ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

សហជីពស្នើកុំឲ្យប្រើប្រព័ន្ធតុលាការអយុត្តិធម៌ចាត់ការលើមន្រ្តីសហជីពនិងកម្មករ​

ថ្ងៃសុក្រ ទី29 មករា 2016, 11:06 AM

សហភាពការងារកម្ពុជាដែលដឹកនាំដោយ​លោក អាត់ ធន់ បានស្នើឲ្យទៅ​ស្ថាប័នពាក់​ព័ន្ធ​ជួយដោះស្រាយ​បញ្ហាប្រឈមដែលបានដាក់សម្ពាធមកលើសហជីពនិងសមាជិករបស់ខ្លួនក្នុងឆ្នាំ២០១៥ តាមរយៈ​ការ​រៀបចំ​ឲ្យប្រព័ន្ធតុលាការឲ្យ​មានភាពឯករាជ្យនិងសុំឲ្យរដ្ឋាភិបាល​ណែនាំកែប្រែ​មន្ត្រីមួ​យ​ចំនួនរ​ប​ស់​ខ្លួន​។ សហភាពការងារកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាល​ពីថ្ងៃព្រហស្ប​តិ៍ដោយរៀ​បរាប់​អំពើហិង្សា​និង​​ការរំលោភបំពាន​ផ្សេងៗមកលើកម្មករនិយោជិតក្នុងឆ្នាំ២០១៥។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហ​ជីព​បានរិះគន់ប្រព័ន្ធ​តុលាការដែលសហជីព​ថាបានរងឥទ្ធិពល​ទឹកប្រាក់​និងអំណាចន​យោបាយហើយ​ធ្វើ​ការ​​កាត់ក្តីដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋក្រីក្រដោយអយុត្តិធម៌។​ សេចក្តីថ្លែងការណ៍​ឲ្យដឹង​ទៀត​ថា​សហជីពនិងកម្មករនិយោជិតរបស់សហភាព​ការងារកម្ពុជា​បានរង​នូវ​បញ្ហា​​ប្រឈម​ជាច្រើនដែលរួមមានរឿងក្តីដែលមាននៅតុលាការមាន២៦ករណី  ការបញ្ឈប់កម្ម​​ករ​និ​យោ​​ជិត​​​ពី​ការងារមាន៦៤៥នាក់ ការប្រើប្រាស់ហិង្សាទៅលើកម្មករនិយោ​ជិតរហូត​មានរបួ​សស្នាមមាន​ចំនួ​ន​​១​០​ក​រណី ការដួលសន្លប់អំឡុងពេលធ្វើការងារដោយសារថែមម៉ោងហួសកម្លាំង និងបរិយាកា​សមិ​ន​ល្អរួ​ម​មា​​នជាតិគីមីពុល មានចំនួន១៨០៦នាក់ ការជួបគ្រោះថ្នាក់ការងារចំ​នួន៦៤៩១ករណី​ដែល​បណ្តាល​ឲ្យ​​មាន​​អ្នករងគ្រោះចំនួន៧៣៥៧នាក់ ក្នុងនោះ​មានស្លាប់រហូតដល់១៣០នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហជីព​បានស្នើដល់រដ្ឋាភិបាលកែប្រែមន្ត្រីមួយចំនួនដែលសហជីព​ថា​បាន​ឃុ​ប​​ឃិត​ជា​មួយនិយោជកនិងដាក់ទោសមន្ត្រីទាំងនោះរួមទាំងនិយោជកទាំងឡាយ​ដែលបានប្រព្រឹត្ត​ល្មើស​។ សហជីព​ក៏​បាន​ស្នើ​ដល់​ស្ថាប័នរដ្ឋសភា រដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធបន្តការយកចិត្តទុកដាក់ និង​ជួយដោះស្រាយនូវបញ្ហាទាំងនោះឲ្យបានប្រសើរឡើង។ វីអូឌីមិនទាន់អាចទាក់ទង​អ្នកនាំពាក្យក្រសួង​ការងារ លោក ហេង សួរ បាននៅឡើយទេ៕​ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈhunsirivadh@gmail.com  

[អានបន្ត]
នាយករដ្ឋមន្រ្តីថា​អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀន

ថ្ងៃសុក្រ ទី29 មករា 2016, 11:00 AM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​សុក្រនេះ​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​និយាយថា”ទេ”ចំពោះគ្រឿងញៀន​និង​បាន​សរសើរដល់អាជ្ញាធរមានសមត្ថកិច្ច​ថា​បានខិតខំយ៉ាងខ្លាំងដើម្បី​ទប់ស្កាត់​គ្រឿងញៀន។​ លោក ហ៊ុន សែន បាន​សរសេរនៅលើហ្វេសប៊ុក​ថា​សម្រាប់កម្ពុជា គ្រឿងញៀនបាននឹងកំពុងវាយលុកបំផ្លាញអនាគតរបស់យុវជន យុវនារីមួយចំនួន ដែលលោក​ថា​ធ្វើឲ្យ​ពួកគេក្លាយជាជនរងគ្រោះ បណ្តាលមក​​ពីពួកឧក្រិដ្ឋជនដែលជួញដូរនិងចែកចាយគ្រឿងញៀន។ លោកមានប្រសាសន៍ថា៖ “នៅក្នុងស្ថានភាពបែបនេះ បានដាក់ឲ្យ​មាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាពជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅដែលរងគ្រោះដោយសារគ្រឿងញៀនទៅទៀត។ ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន គាត់ត្រូវអស់ប្រាក់កាសដោយសារកូន គាត់បាត់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅគំរាម​ឪពុកម្តាយនិងបានវាយធ្វើបាបទារលុយទៅទិញគ្រឿងញៀន”។​ លោកនាយករដ្ឋមន្រ្តីសរសេរបន្តថា៖ “អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀននិងមានវិធានការអប់រំផងនិងវិធានការផ្លូវច្បាប់ផងដែលមានការចាប់ខ្លួនបញ្ជូនទៅតុលាការសម្រាប់អ្នកជួញដូរនិងចែកចាយគ្រៀងញៀននិងរៀបចំមណ្ឌលដើម្បីធ្វើនីតិសម្បទារអ្នកដែលញៀនគ្រឿងញៀន”។ លោក​បន្តថា​លោក​និង​ភរិយា​បានចូលរួមផ្គត់ផ្គង់ថវិកាប្រចាំខែសម្រាប់មជ្ឈមណ្ឌល៣គឺពីរនៅបាត់ដំបង និងមួយ​នៅបន្ទាយមានជ័យ។​ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំយល់ថាវិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ចនិងពីតុលាការ រហូតពន្ធ​នាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះនិងដើម្បីធានាប្រសិទ្ធ​ភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយថាទេ”។ ​លោកបញ្ជាក់ថា៖ “ខ្ញុំយល់ថាសំខាន់ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែនិយាយថា“ទេ” បដិសេធគ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។ សូមបងប្អូនកុំបារម្ភថាខ្លាចសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនគ្មានការងារធ្វើឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿងញៀនកាត់ក្តីនិងខ្លាចពន្ធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន”។​ ​របាយការណ៍​បង្ហាញថាក្នុងរយៈពេល​៩​ខែឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បង្ក្រាប​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀននិង​ដកហូត​វត្ថុតាង​បាន​ច្រើន​ករណីដែល​កើន​ជាង​៣០០% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​។​ របាយការណ៍​បញ្ជាក់ថាក្នុងរយៈពេល៩ខែ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​​ចំនួន​១៦៦៨​ករណី ឃាត់ខ្លួន៣៤០២​នាក់និង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង​៨៧​គីឡូ​ក្រាម បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ សមត្ថកិច្ច​បង្ក្រាប​បាន​តែ៥៦៤​ករណី ឃាត់ខ្លួន ១៣​៤៥​នា​ក់និង​ដកហូត​គ្រឿ​ញៀន​គ្រប់​ប្រភេទ​ចំនួន​៤៣​គីឡូក្រាម​៕ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
គណៈកម្មាធិការឆ្នេរ​ជួបពិភាក្សាជាមួយ​ក្រុមហ៊ុនរ៉ូយ៉ាល់ដោះស្រាយបញ្ហា​សាងសង់ផែនៅឆ្នេរអូរត្រេះ

