ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

មេដឹកនាសហជីព​ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទញុះញង់​ប្រព្រឹត្តបទឧក្រិដ្ឋ

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 05:58 PM

ប្រធាន​សហព័ន្ធ​សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ត្រូវបាន​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺចេញ​ដីកា​បង្គាប់ឲ្យ​ចូល​ខ្លួនឆ្លើយ​ជុំ​វិញការចោទប្រកាន់​ពីបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋនិង​ហិង្សា​ដោយចេតនា​មានស្ថា​នទម្ងន់ទោស ពាក់ព័ន្ធ​នឹង​ហិង្សា​ដែល​កើតឡើ​ង ពេលកម្មកររោងចក្រ​តវ៉ា​កាលពីថ្ងៃទី​១២ខែមករា។​ នៅក្នុងដីកា​មួយ​ចុះថ្ងៃ​​ទី២៧ ខែមករា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូងខេត្ត​កំពង់ស្ពឺ លោក ម៉ែន វណ្ណៈ បាន​ឮ​បង្គាប់ឲ្យ​​ លោក ​ប៉ាវ​ ស៊ី​ណា​ ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​ជុំ​វិញ​ករណី​ហិង្សា​ដែល​កើត​ឡើង​នៅ​ភូមិ​បុរីកម្មករ សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ឲ្យ​​មក​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅវេលាម៉ោង​៨ព្រឹក ថ្ងៃ​២៨ ខែ​កម្ភៈ ខាងមុខនេះ។ បើតាមដីកានោះ លោក ប៉ាវ ស៊ីណា ត្រូវ​បាន​​ចោទប្រកាន់​ពីបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើ​ឲ្យ​​ខូចដោយចេតនា​ មិន​គោរពសេចក្តីសម្រេចរបស់តុលាការ​និងហិង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោស។​ គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃ​ទី​១២ ​ខែ​មករា មន្រ្តី​​សហជីព​៥​នាក់ រួម​មាន​លោក លោក ខាត់ ឡូត លោក ព្រុំ ប៊ុនថន ​លោក ចាំ សំណាង លោក អាន ថុ​នា និងលោក ម៉ៅ ម៉​យ ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បញ្ជា​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​​ចោទប្រកាន់​៤​បទល្មើស រួម​ទាំង​បទ​ចោទ​បង្ក​ហិង្សានិង​ញុះញង់។ ប៉ុន្តែ​ពួកគេ​​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ននៅ​៦ថ្ងៃ​បន្ទាប់។ ប្រធាន​សហជីពកម្មករ លោក​ ប៉ាវ ស៊ីណា បាន​ប្រាប់​វីអូ​ឌីថាលោក​នឹង​ចូល​ខ្លួនទៅបំភ្លឺទៅ​​តាម​សេចក្តី​បង្គាប់​​របស់​តុលាការ តែ​លោកថានេះ​គឺជា​ការវាគឺ​ជា​រឿ​ង​ដែល​អយុត្តិធម៌សម្រាប់​ក្រុម​កាងារ​សហជីព ដោយ​​លោក​ថា​អ្នក​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សានេះ ​មិនត្រូវ​បាន​ចាប់​ខ្លួនចូលមក​​​ដោះ​ស្រាយ​ តែ​បែ​រជា​ចាប់​សហជីព​ដែល​ការ​ពារ​កម្មករ។​ លោក​មានប្រសាសន៍ថា៖ “យើង​ឃើញថា​រឿង​នេះ​ជា​រឿង​មួយ​ដែល អយុត្តិធ​ម៌សម្រាប់ក្រុម​ការងារ​សហជីព ជាពិសេស​ដូចជា​សហជីពដែល ឯករាជ្យដូចជាពួកយើង ដែលតែង​​តែ​រង​នូវកា​រ​គំរាម​កំហែង គ្រប់រូប​ភាព​ពីសំណាក់​ប៉ូលិ​ស ទាហាន​ដែលការពារ រោង​ចក្រ​ក៏ដូចជា​ប្រព័ន្ធតុលាការ​ដែល ឃុប​ឃិតគ្នា​ជា​ប្រព័ន្ធ ដែលធ្វើការ​ចោទប្រកាន់មកលើ​យើង​ខ្ញុំ ដែលបាន​ការពារ​កម្ម​ករ ហើយ​ក្នុងនោះជនល្មើសដែល​បាន​ប្រព្រឹត្តរួម​ទាំងអ្នក​ពាក់ព័ន្ធក្នុង​អំពើ​ហិង្ស​នេះយើង​ឃើញថា​អត់បានឃើ​ញ​ថា​មានការ​ចាប់ខ្លួន​ឫក៏​មាន​ការ​ផ្តន្ទាទោស​អីទេ”។ សូម​រំឭកដែរ​ថាក្រោយ​ពី​ការតវ៉ា​ជិត​កន្លះ​ខែ​គ្មាន​ដំណោះស្រាយ កម្មករ​​រាប់រយ​នាក់នៅ​រោងចក្រអេ​ដ្យា​ល​ស្វី​ត​​ធើ​ខេ​ម​បូ​ឌែ​(AgilSweater)​ក្នុងខេត្តកំពង់ស្ពឺបាន​ស្នើ​ឲ្យ​សកម្មជន​សហជីព​ទាំង​៥​នាក់​នោះធ្វើជា​តំណា​ង ដើម្បី​ស្វែងរក​ដំណោះស្រាយវិវាទ​ការងារក្នុង​រោងចក្រ​នោះ​។​ ជា​ការឆ្លើយតប ក្រសួង​ការងារ​បាន​ណាត់​ជួប​ពួក​គេ​នៅ​សាលាខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១២​​ ខែ​មករា​ ឆ្នាំ​២០១៦ ដើម្បី​បើក​កិច្ចពិភាក្សា​ស្វែងរក​ដំណោះស្រាយ​។ ​បើ​តាម​​លោក ប៉ាវ ស៊ីណា នៅ​ថ្ងៃ​ទី​១២​ខែមករា មាន​មនុស្ស​មួយ​ក្រុម​ដៃ​​កាន់​ដំ​បងនិង​ដែក​បំពង់​​ទីប​បាន​ចេញ​មក​វា​យក​ម្មករ​ដែល​តវ៉ា រួច​ក៏​សមត្ថកិច្ច​ចាប់​ខ្លួន​មន្រ្តីសហជីព​​​៥​នាក់ ដែល​ត្រៀម​ខ្លួន​ចូល​ចរចារក​ដំណោះ​ស្រា​យ​ដោយ​សន្តិវិធី​៕   សរសេរ​មក​កាន់​លោក​ ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

