ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

នយោបាយ

សាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិ

ថ្ងៃអង្គារ ទី16 កុម្ភៈ 2016, 02:57 PM

វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន មានប្រសាសន៍ថា កាលពីថ្ងៃចន្ទម្សិលមិញ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃ និងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។ លោក ឈួន ចាន់ថន មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងសញ្ញាបត្របណ្ឌិតធម្មតា ដោយលោកថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្តល់ជូនសម្រាប់តែអ្នកមានស្នាដៃ មានចរិតលក្ខណៈល្អ មានសីលធម៌ខ្ពស់ខ្ពស់ និងបានចូលរួមជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ “អ្នកបានបណ្ឌិតកិត្តិយសហ្នឹងទាល់តែអ្នកហ្នឹងខំកសាងខ្លួនមកធ្វើអំពើល្អ ហើយជួយជាតិ ជួយសង្គម បរិច្ចាគធនធានហ្នឹងទៅមន្ទីរពេទ្យ ទៅកាកបាទក្រហម ទៅជនក្រីក្រ ហើយក្នុងករណីរបស់អ្នកឧកញ៉ា ទ្រី ភាព ហ្នឹង គឺគាត់បានជួយដល់សង្គមជាតិច្រើនណាស់ គឺគាត់បានបរិច្ចាគលុយច្រើនដល់កាកបាទក្រហម បានកសាងស្ពាន កសាងផ្លូវថ្នល់ កសាងសាលារៀន កសាងមន្ទីរពេទ្យ ហើយនិងប្រព័ន្ធធារាសាស្រ្តជាដើម”។  លោក ឈួន ចាន់ថន បន្ថែមថា ក្រោយមានការស្នើសុំពីក្រុមការងាររបស់លោក ទ្រី ភាព គណៈកម្មាធិការនៃសាកលវិទ្យាល័យអាយអាយស៊ីបច្ចេកវិទ្យា បានស្រាវជ្រាវ និងវាយតម្លៃឃើញថា លោក ទ្រី ភាព បានប្រើប្រាស់លុយយ៉ាងច្រើនក្នុងការវិនិយោគធំៗដែលលោកថាដើម្បីជួយដល់ប្រជាជនកម្ពុជាជាង៣០០០នាក់។  លោកបន្ថែមថា៖ “ចឹងបានយើងសម្រចថាសញ្ញាបត្របណ្ឌិតកិត្តិយសជូនគាត់ជំនាញសេដ្ឋកិច្ចវិទ្យា ហើយនេះគឺសាកសមបំផុត ហើយសរុបមកវិញ លោកឧកញ៉ា ទ្រី ភាព ហ្នឹងមានគុណសម្បត្តិខ្ពស់ៗមែនទែនសម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះគាត់ហ្នឹងបានយកលុយរបស់គាត់ ហើយខំរកៗ ហើយយកលុយហ្នឹងមកអភិវឌ្ឍយកលុយហ្នឹងមកវិនិយោគបន្តទៀត ហ្នឹងហើយដែលគណៈកម្មាធិការវាយតម្លៃ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកភាព១០០%”។ ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មានប្រសាសន៍ថា អង្គការរបស់លោកក៏ដូចជាអង្គការអន្តរជាតិមួយចំនួនមានរបាយការណ៍ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់របស់លោក ទ្រី ភាព ដូច្នេះលោកថា សាកលវិទ្យាល័យអាយអាយស៊ីគួរតែពិចារណាលើចំណុចនេះមុននឹងផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព។ លោកមានប្រសាសន៍ថា៖ “បណ្ឌិតជាអ្នកដែលមានក្រមសីលធម៌ល្អ រកស៊ីសុចរិត ជាមនុស្សដែលគេគោរពសម្រាប់ក្មេងៗជំនាន់ក្រោយជាគំរូជាដើម បើសិនជាគាត់មានប្រវត្តិថាជាអ្នករកស៊ីតែឈើប្រណីត អាហ្នឹងដូចជាបានបណ្ឌិត គឺយើងមិនគាំទ្រទេ”។ វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា «តម្លៃឈើប្រណីត» នេះឲ្យដឹងថា តម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។ របាយការណ៍លើកឡើងបន្តថា លោក ទ្រី ភាព និងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍បន្តថា ជាមួយគ្នានេះដែរ មន្រ្តីនៅកម្ពុជាដែលមានអំណាចបញ្ឈប់ក្រុមទ្រីភាព បានចូលដៃជាមួយពួកគេ ដើម្បីធានាថាការរត់ពន្ធឈើមានសុវត្ថិភាព។ អង្គការ Global Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាព និងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់ និងការប្រតិបត្តិច្បាប់ជាតិនានា។ អង្គការបន្តក្នុងករណីសកម្មភាពខុសច្បាប់ ត្រូវបានរកឃើញ អង្គការស្នើឲ្យចាត់វិធានការលុបអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលពាក់ព័ន្ធ ហើយផ្តួចផ្តើមការកាត់ទោសអ្នកទាំងឡាយដែលទទួលខុសត្រូវ៕ សរសេរ​មកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com  