ថ្ងៃសុក្រ ទី29 មករា 2016, 09:53 AM

គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅព្រឹកថ្ងៃ​សុក្រនេះ រៀបចំកិច្ចពិភាក្សាមួយ​​ជាមួយ​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប អំពី​​ការ​សង់ផែ​សម្រាប់​លើក​ដាក់សម្ភារ(Jetty)នៅឆ្នេរអូរត្រេះ  ខេត្តព្រះសីហុន ដែល​មាន​បញ្ហាចម្រោង ចម្រាស​កាលពីកន្លងទៅ។​ ប្រធានគណៈកម្មាធិការនិង​​ជា​រដ្ឋមន្រ្តីក្រសួងដែនដី លោក អ៊ឹម ឈុនលឹម បានដឹកនាំកិច្ចប្រជុំនេះ ដោយ​មាន​ការ​ចូលរួមពីភាគីតំណាងក្រុមហ៊ុន គឺ​លោក គិត ម៉េង​ និង​ភាគីពាក់ព័ន្ធផ្សេង​ទៀតមានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និង​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា។​ កិច្ច​ប្រជុំនោះ​នឹង​ពិភាក្សា​ពីការជ្រើសរើសវិធានការ​និង​ទីតាំងសមស្រប ដើម្បីសាងសង់ផែនៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុដើម្បី​បម្រើការអភិវឌ្ឍកោះរ៉ុង តាមសំណើរបស់ក្រុមហ៊ុន​ចុះថ្ងៃទី​៥ខែសីហា ឆ្នាំ២០១៥ និងក្នុងគោលដៅ​រក្សាតំបន់ឆ្នេរខ្សាច់អូរត្រេះជាឆ្នេរសាធារណៈដ៏ស្អាត។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)របស់លោកឧកញ៉ា គិត ម៉េង អះអាងថាការសាងសង់ផែសម្រាប់លើកដាក់សម្ភារ Jetty)ដែលក្រុមហ៊ុនថាដើម្បីគាំទ្រដំណើរការអភិវឌ្ឍកោះរ៉ុងគឺមានការឯកភាពពីអតីតអភិបាលខេត្តនេះនិងបានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូន។ នេះ​ជា​ការឆ្លើយតបទៅ​នឹង​គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែល​បានចេញលិខិតមួយច្បាប់បញ្ជាទៅអភិបាលខេត្តព្រះសីហនុឲ្យរុះរើសំណង់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅលើក្បាលដី៤០ម៉ែត្រ ជម្រៅ១៥ម៉ែត្រ នៅតាមបណ្តោយឆ្នេរខ្សាច់អូរត្រេះ។ លិខិតបំភ្លឺរបស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបលើកឡើងថាការសាងសង់ផែសម្រាប់លើកដាក់សម្ភារ (Jetty​)នោះគឺអនុវត្តដោយគោរពតាមការឯកភាពពីលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ដោយលិខិតបំភ្លឺអះអាងថាការសម្រេចរបស់លោក ឈិត សុខុន នាពេលនោះក៏បានចម្លងជូនក្រសួងមហាផ្ទៃ និងបានយោងតាមការឯកភាពរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីឆ្នាំ២០១០ផងដែរ។ លិខិតបំភ្លឺក៏បានលើកឡើងដែរថារាល់ការអភិវឌ្ឍទាំងឡាយគឺក្រុមហ៊ុនបានសិក្សាយ៉ាងម៉ត់ចត់ ហើយក្រុមហ៊ុនក៏បានសហការជាមួយអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធផងដែរ។ លិខិតបន្តថាដំណើរការអភិវឌ្ឍន៍កោះរ៉ុងអាចប្រព្រឹត្តិទៅបានទៅតាមគម្រោង និងផែនការគឺចាំបាច់ត្រូវមានការគាំទ្រនានាដូចជា ផែដើម្បីដឹកជញ្ជូនសម្ភារនិងការដឹកជញ្ជូនបុគ្គលិកកម្មករ រួមទាំងការគាំទ្រពីអាជ្ញាធរទាំងផ្នែកច្បាប់និងជួយទប់ស្កាត់​សកម្មភាពដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍកោះរ៉ុងនេះ៕ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរ​មក​លោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

[អានបន្ត]
ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម ពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច

ថ្ងៃសុក្រ ទី29 មករា 2016, 08:58 AM

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក ដែលគ្រោងធ្វើឡើង​នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។​ តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។​ លោក ទូច វិបុល ដែលអះអាងថាជាអ្នករៀបចំបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាលោកកំពុងតែអំពាវនា​វឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើឡើងនៅទីក្រុង​SunnylandsនៅRancho Mirageនៃ​រដ្ឋកាលីហ្វញ៉ា។ លោកបន្ត​ថាតាមគម្រោងមានមនុស្សប្រមាណ​ពី៣០០ទៅ៥០០នាក់ចូលរួម។ លោកបញ្ជាក់ថាបាតុកម្មនេះមិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះ​ជាតិនោះទេ។ លោកមានប្រសាសន៍ថា៖ “យើងអត់មានប្រកាន់អ្នកណា អ្នកណីទេ អ្នកគាំទ្រគណ​បក្សណាក៏អាចចូលរួមបានដែរ។ ជួនកាលមានអ្នកគាំទ្រគណបក្ស​សង្រ្គោះជាតិចូលរួម ជួនកាលគណបក្ស​ផ្សេង។ យើងអត់ហាមឃាត់នោះទេ”។ នៅពេលសួរថាតើលោកមានតួនាទីនៅក្នុងគណបក្សសង្រ្គោះជាតិ លោក ទូច វិបុល មានប្រសាសន៍ថាលោកមិនមានតួនាទីផ្លូវការឬក៏សមាជិកផ្លូវការរបស់​គណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែ​លោកបញ្ជាក់លោកគាំទ្រគោលនយោបាយរបស់គណបក្សប្រឆាំង​ក្នុងនាមជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា៖ “យើងចង់បញ្ជាក់ថាអត់មានពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិទេ។ យើងធ្វើបាតុកម្មចង់ប្រាប់ទៅប្រធានាធិបតីអូបាម៉ាថានៅកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ”។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក មានប្រសា​សន៍ថាលោក ទូច វិបុល មិនមែនជាសកម្មជនឬសមាជិករបស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសនោះ​ទេ។ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិក។ ភ្លាមៗនោះ គណបក្សសង្រ្គោះជាតិបានចេញសេចក្តីប្រកាសព័ត៌មាន​មួយថាខ្លួន​មិនមានផែនការឲ្យសមាជិកគាំទ្ររៀបចំធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។ ចំណែក​​គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយច្រានចោលការចោទប្រកាន់ថាសាខាគណបក្សនេះជាអ្នករៀបចំគម្រោងធ្វើមហាបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅក្នុងរដ្ឋកាលីហ្វញ៉ា។ សេចក្តីប្រកាសបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនមានការពាក់ព័ន្ធនិងមិនមែនជាអ្នករៀបចំគម្រោងធ្វើមហាបាតុកម្មប្រឆាំងលោក ហ៊ុន សែន នោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា​គម្រោងបាតុកម្មនេះ​​ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ​នៅក្រៅប្រទេស ប៉ុន្តែ​លោក​ចាត់ទុកថានេះ​ការបង្អាប់កិត្តិយសជាតិមួយ ដោយថាលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច​តំណាងឲ្យ​ប្រទេស​កម្ពុជា​។ ទាក់ទងនឹងលទ្ធភាពនៃបាតុកម្មនៅកម្ពុជាដោយសារមានបាតុកម្មនៅក្រៅប្រទេស អ្នកនាំពាក្យ​គណបក្ស​កាន់អំណាចរូបនោះមានប្រសាសន៍ថា​លោក​មិនទាន់ដឹងនៅឡើយទេ ដោយ​រង់ចាំនៅថ្ងៃខាងមុខសិន។​ គួរបញ្ជាក់ថា កាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
រដ្ឋាភិបាល​សិង្ហបុរីថា​មិនជាប់ពាក់ព័ន្ធនឹង​ការបូមខ្សាច់នៅកម្ពុជា