[អានបន្ត]
ទណ្ឌិតម្នាក់​នៅខេត្តពោធិ៍សាត់ត្រូវប្រទះឃើញស្លាប់ដោយចងក

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 05:20 PM

មន្រ្តីពន្ធនាគារខេត្តពោធិ៍សាត់​ឲ្យ​ដឹង​ថា​ទណ្ឌិតម្នាក់ដែល​ជាប់ពន្ធនាគារ​ដោយ​សារ​ការជួញដូរគ្រឿងញៀន​ត្រូវបានប្រទះឃើញ​ស្លាប់​ដោយ​​ចងកនៅក្នុងបន្ទប់ទឹក​ នៅទៀបភ្លឺ​ថ្ងៃចន្ទនេះ ដោយ​មន្រ្តីគុក​អះអាង​ថាជា​ការ​ធ្វើអត្តឃាត។​ ប្រធានមណ្ឌលអប់រំកែ​ប្រែទី៤ ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ​ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ប្រាប់វីអូឌី(VOD)​នៅរសៀលថ្ងៃចន្ទនេះ​ថាសាកសពត្រូវបានប្រទះឃើញនៅម៉ោងជិត៥ទៀបភ្លឺ​ក្នុងបន្ទប់​ទឹក​ដែលស្ថិត​ក្នុង​​​បន្ទប់​ដាក់ទណ្ឌិត​ដែល​មានមនុស្ស​​៣៤នាក់​។ លោក​បន្ត​ថា​ទណ្ឌិតម្នាក់នោះ​ចងក​សម្លាប់​ខ្លួន​​នឹង​កន្សែង​​​ប្រើប្រាស់ប្រចាំថ្ងៃ​ នៅពេលទណ្ឌិត​ផ្សេងទៀត​កំពុង​តែគេងលក់។​ លោក​បញ្ជាក់​ថា​ករណីនេះត្រូវបានស៊ើបអង្កេត​ដោយ​មន្រ្តីជំនាញ​និងរកឃើញថា​ជា​ការធ្វើ​អត្តឃាត។ លោក​មានប្រសាសន៍ថា៖ “តាមប្រធាន​បន្ទប់និយាយ​ថា ជាព័ត៌មាន​បឋមទេ គាត់​​(ទណ្ឌិត​)ហ្នឹង​ខល​(ហៅទូរស័ព្ទ​)ទៅ​​បងស្រី បងស្រី​ស្តីឲ្យ​ ខលទៅម្តាយ​ ម្តាយ​អត់លើកទូរស័ព្ទ ហើយ​ក៏មាន​ហេ​តុការណ៍ចង់ក។ អ្នកជំនាញពិនិត្យ​ទៅ​ថា​ពិត​ជា​ចងក”។ ប្រធានមណ្ឌលកែប្រែ​បន្ត​ថា​ទណ្ឌិត​ម្នាក់នោះ​មានឈ្មោះ តូច វណ្ណារ៉េត អាយុ​២៦ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់​ទោ​ស​ឲ្យ​ជនពន្ធនាគារ​៣ឆ្នាំពីបទជួញដូរគ្រឿងញៀន។ លោក​បន្ត​ថា​ទណ្ឌិតម្នាក់នោះ​នៅ​អនុវត្ត​ទោ​ស​​ប្រ​មាណ​​១ឆ្នាំ​៤ខែទៀត។ លោកមានប្រសាសន៍ថា​​អស់រយៈ​បួនទៅ​ប្រាំខែ​ហើយ លោក​មិនដែលឃើ​ញក្រុ​​មគ្រួសារ​មក​សួរសុខទុក្ខទណ្ឌិតម្នាក់នេះ​នោះទេ។​ ​លោក​បន្តថា​​៖ “គ្រួសារកំពុ​ងតែធ្វើ​ដំណើរពីភ្នំពេញមកយកសព។ សព​នៅក្នុងពន្ធនាគារដដែល។ យើង​ទុក​ឲ្យ​គ្រួសារមើលថាតើ​មានការធ្វើទារុណកម្មពីពន្ធនាគារឬ​យ៉ាងណា។ គ្រួសារសពអាច​យក​សាក​សពទៅធ្វើកោសល្យវិច័យបាន”។​ ទណ្ឌិត តូច វណ្ណារ៉េត(រូបថតដោយសមាគមអាដហុក) មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ប្រាប់វីអូឌីថា​តាម​ព័ត៌មាន​ដែល​​លោក​ទទួល​បាន​ពីប្រភពមួយ​ដែលសុំមិនបញ្ចេញឈ្មោះ​ ​ការស្លាប់នេះ​​មិនអាច​ជា​ករណីធ្វើ​អត្ត​ឃាត​នោះ​ទេ ដោយ​លោក​ថា​មណ្ឌល​​អប់រំកែប្រែទី​៤នេះ​មានចំរឹងខ្ពស់ៗដែលពិបាក​នឹង​ឡើង​ចងកបានហើយ​លោក​​ថាពន្ធនាគារ​មាន​មនុស្សច្រើន។ លោក​បន្ត​ថា​​តាម​ព័ត៌មាន​ដែល​រាយការណ៍មក​ មានករណី​​​ជម្លោះ​រវាង​​ទណ្ឌិតនិងអនុរក្សពន្ធនាគារ។​ លោក​បញ្ជាក់​ថា​ពន្ធនាគារ​បាន​ព្យាយាម​លាក់​​ព័ត៌មាននៃការស្លាប់នេះ​​និង​មិនអនុញ្ញាត​ឲ្យ​សង្គមស៊ីវិលចូលរួម​តាមដាន។​ ប្រធានមណ្ឌលអប់រំកែប្រែ​បាន​​​ច្រានចោល​ការលើក​ឡើងថាទណ្ឌិតម្នាក់នោះ​មាន​ជ​​ម្លោះ​ជាមួយ​ឆ្មាំ​ពន្ធ​នា​គារ​។ លោក​បញ្ជាក់​ថាទណ្ឌិតម្នាក់នោះឈ្លោះប្រកែកគ្នាតិចតួច​ជាមួយ​ទណ្ឌិត​ផ្សេង​ទៀត តែ​លោកថានេះ​​ជា​រឿង​​តូច​តាច​ មិន​អាច​ឈាន​ដល់​ការ​សម្លាប់នោះទេ។ លោក​មានប្រសាសន៍ថា​ពន្ធនាគារ​បាន​បើក​​ ទូលាយ​​​ឲ្យ​មានការពិនិត្យ​មើលពី​សង្គមស៊ីវិល តែ​លោកថា​រហូត​មកដល់ពេលនេះ​មិនទាន់មាន​ការ​ដាក់​ពាក្យ​​សុំការ​ពិនិត្យ​មើលនោះទេ។ នាយរងការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត​ លោក ថាច់ ទីន ដែលចូលរួមការ​ស៊ើបអង្កេត​នេះមាន​ប្រសាសន៍​ថា​ករណីនេះ​ពិតជាការធ្វើអត្តឃាតពិតប្រាកដមែន​។ លោក​មិន​អាច​បញ្ជាក់​ពីដំណើរការ​នៃ​ការស៊ើបអង្កេត​នោះទេ។ លោក​មានប្រសាសន៍ថា៖ “​ពិនិត្យ​ទៅ អត្តឃាតពិតប្រាកដមែន។ ក្រុមគ្រួសារ​វាអត់ផ្ញើ​លុយឲ្យ​ អត់មានមកមើល​ អញ្ចឹង​វាសម្លាប់ខ្លួន​ទៅ​”។ នៅពេលសួរ​ថាតើ​មាន​ការ​ឈ្លោះគ្នារវាងទណ្ឌិត​និង​ឆ្មាំពន្ធនាគារ​ លោក​បង្វែរសំណួរ​ទៅ​ខាងពន្ធនា​គារវិ​ញ​។ បើតាមរបាយការណ៍​របស់​លោក ថាច់ ទីន ទណ្ឌិត​បាន​ចងកនឹង​ចំរឹង​ដែក(ខ្យល់ចេញចូល) ដែលមាន​កម្ពស់​​​ប្រវែង​១,៨០​ម៉ែត្រ​មក​ដល់ផ្ទៃចាក់សាប។ របាយការណ៍​បញ្ជាក់​ថា​ទណ្ឌិត​បាន​ចងក​នឹង​កន្សែង​ពណ៌​​​ត្រួយ​ចេក​ប្រវែង​១,៦៦ម៉ែត្រ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ក្រសួងមហាផ្ទៃ​បង្កើតក្រុមការងារ​ពិនិត្យមើលរថយន្តដឹកកម្មករ​