[អានបន្ត]
លោក ហ៊ុន សែន ថា​លិខិត​របស់​ព្រឹទ្ធសភាអាមេរិកមានអត្ថន័យ”ជេរ”រូបលោក

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 03:22 PM, (1)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​បានថ្លែង​រិះគន់​លិខិត​របស់ព្រឹទ្ធសភាអាមេរិក​ដែល​ផ្ញើមករូបលោកស្តីពីបញ្ហាសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​លោក​ថា​ការបញ្ជូនលិខិតនោះទៅវិញ​ ដោយ​សារ​លិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។ ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់នៅរដ្ឋកាលីហ្វញ៉ា ខណៈលោកកំពុង​បំពេញទស្សនកិច្ចនៅទីនោះ លោក ហ៊ុន សែន បានថ្លែង​ថា​ការបញ្ជូនលិខិត​របស់​ព្រឹទ្ធសភាអាមេរិកទៅវិញ គឺ​ជាសិទ្ធិរបស់​លោក។​ លោកមានប្រសាសន៍ថា៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ លោក​បន្ថែម​ថា៖ “ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀតថា​រហូត​មកដល់ពេលនេះ ប្រធានាធិបតីអាមេរិក​មិន​ដែលផ្ញើលិខិត​បែប​រិះគន់​នេះ​មក​រូប​លោក​នោះទេ។ លោកមានប្រសាសន៍ថា៖ “សូម្បីតែសំបុត្រអូបាម៉ា​ក៏ដោយ បើ​ថា​សំបុត្រហ្នឹង ឃើញគេមកជេរខ្ញុំ ខ្ញុំចាំតែទទួលតើ។ តែ​អូបាម៉ាមិនទាន់មកធ្វើអញ្ចឹងទេ ក្នុងឋានៈគេជាប្រធានាធិបតី គេមិនធ្វើអញ្ចឹងទេ”។​ លោកស្រី ឡាំ បញ្ចពរ លេខាធិការ​ទី១នៃ​​​ស្ថាន​​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកប្រចាំទីក្រុង​វ៉ាស៊ីនតោនឌីស៊ី  បានប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថា៖ “ស្ថានទូតមិនអាចទទួលយកលិខិតនោះបានទេ។ ស្ថាន​ទូត​ក៏បា​ន​​ផ្ញើ​​លិខិត​ខាងលើ​ត្រឡប់​ទៅសមាជិកព្រឹទ្ធសភាទាំង៧រូប តាម​emailនិង​ជូនផ្ទាល់ទៅដល់ការិយាល័យ​របស់គេវិញហើយ”​។ លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​ នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​ បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”។ សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។ បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។ សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែ​ទៅសុំប្រធានា​ធិបតីអាមេរិ​ក​ខ្លួ​ន​ឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅ​ប្រាប់​អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”។ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។  អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង​បើករណីក្នុងរូបភាពបែបរាល់​ថ្ងៃនេះខ្ញុំ​មើលទៅ​សហរដ្ឋ​អាមេរិក​មានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអា​មេរិក​មាន​អំណាច​ខ្លាំង​ណាស់​”​។ ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
លោក ហ៊ុន សែន ប្រកាសថា​លោកមិនខ្លាចស្លាប់ ទោះ​ប្រឈម​មុខ​នឹង​បាតុករនៅអាមេរិក​