ថ្ងៃសុក្រ ទី29 មករា 2016, 07:57 AM

ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា​លើកឡើងថា​ការបូមខ្សាច់របស់​កម្ពុជា​និង​នាំចេញទៅប្រទេសសិង្ហបុរីជា​កិច្ចការជំនួញមួយ​ដែល​មិនជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរីនោះទេ។​ ការលើកឡើងបែបនេះ​ជា​ការឆ្លើយ​តបទៅ​នឹង​លិខិត​របស់​ក្រុមបណ្តាញយុវជន សមាគម​និង​អង្គការសរុបចំនួន​៦ដែល​បានដាក់លិខិត​ទៅ​ស្ថាន​ទូត​សិង្ហបុរីប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី​៦ ខែមករា ដោយ​ស្នើសុំ​ចូល​ជួប​ពិភាក្សា​ស្តីពី​គោលជំហរ​របស់ប្រទេសមួយនេះ​ក្នុងការទិញខ្សាច់ពីកម្ពុជា ដោយ​ពួកគេបារម្ភ​ថាការបូមខ្សាច់នេះ​ប៉ះពាល់ដល់បរិស្ថាននិង​ការរស់នៅរបស់ប្រជា​ពលរដ្ឋ។​ សមាគមនិងអង្គការនោះមានដូចជា​ចល​នាមាតាធម្មជាតិ បណ្តាញយុវជនកម្ពុជា មជ្ឈ​មណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​ អង្គការសមធម៌កម្ពុជា​និងយុវជនខ្មែរ​មហានគរ។ នៅក្នុងលិខិតមួយចុះថ្ងៃទី​២១ខែមករាជា​ការ​​ឆ្លើយ​តបទៅនឹង​ក្រុមសង្គមស៊ីវិល ស្ថានទូតសិង្ហបុរីបាន​បញ្ជាក់​ថាការនាំចូលខ្សាច់របស់កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី ​ជា​ការធ្វើឡើងជាលក្ខណៈជំនួញ​ ដោយ​​ថា​រដ្ឋាភិបា​ល​​​​សិង្ហបុរី​មិនពាក់ព័ន្ធ​ក្នុងកិច្ចការជំនួញ​ទាំងនេះទេ។ លិខិតបន្តថា៖ “ប្រទេសសិង្ហបុរី​មិនលើកលែងទោស​​ចំ​ពោះការនាំចេញខ្សាច់ខុសច្បាប់​ឬ​ការ​លួចលាក់នាំចូលខ្សាច់​ឬក៏​ការបូមខ្សាច់​នានាដែល​រំលោភលើច្បាប់​និង​បទបញ្ញត្តិរបស់កម្ពុជា ហើយ​ប៉ះពាល់ដល់ការការពារបរិស្ថាន”។ នៅក្នុងលិខិតដែលបានដាក់ទៅស្ថានទូតសិង្ហបុរីកាលពីកន្លងទៅ សង្គមស៊ីវិល​បញ្ជាក់ថា​៖“ចំណុចដែលសំខាន់មួយទៀត​ ​សហគមន៍នេសាទមានក្តីព្រួយបារម្ភយ៉ាងខ្លាំង​​ចំពោះ​ផល​ប៉ះពាល់​ដែលបណ្តាលមកពីសកម្មភាព ចាប់យកខ្សាច់នៅក្នុងព្រែកស្ថិត​ក្នុងខេត្តកោះកុង ដែលបង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើជីវភាព​រស់នៅប្រចាំថ្ងៃ​របស់ពួកគេ ដោយ​សារជីវចម្រុះនៅក្រោមទឹកមានការធ្លាក់ចុះ និង​ផ្តល់​ផល​ប៉ះពាល់​ដល់បរិស្ថានផងដែរ”។ នៅក្នុងលិខិតនោះ អង្គការទាំងនោះបានដាក់ជាសំណួរទៅស្ថានទូត រួមមាន​​តើសិង្ហបុរីនៅបន្តទិញខ្សាច់ពីកម្ពុជា​ហើយ​ចាប់ពី​ឆ្នាំ​២០០៨មក ការ​ទិញខ្សាច់បានប៉ុន្មានតោនហើយ តើក្រសួងណាខ្លះ​នៅសិង្ហបុរី​ដែល​ទទួល​ខុសត្រូវក្នុងការទិញខ្សាច់​ យក​ទៅប្រើប្រាស់សម្រាប់អ្វី? តើក្រុមហ៊ុនឈ្មោះអ្វីខ្លះ។ លោក ធន់ រដ្ឋា មន្រី្តយុទ្ធនាការចលនាមាតាធម្មជាតិប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​​ថា​ក្រុមសង្គមស៊ីវិល​មិន​បាន​ចោទ​រដ្ឋាភិបាល​សិង្ហបុរី​ពាកព័ន្ធ​នឹង​ការបូមខ្សាច់នៅកម្ពុជា​នោះទេ​ តែ​លោក​បញ្ជាក់ថា៖ “បើ​សិន​ជា​អត់មានអ្នក​ទិញ ក៏មិនមាន​អ្នក​លក់ដែរ”។ លោក​បន្ថែមថា៖ “នៅក្នុងលិខិត​ គេអត់មាន​បញ្ជាក់​ថា​ឲ្យជួបអីទេ។ ខ្ញុំគិត​ថា​ឆ្លើយ​របៀប​យក​រួចខ្លួននិង​លេស និងមិន​ទទួលខុសត្រូវ​ចំពោះការបូមខ្សាច់នៅកម្ពុជា”។ លោក​បន្ត​ថា​លោក​នឹង​ដាក់លិខិត​ទៅស្ថានទូតសិង្ហបុរី​ម្តងទៀត​ដើម្បីសុំជួប​ជជែក​ពី​បញ្ហា​បូមខ្សាច់​ ដោយ​លោក​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាលសិង្ហបុរី​ដាក់សម្ពាធទៅក្រុមហ៊ុន។​  អ្នកនាំពាក្យ​ក្រ​សួង​រ៉ែនិង​ថាម​ពល លោក ម៉េង សក្តិធារ៉ា ធ្លាប់ប្រាប់វីអូឌីថា​​បច្ចុ​ប្បន្ន​នៅ​មាន​ក្រុម​ហ៊ុនយ៉ាងច្រើន​២​​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់នៅកម្ពុជា​ទៅ​លក់​នៅ​ប្រ​ទេស​សិង្ហបុរី ប៉ុន្តែ​លោក​ថា​មិន​បាន​ចាំឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះ​ទេ។ លោក​បញ្ជាក់​ថាក្រុម​ហ៊ុន​ទាំងនេះ​មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ។ លោក​ឲ្យ​ដឹងដែរ​ថាក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​នេះ​មាន​ទីតាំង​នៅ​ខេត្ត​កោះកុងនិង​នៅខេត្ត​​ព្រះ​សីហនុ។ មន្រ្តីរូបនេះ​​ឲ្យ​ដឹងទៀត​ថារដ្ឋ​បាន​ទទួល​ចំណូលពី​ក្រុម​ហ៊ុន​ទាំងនេះ​តាម​រយៈការ​បង់​ថ្លៃ​លើ​ផ្ទៃ​ដែល​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់ហើយ​ក្រុម​ហ៊ុន​ក៏​ត្រូវ​បង់​ថ្លៃ​សួយសារឲ្យ​រដ្ឋ​ផងដែរ ដោយ​​​ការ​បង់​ថ្លៃនេះ​ធ្វើ​ឡើង​លើ​ចំនួ​ន​ម៉ែត្រ​គូប​នៃខ្សាច់​ដែល​បូមបាន។ បើតាមអ្នកនាំពាក្យ ក្រុម​ហ៊ុន​ក៏​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​៣០ភាគ​រយ​ជូន​រដ្ឋនិង​បង់​ពន្ធ​នាំចេញ​ស្មើ​នឹង​១០​ភាគ​រយ​នៃ​តម្លៃ​លក់​ខ្សាច់នៅ​លើ​ទី​ផ្សារអន្តរជាតិ​ផងដែរ។ លោក ម៉េង សក្កិធារ៉ា បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​ថាការ​បូម​​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះ​កុង​បាន​ធ្វើ​ឲ្យ​ខូច​បរិស្ថាននិង​ប៉ពាល់​ដល់​ជីវភាព​ប្រ​ជា​នេសាទនៅ​ទីនោះ។ លោក​បញ្ជាក់​ថា​ក្រុម​ការ​ងារ​របស់​ក្រ​សួង​បាន​ចុះ​អធិការកិច្ចជាញឹក​ញាប់​នៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​លោក​ថា​មន្ត្រីជំនាញ​ទាំងនោះ​មិន​បាន​រក​ឃើញ​ថាមាន​ផល​ប៉ះពាល់​ដល់បរិស្ថាន​ពី​ការ​បូមខ្សាច់​នោះទេ។ លោកមានប្រសាសន៍​ថា៖ “​រហូត​ដល់​បច្ចុប្បន្ន​នេះ ក្រុម​ការងារ​របស់​ក្រ​សួង​ដែល​បាន​ចុះត្រួត​ពិនិត្យ​ដល់​កន្លែង​ហ្នឹង ហើយ​បន្ត​ការ​តាម​ដាន​ការ​ប្រែប្រួលនៅ​កន្លែង(បូមខ្សាច់)​ហ្នឹង​នៅ​មិន​ទាន់​ឃើញ​មាន ការ​កត់​សម្គាល់​ផល​ប៉ះពាល់​(បរិស្ថាន)ណាមួយ​កើត​ឡើង​នៅ​ឡើយ​ទេ"។ កាលពីខែមករា ឆ្នាំ​២០១៥ វីអូឌី​បាន​ចុះផ្សាយ​អត្ថបទមួយ​ថា​យ៉ាងតិចកប៉ាល់ធំៗចំនួន​៣​គ្រឿងរបស់​ក្រុម​ហ៊ុន​ផ្សេងៗ​គ្នា​​បាន​ចូល​មក​ដែន​សមុទ្រ​កម្ពុជា ក្នុង​ស្រុក​​ស្ទឹងហាវ ខេត្ត​ព្រះ​សីហនុ ដើម្បី​ប្រមូល​​ខ្សាច់​សមុទ្រ ដោយ​ក្នុង​មួយ​កប៉ាល់​អាចផ្ទុក​​ខ្សាច់បាន​​ជាង​៥ម៉ឺន​តោន​។​ តាម​ការ​ពិនិត្យ​ឯក​សារ​ កប៉ាល់​ទាំងនោះ​ជា​របស់​ក្រុម​ហ៊ុន​ចំនួន​៣ ​មាន​ឈ្មោះដូចជា​ក្រុម​ហ៊ុន​ ​DAI CAT ដែល​គ្រប់​គ្រង​ដោយ​វៀតណាម​ ហើយ​កប៉ាល់​អាច​ផ្ទុក​ខ្សាច់​បាន​ប្រមាណ​៥៨០០០តោន ក្រុម​ហ៊ុន​ HKL Group Limited Company ដែល​អាច​ដឹក​ខ្សាច់​បាន​៥៧​៦០០តោននិង​ក្រុម​ហ៊ុន​មួយ​ទៀត​មាន​ឈ្មោះ​ថា​KVL Group ដែល​អាច​ដឹក​ខ្សាច់​បាន​ទំហំ​ប្រហាក់​ប្រហែ​លគ្នា។ របាយការណ៍​របស់​អង្គការ​Global Witness ចេញផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១០ ឲ្យ​ដឹងថា​ប្រទេស​សិង្ហបុរីជា​អ្នក​ប្រើ​ប្រាស់​ខ្សាច់​ដែល​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​ជា​ចម្បង ហើយ​ប្រតិបត្តិ​ការ​ពី​ខេត្ត​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​តម្លៃ​ប្រមាណ​២៤៨​លានដល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ តាម​តម្លៃ​លក់​រាយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ កាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ​២០១៥ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ​លោក សុន ឆ័យ បានដាក់លិខិត​មួយច្បាប់​ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថា​ក្រុមហ៊ុនបូមខ្សាច់ពីរគឺ​ក្រុមហ៊ុន​International Rainbowនិងក្រុមហ៊ុនDirect Access​បាន​ប្រើប្រាស់​កប៉ាល់​​បូម​ខ្សាច់​ចំនួន​១៧​គ្រឿងនិង​សាឡង់​ដឹក​ខ្សាច់​ចំនួន​​៤១​គ្រឿង ដែល​លោក​ថា​ប៉ះពាល់​ដល់​បរិស្ថាន ”​យ៉ា​ងធ្ងន់ធ្ងរ​” ដោយ​បណ្តាល​ឲ្យ​​បាក់​ច្រាំង និង​បង្កឲ្យ​ទឹកខ្មៅ​កង្វក់​។​ លោក ហ៊ុន សែន បានឆ្លើយ​តប​នៅក្នុងលិខិតមួយ​ថាខេត្ត​​កោះកុងមាន​ក្រុមហ៊ុន​បូមខ្សាច់ចំនួនពីរគឺ​ក្រុមហ៊ុន​International Rainbowនិងក្រុមហ៊ុនDirect Access។ លោក​បញ្ជា​ក់​ថាក្រុមហ៊ុន​ទាំងពីរមានម្ចាស់ជាជនជាតិខ្មែរ​មិនមែនវៀតណាម​ដូចការលើកឡើង​របស់​លោក សុន ឆ័យនោះទេ​។ បើ​តាម​លិខិត​របស់នាយករដ្ឋមន្រ្តី​ ​ក្រុមហ៊ុន​Direct Access បានអនុវត្ត​ទៅ​តាម​លក្ខខណ្ឌបច្ចេកទេសដែល​បានកំណត់នៅក្នុងអាជ្ញាប័​ណ្ណ។​ លិខិតបន្ត​ថា៖ “​ក្រុមហ៊ុន​​ធ្វើអាជីវកម្មតែក្នុងរង្វង់ដែនអាជ្ញាបណ្ណ​ដែល​កំណត់​ដោយក្រសួង​រ៉ែ​និងថាមពល តែ​មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន​មិន​បាន​ធ្វើសកម្ម​ភាព​ដោ​យ​រលូនទេ មូលហេតុ​មានការ​អុកឡុក​ពីសំណាក់​ក្រុមយុវជនចលនាមាតាធម្មជាតិ”៕ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
ប្រធានសភាខ្មែរជំរុញឲ្យសភានិយាយភាសាបារាំងពង្រឹងសន្ដិសុខ

