ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

បក្សកាន់អំណាចនៅកម្ពុជាសាទរបក្សកុម្មុយនិស្តវៀតណាមដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេស

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 10:15 AM

គណបក្សប្រជាជនកម្ពុជាត្រូវបានរាយការណ៍មកថាបានបញ្ជូនលិខិតអបអរសាទរបក្សកុម្មុយនីស្តវៀតណាមស្របពេលប្រទេសជិតខាងកម្ពុជាមួយនេះទើបបិទបញ្ចប់មហាសន្និបាតបក្សដោយកំណត់យុទ្ធសាស្ដ្រអភិវឌ្ឍន៍ប្រទេសជាតិ៥ឆ្នាំទៅមុខទៀត។ ទីភ្នាក់ងារសាព័ត៌មានវៀតណាម VNA បានរាយការណ៍នៅថ្ងៃម្សិលមិញថាសារអបអរសាទររបស់គណបក្សប្រជាជនកម្ពុជាបានសម្ដែងនូវការវាយតំលៃខ្ពស់នៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។  តាមប្រភពដដែលនេះសាររបស់គណបក្សប្រជាជនកម្ពុជាបានសំដែងការដឹងគុណបក្សកុម្មុយនីសវៀតណាមកងទ័ពវៀតណាម ប្រជាជនវៀតណាមដែលបានជួយរំដោះប្រទេសជាតិកម្ពុជាហើយដែលបានបន្ដការគាំទ្រឲ្យមានការស្ថាបនាជាតិការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។ VNA​ របស់វៀតណាមបានឲ្យដឹងទៀតថាគណបក្សប្រជាជនកម្ពុជាក៏បានសំដែងនូវការប្ដេជ្ញាចិត្តដើម្បីបន្ដរឹតចំណងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការទូលំទូលាយជាមួយនិងប្រទេសវៀតណាមដើម្បីជាបុព្វហេតុនៃប្រទេសជាតិនិងប្រជាជនប្រទេសទាំងពីរ។ មេដឹកនាំវៀតណាមនិងមេដឹកនាំកម្ពុជានៃគណបក្សប្រជាជនកម្ពុជាតែងតែដោះដូរប្រតិភូធ្វើទស្សនៈកិច្ចជាមួយគ្នាជាញឹកញាប់រយៈពេលចុងក្រោយនេះស្របពេលការផ្ទុះការតវ៉ាករណីមួយដែលក្រុមបក្សប្រឆាំងនៅកម្ពុជា​ចោទថាការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២បណ្ដាលឱ្យកម្ពុជាបាត់បង់ដីទៅវៀតណាម ប៉ុន្តែមន្ត្រី កិច្ចការព្រំដែនកម្ពុជាបដិសេធ៕ ប្រភព:VNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
រដ្ឋាភិបាល​ចេញមុខការពារ​សេចក្តីសម្រេច​ឲ្យ​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី បង់ថ្លៃ​​សម្បទានដី​សេដ្ឋកិច្ច​