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 03:03 PM, (2)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះអះអាង​ថា​លោក​ហ៊ាន​ចេញមុខ​ជួប​ក្រុម​បាតុករដែលត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោកនៅសហរដ្ឋអាមេរិក​ ហើយ​ថា​លោកមិនខ្លាចស្លាប់នោះទេ។​ លោក​ ហ៊ុន សែន កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mirageនៃ​រដ្ឋកាលីហ្វញ៉ា ដោយ​លោក​នឹង​ចូល​រួម​ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។ ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់ លោក ហ៊ុន សែន បានថ្លែង​រិះគន់​ដល់​គម្រោងធ្វើបាតុកម្មប្រឆាំង​រូបលោក។ លោក​បន្តថា​ប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”។ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅ​រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈ អាចមានទៅដល់ចន្លោះពី​៥០០ទៅ​៨០០នាក់ដែលមកពី​រដ្ឋជាង​១០នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក​បន្ត​ថា​អ្នកចូលរួម​នឹង​ផ្ញើសារឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង​ផងដែរ។​ លោក​បញ្ជាក់​ថា​បាតុកម្មនេះ​មិនពាក់​ព័ន្ធ​​គណបក្សសង្រ្គោះជាតិនោះទេ។​ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិន បើអ្នកគំាទ្រគណ​បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោក​៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

[អានបន្ត]
កូន​ប្រុស​នាយក​រដ្ឋមន្ត្រីអំពាវ​ឲ្យ​យុវជន​ជឿជាក់​លើ​រដ្ឋា​ភិបាលកម្ពុជា​

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 10:43 AM

កូន​ប្រុស​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន និង​ជា​ប្រ​ធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី អំពាវ​ឲ្យ​​យុវជន​មើល​ពី​ចំណុចវិជ្ជមាន​របស់​កម្ពុជាជាជាង​មើល​ឃើញ​តែ​ចំណុច​អវិជ្ជមាន ដែល​លោក​ថាយុវជនត្រូវជឿជាក់លើកម្ពុជា​ដើម្បី​ឲ្យ​យុវជន​មាន​កម្លាំង​ចិត្តនិង​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍជាតិ។ ក្នុងពិធី​សប្បុរសធម៌លើក​ទី​៧ដែលរៀប​ចំនៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញកាលពី​ទី​១៤ ខែ​កុម្ភៈ លោក ហ៊ុន ម៉ានី ថ្លែង​ទៅ​កាន់​និស្សិតជាច្រើនរយ​នាក់​ថាយុវជន​ត្រូវជឿ​ជាក់​លើ​កម្ពុជា ដែល​លោក​ថាបើ​យុវជន​មើល​ឃើញ​តែចំណុចអ​វិជ្ជមាន​របស់​កម្ពុជានោះនឹង​ធ្វើ​ឲ្យ​យុវជនបាត់​បង់​ឱកាស​ចូល​រួម​អភិវឌ្ឍប្រ​ទេសជាតិ​​​។ លោក​ទទួលស្គាល់​ថា​កម្ពុជា​ពិត​ជា​នៅ​មានបញ្ហាដែល​ត្រូវ​ដោះស្រាយ ដែលលោកថា​យុវជន​ត្រូវ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយរាល់​បញ្ហា​ទាំងនេះប្រ​កប​ដោយ​ក្តី​សង្ឃឹមនិង​ឆន្ទៈ។ លោក​ ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “តើ​អនាគតរបស់​ប្រ​ទេសកម្ពុជា​នឹង​​ទៅ​ជា​យ៉ាងណា និយាយ​អញ្ចេះ​ខ្ញុំ​សុំ​បញ្ជាក់​​ឲ្យ​ហើយ មិនមែនថាប្រ​ទេសយើងអត់​បញ្ហា​នោះ​ទេ មិនមែន​ថា​សង្គម​កម្ពុជាគ្មាន​បញ្ហា​នោះទេ មាន(បញ្ហា) ក៏​ប៉ុន្តែ​គ្រប់​កាលៈទេសៈ​ទាំងអស់​យើង​ត្រូវជឿជាក់​លើ​កម្ពុជា​ដោយសារវាជា​កម្លាំងចិត្ត ដើម្បី​ឲ្យ​យើង​ខ្លួន​ឯងមាន​ក្តីសង្ឃឹម មាន​ឆន្ទៈ ហើយ​ហ៊ាន​លះបង់​ដើម្បី​ប្រ​ទេសជាតិ​របស់ពួកយើង”។ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានកាន់អំណាចជាង​៣១ឆ្នាំមកហើយ។ របាយការណ៍របស់​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ចេញផ្សាយ​កាលពីខែមករា ឆ្នាំ២០១៥ ឲ្យ​ដឹង​ថា​ការដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ របាយការណ៍ចាត់ទុកថាជាការដឹកនាំរបស់​លោក​ពោរពេញ​ដោយអំពើហិង្សានយោបាយ ការគ្រប់គ្រងកម្លាំងយោធា ការបោះឆ្នោតបន្លំនិងអំពើពុករលួយច្រើន។ អ្នក​វិភាគ​ឯករាជ្យ​ លោក អ៊ូ វីរៈ យល់ថា​យុវជន​កម្ពុជា​បច្ចុប្បន្ន​មើល​ឃើញ​ទាំង​ចំណុច​វិជ្ជមាន​ និងចំណុច​អវិជ្ជមាន​របស់​រដ្ឋា​ភិបាល។ លោក​បន្ត​ថា​យុវជនបាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​សម្រាប់ទទួលព័ត៌ទាក់ទង​នឹងបញ្ហា​សង្គមក៏ដូច​ជា​នយោបាយ​។ លោក​បន្ថែមថា៖ “​សំខាន់​បំផុត​នោះ​គឺ​តើ​រដ្ឋា​ភិបាល​ទាក់ទាញ​យ៉ាង​ម៉េច​ដើម្បីឲ្យ​បេះ​ដូង​របស់​យុវជនហ្នឹងមានការ​ដូរ សម្រាប់​ខ្ញុំ​ឥឡូវនេះរដ្ឋា​ភិបាលតាំងពី​ឆ្នាំ​២០១៣​មក​ ​បាន​រៀ​បចំ​យុទ្ធសាស្រ្ត​ជា​ច្រើន​ដើម្បី​ទាក់ទាញ​យុវជន ទោះ​បីជា​កន្លែងខ្លះ​មាន​ប្រ​សិទ្ធភាពនិងកន្លែង​ខ្លះមិន​សូវ​ជាមាន​ប្រ​សិទ្ធភាព ប៉ុន្តែ​យើង​ឃើញ​ថា(រដ្ឋា​ភិបាល)បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន"។​  ​លោក​ អ៊ូ វីរៈ ឲ្យ​ដឹងដែរថាយុវជន​មួយ​ចំនួនក្នុងពេលបច្ចុប្បន្ននេះ​មានភាព​ក្លាហាន​ក្នុង​ការបង្ហាញ​ឆន្ទៈចង់​ប្រ​ឡូក​ក្នុង​វិស័យ​នយោបាយ​ផងដែរ។ លោក ហ៊ុន ម៉ានី មិន​ត្រឹម​តែ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ប៉ុណ្ណោះទេ ​លោក​ក៏​ជា​តំណាង​រាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។​ លោកជា​តំណាង​រាស្រ្ត​វ័យ​ក្មេង​មួយ​រូប​ដែល​គេសង្កេតឃើញ​ថាបាន​ដឹកនាំ​យុវជន​ជា​ច្រើន​ធ្វើ​សម្មភាព​សង្គម​ ជាពិសេស​កម្មវិធី​អង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ​​។ លោក​ធ្លាប់​លើក​ឡើងថាលោកមានបំណងធ្វើជា​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជាតែ​លោក​ថា​ឪពុក​របស់​លោកមិនមែន​ជា​អ្នកកំណត់​រូបលោក​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្រ្តីកម្ពុជា​នោះទេ គឺអាស្រ័យ​លើ​ប្រជាជនកម្ពុជា៕ សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

