោកក៏បានសម្របសម្រួលឲ្យត្រឹម១០០ដុល្លារទើបសមត្ថកិច្ចព្រមដោះលែងប្អូនរបស់លោក។ លោកបន្ថែមថា៖ ”គេប្រាប់យើងថាមានសាច់ញាតិប្រើប្រាស់គ្រឿងញៀនហើយយើងចង់ដោះស្រាយថាអាចដោះលែងបានអត់? ព្រោះករណីហ្នឹងអត់ហេតុផលទេយើងជាអ្នករងគ្រោះគេនៅតែទម្លាក់កំហុសថាយើងជាអ្នកទិញដូរហើយថាបើចង់ដោះស្រាយត្រូវការចំណាយលុយគេទារ៣០០ដុល្លារ”។ ​ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀនលោក កែ គឹមយ៉ាន ថ្លែងកាលពីថ្ងៃអង្គារថាការខ្វះចន្លោះក្នុងការដាក់ទោសដល់ឧក្រិដ្ឋកម្មគ្រឿងញឿនធំៗជាមូលហេតុធ្វើឲ្យបទល្មើលគ្រឿងញៀនបន្តកើតមានច្រើន​។​ លោក កែ គឹមយ៉ាន មិនបានបញ្ជាក់ថាមូលហេតុអ្វីខ្លះបានជាមានភាពខ្វះចន្លោះក្នុងការដាក់ទោសទណ្ឌលើឧក្រិដ្ឋជនគ្រឿងញឿនធំៗនោះទេ។​ តែទោះយ៉ាងណាប្រធានអង្គភាពប្រឆាំងអំពោះពុករលួយធ្លាប់ថ្លែងថាស្ថាប័នដែលប្រព្រឹត្តអំពើពុករលួយច្រើនជាងគេគឺក្រសួងមហាផ្ទៃបន្ទាប់មកស្ថាប័នតុលាការ។​ របាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនរកឃើញថា​ អ្នក​ប្រើប្រាស់គ្រឿងញៀនមានចំនួន១៦ ៥៧៥នាក់។ ក្នុងនោះអាជ្ញាធរអនុវត្តន៍ច្បាប់​បង្ក្រាបបទល្មើសគ្រឿង​ញៀនបាន៣០៦១គឺកើន១២៨.៩៤ភាគ រយ​ដែលឆ្នាំ​២០១​៤មាន​តែ១៣៣៧ករណី។ របាយការណ៍ដដែលឲ្យ ដឹងថាជនល្មើស ចំនួន៧០០៨នាក់(ស្រី ៨៥៣)ត្រូវបានឃាត់ខ្លួនគឺកើនឡើង១២៣.០៤ភាគរយ ហើយគ្រឿ​ងញៀនដែលពួកគេប្រើរួមមាន​ហេរ៉ូអ៊ីន អ៊ិចស្ដាស៊ី និងកូកាអ៊ីនដែល​សរុបទម្ងន់ជាង១តោន៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
អ្នកស្រាវជ្រាវរកឃើញថាវៀតណាមប្រើល្បិចបាញ់ថ្នាំលើដីស្រែពលរដ្ឋខ្មែរ

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 04:39 PM

ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានអះអាងថាវៀតណាមមិនគោរពកិច្ចព្រមព្រៀងជាមួយ​កម្ពុជា​និងចង់បានដីក្រហមនៅតាមព្រំដែនតាមរយៈការប្រើល្បិច​បាញ់ថ្នាំលើដីស្រែរបស់ពលរដ្ឋខ្មែរ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះស្តីពីលទ្ធផលមួយចំនួននៃការចុះស្រាវ​ជ្រាវតាមព្រំដែន លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវមានប្រសាសន៍ថាលោកបានចំណាយពេលជាង៧ខែដើម្បី​ចុះពិនិត្យ​មើល​បង្គោល​ព្រំដែន​លើចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ ក្នុង​ខេត្តចំនួន៤ គឺខេត្ត​ត្បូងឃ្មុំ កណ្តាល ស្វាយរៀងនិងកំពត។ លោកបន្តថាវៀតណាមនិងកម្ពុជាបានបោះបង្គោលចូលដីគ្នាទៅ​​វិញ​ទៅមក តែលោក​បដិសេ​ធមិនអត្ថាធិប្បាយថាចូលខាងប្រទេសណាច្រើនជាង។ លោក សុខ ទូច បានអះអាងថាវៀតណាមមិនគោរពកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរដែលឯកភាពគ្នា​ឲ្យ​ ពលរដ្ឋប្រទេស​ទាំងពីរ​រស់នៅ​ដីដែលកំពុងកាន់កាប់បច្ចុប្បន្ន​ បើទោះជាដីនោះចូលដីប្រទេសណាមួយក៏ដោយ​។ លោកបញ្ជាក់ថាវៀតណាមបានប្រើល្បិចចង់បានដីក្រហមដែលដាំកៅស៊ូពីប្រទេសកម្ពុជា ដោយដើរបាញ់​ថ្នាំលើដីដែលខ្លួនមិនចង់បាន។ លោកមានប្រសាសន៍ថា៖ “ប៉ុន្តែវាអកុសលដែលយើងបានទៅដល់នោះ វៀតណាមអត់គោរពនូវកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ហេតុអីកម្ពុជាធ្វើ? អ្នកឯងបាញ់ថ្នាំ។ ព្រោះអ្នកឯងនិយាយថា អ្នកណាធ្វើ នៅធ្វើត្រង់ណា ប៉ុន្តែវៀតណាមអត់គោរពទៅបាញ់ថ្នាំ ហេតុអីបានជាវៀតណាមបាញ់ថ្នាំ? ព្រោះវៀតណាមចង់ឲ្យកក្រើក ព្រោះដីកន្លែងហ្នឹងអត់ល្អ ចង់ឲ្យកម្ពុជាទាមទារទៅ រដ្ឋាភិបាលឈឺក្បាល ដូរដីជាមួយវៀតណាម ដូរដីអី ដូរដីក្រហម ដីដាំកៅស៊ូ“។ លោកបញ្ជាក់បន្ថែមថា៖ “វៀតណាគេឆ្លាត ខ្មែរដាំទៅបាញ់ ខ្មែរដាំទៅបាញ់ ដល់ពេលរដ្ឋាភិបាលឈឺក្បាល ទុកឲ្យដីនេះ ដូរទៅនោះ។ កុំ ខ្ញុំប្រាប់ថាកុំធ្វើអញ្ចឹង យើងធ្វើអ្នកចេះម្តងមើល។ នុះចម្ការកៅស៊ូ ដើមប៉ុនៗណាណី បានបងប្អូនយល់។ ខ្វះអ្នកពន្យល់ ខ្វះអ្នកឲ្យដឹង ពីព្រោះអី? អាជ្ញាធរលាក់បាំងខ្លាចបាត់អាដីកៅស៊ូខ្លួនឯង ពេលដកមក”។ ទាក់ទងនឹងដីទំហំជាង១៦ហិកតាក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកន្លងទៅ ប្រជាពលរដ្ឋចេញមុខតវ៉ា ប្រឆាំងនឹងការបាញ់ថ្នាំ​របស់​ពលរដ្ឋវៀតណាម លោក សុខ ទូច បកស្រាយថា៖ “ប៉ុន្តែវៀតណាមខិល អត់គោរពកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ វៀតណាមធ្វើរាប់ពាន់ហិកតានៅលើទឹកដីកម្ពុជា តើកម្ពុជាមានបាញ់​ថ្នាំដែរទេ? អត់ ហេតុអីខ្មែរធ្វើ១៦ហិកតា ទៅបាញ់? ព្រោះគេចង់បានដីអាក្រក់ដូរយកដីល្អ ដីចម្ការកៅស៊ូ”។ វីអូឌីបានផ្ញើអ៊ីម៉េលទៅសាកសួរក្រសួងការបរទេសវៀតណាម តែការស្នើសុំព័ត៌មានមិនទាន់មានការឆ្លើយតបនៅឡើយទេ។ នៅពេលសួរសំណួរទាក់ទងនឹងការលើកឡើងរបស់លោក សុខ ទូច ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានសើចនិងបង្វែរឲ្យសួរសំណួរនេះទៅលោកសុខ ទូច វិញ រួចនិយាយថាលោកជាប់ប្រជុំ។ លោក វ៉ា គឹមហុង ធ្លាប់​ឲ្យ​ដឹង​ថា​កម្ពុជានិងវៀតណាមបានបង្កើតអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី២៤ខែមេសា ឆ្នាំ២០១១ ស្តីពីការកែសម្រួលខ្សែព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួន ដោយយល់ព្រមរក្សាការកាន់កាប់ គ្រប់​គ្រងដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាយូរឆ្នាំមកហើយនោះ ទុកជូនគាត់ឲ្យនៅដដែល។​ លោក សុខ ទូច ឲ្យដឹងថា​ក្រុមការងារស្រាវជ្រាវរបស់​លោក​ធ្វើការ​ងារ​ដោយ​ឯករាជ្យ​និ​ងពិតប្រាកដ​ មិនស្ថិតនៅក្រោម​រដ្ឋា​ភិបាលនោះទេ។ លោក​បន្តថា​លោក​នឹង​ចងក្រងការរកឃើញនេះ ដាក់ជូន​រដ្ឋាភិបាល តែ​លោកថា​ការ​ទទួល​យក​ការស្រាវជ្រាវនេះ​ឬ​យ៉ាងណា អាស្រ័យ​លើ​រដ្ឋាភិបាល។ អានអត្ថបទ...  