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 08:52 PM

ប្រធានរដ្ឋសភាប្រទេសកម្ពុជាជំរុញឲ្យសមាជិកសភានិយាយភាសាបារាំងយកចិត្តទុកដាក់ពង្រឹងសន្ដិសុខ និងស្ថិរភាពនយោបាយ ដោយអះអាងថាដើម្បីទទួលបានកំណើនសេដ្ឋកិច្ច។ នៅក្នុងពិធីបើកកិច្ចប្រជុំសភានិយាយភាសាបារាំងដែលមានសមាជិកចំនួន១៤ប្រទេសចូលរួមនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៨ខែមករានេះ លោក ហេង សំរិន ថ្លែងតាមសុន្ទរកថាវិបត្ដិនយោបាយនិងសង្គមដែលកំពុងតែបន្ដកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើងនិងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបដែលបន្ដគំរាមកំហែងសន្ដិសុខក្នុងតំបន់និងពិភពលោក។ លោកបន្តថាបញ្ហាប្រឈមទាំងអស់នេះមិនអាចដោះស្រាយក្នុងកម្រិតថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ពីក្របខណ្ឌសភានិយាយភាសាបារាំង(ហ្វង់កូហ្វូនី)ផងដែរ។លោកបន្ដថា៖ “ខ្ញុំជឿជាក់ថាសភានិយាយភាសារបារាំងហ្រ្វង់កូហ្វូនីជាតួអង្គមួយដ៏មានសារៈសំខាន់ក្នុងការួមចំណែកនាំមកនូវការឯកភាពក្នុងតំបន់ តាមរយៈការងារនីតិកម្មដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ”។ លោក ហេង សំរិន ក៏បានអំពាវនាវឲ្យសភានិយាយភាសាបារាំងបង្ហាញនូវកម្លាំងសាមគ្គីភាពនិងកិច្ចសហប្រតិបត្ដិការក្នុងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំង ដើម្បីគាំទ្រដល់រដ្ឋាភិបាលរបស់ខ្លួនឲ្យជំម្នះឧបសគ្គនិងការលំបាកនានា"។ ប្រធានសភានិយាយភាសាបារាំងនិងជាប្រធានរដ្ឋសភានៃប្រទេសកុងហ្គូ លោក អូប៊ីន មីណាគូ ចាលែន ចូកូ (Aubin Minaku NDJALANDJOKO)លើកឡើងតាមរយៈអ្នកបកប្រែថាកាលពីឆ្នាំ២០១៥កន្លងទៅ អំពើភេវរកម្មបានកើតឡើងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលលោកថាសង្គ្រាមទាំងនេះមិនមែនជាសង្គ្រាមសាសនាឬសង្គ្រាមវប្បធម៌នោះទេ ប៉ុន្ដែលោកថាគឺជាការប្រយុទ្ធប្រឆាំងអំពើអមនុស្សធម៌ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើ ស្ដ្រីកុមារ សាសនាឥស្លាម អ្នកកាន់សាសនាកាតូលីកនិងអ្នកនយោបាយជាដើម។ លោកបន្ដថាអំពើភេវរកម្មនេះបំផ្លាញដល់សិទ្ធិមនុស្ស ដំណើរលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋផងដែរ។ លោកបន្ថែមថា៖ “ភេវរកម្មគឺថាវាបង្កបញ្ហាជាច្រើនដូចជានីតិរដ្ឋនិងជាគោលដៅបង្កើតការភ័យខ្លាចដល់ប្រទេសផ្សេងៗដូចជាការពន្យឺតដល់ដំណើរការការអនុវត្ដលទ្ធិប្រជាធិបតេយ្យដូច្នេះហើយតាំងពីវាកើតមក បានន័យថាយើងតែងតែប្រយុទ្ធប្រឆាំងៗធ្វើយ៉ាងណាដើម្បីឲ្យមានភាពល្អប្រសើឡើងយើងប្រយុទ្ធប្រឆំាងប្រកបដោយភាពខ្លាំងក្លាដូច្នេះហើយខ្ញុំសុំឲ្យសភានិយាយភាសាបារំាង(ហ្វ្រង់កូហ្វូ)"។ គួរបញ្ជាក់ថាគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភានិយាយភាសារបារាំងមានសមាជិក១៦ប្រទេសមកពីចំនួន៥ទ្វីប ក្នុងនោះរួមមាន ទ្វីបអាស៊ី ទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិក ជាដើម៕  សរសេរមកកាន់លោក បូ សាវី  តាមរយៈsavy@vodhotnews.com  