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 09:07 AM

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ បានអះអាង​ថា​​ក្រុមហ៊ុន ម៉ុង ឫទ្ធី ​មិនទាន់​បានបង់ថ្លៃ​សម្បទានដី​សេដ្ឋ​កិច្ច​សម្រាប់​ឆ្នាំ​២០១១-២០១២និង​ឆ្នាំ​២០១៣-២០១៤ ដោយ​លោក​ចាត់ទុកថាសេចក្តីសម្រេច​របស់​រដ្ឋាភិបាល​​ឲ្យ​ក្រុមហ៊ុនម៉ុង ឫទ្ធី ​បង់ថ្លៃដី​សម្បទាន“មិនមានខុសបច្ចេកទេស”អ្វីនោះទេ។​ ភាពចម្រូងចម្រាស​រវាង​រដ្ឋាភិបាល​និង​លោក ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្ស​ប្រជាជនកម្ពុជា​​និង​ជា​ប្រធាន​​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​​កើត​ឡើ​ង​បន្ទាប់ពី​រដ្ឋាភិបាលបានចេញសេចក្តីសម្រេច​​និង​ការ​ព្រមាន​​មួយចុះថ្ងៃទី​៦ខែវិច្ឆិកា ឆ្នាំ​២០​១៥​ ​ឲ្យ​ក្រុមហ៊ុនម៉ុង ឫទ្ធី ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំ​កសិ​ឧស្សា​ហកម្ម​នៅខេត្តព្រះសីហនុ​ បង់​ថ្លៃដីសម្បទានសេដ្ឋកិច្ច។​ ​ រដ្ឋាភិបាល​មិន​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ត្រូវបង់ថ្លៃដីសម្បទានសម្រាប់ឆ្នាំណា​នោះទេ។​ នៅក្នុងហ្វេសប៊ុក​របស់​ក្រសួងកសិកម្ម អ្នកនាំពាក្យ​ក្រសួង​កសិកម្មនិង​ជា​រដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ាង​ សុផល្លែត បានសរសេរកាលពីថ្ងៃ​ពុធ​ថា​រដ្ឋាភិបាល​បានសម្រេចទុករយៈពេលបីខែ ដើម្បីឲ្យ​ក្រុមហ៊ុនបង់ថ្លៃសម្ប​ទានសេដ្ឋកិច្ចជូនរដ្ឋ ដែល​លោកថា​គឺ​សំដៅ​លើឆ្នាំ​២០១១-២០១២និង​២០១៣-២០១៤។​ លោក​បញ្ជាក់ថា ៖ “ដោយផ្អែកតាមខ្លឹមសារខាងលើនិងផ្អែកទៅលើលិខិតលេខ៣៣៧៥ កសក ចុះថ្ងៃទី០៨ ខែមិថុ​នា ឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខ្ញុំបានលើកឡើងថាក្រុមហ៊ុនរបស់លោក​ឧកញ៉ាមិនទាន់បានបង់ថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ចទេ។ នោះគឺសំដៅទៅដល់ថ្លៃដីសម្បទាន​​សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១១-២០១២និងឆ្នាំ២០១៣-២០១៤ ដែលក្រុមហ៊ុននេះមិនទាន់បានបង់ជូនរដ្ឋនៅឡើយ”។ លោក​បន្ថែមថា៖ “ខ្ញុំយល់ថាការសម្រេចរបស់រាជរដ្ឋាភិបាលនិងការលើកឡើងរបស់ខ្ញុំនេះគឺមានទឡ្ហីករណ៍គ្រប់គ្រាន់និងមិនមានខុសបច្ចេកទេស ឬយ៉ាងម៉េចនោះទេ”។ បន្ទាប់ពី​មានភាពចម្រោងចម្រាសលើ​ការ​បង់ថ្លៃដីសម្បទាន​នេះ​ លោក ម៉ុង ឫទ្ធី បាន​ប្រើទំព័រហ្វេសប៊ុក​រប​ស់​លោក​ឆ្លើ​យ​តបភ្លាមៗនឹង​សេចក្តីសម្រេច​របស់រដ្ឋាភិបាល​។ លោក​បាន​សរសេរ​ថា​នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៥ ក្រុមហ៊ុន​បានបង់ប្រាក់ជិត២៦ម៉ឺន​ដុល្លារ​ទៅធនាគារកាណាឌីយ៉ា​ ហើយ​នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ ក្រុមហ៊ុន​បានបង់ប្រាក់ជាង៨ម៉ឺន​ដុល្លារ​ចូលធនាគារជាតិនៃកម្ពុជា។ លោក ម៉ុង ឫទ្ធី សរសេរបន្តថា៖ “ចំពោះអ្នកដែលធ្វើខុសគួរណាស់តែហ៊ាន​ចេញមុខមកបកស្រាយថាខុសបច្ចេកទេសឬយ៉ាងម៉េច ខ្ញុំមិនដឹងទេ ទុកមុខមាត់កិត្តិយសឲ្យ​ខ្ញុំខ្លះផង។ បើអ្នកវិនិយោគ​ដួលរលំតើឲ្យ​បុគ្គលិកកម្មករគ្នាទៅឯណា? ខ្ញុំមិនចង់បកក្តាមបង្ហាញអាចម៍ឲ្យ​គេឃើញតទៅទៀតទេ”។ លោក​បញ្ជាក់ថា៖ “សម្រាប់ពេលនេះយើងមិនគួរ​នាំគ្នាបង្កើតរឿងដែលអត់ប្រយោ​ជន៍នោះទេ យើងត្រូវតែនាំគ្នាជួយរកទីផ្សារលក់​កសិ​ផលឲ្យ​​បានតម្លៃខ្ពស់ជូនកសិករយើងវិញប្រសើរជាង”។​ អនុប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប លោក តាន់ មុនីវណ្ណ ទទួលស្គាល់​ថា​ក្រុមហ៊ុននៅមិនទាន់បានបង់ថ្លៃដី​សម្បទានសេដ្ឋកិច្ចជូនរដ្ឋសម្រាប់ឆ្នាំ២០១១-២០១២ និង២០១៣-២០១៤ នោះទេ ដោយ​លោកថាក្រុមហ៊ុន​កំពុងរៀបចំនីតិវិធីបង់ថ្លៃឈ្នួលនេះឲ្យបានចប់នៅក្នុងឆ្នាំ ២០១៦នេះ។ លោកបញ្ជាក់ថាភាពយឺតយ៉ាវក្នុងការបង់ប្រាក់នេះ ដោយសារតែរដ្ឋាភិបាលទើបតែឯកភាពឲ្យមានការបង់ថ្លៃឈ្នួលនេះក្នុងឆ្នាំ២០១៥។ លោកប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ​៖ “បាទកំពុងរៀបចំបង់ហើយ តាមពិតទៅមិនមែនទើបរឿងព័ត៌មានកើតឡើងអ៊ីចឹងទៅបានខ្ញុំបង់ទេ តាមពិតទៅនីតិវិធីរួចហើយ ប៉ុន្តែគ្រាន់តែវាចុងឆ្នាំ ចុងឆ្នាំវាបិទបញ្ជី បាទបិទបញ្ជីវាបង់អត់ទាន់...ខ្ញុំប្រហែលជាព្យាយាមឲ្យចប់ក្នុងឆ្នាំ២០១៦នេះ ព្រោះលុយសល់ប្រហែលជា៥ម៉ឺន(ដុល្លារ)ពីរដងទៀតហ្នឹង”។ នៅក្នុងសេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ដែលវីអូឌី(VOD)ទទួលបាន រដ្ឋា​​ភិបា​ល​បានលើកឡើង​ថាអនុ​ញ្ញាត​ឲ្យ​ក្រុមហ៊ុនម៉ុងឫទ្ធីដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ​​សីហនុ បន្តនីតិវិធីដោយទុករយៈពេល៣ខែ ដើម្បីឲ្យក្រុមហ៊ុនបង់ថ្លៃសម្ប​​ទានដី​សេដ្ឋកិច្ចជូនរដ្ឋនិងកែសម្រួល​រយៈពេលវិនិ​យោគ​ពី៧០មក៥០ឆ្នាំវិញនិងចុះកិច្ចសន្យាឡើងវិញ​។ សេចក្តីសម្រេច​បន្តថាប្រគល់ជូនក្រសួង​កសិកម្មនិងអាជ្ញាធរខេត្តព្រះសីហនុត្រួត​ពិនិត្យតាមដានអំពីវឌ្ឍនភាពរបស់​ក្រុមហ៊ុននេះឲ្យបានហ្មត់ចត់បំផុត។ សេចក្តីសម្រេច​បាន​បញ្ជាក់ថា៖ “ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវក្នុងរយៈពេលកំណត់ខាងលើ ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងដើម្បីមានវិធានការ​។…ប្រគល់ជូនកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើការព្រមានក្រុមហ៊ុនម៉ុងឫទ្ធី វិនិយោគទុន ដំណាំ​ដូងប្រេងកម្ពុជា ដែលបានឈូសឆាយដីដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ”។​ បើ​តាម​សេចក្តី​សម្រេចនោះ រដ្ឋាភិបាល​ក៏បានបញ្ជាក់ឲ្យ​ក្រុមហ៊ុន​បង់​ថ្លៃ​ដីសម្បទានសេដ្ឋកិច្ចដាំដូឡូងមីនៅខេត្តព្រះ​សី​ហនុ ក្នុងស្រុកព្រៃនប់ផងដែរ។ លោក ម៉ុង ឫទ្ធី ធ្លាប់​បាន​ប្រាប់វីអូឌីថា​ក្រុមហ៊ុន​មិនបានបង់​ប្រាក់លើដី​សម្បទានសេដ្ឋកិច្ចនោះទេ ដោយ​លោក​ថាមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការបង់​។ លោក​មានប្រសាសន៍ថា៖ “វាអត់ទាន់ច្បាស់លាស់ថាបង់យ៉ាង​ម៉េចអីយ៉ាងម៉េច ឲ្យច្បាស់លាស់មក ក្រុមហ៊ុនចាំតែបងទេ មិនដឹងនីតិវិធីច្បាស់លាស់”។ លោក​ក៏​បានច្រានចោលថាក្រុម​ហ៊ុនមិនបានឈូសឆាយដីដូច​ក្នុង​លើក​ឡើងនៅក្នុងសេចក្តីសម្រេច​​របស់រដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា៖ “ឈូសស្អី បើ​អត់មានដីឈូសផង។ ដូងប្រេងហ្នឹង​ដាំហើយតាំងពីមុនឆ្នាំ២០០០។ ឥឡូវ១៦ឆ្នាំហើយ យកមកនិយាយផេះស្អី។ ខ្ញុំអត់ដឹងទេ គេសរសេរសរសេរទៅ ខ្ញុំអត់ដឹងផង”។ អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា  លោក សុន ឆ័យ ចាត់ទុកយន្ត​​ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជា”យន្តការខុសច្បាប់”ដោយលោកថាមិនមាននីតិវិធីច្បា​ស់លា​ស់ហើយការអនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យា។ លោកបន្តថាក្នុងឆ្នាំ២០១៤ រដ្ឋាភិបាល​អះ​អាង​​ថា​ប្រមូលចំណូល​បានប្រមាណ៥លាន៥សែនដុល្លារ ដែលលោកចាត់ទុកចំណូលនេះតិចតួចបំផុត​​។​ លោកស្នើឲ្យរដ្ឋាភិបាលប្រមូលដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់មកវិញ​និងទុកឲ្យមានការដុះព្រៃឈើនិង​ចែកជូនប្រជាពលរដ្ឋដែលខ្វះដីរស់នៅ។ បើតាមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ចំណូលពីការផ្តល់​ដីសម្បទានសេដ្ឋ​កិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ មានចំនួនជាង៤៧លានដុល្លារអាមេរិក សម្រាប់រយៈពេល​៣ឆ្នាំ(២០១១- ២០១៤) ។ របាយការណ៍ឲ្យដឹងថាគិតត្រឹមដើមខែមករា ឆ្នាំ២០១៥ ផ្ទៃដីសម្បទានសេដ្ឋ​កិច្ចដែលបានចុះកិច្ចសន្យាមានចំនួន២០៥ក្រុមហ៊ុនលើផ្ទៃដីសរុប១៣៥៩៦៥៦ហិកតា។ របាយការណ៍បញ្ជាក់ថា​តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្បទានិកត្រូវបង់ថ្លៃឈ្នួលសម្ប​ទានដីចំនួន៥ដុល្លារ​អាមេ​រិកក្នុងមួយហិកតាក្នុងមួយឆ្នាំនៃផ្ទៃដីសរុប ដែលបានអនុញ្ញាតឲ្យឈូសឆាយ ដោយគិតពីឆ្នាំទី៦ទៅ ហើយថ្លៃសម្បទានដីត្រូវកើន១ភាគរយក្នុងមួយឆ្នាំដោយគិតចាប់ពីឆ្នាំទី៧។ ក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ចត្រូវបង់ប្រាក់កក់១០ដុល្លារក្នុងមួយហិកតានៃទំហំដី ដែលបានបានផ្តល់ជូនបន្ទាប់ពីចុះកិច្ចសន្យាក្នុងរយៈពេលមួយខែ។ ប្រាក់កក់ចំនួន៧០ភាគរយនឹងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលមានការដាំដុះចប់សព្វគ្រប់តាមផែនការមេ។ ប្រាក់កក់ចំនួន៣០ភាគរយដែលនៅសល់គឺសម្រាប់ទូទាត់ថ្លៃសម្បទានដីនៅចុងគ្រានៃកិច្ចសន្យា៕ អានអត្ថបទ៖  រដ្ឋាភិបាលឲ្យក្រុមហ៊ុនម៉ុងឫទ្ធី បង់ថ្លៃដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពី​វិនិយោគ​ជិត​២០ឆ្នាំ​  សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.comនិង​លោក ទូច សុខា តាមរយៈsokha@vodhotnews.com