[អានបន្ត]
​លោក សម រង្ស៊ី បារម្ភ​ពី​ការ​សងសឹក​បើ​មាន​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 05:49 PM

​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ដល់​អ្នកគាំទ្រទាំង​ក្នុងនិង​ក្រៅប្រទេសឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ដោយ​លោក​បារម្ភ​ថា ដៃ​គូប្រកួត អាច​នឹង​យក​សកម្មជន​នៅក្នុង​ប្រទេស ធ្វើជា​ចំណាប់ខ្មាំងបើ​មាន​កា​តវ៉ា​ណាមួយ ប្រឆាំង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​សហរដ្ឋអាមេរិក​នោះ​។​ ​ការព្រួយបារម្ភ​របស់​លោក សម រង្ស៊ី​ នេះធ្វើឡើង​បន្ទាប់ពី​សមាគម​ខ្មែរនៅ​អាមេរិក ប្រកាសថា ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ានអាមេរិក នៅ​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​នេះ​។​

[អានបន្ត]
​គណបក្ស​ថ្មី​មួយ​ថា​ខ្លួន​បាន​បណ្តុះបណ្តាល​សកម្មជន​បាន​រាប់រយ​នាក់​ជួយ​ពលរដ្ឋ​បាន​២០​ឃុំ​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 04:46 PM