[អានបន្ត]
ពលរដ្ឋនៅខេត្តកំពតព្រួយបារម្ភថាក្រុមហ៊ុន​យកតំបន់សហគមន៍នេសាទព្រៃកោងកាង

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 02:58 PM

ប្រជា​សហគមន៍នេសាទក្នុងខេត្តកំពតបានអះអាង​ថា​ក្រុមហ៊ុនមួយឈ្មោះថា​ជីងគ័រ​ បាន​កំពុង​រំលោភបំពាន​ដែន​ទឹក​សហគមន៍នេសាទ​របស់ពួកគេដែលសហគមន៍អះអាង​ថា​ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ រួមទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។​ ប្រធានសហគមន៍​ត្រពាំងរពៅ​និង​ព្រែកក្រែង លោក ទិត្យ រីន មានប្រសាសន៍ថា​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សកម្ម​ភាព​បោះពោងនិងព្រំដី​ក្នុងតំបន់ដែនសហគមន៍​របស់ពួកគេ។ លោក​បន្តថា​ក្រុមហ៊ុន​បានលើកឡើង​​ថា​ពួកគេ​គ្រោងនឹង​យកតំបន់នោះមកធ្វើជាផែ ទីក្រុងរណប​និង​កន្លែង​វាយកូនហ្គោល។ លោកមានប្រសាសន៍ថា៖ “អានេះមករំលោភបំពានតែម្តង គេមិនបានសួរប្រជា​ពលរដ្ឋនោះទេ។ គេថា​គេមានត្រា​ពីខេត្ត​ឲ្យធ្វើ តែតំបន់សហគមន៍ហ្នឹងគឺត្រូវបានទទួលស្គាល់ដោយក្រសួងកសិកម្មកាលពីឆ្នាំ២០០៩និង​២០១២និង​ធ្វើកិច្ចព្រមព្រៀង​៣ឆ្នាំម្តង”។ លោក​បញ្ជាក់​ថា​​លោកបានស្នើ​ឲ្យក្រុមហ៊ុន​ផ្អាកសកម្មភាពបោះពោង​និង​ត្រូវផ្សព្វផ្សាយជូន​ប្រជាពលរដ្ឋជាមុនសិន។ លោកមានប្រសាសន៍ថា៖ “តាមដឹង​អ្វីដែលគេយកហ្នឹង វាប៉ះពាល់សហគមន៍ទាំងអស់។ សហគមន៍ជាង​១៣០០គ្រួសារ​ដែលទទួលផលនេសាទពីតំបន់ហ្នឹង ហើយក្នុងមួយថ្ងៃ​បើគិតជាលុយចន្លោះពី​២ពាន់ទៅ​៣ពាន់ដុល្លារ”។​ បើតាមលោក ទិត្យ​ រីន សហគមន៍នេសាទនោះ​មានផ្ទៃដី​ប្រមាណ​១២៥១ហិកតា ហើយគម្រោងធ្វើផែរបស់ក្រុមហ៊ុនត្រូវការ​ដី​ទំហំប្រមាណ​៦៤០ហិកតា។​​ លោកបញ្ជាក់​ថា​ក្រុមហ៊ុននោះជាក្រុមហ៊ុនចិនឈ្មោះជីងគ័រ ដែល​លោក​ថា​មានទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រីស​ស្តាល់រ៉ាយដែលមានម្ចាស់ជាជនជាតិខ្មែរ​។​ ប្រជា​ពលរដ្ឋម្នាក់ លោក ឃួយ ញ៉ិល អាយុ​៣៧ឆ្នាំ រស់នៅក្នុងភូមិព្រែកក្រែង​ ឃុំព្រែកត្នោត ស្រុក​ទឹកឈូរមានប្រសាសន៍ថា​លោក​ប្រកបរបរនេសាទនិងទទួលផលពីតំបន់សហគមន៍នេសាទនោះ តាំងពីលោក​មាន​​​​អាយុជាង២០ឆ្នាំ​។ លោក​បន្តថា​លោក​អាចរកចំណូលពីការនេសាទបង្គា ក្តាម​និងត្រី បានប្រមាណ​៤ទៅ​​១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកស្នើ​ឲ្យ​រដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះ ដោយ​ធានា​ថា​មិន​ប៉ះពាល់​តំបន់សហគមន៍នេសាទរបស់ពួកគេ។​ លោកមានប្រសាសន៍ថា៖ “សូមឲ្យ​រដ្ឋាភិបាលគិតគូផង។ ប្រជា​ពលរដ្ឋ​មិន​អាច​ទៅធ្វើ​ការ​ឲ្យ​ក្រុមហ៊ុននោះទេ មានតែ​របរនេសាទប្រចាំថ្ងៃហ្នឹង។ ប្រសិន​បើ​គេ​ចាក់លុប ប្រជាជនអត់មានកន្លែង​រកស៊ី​ទេ។ ប្រជា​ពលរដ្ឋគេអត់ព្រមទេ គេកើតទុក្ខមិនសុខចិត្ត។ ចំាមើលគេនឹងធ្វើអីទេ”។ លោកបន្ត​ថា​លោក​សង្កេតឃើញ​មាន​ការ​បោះបង្គោលព្រំនិង​ពោង ដែល​លោក​ថា​ចូល​ដែនតំបន់សហគមន៍នេសាទ​ដែលប្រជា​ពលអាស្រ័យផល។​ ប្រជា​ពលរដ្ឋម្នាក់ទៀត លោក ​ឡេក នុ អាយុ​៣៣ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត មានប្រសា​សន៍ថា​លោក​ប្រកប​របរនេសាទនេះតាំងពីឆ្នាំ១៩៩១ ហើយ​ទទួលបានចំណូល​យ៉ាងតិច​៣ម៉ឺនរៀលក្នុងមួយថ្ងៃ​ពីការនេសាទ។ លោកមានប្រសាសន៍ថា៖ “អត់យល់ព្រមទេ កន្លែង​ហ្នឹង​ប្រជា​ពលរដ្ឋនេសាទ​ច្រើន​ រដ្ឋាភិបាល​គួរ​ជួយ​គិត​គូ​ដល់ប្រជា​ពលរដ្ឋ​ រកស៊ីនេសាទច្រើនណាស់”។ នៅពេលទាក់ទងទៅ បុរសម្នាក់ដែលពលរដ្ឋអះអាងថាជា​តំណាងក្រុមហ៊ុន​គ្រីស្ទាល់រ៉ាយ​និងចេញមុខ​ឲ្យក្រុម​ហ៊ុនជីងគ័រ បាន​បដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយ​ថា​មិនស្គាល់អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​និង​ឲ្យ​អ្នក​ព័ត៌មានចុះទៅជួបផ្ទាល់​។​ អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ប្រាប់វីអូឌី(VOD)ថា​ក្រុមហ៊ុនកំពុងសិក្សាអំពីផលប៉ះពាល់ ដោយ​​លោក​អះអាង​ថា​ខេត្តធានាថានឹង​មិនប៉ះពាល់ដីសហគមន៍នេសាទរបស់ប្រជា​ពលរដ្ឋនោះទេ។​ លោក​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ព្រួយបារម្ភលើបញ្ហានេះ។​ លោក​បញ្ជាក់ថា៖ “​អត់ទាន់មានធ្វើអី គេសុំ​យើង តែ​យើង​ឲ្យ​គេសិក្សាធ្វើយ៉ាងម៉េចកុំឲ្យ​ប៉ះពាល់ប្រជា​ពលរដ្ឋ​។ យើង​សូមស្វាគមន៍ចំពោះការអភិវឌ្ឍ តែ​កុំ​ឲ្យ​ប៉ះពាល់ប្រជា​ពលរដ្ឋ។​ យើងបាន​ប្រាប់មេឃុំឲ្យ​ប្រាប់ទៅ​​ប្រជា​ពលរដ្ឋ​កុំ​បារម្ភ កុំភ័យ គេ​មិន​ឲ្យ​ប៉ះពាល់​ទេ”។ លោក ខូយ ឃុនហួរ មានប្រសាសន៍​ថា​លោកមិនដឹង​ថា​ក្រុមហ៊ុន​ដែលលោកអះអាង​ថា​ឈ្មោះគ្រីស​ស្តាល់​រ៉ាយ អភិវឌ្ឍអ្វីនៅតំបន់នោះទេ ដោយ​លោក​ថា​គ្រាន់តែក្រុមហ៊ុន​សុំ​បន្តគម្រោង​របស់គេ។ ទោះ​ជា​យ៉ាងណា ប្រធានសហគមន៍អះអាង​ថា​លោក​មិន​ទុកចិត្ត​នឹង​ការ​អះអា​ងរបស់អភិបាលខេត្តនោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ជឿទេ មេឃុំអត់ហ៊ានលូកដៃទេ។ មេឃុំអត់ផ្តិតមេដៃដាក់ទៅសម្តេចទៅ(លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)”៕​ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ថារដ្ឋាភិបាល​ប្រើប្រព័ន្ធតុលាការបំបិទមាត់អ្នករិះគន់​