[អានបន្ត]
ក្រុមគ្រួសារថាករណី​​ទណ្ឌិត​ស្លាប់ដោយចងក​នៅក្នុងគុកជា​អំពើឃាតកម្ម

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 12:45 PM

ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់កាលពីព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ​ បាន​អះអាង​ថា ​ជនរងគ្រោះ​មិនមែនស្លាប់​ដោយ​សារ​អត្តឃាតនោះទេ ដោយ​ថា​មាន​ការ​វាយធ្វើ​ទារុណក​ម្ម​មុន​ពេល​ស្លាប់​។​ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៦ឆ្នាំ ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺកាលពីថ្ងៃទី​១ខែកុម្ភៈ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។ លោក តូច​ វណ្ណារ៉ា ដែលត្រូវ​ជា​បងប្រុស​បង្កើត​របស់​ជនរងគ្រោះនិង​រស់នៅភ្នំពេញ បានប្រាប់វីអូឌីនៅថ្ងៃពុធនេះ​ថាមុន​ពេលស្លាប់ ប្អូនប្រុសរបស់លោក​បាន​ហៅទូរស័ព្ទមក​រូប​លោក​គឺនៅល្ងាចម៉ោង​ប្រមាណ​៦ ថ្ងៃទី​៣១ខែមករា ដោយ​សុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោក​បន្តថា​ប្អូនប្រុសប្រាប់ថា​មានគេធ្វើបាបនិង​វាយ​របួសកញ្ចឹង​​ក ដូច្នេះសុំ​លុយដូរបន្ទប់។​​ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា​)ធ្វើបាបវាខ្លាំង​​ណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក​៥០រៀល(ដុល្លារ) ហើយ​ឲ្យខ្ញុំ​​ពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា​”។ លោក​បញ្ជាក់ថាប្អូន​ប្រុសបានលើកឡើងថា​អ្នកដែលវាយនោះមានឈ្មោះ​ថា”​អា​ឃីង”។ លោក​ តូច វណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​លោក​បានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារ​​មិនអាច​ទៅភ្លាមៗនោះទេហើយថា​​មិន​ទាន់ហ៊ានសន្យា​ដោយ​សារនៅឆ្ងាយ​និង​​​អត់លុយ​​។ លោក​ប្រាកដ​ថាការស្លាប់​នេះ​ជា​ករណីការ​វា​យធ្វើបាបដល់​ស្លាប់។ លោក​មានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើ​សម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ ​អត់ទេ អត់​មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំ​ហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់​រ​ស់ និយាយ​ត្រង់”។​ បងប្រុសបង្កើតម្នាក់ទៀត​របស់​ជនរងគ្រោះ លោក តូច វណ្ណារិទ្ធ ដែល​បាន​ទៅទទួលសាកសពលើកឡើង​ថា​លោក​មិនអស់ចិត្ត​នឹង​ករណីនេះ ដោយ​លោក​ថាកនៃសាកសព​ទន់និង​មានស្នាមជាំ​នៅ​លើ​ស្មាខាង​ក្រោ​​យទាំងសងខាង។ លោក​ថា​លោក​កំពុងតែពិភាក្សាជាមួយគ្រួសារដើម្បីដាក់ពាក្យ​បណ្តឹង​ឲ្យ​មានការ​ស៊ើបអង្កេតឡើងវិញ។​ ​បើតាមក្រុមគ្រួសារ​ សាកសពទណ្ឌិតរូបនោះត្រូវបានបូជាក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃ​ទី​២ខែកុម្ភៈ។ បើតាម​ដីកាសម្រេចដែលវីអូឌីទទួលបាន​ ទណ្ឌិតម្នាក់នោះត្រូវបាន​តុលាការ​រាជធានីភ្នំពេញកាត់ទោសឲ្យ​ជាប់​ពន្ធនាគារបីឆ្នាំ​ពីបទ​ជួញដូរ​ដោយខុសច្បាប់​នូវសារធាតុញៀន​។ លោកត្រូវបាន​ឃុំខ្លួននៅពន្ធនាគារ​​ព្រៃស កាលពីថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រុមគ្រួសារអះអាង​ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនៅភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់។ លោកមិនអាច​បញ្ជាក់​ពេលវេលានៃការផ្លាស់ប្តូរ​នោះទេ។ លោក​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារចំនួន​១ឆ្នាំ​៤ខែ​ទៀត។​​ ប្រធានមណ្ឌលអប់រំកែ​ប្រែទី៤ដែល​ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ​ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន បានបដិសេធ​នឹង​ការលើកឡើងថា​មាន​ការ​ធ្វើ​ទារុណកម្ម​ទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោក​ក៏បានច្រានចោលព័ត៌មានថា​មានការ​បង់លុយ​៥០ដុល្លារ​សម្រាប់​ការប្តូរបន្ទប់​។ លោក​ចាត់ទុក​ការអះអាង​នេះ​ជា​រឿងបំផ្លើស​របស់​ទណ្ឌិត។​ លោក​មានប្រសាសន៍ថា៖ “គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិ​តទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ​ តិចទារ ដល់ពេល​ទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បី​ឲ្យ​គ្រួសារផ្ញើលុយឲ្យ​”។​ លោក​បដិសេធមិនអត្ថាធិប្បាយ​ថា​តើជនរងគ្រោះមានរបួសកនិងស្មា​មុន​ពេលស្លាប់ ដោយ​បង្វែរសំណួរទៅក្រុមស៊ើបអង្កេត។​ ប្រធានមណ្ឌលកែប្រែ​រូបនេះ​ធ្លាប់ប្រាប់វីអូឌីថាទណ្ឌិត​មានជម្លោះតិចតួចជាមួយ​អ្នក​ជាប់ពន្ធនាគារដូចគ្នា។ នាយរងការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត​ លោក ថាច់ ទីន ដែលចូលរួមការ​ស៊ើបអង្កេត​នេះ បដិសេធ​មិន​អត្ថាធិប្បាយបន្តនៅពេលសួរ​រឿងពីរបួសស្នាមលើសាកសព ដោយ​ថា​លោកបានសំណុំរឿងនេះ​ទៅ​តុលា​​ការ។ លោក​បញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”។ ទោះជាយ៉ាងណា ពេល​សួរ​បន្តទៀត លោក​ថា​លោក​មិនទាន់​បាន​បញ្ជូនសំណុំរឿងទៅតុលាការ​នៅឡើយ​​ទេ ហើយ​កំពុងតែ​បូកសរុបរបាយ​ការណ៍។ បើតាមរបាយការណ៍​របស់​លោក ថាច់ ទីន ដែលវីអូឌីទទួលបាន ទណ្ឌិត​បាន​ចងកនឹង​ចំរឹង​ដែក(ខ្យល់ចេញចូល) ដែលមាន​កម្ពស់​​​ប្រវែង​១,៨០​ម៉ែត្រ​មក​ដល់ផ្ទៃចាក់សាប។ របាយការណ៍​បញ្ជាក់​ថា​ទណ្ឌិត​បាន​ចងក​នឹង​កន្សែង​ពណ៌​​​ត្រួយ​ចេក​ប្រវែង​១,៦៦ម៉ែត្រ។ មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ប្រាប់វីអូឌីនៅថ្ងៃពុធនេះ​ថាលោក​នៅតែសង្ស័យថា​ជាករណីឃាតកម្ម ដោយ​លោកថា​តាមការស្រាវជ្រាវ គឺថា​មានឈាមនៅលើសាកសព។ លោកមានប្រសាសន៍ថា៖ “យើង​នៅតែសង្ស័យ​ថា​ជាករណីឃាតកម្ម ដោយសារតាមការធ្វើកោសល្យវិច័យ​ វាមានឈាមលើសាកសព វាជាចំណុចមួយ​ដែលគួរឲ្យ​សង្ស័យ មិនអាច​ស្រមោចខាំឲ្យ​ចេញឈាមទេ។ វាជាមន្ទិល ករណីហ្នឹង​មិនមែន​ជា​ករណីអត្តឃាត វាជាករណីមនុសឃាត”។ លោក​បន្ត​ថា​លោក​​ធ្លាប់​ទទួល​ព័ត៌មានពីទណ្ឌិតមួយចំនួន​​ថា​ក្នុងករណីទណ្ឌិត​ចង់ដូរបន្ទប់ ទាល់តែ​មានការបង់លុយមួយចំ​នួន​​ទៅ​ប្រ​ធា​ន​ព​ន្ធនាគារ​ឬ​ប្រធាន​បន្ទប់​ដែលជាប់ឃុំឃាំង។ លោក​បញ្ជាក់ថា​បើ​ក្រុមគ្រួសារ​ស្វែង​រកជំនួយពីសមាគមអាដហុក អង្គការ​នឹង​រៀបចំនីតិវិធី​ជំរុញ​ឲ្យ​មានការស៊ើបអង្កេតឡើងវិញ៕ អានអត្ថបទ៖  ទណ្ឌិតម្នាក់​នៅខេត្តពោធិ៍សាត់ត្រូវប្រទះឃើញស្លាប់ដោយចងក  សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
តំណាងរាស្រ្តបក្សប្រឆាំងបំភ្លឺជាថ្មី​​រឿងកិបកេងប្រាក់ពេលពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 11:04 AM