​គណបក្ស​ថ្មី​មួយ​​អះអាងថា ខ្លួន​បាន​ពង្រឹង​សមត្ថិភាព​សកម្មជនរបស់​ខ្លួន​បាន​រាប់រយ​នាក់ក្នុង​ឃុំ​ចំនួន​២០ ដោយ​ថាដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានាជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន ឲ្យ​វីអូឌី(VOD)​ដឹង​នៅ​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​នេះ​ថា ក្រោយ​ពី​គណបក្ស​មូលដ្ឋាន​បង្កើតឡើង​ជិត​៦​ខែ​មកនេះ លោក​ថា គណបក្ស​លោក​បានបណ្តុះបណ្តាល​ថ្នាក់ដឹកនាំជាង​៥០០​នាក់ ក្នុងចំណោម​១១៩​ឃុំ​។​ ​ប៉ុន្តែ​លោក​ថា ក្នុង​ចំណោម​អ្នក​ដែល​ចូល​បម្រើ​ការងារ ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ប្រឈម​នានា​ទៀងទាត់​មាន​ចំនួន​២០​ឃុំ ដែល​ក្នុង​មួយ​ឃុំ​មាន​១០​ទៅ​១៥​នាក់​។​

[អានបន្ត]
មេដឹកនាំបក្សប្រឆាំង​ប្រកាសជំហរជាថ្មី​កំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិ

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 04:02 PM

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាស​ទៅកាន់អ្នកគាំទ្រ​ជាថ្មីថា​គណបក្ស​ប្រឆាំង​នឹង​កំណត់​​អាណត្តិ​​មេដឹកនាំប្រទេសត្រឹម​​តែ២អាណត្តិតែប៉ុណ្ណោះ ដោយ​​លោកចាត់ទុក​ការកំណត់នេះនឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​”​ដុះ​ស្លែ​”​។​ ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដប​ន្ទាយមានជ័យ កាលពី​​ថ្ងៃទី​១២​ខែ​កុម្ភៈ​ លោក​ កឹម សុខា បាន​អះអាងថា​គោលនយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​គឺការកែប្រែរដ្ឋធម្មនុញ្ញ​ក្នុងការកំណត់​អាណត្តិ​មេដឹ​កនាំ​​។​ អាណត្តិដឹកនាំប្រទេសនេះទំនង​លោក​ កឹម សុខា សំដៅលើ​បុគ្គលធ្វើជានាយករដ្ឋមន្រ្តី​អាចដឹកនាំប្រទេស​បានតែ​ពីរអាណត្តិ​ប៉ុណ្ណោះ។ លោក​​បានថ្លែង​ថា៖ “គោល​នយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​យើង គឺបាននិយាយគ្នាហើយថា​នៅពេល​ដែល​យើង​ឈ្នះ​ឆ្នោតដឹកនាំប្រទេស​ យើង​នឹងកែរដ្ឋធម្មនុញ្ញ​ឲ្យ​អ្នកដឹកនាំប្រទេស​សំខាន់ៗ ដឹកនាំ​ប្រទេស​តែ​ពីរអាណត្តិ​យ៉ាងយូរ​បានហើយ កុំ​ឲ្យ​ដុះស្លែ”។ កាលពីខែមេសា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​៣០ឆ្នាំ​មក​ហើយ ធ្លាប់​បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​​មិន​​អាច​​កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តីបាន​នោះទេ ដោយ​លោក​យល់​ថា​កម្ពុជា​ប្រកាន់​​របប​សភានិយម មិន​មែន​ប្រធានាធិបតីនិយម​នោះទេ។ លោក​ ហ៊ុន សែន ដែល​ធ្វើជា​នាយករដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​១៩៨៥ បានថ្លែងថា​​កម្ពុជា​ប្រកាន់​របប​សភានិយម គឺ​មាន​ការ​បោះឆ្នោត​ជ្រើ​ស​តាំង​តំណាងរាស្រ្ត ដើម្បី​បង្កើត​សភា រួច​​ឈាន​ទៅ​ដល់​ការ​​បង្កើត​រដ្ឋាភិបាល​តាម​រយៈការ​​ជ្រើស​រើស​បេក្ខជន​នាយករដ្ឋមន្រ្តី។ លោក​បាន​បញ្ជាក់​ថា​៖ “ហើយ​រឿង​អាណត្តិ​នាយករដ្ឋមន្រ្តី​អត់មានត្រូវ​ការ​ចាំបាច់​កំណត់​ មិន​កំណត់ទេ​​ ស៊ីសង​ប្រជាជន​បោះឆ្នោ​តឲ្យ បោះឲ្យ ​ធ្វើ​ទៀត បើ​មិន​បោះឲ្យ ចាំឈប់។ រឿង​វាតែ​​ប៉ុណ្ណឹង លទ្ធិប្រជា​ធិបតេយ្យ​”។​ មាត្រា​១១៩នៃ​រដ្ឋធម្មនុញ្ញកម្ពុជាចែង​ថា​៖ “តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឲ្យ​​បង្កើត​រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឲ្យ​​កាន់​តំណាង​​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា”។ កន្លង​ទៅ ក្រុម​សង្គម​ស៊ីវិលបាន​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១១៩​ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយគឺ​...«​វរ​ជន​មួយ​រូប​ជា​បេក្ខជន​នា​យករដ្ឋមន្ត្រី មិនត្រូវ​ជា​បេក្ខជន​ដែល​ធ្លាប់​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​(០២)​អាណត្តិ​ឬ​រយៈ​ពេល​​(​១០)​​ឆ្នាំ​កន្លងមកហើយ​”​។ នាយកប្រតិបត្តិអង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា ធ្លាប់​មានប្រសាសន៍ថា​ការ​កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តី​នេះ មិន​ចាំ​បាច់​ប្រទេស​ប្រកាន់​របប​ប្រធានាធិបតីនិយម ឬ​សភានិយម​នោះទេ។ លោក​បន្ត​ថា​ការកំណត់​នេះ​អាស្រ័យ​លើ​ឆន្ទៈនយោបាយ។ លោក គល់ បញ្ញា មានប្រសាសន៍ថា​៖ “វាត្រូវការអ្នកដឹកនាំមានឧត្តមគតិ មានឆន្ទៈអីច្បាស់ដែរណា ព្រោះអីវាមិនងាយទេ ចៃដន្យអីប្រទេសមួយមានអ្នកដឹកនាំមានគតិបណ្ឌិត មានឆន្ទៈមួយល្អគាត់អាច ធ្វើរឿងហ្នឹង(កំណត់អាណត្ដិ)បាន...ប៉ុន្ដែប្រទេសយើងវាជាឱកាសដែរដែលលោកនាយករដ្ឋមន្ដ្រីគាត់អាចបង្កើតនូវមរតកមួយល្អខាងនយោបាយប្រទេសខ្មែរដែរនៅពេលទៅមុខទៀតថា របៀបដឹកនាំស្រុកត្រូវតែមានពីរអាណត្ដិអីចឹងទៅ ដើម្បីទុកឲ្យមានជាមរតកមួយទុកទៅគាត់ដែរ”។ គួរបញ្ជាក់​ថាអតីត​នាយករដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់​លើកឡើងថាការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រីនឹង​ជួយ​កាត់បន្ថយ​បច្ច័យ​អាក្រក់​ជា​ច្រើន ដែល​ក្នុងនោះក៏​ជួយ​លុបបំបាត់​អំណាច​ប្រមូលផ្តុំ​៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
​លោក កឹម សុខា​៖​ត្រូវ​គិត​ពី​អនាគត​សម្រាប់​សន្តិភាព កុំ​ឆ្កឹះ​អតីតកាល​សម្រាប់​សងសឹក​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 03:37 PM

​មេដឹកនាំ​បក្សប្រឆាំង បាន​ផ្ញើ​សា​រនយោបាយ​ថ្មី​ទៀតនៅ​ថ្ងៃ​សៅរ៍​នេះ​ថា  អ្នកនយោបាយ​ខ្មែរ គួ​ដល់ពេលគិត​ពី​ការរួបរួម​គ្នា កសាង​​សន្តិភាព ទៅ​ថ្ងៃ​អនាគតសម្រាប់​ក្មេងជំនាន់ក្រោយ ជាជាង​ឆ្កឹះ​កកាយ​រឿង​ពី​អតីតកាល បង្ក​ឲ្យ​ខ្មែរ​បែកបាក់ គិត​ប្រយោជន៍​តែម្នាក់ឯង​។​ ​ក្នុង​ពិធី​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៣​ខែ​មករា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា ប្រទេស​ជឿនលឿន​លើ​ពិភពលោក គេ​គិត​ពី​អនាគត​ច្រើន​ជាង​អតីតកាល ដែល​លោក​ថា ខុស​ពី​អ្នកនយោបាយ​ខ្មែរ គិតតែ​ពី​ឆ្កឹះ​កកាយ រឿង​ពី​អតីតកាលមក​ឈ្លោះ​គ្នាបង្កជម្លោះ​មិនចេះចប់​។​