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 03:51 PM

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកនៃក្រសួងមហាផ្ទៃ​​បាន​សម្រេច​បង្កើ​ត​​ក្រុមការងារ​ចំនួន​៧ចំណុះ​គណៈកម្មការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដែលក្នុងនោះមានក្រុមការងារមួយ​ដែល​នឹង​ត្រួតពិនិត្យ​និង​អប់រំ​អ្នក​បើក​រថយន្តដឹកកម្មករ។ បើតាមសេចក្តីសម្រេច​មួយ​ចុះថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ ក្រុមការងារទំាងនោះរួមមាន​ក្រុមការងារ​ផ្សព្វផ្សាយអប់រំ​អ្នក​បើក​បរ​រថយន្ត​ដឹកកម្មករ​ អ្នកដំណើរ​និង​ទំនិញ​ ក្រុមការងារ​ត្រួតពិនិត្យ​ល្បឿន​និងការបើ​ក​​បរ ក្រោម​ឥទ្ធិពល​នៃជាតិស្រវឹង ក្រុមការងារ​ល្បាតចល័ត​​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ផ្លូវគោក  ក្រុមការងារ​គ្រប់គ្រង​ទិ​ន្នន័យ​យានយន្ត​ បណ្ណ​បើក​បរ​និងគ្រោះថ្នាក់​ចរាចរណ៍​ ក្រុមការងារ​សង្រ្គោះ​ជនរង​គ្រោះ​​ថ្នាក់ ចរាចរណ៍​ ក្រុមការងារ​ត្រួតពិនិត្យ​សាលាបង្រៀនបើកបរ​យានយន្តនិងក្រុមការងារត្រួតពិនិត្យ​លក្ខណៈ​​បច្ចេកទេសរថយន្ត។​ បើតាមរបាយការណ៍របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បច្ចុប្បន្នកម្ពុជា​មានរថយ​ន្តដឹក​កម្ម​ករ​ប្រមាណ​៣៥៩១នៃ​រោងចក្រ​ចំនួន​៣០៧ទូទាំងប្រទេស។​ គួររំឭកថា​កាលពីថ្ងៃទី​១២ខែមករា ឆ្នាំ​២០១៦ ​កម្មករកាត់​ដេរ​យ៉ាង​តិច៤នាក់​ស្លាប់និង៦៧​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការណ៍​រថ​យន្ត​ដឹក​កម្មករ​ប៉ះគ្នាជាមួយ​រថយន្តដឹកកម្មករដូចគ្នា​ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ។ ចំណែក​កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយ​នៅ​ខេត្ត​ស្វាយ​រៀងដែលបង្កដោយរថយន្តក្រុង​ដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញទៅលើរថយន្ត​តួរីស១​៦​កៅអី​​​បណ្ដាល​ឲ្យកម្មករ១៨នាក់ស្លាប់ អ្នកបើករថយន្តទូរីសរបស់កម្ម​ករ​ស្លាប់និងកម្មករ​២០នាក់ផ្សេង​ទៀត​បាន​រងរបួស ការបង្កើត​ក្រុមការងារនេះ​ធ្វើឡើង​បន្ទាប់ពីរ​ដ្ឋាភិបាល​បាន​ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈ​ការ​ដាក់​វិធាន​ការ​តឹងរ៉ឹង។​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបាន​ប្រកាស​ថា​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០​១៦ ​នគរបាល​ចរា​ច​រណ៍នឹងអនុវត្ត​ច្បាប់ចរាចរណ៍ថ្មី​ឲ្យ​បាន​​ពេញលេញ៕