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ​បាន​ចេញលិខិត​បំភ្លឺមួយ​ទៀត​ទៅកាន់​អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ​រឿងចោទប្រកាន់​កិបកេងលុយពីក្រៅប្រទេសដើម្បី​​ចុះពិនិត្យ​មើលព្រំដែន​កម្ពុជា-វៀតណាមកាលពី​ខែមិថុនា ឆ្នាំ២០១៥។​ លោក រៀល ខេមរិន្ទ្រ ធ្លាប់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលបង្គោលព្រំដែន​លេខ២០២និង២០៣ ក្នុងខេត្ត​ស្វាយរៀងចំនួន២ដងរួចមកហើយ។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ តំណាងរាស្ត្របក្សសង្គ្រោះ​ជាតិបានដឹកនាំប្រជាពលរដ្ឋចុះពិនិត្យព្រំដែនក្នុងខេត្តស្វាយរៀង ប៉ុន្តែការចុះត្រួតពិនិត្យ​នេះ​​បណ្តា​លឲ្យមាន​ហិង្សាហើយប្រជាពលរដ្ឋទាំងសងខាងរងរបួស​។​ លិខិត​ដែលដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ​ចុះថ្ងៃទី​២០ខែមករា លោក រៀល ខេមរិន្ទ្រ​បាន​លើក​ឡើង​ថា​លោក​បាន​ទទួល​ថវិកាពីសប្បុរសជន​ក្រៅប្រទេស​គឺសហរដ្ឋអាមេរិក ប្រទេស​បារាំង ​អ្នក​រត់តាក់ស៊ី​និងបូក​​ការចំណាយ​​ថវិកា​របស់​លោក​ផ្ទាល់ខ្លួន​ ចំនួន​២០៧៥៩ដុល្លារ ដែល​ក្នុង​នោះថវិកាផ្ទាល់ខ្លួនមាន​ចំនួន​១២០០ដុល្លារ។​ លោក​បន្តថា​លោក​បាន​ចំណាយ​អស់២០៧៤០ដុល្លារ​ទៅលើជួលឡាន​ធំ ឡានតូច ទងជាតិ​ ទឹក​សុទ្ធ​ ផ្នែកសុខាភិបាល សន្តិសុខ សណ្តាប់ធ្នាប់​និង​ការចំណាយផ្សេងៗទៀត។​ លោក រៀល ខេមរិន្ទ្រ បាន​បញ្ជាក់ក្នុងលិខិតថា​លោក​បាន​ជួលឡានធំចំនួន​៦១ចំណាយសរុប​​៨៥៤០ដុល្លា​រ​ និង​ឡានតូច​ចំនួន​៨៥ ចំណាយ​សរុបចំនួន​​៧៦៥០ដុល្លារ។ លោក​ក៏បានភ្ជាប់នូវឯកសារ​មួយចំនួន​សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យ​មើល​ផងដែរ។​ លោក​បន្ថែម​​ថវិកានៅសល់ពីការចំណាយ​​មានតែ​១០ដុល្លារប៉ុណ្ណោះ។​ វីអូឌីមិនទាន់អាច​សុំការបកស្រាយ​បន្ថែម​ពី​លោក រៀល ខេមរិន្ទ្រ​និង​ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀងបាននៅឡើយទេ។ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយបាន​ច្រាន​ចោល​ការ​បំភ្លឺ​របស់​លោក រៀល ខេមរិន្ទ្រ លើការ​ចោទប្រកាន់​ពី​​អំពើ​ពុករលួយពេល​ចុះមើលព្រំដែននៅ​ខេត្ត​ស្វាយ​រៀង​ ដោយ​អះអាង​ថា​ការ​បំភ្លឺនោះ​លំៗ។ អង្គភាព​បាន​​ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ្រ ភ្ជាប់ការ​បំភ្លឺ​ជាមួយ​បញ្ជីឈ្មោះនិង​ទឹក​ប្រាក់​ដែល​ម្នាក់​ៗចូលវិភាគទាន ដែល​អាច​ធ្វើ​ឲ្យ​ម្ចាស់​អំណោច​អាច​ផ្ទៀងផ្ទាត់​ថា​តើ​មាន​បាត់ឈ្មោះ​និង​ទឹកប្រាក់ចំ​ណាយ​របស់​គេម្នាក់ៗដែរ​ឬទេ។ លោក​​ក៏​បាន​ស្នើ​ឲ្យ​តំណាងរាស្រ្ត​ភ្ជាប់​ការ​ចំណាយ​ទាំងអស់​ដែល​បាន​ចាយ​វាយ​ជាមួយតារាង​សមតុល្យផង ព្រម​ទាំង​​ឯក​សារ​ទទួល ការគ្រប់គ្រង​ និង​ការ​ចាត់ចែង​ថវិកា​ដែល​លោក​បាន​​រៀបចំ។​ អង្គភាពបញ្ជាក់​ថា​កាលពីចុងខែ​ក​ក្កដា ឆ្នាំ២០១៥ ​ខ្លួន​បានទទួលប្តឹងចំនួន៣ដែលពាក្យ​បណ្តឹងទី១លើ​ទឹកប្រាក់១៥០ ០០ដុល្លារអាមេរិក ទីពីរទឹក​ប្រាក់​២០០​០០​ដុល្លារនិង​ទី៣ប្រាក់២០០​០០ដុល្លារ។ អង្គភាព​បញ្ជាក់​ថា​បើតាម​ពាក្យ​ប្តឹង​ ទឹកប្រាក់ភាគច្រើននៃថវិកាសរុប​៥៥០​០០ដុ​ល្លារនេះ​ត្រូវបានលោក រៀល ខេមរិន្រ្ទ កេងប្រវ័ញ្ច​យក។ លោក រៀល ខេមរិន្ទ្រ ធ្លាប់​ប្រាប់វីអូឌីថា​លោក​បាន​មិន​បាន​​ប្រព្រឹត្ត​ដូច​​ការ​ចោទប្រកាន់នោះ​ទេ។ លោក​បន្ត​ថា​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​មិន​គួរ​មក​យកចិត្តទុក​ដាក់​រឿងនេះ ដោយ​ថា​ថវិកានេះ​​មិន​មែនជា​ថវិការ​បស់រដ្ឋា​ភិបាលនោះទេ​។ លោក​ចាត់ទុក​ថា​នេះ​ជា​ការ​បង្ខូចកេរ្តិ៍របស់លោកនិង​ទាម​ទារ​ឲ្យ​អ្នកប្តឹង​ចេញមុខ ដើម្បីតទល់ជាមួយ​រូបលោក។ លោក​មានប្រសាសន៍​ថា​៖ “ខ្ញុំ​ដូច​មិន​ដឹង​ថា​អង្គភាពប្រឆាំងអំពើ​ពុករលួយ​មាន​ការងារ​អី​មក​ស៊ើបសួរ​អីនេះ​ទេ។ អង្គភាព​គួរ​តែ​តាម​ដាន​ការងារ​ផ្សេងៗរបស់រដ្ឋាភិបាល​មិន​គួរ​នាំបញ្ហានេះ​ទេ។ ខ្ញុំមិនបានទៅជម្រិតលុយ​បង​ប្អូនជនរួមជាតិទេ រឿងអីដែលខ្ញុំទៅបំភ្លឺ​”៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
សាលាខេត្តកំពត​បដិសេធ​ថាមិនពាក់ព័ន្ធ​នឹងការវិនិយោគ​របស់​​​ក្រុមហ៊ុនជីងគ័រ​លើតំបន់មាត់សមុទ្រ