លោក​ ហោ ណាំហុង ចេញមុខ​ការពារ​​លិខិត​របស់លោក​ដែល​ថាប្រជាជនខ្មែរ​​ដាំដំណាំលើដីវៀតណាម​   ក្រសួង​ការបរទេស​កម្ពុជា​រកឃើញ​​ថា​កសិករខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ដាំដំណាំ​ចូល​ទឹក​ដី​វៀតណាម​  គួរបញ្ជាក់​ថា​បន្ទាប់ពីមានបញ្ហាចម្រោងចម្រាសនៃការបាញ់ថ្នាំលើដីស្រែរបស់ពលរដ្ឋខ្មែរ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានចេញលិខិតមួយ ចុះ​ខែមេសា ឆ្នាំ២០១៥ ដាក់ទៅរដ្ឋសភាចុះ ដោយលើកឡើងថាប្រ​ជាពលរដ្ឋកម្ពុជា​បានកាន់កាប់ជាក់ស្តែងចំនួន១០០ហិកតាចូលដីវៀតណាមហើយគណៈកម្មាធិការព្រំដែនក៏បានឯកភាពជាមួយភាគី​វៀតណាមកែសម្រួលខ្សែព្រំដែននៅចន្លោះបង្គោល៩៤និង៩៥ទៅតាម​ខ្សែព្រំដែន ដែលប្រជាជនកម្ពុជាបានកាន់កាប់ជាក់ស្តែង ស្របតាមMOUឆ្នាំ២០១១។ លិខិតបញ្ជាក់ថា៖ “ប៉ុន្តែនៅពេលថ្មីៗនេះ ក្នុងឆ្នាំ២០១៥ ពលរដ្ឋយើងបានដាំដំណាំចូល​ដីវៀតណាមចំនួន១៦,៦ហិកតាថែមទៀត ដែលនាំឲ្យវៀតណាមមានប្រតិកម្មបាញ់ថ្នាំពុលលើដីដំណាំកសិករយើង”៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
តុលាការ​ចោទប្រកាន់​សកម្មជនអារ៉ែង​លោក អាឡិច ពីបទសមគំនិត​

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 10:21 AM

ភរិយារបស់សកម្មជន​ចលនាមាតាធម្មតា​ឲ្យ​ដឹង​ថា​​តុលាការ​ខេត្តកោះកុងបាន​សម្រេចចោទប្រកាន់​សកម្មជនអារ៉ែង លោក លោក​អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson)ដែលត្រូវបានបណ្តេញចេញពីប្រទេស​កម្ពុជា​និង​ព្រះសង្ឃពីរអង្គទៀតថា​​ជាប់ពាក់ព័ន្ធនឹងការសមគំនិត។​ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំសំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយ​ចោទប្រកាន់​ពីបទ​គំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​។​ លោក​អាឡិចដែលជាជនជាតិអេស្ប៉ាញ​​ត្រូវ​បាន​ចាប់ខ្លួនកាលពីថ្ងៃទី​២៣​ខែ​កុម្ភៈ ឆ្នាំ២០១៥ ​ ហើយ​ត្រូវ​បាន​បញ្ជូន​ចេញ​​ពី​ប្រទេស​កម្ពុជា​ភ្លាមៗ ក្រោយ​ពី​លោក​ចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។​ អ្នកនាង​ ថា សុភា អាយុ​២២ឆ្នាំ ប្រាប់វីអូឌីថា​អ្នក​ស្រីបាន​ទៅ​សួរ​សុខទុក្ខ​ប្តីរបស់អ្នក​នាង ឈ្មោះ ស៊ីម សំណាង កាលពីថ្ងៃទី​៣០ខែមករា ដោយប្តីប្រាប់ថា​ចៅក្រមស៊ើបសួរ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​លើករណីនេះ តែលោក​មិនទាន់ដឹង​ថា​តើ​ពេលណា​នឹង​បើកសវនាការ​ជំនុំជម្រះនោះទេ។ អ្នកស្រីបន្តថា​បើតាមប្តីរបស់​អ្នកស្រី មនុស្សបីនាក់ទៀតត្រូវបានចោទប្រកាន់​ថាសមគំនិតនឹងរឿងនេះ គឺមាន​លោក អាឡិច និងព្រះសង្ឃពីរអង្គដែលអ្នកស្រីថា​ធ្លាប់ចេញមុខការពារតំបន់អារ៉ែងនិងការបូមខ្សាច់។ បើតាម​អ្នកនាង  ថា សុភា ​ព្រះសង្ឃពីរអង្គនោះមាន​មួយអង្គគង់នៅ​វត្តឱរ៉ាល់និង​មួយ​អង្គទៀតនៅតំបន់​អារ៉ែង តែ​អ្នក​នាងថាមិនស្គាល់ឈ្មោះនោះទេ។​ អ្នកនាង​ប្រសាសន៍ថា៖ “ប្តីរបស់ខ្ញុំថាគាត់ឃើញ(ឯកសារ​)​និងផ្តិតមេដៃ​លើឯកសារ​ដែល​បញ្ចប់ការស៊ើបអង្កេត​និងចោទថាសមគំនិត​លើ​បីនាក់ទៀត”។​ វីអូឌី(VOD)បានព្យាយាមទាក់ទង​ទៅ​ចៅក្រមស៊ើបសួរ លោកស្រី​ ឈុន​ ដាវី ដែលកាន់សំណុំរឿងនេះនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ តែ​លោក​ស្រីមិនលើកទូរស័ព្ទ។​ លោក អាឡិច ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថា​លោក​បានទទួល​ព័ត៌មាននេះ​ពីភរិយា​សកម្មជន​ដែលកំពុងជាប់ពន្ធនាគារ។​លោក​បាន​ច្រានចោលការចោទប្រកាន់នេះ។ លោកមានប្រសាសន៍ថា​៖ “ខ្ញុំគិត​ថា​ការចោទប្រកាន់ជាការចោទប្រកាន់មួយ​អត់មានមូលដ្ឋាន​ដែលខ្ញុំមិនអាចទទួលយកបាន ដោយ​សារ​យុទ្ធនាការដែលយើង​បាន​ធ្វើ​ ប្រឆាំងនឹង​ការបូមខ្សាច់គឺជាយុទ្ធនាការមួយ ដែលស្របតាមច្បាប់ហើយ​ស្រ​បនឹង​រដ្ឋធម្មនុញ្ញ​ហើយក៏ស្របតាមឆន្ទៈនិងមនសិការរបស់សកម្មជន​មាតាធម្មជាតិផងហើយក៏ជាតម្រូវការរបស់ប្រជាជនមូលដ្ឋានដែល​ទទួលបានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតរយៈពេល៧ឆ្នាំ​ហើយ”។ លោកបញ្ជាក់ថា​លោក​មាន​បំណង​ទាមទារ​សិទ្ធិរបស់​លោក​មកកម្ពុជា ដើម្បីបំភ្លឺនៅតុលាការ​និង​ប្រឆាំងនឹង​ការ​ចោទប្រកាន់នេះ។​ លោក​មានប្រសាសន៍​ថា៖ “យោងតាមរដ្ឋធម្មនុញ្ញ យោងតាមនីតិវិធីនៃក្រមព្រហ្មទណ្ឌ យោងតាម​កតិកាសញ្ញា​អន្តរជាតិមួយចំនួន​ខ្ញុំត្រូវតែមានសិទ្ធិចូលរួមនៅក្នុងសវនាការ​ គេមិនអាចកាត់ខ្ញុំទេ បើសិនជា​ខ្ញុំអត់ចូលរួមទេ។ ខ្ញុំមិនគេចទេ ខ្ញុំទាមទារត្រឡប់ទៅវិញ ដើម្បី​ចូល​រួម និងការពារក្តី ដោយ​សារ​ការចោទប្រកាន់នេះជាការចោទប្រកាន់មួយ​អត់​មានមូលដ្ឋាន ហើយ​គ្រាន់តែ​ជា​ការគាបសង្កត់មួយ​លើសកម្មជនការពារ​ព្រៃឈើ”។​ គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។ អានអត្ថបទ....  លោក ស ខេង ថា​ការ​បណ្តេញ​លោក​អាឡិច​មិន​មែន​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​នោះទេ   សកម្មជនអារ៉ែង លោក អាឡិច ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជាហើយ​  ទាក់​ទង​នឹង​ការ​បណ្តេញ​លោក​អាឡិច​ចេញ​ពី​ប្រទេស​កម្ពុជា ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់លើក​ឡើង​ថា​លោក​អាឡិចបាន​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈនិង​រារាំង​ដល់​ការ​សិក្សា​នៅ​តំបន់​អារ៉ែង មុន​ឈាន​​ទៅ​ដល់​ការ​ស្ថាបនា​ទំបន់​វារីអគ្គិសនី។ លោក អា​ឡិច បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ឆ្នាំនិ​ង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់​លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថាមាតា​ធម្មជាតិដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To