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 10:38 AM

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បាន​បាន​លើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ​២០១៥ ដោយ​ថា​រដ្ឋាភិបាលកម្ពុជា​ក្រោម​ការដឹកនាំរបស់​លោក ហ៊ុន សែន បានធ្វើឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែផុយស្រួច​ ​ តាមរយៈការ​ឃុំខ្លួន​អ្នក​រិះគន់​និង​ធ្វើច្បាប់​អង្គការ​រឹតបន្តឹង កាលពីឆ្នាំ​២០១៥។ នៅក្នុង​របាយការណ៍មួយ​ដែលចេញផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍​ អង្គការ​បាន​រៀបរាប់​ថា​រដ្ឋាភិបាល​បានប្រើប្រព័ន្ធតុលា​ការ​ដើម្បីបំ​បិទមាត់អ្នករិះគន់​និង​មេដឹកនាំគណបក្ស​ប្រឆាំង។ របាយការណ៍ក៏បាន​ចាត់ទុក​គណបក្ស​ប្រជាជនកម្ពុជា​​កំពុង​ប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​កុំ​ឲ្យប្រធានគណបក្សសង្រ្គោះជាតិ ​លោក សម រង្ស៊ី ចូលស្រុកបាន។​ បើតាម​របាយការណ៍នោះ រដ្ឋាភិ​បាល​បានអះអាង​ថា​នឹង​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ ប៉ុន្តែរដ្ឋាភិបាល​មិន​បាន​ធ្វើសកម្ម​ភាព​​​ប្រឆាំង​​នឹង​ករណីពុករលួយ​ជា​ក់ស្តែងនិងច្បាស់ក្រឡែតនោះទេ។​ របាយការណ៍​បន្ត​ថា​ក្រុមហ៊ុននិងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធិ​​គណបក្ស​កាន់អំណាចបាន​បណ្តេញប្រជា​ពលរដ្ឋ​រាប់ពាន់នាក់​ទាំងបង្ខំ​សម្រាប់ការរកស៊ីរបស់ពួកគេ​។ របាយការណ៍​បញ្ជាក់បន្ថែម​ថារដ្ឋាភិបាល​បានរំលោភ​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុងការ​មិនទទួល​យក​ជនភៀសខ្លួន​ម៉ុងតេញ៉ាពីប្រទេស​វៀតណាម។ ប្រធានអង្គការ​Human Rights Watch ​លោក Brad Adams បាននិយាយថា៖ “លោក ហ៊ុន សែន បាន​ព្រងើយកន្តើយ​នូវ​ការ​ប្តេជ្ញា​សម្រាប់​វប្បធម៌សន្ទនា​ជាមួយ​គណបក្សប្រឆាំង​និង​បានប្តូរមក​វប្បធម៌​នៃ​ហិង្សា​និង​ការ​បភិតបំភ័យកាល​ពីឆ្នាំ​២០១៥។ លោក​ប្រើ​ការគ្រប់គ្រងរបស់​លោក​នូវ​កម្លាំង​សន្តិសុខនៅកម្ពុជា​ តុលាការ​និង​ស្ថាប័ន​រដ្ឋាភិបាល​​ ដើម្បី​​ជំ​រុញ​ឲ្យ​មេដឹកនាំបក្ស​ប្រឆាំង​និរទេសខ្លួន​ វាយ​អ្នកនយោបាយបក្សប្រឆាំង ដាក់ពន្ធនាការអ្នករិះគន់​ អនុម័តច្បាប់រឹតបន្តឹង​និង​បង្កើន​ការគ្រប់គ្រងរបស់​បក្ស​កាន់អំណាច​ទៅ​លើ​ស្ថាប័ន​របស់​ប្រទេស”។​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ការលើកឡើងរបស់អង្គការHRWជាការយោ​បល់របស់អង្គការនេះប៉ុណ្ណោះ តែ​លោកថា​ការបញ្ចេញមតិនោះផ្ទុយ​ទាំងស្រុងពីការពិត។ លោកមានប្រសាសន៍ថា៖ “សួរតើ​លោក Brad Adams ជា​នរណា? សូមជម្រាបថា​ Brad Adams ជាជនប្រឆាំង​នឹង​កម្ពុជា​រហូតមកមក​”។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​មិន​បានប្រើប្រព័ន្ធតុលាការ​គាបសង្កត់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំងនោះទេ ដោយ​លោក​បញ្ជាក់ថាអ្វីៗដោយ​សារ​”ទង្វើខុសច្បាប់​របស់​អ្នកនយោបាយទាំងនោះ”។​ គួរបញ្ជាក់​ថា​កាលពីពេលថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនា​វឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមា​ន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ តាមគម្រោងលោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅរដ្ឋ​កាលីហ្វញ៉ា សហ​​រដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខនេះ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
លិខិតមិត្តអ្នកអាន៖ក្មេងជំទង់អាយុចន្លោះ១០ដល់២៤ឆ្នាំគួរទទួលការអប់រំពី​ការរៀបចំគ្រួសារនិងការការពារសុខភាពបន្តពូជ