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 07:40 PM

សាលាខេត្តកំពតបានបដិសេធ​ថា​ខ្លួនមិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនជីងគ័រ​ធ្វើសកម្មភាព​វិនិយោគ​និងចាក់ដីវា​ត​យក​ទីតាំងរបស់​សហគមន៍​នេសាទ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ដោយ​លើក​ឡើង​ថា​គោលការណ៍​​វិនិយោគជា​ការសម្រេចរបស់​ថ្នាក់លើ។​​ នៅក្នុងសេចក្តីប្រកាស​ព័ត៌មានមួយចុះថ្ងៃទី២ ខែកុម្ភៈ ដែលវីអូឌីទទួលបាន សាលាខេត្ត​កំពតលើកឡើង​ថា​ខ្លួ​ន​មិនដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុ​ន​​ជីងគ័រ​ធ្វើការវិនិយោគ​ឬ​ចាក់បំពេញដី​និងសកម្មភាព​​ផ្ទុយ​ពីសិទ្ធិ​និងតួនាទី​របស់ខ្លួនឡើយ។ លិខិត​បញ្ជាក់​ថា​ក្នុងនោះ​ សិទ្ធិនិងភារកិច្ច​នៃការអនុ​ញ្ញាត​​​គឺ​ជា​របស់ស្ថាប័នថ្នាក់ជាតិ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ សាលាខេត្ត​បានលើកឡើង​ថា​កន្លងមកនេះ តាមរយៈសំណើសុំរបស់​ក្រុមហ៊ុនជីងគ័រ​ ខេត្ត​មានសិទ្ធិ​ត្រឹម​តែ​គាំទ្រ​និង​បញ្ជូនសិទ្ធិ​សម្រេចទៅស្ថាប័នថ្នាក់ជាតិ។ សេចក្តីប្រកាស​បន្ថែម​ថា​ខេត្ត​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បីចូលរួម​សហការជាមួយគណៈ​ក​ម្មការ​ជាតិ​តំបន់ឆ្នេរ​ដើម្បីពិនិត្យ​សិក្សា​លើសំណើសុំវិនិយោគ​តែប៉ុណ្ណោះ។​ សាលាខេត្ត​បន្តថា៖ “ប្រជា​ពលរដ្ឋ​ក្នុងតំបន់​និង​ប្រជា​សហគមន៍​នេសាទទាំងអស់ សូមមានភាពនឹងនរ​និង​​ប្រកប​មុខរបរ​រកស៊ីរបស់ខ្លួន​ជាធម្មតា​ ជៀសវាង​ការយល់ច្រឡំ​ចំពោះអាជ្ញាធរ​និងយល់ថាក្រុមហ៊ុន​មានសិទ្ធិ​អនុញ្ញាតពីរដ្ឋបាល​ខេត្ត​កំពត”។ សាលាខេត្ត​បញ្ជាក់ថា៖ “ដរាបណា​ក្រុមហ៊ុន​ជីងគ័រ មិនមានការអនុញ្ញាត​ច្បាប់តាមនីតិវិធី​វិនិយោគ​ពីរាជរដ្ឋាភិបាល​និងក្រសួង​ ស្ថាប័ន​ថ្នាក់ជាតិ​ គ្រប់អាជ្ញាធរ​ថ្នាក់ខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​មិន​ទទួលសហការ​និង​អនុវត្ត​ការងារជាមួយក្រុមហ៊ុន​ឡើយ”។ សាលាខេត្តកំពតបានបញ្ជាក់បែបនេះ ក្រោយពី​ប្រជា​សហគមន៍នេសាទក្នុងខេត្តកំពតបានអះអាង​ថា​ក្រុមហ៊ុនមួយឈ្មោះថា​ជីងគ័រ​ បាន​កំពុង​រំលោភបំពាន​ដែន​ទឹក​សហគមន៍នេសាទ​របស់ពួកគេដែលសហគមន៍អះអាង​ថា​ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ រួមទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។​ ប្រធានសហគមន៍​ត្រពាំងរពៅ​និង​ព្រែកក្រែង លោក ទិត្យ រីន ប្រាប់វីអូឌី​កាលពីពេលថ្មីៗនេះ​ថា​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សកម្ម​ភាព​បោះពោងនិងព្រំដី​ក្នុងតំបន់ដែនសហគមន៍​របស់ពួកគេ។ លោក​បន្តថា​ក្រុមហ៊ុន​បានលើកឡើង​​ថា​ពួកគេ​គ្រោងនឹង​យកតំបន់នោះមកធ្វើជាផែ ទីក្រុងរណប​និង​កន្លែង​វាយកូនហ្គោល។ លោកមានប្រសាសន៍ថា៖ “អានេះមករំលោភបំពានតែម្តង គេមិនបានសួរប្រជា​ពលរដ្ឋនោះទេ។ គេថា​គេមានត្រា​ពីខេត្ត​ឲ្យធ្វើ តែតំបន់សហគមន៍ហ្នឹងគឺត្រូវបានទទួលស្គាល់ដោយក្រសួងកសិកម្មកាលពីឆ្នាំ២០០៩និង​២០១២និង​ធ្វើកិច្ចព្រមព្រៀង​៣ឆ្នាំម្តង”។ បើតាមលោក ទិត្យ​ រីន សហគមន៍នេសាទនោះ​មានផ្ទៃដី​ប្រមាណ​១២៥១ហិកតា ហើយគម្រោងធ្វើផែរបស់ក្រុមហ៊ុនត្រូវការ​ដី​ទំហំប្រមាណ​៦៤០ហិកតា។​​ លោកបញ្ជាក់​ថា​ក្រុមហ៊ុននោះជាក្រុមហ៊ុនចិនឈ្មោះជីងគ័រ ដែល​លោក​ថា​មានទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រីស​ស្តាល់រ៉ាយដែលមានម្ចាស់ជាជនជាតិខ្មែរ​។​ អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ធ្លាប់​ប្រាប់វីអូឌី(VOD)ថា​ក្រុមហ៊ុនជីងគ័រកំពុងសិក្សាអំពីផលប៉ះពាល់ ដោយ​​លោក​អះអាង​ថា​ខេត្តធានាថានឹង​មិនប៉ះពាល់ដីសហគមន៍នេសាទរបស់ប្រជា​ពលរដ្ឋនោះទេ។​ លោក​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ព្រួយបារម្ភលើបញ្ហានេះ។​ លោក​បញ្ជាក់ថា៖ “​អត់ទាន់មានធ្វើអី គេសុំ​យើង តែ​យើង​ឲ្យ​គេសិក្សាធ្វើយ៉ាងម៉េចកុំឲ្យ​ប៉ះពាល់ប្រជា​ពលរដ្ឋ​។ យើង​សូមស្វាគមន៍ចំពោះការអភិវឌ្ឍ តែ​កុំ​ឲ្យ​ប៉ះពាល់ប្រជា​ពលរដ្ឋ។​ យើងបាន​ប្រាប់មេឃុំឲ្យ​ប្រាប់ទៅ​​ប្រជា​ពលរដ្ឋ​កុំ​បារម្ភ កុំភ័យ គេ​មិន​ឲ្យ​ប៉ះពាល់​ទេ”៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
លោក ហ៊ុន សែន៖ចំនួនអ្នកគាំទ្រច្រើននៅក្នុងបណ្តាញFacebookគឺជាសំឡេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 01:39 PM, (3)