[អានបន្ត]
លោក កឹម សុខា ប្រកាសមិន​យកមន្ដ្រីរាជការនិងកងកម្លាំងប្រដាប់អាវុធមកបម្រើបក្ស​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 07:07 AM

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថានៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្ស​មិន​ឲ្យមន្ដ្រី​រាជ​កា​​រ​និងកងកម្លាំងប្រដាប់អាវុធទៅបម្រើ​គណបក្សនយោបាយនោះទេ ដោយលោកថាទុក​ឲ្យពួក​​គាត់​ទៅ​បម្រើ​​ពលរដ្ឋ​និង​ជាតិវិញ។ ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដប​ន្ទាយមានជ័យ នាព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ​នេះ លោក​ កឹម សុខា អះអាងថា​បើគណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ​អាណត្ដិទី៦ឆ្នាំ២០១៨ខាងមុខនេះ លោកនឹងឲ្យមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​រក្សាអព្យា​ក្រឹត​ភាពសម្រាប់ជាតិនិងប្រជាពលរដ្ឋគ្រប់គណបក្ស​នយោបាយទាំងអស់ ដោយ​លោក​ថា​លោកមិន​ត្រូវ​ការ​​ឲ្យ​ពួក​គាត់​ទៅបម្រើ​បក្សនោះទេ។ លោកបន្ដថាមន្ដ្រីសាធារណៈមានសិទ្ធិសម្រចជ្រើសរើស​គណបក្សន​យោ​បា​យ ប៉ុន្ដែលោកថាកុំយកពួកគាត់ទៅឃោសនាបោះឆ្នោតនោះ ដោយ​លោក​ថា ផ្ទុយពីប្រព័ន្ធប្រ​ជាធិប​តេយ្យ​។ លោកមានប្រសាសន៍ថា៖ “មិនបាច់ទៅជំរឿនទៅបង្កើតសាខាបក្សនៅតាមក្រសួងស្ថាប័នក្រសួងមន្ទីរទេ បងប្អូនអាក្រក់មើលណាស់អាក្រក់មើលមែលទែនមែនទេបងប្អូនឲ្យបងប្អូន​យើងមន្ដ្រីរាជកា​កងកម្លាំងប្រដាប់អាវុធ​ទាំង​អស់​​បម្រើ​​ជាតិ យើងមិនបាច់ទាញគាត់ឲ្យមកបម្រើ​បក្សទេ”។ លោក កឹម សុខា ថ្លែងបែបនេះទំនងសំដៅលើគណបក្សប្រជាជនកម្ពុជា​ ដែលកន្លងមកធ្លាប់រងការ​រិះ​គន់ថា កង​កម្លាំង​ប្រដាប់អាវុធ​ជាកម្លាំងរបស់គណបក្សកាន់អំណាច។ ជាមួយគ្នានោះដែរ លោក កឹម សុខា សន្យាថា នឹងផ្ដល់​ប្រាក់​បៀ​វត្សរិ៍ដល់​មន្ដ្រីរាជការ​និ​ង​កង​កម្លាំង​​ប្រ​ដាប់​អាវុធ​ឲ្យបានគ្រប់គ្រាន់ ព្រមទាំងទទួលខុសត្រូវលើសុខមាលភាព ដល់ក្រុម​គ្រួសា​រ​ពួកគេឲ្យបានសម​រម្យ​​ផង​ដែរ។​​ ករណីនេះអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ចាត់ទុកការ​លើកឡើងរបស់​លោក កឹម សុខា ជាការបញ្ចេញមតិ។ លោកច្រានចោលការលើកឡើងថាកម្លាំងយោធា​ជាកម្មសិទ្ធិរ​បស់គណ​បក្សប្រជាជនកម្ពុជា។ លោក​បន្ថែម​ថា​៖ “​ព្រោះកងទ័ពជាអព្យាក្រឹត​រវាង​គណបក្សនយោបាយ តែកងទ័ពមិនអព្យាក្រឹត​ទេ ការពាររដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត”។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី សាទរនូវការលើកឡើងរបស់ប្រធានស្ដីទីនៃ​គ​ណ​​​បក្សនេះដែលលោកថា​ជាសារនយោបាយមួយដែលពលរដ្ឋខ្មែរគ្រប់រូបចង់បាន។ លោកបន្ដថាបច្ចុប្បន្ន​នេះ ការដឹក​នាំ​ប្រទេស​មានការច្របូកច្របល់ដោយលោកថាយករឿង​នយោបាយលាយឡំជាមួយកង​កម្លាំងប្រ​ដាប់​​អាវុធ ដែលធ្វើ​ឲ្យព​ល​រដ្ឋ​​មាន​ការបែកបាក់គ្នា។ លោកបន្ដថា៖ “កងទ័ពមិនច្បាស់ជាកងទ័ព​ អ្នកនយោ​បាយ​មិន​ច្បាស់ជាអ្នកនយោបាយ ហើយ​យក​រឿងនយោបាយទៅឡូកឡំជាមួយបច្ចេកទេស ជាមួយកងកម្លាំងប្រ​ដាប់អាវុធ​គឺថាធ្វើ​ឲ្យ​នយោ​បាយ​ស្រុក​ខ្មែរ​ជាប់​គាំង​ស្ថានភាពដូចរាល់ថ្ងៃនេះបន្ដលាបពណ៌អត់បានប្រយោន៍អីក្រៅពីធ្វើឲ្យខ្មែរបែកបាក់គ្នាគ្នាឲ្យបរទេសជិតខាងគេមើលងាយ”។ កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទនិង​ជា​តំណាង​គ​ណៈ​​មេបញ្ជាការ​ឯក​ភាពស​មរភូមិ​ប្រាសាទ​ ព្រះវិហារ លោក ជា តារា  បានប្រកាស​ថា​​​កងទ័ព​​ជា​​មនុស្ស​របស់​គណ​​បក្ស​ប្រជាជនកម្ពុជា ក្រោមហេតុផលថា​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជា​ជន​​កម្ពុជា ជា​អ្នក​​ថែរក្សា​​ពួកគេ។​ ប៉ុន្ដែក្រោយពីប្រកាសបានបីថ្ងៃ​ ទីប្រឹក្សាព្រះមហាក្ស​ត្រ ព្រះអង្គម្ចាស់ធម្មិកោមានព្រះបន្ទូលថាការ​ដែល​មេទ័ព​មួយរូប​អះអាងថាកងទ័ព​ជា​កម្លាំង​សម្រាប់​ការ​ពារ​គណបក្ស​ប្រជាជន​កម្ពុជាជាការ​បំពាន​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​។ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​​ចាត់ទុក​ការលើក​ឡើងនេះ​មិនពិត​ហើយ​ថា​ការដែល​លោក​ ជា តារា លើក​ឡើង​បែបនេះ​គ្រាន់តែចង់លើក​ពីគុណសម្បត្តិរបស់​នាយករដ្ឋមន្រ្តី៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