ថ្ងៃអង្គារ ទី26 មករា 2016, 09:36 PM

អង្គការសុខភាពពិភពលោកមួយចំនួនបានកំពុងធ្វើការជជែកវែកញែកអំពី​សិទ្ធិរបស់ក្មេងជំទង់​និងយុវជនពេញវ័យក្នុងការទទួលបានដំណឹងនិងការអប់រំអំពី​ការថែរក្សាសុខភាពបន្ត​ពូជ ដូចជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតនិងការរួមភេទប្រកបដោយសុវត្ថិភាព។ ខ្ញុំ​ទទួលបានការអញ្ជើញចូលរួមក្នុងសន្និសីទ​ដ៏ធំមួយប្រារព្ធឡើងពីថ្ងៃទី២៥ដល់២៨ខែមករា នៅកោះបាលី​ប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមលើសពី​២៦០០នាក់ ហើយក្នុងចំណោម​អ្នកចូលរួមទាំងអស់នោះ រួមមានអ្នកស្រាវជ្រាវខាងសុខភាព អ្នកអនុវត្តកម្មវិធីសុខភាព មន្ត្រីសុខាភិបាលនិងមន្រ្តីរៀបចំគោលការណ៍​សាធារណៈ អ្នកគាំពារសុខភាពមកពីអង្គការក្នុងនិងក្រៅតំបន់ យុវជនអ្នកដឹកនាំ អ្នកសារព័​ត៌មាននិងអ្នកតំណាងអង្គការក្នុងតំបន់ និងអន្តរជាតិ។ សន្និសីទ​ដ៏ធំមួយនេះ​ធ្វើឡើងជាលើកទី៤និងរៀបចំផ្តួចផ្តើមដោយសកល​វិទ្យា​ល័យសុខភាពសា​ធារណៈ​សហរដ្ឋអាមេរិកJohns Hopkins Bloomberg School of Public Health, វិទ្យាស្ថាន the Gates Institute the National Population និងវិទ្យសា្ថនប្រជាភិវឌ្ឍន៍​ជាតិនិងគម្រោងការពារកំណើតរបស់ប្រទេសឥណ្ឌូនេស៊ី (BKKBN)។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានអ្នកតំណាង មកពីអង្គការ ម៉ារីស្តូបអន្តរជាតិ Marie Stopes International អង្គការ PSIនិងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីកិច្ចអភិវឌ្ឍន៍​អន្តរ​ជាតិ(យូសេដ USAID) បានធ្វើការវែកញែកនៅថ្ងៃអង្គារនេះថាក្មេងជំទង់និងយុវជនពេញវ័យដែលសកម្មក្នុងការរួមភទមួយចំនួនពីអាយុ១០ដល់២៤ឆ្នាំ គួរតែចេះប្រើប្រាស់មធ្យោបាយក្នុង​ការពន្យារកំណើត ដូចជាការពន្យារកំណើតតាមរយ: ការចាក់ថ្នាំនិងការដាក់កងក្នុងរាងកាយ ជាដើម។ អ្នកតំណាងអង្គការទាំងអស់នេះ​បានមានប្រសាសន៍​បន្តទៀតថាមធ្យោបាយបង្កកំណើតទាំងអស់នេះ​មិនត្រឹមតែទប់ស្កាត់​ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្មេងស្រីជំទង់ ដែលនៅកំពុងសិក្សានិងស្វែងរកការងារឫ​មិនទាន់រៀបការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថយការធ្លាក់ឈាមរដូវនិងការឈឺចាប់ពេលមករដូវ ជួយព្យាបាលអាការ:រោគស្ត្រីមួយចំនួននិងកាត់បន្ថយការចុះខ្សោយឈាមក្រហម(anaemia)។ លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandare ដែលមកពី​អង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងសម្ភព)បានមានប្រសាសន៍​នៅក្នុងវគ្គពិភាក្សា​តូចមួយថា: “បើតាមក្បួនច្បាប់ពេទ្យ គ្មានមូលហេតុណាដែលយើងគួរបដិសេធមិនឲ្យ​ក្មេងជំទង់ទទួលប្រើប្រាស់មធ្យោបាយបង្កកំណើតនោះទេ”។ គាត់ធ្វើការបញ្ជាក់អះអាងបន្ថែមទៀតថាប្រទេសនីមួយៗគួរតែមានទំនួលខុសត្រូវក្នុងការ ឧបត្ថម្ភ គាំទ្រនិងជំរុញឲ្យ​មានការទទួលបានការប្រើប្រាស់ ផលិតផលនិងសេវាកម្មដ៏​មានគុណភាពសម្រាប់​មនុស្សរាល់គ្នា មិនថាពួកគេរៀបការហើយឫ​មិនទាន់រៀបការនោះទេ ព្រោះថាការធ្វើនេះគឺដើម្បីសុខភាពផ្លូវភេទ ក៏ដូចជាសុខភាពរបស់មនុស្សទូទៅមានភាពល្អប្រសើរ។ ចំណាប់អារម្មណ៍​របស់ខ្ញុំ​មួយទៀត គឺទៅលើពាក្យសម្តីរបស់អ្នកស្រី Beth Schlachter ដែលជានាយកប្រតិបត្តិរបស់សហព័ន្ធអង្គការពន្យារកំណើតនិងសុខភាពបន្តពូជ ដែលនិយាយ​ថា​វា​ជាឧបសគ្គដ៏ធំមួយដែលប្រទេសជាច្រើននៅតែបន្តអើពើសិទ្ធិរបស់ក្មេងជំទង់ក្នុងការទទួល​យក​ព័​ត៌មាននិងជាពិសេសនោះគឺការចេះប្រើវិធីពន្យារកំណើតតែម្តង។ អ្នកស្រីក៏បានបញ្ជាក់បន្ថែមទៀតថារាល់មនុស្សពេញវ័យជាច្រើន ដែលឈានដល់អាយុដែលអាចបង្កកំណើតបានហើយ នៅតែប្រឈមមុខនឹងឧបសគ្គជាច្រើនទាក់ទងនឹងការទទួលយកប្រើប្រាស់​វិធីពន្យារកំណើតបែបLARCs(ការដាក់ឧបករណ៍​ក្នុងស្បូននិងរាងកាយផ្នែកផ្សេងៗ) ពីព្រោះ​មនុស្សមួយចំនួនជាពិសេសឪពុកម្តាយរបស់ពួកគេគិតថាការធ្វើដូចនេះនឹងធ្វើឲ្យ​ក្មេង​ជំទង់ទាំងអស់នេះមានចំណង់រួមភេទកាន់តែខ្លាំង ប៉ុន្តែតាមការពិតនោះ វាមិនកើតឡើងដូច្នោះទេ ហើយលើសពីនេះទៀតក្មេងៗជំទង់គួរតែរៀនធ្វើការសម្រេច​ចិត្តសម្រាប់ជី​វិតនិងសុខ​ភាពរបស់ពួកគេ។ បើយោងតាម​សេចក្តីថ្លែងការណ៍​មួយដែលចុះហត្ថលេខាដោយអង្គការអន្តរជាតិ International Planned Parenthood Federation, Pathfinder International, UK-AID និងInternational Youth Alliance for Family Planning អ្នកបង្កើតច្បាប់និងគោលការណ៍​សាធារណៈ មន្ត្រីរដ្ឋាភិបាល សហគមន៍​និងគ្រួសារនានាគួរតែទទួលបានព័​ត៌មានទាក់ទងអំពីសុវត្ថិភាព ប្រសិទ្ធភាព ភាពបត់បែន(reversiblity)និងការចំណាយមានប្រសិទ្ធភាពរបស់ការពន្យារ​កំណើត។ ក្នុងថ្ងៃសម្ពោធសន្និសីទ​នោះផងដែរ មូលនិធិរបស់BIll & Melinda Gates បានប្រកាសនឹងផ្តល់ជំនួយ១២០​លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការងាររយ:​ពេល​៣ឆ្នាំក្នុងការជួយឲ្យ​មានការប្រើប្រាស់វិធីពន្យារកំណើតសម្រាប់​ស្ត្រីនិងក្មេងស្រី១២០​លាន​នាក់ក្នុង៦៩ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យ​សម្រេច​មុនឆ្នាំ២០២០។ លោកស្រី Melina Gates តាមរយ:សារជាវីដេអូផ្ញើមកកាន់សន្និសីទ​បានមានប្រសាសន៍​ថាជំនួយជាប្រាក់ទាំងអស់នេះ​នឹងប្រើប្រាស់សម្រាប់​គាំពារការពន្យារកំណើត ធ្វើឲ្យ​​សេវាកម្មពន្យារ​​កំណើតកាន់តែប្រសើរឡើង តាមរយ: វិស័យឯកជននិងពង្រីកការប្រើប្រាស់ វិធីពន្យាកំណើតដែលឆ្លងកាត់នូវការពិសោធន៍​ហើយ ដើម្បីជួយដល់មនុស្សដទៃបន្ថែមទៀត។ ចំណែកប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី​ លោកJoko Widodo បានអំពាវនាវឲ្យ​មានសកម្មភាពជាសកលមួយក្នុងការធ្វើឲ្យ​ការពន្យារកណើតនិងការរៀបចំគម្រោង​គ្រួសារនិងការពង្រីកនៃការប្រើប្រាស់វិធីពន្យារកំណើតជាអទិ​ភាពរបស់​ប្រទេសផ្សេងៗទៀត។ ទន្ទឹមនឹងការអំពាវនាវនោះដែរ លោក ចូកូវី​ បានមានប្រសាសន៍​ទៀតថាវាជារឿងសំខាន់ណាស់ក្នុងការចាត់វិធានការក្នុងការជួយឲ្យ​ម្តាយមានសុខភាពល្អ ព្រោះថាកាលណាម្តាយមានសុខភាពល្អ នោះកូនៗនិងគ្រួសាររបស់ពួកគាត់ ក៏មានសុខភាពល្អនិងមានភាពរីកចម្រើន​ហើយទង្វើទាំងអស់នេះ​នឹងអាចជួយឲ្យ​ពិភពលោកទាំងមូលកាន់តែមានភាពប្រសើរឡើងផងដែរ។ បន្ទាប់ពីចូលរួមក្នុងរយ:ពេល២ថ្ងៃមក ខ្ញុំ​មានសង្កេតឃើញថាប្រទេសកម្ពុជាត្រូវការការពិភាក្សា​(dialogue)បន្ថែមទាក់ទងនឹងការអប់រំក្មេងជំទង់អំពីសុខភាពបន្តពូជ សុខភាពផ្លូវ​ភេទ ការពន្យារកំណើតនិងការរៀបចំផែនការគ្រួសារ ពីព្រោះថានៅមានឪពុកម្តាយជាច្រើននៅ​មិនទាន់ហ៊ានពិភាក្សាជាចំហរជាមួយកូនៗរបស់គាត់ ទាក់ទងនឹងសុខភាពផ្លូវភេទ​ឫ​សុខភាព​បន្តពូជ ដែលអាចបណ្តាលឲ្យ​មានផលលំបាកដូចជាការមានផ្ទៃពោះដោយចៃដន្យ ការរំលូត​កូនដោយពុំ​មានសុវត្ថិភាពឫ​ការចម្លង​កាមរោគផ្សេងៗទៀត។ ជាការ​ពិតណាស់ កន្លងមកនេះ​មានអង្គការជាតិនិងអន្តរជាតិជាច្រើនបានរួមចំណែកដាស់​តឿន​និងផ្តល់ព័​ត៌មាននានាអំពីចំណុច​ទាំងអស់នេះ​ទៅដល់ប្រជាជនខ្មែរដទៃទៀត ប៉ុន្តែនៅមានសារព័​ត៌មានមួយចំនួននៅមិនទាន់ចាត់ទុកចំណុច​ទាំងអស់នេះ​ជាចំណុច​សំខាន់ក្នុងការរាយការណ៍​នៅឡើយ។ នេះបង្ហាញថាប្រទេសកម្ពុជានៅមានការងារជាច្រើនទៀតដើម្បីសម្រេច​ក្នុងការជំរុញប្រជាជនបន្ថែមទៀតឲ្យ​យល់ដឹងអំពីសុខភាពបន្តពូជរបស់ខ្លួន៕ សរសេរមកកាន់កញ្ញា កែវ គូនីឡា តាមរយៈkounilakeo@gmail.com