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃអង្គារនេះ បានលើកឡើងថាចំនួនអ្នកចុចចូលចិត្ត​(Likes)លើ​បណ្តាញសង្គមហ្វេសប៊ុក​ជាសំឡេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តរូបលោក។​ លោកនាយករដ្ឋមន្រ្តីប្រកាសបែបនេះនៅលើហ្វេសប៊ុករបស់លោក ស្របពេលដែលហ្វេសប៊ុកមានអ្នកចុចចូលចិត្តទៅដល់ជាង​២លាន១០ម៉ឺននាក់ ដែលលើសហ្វេសប៊ុករបស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី គិតមកដល់ថ្ងៃទី២ខែកុម្ភៈនេះ។ លោកមានប្រសាសន៍ថា​លោក​មាន​ទំព័រហ្វេសប៊ុកតាំងពីឆ្នាំ២០១០ ដែលលោកអះអាងថាមានយុវជនម្នាក់បានបង្កើតឲ្យរូបលោកនិងជួយផ្សព្វផ្សាយសកម្មភាពរបស់នាយករដ្ឋមន្រ្តី។ លោក​បន្ត​ថា​មានយុវជនម្នាក់​ដែល​ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយបាន​អាហារូបករណ៍ទៅសិក្សានៅប្រទេស​​កាណាដានិងសហរដ្ឋអាមេរិក បានបង្កើតហ្វេសប៊ុកឲ្យរូបលោកកាលពីខែមិថុនា ឆ្នាំ២០១០។ លោកបន្ថែមថា៖ “យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថតនិងព័ត៌មានទាក់ទាញទេសចរណ៌កម្ពុជា។ ខ្ញុំបានតាមដានមើលព័ត៌មានអំពីFacebookដែលមានឈ្មោះខ្ញុំជាប្រចាំ”។ លោក ហ៊ុន សែន ឲ្យដឹងទៀតថានៅពេលដែលគេហទំព័រយុវជនរូបនេះនេះទទួលបានអ្នកគាំទ្រ១លាន៥ម៉ឺននាក់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ លោកបានប្រាប់កូនប្រុសរបស់លោកឲ្យស្វែងរកយុវជនរូបនេះ ហើយបន្ទាប់មកក៏បានទទួលស្គាល់ហ្វេសប៊ុក​នេះជាផ្លូវការរបស់ខ្ញុំតែម្តងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ “ខ្ញុំប្រើប្រាស់Facebookគឺដើម្បីប្រយោជន៌សង្គមនិងបានដឹងអំពីសុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសអោយពលរដ្ឋបាននៅកាន់តែជិតស្និទ្ធិជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះស្រាយបញ្ហាសង្គមជាតិនិងជួយពលរដ្ឋកម្ពុជាបានច្រើនតាមរយៈបណ្តាញសង្គមនេះ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះមិនទៅប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយ។ ចំនួនអ្នកគាំទ្រច្រើននៅក្នុងបណ្តាញFacebookគឺជាសំឡេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ នៅពេលដែលបងប្អូនដឹងថានេះគឺជាគេហទំព័រពិតតែមួយរបស់ខ្ញុំ”។ កន្លងទៅ ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី​ធ្លាប់ប្រកាសថាលោកនាយករដ្ឋមន្រ្តីពុំទាន់មានហ្វេសប៊ុក​ផ្ទាល់ខ្លួននៅឡើយទេ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលមានហ្វេសប៊ុក​ផ្លូវការ​បានប្រកាសថាអ្នក​ចុចចូលចិត្ត​លើ​ហ្វេសប៊ុក​របស់​លោក​ឈ្នះនាយករដ្ឋមន្រ្តី ហ៊ុន សែន។​ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធី​ទូរស័ព្ទដៃ​​(App​ទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាព​របស់​លោក​ ប្រវត្តិរូប​និង​ការ​ចុះឈ្មោះគាំទ្រ​រូបលោកជាដើម។​លោក​បានក្លាយ​ជា​មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួច​​បំផុត​ដែល​បាន​ប្រើប្រាស់បច្ចេកវិទ្យានេះ​មួយនេះ​ ក្នុងនោះមាន​នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modiនិង​ប្រធានាធិបតីចិន​ លោក​Xi Jinping។ ​ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
រដ្ឋាភិបាលផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋបានជាង៤លានប័ណ្ណគិតត្រឹមឆ្នាំ២០១៥

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 11:19 AM

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា រដ្ឋាភិបាលបានធ្វើអនុប្រយោគកាត់ផ្ទៃដីសរុបជាង១,២ លានហិកតា និងបានចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានជាង៤លានប័ណ្ណ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ សេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះឲ្យដឹងថា រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង១,២លានហិកតា ដែលក្នុងនោះទំហំជិត៣៩ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១៤២ ទំហំជាង២៧ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៧ និងទំហំជាង៥៥ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូត ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈព្រះរាជក្រឹត្យចំនួន១០២ អនុក្រឹត្យចំនួន៧៤១ និងសេចក្ដីសម្រេចផ្ដល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន៨០៥ ស.ជ.ណ។

[អានបន្ត]
ប្រធានរដ្ឋសភា​បដិសេធបញ្ជូនលិខិតតំណាងរាស្រ្តករណីស្នើដកហូត​ដីសម្បទាន​ផ្តល់ឲ្យ​កងទ័ព​ប្រជា​ជន​វៀតណាម