[អានបន្ត]
លោក កឹម សុខា ស្នើលោក ស ខេង ការពារសន្តិសុខថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំង

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 09:50 PM

ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថា មានការគំរាមធ្វើបាតុកម្ម និងអាចមានការបំពានដល់រាងកាយពួកគេ។ នៅក្នុងលិខិតផ្ញើជូនលោក ស ខេង ចុះថ្ងៃទី១២ ខែកុម្ភៈ លោក កឹម សុខា លើកឡើងថា នាពេលថ្មីៗនេះ មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន ដោយគំរាមថានឹងរៀបចំបាតុកម្មប្រឆាំងថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ព្រមទាំងចង់រំលាយគណបក្សនេះទៀតផង។ លោក កឹម សុខា បន្តថា ព័ត៌មានទាំងអស់នេះគឺជាការគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិទាំងមូល។ លោក កឹម សុខា បន្តនៅក្នុងលិខិតនោះថា៖ “បើពុំមានការចាត់វិធានការពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការគណបក្សសង្គ្រោះជាតិអាចនឹងប្រឈមចំពោះការរំលោភបំពានដល់រាងកាយដោយប្រការណាមួយជាមិនខាន ប្រសិនបើបាតុកម្មកើតឡើងពិតមែន ព្រោះកន្លងមកធ្លាប់មានករណីរំលោភបំពានរួចទៅហើយ”។ ការស្នើរបស់គណបក្សសង្គ្រោះជាតិនេះធ្វើឡើងក្រោយពីមានបុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅអាមេរិកនៅពាក់កណ្តាលខែនេះ។ លើសពីនេះ ថ្មីៗនេះ បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្ម ដុតផ្ទះរបស់គាត់ ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”។ ទោះយ៉ាងណា លោក កឹម សុខា បានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោកនោះទេ។ គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕ សរសេរ​មកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
Page: 1/214 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To