[អានបន្ត]
រដ្ឋាភិបាលឲ្យក្រុមហ៊ុនម៉ុងឫទ្ធី បង់ថ្លៃដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពី​វិនិយោគ​ជិត​២០ឆ្នាំ​

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 12:39 PM

រដ្ឋាភិបាលបានចេញសេចក្តីសម្រេច​​និង​ការ​ព្រមាន​មួយ​ឲ្យ​ក្រុមហ៊ុនម៉ុង ឫទ្ធី ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំ​កសិ​ឧស្សា​ហកម្ម​នៅខេត្តព្រះសីហនុ​ បង់ថ្លៃដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទួលបាន​គោល​​ការណ៍អភិវឌ្ឍន៍ពីរដ្ឋាភិបាល។​ នៅក្នុងឯកសារមួយច្បាប់ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលវីអូឌី(VOD)ទើបទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋា​​ភិបា​ល​បានលើកឡើង​ថាអនុញ្ញាតឲ្យក្រុមហ៊ុនម៉ុងឫទ្ធីដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ បន្តនីតិវិធីដោយទុករយៈពេល៣ខែ ដើម្បីឲ្យក្រុមហ៊ុនបង់ថ្លៃសម្ប​​ទានដី​សេដ្ឋកិច្ចជូនរដ្ឋនិងកែសម្រួលរយៈពេលវិនិ​យោគ​ពី៧០មក៥០ឆ្នាំវិញនិងចុះកិច្ចសន្យាឡើងវិញ​។ ឯកសារបន្តថាប្រគល់ជូនក្រសួងកសិកម្មនិងអាជ្ញាធរខេត្តព្រះសីហនុត្រួត​ពិនិត្យតាមដានអំពីវឌ្ឍនភាពរបស់​ក្រុមហ៊ុននេះឲ្យបានហ្មត់ចត់បំផុត។ ឯកសារបញ្ជាក់ថា៖ “ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវក្នុងរយៈពេលកំណត់ខាងលើ ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងដើម្បីមានវិធានការ​។…ប្រគល់ជូនកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើការព្រមានក្រុមហ៊ុនម៉ុងឫទ្ធី វិនិយោគទុន ដំណាំ​ដូងប្រេងកម្ពុជា ដែលបានឈូសឆាយដីដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ”។​ បើតាមឯកសារនោះ រដ្ឋាភិបាល​ក៏បានបញ្ជាក់ឲ្យ​ក្រុមហ៊ុន​បង់​ថ្លៃ​ដីសម្បទានសេដ្ឋកិច្ចដាំដូឡូងមីនៅខេត្តព្រះ​សី​ហនុ ក្នុងស្រុកព្រៃនប់ផងដែរ។ រដ្ឋាភិបាល​ក៏​បានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម អាជ្ញាធរខេត្ត​និង​​​ស្ថាប័នពាក់ព័ន្ធពិនិត្យ​ព្រំប្រទល់ដីរបស់ក្រុមហ៊ុននិង​ព្រមានក្រុមហ៊ុននេះ​ដែលរដ្ឋាភិបាល​ថាបានឈូស​ឆា​យដីនិងប្តូរប្រភេទដំណាំដាំដុះដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។​ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា​គណៈកម្មការ​​អន្តរក្រសួង​បាន​ប្រជុំហើយសម្រេចឲ្យក្រុមហ៊ុន​បង់ដីសម្បទានសេដ្ឋកិច្ច។ នៅពេល​សួរថា​ហេតុអ្វី​បានជាក្រុមហ៊ុន​មិន​បាន​បង់ថ្លៃ​យូរមក​ហើយ លោក​បញ្ជាក់​ថា​នេះ​ជាយន្តការថ្មីមួយរបស់​រដ្ឋាភិបាល​អាណត្តិនេះ​​ហើយ​ថា​ក្រសួងកសិកម្ម​បានជំរុញឲ្យ​មាន​​ការបង់ថ្លៃដីសម្បទានសេដ្ឋកិច្ច​ឲ្យ​បានត្រឹមត្រូវ​។ លោកមានប្រសាសន៍ថា៖ “អ្វីដែលជាការសម្រេចរបស់គណៈកម្មការក្រសួង នៅពេលដែលយើង​ទុកជូនគាត់ហ្នឹង គឺសំដៅទៅលើតែការបង់ថ្លៃសម្បទានសេដ្ឋកិច្ចទេ មិនមែនការឈូសឆាយខុសច្បាប់​នោះទេ។ ការឈូសឆាយគឺមានលើសខ្វះតិចតួចហ្នឹង គឺជាការធម្មតាសម្រាប់អ្នកវិនិយោគដើម្បីជំរុញ​ការដំាដុះឲ្យទាន់ពេលវេលាហើយគណៈកម្មការបានសម្រេចឲ្យក្រុហ៊ុនម៉ុងឫទ្ធីបន្តនីតិវិធីហើយ លើកលែងតែត្រូវបង់ថ្លៃសម្បទានសេដ្ឋកិច្ចប៉ុណ្ណឹង”។ ទាក់ទង​នឹង​ការ​ឈូសឆាយដី​ដោយ​ពុំមានការអនុញ្ញាត​ពីក្រសួងកសិកម្ម អ្នកនាំពាក្យ​រូបនោះបញ្ជាក់ថា៖ “ប្រហែលជាមូលហេតុមកពីក្រុមហ៊ុនគាត់ហ្នឹងបានទទួលដីសម្បទានសេដ្ឋកិច្ចហ្នឹង មុនពេលគោលការណ៍របស់រាជរដ្ឋាភិបាលចេញមកក្រោយ។ ក្រោយមកទេ ដែលយើងមានគោលការណ៍ថាមុនពេលធ្វើការឈូសឆាយ ត្រូវសុំគោលការណ៍ពីក្រសួងកសិ​កម្ម​សិន”​។ លោក អ៊ាង សុផល្លែត ថា​លោក​មិន​ចាំ​ថា​តើ​ក្រុមហ៊ុនម៉ុងឫទ្ធីបានទទួលដីសម្បទានសេដ្ឋកិច្ច​ប៉ុន្មានហិកតាក្នុងខេត្តព្រះសីហនុនោះទេ។​ លោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភាមួយរូប​មកពីគណបក្សប្រជាជនកម្ពុជាប្រាប់វីអូឌីនៅថ្ងៃ​ចន្ទនេះ​ថាលោក​​បាន​ចុះកិច្ចសន្យា​​ទទួលដីសម្បទានសេដ្ឋកិច្ច​ដាំ​​ដូងប្រេង​តាំងពីឆ្នាំ១៩៩៦ហើយក្រុមហ៊ុន​មិនបានបង់​ប្រាក់លើដី​សម្បទានសេដ្ឋកិច្ចនោះទេ ដោយ​លោក​ថាមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការបង់​។ លោក​មានប្រសាសន៍ថា៖ “វាអត់ទាន់ច្បាស់លាស់ថាបង់យ៉ាង​ម៉េចអីយ៉ាងម៉េច ឲ្យច្បាស់លាស់មក ក្រុមហ៊ុនចាំតែបងទេ មិនដឹងនីតិវិធីច្បាស់លាស់”។ លោកបញ្ជាក់ថាក្រុមហ៊ុនកំពុង​ដំណើរការបង់ប្រាក់ទាំងនោះ។ លោក ម៉ុង ឫទ្ធី បានច្រានចោលថាក្រុម​ហ៊ុនមិនបានឈូសឆាយដីដូច​ក្នុង​លើក​ឡើងនៅក្នុង​ឯកសារ​របស់រដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា៖ “ឈូសស្អី បើ​អត់មានដីឈូសផង។ ដូងប្រេងហ្នឹង​ដាំហើយតាំងពីមុនឆ្នាំ២០០០។ ឥឡូវ១៦ឆ្នាំហើយ យកមកនិយាយផេះស្អី។ ខ្ញុំអត់ដឹងទេ គេសរសេរសរសេរទៅ ខ្ញុំអត់ដឹងផង”។ នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ មានប្រសាសន៍ថាក្រសួង​បរិស្ថាន​ក៏​បាន​សម្រេច​កាត់​បន្ថយ​ទំហំ​ដីវិនិយោគ​របស់​ក្រុមហ៊ុនម៉ុង ឫទ្ធី នៅតំបន់ឧទ្យាន​គិរីរម្យ ខេត្តកំពង់ស្ពឺ ដែល​ទទួល​បាន​ពីក្រសួង​បរិស្ថាន ពី​​​ប្រមាណ៤ពាន់ហិកតាមក​ត្រឹមតែ១ពាន់ហិកតាប៉ុណ្ណោះ។​ អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា  លោក សុន ឆ័យ ចាត់ទុកយន្ត​​ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជា”យន្តការខុសច្បាប់”ដោយលោកថាមិនមាននីតិវិធីច្បា​ស់លា​ស់ហើយការអនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យា។ លោកបន្តថាក្នុងឆ្នាំ២០១៤ រដ្ឋាភិបាល​អះ​អាង​​ថា​ប្រមូលចំណូល​បានប្រមាណ៥លាន៥សែនដុល្លារ ដែលលោកចាត់ទុកចំណូលនេះតិចតួចបំផុត​​។​ លោកស្នើឲ្យរដ្ឋាភិបាលប្រមូលដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់មកវិញ​និងទុកឲ្យមានការដុះព្រៃឈើនិង​ចែកជូនប្រជាពលរដ្ឋដែលខ្វះដីរស់នៅ។ បើតាមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ចំណូលពីការផ្តល់​ដីសម្បទានសេដ្ឋ​កិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ មានចំនួនជាង៤៧លានដុល្លារអាមេរិក សម្រាប់រយៈពេល​៣ឆ្នាំ(២០១១- ២០១៤) ។ របាយការណ៍ឲ្យដឹងថាគិតត្រឹមដើមខែមករា ឆ្នាំ២០១៥ ផ្ទៃដីសម្បទានសេដ្ឋ​កិច្ចដែលបានចុះកិច្ចសន្យាមានចំនួន២០៥ក្រុមហ៊ុនលើផ្ទៃដីសរុប១៣៥៩៦៥៦ហិកតា។ របាយការណ៍បញ្ជាក់ថា​តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្បទានិកត្រូវបង់ថ្លៃឈ្នួលសម្ប​ទានដីចំនួន៥ដុល្លារ​អាមេ​រិកក្នុងមួយហិកតាក្នុងមួយឆ្នាំនៃផ្ទៃដីសរុប ដែលបានអនុញ្ញាតឲ្យឈូសឆាយ ដោយគិតពីឆ្នាំទី៦ទៅ ហើយថ្លៃសម្បទានដីត្រូវកើន១ភាគរយក្នុងមួយឆ្នាំដោយគិតចាប់ពីឆ្នាំទី៧។ ក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ចត្រូវបង់ប្រាក់កក់១០ដុល្លារក្នុងមួយហិកតានៃទំហំដី ដែលបានបានផ្តល់ជូនបន្ទាប់ពីចុះកិច្ចសន្យាក្នុងរយៈពេលមួយខែ។ ប្រាក់កក់ចំនួន៧០ភាគរយនឹងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលមានការដាំដុះចប់សព្វគ្រប់តាមផែនការមេ។ ប្រាក់កក់ចំនួន៣០ភាគរយដែលនៅសល់គឺសម្រាប់ទូទាត់ថ្លៃសម្បទានដីនៅចុងគ្រានៃកិច្ចសន្យា។ អានអត្ថបទ....  ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​៤ទៀត​ត្រូវ​បន្ថយ​រយៈ​ពេល​វិនិយោគមក៥០ឆ្នាំ   កម្ពុជា​រក​ចំណូលបាន​​ជាង​៤៧លានដុល្លារក្នុង​រយៈពេល​៣ឆ្នាំ​លើ​​​​ដីសម្បទានសេដ្ឋកិច្ច​   ក្រសួងកសិកម្ម​​ក្រើន​រំឭកអ្នក​វិនិយោគ​​ដី​សម្បទាន​កុំ​ឲ្យ​ផ្ទេរ​ដី​ទៅ​ក្រុមហ៊ុន​ផ្សេង  លោក សុន ឆ័យ រិះគន់ថា​រដ្ឋាភិបាល​មិនគួរ​យក​ពន្ធដី​សម្បទានសេដ្ឋកិច្ចតម្លៃ​​៥ដុល្លារក្នុងមួយហិកតា ក្នុង​​រយៈ​ពេល​១ឆ្នាំនោះទេ។ លោក​​ស្នើ​ឲ្យ​យក​តម្លៃ​១០០ដុល្លារក្នុងមួយហិកតា ដោយលោកប្រៀបធៀបទៅ​នឹងតម្លៃទីផ្សារដែលពលរដ្ឋ​ជួលដី​១​ហិកតា​​សម្រាប់​ដាំដំណាំកសិកម្មតម្លៃ​ប្រមាណពី​៣០០ទៅ​៤០០ដុល្លារក្នុងមួយ​ឆ្នាំ​។​ គួរបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់​ទាំងអស់៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
លិខិតមិត្តអ្នកអាន៖គួរជៀសវាងការ​រើសអើងក្មេងជំទង់និងយុវវ័យ​ពិគ្រោះយោបល់សេវាសុខភាពផ្នែកពន្យារកំណើត