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 09:37 AM

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បានបដិសេធលិខិត​របស់តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ ករណី​​ស្នើ​សុំ​ឲ្យ​ដកហូត​ដី​សម្បទានសេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជនវៀតណាម​ដែលមានការលើកឡើង​ថា​កាន់កាប់ទីតាំងមូលដ្ឋាន​យោធា​លើ​​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី។   លិខិត​មួយច្បាប់ចុះថ្ងៃទី​២៥ខែមករា ឆ្នាំ​២០១៦ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​លោក អ៊ុំ សំអាន ដែល​កំពុង​ស្នាក់នៅសហរដ្ឋអាមេរិក​ លើក​ឡើង​ថា​​សារព័ត៌មាមនាខេមបូឌា ដេលី បានផ្សាយ​កាលពីចុងខែធ្នូ ឆ្នាំ២០១៥​ថា​កងទ័ព​ប្រជា​ជនវៀតណាម​ទ​ទួលបានការគ្រប់គ្រងដីប្រហែល​៤ម៉ឺនហិកតា នៅខេត្តរតនគិរី។ លោក​បន្តថា​​សារព័ត៌មានបានចុះផ្សាយ​ថាមាន​​ការ​លក់ដូរ​និង​ការផ្ទេរ​កម្មសិទ្ធិដីធ្លី​ដែលមានទំហំ​៣៩៥៨៤ហិកតា​ឲ្យ​​ពួកមេបញ្ជាកង​ពល​លេខ​១៥​នៃកងទ័ព​ប្រជាជនវៀតណាម។   លោក​ អ៊ុំ សំអាន ដែល​សកម្មនឹង​បញ្ហាព្រំដែន​ បានបញ្ជាក់​នៅក្នុង​លិខិតថា៖ “ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​កទងទ័ព​ប្រជាជនវៀតណាម​លើដីសម្បទាន​សេដ្ឋកិច្ចនេះ ជា​ការរំលោភ​មាត្រា​៥៣នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា​ព្រះរាជាណាចក្រកម្ពុជា​មិនអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធាបរទេស​នៅលើទឹកដី​របស់ខ្លួន”។ លោក​បន្តថា៖ “ការផ្តល់ដីសម្បទានសេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​អាច​ប្រឈម​ការបាត់បង់ទឹកដី​និង​អាច​ប៉ះពាល់​ដល់បូរណភាព​ទឹកដីកម្ពុជានាពេលអនាគត”?   តំណាងរាស្រ្ត​រូប​នោះ​បាន​សរសេរ​ថា៖ “​ខ្ញុំសូមជម្រាប​សួរសម្តេច​នាយករដ្ឋមន្រ្តីថា​តើ​ការ​បោះទីតាំងមូលដ្ឋាន​យោ ធា​របស់កងទ័ព​ប្រជាជន​វៀតណាមលើ​ដីសម្បទានសេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី​ជា​ព័ត៌មាន​ពិត​ឬ​ទេ? ហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​កងទ័ពប្រជា​ជន​វៀតណាម​?” លោក​បាន​ស្នើ​ឲ្យដកហូត​ដីសម្បទានសេដ្ឋកិច្ចនោះវិញ​ ប្រសិន​បើ​មានការផ្តល់​ឲ្យ​កងទ័ព​យោធាវៀតណាមមែន។   លោក អ៊ុំ សំអាន ប្រាប់វីអូឌី​(VOD)ពីក្រៅប្រទេសនៅថ្ងៃអង្គារនេះថា​ជំនួយការ​របស់លោកបានប្រាប់រូប​លោក​ថា​​ប្រធានរដ្ឋសភាមិនបាន​ចារចំណារ​បញ្ជូន​លិខិត​នេះទៅនាយករដ្ឋមន្រ្តីនោះ​ហើយ​ប្រធាន​រដ្ឋសភា​ក៏មិន​បានបញ្ជាក់​​មូល​ហេតុនៃការមិនបញ្ជូន​លិខិត​នេះ។​​ លោក​មានប្រសាសន៍ថា៖ “ការបដិសេធមិនបញ្ជូនលិខិត​របស់ខ្ញុំទៅ​លោក ហ៊ុន សែននេះ វារំលោភទៅនឹង​មាត្រា​៩៦នៃ​រដ្ឋធម្មនុញដែលបាន​ថា​អ្នក​តំណាងរាស្រ្ត​មាន​សិទ្ធិ​ដាក់សំណួរ​ទៅរដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវឆ្លើយសំណួរ​របស់​អ្នក​តំណាងរាស្រ្ត​​ក្នុងរយៈ​ពេល៧ថ្ងៃ”។​   បើតាមលោក អ៊ុំ សំអាន ប្រធាន​រដ្ឋសភា​មិនមានសិទ្ធិអំណាច​សម្រេច​មិនបញ្ជូន​លិខិត​ទៅរដ្ឋាភិបាលនោះទេ​ ដោយ​លោក​ថាប្រធាន​រដ្ឋសភា​គ្រាន់តែមានសិទ្ធិក្នុង​ការសម្របសម្រួលតែប៉ុណ្ណោះ។​   អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព មាន​ប្រសាសន៍​ថា ព័ត៌មានដែលលើកឡើងថា មានយោធាវៀតណាមតាំងមូលដ្ឋានលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីគ្រាន់តែជាការបំភាន់មតិសាធារណជនប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ចង់និយាយថា លើកឡើងងាយៗថាយើងផ្តល់ដី[សម្បទាន]ទៅឲ្យកងទ័ពវៀតណាមអី អ៊ីចឹង វាសុទ្ធតែជារឿងលើកមួយដែលហៅថាអាចបំភាន់មតិសាធារណជនទេណា! ការផ្តល់សម្បទានដីសេដ្ឋកិច្ច មិនថាឲ្យទៅឲ្យក្រុមហ៊ុនវៀតណាម មិនថាឲ្យទៅក្រុមហ៊ុនអាគាំង ឬក៏ក្រុមហ៊ុនកូរ៉េ សាំងហ្គាពួរ ចិន អីទេ យើងមានបែបបទនីតិវីធីអីត្រឹមត្រូវអីអ៊ីចឹង”។   លោក សៅ សុភាព បដិសេធធ្វើអត្ថាធិប្បាយបន្ថែម​លើករណីនេះ និងលោកបង្វែរឲ្យទៅសួរក្រសួងកសិកម្មវិញ ដោយលោកថា ដីសម្បទានសេដ្ឋកិច្ចនោះនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម។   វីអូឌី​មិនទាន់អាច​សុំការ​ឆ្លើយ​តបពីអ្នកនាំពាក្យ​ក្រសួងកសិកម្មលោក អ៊ាង សុផល្លែត ​បាននៅឡើយទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មានអ្នកទទួល​។​   អ្នកនាំពាក្យ​រដ្ឋសភា​ លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ប្រធាន​រដ្ឋសភា​យល់ថាលិខិត​នេះ​ជា​ការឃោ​សនា​​របស់​លោក អ៊ុំ សំអាន។ លោក​បន្ត​ថា​ប្រធាន​រដ្ឋសភា​មានឆន្ទានុសិទ្ធិក្នុង​ការសម្រេច​មិន​បញ្ជូនលិខិតទៅរដ្ឋាភិបាល​បាន​។​   ទោះ​ជាយ៉ាងណា លោក​ អ៊ុំ សំអាន មានប្រសាស៍ថា​លិខិត​របស់​លោកមិនមែនជា​ការឃោសនានោះទេ​ ដោយ​លោក​ចាត់​ទុក​ថានេះ​​ជា​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្រ្ត៕   សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.comនិង​លោក ទូច សុខា តាមរយៈsokha@vodhotnews.com

[អានបន្ត]
នគរបាលចរាចរណ៍ផាកពិន័យបាន​ជាង​៥០ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​១ខែ