[អានបន្ត]
អង្គភាពប្រឆាំងអំពើពុករលួយ​សម្រេចចូលរួម​ត្រួតពិនិត្យ​ការប្រឡងសិស្សចៅក្រម​

ថ្ងៃអង្គារ ទី26 មករា 2016, 06:37 AM

អង្គភាពប្រឆាំងអំពើពុករលួយ​សម្រេច​ចូលរួម​សង្កេតការណ៍លើ​ការប្រឡង​ជ្រើសជ្រើសសិស្សចៅក្រមជំនាន់ទី៧នៃរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ ដែល​គម្រោង​ធ្វើឡើងនៅចុងខែកុម្ភៈខាងមុខនេះ។​ នៅលើទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌បាន​សរសេរ​ថា​​នៅរសៀលថ្ងៃទី២៥ ខែមករា ក្រ​សួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រឡងជ្រើសរើសសសិស្សចៅក្រមជំនាន់ទី៧ នៅ​ទីស្តីការក្រសួងដោយមានការចូលរួមដោយ​លោក​ឱម យ៉ិន​ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ បើតាមព័ត៌មានលើហ្វេសប៊ុក ក្រ​សួងយុត្តិធម៌បានសម្រេចយក​ថ្ងៃទី២៧និង២៨ខែកុម្ភៈ សម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមនិងបាន​ស្នើសុំកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍​លើដំណើរទាំងមូលនៃការប្រឡងជ្រើសរើសនេះ ដើម្បីធានាឲ្យ​កាន់តែមានតម្លាភាពនិងភាពជឿទុកចិត្ត។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេច​ចូលរួម​សង្កេតការណ៍​លើដំណើរទាំងមូលនៃការប្រឡងនេះ​។​ គួរ​រំឭកថា​កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានបដិ​សេធ​មិន​ចូល​រួម​អង្កេត​​ការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃ​រាជ​បណ្ឌិត​សភាវិជ្ជាជីវៈ​តុលា​ការ​នោះទេ ដោយអង្គភាព​នេះអះអាងថាស្ថាប័នរាជបណ្ឌិតសភា គ្មានឆន្ទៈនិង​មិន​មាន​ការ​សហ​ការ​ល្អ​​ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ ភ្លាមៗនោះ​ ក្រសួង​យុត្តិធម៌​បានប្រកាស​លើក​ពេល​ប្រឡង​ដែល​​គ្រោ​ង​ធ្វើនៅខែធ្នូឆ្នាំ​២០១៥និង​សម្រេច​បញ្ជូន​ក្រុមកា​រងារ​ដើម្បីពិនិត្យឡើ​ងវិញ​នូវ​បែប​​បទនិងនីតិ​វិធី​ប្រ​​ឡ​ង​សិស្ស​ចៅ​ក្រម​​ជំនាន់ទី៧។ អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន ធ្លាប់ប្រាប់វីអូឌី​ថាក្រោយពី​បាន​សម្រេច​លើក​កាល​បរិច្ឆេ​​​ទ​​នៃ​​ការ​ប្រឡង​និងការ​បញ្ជូន​​ក្រុម​ការងារ​ដើម្បី​ត្រួតពិនិត្យ​រួចមក​ ក្រុម​ការងាររកឃើញថា​នីតិវិធី​នៃ​ការ​ប្រឡង​មិ​​ន​មា​ន​ភាពមិនប្រ​ក្រតីអ្វីនោះទេ។​ លោកមានប្រសាសន៍ថា៖ “មិនមានភាពមិនប្រ​ក្រតីអីទេ ពីព្រោះថាយើ​ងគ្រាន់តែ​Review (ត្រួតពិនិត្យ​)ទៅលើបែបបទ​នីតិវិធី​ឡើងវិញ យើងឃើញថា​ដូចជាមិនមាន​បញ្ហាអីទេ ក៏ប៉ុន្តែដើម្បីឲ្យ​​មានកា​រ​​ចូលរួមពីខាងACU(អង្គភាពប្រឆាំងអំពើពុករលួយ​)បានគឺ​យើងទាល់តែជជែកគ្នា។ ខាងACU គេចង់​ចូលរួម​​នៅក្នុងដំណាក់​កាលណា​ខ្លះឬមួយក៏គ្រប់​ដំណើរការ​នីតិវិធី​និងដំណាក់កាលនៃការប្រឡង”?​ ការប្រឡ​ងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការគ្រោង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី៨និងទី៩ ខែធ្នូ ឆ្នាំ២០១៥។  បេក្ខជនចូលរួម​ប្រឡង​ជ្រើសរើស​​សិស្ស​ចៅក្រម​មានប្រមាណ​៨៤០នាក់ ហើយ​ពួកគេម្នាក់ៗ​បាន​បង់​​ប្រាក់​៥ម៉ឺនរៀលសម្រាប់​ការប្រឡងនេះ៕ សរសេរមកកាន់លោក ស៊ុន​ ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To