ថ្ងៃអាទិត្យ ទី31 មករា 2016, 05:45 PM

បាលី ឥណ្ឌនេស៊ី​៖ ជាក់ស្តែងនៅក្នុងសង្គមខ្មែរយើង នៅមានភាពតានតឹងនៅឡើយជាពិសេសរវាងមនុស្សជំនាន់មុននិងជំនាន់ក្រោយ ត្រង់រឿងទាក់ទងនឹងការរួមភេទមុនរៀបការ។ នេះជាប្រធានបទដ៏ក្តៅគគុកនៅតាមគេហដ្ឋាននានានៅប្រទេសកម្ពុជា ក៏​ដូចជានៅប្រទេសមួយចំនួនទៀតនៅអាស៊ីនិងអាហ្វ្រិក ហើយប្រធានបទនេះក៏ត្រូវបានគេលើកឡើងមកពិភាក្សាហើយនិងពិភាក្សាទៀតនៅមហាសន្និសីទInter​national Conference on Family Planning (ICFP 2016) ដែលមានអ្នកជំនាញផ្សេងៗចូលរួ​មដល់ទៅជិត៤០០០នាក់។ (សូមចូលអានតំណរនេះបន្ថែម៖​ https://www.fpconference.org/2016/)  លោកស្រី Heidi Brown ដែលធ្វើការនៅក្នុងបណ្តាញអង្គការសុខភាពបន្តពូជ ឈ្មោះ​ថាPartnering to Save Lifes នៅកម្ពុជាបានមានប្រសាសន៍​ថានៅទីក្រុងបាលីថាអ្នកពិនិត្យសុខភាពសម្រាប់​ក្មេងជំទង់ និងយុវវ័យ ក៏​ជាមនុស្សរស់នៅក្នុងសង្គមដែរ ហើយពួកគាត់គ្រប់ៗគ្នាក៏មានអត្តចរិកនិង​ទស្សន:ខុសប្លែ​កគ្នាដែរ ប៉ុន្តែនៅពេលពួកគាត់ឈានជើងចូលមកគ្លីនិកសុខភាព(ខាងសុខភាបបន្តពូជ) ពួកគាត់ត្រូវលះបង់នៅភាពរើសអើសឥរិយាបទឫ​ផ្នត់គំនិតដែលគិតថាក្មេងជំទង់ពេញវ័យឫ​យុវវ័យដែលមិនទាន់រៀបការមិនគួរប្រើប្រាស់ថ្មាំឫ​វិធីពន្យាកំណើតណាមួយនោះទេឬបើនិយាយឲ្យ​​ចំចំណុចតែម្តង”រួមភេទមុនរៀបការឫ​ចូលរួមសកម្មភាពរួមភេទផ្សេងៗ”​។ ប៉ុន្តែអ្នកស្រី​Heidi Brown បញ្ចេញមតិក្នុងនាមអ្នកស្រីជាអ្នកជំនាញការថាបើអ្នកពិនិត្យសុខភាពមានការើសអើសឫ​ឪពុកម្តាយមិនបានផ្តល់ឱ​កាសឲ្យ​ក្មេងជំទង់ដែលជា​កូនៗរបស់ខ្លួនស្វែងយល់ពីវិធីការពារខ្លួនទេ នោះការលំបាកនឹងធ្លាក់មកលើក្មេងពេញវ័យទាំងអស់នេះ​ ដែលកំពុងត្រូវព័​ត៌មានឫ​ការព្យាបាលផ្សេងៗ។  អ្នកជំនាញខាងសុខភាពដែលធ្វើការនៅតំបន់អាស៊ីនិងអាហ្វ្រិកហើយមានវត្តមាននៅសន្និសីទ​នោះ ក៏បាន​នាំគ្នាទទួលស្គាល់ថាការអៀនខ្មាសរបស់ក្មេងៗក្នុងការស្វែងយល់ពីបញ្ហានេះ​  ការមិនបើចំហរក្នុងការពិភាក្សារវាងឪពុកម្តាយនិងកូនពីរឿងសុខភាពបន្តពូជនិងការរួមភេទ ការខ្វះការអប់រំលើចំណុ​ចនេះនៅសាលារៀននិងការមិនអើពើរបស់សារព័​ត៌មានមកលើសុខភាពសាធារណៈ(public health)ធ្វើឲ្យ​​ក្មេងៗជំទង់​ជាច្រើនរិះរកមធ្យោបាយផ្សេងៗ​ ដូចជាការអានទស្សនាវដ្តីឫ​មើលវីដេអូអាសអាភាសដែលមិនបានបញ្ចាំងអំពីស្ថានភាពពិតប្រាកដ ឮនៃការរួមភេទប្រកបដោយសុវត្ថិភាពសម្រាប់​ពួកគេ។  គេឃើញថានៅប្រទេសហ្វី​លីពីន ការមានផ្ទៃពោះក្នុងចំណោមយុវត្តី ក្រោមអាយុ១៨ឆ្នាំ(teen pregnancy)ជាបញ្ហាចំបងមួយដែលត្រូវដោះស្រាយ។ ក្នុងការចែករំលែកមួយនៅសន្និសីទ​នោះ អ្នកកាសែត​ស្ត្រីម្នាក់មកពីប្រទេសហ្វី​លីពីនបាននិយាយថាមានយុវត្តីជាដែលមិនទាន់រៀបការជាច្រើននៅប្រទេសហ្វី​លីពីនធ្វើការរួមភេទដោយមិនបានប្រើការពន្យារ​កំណើតតាមវិធីណាមួយនោះ លុះដល់ពេលដឹង​ខ្លួនថាខ្លួនមានទម្ងន់​ ពួកគាត់មិនហ៊ានទៅគ្លីនិកសុខភាពបន្តពូជ ដោយភាគ​ច្រើនគ្លីនិកទាំងអស់នោះ​ប្រើប្រាស់ពាក្យ”​ការរៀបចំគ្រួសារជាភាសាអង់គ្លេសFamily