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 07:53 AM

​នាយកដ្ឋានចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញ​ថាក្នុង​រយៈពេល​១​ខែ​មករាឆ្នាំ​២០១៦ ​​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ទូទាំងប្រទេស​ផាក​ពិន័យ​បាន​ប្រាក់ប្រមាណ​២០០៩​លាន​រៀល  ដែល​ស្មើ​នឹង​ជាង​៥០ម៉ឺន​ដុល្លារអាមេរិក​។ ​របាយការណ៍​បូក​សរុបលទ្ធផល​ត្រួត​ពិនិត្យ​​ការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោកថ្មី​ប្រចាំខែ​មករា ឆ្នាំ​២០១៦  បង្ហាញថា​ក្នុង​រយៈពេល​១ខែ​មករានេះ អគ្គនាយកដ្ឋានបាន​ត្រួត​ពិនិត្យ​យាន​យន្ត​សរុប​ចំនួន​ជាង៩៧ម៉ឺនគ្រឿង  ដែល​​ក្នុង​នោះ​មាន​យាន​យន្ត​​ល្មើស​ចំនួន​ជាង​២១​គ្រឿង ​ធ្វើការអប់រំ​ចំនួន​ជាង​១០ម៉ឺនគ្រឿង និង​ពិន័យ​ជាង​១១ម៉ឺនគ្រឿង​ ដោយអនុវត្ត​ការ​បង់​ប្រាក់​ពិន័យតាម​ស្នាក់​ការ​ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន ២,០០៨​,៨៧៦,០០០រៀល។ ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោកនៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិលោក ហ៊ឹម យ៉ាន មានប្រសាសន៍ថា​បញ្ហា​ប្រឈម​នៃ​ការ​អនុត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ក្នុង​រយៈពេល​១​ខែនេះ​ មាន​ដូចជាគ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរនៅតែ​​បន្ត​កើត​មាន វិធានការទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្នាក់​រាជធានី​ខេត្ត មិនទាន់​ឆ្លើយ​តបទៅនឹង​សភាព​ការណ៍ជាក់​ស្ដែង ដែល​ខ្លះមានការ​យឺតយ៉ាវ ឬ​មិនទាន់​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​ការ​គួប​ផ្សំ​វិធានការ​ទាំងបួន​គឺ​ការ​អប់រំ ការ​រឹត​បន្តឹង​ច្បាប់ ​ការ​ធ្វើ​វិស្វកម្ម​ផ្លូវ​ថ្នល់ និង​ការ​សង្គ្រោះ​ជន​រងគ្រោះ។ លោក​បន្ត​ថា​​សេ​វាសាធារណៈ​ក្នុងការ​ធ្វើ​បណ្ណ​បើក​បរ​ ធ្វើ​ស្លាក​លេខ ឆៀក និង​ការ​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត​នៅតែ​ជាប្រធាន​បទ​សំខាន់​ដែល​ត្រូវបន្ត​ជំរុញ​​អនុវត្ត​ឲ្យបាន​ត្រឹម​ត្រូវ​ ព្រមទាំង​បញ្ហា​​កង្វះ​ផ្លាក​សញ្ញា គំនូស​សញ្ញានៅ​តាម​ផ្លូវ​សាធារណៈ។ គួរ​បញ្ជាក់​ថាច្បាប់​ចរាចរណ៍ផ្លូវ​គោក​ថ្មី​បាន​ចែង​ពី​ការផាកពិន័យ​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​នេះ​ មាន​ដូចជា​​ផាកពិន័​យអ្នកជិះម៉ូតូដែល​មិនឲ្យអ្នកធ្វើដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាព អ្នក​បើកបរ​និយាយ​ទូរស័ព្ទ និង​អ្នកជិះម៉ូតូទាំ​ងឡាយដែ​លបង្កការរំខាននៅ​តាម​ដងផ្លូវ។​ សមត្ថកិច្ច​នឹង​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​បណ្ណ​បើក​បរ​យាន​យន្ត បណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​បត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន។  សមត្ថកិច្ច​ក៏​​​ផាកពិន័យផង​ដែរ​ ប្រសិនបើ​អ្នក​បើក​បរថយន្ត​គ្រប់ប្រភេទ​ និងអ្នក​រួម​ដំណើរ​ជិះកៅ​​អី​​មុ​ខ​នៃ​រ​ថយ​ន្ត​ មិន​ពាក់​ខ្សែ​ក្រវ៉ាត់សុវត្ថិភាព។​ អ្នក​បើក​បរ​រថយន្តមិន​​ត្រូវ​ដាក់​កុមារ​អាយុ​ក្រោម​១០ឆ្នាំ​​អង្គុយ​​នៅ​កៅអី​​ខាងមុ​ខ យានយន្ត​បើក​បរ​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរ​ការ និង​អ្នក​បើក​បរយានយន្ត​ប្រើ​ប្រាស់ទូរស័​ព្ទ​ដៃ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់ទំនាក់ទំនង នៅពេល​កំពុង​បើក​បរ។ គួរបញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកនៃក្រសួងមហាផ្ទៃ​​បាន​សម្រេច​បង្កើ​ត​​ក្រុមការងារ​ចំនួន​៧ចំណុះ​គណៈកម្មការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក រួមមាន​ក្រុមការងារ​ផ្សព្វផ្សាយអប់រំ​អ្នក​បើក​បរ​រថយន្ត​ដឹកកម្មករ​ អ្នកដំណើរ​និង​ទំនិញ​ ក្រុមការងារ​ត្រួតពិនិត្យ​ល្បឿន​និងការបើ​ក​​បរ ក្រោម​ឥទ្ធិពល​នៃជាតិស្រវឹង ក្រុមការងារ​ល្បាតចល័ត​​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ផ្លូវគោក  ក្រុមការងារ​គ្រប់គ្រង​ទិ​ន្នន័យ​យានយន្ត​ បណ្ណ​បើក​បរ​និងគ្រោះថ្នាក់​ចរាចរណ៍​ ក្រុមការងារ​សង្រ្គោះ​ជនរង​គ្រោះ​​ថ្នាក់ ចរាចរណ៍​ ក្រុមការងារ​ត្រួតពិនិត្យ​សាលាបង្រៀនបើកបរ​យានយន្តនិងក្រុមការងារត្រួតពិនិត្យ​លក្ខណៈ​​បច្ចេកទេសរថយន្ត។​ ការបង្កើត​ក្រុមការងារនេះ​ធ្វើឡើង​បន្ទាប់ពីរ​ដ្ឋាភិបាល​បាន​ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈ​ការ​ដាក់​វិធាន​ការ​តឹងរ៉ឹង។​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបាន​ប្រកាស​ថា​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០​១៦ ​នគរបាល​ចរា​ច​រណ៍នឹងអនុវត្ត​ច្បាប់ចរាចរណ៍ថ្មី​ឲ្យ​បាន​​ពេញលេញ៕ កែតម្រូវ៖ ក្នុង​រយៈពេល​១ខែមករា នគរបាលចរាចរណ៍ផាកពិន័យបាន​ជាង​៥០ម៉ឺន​ដុល្លារ​ មិនមែន​៥ម៉ឺនដុល្លារ​ដូច​ការ​ចុះ​ផ្សាយ​មុន​ទេ​។ សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.com 

[អានបន្ត]
ទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី​មានអ្នកចុចចូលចិត្តលើសលោក​ សម រង្ស៊ី

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 10:30 PM, (1)

នៅទីបំផុត ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​អ្នក​ចុចចូលចិត្ត(Likes)លើសទំព័រហ្វេស​ប៊ុ​ក​របស់​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានប្រកាស​ថា​លោកមានហ្វេសប៊ុក​ផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ​២០១៥។​ រហូតមកដល់ពេលនេះ ​​ទំព័រហ្វេសប៊ុក​របស់​លោកនាយករដ្ឋន្រ្តី​​មាន​អ្នក​ចុចចូលចិត្ត​(Likes)ទៅ​ដល់២លាន​៩ម៉ឺន២ពាន់នាក់ដែលលើសលោក សម រង្ស៊ី ជាង​១ពាន់នាក់។​ កាលពីថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូ​ថា៖ “ហ៊ុន សែន បើមិនលេងគឺ​មិនលេងទេ បើបានតែ​ជ្រុល​លេង គឺ​ថាមាន​អ្ហែង​មទាំងពី​កប៉ាល់ហោះថតពីលើ។ …អាហ្នឹង​​ឲ្យ​ដឹង​ថាម៉េចទៅ​ហ៊ុន សែន ហ្នឹង​។ មិនលេង អញមិនខ្ចីលេង”។ លោក​បញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់​ណា យើង​ទៅដល់ហ្នឹង។ អាហ្នឹង​និយាយ​តាម​មួយ​បែ​បអញ្ចឹងហ្មង។ កុំឲ្យ​អ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយក​អាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេល​ដំណាក់កាលមួយ សូម​ឲ្យពួក​អ្នកធ្វើ​វិភាគ ចេញមកវិភាគឡើងវិញ​ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។​ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធី​ទូរស័ព្ទដៃ​​(App​ទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាព​របស់​លោក​ ប្រវត្តិរូប​និង​ការ​ចុះឈ្មោះគាំទ្រ​រូបលោកជាដើម។​លោក​បានក្លាយ​ជា​មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួច​​បំផុត​ដែល​បាន​ប្រើប្រាស់បច្ចេកវិទ្យានេះ​មួយនេះ​ ក្នុងនោះមាន​នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modiនិង​ប្រធានាធិបតីចិន​ លោក​Xi Jinping។ ​ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោក​បន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To