Planning” ដែលពួកគាត់យល់ឃើញថាជាគ្លីនិកសម្រាប់​​អ្នកដែលរៀបការហើយ ដូច្នេះ​ហើយធ្វើឲ្យគា​ត់មិនហ៊ានទៅទទួលសេវានៅគ្លីនិកសុខភាពទាំងអស់នោះទេ។ កញ្ញាម្នាក់នោះ​សំណូមពរឲ្យ​អ​ង្គការសុខភាពបន្តពូជនានា មិនថានៅប្រទេសហ្វី​លីពីនឫ​ប្រទេសផ្សេងៗទៀតនៅ អាស៊ី​និងអាហ្រិក គិតឡើងវិញនៅការប្រើប្រាស់វាក្យស័ព្ទនិងជំរុញក្មេងពេញវ័យ មិនថារៀបការហើយឫ​​មិនទាន់រៀបការហើយមកទទួលបានសេវាសុខភាពបន្តពូជគ្រប់ៗគ្នា។  អ្នកចូលរួមក្នុង​មហាសន្និសីទInter​national Conference on Family Planning (ICFP 2016)(រូបថតដោយកែវ គូនីឡា) ក្រៅពីអ្នកជំនាញចូលរួមផ្សេងៗ ក៏​មានអ្នកដឹកនាំយុវជន(youth leader)ដែលស្ម័គ្រចិត្តធ្វើការជាមួយអង្គការសុខភាពបន្តពូជក្នុងការចុះផ្តល់ពិគ្រោះយោបល់ដល់ក្មេងៗជំទង់និងយុវវ័យផងដែរ។ វត្តមានរបស់អ្នកដឹកនាំយុវជន ឃើញថាមានប្រសិទ្ធភាពព្រោះថាពួកគេជួយផ្តល់យោបល់ដល់ក្មេងៗជំទង់ដទៃទៀតដោយគ្មានភាពរើសអើងខ្ពស់ជាពិសេសនៅក្នុងសង្គមដែលនៅមានគំនិតអភិរក្សនិយមខ្ពស់។ យុវជនទាំងអស់នេះ​អាចជួយត្រួសត្រាយផ្លូវនិងដាស់តឿនដល់ក្មេងពេញវ័យនានាឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់ពេលរួមភេទ ឫ​ឲ្យ​មានការគិតឲ្យ​បានត្រឹមត្រូវជាមុនសិន មុនពេលគិតថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់​ការរួមភេទ។ ក្រលេកមកមើលស្ថានភាពនៅប្រទេសខ្មែរវិញ យើងឃើញថាប្រទេសរបស់យើងត្រូវការបទពិសោធន៍​ជោគជ័យពីប្រទេសដទៃទៀត។  សុខភាពបន្តពូជមិនមែនសម្រាប់​តែស្ត្រីតែប៉ុណ្ណោះទេ មនុស្សប្រុសនិងអ្នករាល់គ្នាក៏​ត្រូវចូលរួមចំណែកការពា​រខ្លួនផងដែរ។ នេះ​បើតាមសម្តីរបស់អ្នកស្រី​ Katja Iversen ប្រធានCEOរបស់Women Deliverដែលជាអង្គការអន្តរជាតិមួយមានទីតាំងនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ អង្គការរបស់អ្នកស្រី​នឹងរៀបចំមហា​សន្និសីទ​មួយស្តីពីសុខភាព សុខមាលភាពនិងសិទ្ធិរបស់ក្មេងស្រី​និងស្ត្រី​ទូទាំងពិភពលលោកនៅឯទីក្រុងខូភិនហេហ្គិន ប្រទេសដេនម៉ាក ពីថ្ងៃទី​១៦ដល់១៩ខែឧសភានេះផងដែរ។ អ្នកស្រី​Katjaបាននិយាយបន្ថែមទៀតថាអ្នកធ្វើការខាងសុខភាពបន្តពូជ មិនថានៅប្រទេសអភិវឌ្ឍន៍​ឫ​ប្រទេសកំពុងអភិវឌ្ឍន៍​នោះទេ គួរមានការចូលរួមជួយស្ថានភាពអោយកាន់តែប្រសើរឡើង។  អ្នកស្រី​ Katja Iversen និយាយថា៖ "មនុស្សគ្រប់រូបគឺជាម្ចាស់លើខ្លួនរបស់គេ ហើយក្មេងជំទង់និងយុវជនពិតជានឹងអាចមានសមត្ថភាពក្នុងការសម្រេច​ចិត្តលើរាងកាយនិងសុខភាពបន្តពូជរបស់ពួកគេបាន លុះត្រាតែពួកគេមានការយល់ដឹងពីរាងកាយនិងការចេះការពារខ្លួនឯងច្បាស់លាស់ ព្រមទាំងការរស់នៅប្រកបដោយសុវត្ថិភាព"៕  (អ្នកស្រី​ Katja Iversen ប្រធានCEOរបស់Women Deliverដែលជាអង្គការអន្តរជាតិមួយមានទីតាំងនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក/វីដេអូដោយកញ្ញា កែវ គូនីឡា) កញ្ញា កែវ គូនីឡា បាន​ចូលរួម​មហាសន្និសីទInter​national Conference on Family Planning (ICFP 2016) សរសេរមកកាន់កញ្ញា កែវ គូនីឡា តាមរយៈkounilakeo@gmail.com

[អានបន្ត]
អ្នក​ស្រឡាញ់​ព្រៃឈើ​ថា​ពួកគេ​នឹង​ដេក​ក្នុង​ព្រៃ​៥​ថ្ងៃ​ទប់ស្កាត់​បទល្មើស

ថ្ងៃអាទិត្យ ទី31 មករា 2016, 04:52 PM

​តំណាង​សហគមន៍​បួន​ខេត្ត អះអាងថា ពួក​គេ​ជាង​២០០​នាក់ នឹង​ចុះ​ល្បាត​ព្រៃ​ឡង់​ម្តងទៀត ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ទៅដែល​ពួកគេ​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​រដ្ឋាភិបាលប្រកាស​ឲ្យ​ទប់ស្កាត់​ឧក្រិដ្ឋជន រកស៊ី​ឈើ​ខុសច្បាប់នៅ​ភាគ​ឦសាន​ប្រទេស។​ ​តំណាង​សកម្មជន​ព្រៃ​ឡង់ អ្នកស្រី ភោគ ហុង ប្រាប់វីអូឌ(​VOD) នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ស្អែក​នេះ ពួកគេ​មក​ពីខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ធំ នឹង​ចុះ​ល្បាត​ព្រៃ​ឡង់​ចំនួន​៥​ថ្ងៃ​បន្ថែមទៀត ដែល​ស្ត្រី​រូប​នោះ​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើដែល​កំពុង​កើតមាន​ក្នុងព្រៃ​ធំ​មួយ​នេះ​។​

[អានបន្ត]
​ក្រុមហ៊ុន​ទ្រី​ភាព​ប្រកាស​ការពារ​ខ្លួន​ម្តងទៀត​ថា​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​

ថ្ងៃអាទិត្យ ទី31 មករា 2016, 02:47 PM

​ក្រុមហ៊ុន​ទ្រី​ភាពបានប្រកាស​ច្រានចោលម្តងទៀតថាខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើដូច​ការចោទប្រកាន់​ទេ ខណៈ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស​មួយចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​ភូមិភាគ​ឦសានជាប់​ប្រទេស​វៀតណាម​។​ ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៩​ ​ខែ​មករា ​ក្រុមហ៊ុន​ទ្រី​ភាពគ្រុបបានប្រកាសថាខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន​ឈើ​ឈ្មោះយូ​នី​ហ្គ្រី​ន គ្រុប ទេ​។​

[អានបន្ត]
​នាយករដ្ឋមន្ត្រី​ថា​ការ​ហាត់​ប្រាណ​បង្កើន​ភាព​រីករាយ សុខភាព និង​មិត្តភាព​

ថ្ងៃអាទិត្យ ទី31 មករា 2016, 11:41 AM

​ប្រមុខ​រាជរដ្ឋាភិបាល បាន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ចេញទៅ​ហាត់ប្រាណ​នៅ​ទី​សាធារណៈ ដោយ​លោក​យល់ថា ដើម្បី​បង្កើត​ស្មារតី​សាមគ្គីភាព និង​បង្កើន​សុខភាព​ប្រចាំថ្ងៃ​។​ ​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួនរបស់​លោក​នៅ​ថ្ងៃ​ទី​៣១ ​ខែ​មករា​នេះ​ថា​ ​លោក​មាន​ការរីករាយដែល​បាន​ឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន បាន​ចេញ​ទៅ​ហាត់ប្រាណ នៅតាមសួនច្បារ​សាធារណៈ ទាំង​ពេល​ព្រឹក ពេល​ល្ងាច និង​ពេលយប់​។​

[អានបន្ត]
​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​គ្រោង​ចូល​ជួប​សកម្មជន​ការពារ​បរិស្ថាន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង​

ថ្ងៃសៅរ៍ ទី30 មករា 2016, 04:23 PM

​អង្គកា​សិទ្ធិមនុស្ស​មួយក្រុម គ្រោង​ចូលជួបសកម្មជន​ការពារ​បរិស្ថាន ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្ត​កោះកុង ដែល​សង្គម​ស៊ីវិល​ថា ការ​ចូល​ជួបសកម្មជន​ដល់​មន្ទីរ​ឃុំឃាំង​នោះ ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ​កុំឲ្យ​បាក់ស្មារតីពី​ការចូលរួម​កិច្ចការ​សង្គម​។​ ​បើ​តាម​លិខិត​មួយច្បាប់របស់​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ផ្ញើជូន​ទៅ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៨​បាន សរសេរថា អង្គការ​ទាំងនោះ​ស្នើសុំ​ការអនុញ្ញាត​ចូល​សួរសុខទុក្ខ ជនជាប់ចោទ​ដែល​ជា​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​។​

[អានបន្ត]
​សកម្មជន​បក្សប្រឆាំង​ចុះ​រើស​សំរាម​ក្នុង​រាជធានី​ដែល​ពួកគេ​ថា​ចូលរួម​ថែទាំ​បរិស្ថាន​

ថ្ងៃសៅរ៍ ទី30 មករា 2016, 11:11 AM

​សកម្មជន​បក្សប្រឆាំង អះអាងថាពួកគេ​មក​ពី​៦​ខណ្ឌ បាន​សហការណ៍គ្នា ចុះ​រើស​សំរាមតាម​មហាវិថី​មួយចំនួន ក្នុង​ខណ្ឌ​ចំការ​មន នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​ពួកគេ​ថា ជា​គោលដៅ​ដើម្បី​បាន​ចូលរួម​ចំណែក​សំអាត​បរិស្ថានក្នុង​រាជ​ធា​នី​។​ ​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់របស់​គណបក្ស​សម​រង្ស៊ី លោក គួ​យ សាត ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មករា​នេះ​ថា ពួកគាត់​ប្រមាណ​ជា​២០០​នាក់ មក​ពី​ខណ្ឌ​ចំការមន ខណ្ឌមានជ័យ ដង្ហោ ដូនពេញ និង​ខណ្ឌ​មួយចំនួន​ទៀត បាន​ប្រមូលផ្តុំ​គ្នា ដើរ​រើស​សំរាម តាម​មហា​វិធី​ព្រះមុនីវង្ស និង​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​ចំកា​មន​។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To